សន្និសីទទូទៅ
ការ​ផ្ទុយ​ចំពោះ​រឿង​សព្វសារពើ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


ការ​ផ្ទុយ​ចំពោះ​រឿង​សព្វសារពើ

ដើម្បីយើង​អាច​អនុវត្ត​សិទិ្ធ​ជ្រើសរើសបាន យើង​ត្រូវតែ​មាន​ជម្រើស​ផ្ទុយ​ដើម្បី​គិតពិចារណា ។

ថ្មីៗ​នេះ ពេល​បើក​បរ​ក្នុង​ទីក្រុង​មួយ​ដែល​យើង​មិន​ស្គាល់ ខ្ញុំ​បាន​បត់ខុសផ្លូវ​ដោយ​អចេតនា​ដែលនាំ​ភរិយា​ខ្ញុំ និង​ខ្ញុំ​ទៅ​លើ​ផ្លូវ​ល្បឿនលឿន​មួយ​អស់​ជា​ច្រើន​គីឡូ ដោយ​មិន​អាច​បត់​ត្រឡប់ក្រោយបានទេ ។ យើង​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ទៅ​ផ្ទះ​របស់​មិត្ត​ភក្តិ​ម្នាក់ ហើយ​ព្រួយ​បារម្ភថា ពេលនេះ​យើង​នឹង​ទៅយឺត​ជាងការ​រំពឹង​ទុក ។

ខណៈ​ពេល​នៅ​លើ​ផ្លូវ​ល្បឿនលឿន យើងស្វែងរក​ផ្លូវបត់ចេញ​វិញ ខ្ញុំ​បានបន្ទោស​ខ្លួន​ឯង​ដែល​ធ្វេស​ប្រហែស​ពុំ​មើល​ប្រព័ន្ធរកផ្លូវ ។ បទពិសោធន៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី ជីវិត​របស់​យើង ដែល ពេល​ខ្លះ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ហើយ​យើង​ត្រូវ​រស់នៅ​ជាមួយ​នឹង​ផលវិបាក​ទាំង​នោះ​ដោយ​រាបសា និង​អត់ធ្មត់ រហូត​ដល់​យើង​អាច​ផ្លាស់​ប្ដូរ​ផ្លូវ​របស់​យើង​ម្តង​ទៀត ។

ជីវិតត្រូវ​ធ្វើការ​ជ្រើស​រើស ។ ព្រះវរបិតា​សួគ៌​បាន​ប្រទានឲ្យ​យើងនូវ​អំណោយទាន នៃ​សិទ្ធិជ្រើសរើស​ដ៏ទេវភាព ដើម្បីយើង​អាចរៀន​មកពីការជ្រើសរើស​របស់​យើង—នូវអ្វី​ដែល​ខុស និង​អ្វី​ដែល​ត្រូវ ។ យើង​កែតម្រូវ​ការជ្រើសរើស​ខុស​របស់​យើង នៅពេល​យើង​ប្រែ​ចិត្ត ។ នេះជាចំនុច​ដែល​ការរីក​ចម្រើន​ចាប់​ផ្តើមឡើង ។ ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង​គឺ​អំពី​ការរៀនសូត្រ ការអភិវឌ្ឍ និង​ការរីកចម្រើន​ឆ្ពោះ​ទៅរក​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

ចាប់​តាំង​ពី​ភរិយា​ខ្ញុំ និង​ខ្ញុំ​រៀន​ពីពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​ចូល​រួម​ក្នុង​សាសនាចក្រ​ជា​ច្រើន​ឆ្នាំកន្លងទៅ ខ្ញុំ​តែង​តែ​ចាប់​អារម្មណ៍​ពី​ការ​បង្រៀន​ដ៏​ល្អ ដែល​លីហៃ​បាន​ផ្តល់​ឲ្យ​កូន​ប្រុស​លោក យ៉ាកុប នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ លោក​បាន​បង្រៀន​យ៉ាកុប​ថា « ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ប្រទាន​ដល់​មនុស្ស​ថា គេ​ត្រូវ​ប្រព្រឹត្ត​អ្វីៗ​ដោយ​ខ្លួន​ឯង » ។ ត្បិត « ជា​ការ​ចាំបាច់ ត្រូវ​តែ​មាន​ការ​ផ្ទុយ​ចំពោះ​រឿង​សព្វសារពើ » ។ ដើម្បីយើង​អាច​អនុវត្ត​សិទិ្ធ​ជ្រើសរើសបាន យើង​ត្រូវតែ​មាន​ជម្រើស​ផ្ទុយ​ដើម្បី​គិតពិចារណា ។ ពេលធ្វើ​បែប​នេះ ព្រះគម្ពីរ​មរមន​ក៏​រំឭក​យើង​ផង​ដែរ​ថា ​យើង​ត្រូវ​បាន « ប្រៀនប្រដៅ​គ្រប់គ្រាន់ » ហើយ​ថា « ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ » ត្រូវ​បាន​ប្រទាន​ដល់​យើង​គ្រប់គ្នា​ដើម្បី « ឲ្យ​ដឹង​ខុស និង​ត្រូវ » ។

នៅក្នុង​ជីវិត យើង​តែងតែ​ប្រឈមមុខ​នឹង​ជម្រើស​សំខាន់ៗ​ជា​ច្រើន ។ ឧទាហរណ៍ ៖

  • ការ​ជ្រើសរើស​ថា​តើ​យើង​នឹងធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ ឬ​អត់ ។

  • ការជ្រើស​រើស​មាន​ជំនឿ និង​ទទួល​ស្គាល់ពេល​មាន​អព្ភូតហេតុ​កើត​ឡើង ឬត្រូវ​រង់ចាំ​អ្វី​មួយ​ឲ្យកើតឡើង​ជាមុនសិន ពីមុន​ជ្រើសរើស​ដើម្បី​ជឿ​នៅពេលនោះ​ប៉ុណ្ណោះ ។

  • ការ​ជ្រើសរើស​អភិវឌ្ឍ​ការ​ទុក​ចិត្ត​លើ​ព្រះ ឬត្រូវ​រំពឹង​គិតទាំង​ភ័យខ្លាច​អំពី​បញ្ហា​ប្រឈមមុខ​មួយ​ទៀត​នៅ​ថ្ងៃ​ស្អែក ។

ដូច​ដែល​ខ្ញុំ​បាន​បត់​ខុសផ្លូវ​ទៅ​លើ​ផ្លូវ​ល្បឿនលឿន​នោះ ជាញឹកញាប់ ការ​រង​ទុក្ខ​ពី​ផលវិបាក​នៃ​ការ​សម្រេច​ចិត្ត​ធ្វេសប្រហែស របស់​យើង​ផ្ទាល់និង​ការ​សម្រេច​ចិត្ត​មិន​ល្អ ​អាចនាំ​ឲ្យមានការ​ឈឺ​ចាប់​ជា​ពិសេស ពីព្រោះ​យើង​បន្ទោស​តែខ្លួន​ឯង​ប៉ុណ្ណោះ ។ ទោះជាយ៉ាងណា យើង​តែងតែ​អាច​ជ្រើសរើស​ទទួលយកការ​លួង​លោមចិត្ត តាម​រយៈ​ដំណើរការ​នៃ​ការប្រែចិត្ត​ដ៍ទេវភាព​ដោយ​កែ​​រឿង​ខុស​ឆ្គង​ឲ្យ​ត្រឹមត្រូវ​ឡើងវិញ ហើយ​ការ​ធ្វើបែប​នេះ​យើង​រៀនមេរៀន​ដែល​ផ្លាស់​ប្ដូរ​ជីវិត​មួយ​ចំនួន ។

ពេល​ខ្លះ​យើង​ក៏​អាច​ជួបប្រទះ​នឹង​ការផ្ទុយ និង​ការសាកល្បង ដែល​ហួសពី​ការគ្រប់គ្រង​របស់​យើង​ដូចជា ៖

  • នៅគ្រា​សុខភាព​ល្អ និង​មាន​ជំងឺ ។

  • នៅគ្រា​មាន​សន្តិភាព និង​សង្គ្រាម ។

  • ថ្ងៃ និង​យប់ ក្តៅ និងត្រជាក់ ។

  • នៅពេលធ្វើការ ពេល​សម្រាក ។

ទោះជា​យើង​មិន​អាច​ជ្រើសរើស​ក្នុង​ស្ថានភាពដូចនេះ​ពីព្រោះ​បាន​កើតឡើង​ក្ដី ក៏​យើង​នៅ​តែ​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស របៀប ឆ្លើយតប​ទៅនឹង​ស្ថានភាព​ទាំង​នោះបានដែរ ។ យើង​អាច​ឆ្លើយតប​ដោយឥរិយាបទ​វិជ្ជមាន ឬ​ទុទិដ្ឋិនិយម ។ យើង​អាច​ព្យាយាមរៀនសូត្រ​ពី​បទពិសោធន៍​នេះ ហើយ​សុំ​ជំនួយ និង​ការ​គាំទ្រ​ពី​ព្រះអម្ចាស់ ឬ​យើង​អាច​គិត​ថា​យើង​ពឹងលើ​គំនិត​ផ្ទាល់​ខ្លួនក្នុង​ការ​សាកល្បង​នេះ ហើយ​ត្រូវ​រងទុក្ខ​តែ​ម្នាក់​ឯង ។ យើង​អាច « បង្វែ​ក្តោង​ទូក » តាម​ស្ថានភាព​ជាក់ស្តែង​ថ្មី ឬ​យើង​អាច​សម្រេច​ចិត្ត​មិន​ផ្លាស់ប្តូរ​អ្វី​ ។ នៅក្នុង​ពេល​យប់​ងងឹត យើង​អាច​បើក​ភ្លើង ។ នៅ​ពេល​រដូវ​រងារ យើង​គប្បី​ជ្រើសរើស​ពាក់សម្លៀកបំពាក់​ឲ្យកក់ក្ដៅ ។ ក្នុង​ពេល​មាន​ជំងឺ យើង​អាច​ស្វែងរក​ជំនួយ​ខាង​វេជ្ជសាស្ត្រ និង​ខាងវិញ្ញាណ ។ យើង​ជ្រើសរើស​របៀប​ឆ្លើយតប​ចំពោះ​ស្ថានភាព​ទាំងនោះ ។

ពាក្យ កែតម្រូវ, រៀនសូត្រ, ស្វែងរក, ជ្រើសរើស គឺជា​កិរិយាសព្ទ​សកម្មភាពទាំងអស់ ។ សូម​ចាំ​ថា​យើង​ជា​អ្នកធ្វើ​សកម្មភាព ហើយ​ពុំមែន​ជា​វត្ថុ​នោះទេ ។ ចូរ​យើង​កុំ​ភ្លេច​ថា​ព្រះ​យេស៊ូវ​បាន​សន្យា​ថា « ទ្រង់​នឹង​លើកដាក់​លើអង្គ​ទ្រង់​នូវ​ការ​ឈឺ​ចាប់ និង​ជំងឺ​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់​…ទ្រង់​អាច​…​ជួយ » ឬ​ជួយ​យើង​ពេល​យើង​ត្រឡប់​ទៅ​រក​ទ្រង់ ។ យើង​អាច​ជ្រើស​រើស​សង់​គ្រឹះ​របស់​យើង​នៅ​លើ​សិលា​ព្រះយេស៊ូវ​គ្រីស្ទ ដូច្នេះ​នៅ​ពេល​ខ្យល់​គួច​មក​ដល់ « នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ [ យើង ] ឡើយ » ។ទ្រង់​បាន​សន្យាថា « បើ​សិន​ជា​អ្នក​រាល់​គ្នា​មក​រក [ ទ្រង់ ] ហើយ​អស់​អ្នកណា​ដែល​មក អ្នក​នោះ​ហើយ​ដែល [ ទ្រង់ ] នឹង​ទទួល ហើយ​មាន​ពរ​ហើយ​ដល់​អ្នក​ណា​ដែល​មក​រក​[ ទ្រង់ ] » ។

ឥឡូវ​នេះ មាន​គោលការណ៍​បន្ថែម​មួយ ដែល​សំខាន់​ជា​ពិសេស ។ លីហៃ​បានថ្លែងថា « ត្រូវ​តែ​មាន​… ការ​ផ្ទុយ​ចំពោះ​រឿង​សព្វសារពើ » ។ ចំណុច​នេះ​មាន​ន័យថា​ការ​ផ្ទុយនៅ​មិន​ដាច់​ពី​គ្នា​នោះ​ទេ ។ វាបំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ យើង​នឹង​មិន​អាច​ស្គាល់​អំណរ​ទេ លុះ​ត្រាតែ​យើង​បាន​ជួប​នឹង​ទុក្ខសោក​នៅ​ពេលណា​មួយ ។ ជួនកាល អារម្មណ៍​ស្រេក​ឃ្លាន​ជួយ​យើង​ឲ្យ​មាន​អំណរគុណ​ជា​ពិសេស នៅពេល​យើង​បាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ម្ដង​ទៀត ។ យើង​នឹង​មិន​អាច​ស្គាល់​ការ​ពិត​បាន​ទេ លុះ​ត្រាតែ​យើង​ឃើញមាន​ការកុហក​នៅ​ទីនេះ និង​ទីនោះ ។

ភាពផ្ទុយ​គ្នា​ទាំង​នេះ​គឺ​ដូចជា​ផ្នែក​ទាំង​សង្ខាង​នៃ​កាក់​មួយ ។ ​វត្តមាន​វា​ទាំង​សង្ខាង​ត្រូវមាន​ជានិច្ច ។ ឆាល ឌីកកិនស៍ បាន​ផ្តល់​ឧទាហរណ៍​មួយ​អំពី​គំនិត​នេះ​នៅ​ពេល​លោក​សរសេរ​ថា « មាន​គ្រា​សប្បាយរីករាយ ក៏​មានគ្រា​សោកសៅ​ដូចគ្នា » ។១០

ខ្ញុំ​សូម​ផ្ដល់​ឧទាហរណ៍​មួយ​ចេញពី​ជីវិត​របស់​យើង​ផ្ទាល់ ។ ការរៀបការ ការបង្កើត​គ្រួសារ និង​ការ​មាន​កូន​បាន​នាំ​ឲ្យ​យើង​មាន​គ្រា​នៃ​ក្តីអំណរ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត ប៉ុន្តែ​ក៏​ជា​គ្រា​ដ៏​ឈឺចាប់ ក្តីថប់បារម្ភ និង​សោកសៅ​បំផុតផងដែរ ពេល​មាន​អ្វី​មួយ​កើត​ឡើង​ចំពោះ​យើង​ម្នាក់ៗ ។ អំណរ និង​សុភមង្គ​ជានិរន្តរ៍​ជាមួយ​កូនៗ​ពួកយើង ពេល​ខ្លះ​ក៏​បាន​មកពី​ការ​ជាសះស្បើយ​ពីជំងឺ ការដេក​ពេទ្យ និង​ការដេក​មិនលក់​ពេញ​ដោយកង្វល់ ព្រម​ទាំង​សុំ​សម្រាល​ទុក្ខ​ក្នុង​ការ​អធិស្ឋាន និង​ពរជ័យ​នៃ​បព្វជិតភាព​ផងដែរ ។ បទ​ពិសោធន៍​នៃការ​ផ្ទុយ​ទាំង​នេះ​បាន​បង្រៀន​យើង​ថា យើង​មិន​នៅ​ម្នាក់​ឯង​ក្នុង​គ្រា​នៃ​ការ​រង​ទុក្ខ​នោះ​ទេ ហើយ​វា​ក៏​បាន​បង្ហាញ​យើង​ថា​យើង​អាច​រែក​បន្ទុក​ដោយ​មាន​ជំនួយ​របស់​ព្រះអម្ចាស់​បានខ្លាំង​ប៉ុណ្ណា ។ បទពិសោធន៍​ទាំងនេះ​បាន​ជួយ​ដុសខាត់​តាម​របៀប​ដ៏អស្ចារ្យ ហើយ​វា​សុទ្ធ​តែ​មាន​តម្លៃ​ទាំងអស់ ។ តើ​នេះ​ពុំមែន​ជា​មូល​ហេតុ​ដែល​យើង​មក​ទីនេះ​ទេ​ឬ ?

នៅ​ក្នុង​ព្រះគម្ពីរ យើង​ក៏​រក​ឃើញ​ឧទាហរណ៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ផងដែរ ៖

  • លីហៃ​បាន​បង្រៀន​កូន​ប្រុស​គាត់ យ៉ាកុប ថា​ទុក្ខ​វេទនា​ដែល​គាត់​បាន​រង​ទុក្ខ​នៅ​ក្នុង​ទីរហោស្ថាន​បាន​ជួយ​គាត់​ឲ្យ​ស្គាល់​ភាព​មហិមា​របស់​ព្រះ ហើយ​ថា « [ ទ្រង់ ] នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​ទាំង​ឡាយ​ [ របស់​កូន ] ក្លាយ​ទៅ​ជា​ផលប្រយោជន៍​ដល់ [ កូន ] វិញ » ។១១

  • អំឡុង​ពេល​នៃ​ការ​ឃុំឃាំង​ដ៏​ឃោរឃៅ​របស់ យ៉ូសែប ស្ម៊ីធ នៅ​គុក​លិបើទី ព្រះអម្ចាស់​បាន​ប្រាប់​លោក​ថា « គ្រប់​ការណ៍​ទាំង​នេះ នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​[ អ្នក ] ហើយ​នឹង​ទៅ​ជា​ការ​ល្អ​ដល់ [ អ្នក ] ទៅវិញ »១២ ។

  • នៅទីបំផុត ការ​ពលិកម្ម​ជា​និរន្តរ៍​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏​អស្ចារ្យ​បំផុត​នៃ​ការ​ឈឺចាប់ និង​ការ​រងទុក្ខ​ដែល​ពុំ​ធ្លាប់​មាន ប៉ុន្តែ​វា​ក៏​បាន​នាំ​ពរជ័យ​ដ៏​អស្ចារ្យ​នៃ​ដង្វាយធួន​របស់​ទ្រង់​ទៅ​កាន់​បុត្រាបុត្រី​របស់​ព្រះផងដែរ ។

កន្លែង​ណាមានពន្លឺ​ព្រះអាទិត្យ​ក៏​ត្រូវ​តែ​មាន​ស្រមោល​នៅ​ទី​នោះ​ដែរ ។ ទឹក​ជំនន់​អាច​បណ្តា​ល​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ ប៉ុន្តែ​ក៏​នាំមក​នូវ​ជីវិត​ផងដែរ ។ ទឹក​ភ្នែក​នៃ​ភាពទុក្ខ​ព្រួយ​ជារឿយៗ​ប្រែ​ទៅជា​ទឹក​ភ្នែក​នៃ​ការ​ធូរស្បើយ និង​សុភមង្គល ។ មាន​អារម្មណ៍​សោកសៅ​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ចាកចេញ​ទៅ ក្រោយ​មក​ត្រូវ​បាន​តបស្នង​ដោយ​អំណរ​នៃ​ការ​ជួប​គ្នា​ម្តង​ទៀត ។ អំឡុង​ពេល​សង្រ្គាម និង​ការបំផ្លិច​បំផ្លាញ ទង្វើ​តិចតួច​នៃ​សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់​ក៏​កំពុង​កើត​ឡើង​ផងដែរ​សម្រាប់​អ្នក​ដែលមាន « ភ្នែក​ដែល​មើល​ឃើញ ឬ​ត្រចៀក​ដែល​ស្តាប់​ឮ​នៅ​ឡើយ » ។១៣

ពិភពលោក​យើង​រាល់ថ្ងៃ ជារឿយៗ​ត្រូវបាន​កំណត់​ដោយ​ការភ័យខ្លាច និង​ការថប់បារម្ភ—ការភ័យ​ខ្លាច​ចំពោះ​អ្វី​ដែលកើត​មាន​នា​ពេល​អនាគត​សម្រាប់​យើង ។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​ទុក​ចិត្ត​ហើយ « ចូរ​មើល​មក​ឯ [ ទ្រង់ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ។១៤

សូម​ឲ្យ​យើង​ខ្នះខ្នែង​ដោយខ្ជាប់​ខ្ជួន ដើម្បី​មើល​ឃើញ​ផ្នែកទាំង​សង្ខាង​នៃ​កាក់ ទាំងមូល ដែល​ជាចំណែក​ក្នុង​ជីវិត​របស់​យើង ។ ទោះបីជា​ពេលខ្លះ​យើងមិន​អាច​មើល​ឃើញ​ភ្លាមៗនៃផ្នែក​ទាំង​សង្ខាង​ក្ដី ក៏​យើង​អាច​ដឹង និង​ទុកចិត្ត​ថា វា​នៅ​ទីនោះ​ជានិច្ច ។

យើង​អាច​ធានា​បានថា ការលំបាក ទុក្ខព្រួយ សេចក្តី​វេទនា និង​ការឈឺចាប់​របស់​យើង​ពុំ​មែន​ជាកត្តា​កំណត់​នោះទេ ផ្ទុយ​ទៅវិញ វា​គឺជា របៀបដែល​យើង​ឆ្លងកាត់​បញ្ហា​ទាំងនោះ ដែល​នឹង​ជួយ​យើង​ឲ្យ​រីកចម្រើន និង​ខិត​ចូល​ទៅកាន់​តែ​ជិត​ព្រះ ។ អាកប្បកិរិយា និងជម្រើស​របស់​យើង គឺជា​កត្តា​កំណត់​អំពី​យើង ខ្លាំង​ជាង ​បញ្ហា​របស់​យើង ។

នៅពេល​មាន​សុខភាព​ល្អ ចូរ​ស្រឡាញ់ និង​ដឹង​គុណ​គ្រប់​ពេល ។ ពេល​ឈឺ ចូរ​ព្យាយាម​រៀន​សូត្រ​ពី​វា ដោយ​អត់ធ្មត់ ហើយ​ដឹង​ថា វា​អាច​ផ្លាស់ប្ដូរ​ម្ដង​ទៀត​ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះ ។ នៅពេល​មាន​ទុក្ខព្រួយ ចូរ​ទុកចិត្ត​ថា​សុភមង្គល​គឺ​នៅ​ជុំវិញ​យើង​ជួនកាល​យើង​មិន​ទាន់​ឃើញ​វា​នៅ​ឡើយ​ទេ ។ ចូរផ្លាស់ប្តូរ​ការផ្តោត​របស់​បងប្អូន​ដោយ​មនសិការ និង​នាំ​ការគិត​របស់​បងប្អូន​ទៅរក​ទិដ្ឋភាព​វិជ្ជមាន​នៃ​បញ្ហា​នានា ព្រោះ​វា​ពិតជា​មាន​ផងដែរ ! ចូរកុំ​ភ្លេច​មាន​អំណរ​គុណ ។ ជ្រើស​រើស​ជឿ ។ ជ្រើសរើស​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ជ្រើស​រើស​ទុក​ចិត្តលើ​ព្រះ​ជានិច្ច ។ ជ្រើស​រើស « គិត​ដល់​សេឡេស្ទាល » ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​ក្នុង​ពេលថ្មី !១៥

ចូរ​យើង​ចងចាំ​ជានិច្ច​អំពី​ផែនការ​ដ៏​មហិមា​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង ។ ទ្រង់​ស្រឡាញ់​យើង ហើយ​បាន​ចាត់​ព្រះរាជបុត្រា​ជា​ទី​ស្រឡាញ់​ឲ្យ​ជួយ​យើងក្នុង​ការ​សាកល្បង​ហើយ​បើក​ទ្វារ​ឲ្យ​យើង​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។ ព្រះយេស៊ូវ​គ្រីស្ទ​មានព្រះជន្ម​រស់​នៅ ហើយ​គង់​នៅ​ទី​នោះ​គ្រប់​ពេល​វេលា កំពុងរង់ចាំ​យើង​ជ្រើស​រើស​អំពាវនាវ​ដល់​ទ្រង់ ដើម្បី​ផ្ដល់​នូវ​ជំនួយ ភាព​រឹងមាំ និង​សេចក្ដី​សង្គ្រោះ ។ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​អំពី​ការណ៍​ទាំង​នេះ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។