សេចក្ដីសន្យានៃបុណ្យគ្រីស្ទម៉ាស
សូមឲ្យយើងយកពេលវេលាក្នុងរដូវបុណ្យគ្រីស្ទម៉ាស ដើម្បីរំឭកឡើងវិញនូវសេចក្ដីសញ្ញារបស់យើងក្នុងការដើរតាមព្រះអង្គសង្គ្រោះ និងដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ដូចដែលទ្រង់បានធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌នៃយើងដែរ ។
យើងមិនអាចយល់បានទាំងស្រុងនូវអត្ថន័យនៃបុណ្យគ្រីស្ទម៉ាសឡើយ ដរាបណាយើងយល់ពីអត្ថន័យនៃឆាកជីវិតរបស់ព្រះអង្គសង្គ្រោះ ដង្វាយធួន និងការរស់ឡើងវិញសិន ។
ខ្ញុំមិនអាចគិតពីការប្រសូតនៃព្រះអង្គសង្គ្រោះ ដោយពុំគិតពីព្រះបន្ទូលរបស់ទ្រង់ទៅកាន់លោកពីឡាត់ថា ៖ « ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកិយនេះសម្រាប់តែការណ៍នេះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត ។ អស់អ្នកណាដែលកើតពីសេចក្ដីពិត នោះក៏ឮសំឡេងខ្ញុំ » ( យ៉ូហាន 18:37 ) ។
នៅពេលយើងចាប់ផ្ដើមរដូវបុណ្យគ្រីស្ទម៉ាស សូមឲ្យយើងពិចារណាសេចក្ដីព្យាករណ៍នៅក្នុងព្រះគម្ពីរពីព្រះអង្គសង្គ្រោះ ។ សេចក្ដីព្យាករណ៍ទាំងនោះពុំមែនគ្រាន់តែជាសេចក្ដីថ្លែងចម្លែកនៃភាពចៃដន្យនោះទេ ប៉ុន្តែវាជាសេចក្ដីថ្លែងដ៏អស្ចារ្យនៃគោលបំណង និងសេចក្ដីសន្យាពីឆាកជីវិត និងបេសកកម្មរបស់ទ្រង់ ហើយនិងអ្វីដែលទ្រង់មានព្រះបំណងប្រទានឲ្យយើងម្នាក់ៗ ។
សេចក្ដីព្យាករណ៍នៃការយាងមករបស់ទ្រង់
ការយាងមករបស់ព្រះគ្រីស្ទត្រូវបានព្យាកររាប់ពាន់ឆ្នាំមុន ។ ប្រមាណជា 2,000 ឆ្នាំពីមុនការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ អ័ប្រាហាំបានបង្រៀនពីតួនាទីរបស់ទ្រង់នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។ ប្រមាណជា 1,400 ឆ្នាំមុនការប្រសូតរបស់ទ្រង់ ម៉ូសេបានបង្រៀនពីសេចក្ដីពិតដ៏អស្ចារ្យដូចគ្នានេះ ។ ប្រមាណជា 700 ឆ្នាំមុនការប្រសូតរបស់ទ្រង់ អេសាយបានបើកសម្ដែងនូវស្ថានភាពនៃការប្រសូត ឆាកជីវិត និងការសុគតរបស់ទ្រង់ថា ៖
« ព្រះអម្ចាស់ទ្រង់នឹងប្រទានទីសម្គាល់មួយមកអ្នករាល់គ្នាដោយព្រះអង្គទ្រង់ មើលនាងព្រហ្មចារីនឹងមានគត៌ប្រសូតបានបុត្រាមួយ ហើយនិងឲ្យព្រះនាមថា អេម៉ាញូអែល » ( អេសាយ 7:14 ) ។
ត្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ ឯការគ្រប់គ្រងនឹងនៅស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ប្រសើរអស្ចារ្យ ព្រះដ៏ជួយគំនិត ព្រះដ៏មានព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព » ( អេសាយ 9:6 ) ។
« ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់ពីសេចក្ដីឈឺចាប់ ។ …
« ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា ។
« តែទ្រង់ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំដោយព្រោះអំពើទុច្ចរិតរបស់យើង … ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់ ។ …
« ទ្រង់ … គឺដូចជាកូនចៀមដែលគេដឹកទៅសម្លាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ ។
« ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្ដីយុត្តិធម៌ ។ …
« ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង » ( អេសាយ 53:3–5, 7–9 ) ។
មិនយូរប៉ុន្មានបន្ទាប់ពីសេចក្ដីព្យាករណ៍របស់អេសាយ ព្យាការីលីហៃមានសុបិនមួយដ៏អស្ចារ្យ ហើយបានបង្រៀនដល់គ្រួសាររបស់គាត់ពីអ្វីដែលគាត់បានរៀន ។ នីហ្វៃបានកត់ត្រាថា ៖ « ប្រាំមួយរយឆ្នាំចាប់តាំងពីពេលដែលឪពុកខ្ញុំចាកចេញពីក្រុងយេរូសាឡិមមក នោះនឹងមានព្យាការីម្នាក់ដែលព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងលើកឡើងនៅក្នុងចំណោមពួកសាសន៍យូដា—គឺព្រះមែស៊ី ឬពាក្យម្យ៉ាងទៀតថា ព្រះអង្គសង្គ្រោះនៃពិភពលោក » ( នីហ្វៃទី 1 10:4 ) ។
លីហៃក៏បាននិយាយពីពួកព្យាការីដ៏ច្រើន ដែលបានថ្លែងទីបន្ទាល់ស្ដីពីការយាងមកនៃព្រះអង្គប្រោសលោះនៃពិភពលោកផងដែរ ( សូមមើល នីហ្វៃទី 1 10:5 ) ។
សេចក្ដីសន្យានៃបុណ្យគ្រីស្ទម៉ាស
ដំណឹងល្អនៃលូកាកត់ត្រាថា ពីមុនការប្រសូតរបស់ព្រះអង្គសង្គ្រោះ មាតារបស់ទ្រង់បានធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ទៅលេងបងប្អូនជីដូនមួយរបស់ខ្លួនឈ្មោះអេលីសាបិត ។
« កាលអេលីសាបិតបានឮពាក្យម៉ារាជម្រាបសួរ នោះកូនក៏បង្រះនៅក្នុងផ្ទៃ រួចគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ៖
« ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា ក្នុងបណ្ដាពួកស្រីៗ គឺនាងហើយ ជាស្ត្រីមានពរពិត ព្រមទាំងនៅក្នុងផ្ទៃនាងផង » ( លូកា 1:41–42 ) ។
នៅពេលព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ទៅកាន់អេលីសាបិត នោះទ្រង់ថ្លែងទីបន្ទាល់មកកាន់យើងថា ពាក្យសម្ដីរបស់ពួកព្យាការីត្រូវបានបំពេញហើយ ។ ព្រះអង្គសង្គ្រោះបានយាងមក ហើយបានធ្វើកិច្ចការដែលព្រះវរបិតាទ្រង់បានបញ្ជូនទ្រង់ឲ្យមកធ្វើ ។
នីហ្វៃបានកត់ត្រាពីព្រះអង្គសង្គ្រោះថា ៖
« ហើយខ្ញុំក៏មើលហើយបានឃើញនាងព្រហ្មចារីម្តងទៀតនាងកំពុងតែបីព្រះឱរសក្នុងដៃរបស់នាង ។
« ហើយទេវតាមានបន្ទូល មកខ្ញុំថា ៖ មើលន៍ កូនចៀមនៃព្រះ មែនហើយ គឺជាព្រះរាជបុត្រានៃព្រះ វរបិតាដ៏នៅអស់កល្បជានិច្ច ! » ( នីហ្វៃទី 1 11:20–21 ) ។
នៅពេលព្រះអង្គសង្គ្រោះមានព្រះជន្ម 12 ព្រះវស្សា ទ្រង់បានបង្រៀននៅក្នុងព្រះវិហារបរិសុទ្ធ ។ ទ្រង់បានពន្យល់ទៅកាន់ឪពុកម្ដាយរបស់ទ្រង់ដែលកំពុងមានការព្រួយបារម្ភថា ទ្រង់បានទៅធ្វើកិច្ចការរបស់ព្រះវរបិតាទ្រង់ ( សូមមើល លូកា 2:42–49 ) ។
កិច្ចការនោះត្រូវបានសម្រេច នៅពេលទ្រង់ចេញទៅបំពេញបេសកកម្មនៅលើផែនដីរបស់ទ្រង់ ។ ព្រះអង្គសង្គ្រោះបានពិពណ៌នាពីលទ្ធផលនៃបេសកកម្មនោះនៅក្នុងបន្ទូលដ៏ក្ដុកក្ដួលទាំងនេះថា ៖
« យើងបានមករករាស្ត្រយើង តែរាស្ត្រយើងមិនបានទទួលយើងសោះ ។ ហើយបទគម្ពីរទាំងឡាយដែលស្ដីអំពីការយាងមករបស់យើង នោះត្រូវបានបំពេញហើយ ។
« ហើយអស់អ្នកណាដែលបានទទួលយើង អ្នកនោះហើយដែលយើងបានឲ្យក្លាយទៅជាកូនព្រះ ហើយដូចគ្នានេះ យើងក៏នឹងឲ្យដល់អស់អ្នកណាដែលនឹងជឿដល់នាមរបស់យើង ត្បិតមើលចុះដោយសារយើង ទើបមានសេចក្ដីប្រោសលោះកើតឡើង ហើយនៅក្នុងយើង នោះក្រិត្យវិន័យលោកម៉ូសេត្រូវបានបំពេញ » ( នីហ្វៃទី 3 9:16–17 ) ។
សេចក្ដីសន្យារបស់ទ្រង់ថាយើងអាចក្លាយជាបុត្រាបុត្រីរបស់ទ្រង់នឹងត្រូវបានយល់ដឹង នៅពេលយើងជឿលើទ្រង់ ហើយអនុវត្តសេចក្ដីជំនឿលើទ្រង់ដោយការគោរពប្រតិបត្តិ ។ បន្ទាប់មក យើងនឹងបានរៀបចំខ្លួន ដើម្បីទទួលអំណោយទាននៃជីវិតដ៏នៅអស់កល្បជានិច្ច ។
ទ្រង់បានមានបន្ទូលថា ៖ « មើលចុះ យើងគឺជាតួអង្គដែលត្រូវបានរៀបចំទុកចាប់តាំងពីកំណើតលោកិយមក ដើម្បីប្រោសលោះរាស្ត្រយើង ។ មើលចុះ យើងជាព្រះយេស៊ូវគ្រីស្ទ ។ … ដោយសារខ្ញុំ នោះមនុស្សលោកទាំងអស់នឹងមានជីវិត ឯជីវិតនោះគឺនៅអស់កល្បជានិច្ច គឺពួកអ្នកដែលនឹងជឿដល់នាមយើង ហើយពួកគេនឹងក្លាយទៅជាកូនប្រុស និងកូនស្រីរបស់យើង » ( អេធើរ 3:14 ) ។
អត្ថន័យនៃបុណ្យគ្រីស្ទម៉ាស
បុណ្យគ្រីស្ទម៉ាស់ គឺជាពេលមួយដើម្បីចែកចាយអំណោយរបស់យើង ពង្រឹងដល់មនុស្សដទៃ ហើយធ្វើផ្នែករបស់យើងនៅក្នុងនគររបស់ព្រះ ។ បុណ្យគ្រីស្ទម៉ាសក៏ជាពេលវេលាមួយដើម្បីសម្ដែងនូវសេចក្ដីស្រឡាញ់របស់យើងដល់មនុស្សដទៃ និងដើម្បីថ្លែងទីបន្ទាល់របស់យើងពីព្រះអង្គសង្គ្រោះ ។
វិធីមួយដែលយើងអាចចែកចាយទីបន្ទាល់របស់យើង គឺត្រូវមានប្រសូតិកម្មនៅក្នុងផ្ទះរបស់យើង ដើម្បីយើងអាចធ្វើឲ្យមានការសន្ទនាពីការប្រសូតរបស់ព្រះអម្ចាស់ ។ វិធីមួយទៀត គឺត្រូវលើកឡើងពីដំណើររឿងរបស់ យ៉ូហាន វ៉េតមែន នៅក្នុង The Mansion ( វិមាន ) ។
យ៉ូហាន វ៉េតមែន ជាបុរសដ៏ជោគជ័យម្នាក់ដែលបានទទួលការចាប់អារម្មណ៍ និងកេរ្តិ៍ឈ្នោះដោយសារតែសេចក្ដីសប្បុរសរបស់គាត់ ។ នាយប់មួយ បន្ទាប់ពីមើលអត្ថបទដ៏ច្រើននៅក្នុងសារព័ត៌មានមួយ ដែលបានកោតសរសើរដល់ចំពោះចិត្តសប្បុរសរបស់គាត់មក គាត់ក៏ចាប់យកព្រះគម្ពីរប៊ីបរបស់គាត់ ។ មិនយូរប៉ុន្មានគាត់ក៏បានសម្រាន្តលក់ទៅ ក្រោយពីអានបន្ទូលរបស់ព្រះអង្គសង្គ្រោះថា ៖ « កុំឲ្យប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅផែនដីជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយចោរទម្លុះប្លន់នោះឡើយ » ( ម៉ាថាយ 6:19 ) ។
នៅពេលគាត់សម្រាន្តលក់ យ៉ូហាន បានរកឃើញថាខ្លួនគាត់នៅក្នុង « ទីក្រុងសួគ៌ា » ដោយធ្វើដំណើរជាមួយនឹងមនុស្សដទៃទៀត នៅពេលពួកគេបានទទួលវិមានរបស់ខ្លួន ។ នៅពេលអ្នកយាមទ្វារបានឈប់នៅមុខខ្ទមតូចមួយដែលសង់ឡើងពីសម្ភារដែលគេបោះចោល នោះគាត់បាននិយាយទៅកាន់ ចន ថា « នេះជាវិមានរបស់អ្នក » ។
យ៉ូហាន បានតវ៉ា ដោយរៀបរាប់ពីការបរិច្ចាគជាសាធារណៈជាច្រើនដែលគាត់បានធ្វើ ។
« តើរឿងទាំងអស់នេះមិនត្រូវបានកត់ត្រាដោយប្រុងប្រយ័ត្ននៅលើផែនដី ជាទីកន្លែងដែលអ្នកបានទទួលកេរ្តិ៍របស់អ្នកទេឬអី ? » អ្នកយាមទ្វារបានសួរ ។ « អ្នកបានទទួលរង្វាន់ពីកិច្ចការនោះហើយ ។ តើអ្នកគិតថាអ្នកគួរទទួលបានរង្វាន់ទ្វេរជាពីរឬ ? »1
អំឡុងពេលបុណ្យគ្រីស្ទម៉ាស់នេះ ខ្ញុំសង្ឃឹមថា យើងម្នាក់ៗមានឱកាសដើម្បីផ្ដល់ឲ្យដោយមិនចេញមុខ ។
ការទទួលសេចក្ដីសន្យា
ជារៀងរាល់សប្ដាហ៍ នៅពេលយើងចូលរួមនៅក្នុងពិធីបរិសុទ្ធនៃសាក្រាម៉ង់ យើងរំឭកចាំពីសេចក្ដីសន្យានៃការប្រសូតរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់យើង ។ យើងលើកដាក់ព្រះនាមរបស់ទ្រង់មកលើខ្លួនយើង ហើយយើងរំឭកចាំ ពីសេចក្ដីសន្យារបស់យើងពីការគោរពប្រតិបត្តិ និងសេចក្ដីសន្យារបស់យើងថា យើងនឹងចងចាំទ្រង់ជានិច្ច ។
ដូចដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញាណ ដំណឹងល្អគឺដូច្នេះ ៖
« ថាទ្រង់បានយាងមកក្នុងពិភពលោក គឺព្រះយេស៊ូវ ដើម្បីត្រូវគេឆ្កាងជំនួសពិភពលោក ហើយដើម្បីផ្ទុកអំពើបាបទាំងឡាយនៃពិភពលោក ហើយដើម្បីញែកពិភពលោកចេញជាបរិសុទ្ធ ហើយដើម្បីជំរះពិភពលោកឲ្យស្អាតចេញពីអំពើដ៏ឥតសុចរិតទាំងអស់ ។
« ថាតាមរយៈព្រះអង្គ នោះមនុស្សទាំងអស់នឹងអាចបានសង្គ្រោះ » ( គ. និង ស. 76:41–42 ) ។
សូមឲ្យយើងយកពេលវេលាក្នុងរដូវបុណ្យគ្រីស្ទម៉ាស ដើម្បីរំឭកឡើងវិញនូវសេចក្ដីសញ្ញារបស់យើងក្នុងការដើរតាមព្រះអង្គសង្គ្រោះ និងដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ដូចដែលទ្រង់បានធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌នៃយើងដែរ ។ នៅពេលយើងធ្វើដូច្នេះ ពាក្យសម្ដីនៃរាស្ត្ររបស់ស្តេចបេនយ៉ាមីន ដែលបានកត់ត្រា 125 ឆ្នាំ មុនការប្រសូតរបស់ព្រះអង្គសង្គ្រោះ នឹងត្រូវបានបំពេញចំពោះយើងនៅថ្ងៃនេះថា ៖ « ឱសូមមេត្តាផង ហើយសូមប្រទាននូវព្រះលោហិតដ៏ធួននៃព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចបានទទួលនូវការអភ័យទោសចំពោះ អំពើបាបទាំងឡាយរបស់យើង ហើយដើម្បីឲ្យចិត្តយើងអាចបានជ្រះបរិសុទ្ធផងចុះ ព្រោះយើងជឿដល់ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី និងវត្ថុសព្វសារពើ ព្រះអង្គនឹងយាងចុះមកក្នុងចំណោមកូនចៅមនុស្ស » ( ម៉ូសាយ 4:2 ) ។
ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះបានយាងចុះមកក្នុងកាលដ៏ខ្ពង់ខ្ពស់បំផុត ហើយថានឹងយាងមកម្ដងទៀត ។ ខ្ញុំថ្លែងជាសាក្សីថា សាសនាចក្ររបស់ទ្រង់ ដែលបានស្ដារឡើងវិញនៅគ្រាកាន់កាប់ត្រួតត្រាចុង ក្រោយនេះពីមុនការយាងមកជាលើកទីពីររបស់ទ្រង់ គឺជា « ការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក » ( នីហ្វៃទី 2 25:17 ) ដែលយើងក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយកំពុងចូលរួមចំណែក ។