ចម្រៀងបុណ្យគ្រីស្ទម៉ាស់ ដ៏ពេញចិត្ត
អ្នកនិពន្ធរស់នៅរដ្ឋ វ៉ាស៊ីងតោន ស.រ.អា. ។
ខ្ញុំពុំបានមានអំណរគុណចំពោះចម្រៀងរបស់នាងរហូតដល់ខ្ញុំបានដឹងថា នាងកំពុងច្រៀងចម្រៀងទៅកាន់នរណា ។
ខ្ញុំចងចាំថាវាជាពិធីជប់លៀងបុណ្យគ្រីស្ទម៉ាស់ក្នុងវួដធម្មតា ៖ នៅលើតុមានក្រាលក្រដាសពណ៌ក្រហម និងពណ៌បៃតង មានបម្រើអាហារពេលល្ងាចដាក់លើចានក្រដាស មានក្មេងតូចៗរត់លេង និងសំឡេងជជែកគ្នាដោយរីករាយនៃសមាជិកវួដ ។ នោះមានមនុស្សម្នាក់បានធ្វើឲ្យរឿងទាំងឡាយស្ងប់ស្ងាត់ ដើម្បីប្រសិទ្ធពរដល់អាហារ រួចហើយមនុស្សគ្រប់គ្នាចាប់ផ្ដើមបរិភោគ ។ កម្មវិធីនេះរៀបនឹងចាប់ផ្ដើម ។
វាពុំមែនវួដរបស់ខ្ញុំនោះទេ ។ ខ្ញុំបានទៅជាមួយនឹងមិត្តភក្ដិនៅក្នុងពិធីជប់លៀងក្នុងវួដរបស់នាង ដូច្នេះខ្ញុំពុំបានស្គាល់មនុស្សច្រើននោះទេ ។ យើងបានចង់ចេញមុន ប៉ុន្តែម្ដាយរបស់នាងបានលួងលោមយើងឲ្យនៅមើលកម្មវិធីនោះ ។
ចម្រៀងដំបូងសម្រាប់កម្មវិធីនោះគឺច្រៀងដោយកុមារបឋមសិក្សា ដែលបានដើរមកលើឆាកដោយស្លៀកពាក់បន្ទះលោហៈភ្លឺពណ៌ មានរាងជារង្វង់នៅលើក្បាលរបស់ពួកគេ ។ ពួកគេបានច្រៀងចម្រៀងមួយបទ រួចហើយនៅពេលពួកគេដើរចុះពីឆាកវិញពួកគេបានដើរទង្គិចគ្នា ហើយសើចកក្អឹក ដោយបន្សល់នូវកម្ទេចនៃបន្ទះលោហៈភ្លឺពណ៌នោះនៅពីខាងក្រោយពួកគេ ។
បន្ទាប់មកមានអ្នកលេងព្យាណូពីរនាក់បានលេងនូវបទដ៏រីករាយ ។ អ្នកលេងព្យាណូទីមួយលេងបទ « Oh, Come, All Ye Faithful » ( Hymns ល.រ. 202 ) ដោយគ្មានបាត់មួយខ្ទង់ណាឡើយ ។ អ្នកលេងម្នាក់ទៀត ជាក្មេងប្រុសម្នាក់ បានអង្គុយចុះនៅត្រង់ព្យាណូនោះ ហើយក្រឡេកមើលទាំងភិតភ័យទៅរកម្ដាយរបស់គេដែលបានចាប់ផ្តើមរៀបណោទភ្លេងយ៉ាងស្ងាមស្ងាត់ ។ ក្មេងប្រុសនោះបានដកដង្ហើមធំ បានងាកទៅរកព្យាណូ ហើយលេងនូវបទរបស់គាត់គឺ « Up on the Housetop » ។
កម្មវិធីបន្ទាប់ទៀតគឺចម្រៀងគ្រីស្ទម៉ាស់មួយដែលខ្ញុំចូលចិត្ត—« C-h-r-i-s-t-m-a-s » ( គ្រីស្ទម៉ាស់ ) ។
ខ្ញុំបានសម្លឹងមើលទៅឃើញបងស្រីម្នាក់ដើរឆ្ងោកមុខ ហើយដាក់ដៃម្ខាងឱបខ្លួនរបស់នាង ដោយប្រឹងដើរទៅ ក្បែរព្យាណូ ។ គាត់បានឈរផ្អៀងខ្លួនទៅម្ខាង ហើយបានធ្វើមុខពីមុនគាត់ចាប់ផ្ដើម ។ ខ្ញុំសារភាពថា ខ្ញុំងឿងឆ្ងល់ដោយមិនដឹងថាចម្រៀងនោះពិរោះដែរឬអត់នោះទេ ។
គាត់បានច្រៀង « កាលខ្ញុំនៅក្មេង បុណ្យគ្រីស្ទម៉ាស់មានអត្ថន័យម៉្យាង » ចម្រៀងនោះបានបន្តដើម្បីប្រាប់ពីរបៀបដែលក្មេងម្នាក់រៀនពីរបៀបប្រកបពាក្យ Christmas ហើយបានរកឃើញពីអត្ថន័យដ៏ពិតនៃថ្ងៃបុណ្យនោះ ។
មាត់របស់គាត់វៀចចុះម្ខាង ហើយគាត់មានការពិបាកក្នុងការនិយាយ ។
ខ្ញុំបានសម្លឹងមើលជុំវិញបន្ទប់នោះដោយយកចិត្តទុកដាក់ ហើយសិក្សាពីទឹកមុខនៃសមាជិកក្នុងវួដរបស់គាត់ ។ គ្មាននរណាម្នាក់ខ្មាស់អៀនឡើយ ។ ផ្ទុយទៅវិញ ពួកគេបានអង្គុយញញឹម ហើយស្ដាប់ដោយយកចិត្តទុកដាក់ ។
គាត់បានបន្តច្រៀង ហើយងើយមុខរបស់ខ្លួនទៅលើ ទាំងសម្លឹងភ្នែកទៅលើពិដាន។ មិនយូរប៉ុន្មានខ្ញុំក៏បានសម្លឹងមើលទៅលើដែរ ប៉ុន្តែខ្ញុំបានឃើញតែពិដាន ។ ប៉ុន្តែនៅពេលខ្ញុំសម្លឹងមើលទៅគាត់វិញ ខ្ញុំបានសង្កេតឃើញគាត់កំពុងសម្រក់ទឹកភ្នែក ។
នៅពេលគាត់បញ្ចប់ មនុស្សគ្រប់គ្នានៅក្នុងបន្ទប់នោះបាននាំគ្នាទះដៃ ។ ថ្ពាល់របស់គាត់ឡើងក្រហម ។ នៅពេលគាត់ដើរទៅកន្លែងអង្គុយរបស់គាត់វិញ សមាជិកវួដបានសម្ដែងការដឹងគុណដ៏ធំធេងដោយការចាប់ដៃគាត់ ឬយកដៃទះស្មាររបស់គាត់ ។ មានបងស្រីម្នាក់អង្គុយក្បែរខ្ញុំបានប្រាប់គាត់ថាគាត់ធ្វើបានល្អណាស់ ហើយគាត់បានតបវិញថា « អរគុណ ។ ខ្ញុំសង្ឃឹមថាទ្រង់ចូលចិត្តវា » ។
ទ្រង់ ?តើគាត់ច្រៀងទៅកាន់នរណា ? ទោះជាខ្ញុំសួរខ្លួនឯងនូវសំណួរនេះក្ដី ក៏ខ្ញុំបានដឹងពីចម្លើយរួចហើយ ។ ខ្ញុំបានដឹងថា គាត់មិនបានច្រៀងទៅមនុស្សគ្រប់គ្នានៅក្នុងបន្ទប់នោះទេ ។ គាត់មិនបានសម្ដែងសម្រាប់ការអបអរពីអ្នកស្ដាប់នោះទេ ។ គាត់បានច្រៀងទៅកាន់ព្រះអង្គសង្គ្រោះដើម្បីសរសើរតំកើងដល់ទ្រង់ ។
ចាប់តាំងពីពិធីជប់លៀងក្នុងវួដនោះមក បុណ្យគ្រីស្ទម៉ាស់បានកន្លងផុតទៅជាច្រើនដង ហើយខ្ញុំបានឮចម្រៀង « C-h-r-i-s-t-m-a-s » ច្រៀងដោយអ្នកចម្រៀងដ៏ឆ្នើមជាច្រើននាក់ ។ ប៉ុន្តែបទដែលខ្ញុំបានឮនៅបុណ្យគ្រីស្ទម៉ាស់នោះ បានច្រៀងដោយមនុស្សម្នាក់ដែលការសម្ដែងរបស់គាត់សោះក្រក្រោះបន្តិច ប៉ុន្តែវាចេញពីចិត្តស្មោះ គឺជាចម្រៀងមួយដែលខ្ញុំចងចាំជាងគេបំផុត ។