ថ្នាក់​វិទ្យាស្ថាន
៨ ការ​កើត​ឡើង​នៃ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ


« ការ​កើត​ឡើង​នៃ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ » ជំពូក​៨ នៃ ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ភាគ ១ នៅក្នុងបទដ្ឋាន​នៃ​សេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ ( ឆ្នាំ ២០១៨ )

ជំពូក ៨ ៖ ការ​កើត​ឡើង​នៃ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

ជំពូក ៨

ការ​កើត​ឡើង​នៃ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

រូបភាព
សំណៅ នៃ​ព្រះគម្ពីរ​មរមន

នៅ​ដើម​ខែ កក្កដា ឆ្នាំ ១៨២៩ ដោយ​មានអត្ថបទ​សរសរ​ដៃ​ជាប់​ជា​មួយ​ខ្លួន នោះ​យ៉ូសែប បាន​ដឹង​ថា ព្រះ​អម្ចាស់​បាន​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​គាត់​បោះពុម្ព​ព្រះ​គម្ពីរមរមន ហើយ​ចែក​ចាយ​ដំណឹង​នេះ​ឲ្យ​បាន​ទូលំទូលាយ ។ ប៉ុន្តែ​គាត់ និង​គ្រួសារ​គាត់​ពុំ​សូវ​ស្គាល់​ក្រុម​ហ៊ុន​បោះពុម្ព​ឡើយ ។ គាត់​ត្រូវ​រក្សា​សំណៅ​សរសេរ​ដៃ​នោះ​ឲ្យ​មាន​សុវត្ថិភាព ស្វែង​រក​ក្រុម​ហ៊ុន​បោះពុម្ព ហើយ​ត្រូវ​ធ្វើ​ឲ្យ​សៀវភៅ​នេះ​មាន​នៅ​ក្នុង​ដៃ​បណ្តា​ជន​ណា​ដែល​ស្ម័គ្រ​ចិត្ត​ទទួល​ស្គាល់​ថា​នេះ​គឺ​ជា​ព្រះ​គម្ពីរ​ថ្មី ។

ការ​បោះពុម្ព​សៀវភៅ​ដែល​មាន​កម្រាស់​ក្រាស់​ដូច​ជា​ព្រះ​គម្ពីរ​មរមន​គឺ​មិន​មាន​តម្លៃ​ថោក​នោះ​ទេ ។ ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​យ៉ូសែប ក៏​មិន​មាន​លក្ខណៈ​ប្រសើរ​ដែរ ចាប់​តាំង​ពី​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​ការ​បកប្រែ ហើយប្រាក់​កាក់​ដែល​គាត់​រក​បាន​គឺ​ត្រូវ​ឧបត្ថម្ភ​ដល់​គ្រួសារ​គាត់ ។ ឪពុក​ម្តាយ​របស់​គាត់​ក៏​មាន​ស្ថានភាព​ដូច​គ្នា​ដែរ ពួក​គាត់​នៅ​តែ​ជា​កសិករ​ក្រីក្រ​ខំ​ធ្វើ​ចម្ការ​នៅ​លើ​ដី​ដែល​ជួល​ពី​គេ ។ មិត្ត​ភក្តិ​របស់​យ៉ូសែប តែ​ម្នាក់​គត់ ដែល​អាច​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​បាន​គឺ ម៉ាទីន ហារិស ។

យ៉ូសែប ក៏​រៀប​ផែនការ​ធ្វើ​ការងារ​នេះ​យ៉ាង​ឆាប់​រហ័ស ។ ពីមុនគាត់​បាន​បកប្រែ​រួចរាល់ គាត់បាន​ដាក់​ពាក្យ​ស្នើ​សុំ​រក្សា​សិទិ្ធ​សៀវភៅដើម្បី​ការពារ​អត្ថបទ​ពីជន​ដែល​មាន​ចិត្ត​ចង់​លួច ឬ ថតចម្លង ។ ដោយ​មាន​ជំនួយ​ពី​ម៉ាទិន នោះ​យ៉ូសែប ក៏​បាន​ចាប់​ផ្តើមស្វែង​រក​ហាង​បោះពុម្ព ដែល​យល់ព្រម​បោះពុម្ព​សៀវភៅនេះ ។

ដំបូង​ពួកគាត់​បាន​ទៅ​ជួប​លោក អិកប៊ឺឌ ហ្គ្រានឌីន ជា​ម្ចាស់​ហាង​បោះ​ពុម្ព​មួយនៅ ប៉ាលម៉ៃរ៉ា ដែល​លោក​មានអាយុស្របាល​នឹង​យ៉ូសែប ដែរ ។ លោក​ហ្គ្រានឌីន បានបដិសេធសំណើរ​នេះភ្លាម​ដោយគិតថា សៀវភៅនេះគឺ​ក្លែង​ក្លាយ ។ ដោយគ្មាន​ការ​បាក់ទឹកចិត្ត យ៉ូសែប និង ម៉ាទិន នៅតែ​បន្ដ​​ស្វែងរក ហើយ​បាន​ជួប​នឹងហាង​បោះពុម្ព​មួយ​នៅក្រុង​ជិត​នោះ​ដែល​យល់ព្រម​ទទួលយក​ការបោះពុម្ព ។ ប៉ុន្តែពីមុន​យល់ព្រម​នឹង​ហាងបោះពុម្ព​នៅជិត​ទីក្រុង​នេះ ពួក​គាត់បាន​ត្រឡប់ទៅ​ប៉ាលម៉ៃរ៉ា​វិញ ហើយបានសួរទៅលោក​ហ្គ្រានឌីន ម្តងទៀត ក្រែងគាត់យល់ព្រមបោះពុម្ព​សៀវភៅឲ្យ ។

លើកនេះ លោកហ្គ្រានឌីន ហាក់ដូចជា​មាន​ចិត្ត​ចង់​ទទួល​យកគម្រោងនេះ ប៉ុន្តែ​គាត់​ចង់ឲ្យ​បង់​ប្រាក់ ៣.០០០ ដុល្លារ​លើ​ការបោះ​ពុម្ព និង​កិបជាសៀវភៅចំនួន​ប្រាំ ពាន់​ក្បាល​ពីមុន​គាត់ចាប់​ផ្តើម​ធ្វើ​ការងារ​បោះពុម្ពនេះ ។ ម៉ាទិន បានសន្យា​ថា គាត់​នឹង​ជួយ​បង់​ថ្លៃ​បោះពុម្ព ប៉ុន្តែ​ដោយ​សារ​ចំនួន​ទឹកប្រាក់​យ៉ាង​ច្រើន​បែបនេះ នោះ​គាត់​ចាប់ផ្តើម​គិត​ថា គាត់​ប្រហែលជាត្រូវបញ្ចាំ​កសិដ្ឋាន​របស់គាត់​ហើយ ។ វាជាបន្ទុកដ៏ធំលើ​ម៉ាទិន ប៉ុន្តែ​គាត់​បាន​ដឹងថា គ្មានមិត្ត​ភក្តិ​ឯ​ណា​ផ្សេង អាច​ជួយ​យ៉ូសែប​រឿងលុយ​កាក់​នេះ​ទេ ។

ពេលជួបប្រទះនឹងបញ្ហា ម៉ាទិន ចាប់ផ្តើម​ព្រួយ​បារម្ភ​អំពី​ហិរញ្ញប្បទាន​បោះពុម្ព​ព្រះគម្ពីរមរមន ។ គាត់មានកសិដ្ឋានដ៏ល្អបំផុត​នៅក្នុង​ភូមិ ។ ប្រសិនបើគាត់ដាក់ដីបញ្ចាំ គាត់​អាច​ប្រថុយ​នឹង​ការបាត់បង់​ដីរបស់គាត់ ។ ទ្រព្យ​សម្បត្តិ​ដែល​គាត់​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​រក​បាន​នោះ​អាច​នឹង​ត្រូវ​បាត់​បង់ក្នុង​​មួយ​រំពេច​ភ្នែក ប្រសិន​បើ​ព្រះ​គម្ពីរ​មរមន​លក់​មិន​ដាច់​ទេ​នោះ ។

ម៉ាទិន បាន​ប្រាប់​យ៉ូសែប អំពី​កង្វល់​របស់​គាត់ ហើយ​បាន​សុំ​ឲ្យ​យ៉ូសែប ស្វែង​រក​វិវរណៈ​ជូន​គាត់ ។ ចម្លើយ​ដែល​បាន​ទទួល គឺ​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​អំពី​ពលិកម្ម​របស់​ទ្រង់​ដើម្បី​ធ្វើ​តាម​ព្រះ​ទ័យ​ព្រះ​វរបិតា មិន​ថា​ត្រូវ​បង់​ថ្លៃ​ប៉ុណ្ណា​នោះ​ទេ ។ ទ្រង់​បាន​ពិពណ៌នា​អំពី​ទុក្ខ​វេទនា​ដ៏​គ្មាន​ទីបញ្ចប់​ដែល​ទ្រង់​បាន​ទទួល ពេល​ដែល​កំពុង​អធិស្ឋាន​លោះ​ថ្លៃ​អំពើ​បាប ដើម្បី​មនុស្ស​ទាំង​អស់​អាច​ប្រែ​ចិត្ត និង​ទទួល​បាន​ការអភ័យ​ទោស ។ បន្ទាប់​មក​ទ្រង់​បាន​បញ្ជា​ឲ្យ ម៉ាទិន លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​នាំ​មក​នូវ​ផែនការ​របស់​ព្រះ ។

ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា « អ្នក​កុំ​លោភ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ចូរ​ចំណាយ​ដោយ​សេរី សម្រាប់​ការ​បោះពុម្ព​ព្រះគម្ពីរមរមន » ។ ព្រះ​អម្ចាស់​បាន​បញ្ជាក់​ដល់​ម៉ាទិន​ថា ព្រះ​គម្ពីរ​នេះ​មាន​ព្រះ​បន្ទូល​ពិត​ប្រាកដ​របស់​ព្រះ ហើយវា​នឹង​​ជួយ​ឲ្យ​មនុស្ស​​ដទៃ​ទៀត​ជឿ​លើ​ដំណឹង​ល្អ ។

ទោះ​បី​ជា​ពួក​អ្នក​ជិត​ខាង​គាត់​ពុំ​យល់​ពី​ការសម្រេច​​ចិត្ត​របស់​គាត់​ក៏​ដោយ ក៏​ម៉ាទិន នៅតែគោរព​តាម​ព្រះ​អម្ចាស់ ហើយ​បាន​បញ្ចាំ​កសិដ្ឋាន​របស់​គាត់​ដើម្បីធានា​ដល់​ការ​បង់​ប្រាក់​ដែរ ។​

លោកហ្គ្រានឌីន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ ហើយ​បាន​ចាប់ផ្តើម​រៀប​ចំ​គម្រោង​ដ៏​ធំ​នេះ ។ យ៉ូសែប បាន​បក​ប្រែ​អត្ថបទ​ព្រះ​គម្ពីរ​មរមន ក្នុង​រយៈ​ពេល​បី​ខែ ដោយ​មាន​ជំនួយ​ពី​អ្នក​កត់​ត្រា​ម្នាក់​ក្នុង​ពេល​នោះ ។ វានឹង​ធ្វើ​ឲ្យ​លោកហ្គ្រានឌីន និងមនុស្ស​ជាង​ដប់​នាក់ធ្វើ​ការ​​រយៈពេល​ប្រាំពីរ​ខែ​ដើម្បី​បោះពុម្ព ហើយ​កិប​សំណៅ​បោះពុម្ព​ចំនួន ៥៩០ ទំព័រ​ដំបូង​នោះ ។


ក្រោយ​ពី​បាន​ជួល​អ្នក​បោះពុម្ភ​រួច​រាល់​ហើយ យ៉ូសែប បាន​ត្រឡប់​ទៅ​ភូមិ​ហាម៉ូនី​វិញនា​ខែ តុលា ឆ្នាំ ១៨២៩​ ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​កសិដ្ឋាន និង​នៅ​ជា​មួយ អិមម៉ា ។ នៅ​គ្រា​នោះ​ដែរ ​អូលីវើរ ​ម៉ាទិន និង ហៃរុម ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ការ​បោះពុម្ព ហើយ​រាយការណ៍​ជា​ប្រចាំ​ទៅ​យ៉ូសែប អំពី​បច្ចុប្បន្ន​ភាព​ទៅ​លើ​ដំណើរការ​បោះពុម្ព​របស់​លោក​ហ្គ្រានឌីន ។

ដោយ​​ចងចាំ​ពីភាព​អស់​សង្ឃឹម​ដែល​គាត់​បាន​មាន​បន្ទាប់​ពី​បាត់​បង់​ទំព័រ​ដំបូង​ដែល​គាត់​បាន​បកប្រែ នោះ​យ៉ូសែប បាន​សុំ​អូលីវើរ​ឲ្យ​ចម្លង​សំណៅ​ព្រះគម្ពីរ​មរមន​សរសេរ​ដៃ​គ្រប់​ទំព័រ ដើម្បី​មាន​ពីរ​ក្បាល​ពេល​យក​ទៅ​ហាង​បោះ​ពុម្ព ដើម្បី​អាច​បន្ថែម​ការដាក់វណ្ណយុត្តិ និង​ធ្វើ​ការ​វាយ​សំណុំ​ផង ។

អូលីវើរ បាន​រីករាយ​នឹង​ចម្លង​​ព្រះ​គម្ពីរ ហើយ​គាត់​ស្កប់​ស្កល់​នឹង​លិខិត​ដែល​គាត់​សរសេរ​នៅ​ពេល​នោះ ។ ដោយ​ការ​ឯកភាព​នឹង នីហ្វៃ យ៉ាកុប និងអាមូលេក​ក្នុង​ព្រះ​គម្ពីរ​មរមន អូលីវើរ បាន​សរសេរ​ទៅ​យ៉ូសែប អំពី​ការដឹង​គុណ​របស់​គាត់​ចំពោះ​ដង្វាយ​ធួន​ដ៏គ្មាន​ដែន​កំណត់​របស់​ព្រះ​គ្រីស្ទ ។

គាត់​បាន​ជម្រាប​ទៅ​យ៉ូសែប​ថា « នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​សរសេរ​អំពី​សេចក្ដី​មេត្តាករុណា​របស់​​ព្រះ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​ពេលវេលា និង​ក្រដាសមិន​មាន​គ្រប់​គ្រាន់​ទុក​ឲ្យ​ខ្ញុំ​សរសេរ​នោះទេ » ។​

ព្រះ​វិញ្ញាណ​ដដែល​នោះបាន​ទាក់​ទាញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​រក​ព្រះ​គម្ពីរ​មរមន នៅ​ពេល​ដែល​វា​កំពុង​បោះពុម្ព ។ លោក ថូម៉ាស ម៉ាស ជា​អតីតកូន​ជាង​នៅ​ហាង​បោះពុម្ព បាន​ព្យាយាម​ស្វែង​រក​កន្លែង​ដែល​គាត់​ពេញ​ចិត្ត​នៅ​ព្រះ​វិហារ​ផ្សេង ប៉ុន្តែ​ព្រះ​វិហារ​ទាំង​អស់​ហាក់​ដូច​ជា​គ្មាន​ព្រះ​វិហារ​ណា​ដែល​ផ្សាយ​ដំណឹង​ល្អ ដែល​គាត់​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ឡើយ ។ គាត់​ជឿ​ថា ព្រះ​វិហារ​ថ្មីនឹង​រៀបចំ​ឡើងក្នុង​ពេល​ឆាប់ៗដែល​នឹង​បង្រៀន​សេចក្តី​ពិតដែល​បាន​ស្តារ​ឡើង​វិញ ។

នៅ​រដូវ​ក្ដៅ​នោះ ថូម៉ាស មាន​អារម្មណ៍​ថា​ត្រូវ​បាន​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​ឲ្យ​ធ្វើ​ដំណើរ​រាប់​រយ​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​គាត់​ទៅ​កាន់ ប៉ូស្តុន នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​នូវយ៉ក ។ គាត់​បាន​នៅ​ទីនោះ​អស់​រយៈពេល​បី​ខែ​ពីមុន​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ពុំ​យល់​ពី​ហេតុ​ដែល​គាត់​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​បែប​នោះ​ទេ ។ នៅ​ចំណត​មួយ​នៅ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់​តែ​​​ម្ចាស់​ផ្ទះ​ដែល​គាត់​ស្នាក់​នៅជាមួយ​នោះ​​បាន​សួរ​​គាត់​ថា តើ​គាត់​ដែល​ធ្លាប់​ឮ​អំពី « គម្ពីរមាស » របស់​​យ៉ូសែប ស្ម៊ីធ ដែរ​ឬ​ទេ ?​ ថូម៉ាស បាន​ប្រាប់​ទៅ​ស្រ្តី​នោះ​ថា​គាត់​ពុំ​ដែល​បាន​ឭ​ទេ ហើយ​មាន​អារម្មណ៍​ចង់​រៀន​បន្ថែម​ទៀត​អំពី​គម្ពីរ​នេះ ។

នាង​បាន​ប្រាប់​គាត់​ថា គាត់​គួរ​សួរ​ទៅ លោក ម៉ាទិន ហារិស ហើយ​បាន​ណែនាំ​គាត់​ឲ្យ​ទៅ​ភូមិ​ប៉ាលម៉ៃរ៉ា ។ ថូម៉ាស បាន​ទៅ​ទីនោះ​ភ្លាម ហើយ​បាន​ជួប​នឹង​ម៉ាទិន នៅ​ឯ​ហាង​បោះពុម្ព​របស់ ហ្គ្រានឌីន ។ ជាង​បោះពុម្ព​បាន​ឲ្យ​ព្រះ​គម្ពីរមរមន​ដប់​ប្រាំ​មួយ​សន្លឹក​ទៅ​គាត់ ហើយ​ថូម៉ាស បាន​យក​វា​ទៅ បូស្តុន ទាំង​អន្ទះសា​ដើម្បី​ចែកចាយ​នឹង​ភរិយា​គាត់ ដែល​មាន​ឈ្មោះ​ថា អេលីស្សាប៊ែត នូវ​រសជាតិ​ដំបូង​នៃ​ជំនឿ​ថ្មី ។

អេលីស្សាប៊ែត បាន​អាន​គ្រប់​ទំព័រ​ទាំង​អស់ ហើយ​នាង​​បាន​ជឿ​ថា វា​ជា​កិច្ច​ការ​របស់​ព្រះ ។១០


នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ ខណៈ​ដែល​ជាង​បោះពុម្ព​បាន​ខិតខំ​ធ្វើ​ការ​បោះ​ពុម្ព​ព្រះ​គម្ពីរ​មរមន ស្រាប់​តែ​អតីត​ចៅក្រម​ដែល​មាន​ឈ្មោះ​ថា អប់ន័រ ខូល បាន​ចាប់​ផ្តើម​បោះពុម្ពផ្សាយ​កាសែត​មួយ​នៅ​រោង​ពុម្ព​របស់ ហ្គ្រានឌីន ។ កាល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ហាង​នា​ពេល​​យប់ បន្ទាប់​ពី​បុគ្គលិក​របស់​ហ្គ្រានឌីន បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ អប់ន័រ បាន​លួច​បោះពុម្ព​ទំព័រ​ខ្លះៗ​នៃ​ព្រះ​គម្ពីរ​មរមន ដែល​ពុំ​ទាន់កិប​ ឬ​ពុំ​ទាន់​អាច​ដាក់​លក់​នោះ​ចេញ​មក ។

មិន​យូរ​ប៉ុន្មាន អប់ន័រ ចាប់​ផ្តើម​ចំអក​ឡកឡឺយ « ព្រះ​គម្ពីរ​មាស » នៅ​ក្នុង​កាសែត​របស់​គាត់ ហើយ​នៅ​អំឡុង​រដូវ​រងារ​នោះ គាត់​បាន​បោះពុម្ព​សេចក្តី​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​ទាំង​មាន​ការ​អធិប្បាយចំអក​ឡក​ឡឺយ​ផង ។​១១

នៅ​ពេល ហៃរុម និង អូលីវើរ បាន​ដឹង​អ្វី​ដែល​អប់ន័រ​កំពុង​ធ្វើ ពួក​លោកបាន​ប្រឈម​មុខ​នឹង​គាត់ ។ « តើលោក​មាន​សិទ្ធិ​អ្វី​ដើម្បី​បោះពុម្ព​ព្រះគម្ពីរ​មរមន​តាម​របៀប​នេះ ? » ហៃរុម បាន​សួរ ។ « តើ​លោក​ពុំ​បានដឹង​ទេ​ឬ​ថា​យើង​បាន​ទទួល​កម្មសិទ្ធិ​បញ្ញា ? »

អប់ន័រ បាន​តប​ថា « វា​ពុំ​មែន​ជា​រឿង​របស់​លោក​ទេ » ។ « ខ្ញុំ​បាន​ជួល​រោង​ពុម្ព​នេះ ហើយ​ខ្ញុំ​នឹង​បោះពុម្ព​អ្វី​តាម​ចិត្ត​របស់​ខ្ញុំ » ។

ហៃរុម បាន​តប​ថា « ខ្ញុំ​ហាម​លោក​ឲ្យ​ឈប់​បោះពុម្ព​ព្រះគម្ពីរ​នោះ​បន្ត​ទៀត » ។

អប់ន័រ បាន​ពោលថា « ខ្ញុំ​មិន​ខ្វល់​ទេ » ។

ដោយ​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត ហៃរុម និង​អូលីវើរ បាន​ផ្ញើ​សំបុត្រ​ទៅ​យ៉ូសែប នៅក្នុង​ភូមិ​ហាម៉ូនី នោះ​គាត់​បាន​ត្រឡប់​ទៅ​ភូមិ​បាល់​ម៉ៃរ៉ា​ភ្លាម ។ គាត់​បាន​ឃើញ អប់ន័រ នៅ​ឯ​ការិយាល័យ​រោង​ពុម្ព​នោះ កំពុង​តែ​អាន​សារព័ត៌មាន​របស់​ខ្លួន ។

យ៉ូសែប បាន​ពោលថា « លោក​ទំនង​ជា​ខិតខំ​ធ្វើ​ការ​ណាស់ » ។

អប់ន័រ បានតប​ទាំង​ទឹក​មុខ​ស្ងួត​​ថា « សុខ​សប្បាយ​ជា​ទេ លោក​ស្ម៊ីធ » ។

យ៉ូសែប បាន​ពោល​ថា « លោក ខូល ព្រះគម្ពីរ​មរមន និង​សិទ្ធិ​​​បោះ​ពុម្ព​ព្រះគម្ពីរ​នេះ​គឺជា​របស់​ខ្ញុំ ហើយ​ខ្ញុំ​សូម​ហាមលោក​កុំ​ឲ្យ​ជ្រៀត​ជ្រែក​ក្នុង​រឿង​នេះ » ។

អប់ន័រ បាន​បោះអាវ​ធំ​គាត់​ចោល ហើយ​បាន​លាត់​ដៃ​អាវ​ឡើង ។ គាត់​បាន​ស្រែក​ខ្លាំងៗ​ទាំង​ក្ដាប់​ដៃ​ថា « តើ​លោក​ចង់​វ៉ៃ​គ្នា​មែន​ទេ ? » ។ « បើ​លោក​ចង់​វ៉ៃ​គ្នា​មែន សូម​ចូល​មក » ។

យ៉ូសែប បាន​ញញឹម ។ គាត់​បាន​ពោល​ថា « លោក​គួរ​យកអាវ​ធំ​ទៅ​ពាក់​វិញ​ទៅ » ។ « វា​ត្រជាក់​ណាស់ ហើយ​ខ្ញុំ​នឹង​មិន​វ៉ៃ​គ្នា​ជាមួយ​លោក​ឡើយ » ។ លោក​បានបន្ត​ទាំង​ចិត្ត​ស្ងប់​ថា « ប៉ុន្តែ​លោកត្រូវ​ឈប់​បោះពុម្ព​ព្រះ​គម្ពីរ​របស់​ខ្ញុំ​ទៀត » ។

អប់ន័រ បាន​ពោល​ថា « បើ​លោក​គិតថា ខ្លួន​លោក​ជា​មនុស្ស​ល្អ​ជាង​គេមែន អញ្ចឹង​ដោះ​អាវ​ធំ​លោក​ចេញ​ទៅ ហើយ​ល្បង​វ៉ៃ​គ្នា​ល​មើល » ។

យ៉ូសែប បាន​តប​ថា « យើង​មាន​ច្បាប់ ហើយ​លោក​នឹង​ដឹង​ពី​រឿង​នោះ បើ​លោកពុំ​ទាន់​ដឹងបាន​នៅ​ឡើយ​នោះ​ ។ ប៉ុន្តែ​ខ្ញុំ​នឹង​ពុំ​វ៉ៃគ្នា​ជាមួយ​លោក​ទេ ពីព្រោះ​វា​គ្មាន​ប្រយោជន៍​ទេ » ។

អប់ន័រ បាន​ដឹង​ថា គាត់គឺជា​អ្នកខុស​តាមផ្លូវ​ច្បាប់ ។ គាត់​បាន​សម្រួល​អារម្មណ៍ ហើយ​បញ្ឈប់​ការ​បោះពុម្ព​សេចក្ដី​ដក​ស្រង់​ចេញ​ពី​ព្រះគម្ពីរ​មរមន​នៅ​ក្នុង​សារព័ត៌មាន​របស់​គាត់​ទៀត ។១២


សូឡូម៉ូន ឆាំប៊ើរលីន ដែលជា​គ្រូគង្វាល​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាណាដា បាន​ឮ​អំពី ​« ព្រះគម្ពីរ​ប៊ីប​មាស » ជា​លើក​ដំបូង មក​ពី​គ្រួសារ​មួយ​ដែល​គាត់​បាន​ស្នាក់​នៅ​ជាមួយ នៅ​ក្បែរ​ភូមិបាល់ម៉ៃរ៉ា ។ ដូចជា​លោក ថូម៉ាស ម៉ាស​ដែរ គាត់បាន​ប្ដូរ​ពី​ព្រះវិហារ​មួយ​ទៅ​ព្រះវិហារ​មួយ​ទៀត​នៅ​ក្នុងជីវិត​របស់​គាត់ ប៉ុន្តែពុំ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​គាត់​បាន​ឃើញ​ទេ ។ ព្រះវិហារ​មួយ​ចំនួន​បាន​បង្រៀននូវ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ហើយ​បាន​ជឿ​លើ​អំណោយ​ទាន​ខាង​វិញ្ញាណ ប៉ុន្តែ​ពួកគេ​គ្មាន​ពួក​ព្យាការី​របស់​ព្រះ ឬ​បព្វជិតភាព​របស់​ទ្រង់​ឡើយ ។ សូឡូម៉ូន បាន​ទទួល​អារម្មណ៍​ថា ពេល​វេលា​បាន​មកដល់​ហើយ ដែល​ព្រះអម្ចាស់​នឹង​នាំ​ព្រះវិហារ​របស់​ទ្រង់​ឲ្យ​ចេញ​មក ។

នៅ​ពេល​សូឡូម៉ូន បាន​ស្ដាប់​គ្រួសារ​នោះ​និយាយ​អំពី​យ៉ូសែប ស្ម៊ីធ និង​ផ្ទាំង​ចំណារ​មាស​ហើយ គាត់​មាន​អារម្មណ៍​ព្រឺ​ខ្លួន​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ហើយ​គាត់​បាន​តាំង​ចិត្ត​ស្វែង​រក​គ្រួសារ​ស្ម៊ីធ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​គម្ពីរ​នោះ ។

គាត់​បាន​ស្វែង​រក​ផ្ទះ​របស់​គ្រួសារ​ស្ម៊ីធ ហើយ​បាន​ជួប​នឹង​ហៃរុម នៅ​ឯ​មាត់​ទ្វារ ។ សូឡូម៉ូន បាន​ពោលថា « សូម​ឲ្យ​ភាព​សុខសាន្ត​កើត​មាន​ដល់​ផ្ទះ​នេះ » ។

ហៃរុម បាន​តប​ថា « ខ្ញុំ​សង្ឃឹម​ថា វា​នឹង​មាន​ភាព​សុខសាន្ត » ។

សូឡូម៉ូន បាន​សួរ​ថា « តើ​មាន​មនុស្ស​ក្នុង​ផ្ទះ​នេះ ដែល​ជឿ​លើ​ការ​និមិត្ត ឬ​វិវរណៈ​ទេ ? »

ហៃរុម បាន​តប​ថា « បាទ​មាន យើង​គឺជា​គ្រួសារ​មួយ​ដែល​ជឿ​លើ​ការ​និមិត្ត » ។

សូឡូម៉ូន បាន​ប្រាប់​ហៃរុម អំពី​ការ​និមិត្ត​មួយ​ដែល​គាត់​បាន​ឃើញ​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ ។ នៅ​ក្នុង​ការ​និមិត្ត​នោះ មាន​ទេវតា​មួយ​អង្គ​បាន​មាន​បន្ទូល​ថា ព្រះគ្មាន​ព្រះវិហារ​នៅ​លើ​ផែនដី​នេះ​ទេ បុន្តែ​មិន​យូរ​ប៉ុន្មាន​នឹង​បង្កើត​ព្រះវិហារ​មួយ​ដែល​មាន​អំណាច​ដូចជា​ព្រះវិហារ​របស់​ពួក​សាវក​កាល​ពី​បុរាណ​ដែរ ។ ហៃរុម និង​មនុស្ស​ដទៃ​ទៀត​នៅ​ក្នុង​ផ្ទះ​បាន​យល់​អ្វី​ដែល​សូឡូម៉ូន បាន​និយាយ ហើយ​ប្រាប់​គាត់​ថា ពួកគេ​មាន​ជំនឿ​ដូច​គាត់ដែរ ។

សូឡូម៉ូន​ បាន​ពោល​ថា « ខ្ញុំ​ចង់​ឲ្យ​អ្នក​ប្រាប់​ខ្ញុំ​នូវ​អ្វី​ដែល​អ្នក​បាន​រក​ឃើញ ។ ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ទទួល​យក​វា​បាន »។

ហៃរុម បាន​អញ្ជើញគាត់​ឲ្យ​ស្នាក់​នៅ​ឯ​កសិដ្ឋាន​របស់​គ្រួសារ​ស្ម៊ីធ ក្នុង​នាម​ជា​ភ្ញៀវ ហើយ​បាន​បង្ហាញ​គាត់​នូវ​សំណៅ​ព្រះគម្ពីរ​មរមន​ដែល​សរសេរ​ដៃ ។ សូឡូម៉ូន បាន​សិក្សា​ព្រះគម្ពីរ​នោះ​អស់​រយៈពេល​ពីរ​ថ្ងៃ ហើយ​បាន​ទៅ​ជាមួយ​នឹង​ហៃរុម ទៅ​ការិយាល័យ​​បោះពុម្ព​របស់​ហ្គ្រានឌីន ដែល​នៅ​ទីនោះ​អ្នក​បោះពុម្ព​ម្នាក់​បាន​ឲ្យ​ព្រះ​គម្ពីរ​ចំនួន​ហុកសិប​បួន​ទំព័រ​ដែល​បោះពុម្ព​រួច​ដល់​គាត់ ។ សូឡូម៉ូន បាន​បន្ត​ដំណើរ​ទៅ​ប្រទេស​កាណាដា ទាំង​ប្រកាស​ពី​អ្វី​គ្រប់យ៉ាង​ដែល​គាត់​បាន​ដឹង​អំពី​ជំនឿ​ថ្មី​នេះ​នៅ​តាម​ផ្លូវ ដោយ​មាន​គម្ពីរ​មិន​ទាន់​កិប​ទាំងនោះ​នៅ​ក្នុង​ដៃ ។១៣


លុះ​ដល់​ថ្ងៃ​ទី ២៦ ខែ​ មីនា ឆ្នាំ ​១៨៣០ ច្បាប់​ដំបូង នៃ​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​ផ្គុំ​ចូល​គ្នា ហើយ​មាន​ដាក់​លក់​នៅ​ជាន់​ផ្ទាល់​ដី​នៃ​ការិយាល័យ​បោះពុម្ព​របស់​ហ្គ្រាន​ឌីន ។ ព្រះគម្ពីរ​ទាំង​នោះ​ត្រូវ​បាន​គេ​ចង​ក្រង​ជា​សៀវភៅ​ដោយ​ស្បែក​គោ ហើយ​មាន​ធំ​ក្លិន​ស្បែក និង​កាវ ក្រដាស និង​ទឹក​ថ្នាំ ។ ពាក្យ​ព្រះគម្ពីរ​មរមន បាន​លេច​ឡើង​នៅលើ​ខ្នង​សៀវភៅ​នោះ​ជា​អក្សរ​ពណ៌​មាស ។១៤

លូស៊ី ស្ម៊ីធ បាន​រក្សា​ទុក​ព្រះគម្ពីរ​ថ្មី​នេះ ហើយ​បាន​ចាត់​ទុក​ថា វា​គឺ​ជា​ទីសម្គាល់​មួយ​ដែល​ព្រះ​នឹង​ប្រមូល​ផ្ដុំ​កូន​ចៅ​របស់​ទ្រង់ និង​ស្ដារឡើង​វិញ​នូវ​សេចក្ដី​សញ្ញា​របស់​ទ្រង់​កាល​ពី​បុរាណ​ក្នុង​ពេល​ឆាប់ៗ​នេះ ។ ទំព័រ​ចំណង​ជើង​បាន​ប្រកាស​ថា គោលបំណង​របស់​ព្រះគម្ពីរ​មរមន​គឺ​ដើម្បី​បង្ហាញ​រឿង​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​រាស្ត្រ​របស់​ទ្រង់​កាល​ពី​មុន ហើយ​ប្រទាន​ពរជ័យ​ដូចគ្នា​ដល់​រាស្ត្រ​របស់​ទ្រង់​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​ជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ ។១៥

នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ព្រះគម្ពីរ​នោះ​គឺជា​ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​រូប និង​ពួក​សាក្សី​ប្រាំបី​រូប ថ្លែង​ប្រាប់​ទៅ​កាន់​ពិភពលោក​ថា ពួកគាត់​បាន​ឃើញ​ផ្ទាំង​ចំណារ​នោះ ហើយ​បានដឹង​ថា ការ​បកប្រែ​នោះ​គឺជា​ការ​ពិត ។១៦

ទោះ​ជា​មាន​ទីបន្ទាល់​ទាំង​នេះ​ក្ដី ក៏​លូស៊ី​បាន​ដឹង​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​គិត​ថា ព្រះគម្ពីរ​នេះ​គឺជា​រឿង​ប្រឌិត ។ មាន​ពួក​អ្នក​ជិតខាង​របស់​គាត់​ជា​ច្រើន បាន​ជឿ​ថា ការ​មាន​ព្រះគម្ពីរ​ប៊ីប​គឺ​ល្មម​គ្រប់​គ្រាន់​ហើយ​សម្រាប់​ពួកគេ​ហើយ​ពុំ​បាន​ដឹង​ថា ព្រះបាន​ប្រទាន​ដល់​ប្រជាជាតិនានា​នូវ​ព្រះគម្ពីរ​លើស​ពី​មួយ​ដែល​មាន​នូវ​បន្ទូល​របស់​ទ្រង់ ។ គាត់​ក៏​បាន​ដឹង​ផង​ដែរ​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​បដិសេធ​សារលិខិត​ក្នុង​គម្ពីរ​នេះ ដោយសារ​ពួកគេ​ជឿ​ថា ព្រះ​ធ្លាប់​មាន​បន្ទូល​មក​កាន់​ពិភពលោក​ម្ដង​រួច​ទៅ​ហើយ ហើយ​ទ្រង់​នឹង​ពុំ​មាន​បន្ទូល​ម្ដង​ទៀតឡើយ ។

ដោយសារ​ហេតុផល​ទាំង​នេះ និង​ហេតុផល​ផ្សេង​ទៀត នោះ​មនុស្ស​ភាគច្រើន​នៅ​ភូមិ​បាល់ម៉ៃរ៉ា ពុំ​បាន​ទិញ​គម្ពីរ​នោះ​ទេ ។១៧ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ដែល​បាន​សិក្សា​ព្រះគម្ពីរ​នេះ បាន​ទទួល​អារម្មណ៍​ពី​អនុភាព​នៃ​ការ​បង្រៀន​របស់​វា ហើយ​បាន​លុត​ជង្គង់​ចុះ​ទូល​សូម​ព្រះ ប្រសិន​បើ​ព្រះគម្ពីរ​នេះ​ពិត​មែន ។ លូស៊ី ផ្ទាល់​បាន​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺជា​បន្ទូល​របស់​ព្រះ ហើយ​ចង់​ចែកចាយជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត ។១៨


បន្ទាប់​ពី​ព្រះ​គម្ពីរ​មរមន​បាន​បោះពុម្ព​រួច​ហើយ​ភ្លាម យ៉ូសែប និង​អូលីវើរ បាន​រៀប​ចំ​ដើម្បី​បង្កើត​ព្រះ​វិហារ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ នៅប៉ុន្មាន​ខែ​មុនបង្កើត​ព្រះ​វិហារ នោះ​សាវក​ពេត្រុស យ៉ាកុប និងយ៉ូហាន ជា​សាវកពី​បុរាណ​របស់ព្រះ​អម្ចាស់​បាន​មក​ជួប​នឹង​ពួក​គាត់ ហើយ​បាន​ប្រគល់​បព្វជិតភាព​មិល​គីស្សាដែក​ដល់​ពួក​គាត់ ដូច​ដែល​យ៉ូហាន បាទីស្ទ​បាន​សន្យា ។ សិទ្ធិ​អំណាច​បន្ថែម​នេះ​បាន​ធ្វើឲ្យ​​យ៉ូសែប និង​អូលីវើរ អាច​ប្រគល់​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​ជន​ទាំងឡាយ​ណា​ដែល​ពួក​គាត់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ។ សាវក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ក៏​បាន​តែង​តាំង​ដល់​ពួក​គាត់​ឲ្យ​ធ្វើ​ជា​សាវក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ផង​ដែរ ។១៩

នៅ​អំឡុង​ពេល​នោះ ខណៈ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់ វិតមើរ នោះ​យ៉ូសែប និង​អូលីវើរ បាន​អធិស្ឋាន​ទូល​សូម​ចំណេះ​ដឹងបន្ថែម​ទៀត​អំពី​សិទ្ធិ​អំណាច​នេះ ។ ជា​ការ​ឆ្លើយ​តប​មក​វិញ នោះ​សំឡេង​របស់​ព្រះ​អម្ចាស់​បាន​បញ្ជា​ដល់​ពួក​គាត់​ឲ្យ​តែងតាំងគ្នា​ទៅវិញ​ទៅមក​ជា​ពួក​អែលឌើរ​នៃ​សាសនា​ចក្រ ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​ឡើយ​រហូត​ដល់​ពួក​អ្នក​មាន​ជំនឿ​ទាំង​ឡាយ​ធ្វើ​តាម​ពួក​គាត់ ថា​ជា​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​អង្គ​សង្រ្គោះ​ជាមុន​សិន ។ ពួក​គាត់​ក៏​ត្រូវ​បាន​ប្រាប់​ឲ្យ​តែងតាំង​ថ្នាក់​ដឹកនាំ​​ព្រះវិហារ​ដទៃ​ទៀត ហើយប្រគល់​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​ជន​ទាំង​ឡាយ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ផងដែរ ។២០

នៅ​ថ្ងៃទី ៦ ខែ​មេសា ឆ្នាំ ១៨៣០ យ៉ូសែប និង​អូលីវើរ បាន​ជួប​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​លោក វិតមើរ ដើម្បី​ធ្វើ​តាម​ព្រះ​បញ្ញត្តិ​របស់​ព្រះ​អម្ចាស់ ហើយ​ធ្វើ​ការ​រៀប​ចំ​ព្រះ​វិហារ​បស់​ទ្រង់ ។ ដើម្បី​បំពេញ​តាម​តម្រូវការ​នៃ​ច្បាប់ នោះ​ពួក​គាត់​បាន​ជ្រើសរើស​មនុស្ស​ប្រាំ​មួយ​នាក់​ធ្វើ​ជា​សមាជិក​ដំបូង​នៃ​ព្រះ​វិហារ​ថ្មី​នេះ ។ មាន​បុរស និង​ស្រ្តី​ប្រមាណ​ជា​សែសិប​នាក់​នៅ​ប្រជ្រៀត​គ្នា​ក្នុង​ផ្ទះ​តូច​នោះ ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ឱកាស​នេះ​ផងដែរ ។២១

ដើម្បី​គោរព​តាម​សេចក្តី​ណែនាំកាល​ពី​មុន​របស់​ព្រះ​អម្ចាស់ យ៉ូសែប និង​អូលីវើរ បាន​សុំ​ឲ្យ​អង្គ​ជំនុំ​ធ្វើ​ការ​គាំ​ទ្រ​ដល់​ពួក​គាត់​ជា​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​នគរ​នៃ​ព្រះ ហើយ​សូម​បង្ហាញ​បើ​ពួក​គេ​បាន​ជឿ​ថា​វា​ជា​រឿង​ត្រឹម​ត្រូវ​ដែល​ពួក​គាត់​បង្កើត​ព្រះ​វិហារ​មួយ​ឡើង ។ សមាជិក​គ្រប់​រូប​នៅ​ក្នុង​ក្រុម​ជំនុំ​បាន​ឯកភាព ហើយ​យ៉ូសែប បាន​ដាក់​ដៃ​របស់​គាត់​នៅ​លើ​ក្បាល​របស់​អូលីវើរ ហើយ​បាន​តែង​តាំង​គាត់​ធ្វើ​ជា​អែលឌើរ​នៅ​ក្នុង​ព្រះ​វិហារ ។ រួច​មកពួក​គាត់​បាន​ផ្លាស់​ប្តូរ​កន្លែង​គ្នា​ហើយ​អូលីវើរ​បាន​តែងតាំង​យ៉ូសែប ។

បន្ទាប់​មក ពួក​គាត់​បាន​ចែក​នំបុ័ង និង​ស្រា​ទំពាំង​បាយ​ជូ​នៃ​ពិធី​សាក្រាម៉ង់​ទុក​ជា​ការ​ចងចាំ​ដល់​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក​ពួក​គាត់​បាន​ដាក់​ដៃ​លើ​ជន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក បញ្ជាក់​ពួក​គេ​ថា​ជា​សមាជិក​នៃ​ព្រះ​វិហារ ហើយ​ផ្តល់​ដល់​ពួក​គេ​នូវ​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។២២ ព្រះ​វិញ្ញាណ​របស់​ព្រះ​អម្ចាស់​បាន​ចាក់​ស្រោច​មក​លើ​ជន​ទាំង​ឡាយ​ដែល​នៅ​ក្នុង​ការ​ប្រជុំ​នោះ ហើយ​ជន​ខ្លះ​ដែល​នៅ​ក្នុង​អង្គ​ជំនុំ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ព្យាករ ។ អ្នក​ដទៃ​ទៀត​បាន​សរសើរ​ដល់​ព្រះ​អម្ចាស់ ហើយ​មនុស្ស​ទាំងអស់​បាន​រីករាយ​ជា​មួយ​គ្នា ។

យ៉ូសែប ក៏​បាន​ទទួល​វិវរណៈ​ដំបូង​ថ្លែង​ទៅ​កាន់​សមាជិក​ទាំង​អស់​នៃ​ព្រះ​វិហារ​ថ្មី​ផងដែរ ។ « មើល​ចុះ នឹង​មាន​បញ្ជី​មួយ​កត់​ទុក​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា » ព្រះ​អម្ចាស់​បាន​បញ្ជា​ដោយ​រំឭក​រាស្រ្ត​របស់​ទ្រង់ ឲ្យ​ពួក​គេ​សរសេរប្រវត្តិ​ដ៏​ពិសិដ្ឋ​របស់​ពួក​គេ ដើម្បី​ថែរក្សា​កំណត់​ហេតុ​នៃ​សកម្មភាព​របស់​ពួក​គេ ហើយ​ធ្វើ​ជា​សាក្សី​ដល់​តួនាទី​របស់​យ៉ូសែប ក្នុង​នាម​ជា​ព្យាការី អ្នក​មើល​ឆុត និង​ជា​អ្នក​ទទួល​វិវរណៈ ។

ព្រះ​អម្ចាស់​បាន​ប្រកាស​ថា « អ្នក​នោះ​ហើយ​ដែល​យើង​បាន​បំភ្លឺ​ឲ្យ​កម្រើក​គតិ​នៃ​ស៊ីយ៉ូន​ដោយ​អំណាច​ដ៏​ធំ​ដើម្បី​សេចក្ដី​ល្អ ។ ពាក្យ​សម្ដី​របស់​លោក​នោះ​ហើយ ដែល​អ្នក​នឹង​បាន​ទទួល ហាក់​ដូច​ជា​បាន​មក​ពី​ព្រះ​ឱស្ឋ​របស់​យើង​ផ្ទាល់​ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់​យ៉ាង ។ ដ្បិត​ដោយសារ​ការធ្វើការណ៍​ទាំងនេះ ទើប​ទ្វារ​ស្ថាននរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ » ។២៣


ក្រោយ​មក យ៉ូសែប បាន​ឈរ​នៅ​ក្បែរ​ស្ទឹង ហើយ​បាន​ធ្វើ​ជា​សាក្សី​ដល់​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ម្តាយ និង​ឪពុក​របស់​លោក​ចូល​ក្នុង​ព្រះ​វិហារ ។ បន្ទាប់​ពី​ការ​ចំណាយ​ពេល​លើ​ផ្លូវ​ខុសៗ​គ្នា​ស្វែង​រក​សេចក្តី​ពិត​អស់​ជា​ច្រើន​ឆ្នាំ នៅ​ទីបំផុត​ពួក​គាត់​បាន​រួប​រួម​គ្នា​នៅក្នុង​សេចក្តី​ជំនឿ ។ នៅ​ពេល​ឪពុក​គាត់​បាន​ក្រោក​ចេញ​ពី​ទឹក​មក យ៉ូសែប បាន​ចាប់​ដៃ​គាត់ ហើយ​បាន​ជួយ​គាត់​ឲ្យ​ឡើង​មក​លើ​ច្រាំង រួច​បាន​ឱប​ឪពុក​របស់​គាត់ ។

យ៉ូសែប បាន​យំ​ឱន​មុខ​គាត់​នៅ​លើ​ទ្រូងឪពុក រួច​ថា « ព្រះលោក​អើយ ខ្ញុំ​បាន​រស់នៅ​មើលឃើញ​ឪពុក​របស់ខ្ញុំ​បាន​ទទួលបុណ្យជ្រមុជទឹក​ចូល​ក្នុង​សាសនា​ចក្រ​ពិត​នៃព្រះយេស៊ូវ​គ្រីស្ទ ! »២៤

នា​ល្ងាច​នោះ យ៉ូសែប បាន​ចូល​ទៅ​ក្នុង​ព្រៃ​នៅ​ជិតៗ​នោះ ដោយ​ដួង​ចិត្ត​រំភើប​ញាប់​ញ័រ ។ គាត់​ចង់​នៅ​ម្នាក់​ឯង នៅ​ឆ្ងាយ​ពី​មិត្ត​ភក្តិ និង​គ្រួសារ ។ អស់​រយៈ​ពេល​ដប់​ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ការ​និមិត្ត​ដំបូង​របស់​គាត់ គាត់​បាន​ឃើញ​ស្ថាន​សួគ៌​បើក​ឡើង បាន​ទទួល​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ ហើយ​បាន​ទទួល​ការ​បង្រៀន​ពី​ពួក​ទេវតា ។ គាត់​ក៏​មាន​បាប ហើយ​បាន​បាត់​បង់​អំណោយ​ទាន​របស់​គាត់ មាន​តែ​ការ​ប្រែ​ចិត្ត​ប៉ុណ្ណោះ ទើប​គាត់​ទទួល​បាន​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ និង​បាន​បក​ប្រែ​ព្រះ​គម្ពីរ​មរមន​ដោយ​ព្រះ​ចេស្តា និង​ព្រះ​គុណ​របស់​ទ្រង់ ។

ឥឡូវ​នេះ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ស្តារ​ព្រះ​វិហារ​របស់​ទ្រង់​ឡើង​វិញ ហើយ​បាន​ប្រគល់​ឲ្យ​យ៉ូសែប នូវ​បព្វជិតភាព​ដូច​គ្នា​ដែល​ពួក​សាវក​បាន​កាន់​កាល​ពី​សម័យ​បុរាណ​កាល​ដែល​ពួក​លោក​បាន​ផ្សព្វ​ផ្សាយ​ដំណឹងល្អ​ដល់​ពិភព​លោក ។២៥ សុភមង្គល​ដែល​គាត់​ទទួល​បាន​គឺ​វា​លើសលប់ រហូត​ដល់​លោក​មិន​អាច​លាក់​ទុក​បាន ហើយ​នៅ​ពេល​យ៉ូសែប ណៃត៍ និង​អូលីវើរ រក​គាត់​ឃើញនៅ​យប់​នោះ គឺ​គាត់​កំពុង​យំ ។

សេចក្តី​រីករាយ​របស់​គាត់​ធំធេង​ខ្លាំង​ណាស់ ។ កិច្ចការ​បាន​ចាប់​ផ្តើម​ហើយ ។២៦

កំណត់​ចំណាំ

  1. Copyright for Book of Mormon ថ្ងៃទី ១១  ខែ មិថុនា ឆ្នាំ ១៨២៩, នៅ​ក្នុង JSP, D១:៧៦–៨១ ។

  2. « Prospect of Peace with Utah » Albany Evening Journal, ថ្ងៃទី ១៩ ខែ​ ឧសភា ឆ្នាំ ១៨៥៨ [ទំព័រ ២]; « From the Troy Times » Albany Evening Journal, ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ១៨៥៨ [ទំព័រ ២]; John H. Gilbert, Memorandum ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៨៩២, photocopy, Church History Library ។

  3. Doctrine and Covenants ១៩ (Revelation, ប្រហែល​ក្នុង​រដូវ​ក្ដៅ ឆ្នាំ ១៨២៩នៅ josephsmithpapers.org); សូម​មើល​​ផងដែរ Historical Introduction to Revelation, circa Summer ឆ្នាំ ១៨២៩ [DC ១៩]នៅ​ក្នុង JSP, D១:៨៥–៨៩ និង Knight, Reminiscences, ទំព័រ ៦–៧

  4. McBride «Contributions of Martin Harris» ទំព័រ ១–៩; Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៣៤នៅក្នុង JSP, H១:៣៥២ ( សេចក្តី​ព្រាង ២ ) ។

  5. John H. Gilbert, Statement ថ្ងៃទី ២៣ ខែ​តុលា ឆ្នាំ ១៨៨៧, Church History Library; Indenture, Martin Harris to Egbert B. Grandin, Wayne County, NY, ថ្ងៃទី ២៥ ខែ​សីហា ឆ្នាំ ១៨២៩, Wayne County, NY, Mortgage Records ភាគ ៣ ទំព័រ ៣២៥–២៦ មីក្រូហ្វិលម៍ ៤៧៩.៥៥៦, ការប្រមូល​កំណត់​ហេតុ​របស់​អាមេរិក និង​កាណាដា, បណ្ណាល័យ​ពង្ស​ប្រវត្តិ​គ្រួសារ; Historical Introduction to Revelation, circa Summer ឆ្នាំ ១៨២៩ [DC ១៩]នៅក្នុង JSP, D១:៨៥–៨៩ ។

  6. Copyright for Book of Mormon ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ១៨២៩នៅ​ក្នុង JSP, D១:៧៦–៨១; John H. Gilbert, Memorandum ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៨២៩, photocopy, Church History Library; Porter, « The Book of Mormon » ទំព័រ ៥៣–៥៤ ។

  7. John H. Gilbert, Memorandum ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៨៩២, photocopy, Church History Library; Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៩ [ទំព័រ ៨]; Joseph Smith to Oliver Cowdery ថ្ងៃទី ២២ ខែ ​តុលា ឆ្នាំ ១៨២៩នៅក្នុង JSP, D១:៩៤–៩៧ ។

  8. John H. Gilbert, Memorandum ថ្ងៃទី ៨ ខែ​កញ្ញា ឆ្នាំ ១៨២៩, ថត​ចម្លង បណ្ណាល័យ​នៃ​​ប្រវត្តិ​សាស្រ្ត​សាសនា​ចក្រ; Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៩ [ទំព័រ ២]; «Printer’s Manuscript of the Book of Mormon» នៅក្នុង JSP, R៣ ផ្នែក ១៖ xxvi ។ ប្រធាន​បទ ៖ Printing and Publishing the Book of Mormon

  9. Oliver Cowdery to Joseph Smith ថ្ងៃទី ៦ ខែ​វិច្ឆិកា ឆ្នាំ ១៨២៩នៅក្នុង JSP, D១:១០០–១០១; ម៉ូសាយ ៣:១៨–១៩; ៥:៥–៧; នីហ្វៃទី ៤ ១:១៧; សូម​មើល​ផង​ដែរ Oliver Cowdery to Joseph Smith ថ្ងៃទី ២៨ ខែ​ធ្នូ ឆ្នាំ ១៨២៩នៅ​ក្នុង JSP, D១:១០១–៤ ។

  10. Thomas B. Marsh, « History of Thomas Baldwin Marsh » LDS Millennial Star, ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ១៨៦៤ ទំព័រ ២៦:៣៥៩–៦០; ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ១៨៦៤ ទំព័រ ២៦:៣៧៥–៧៦

  11. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៩ [ទំព័រ ៩]។ ឧទាហរណ៍​អំពីសេចក្តី​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​មរមន ដែល​បាន​បោះពុម្ព​ផ្សាយ​ដោយអប់ន័រ ខូល សូម​មើល​ « ព្រះ​គម្ពីរ​មរមន » Reflector ថ្ងៃទី ១៦  ខែកញ្ញា ឆ្នាំ ១៨២៩ ទំព័រ ១០ « Selected Items » Reflector ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៨២៩ ទំព័រ ១៤ « ព្រះគម្ពីរ​ទីមួយ​នៃ​គម្ពីរ​នីហ្វៃ » Reflector ថ្ងៃទី ២ ខែ មករា ឆ្នាំ ១៨៣០ ទំព័រ ១ និង « ព្រះ​គម្ពីរ​នីហ្វៃ » Reflector ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៨៣០ ទំព័រ ១ ។ ប្រធាន​បទ ៖ Critics of the Book of Mormon

  12. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៩ [៩]–[១២]; Lucy Mack Smith, History ឆ្នាំ ១៨៤៥ ទំព័រ ១៦៦–៦៨។

  13. Chamberlin, Autobiography ៤–១១

  14. Copyright for Book of Mormon ថ្ងទី ១១ ខែមិថុនា ឆ្នាំ ១៨២៩នៅ​ក្នុង JSP, D១:៧៦–៨១; John H. Gilbert, Memorandum​ ថ្ងៃទី ៨  ខែ​កញ្ញា ឆ្នាំ ១៨២៩, ថត​ចម្លង បណ្ណាល័យ​ប្រវត្តិសាស្រ្ត​​នៃ​សាសនា​ចក្រ « ព្រះ គម្ពីរ​មរមន » Wayne Sentinel, ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ១៨៣០ [៣] ។ គម្ពីរ​មួយ​ចំនួន​ក៏​បាន​ចង​ជា​ស្បែក​សត្វ​ផង​ដែរ ។

  15. Title Page of Book of Mormon, circa early ខែ​មិថុនា ឆ្នាំ ១៨២៩នៅក្នុង JSP, D១:៦៣–៦៥ សូម​មើល​ផង​ដែរ Lucy Mack Smith to Solomon Mack ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ១៨៣១ បណ្ណាល័យ​ប្រវត្តិ​សាសនា​ចក្រ ។

  16. Testimony of Three Witnesses ចុង​ខែ មិថុនា ឆ្នាំ ១៨២៩នៅក្នុង JSP, D១:៣៧៨–៨២; Testimony of Eight Witnesses ចុង​ខែ មិថុនា ឆ្នាំ ១៨២៩នៅក្នុង JSP, D១:៣៨៥–៨៧ ។

  17. Tucker, Origin, Rise, and Progress of Mormonism, ៦០–៦១ ។

  18. សូមមើល Lucy Mack Smith to Solomon Mack ថ្ងៃទី៦ ខែមករា ១៨៣១ បណ្ណាល័យ​ប្រវត្តិ​សាសនា​ចក្រ ។

  19. Joseph Smith History, circa Summer ឆ្នាំ ១៨៣២ ទំព័រ ១នៅក្នុង JSP, H១:១០; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៧:១២–១៣ (វិវរណៈ​ប្រហែល​ខែសីហា  ឆ្នាំ ១៨៣០នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០:៣ ឆ្នាំ ១៨៣៥ កំណែនៅ josephsmithpapers.org ); Oliver Cowdery to Phineas Young ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៨៤៦បណ្ណាល័យ​ប្រវត្តិ​សាស្រ្ត​សាសនា​ចក្រ «Joseph Smith Documents Dating through June 1831» នៅក្នុង JSP, D១:xxxvii–xxxix សូម​មើល​ផង​ដែរ Cannon and others, « Priesthood Restoration Documents » ទំព័រ ១៦៣–២០៧ ។ ប្រធាន​បទ ៖ Restoration of the Melchizedek Priesthood

  20. Joseph Smith History ឆ្នាំ ១៨៣៨–៥៦​ ភាគ A-១ ទំព័រ ២៧នៅក្នុង JSP, H១:៣២៦–២៨ ( សេចក្តី​ពង្រាង ២ ) ។

  21. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៣៧នៅក្នុង JSP, H១:៣៦៤ ( សេចក្តី​ពង្រាង ២ ); Stevenson, Journal ថ្ងៃទី ២២  ខែ ធ្នូ ឆ្នាំ ១៨៧៧; ថ្ងៃទី ២ ខែ មករា ឆ្នាំ ១៨៨៧; An Act to Provide for the Incorporation of Religious Societies ( ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៨១៣ ), Laws of the State of New-York (ឆ្នាំ ១៨១៣) , ២:២១២–១៩ ។ ប្រធាន​បទ ៖ Founding Meeting of the Church of Christ

  22. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៣៧–៣៨នៅក្នុង JSP, H១:៣៦៤–៧១ ( សេចក្តី​ពង្រាង ២ ) ។

  23. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៣៧នៅក្នុង JSP, H១:៣៦៦; គោលលទ្ធិ និង សេចក្តី​សញ្ញា ២១ (វិវរណៈ ថ្ងៃទី  ៦ខែ មេសា ឆ្នាំ ១៨៣០នៅ josephsmithpapers.org); « History of Joseph Smith » Times and Seasons, ថ្ងៃទី ១ ខែ​តុលា ឆ្នាំ ១៨៤២ ទំព័រ ៣:៩២៨–២៩ ។

  24. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៩ [ទំព័រ ១២]; Knight, Reminiscences ៨; សូម​មើល​ផងដែរ Bushman, Rough Stone Rolling  ទំព័រ ១១០ ។

  25. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៣៨នៅក្នុង JSP, H១:៣៧២ ( សេចក្តី​ពង្រាង ២ ) Joseph Smith «Latter Day Saints» នៅក្នុង Rupp, He Pasa Ekklesia, ទំព័រ ៤០៤–៥ នៅក្នុង JSP, H១:៥០៦ ។

  26. Knight, Reminiscences, ទំព័រ ៧ ។