បងប្រុសខ្ញុំជាអ្នកផ្សព្វផ្សាយសាសនា
« ខ្ញុំសង្ឃឹមថា ខ្ញុំអាចចែកចាយដំណឹងល្អដល់អ្នកដែលចង់ដឹងពីសេចក្ដីពិត » ( « I Hope They Call Me on a Mission » Children’s Songbook ទំព័រ 169 ) ។
គ្រួសាររបស់យើងមាន—ឪពុកម្ដាយខ្ញុំ បងប្រុសខ្ញុំ និងខ្ញុំ—បានរៀបចំខ្លួនយូរហើយដើម្បីឲ្យបងប្រុសខ្ញុំបម្រើបេសកកម្ម ។ នៅពេលណាយើងនិយាយពីគាត់ធ្វើជាអ្នកផ្សព្វផ្សាយសាសនា ខ្ញុំបាននិយាយលេងដាក់គាត់ ដោយនិយាយថា ខ្ញុំនឹងមិននឹកគាត់ទេ ហើយខ្ញុំនឹងរីករាយដែលបាននៅតែឯង ។
នៅទីបំផុត ថ្ងៃនោះបានមកដល់សម្រាប់គាត់ ដើម្បីផ្ញើបែបបទបេសកកម្មរបស់គាត់ ។ គាត់បានព្យាយាមធ្វើយ៉ាងល្អនៅឯសាលា ហើយយើងទាំងអស់គ្នាបានខិតខំធ្វើការ ដើម្បីសន្សំប្រាក់សម្រាប់បេសកកម្មរបស់គាត់ ។
មានថ្ងៃមួយប្រធានស្តេកបានទូរស័ព្ទហៅយើង ហើយបាននិយាយថា ការហៅរបស់គាត់បានមកដល់ហើយ ។ បងប្រុសខ្ញុំបានសម្រេចចិត្តបើកសំបុត្រនោះ នៅផ្ទះបន្ទាប់ពីអាហារពេលល្ងាច ។ គាត់ត្រូវបានហៅឲ្យបម្រើនៅបេសកកម្មម៉ិចស៊ិកូស៊ីធីខាងកើត ។
ក្រោយពីនោះមិនយូរប៉ុន្មាន យើងបានជួនគាត់ទៅអាកាសយាន្តដ្ឋាន ហើយលាគ្នា ។ តាមផ្លូវត្រឡប់មកផ្ទះវិញ ម្ដាយរបស់ខ្ញុំយំរហូត ប៉ុន្តែខ្ញុំមិនបានយំនោះទេ ។ ប៉ុន្តែគ្រាន់តែពីរម៉ោងក្រោយប៉ុណ្ណោះ នៅពេលខ្ញុំបាននៅក្នុងបន្ទប់ដែលខ្ញុំធ្លាប់នៅជាមួយនឹងបងប្រុសរបស់ខ្ញុំ រំពេចនោះខ្ញុំបានដឹងថា ខ្ញុំមិនបានឃើញគាត់ម្ដងទៀត ក្នុងរយៈពេលដ៏យូរ ។ បន្ទាប់មក ខ្ញុំជាមនុស្សម្នាក់ដែលយំមិនឈប់សោះ ហើយខ្ញុំក៏បណ្ដោយឲ្យខ្លួនឯងយំតទៅទៀត ។ ឪពុកម្ដាយខ្ញុំបានមកឱបខ្ញុំ ហើយលួងលោមខ្ញុំ ហើយយើងទាំងអស់គ្នាមានសេចក្ដីអំណរ និងសេចក្ដីសោកសៅយ៉ាងខ្លាំងក្នុងពេលជាមួយគ្នានោះ ។
ចាប់តាំងពីថ្ងៃនោះមក ខ្ញុំអធិស្ឋានទៅព្រះវរបិតាសួគ៌ ហើយសុំទ្រង់ឲ្យមើលថែដល់បងប្រុសរបស់ខ្ញុំ នៅពេលគាត់បម្រើ ។
បងប្រុសរបស់ខ្ញុំបានបង្រៀនខ្ញុំថា ខ្ញុំក៏ត្រូវរៀបចំខ្លួនសម្រាប់បេសកកម្មដែរ ។ ខ្ញុំត្រូវមានភាពសក្ដិសមដើម្បីទទួលបព្វជិតភាព ចូលរៀនថ្នាក់សិក្ខាសាលា ហើយសម្រេចគោលដៅនានានៅក្នុងការបំពេញកាតព្វកិច្ចរបស់ខ្ញុំចំពោះព្រះ ។ គាត់បានបង្រៀនខ្ញុំឲ្យធ្វើការ ហើយសន្សំប្រាក់ អានព្រះគម្ពីរ ហើយគោរពតាមពួកអ្នកដឹកនាំរបស់ខ្ញុំ ។
ខ្ញុំចង់បម្រើបេសកកម្មផងដែរ ដើម្បីឲ្យមនុស្សដទៃទៀតអាចមានពរជ័យនៃដំណឹងល្អ ហើយដឹងថាវាជាការពិត ។