អាហ្វ្រិក
ទ្វីបនៃសេចក្ដីសង្ឃឹមដ៏ភ្លឺត្រចះត្រចង់
សេចក្ដីជំនឿ និងការគោរពប្រតិបត្តិរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅអាហ្វ្រិក និងក្រុង ម៉ាដាហ្គាស្កា បានធ្វើជាគំរូមួយសម្រាប់សមាជិកសាសនាចក្រនៅគ្រប់ទិសទី ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍នៅ ក្រុង ហ្វ្រីថោន ស៊ីរ៉ា ឡេអូន អំឡុងពេលបំពេញការងារមួយ ដែលរួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសលីបេរីយ៉ា និងប្រទេស ហ្គាណា ថា « ប្រជាជន អាហ្វ្រិក ងាយនឹងស្រឡាញ់ណាស់ »1 ។
លោកបានមានប្រសាសន៍ថា សេចក្ដីជំនឿ និងការគោរពប្រតិបត្តិរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយជនជាតិ អាហ្វ្រិក ដែលពួកគេទទួលបានដោយសារសេចក្ដីស្រឡាញ់របស់ពួកគេចំពោះដំណឹងល្អ បានធ្វើជាគំរូមួយដល់សមាជិកសាសនាចក្រទាំងអស់ ។
អែលឌើរ ហូឡិន បានមានប្រសាសន៍ថា វាគួរឲ្យចាប់អារម្មណ៍ណាស់ « ដើម្បីមើលឃើញថាដំណឹងល្អមានន័យយ៉ាងណាចំពោះពួកគេ ដើម្បីមើលឃើញពីអ្វីដែលពួកគេបានធ្វើជាមួយនឹងដំណឹងល្អ ពីរបៀបដែលពួកគេស្រឡាញ់ដំណឹងល្អ ដើម្បីមើលឃើញពីសេចក្ដីស្មោះត្រង់របស់ពួកគេ នៅក្នុងដង្វាយមួយភាគក្នុងដប់ និងក្នុងការបម្រើ ក្នុងការទៅព្រះវិហារបរិសុទ្ធ—ខ្ញុំគិតពីព្រះវិហារបរិសុទ្ធជាគោលដៅមួយដ៏ខ្ពស់បំផុត—រួចហើយមើលពួកគេចិញ្ចឹមកូនចៅរបស់ពួកគេ នៅក្នុងសាសនាចក្រ ហើយបញ្ជូនកូនប្រុសស្រីរបស់ពួកគេទៅបេសកកម្ម ។ វាគឺជាភស្តុតាងដ៏អស្ចារ្យពីសេចក្ដីស្មោះត្រង់របស់ពួកគេ » ។2
នៅចំពោះភ្នែករបស់អ្នក
អែលឌើរ ហូឡិន បានកត់ចំណាំថា ជាមួយនឹងករណីលើកលែងនៃប្រទេស អាហ្វ្រិក ខាងត្បូង ( ដែលមានស្តេកមួយបានរៀបចំឡើងនៅឆ្នាំ 1970 ) សាសនាចក្របាននៅក្នុងទ្វីប អាហ្វ្រិក តិចជាង 30 ឆ្នាំ ។ ដោយសារតែការណ៍នោះ សាសនាចក្រនៅទីនេះបាន « ស្ថាបនានៅចំពោះភ្នែករបស់អ្នក ហើយបានស្ថាបនាក្នុងរយៈពេលមួយដ៏ខ្លី » ហើយ « ទ្វីប អាហ្វ្រិក គឺជាកន្លែងមួយដ៏ពិសេស ដែលអ្នកអាចមើលឃើញពីសិរីល្អរបស់ព្រះអម្ចាស់ ភាពអស្ចារ្យ និងអព្ភូតហេតុនៃការស្ដារឡើងវិញ បានបើកសម្ដែងនៅចំពោះភ្នែករបស់អ្នក » ។3
លោកបានមានប្រសាសន៍ថា លោកតែងតែចងចាំជានិច្ចការបាននៅ អាក្រា ប្រទេស ហ្គាណា ជាមួយនឹងប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( 1910–2008 ) នៅពេលលោកបានប្រកាសថា នឹងមានព្រះវិហារបរិសុទ្ធសាងសង់នៅទៅនោះ ។ » [ ប្រជាជន ] បានឈរស្រែកអបអរ សម្រក់ទឹកភ្នែក ហើយរាំ ឱបគ្នាទៅវិញទៅមក ហើយយំ ។ នៅតាមរបៀបមួយ ដែលអារម្មណ៍នោះនៅតែបន្ត ។ នោះគឺជាសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះប្រជាជន អាហ្វ្រិក—វាជាសេចក្ដីអំណរដែលគ្មានកំណត់នៅក្នុងដំណឹងល្អ ។ សម្ភារភាគច្រើនដែលមាននៅក្នុងជីវិតរបស់ពួកគេគឺតិចតួចណាស់ ប៉ុន្តែនៅពេលពួកគេបានដំណឹងល្អ ពួកគេបានទទួល ហើយធ្វើតាម ។ … ហើយពួកគេនៅតែធ្វើដូច្នោះ ។ ពួកគេកំពុងធ្វើកិច្ចការនោះរហូតមកដល់សព្វថ្ងៃនេះ » ។4
ការព្យាករណ៍ទាំងឡាយបានបំពេញ
ពួកព្យាការី និងពួកសាវករបស់យើងដែលបានបំពេញកិច្ចការ នៅក្នុងទ្វីប អាហ្វ្រិក បាននិយាយពីទ្វីបនោះថា ជាទីកន្លែងមួយដែលការព្យាករណ៍របស់ព្រះអម្ចាស់កំពុងត្រូវបានបំពេញយ៉ាងពិតប្រាកដ ។
បន្ទាប់ពីដំណើរទស្សនកិច្ចមួយជាមួយនឹងសមាជិកសាសនាចក្រនៅប្រទេស ម៉ូសំប៊ីក និងប្រទេស នីហ្សេរីយ៉ា អែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ប្រជាជន អាហ្វ្រិក គឺជាប្រជាជនដែលមានសន្ដានចិត្តល្អ ហើយអត់ធ្មត់ » ។ « ពួកគេគ្មានប្រាក់ចំណូល ឬធនធានច្រើនដែលអនុញ្ញាតឲ្យពួកគេធ្វើនូវរឿងទាំងឡាយនោះទេ ដូច្នេះពួកគេត្រូវធ្វើវាចេញពីការខំប្រឹងប្រែងយ៉ាងខ្លាំង ។ ពួកគេត្រូវដើរនៅលើចម្ងាយផ្លូវដ៏វែងឆ្ងាយ ដើម្បីសម្រេចបាននូវអ្វីមួយដែលពួកគេបានទទួលការបំផុសគំនិតឲ្យធ្វើដោយព្រះវិញ្ញាណបរិសុទ្ធដើម្បីកិច្ចការនោះឲ្យបានចម្រើនឡើង » ។5
អែលឌើរ ស្កត បានកត់ចំណាំថា នៅឆ្នាំ 1999 នៅពេលលោកបានឧទ្ទិសប្រទេស ម៉ូសំប៊ីក សម្រាប់ការផ្សព្វផ្សាយសាសនា នៅទីនោះមានសមាជិកតែ 40 នាក់ប៉ុណ្ណោះ ហើយប្រទេសនេះគឺជាផ្នែកនៃបេសកកម្ម ចូហាន់ណេស្ប៊ឺគ អាហ្វ្រិកខាងត្បូង ។ នៅក្នុងដំណើរទស្សនកិច្ចជាលើកទីពីររបស់លោក នាខែ មករា ឆ្នាំ 2011 សាសនាចក្រនៅក្នុងប្រទេស ម៉ូសំប៊ីក បានរីកចម្រើនរហូតដល់មានសមាជិកច្រើនជាង 5,000 នាក់ នៅក្នុងមណ្ឌលចំនួនពីរ និងសាខាចំនួន 19 កន្លែងនៅក្នុងប្រទេសនេះ ។ ប្រទេស ម៉ូសំប៊ីក ក៏ជាទីស្នាក់ការកណ្ដាលនៃបេសកកម្ម ម៉ាពុតូ ម៉ូសំប៊ីក ផងដែរ ដែលរួមបញ្ចូលទាំងប្រទេស អង់ហ្គោឡា ផងដែរ ។6
ក្មេងខ្ចី ប៉ុន្តែកំពុងតែរីកចម្រើន
ខណៈដែលធ្វើទស្សនកិច្ចនៅប្រទេស ម៉ាដាហ្គាស្កា ប្រទេស ម៉ាឡាវី និងប្រទេស កេនយ៉ា អែលឌើរ រ័សុល អិម ណិលសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក៏បានមានប្រសាសន៍ផងដែរថា « សាសនាចក្រគឺនៅថ្មីថ្មោងនៅទីនេះ » ។ 7 « យើងកំពុងមើលព្រះអម្ចាស់ពន្លឿនកិច្ចការនៅលើទ្វីប អាហ្វ្រិក ដ៏អស្ចារ្យនេះ ដើម្បីប្រទានពរដល់ប្រជាជន ជាមួយនឹងសេចក្ដីពិត ពន្លឺនៃដំណឹងល្អ រួមទាំង ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងផងដែរ » ។8 លោកបានមានប្រសាសន៍ថា លោកមានចំណាប់អារម្មណ៍ជាពិសេសនឹងភាពរឹងមាំនៃថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋាននៅទ្វីប អាហ្វ្រិក ៖ « ខ្ញុំមិនអាចប្រាប់អ្នកថា តើយើងមានអំណរគុណប៉ុណ្ណានោះទេ ចំពោះពួកអ្នកដឹកនាំទាំងនេះនៅក្នុងមូលដ្ឋាន ដែលបានផ្ដល់ពេលវេលា និងទេពកោសល្យ នៅក្នុងការបម្រើព្រះអម្ចាស់ ដើម្បីប្រទានពរដល់ជីវិតនៃប្រជាជនទាំងនេះ » ។9
អែលឌើរ ណិលសុន « មានទំនុកចិត្តយ៉ាងខ្លាំង » ចំពោះអនាគតនៃសាសនាចក្រ និងប្រជាជនក្នុងទ្វីប អាហ្វ្រិក និង ម៉ាដាហ្គាស្កា ដោយសារសេចក្ដីជំនឿរបស់ពួកគេគឺខ្លាំងជាងឧបសគ្គរបស់ពួកគេទៅទៀត ។ លោកបានមានប្រសាសន៍ក្នុងការប្រជុំមួយនៅប្រទេស ម៉ាដាហ្គាស្កា ថា « អ្នកពិតជាកូនចៅនៃព្រះ ជាកូនចៅនៃអ៊ីស្រាអែលដែលចុះសេចក្ដីសញ្ញា បានរៀបចំដើម្បីជួបនឹងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងព្រះ ជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ចរបស់យើង ហើយរស់នៅក្នុងវត្តមានរបស់ទ្រង់ជាមួយនឹងក្រុមគ្រួសារ [ របស់អ្នក ] »10 ។ អែលឌើរ ណិលសុន ក៏បានមានប្រសាសន៍ផងដែរថា « ប្រជាជនទាំងនេះគឺប្រជាជនដែលមានសក្ដានុពលដ៏អស្ចារ្យ ។ ពួកគេមានសេចក្ដីជំនឿ ។ ពួកគេមានសេចក្ដីស្រឡាញ់ចំពោះព្រះអម្ចាស់ ហើយពួកគេមាននូវអ្វីទាំងអស់ដែលចាំបាច់ ដើម្បីធ្វើឲ្យមនុស្សពិតជារឹងមាំយ៉ាងខ្លាំង » ។11
អំឡុងបទសម្ភាសន៍មួយនៅ ណៃរ៉ូប៊ី ប្រទេស កេនយ៉ា អែលឌើរ ណែលសុន មានយោបល់ថា « យើងមានសាលាប្រជុំនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ យើងមានស្តេកមួយ [ នៅក្នុង ] ណៃរ៉ូប៊ី នេះ ។ យើងមានសន្និសីទស្តេកមួយនៅថ្ងៃនេះ ។ វាជារឿងដ៏រំភើបមួយដើម្បីជួបនឹងប្រជាជននៅទីនេះ ។ មានមនុស្សលើសពីមួយពាន់នាក់បានប្រមូលផ្ដុំគ្នា [ ហើយពួកគេមាន ] គារវភាព [ ហើយមាន ] ក្រុមចម្រៀងដ៏ពីរោះ មានគណៈប្រធានស្តេកដ៏ប្រពៃ [ និង ] លោកអយ្យកោនៅលើវេទិកា ។ តើខ្ញុំអាចសម្ដែងចេញនូវសេចក្ដីអំណររបស់ខ្ញុំតាមរបៀបណា នៅពេលខ្ញុំមើលឃើញពីការរីកចម្រើនបែបនេះនោះ ? »12
ថ្វីបើមានសេចក្ដីលំបាក
អែលឌើរ ហូឡិន បានមានប្រសាសន៍ថា សាសនាចក្រនៅទ្វីប អាហ្វ្រិក កំពុងរីកចម្រើន ទោះបីប្រឈមមុខនឹងឧបសគ្គក៏ដោយ ។ ជាឧទាហរណ៍មួយ លោកបានមានប្រសាសន៍ថា « ខណៈពេលដែលមានសង្គ្រាមស៊ីវិលនៅក្នុង ខូតេ ឌីវ៉ូ [ ឆ្នេរអ៊ីវ័ររី ] ពួកបរិសុទ្ធថ្ងៃចុងក្រោយ … នៅតែបន្តមកកាន់ព្រះវិហារបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធគឺជាកិត្តិយសមួយដ៏អស្ចារ្យចំពោះពួកគេ ។ ខ្ញុំមានការភ្ញាក់ផ្អើល » ។13
ដោយលើកឡើងពី ស៊ីរ៉ា ឡេអូន និង លីប៊ឺរៀ អែលឌើរ ហូឡិន បានមានប្រសាសន៍ថា « ដោយសារពួកគេមានសង្គ្រាមដ៏ឃោរឃៅកាលពីពេលកន្លងមកថ្មីៗនេះ នោះគឺជាហេតុផលមួយដែលដំណឹងល្អកំពុងតែលូតលាស់យ៉ាងខ្លាំង ។ ពួកគេធ្លាប់ឃើញពីអ្វីដែលជីវិត មិន គួរមាន ហើយឥឡូវនេះ ជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា និងពួកសមាជិកថ្លែងទីបន្ទាល់ នោះពួកគេបានឃើញពីអ្វីដែលវា អាច ប្រែក្លាយ ។ ស្ថានសួគ៌បានបង្វែរ [ ការសាកល្បងរបស់ពួកគេ ] ទៅជាពរជ័យ ហើយពួកគេកំពុងដកខ្លួនចេញ ពីភាពមិនប្រាកដប្រជាខាងនយោបាយ និងវិបត្តិនៃសង្គមស៊ីវិល » ។14
អែលឌើរ ហូឡិន បានគូសបញ្ជាក់បន្ថែមទៀតពីការរីកចម្រើននៃសាសនាចក្រនៅ ប្រទេស ស៊ីមបាវ៉េបានបន្ត ថ្វីបើមានគ្រាដ៏លំបាកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ៖ « សាសនាចក្របានរីកចម្រើន ។ យើងមានការលូតលាស់ យើងមានស្តេក យើងមានបេសកកម្ម ។ នោះជាអ្វីដែលកំពុងកើតឡើងនៅទូទាំងទ្វីប អាហ្វ្រិក » ។15
ការផ្សាយដំណឹងល្អ
អែលឌើរ ហូឡិន បានឲ្យដឹងថា គន្លឹះដ៏សំខាន់មួយចំពោះជោគជ័យរបស់សាសនាចក្រនៅទ្វីប អាហ្វ្រិក គឺថា « យើងមិនពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬបញ្ហាសង្គមធំៗនោះទេ ។ យើងផ្សាយដំណឹងល្អ ។ យើងខ្វល់ខ្វាយពីសេចក្ដីយុត្តិធម៌ ហើយយើងខ្វល់ខ្វាយពីឱកាស និងភាពស្មើគ្នាក្នុងសង្គម ។ ប៉ុន្តែយើងគិតថា [ ចម្លើយសម្រាប់បញ្ហានោះគឺមាននៅក្នុងព្រះគម្ពីរ ] ដូច្នេះយើងគ្រាន់តែផ្សាយដំណឹងល្អ ។ ហើយវាបានកើតពិតនៅកន្លែងដទៃទៀត ហើយវាមានពិតនៅទ្វីប អាហ្វ្រិក ថានៅពេលមនុស្សដែលបានទទួលការយល់ដឹង ពរជ័យ និងពន្លឺនៅក្នុងជីវិតពួកគេ ហើយរំពេចនោះរឿងទាំងឡាយបានចាប់ផ្ដើមផ្លាស់ប្ដូរ ហើយជីវិតរបស់ពួកគេបានទទួលពរជ័យ » ។16
សេចក្ដីសន្យារបស់ព្រះអម្ចាស់
អែលឌើរ ហូឡិន បានដកស្រង់បន្ទូលព្រះអង្គសង្គ្រោះដែលមានបន្ទូលថា « អ្នកក្រោយនឹងបានទៅជាមុន ហើយពួកអ្នកមុននឹងទៅជាក្រោយវិញ » ( ម៉ាថាយ 20:16 ) ។
លោកបានឲ្យដឹងថា « ដោយសារវិធីមួយចំនួន ដំណឹងល្អបានមកដល់ទ្វីបអាហ្វ្រិកដោយយឺតយ៉ាវ យ៉ាងហោចណាស់នៅពេលយើងអាចធ្វើវានៅតាមពេលកំណត់របស់ព្រះអម្ចាស់—ហើយវាជាកាលកំណត់របស់ព្រះអម្ចាស់ ខ្ញុំមានការអះអាង ។ ថ្មីៗនេះ វាគ្រាន់តែជាការប្រៀបធៀបមួយថា ប្រជាជាន អាហ្វ្រិក បានចាប់ផ្តើមទទួល បេសកកម្ម និង អ្នកផ្សព្វផ្សាយសាសនា ពរជ័យនៃបព្វជិតភាព និងអ្វីៗជាច្រើនទៀត ។ វាជាទ្វីបមួយដ៏ធំ ហើយយើងនៅមានកិច្ចការជាច្រើនទៀតដើម្បីធ្វើ ។ ប៉ុន្តែខ្ញុំជឿថា ការរីកចម្រើនដែលយើងកំពុងមើលឃើញ នៅក្នុងទ្វីប អាហ្វ្រិក សព្វថ្ងៃនេះ គឺជាផ្នែកនៃការបំពេញនូវសេចក្ដីសន្យារបស់ព្រះអម្ចាស់ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយ អាហ្វ្រិក កំពុងតែរីកចម្រើនឡើងជាមួយនឹងសេចក្ដីជំនឿ ។ ពួកគេកំពុងតែរីកលូតលាស់ ។ ពួកគេកំពុងប្រឈមមុខនឹងបទពិសោធន៍នៃការទទួលយកដំណឹងល្អ ហើយកំពុងធ្វើឲ្យមានភាពច្បាស់លាស់នៅក្នុងជីវិតរបស់ពួកគេ » ។17