ឈប់ញៀនទៀតហើយ ៖ដំណើររបស់ខ្ញុំដើម្បីយកឈ្នះលើរូបអាសគ្រាម
ក្នុងនាមជាយុវនារីម្នាក់ ខ្ញុំពុំធ្លាប់គិតថា ខ្ញុំនឹងជួបបញ្ហាជាមួយនឹងរូបភាពអាសគ្រាមឡើយ ។
ខ្ញុំពុំធ្លាប់គិតថា ការញៀននូវរូបភាពអាសគ្រាមអាចជាបញ្ហារបស់ក្មេងស្រីម្នាក់នោះឡើយ ។ ខ្ញុំបានគិតខុស នៅពេលខ្ញុំមានអាយុប្រហែលជា 16 ឆ្នាំ ។ ខ្ញុំបានឃើញវីដេអូអាសគ្រាមមួយ ហើយចាប់ពីពេលនោះមក ខ្ញុំបាននៅតែឯង ហើយចង់ចេះចង់ដឹង ខ្ញុំបានមើលវា ។ បន្ទាប់ពីលើកដំបូងនោះមក ខ្ញុំមានអារម្មណ៍ហាក់ដូចជាខ្ញុំត្រូវតែមើលអ្វីមួយជារៀងរាល់ថ្ងៃ ។ ខ្ញុំបានញៀននឹងរូបភាពអាសគ្រាម ។
ការមើលរូបភាពអាសគ្រាមបានធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អ ។ ខ្ញុំបានដឹងថាវាជារឿងខុសឆ្គង ប៉ុន្តែខ្ញុំមិនបានធ្វើការផ្លាស់ប្ដូរអ្វីឡើយ ។ ខ្ញុំតែងតែពិបាកចិត្ត ហើយខ្ញុំមានអារម្មណ៍កខ្វក់ ហើយឆ្លងរាលដាលដោយសារតែការល្បួងដ៏ស្មោកគ្រោករបស់សាតាំង ។ ប៉ុន្តែខ្ញុំនៅតែរកវិធីដើម្បីមើលវា ដើម្បីខ្ញុំអាចបំពេញនូវចំណង់របស់ខ្ញុំ ។ ការញៀនរបស់ខ្ញុំបានដឹកនាំទៅរកការធ្វើខុសកាន់តែច្រើនឡើងៗ ។ ខ្ញុំបានកុហកមនុស្សគ្រប់គ្នា ៖ បងប្រុសខ្ញុំ ម្ដាយខ្ញុំ ហើយលើសពីនេះទៀត គឺព្រះអម្ចាស់ និងខ្លួនឯង ។ ខ្ញុំបានប្រាប់ខ្លួនឯងថា មើលវីដេអូមួយទៀតនឹងមិនធ្វើឲ្យខ្ញុំឈឺចាប់ឡើយ មើលរឿងកខ្វក់មួយទៀតនឹងមិនអាក្រក់នោះទេ ។
ខ្ញុំនៅតែទៅព្រះវិហារ ចូលរួមម៉្ញូតឆល និងថ្នាក់សិក្ខាសាលា ប៉ុន្តែខ្ញុំគ្មានឥរិយាបថត្រឹមត្រូវ ឬមានព្រះវិញ្ញាណគង់ជាមួយខ្ញុំឡើយ ។ ខ្ញុំមិនសប្បាយចិត្ត ដូច្នេះខ្ញុំមិនបានរៀនអ្វីពីមេរៀននានាឡើយ ។ ខ្ញុំបានឈប់បង់ដង្វាយមួយភាគក្នុងដប់ ឈប់អធិស្ឋាន និងអានព្រះគម្ពីរ ។ ខ្ញុំមានអារម្មណ៍ថាធ្វើខុស ប៉ុន្តែខ្ញុំនៅតែមិនអាចបញ្ឈប់ខ្លួនឯងបាន ។ ខ្ញុំបានធ្វើឲ្យខ្លួនឯងធ្លាក់ចុះជារៀងរាល់ថ្ងៃ ។
នៅទីបំផុត ការចូលមើលរួបភាពអាសគ្រាមរបស់ខ្ញុំត្រូវបានដាក់កំហិត ។ ដំបូង ខ្ញុំមានអារម្មណ៍ថា អត់រូបភាពអាសគ្រាមិនបាន ប៉ុន្តែក្រោយមកខ្ញុំបានដឹងថា រឿងទាំងឡាយបានផ្លាស់ប្ដូរដើម្បីធ្វើឲ្យប្រសើរឡើង ។ ទម្លាប់របស់ខ្ញុំមានភាពខុសប្លែក ។ ខ្ញុំមិនបានមើលរូបភាពអាសគ្រាមរាល់ថ្ងៃនោះទេ ។ ខ្ញុំនៅតែមានបំណងដើម្បីមើលវា ប៉ុន្តែខ្ញុំបានប្រសើរជាងមុននៅក្នុងការទប់ទល់នឹងវា ។ នៅទីបំផុត បន្ទាប់ពីញៀននឹងរូបភាពអាសគ្រាមរយៈពេលពីរឆ្នាំ ខ្ញុំបានចាប់ផ្ដើមអធិស្ឋានជាទៀងទាត់សុំកម្លាំង ហើយបានឈប់មើលវាទាំងស្រុង ។ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍កខ្វក់នៅក្នុងចិត្ត ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវជួបនឹងប៊ីស្សព ។ ខ្ញុំមិនអាចនាំខ្លួនឯងឲ្យធ្វើកិច្ចការនេះបានឡើយ ។
នៅទីបំផុត បន្ទាប់ពីស្ដាប់ឮមនុស្សជាច្រើននិយាយពីការឆ្លងកាត់ដំណើរការនៃការប្រែចិត្ត និងការសាកល្បងដែលពួកគេបានយកឈ្នះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំពិតជាត្រូវទៅជួបនឹងប៊ីស្សពរបស់ខ្ញុំ ។ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងបាត់បង់នូវពរជ័យដ៏ធំមួយនៅក្នុងសាសនាចក្រ ៖ ជាពរនៃលោកអយ្យកោ ។
ខ្ញុំបានធ្វើការណាត់ជួបមួយដើម្បីជួបនឹងប៊ីស្សពរបស់ខ្ញុំ ។
ខ្ញុំមានអារម្មណ៍ខ្មាស់អៀន នៅពេលដើរទៅកាន់ការិយាល័យរបស់ប៊ីស្សពខ្ញុំសម្រាប់ការសម្ភាសន៍នាយប់នោះ ។ ខ្ញុំភ័យខ្លាចថា គាត់គ្រាន់តែមើលមុខខ្ញុំ ហើយប្រាប់ខ្ញុំថា ករណីរបស់ខ្ញុំគឺគ្មានសង្ឃឹមទេ ហើយថាខ្ញុំបានជីករណ្ដៅមួយយ៉ាងជ្រៅកប់ខ្លួនឯង ហើយមិនអាចចេញមករួចឡើយ ។ ខ្ញុំភ័យខ្លាចថា គាត់នឹងមិនមើលខ្ញុំដូចពីមុនទៀត ។ ប៉ុន្តែនៅពេលខ្ញុំប្រាប់គាត់ពីដំណើររឿងទាំងមូលរបស់ខ្ញុំ គាត់បានញញឹមដាក់ខ្ញុំ ហើយបានស្ដាប់ដោយយកចិត្តទុកដាក់ ។ គាត់ពិតជាខ្វល់ខ្វាយអំពីខ្ញុំ ។ បន្ទាប់ពីនិយាយនឹងប៊ីស្សពរបស់ខ្ញុំ ហើយដោះស្រាយបញ្ហាទាំងឡាយ នៅទីបំផុតគាត់បានប្រាប់ខ្ញុំថាខ្ញុំស្អាតស្អំហើយ ។
ការញៀននឹងរូបភាពអាសគ្រាមប៉ុន្មានឆ្នាំ របស់ខ្ញុំនេះគឺជាពេលដ៏សែនលំបាកមួយនៅក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមានអារម្មណ៍ល្អណាស់ដោយចាកចេញពីការិយាល័យរបស់ប៊ីស្សពខ្ញុំ ហើយមានអារម្មណ៍ស្អាតស្អំ ។ បន្ទុកដែលខ្ញុំបានស្ពាយជាច្រើនឆ្នាំត្រូវបានដកចេញពីលើស្មាររបស់ខ្ញុំ ។ ខ្ញុំមានចិត្តរីករាយដែលខ្ញុំអាចទទួលពរជ័យលោកអយ្យកោរបស់ខ្ញុំ ហើយទទួលទានសាក្រាម៉ង់ដោយសក្ដិសម ហើយមានព្រះវិញ្ញាណម្ដងទៀត ។ ខ្ញុំមានអារម្មណ៍ដូចជាមនុស្សថ្មីម្នាក់ ។ មានមនុស្សជាច្រើនថែមទាំងបានប្រាប់ខ្ញុំថា ខ្ញុំហាក់ដូចជាប្លែកជាងពីមុន ហើយថា ទឹកមុខរបស់ខ្ញុំគឺមានភាពភ្លឺខុសពីមុន ។ ខ្ញុំរីករាយជាងមុននៅគ្រប់ពេលវេលា ហើយមានឥរិយាបថល្អអំពីគ្រប់រឿងទាំងអស់ ។
ខ្ញុំដឹងថាដោយមានជំនួយរបស់ព្រះអម្ចាស់ យើងអាចកែប្រែ ហើយយកឈ្នះលើការញៀនទាំងឡាយ ។ ហើយមិនចាំបាច់ព្រួយបារម្ភពីការនិយាយជាមួយនឹងប៊ីស្សពឡើយ ដោយសារគាត់នឹងជួយយើង នៅពេលយើងប្រែចិត្ត ដើម្បីយើងអាចទទួលអារម្មណ៍ស្អាតស្អំម្ដងទៀតតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។