អ្វីដែលយើងជឿ
ព្រះអម្ចាស់នឹងយាងត្រឡប់មកផែនដីវិញក្នុងសិរីល្អ
រាល់កិច្ចការដែលយើងធ្វើនៅក្នុងសាសនាចក្រ—ដូចជា កិច្ចការផ្សព្វផ្សាយសាសនា កិច្ចការពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ ការបង្រៀនដំណឹងល្អ ការរស់នៅក្នុងជីវិតដូចជាព្រះគ្រីស្ទ—រៀបចំយើង និង មនុស្សដទៃទៀតសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច និង សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។1
ការយាងមកលើកដំបូងរបស់ទ្រង់—ជីវិតរមែងស្លាប់របស់ទ្រង់—មានមនុស្សតិចតួចណាស់ដែលបានឃើញ ។ នៅពេលទ្រង់ត្រលប់មកវិញ « ដោយព្រះចេស្ដា និង សិរីល្អដ៏ធំ » នោះមនុស្សលោកទាំងអស់នឹងបានឃើញហេតុការណ៍នោះ ( គ. និង ស. 29:11 ) ។ ការយាងមកជាលើកទីពីរនឹងគូសចំណាំនូវការចាប់ផ្ដើមនៃសហស្សវត្ស ជាពេលដែលព្រះអង្គសង្គ្រោះនឹង « ស្ថិតនៅក្នុងសេចក្ដីសុចរិតជាមួយមនុស្សលោកនៅលើផែនដីអស់មួយពាន់ឆ្នាំ » ( គ. និង ស. 29:11 ) ។
ព្រះគម្ពីរបានរៀបរាប់ពីហេតុការណ៍ជាច្រើន ដែលនឹងកើតមានឡើងពីមុនការយាងមកជាលើកទីពីរ ។ ហេតុការណ៍មួយចំនួនក្នុងចំណោមហេតុការណ៍ទាំងនោះរួមមាន ៖
-
ការក្បត់សាសនាដ៏ធំ ជាការដកយកនូវសេចក្ដីពិត ( សូមមើល ថែស្សាឡូនីចទី 2 2:1–3, ធីម៉ូថេទី 2 4:3–4 ) ។
-
ការស្ដារឡើងវិញនៃដំណឹងល្អ និង បព្វជិតភាព រួមទាំងការមកដល់នៃព្រះគម្ពីរមរមនផងដែរ ( សូមមើល អេសាយ 29:4–18, កិច្ចការ 3:19–21 ) ។
-
ដំណឹងល្អនឹងត្រូវបានប្រកាសនៅជុំវិញពិភពលោក ( សូមមើល ម៉ាថាយ 24:14 ) ។
-
គ្រានៃសង្គ្រាម អំពើទុច្ចរិត និង គ្រោះធម្មជាតិ ( សូមមើល ម៉ាថាយ 24:6–7, ធីម៉ូថេទី 2 3:1–7 ) ។
-
« ការអស្ចារ្យនៅលើមេឃ ហើយនៅលើផែនដី » ( យ៉ូអែល 2:30, សូមមើលផងដែរ ម៉ាថាយ 24:29–30, គ. និង ស. 29:14–16, 49:23 ) ។
ទោះបីជាយើងអាចមើលឃើញពីសញ្ញាទាំងឡាយ ថាការយាងមកជាលើកទីពីររបស់ទ្រង់ជិតចូលមកដល់ក្ដី ក៏គ្មាននរណាដឹងពីពេលវេលាពិតប្រាកដដែល ព្រះអម្ចាស់នឹងយាងត្រលប់មកវិញដែរ ៖ « ម៉ោង និង ថ្ងៃនោះ នោះគ្មាននរណាដឹងឡើយ សូម្បីតែពួកទេវតានៅលើស្ថានសួគ៌ផងដែរ ហើយពួកគេនឹងពុំដឹងឡើយ រហូតដល់ទ្រង់យាងមក » ( គ. និង ស. 49:7 ) ។
មនុស្សមួយចំនួននឹងពុំបានរៀបចំខ្លួន សម្រាប់ការយាងត្រលប់មកវិញរបស់ព្រះអង្គសង្គ្រោះឡើយ ។ វានឹងក្លាយជាគ្រាមួយគួរឲ្យភ័យខ្លាចសម្រាប់ពួកទុច្ចរិត ប៉ុន្តែវាជាគ្រាមួយនៃសេចក្ដីសុខសាន្ត និងជ័យជំនះសម្រាប់ពួកសុចរិត ។ ដូច្នេះ ព្រះគម្ពីរ និង ពួកព្យាការីនៅសម័យចុងក្រោយ បានបង្រៀនយើងពីរបៀបរស់នៅ ដើម្បីយើងអាចរៀបចំខ្លួនទៅជួបនឹងព្រះអង្គសង្គ្រោះរបស់យើង នៅពេលដែលទ្រង់នឹងយាងមកម្ដងទៀត ។ ព្រះអម្ចាស់បានបង្រៀនថា ៖
« ហើយនៅថ្ងៃនោះ ក្នុងកាលដែលយើងនឹងយាងមក ដោយនូវសិរីល្អរបស់យើង នោះពាក្យប្រៀបប្រដូចនឹងត្រូវបានសម្រេច ដែលយើងបានមានបន្ទូលពីស្រីព្រហ្មចារីដប់នាក់ ។
« ត្បិតពួកអ្នកណាដែលមានប្រាជ្ញា ហើយបានទទួលសេចក្ដីពិត ហើយបានទទួលយកព្រះវិញ្ញាណបរិសុទ្ធទុកជាអ្នកណែនាំរបស់ខ្លួន ហើយដែលពុំត្រូវបានគេបញ្ឆោត យើងប្រាប់អ្នកជាប្រាកដថា ពួកគេនឹងពុំត្រូវកាប់បោះចោលទៅក្នុងភ្លើងឡើយ ប៉ុន្តែនឹងធន់នៅថ្ងៃនោះ » ( គ. និង ស. 45:56–57, សូមមើលផងដែរ ម៉ាថាយ 25:1–13 ) ។
-
ពីមុនការយាងមកជាលើកទីពីរ នឹងកើតមានការរញ្ជួយដី ខ្យល់ព្យុះ និង ព្យុះភ្លៀងផ្គរ និង រន្ទះ ហើយរលកសមុទ្រនឹងមានកម្ពស់ខ្ពស់ « ហួសណាហួសណី » ( សូមមើល គ. និង ស. 88:89–90 ) ។
-
« ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះច័ន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ » ( យ៉ូអែល 2:31 ) ។
-
ព្រះអង្គសង្គ្រោះនឹងយាងត្រលប់មកវិញក្នុងសិរីល្អ ៖ « សិរីល្អនៃវត្តមានរបស់ទ្រង់នឹងទៅជាធំអស្ចារ្យដែលព្រះអាទិត្យនឹងលាក់ភ័ក្ត្រាដោយក្ដីខ្មាស » ( គ. និង ស. 133:49 ) ។
-
ព្រះអង្គសង្គ្រោះនឹងឈរនៅលើភ្នំអូលីវ ហើយពួក យូដា នឹងសួរថា « តើរបួសអ្វីហ្នឹងនៅដៃអ្នក និង នៅជើងអ្នក ? » ទ្រង់នឹងឆ្លើយថា « របួសទាំងនេះគឺជារបួសដែលយើងត្រូវរបួសនៅក្នុងផ្ទះរបស់មិត្តសំឡាញ់យើង ។ … យើងជាព្រះយេស៊ូវដែលត្រូវគេឆ្កាង » ។ ( សូមមើល គ. និង ស. 45:48–52 ) ។
-
ពួកសុចរិតនឹងបានរស់ឡើងវិញ ហើយនាំទៅជួបនឹងព្រះអង្គសង្គ្រោះនៅលើពពក (សូមមើល គ. និង ស. 88:95–97) ។