គេហដ្ឋាន និង ក្រុមគ្រួសាររបស់យើង
ការជួយកុមារឲ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ
អ្នកនិពន្ធរស់នៅរដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា. ។
យើងអាចប្រើរបៀបខុសៗគ្នាដែលព្រះវិញ្ញាណបរិសុទ្ធទំនាក់ទំនងដើម្បីជួយកូនចៅរបស់យើងឲ្យអភិវឌ្ឍទីបន្ទាល់ ។
ក្នុងនាមជាឪពុកម្ដាយដែលមានកូនប្រុសបួននាក់ ស្វាមីខ្ញុំ និងខ្ញុំតែងស្វែងរកនូវវិធីដើម្បីជួយកូនរបស់យើង ឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលបានទីបន្ទាល់មួយ ។ យើងមានបទពិសោធន៍ដ៏សំខាន់មួយ នៅក្នុងការយល់ដឹងតាមរបៀបចម្លែកមួយ ។ ខ្ញុំបានឈរនៅក្នុងហាងមួយ ពេលការបំផុសគំនិតនោះបានកើតមានឡើង ។
ចំណាត់ថ្នាក់របស់កូនប្រុសច្បងរបស់យើង ក្នុងមុខវិជ្ជាសង្គមវិទ្យានៅឯសាលាមានការធ្លាក់ចុះយ៉ាងខ្លាំង ។ យើងបាននិយាយជាមួយនឹងគាត់ពីបញ្ហានេះ ដោយលើកទឹកចិត្តគាត់ឲ្យខិតខំសិក្សាបន្ថែមទៀត ប៉ុន្តែនៅតែគ្មានភាពប្រសើរឡើង ។ យើងបានអធិស្ឋានដើម្បីមានគំនិតជួយដល់គាត់ ។ មានថ្ងៃមួយនៅក្នុងបណ្ណាគារ ខ្ញុំមាននូវអារម្មណ៍ជំរុញមួយដ៏ខ្លាំងឲ្យទិញសៀវភៅមួយក្បាលក្នុងចំណោមសៀវភៅមួយពំនូកដែលបានដាក់លក់ ។
សៀវភៅនិយាយពីរបៀបដែលយើងម្នាក់ៗមានរបៀបរៀនសូត្រខុសៗគ្នា ។ មានមនុស្សជាច្រើនជាអ្នករៀនតាមរយៈចក្ខុវិញ្ញាណ គឺមានន័យថាពួកគេរៀនបានល្អបំផុតតាមរយៈអ្វីដែលបានពួកគេឃើញ ។ ជារឿយៗ ពួកអ្នករៀនទាំងនេះស្រឡាញ់គំនូរ និងការអាន ។ មានមនុស្សខ្លះទៀតរៀនបានល្អបំផុតតាមរយៈអ្វីដែលពួកគេស្តាប់ឮ ។ ពួកគេយល់ព័ត៌មានយ៉ាងមានប្រសិទ្ធភាពបំផុត នៅពេលពួកគេបានស្ដាប់ឮវា ។ ជារឿយៗ មនុស្សទាំងនេះស្រឡាញ់តន្ត្រី ។ ប្រភេទចុងក្រោយនោះ គឺអ្នករៀនមួយចំនួនរៀនបានល្អបំផុតតាមរយៈការធ្វើចលនា ។ ពួកគេរៀនបានល្អបំផុតពេលមានចលនា ឬសកម្មភាព ។ ពេលខ្លះ ពួកអ្នករៀនទាំងនេះមានការលំបាកនៅឯសាលា ពេលគ្រូបង្រៀនប្រាប់ឲ្យពួកគេអង្គុយស្ងៀមនោះ ។ ពួកគេរៀនបានល្អបំផុតពេលពួកគេធ្វើចលនា ។
នោះជាចម្លើយ ! ប្រាកដណាស់ កូនប្រុសរបស់យើងពិតជាអ្នករៀនដោយការស្ដាប់—គាត់ចូលចិត្តតន្ត្រី និងការនិយាយគ្នា ! យើងបានរកឃើញថា ជារឿយៗ គាត់ត្រូវបានដកចេញពីសកម្មភាពផ្សេងទៀតនៅក្នុងថ្នាក់សង្គមវិទ្យា ហើយបន្ទាប់មកត្រូវគ្រូបង្រៀនប្រាប់ទៅអានឯកសារនៅផ្ទះ ។ គាត់មានការលំបាក ដោយសារគាត់បានឮពីការពិភាក្សាក្នុងថ្នាក់ ។ នៅពេលនៅយើងយល់ពីបញ្ហានេះ យើងបានលើកទឹកចិត្តគាត់ឲ្យអានឯកសាររបស់គាត់ឮៗ រួចហើយពិភាក្សាវាជាមួយនឹងយើង ។ ពិន្ទុរបស់គាត់បានមានភាពប្រសើរឡើងវិញ ។
ការចាត់ចែងបទពិសោធន៍ខាងវិញ្ញាណ
ប៉ុន្តែការយល់ដឹងរបស់យើងពីរបៀប នៃការរៀនសូត្រមិនបញ្ចប់ត្រឹមនេះឡើយ ។ យើងបានដឹងថា នៅពេលយើងសិក្សាបញ្ហានេះកាន់តែច្រើន ហើយសង្កេតមើលកូនចៅរបស់យើងឃើញថា ជារឿយៗ ព្រះវិញ្ញាណបរិសុទ្ធបង្រៀនកូនចៅរបស់យើងតាមរបៀបដែលពួកគេរៀនបានល្អបំផុត ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ព្រះវិញ្ញាណមានបន្ទូលមកកាន់យើងតាមភាសារបស់យើង និងតាមរបៀបដែលយើងអាចយល់ ។ ព្រះវិញ្ញាណបរិសុទ្ធសម្របសម្រួលភាសារបស់ទ្រង់ ដើម្បីឲ្យមនុស្សទាំងអស់អាចយល់ សូម្បីតែកុមារតូច ។ « ព្រះវរបិតាសួគ៌របស់យើងតែងមានពេលវេលាសម្រាប់យើងជានិច្ច ។ ទ្រង់សម្របសម្រួលទៅនឹងកម្រិតនៃការយល់ដឹងរបស់យើង ។ ‹ ប្រសិនបើទ្រង់យាងមកជួបនឹងកុមារតូចម្នាក់ នោះទ្រង់នឹងសម្របសម្រួលខ្លួនទៅនឹងភាសា និងសមត្ថភាពនៃកុមារតូច › ( យ៉ូសែប ស្ម៊ីធ នៅក្នុង History of the Church, 3:392 ) » ។1
ការដឹងថាព្រះវិញ្ញាណសម្របសម្រួលទំនាក់ទំនងរបស់ទ្រង់ នឹងការយល់ដឹងរបស់យើងអាចលើកទឹកចិត្តដល់ឪពុកម្ដាយ ឲ្យបង្កើតនូវឱកាសនានាសម្រាប់កូនចៅរបស់ពួកគេ ដើម្បីស្ដាប់ការបង្រៀនពីព្រះវិញ្ញាណបរិសុទ្ធតាមរបៀប ដែលពួកគេនឹងយល់បានល្អបំផុត ។ « ឯកូនចៅទាំងប៉ុន្មានរបស់ឯងនឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្តិសុខជា បរិបូរណ៍ » ( អេសាយ 54:13 ) ។
ដូចខ្ញុំបានលើកឡើងហើយថា វិធីសាស្ត្រនៃការរៀនសូត្រដ៏ចម្បងរបស់កូនប្រុសច្បងបង្អស់របស់យើងគឺតាមរយៈការស្ដាប់ឮ ។ គាត់ និងកូនប្រុសទីបីរបស់យើងចូលចិត្តតន្ត្រីដូចគ្នា ដូច្នេះជារឿយៗ យើងបានចាក់ចម្រៀងដ៏ពីរោះនៃក្រុមចម្រៀងរោងឧបោសថមរមន និងតន្ត្រីបុរាណនៅក្នុងផ្ទះរបស់យើងផងដែរ ។ ពួកគេបានទទួលអារម្មណ៍ពីព្រះវិញ្ញាណ នៅក្នុងបរិយាកាសបែបនេះ ។ យើងក៏មានការពិភាក្សាដ៏សកម្មជាច្រើនផងដែរស្ដីពីដំណឹងល្អ ហើយកិច្ចការនេះបានជួយពួកគេឲ្យរៀនពីសេចក្ដីពិតដែលត្រូវបានពង្រឹងដោយព្រះវិញ្ញាណ នៅពេលពួកគេស្តាប់នូវរឿងទាំងនោះ ។
កូនប្រុសម្នាក់ទៀតគឺជាអ្នករៀនដោយចក្ខុវិញ្ញាណ ។ គាត់ចូលចិត្តអាន ហើយនឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណបានល្អបំផុត នៅពេលអានព្រះគម្ពីរ ឬសៀវភៅដែលទាក់ទងនឹងដំណឹងល្អ ។ យើងបានផ្ដល់សៀវភៅជាច្រើនឲ្យគាត់អានដើម្បីជួយគាត់ឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយទទួលបានទីបន្ទាល់ ។ យើងក៏បានដាក់រូបភាពនៃដំណឹងល្អ និងពាក្យស្លោកនៅតាមជញ្ជាំងផ្ទះរបស់យើង ដើម្បីផ្ទះរបស់យើងផ្ដល់ការរៀនសូត្រតាមរយៈចក្ខុវិញ្ញាណឲ្យបានច្រើន ។
កូនប្រុសទីពីររបស់យើងគឺជាអ្នករៀនតាមរយៈចក្ខុវិញ្ញាណ និងការធ្វើចលនា ។ គាត់ជាក្មេងប្រុសដែលសកម្ម ហើយសប្បាយបំផុតក្នុងការជិះកង់ឡើងភ្នំ ឬការ ឡើងភ្នំជាមួយនឹងឪពុករបស់គាត់ ។ យើងបានរកឃើញថា គាត់ទទួលបានអារម្មណ៍ពីព្រះវិញ្ញាណបានល្អបំផុត នៅពេលគាត់នៅខាងក្រៅផ្ទះ ហើយធ្វើចលនា ។ យើងមានការបោះជំរំជាគ្រួសារជាច្រើន ជាទីកន្លែងដែលយើងបាននិយាយពីព្រះយេស៊ូវគ្រីស្ទ ការបង្កបង្កើត និងផែនការនៃសេចក្ដីសង្គ្រោះ ។ កូនប្រុសទីពីររបស់យើងបានទទួលសារលិខិតទាំងនេះតាមរបៀបមួយដ៏អស្ចារ្យ នៅពេលគាត់ចូលរួមចំណែកក្នុងសកម្មភាពទាំងនេះ ។
ស្វាមីខ្ញុំ និងខ្ញុំ ក៏បានរកឃើញផងដែរថា ការរៀនតាមរយៈការធ្វើចលនាអាចកើតឡើងពេលធ្វើការបម្រើ ។ ដូច្នេះយើងបានធ្វើសកម្មភាពបម្រើជាច្រើនជាមួយនឹងកូនចៅរបស់យើង ដើម្បីពួកគេអាចមើលឃើញ ស្ដាប់ ហើយចូលរួម ។ កិច្ចការនេះបានបង្កើតបរិយាកាសដ៏ល្អមួយដែលកូនប្រុសទាំងអស់របស់យើងអាចរៀនមេរៀនពីសេចក្ដីសប្បុរស និងការបម្រើដូចជាព្រះគ្រីស្ទ ហើយជាពិសេស គម្រោងទាំងនេះបានដក់ជាប់នឹងកូនប្រុសទីពីររបស់យើង ។
ការស្ដាប់ និងការយល់ដឹង
យើងក៏បានរៀនផងដែរថា មនុស្សទូទៅ « ស្ដាប់ » ព្រះវិញ្ញាណបរិសុទ្ធតាមរបៀបផ្សេងៗពីគ្នា ។ ខ្ញុំកំពុងបង្រៀនមេរៀនថ្នាក់សាលាថ្ងៃអាទិត្យមួយទៅពួកអ្នកផ្លាស់ប្រែចិត្តជឿថ្មីៗ ហើយខ្ញុំបានសួរសំណួរថា « តើអ្នករាល់គ្នាទទួលអារម្មណ៍ពីព្រះវិញ្ញាណដោយរបៀបណា ? » ចម្លើយរបស់ពួកគេគឺមានសារៈសំខាន់ណាស់ ។ មានម្នាក់បាននិយាយថា « ខ្ញុំទទួលអារម្មណ៍នូវភាពច្បាស់លាស់ក្នុងគំនិតរបស់ខ្ញុំ » ។ មានម្នាក់ទៀតនិយាយថា « ខ្ញុំមានអារម្មណ៍កក់ក្ដៅនៅក្នុងចិត្ត » ខណៈដែលម្នាក់ផ្សេងទៀតបានចែកចាយថា « ខ្ញុំមានអារម្មណ៍នូវសេចក្ដីសុខសាន្តយ៉ាងជ្រាលជ្រៅ » ។ មានស្ត្រីម្នាក់ដែលបានក្លាយជាសមាជិកពីរបីខែបាននិយាយថា « ខ្ញុំមានអារម្មណ៍ព្រឺពេញទាំងខ្លួន ! » ហើយមានអ្នកផ្សេងពីរបីនាក់ទៀតបានលើកឡើងថា ម្ដងម្កាលពួកគេបាន « ឮ » សំឡេងមួយនិយាយមកកាន់ពួកគេ ឬថាមានគំនិតថ្មីៗបានកើតមានចំពោះពួកគេ ។
អែលឌើល ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖ « ក្នុងទម្រង់ស្រដៀងគ្នា វិវរណៈ ឬការបំផុសគំនិតកើតឡើងតាមរយៈពាក្យសម្ដី ឬគំនិតដែលបានទាក់ទងទៅចិត្ត ( សូមមើល អេណុស 1:10, គ. និង ស. 8:2–3 ) ដោយការបំភ្លឺភ្លាមៗ ( សូមមើល គ. និង ស. 6:14–15 ) ដោយអារម្មណ៍វិជ្ជមាន ឬអវិជ្ជមានចំពោះទង្វើ ឬសូម្បីតែដោយការសម្ដែងដ៏បំផុសគំនិត ដូចជាក្នុងការសម្ដែងសិល្បៈក្ដី ។ … ‹ ការបំផុសគំនិតកើតឡើងជាអារម្មណ៍ច្រើនជាងជាសំឡេង › » ។2
វាច្បាស់ណាស់ថា យើងម្នាក់ៗអាចស្ដាប់ឮ ហើយទទួលអារម្មណ៍ពីទំនាក់ទំនងនៃព្រះវិញ្ញាណបរិសុទ្ធតាមរបៀបផ្សេងៗគ្នា ។ យើងគូរតែធ្វើឲ្យច្រើនលើសពីការដែលគ្រាន់តែបង្រៀនកូនចៅថាពួកគេនឹងមានអារម្មណ៍កក់ក្ដៅមួយដោយសារពួកគេពុំធ្លាប់មានបទពិសោធន៍ពីអារម្មណ៍នោះ ពួកគេអាចទទួលការបំផុសគំនិតតាមរបៀបផ្សេងៗគ្នា ។
អែលឌើរ ជេ អ៊ី ជែនសិន ជាអតីតគណៈប្រធានពួកចិតសិបនាក់ បានរៀបរាប់ដំណើររឿងនេះពីសមាជិកម្នាក់ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលកំពុងធ្វើទស្សនកិច្ចនៅបេសកកម្មមួយ ។ នៅចន្លោះសន្និសីទហ្សូន សាវក រូបនេះបានងាកទៅសមាជិកនៃពួកចិតសិបនាក់ម្នាក់ ដែលបាននិយាយនៅសន្និសីទពីមុន ហើយបាននិយាយថា « ខ្ញុំគិតថាអ្នកបានផ្ដល់នូវគំនិតមួយដល់ពួកអ្នកផ្សព្វផ្សាយសាសនា ដែលបង្កើតបញ្ហាកាន់តែច្រើនលើសពីអ្វីដែលលោកអាចដោះស្រាយបានទៅទៀត ។ នៅពេលខ្ញុំបានធ្វើដំណើរទូទាំងសាសនាចក្រនេះ ខ្ញុំបានរកឃើញមនុស្សមួយចំនួនដែលមានបទពិសោធន៍នៃភាពខ្មួលខ្មាញ់ក្នុងដើមទ្រូង ។ ជាការពិតណាស់ ខ្ញុំធ្លាប់មានមនុស្សជាច្រើនបានប្រាប់ខ្ញុំថា ពួកគេមានអារម្មណ៍ខកចិត្តដោយសារពួកគេពុំធ្លាប់មានបទពិសោធន៍ពីអារម្មណ៍នោះ ទោះជាពួកគេបានអធិស្ឋាន ឬបានតមអាហាររយៈពេលវែងយ៉ាងណាក្ដី » ។ អែលឌើរ ជែនសិន បានបន្តទៀតថា ៖ « អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានព្យាយាមរៀនពីរបៀបផ្សេងគ្នាដែលព្រះវិញ្ញាណនៃព្រះអម្ចាស់ធ្វើការ ។ ប្រាកដណាស់ ព្រះមានបន្ទូលពីស្ថានសួគ៌ពិតមែន ប៉ុន្តែទ្រង់សម្ដែង បញ្ជាក់ ឬផ្ដល់ការណែនាំតាមរបៀបផ្សេងៗគ្នា » ។3 វាជាការសំខាន់ណាស់ដើម្បីបង្រៀនដល់កូនចៅយើងថា ពួកគេត្រូវរៀនស្ដាប់ព្រះវិញ្ញាណតាមរបៀបដែលទ្រង់មានបន្ទូលទៅកាន់ពួកគេ ។
នៅពេលយើងបង្រៀនកូនចៅរបស់យើង យើងចែកចាយពីគោលការណ៍នៃសេចក្ដីជំនឿ ការប្រែចិត្ត បុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ ការបង្រៀនពួកគេឲ្យស្ដាប់ ហើយយល់ពីការបំផុសគំនិតដែលកើតមានចំពោះពួកគេ គឺជារឿងសំខាន់ចំពោះការអភិវឌ្ឍខាងវិញ្ញាណរបស់ពួកគេ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( 1910–2008 ) បានប្រឹក្សាយើងថា « [ កូនចៅរបស់អ្នក ] នឹងត្រូវការកម្លាំង និងសេចក្ដីជំនឿទាំងអស់ ដែលអាចផ្ដល់ឲ្យពួកគេ ខណៈពួកគេនៅក្បែរអ្នកនៅឡើយ ។ ហើយពួកគេក៏នឹងត្រូវការនូវកម្លាំងដ៏ធំមួយ ដែលកើតចេញពីអំណាចដ៏ខ្ពស់ផងដែរ » ។4
ការទទួលការណែនាំ និងការដឹកនាំពីព្រះវរបិតាសួគ៌របស់យើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធគឺជាពរជ័យមួយដ៏អស្ចារ្យ នៅក្នុងជីវិតរបស់យើង ។ នៅពេលយើងបង្រៀនកូនចៅរបស់យើងពីរបៀបទទួល ហើយផ្ដោតអារម្មណ៍ទៅនឹងការបំផុសគំនិត និងការណែនាំទាំងនេះ នោះពួកគេនឹងមានលទ្ធភាពទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនដែលនឹងផ្ដល់កម្លាំងដល់ពួកគេនាពេលអនាគត ។ ព្រះវិញ្ញាណបរិសុទ្ធអាចជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់ពួកគេ ហើយពួកគេនឹងមានលទ្ធភាពស្ដាប់តាមទ្រង់កាន់តែច្រើនឡើង ។ ក្នុងនាមជាឪពុកម្ដាយយើងអាចជួយក្នុងដំណើរការនេះ ហើយជួយផ្តល់ពរដល់កូនចៅរបស់យើង ។