ខ្ញុំអាចធ្វើកិច្ចការនេះបាន !
រ៉យ អាតគីន រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា.
វាជាពេលល្ងាចនារដូវបុណ្យគ្រីស្ទម៉ាស់ ហើយមានព្រិលដ៏ក្រាស់នៅលើដី ។ អស់រយៈពេលជាច្រើនខែដែលដៃគូខ្ញុំ និងខ្ញុំស៊ូទ្រាំនឹងអាកាសធាតុត្រជាក់នៃប្រទេសអាល្លឺម៉ង់ ដើរគោះទ្វារ ហើយចែកព្រះគម្ពីរមរមន ។ នៅពេលនោះ សូម្បីតែសង្គ្រាមលោកលើកទី II បានបញ្ចប់ទៅរយៈពេល 15 ឆ្នាំហើយក្ដី ក៏ប្រជាជនអាល្លឺម៉ង់ជាច្រើននៅតែមានការនឿយណាយចំពោះប្រជាជនអាមេរិកដដែល ។
ប៉ុន្តែនៅយប់នោះ អ៊ីងប៊គ ប៊ីនមុលឡឺ ត្រូវទទួលបុណ្យជ្រមុជទឹក ។ ប៉ុន្តែនៅពេលជិះរថយន្តក្រុងទៅមូលដ្ឋានកងអាកាសអាមេរិក គាត់បាននៅស្ងៀម ។ ខ្ញុំបានដឹងពីអារម្មណ៍សោកសៅរបស់គាត់ ។
នៅពេលយើងរៀបនឹងទៅដល់ចំណតរថយន្តក្រុង អ៊ីង្គប៊គ បានងាកមករកយើង ហើយនិយាយថា « តើអ្នកដឹងថារឿងនេះលំបាកចំពោះខ្ញុំប៉ុណ្ណាទេ ? ទ័ពវាយប្រឆាំងនឹងប្រទេសអាល្លឺម៉ង់បានសម្លាប់ស្វាមីខ្ញុំនៅក្នុងសង្គ្រាម ហើយការទម្លាក់គ្រាប់បែកតាមយន្តហោះបានសម្លាប់សមាជិកគ្រួសារផ្សេងទៀតជាច្រើន » ។
គាត់បានប៉ះជើងរបស់គាត់ ។ « គ្រាប់បែកបានផ្ទុះត្រូវជើងរបស់ខ្ញុំ ។ ជើងរបស់ខ្ញុំនឹងពុំជាសះស្បើយឡើយ ។ ខ្ញុំពុំដឹងថាខ្ញុំអាចចូលទៅទីនោះបានឬអត់នោះទេ » ។
យើងបានអង្គុយស្ងៀមស្ងាត់ ខណៈយើងកំពុងសញ្ជឹងគិតពីសម្ដីរបស់គាត់ ហើយរថយន្តក្រុងនោះក៏បានឈប់នៅត្រង់ចំណត ។ អ៊ីង្គប៊គ នៅអង្គុយថ្មឹង ។ បេះដូងរបស់ខ្ញុំបានលោតខុសចង្វាក់ ។ ខ្ញុំបានអធិស្ឋាន សូមកុំឲ្យគាត់គេចចេញដោយសេចក្ដីភ័យខ្លាចឡើយ ។
បន្ទាប់មក គាត់បានក្រោកពីកៅអី ហើយបានប្រកាសថា « ព្រះវរបិតាសួគ៌បានផ្ដល់ឲ្យខ្ញុំនូវទីបន្ទាល់មួយពីសេចក្ដីពិតពេញលេញនៃការស្ដារឡើងវិញ ។ ខ្ញុំដឹងថាព្រះគម្ពីរមរមនជាព្រះគម្ពីរពិត ។ ខ្ញុំអាចធ្វើកិច្ចការនេះបាន ! អែលឌើរ អាតគីន សូមជួយខ្ញុំឲ្យដើរផង » ។
យើងបានដើរយ៉ាងឆ្ងាយទៅកាន់របងច្រកចូល ការដកដង្ហើមរបស់អ៊ីងប៊គកាន់តែតឹងទៅៗនៅពេលយើងដើរកាត់ពួកសន្តិសុខ ។ យើងបានប្ដូរពាក់សំលៀកបំពាក់ពណ៌-ស ហើយបានរកឃើញអាងទឹកមួយនៅក្នុងមូលដ្ឋាននោះ ។ អាងទឹកនោះបានក្លាយជាទីកន្លែងមួយដ៏ពិសិដ្ឋ ហើយសេចក្ដីសុខសាន្តបានគ្របដណ្ដប់មកលើយើង ។ ភាពសោកសៅនៅលើផ្ទៃមុខរបស់អ៊ីងប៊គបានផ្លាស់ប្រែទៅជាសេចក្ដីអំណរ នៅពេលគាត់បានឈានជើងចូលទៅក្នុងទឹក ហើយទទួលបុណ្យជ្រមុជទឹកក្លាយជាសមាជិកនៃសាសនាចក្រ ។
នៅពេលយើងជិះរថយន្តត្រលប់មកផ្ទះវិញ គាត់បានប្រាប់យើងថា « នៅយប់ដែលពួកអែលឌើរបានទុកព្រះគម្ពីរមរមនមួយក្បាលនៅនឹងខ្ញុំ ខ្ញុំមានចិត្តរំភើបណាស់ » ។ « ខ្ញុំបាននៅអានរហូតខ្ញុំអានដល់ម៉ូសាយ 18 នៅត្រង់កន្លែងដែលអាល់ម៉ាបានអញ្ជើញប្រជាជនឲ្យទទួលបុណ្យជ្រមុជទឹកថា ៖ ‹ មើលចុះ នេះជាទឹកមរមន … ហើយឥឡូវនេះ ដោយអ្នករាល់គ្នាមានបំណងចង់ចូលរួមក្នុងក្រោលនៃព្រះ ហើយដើម្បីឲ្យបានហៅថាជារាស្ត្ររបស់ទ្រង់ … តើមានអ្វីទៅដែលរារាំងអ្នកមិនឲ្យទទួលបុណ្យជ្រមុជទឹក ? ›» ម៉ូសាយ 18:8–10 ។
គាត់បានបន្តដោយសម្ដីទន់ភ្លន់ថា « ខ្ញុំបានដេកលក់ពេលកំពុងអាននូវបន្ទូលទាំងនោះ ហើយខ្ញុំបានមានសុបិនមួយ ។ ខ្ញុំបានឈរនៅក្បែរទន្លេមួយដ៏ស្រស់ស្អាតដូចជាទន្លេមរមនដែរ ។ នៅត្រើយម្ខាងទៀតនៃទន្លេនោះ មានមនុស្សឈរស្លៀកពាក់ពណ៌-ស—ជាគ្រួសាររបស់ខ្ញុំ ! ស្វាមីរបស់ខ្ញុំ ដែលត្រូវបានគេសម្លាប់នៅក្នុងសង្គ្រាម បានញញឹម ហើយបានបក់ដៃហៅខ្ញុំឲ្យទទួលបុណ្យជ្រមុជទឹក » ។
នៅយប់នោះបងស្រីប៊ីនមុលឡឺ បានក្លាយជាសមាជិកនៃសាខាវឺស្សប៊ឺគ ហើយជាមនុស្សម្នាក់នៅក្នុងចំណោមប្រជាជនអាល្លឺម៉ង់ជាច្រើន ដែលនៅទីបំផុតបានយកឈ្នះលើការភ័យខ្លាចរបស់ខ្លួន ហើយចូលរួមក្នុងសាសនាចក្រ ។