សន្និសីទទូទៅ
ចូរ​អធិស្ឋាន ទ្រង់​គង់​នៅ​ក្បែរ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


ចូរ​អធិស្ឋាន ទ្រង់​គង់​នៅ​ក្បែរ

ខ្ញុំ​សូមអញ្ជើញ​ឲ្យ​កូនៗអធិស្ឋាន​ឲ្យ​បាន​ស្គាល់ថាព្រះវរបិតាសួគ៌​គង់នៅក្បែរ អធិស្ឋាន​ឲ្យ​បាន​រីកចម្រើនដូចជា​ទ្រង់ ហើយអធិស្ឋាន​ឲ្យបង្ហាញ​សេចក្ដីស្រឡាញ់​របស់ទ្រង់​ចំពោះ​អ្នកដទៃ ។

បងប្អូនប្រុសស្រី ខ្ញុំ​មាន​អំណរ នៅពេល​ខ្ញុំ​ឆ្លើយតប​ទៅ​នឹង​អារម្មណ៍បំផុស​គំនិត​ឲ្យ​និយាយ​ទៅ​កាន់​កុមារនៅ​ថ្ងៃនេះ !

កុមារាកុមារី មិន​ថា​កូនៗ​នៅទីណា​ក្នុង​ពិភពលោកនេះ ខ្ញុំ​ចង់​ចែកចាយ​អ្វីមួយ​ជាមួយ​កូនៗ ។

ព្រះវរបិតាសួគ៌​ស្រឡាញ់​កូនៗ ! កូនៗជា​បុត្រ​របស់​ទ្រង់ ។ ទ្រង់​ស្គាល់​កូនៗ ។ ទ្រង់ចង់ប្រទានពរដល់កូនៗ ។ ខ្ញុំ​អធិស្ឋាន​ដោយ​អស់ពីចិត្ត​ទូលសូមឲ្យ​កូនៗ​ដឹង​ពី​សេចក្ដីស្រឡាញ់​របស់ទ្រង់ ។

តើ​កូនៗ​ចង់បាន​អំណោយ​ដែរ​ឬទេ ? ខ្ញុំ​ចង់​និយាយ​ទៅកាន់កូនៗ​អំពី​អំណោយ​ពិសេស​បំផុត​មួយ ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ពរ​ឲ្យ ដើម្បី​ជួយ​កូនៗ ។ វា​គឺ​ជាអំណោយ​នៃ​ការអធិស្ឋាន ។ ការអធិស្ឋាន​ពិតជា​ពរជ័យណាស់ ! យើង​អាចនិយាយទៅ​កាន់ព្រះវរបិតាសួគ៌​គ្រប់​ពេល គ្រប់​ទីកន្លែង ។

រូបភាព
ព្រះយេស៊ូវ​នៅជាមួយ​និង​ក្មេងៗ<nb/>។

កាល​ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​លើ​ផែនដី ទ្រង់​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន ។ ទ្រង់​មាន​បន្ទូល​ថា « ចូរ​សុំ នោះ​អ្នក​នឹង​ទទួល » ។

តើ​កូនៗ​អាច​អធិស្ឋានសុំ​អំណោយ​អ្វីខ្លះ ? មានអំណោយជាច្រើន ប៉ុន្តែ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ចែកចាយអំណោយបី​យ៉ាង ៖

  1. អធិស្ឋានឲ្យ​បាន​ស្គាល់ ។

  2. អធិស្ឋាន​ឲ្យ​បាន​រីកចម្រើន ។

  3. អធិស្ឋាន​ឲ្យបង្ហាញ​ ។

ចូរយើង​ពិភាក្សា​អំពី​អំណោយនីមួយៗ ។

ទីមួយ អធិស្ឋាន​ឲ្យ​បាន​ស្គាល់

តើ​កូនៗ​ត្រូវការ ស្គាល់​អ្វី​ខ្លះ ?

មាន​ចម្រៀង​មួយបទ​អំពីការអធិស្ឋាន ដែល​កុមារ​បឋមសិក្សា​ច្រៀង​នៅ​ទូទាំង​ពិភពលោក ។ វា​ចាប់​ផ្ដើម​ជាមួយនឹងសំណួរ​មួយ ។ តើ​កូនៗ​ស្គាល់បទ​ចម្រៀងនោះឬ​ទេ ? បើ​ខ្ញុំ​ក្លាហាន ខ្ញុំ​នឹង​ច្រៀង​ឲ្យ​កូនៗ​ស្ដាប់ !

« ព្រះ​វរបិតាអើយ ទ្រង់​នៅទី​នោះ​ឬ ? តើព្រះអង្គនឹងឆ្លើយការអធិស្ឋានកូនឬទេ ? »

ទោះ​ជា​កូនៗ​មើល​ពុំ​ឃើញ​ទ្រង់​ក្ដី តើ​កូនៗ​ដឹង​ថា​ព្រះវរបិតាសួគ៌​ពិតជា​គង់នៅ​ទីនោះដោយ​របៀបណា ?

ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​កូនៗ « ឲ្យ​ចាក់​ស្រោច​ដួងចិត្ត​របស់​កូនៗ​ថ្វាយ​ព្រះវរបិតាសួគ៌​ ។… បន្ទាប់​មក សូមស្តាប់ ! » ។ ចូរ​ស្ដាប់​នូវ​អ្វី​ដែល​កូនៗ​ទទួល​អារម្មណ៍​នៅ​ក្នុង​ដួងចិត្ត និង​គំនិតដែល​ផុសឡើង ។

ព្រះវរបិតាសួគ៌​មាន​រូបកាយ​សាច់និងឆ្អឹង​ដ៏រុងរឿង ហើយ​គឺជា​ព្រះបិតា​ខាង​វិញ្ញាណ​របស់​កូនៗ ។ ដោយ​សារ​ព្រះវរបិតាសួគ៌​មាន​គ្រប់​ព្រះចេស្ដា ហើយ​ដឹង​រឿង​គ្រប់យ៉ាង នោះ​ទ្រង់​អាច​ទត​ឃើញ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ហើយ​អាច​ស្ដាប់​ឮ និង​ឆ្លើយ​តប​គ្រប់​ការអធិស្ឋាន ។ កូនៗ​អាច ដឹង ដោយ​ខ្លួន​ឯងថា ទ្រង់​គង់នៅ​ទីនោះ ហើយថា​ទ្រង់​ស្រឡាញ់​កូនៗ ។

នៅពេល​កូនៗ​ដឹង​ថា ព្រះវរបិតាសួគ៌ មានពិត ហើយ​ថា​ទ្រង់​ស្រឡាញ់​កូនៗ នោះ​កូនៗ​អាច​រស់នៅ​ដោយភាព​ក្លាហាន និង​ក្ដីសង្ឃឹម ! « ចូរ​អធិស្ឋាន នោះ​ទ្រង់​នឹង​ស្ដាប់​អ្នក » ។ 

តើ​កូនៗ​ធ្លាប់​មាន​អារម្មណ៍​ថាឯកោ​ឬ​ទេ ? នា​ថ្ងៃមួយ នៅពេល​ចៅ​ស្រី​ពួកយើង អាស្លី អាយុ ៦ ឆ្នាំ ជា​កុមារី​តែម្នាក់គត់ ដែល​គ្មាន​មិត្តលេង​ជាមួយ​នៅកន្លែង​ក្មេងលេងក្នុងសាលា ។ កាល​នា​ឈរ​នៅទីនោះ នាង​មានអារម្មណ៍​ថា នាង​មិនសំខាន់ គេមើលរំលង តែគំនិត​ជាក់លាក់មួយ​ផុសឡើងថា « ឈប់សិន ! ខ្ញុំ​មិន​នៅ​ឯកោ​ទេ ! ខ្ញុំ​មាន​ព្រះគ្រីស្ទ ! » អាស្លី បាន​លុតជង្គង់ចុះនៅកណ្ដាល​កន្លែង​លេងនោះ ឱបដៃ ហើយអធិស្ឋាន​ទៅកាន់ព្រះវរបិតាសួគ៌ ។ រំពេច​ដែល​នាង​បើកភ្នែកឡើង មាន​កុមារី​អាយុស្របាលនាងម្នាក់​ឈរ​នៅទីនោះ សួរ​នាង​ថា តើនាងចង់ទៅលេង​ឬទេ ។ អាស្លី​បាន​ដឹងថា « យើងសំខាន់​ចំពោះ​ព្រះអម្ចាស់ ហើយ​យើង​ពុំ​ដែលនៅ​ឯកោ​ឡើយ » ។

ពេលខ្លះ កូនៗ​អាច​នឹង​ចង់ ដឹង​ ថា ហេតុអ្វី​ក៏​រឿង​ពិបាកៗ​កំពុង​កើតឡើងនៅក្នុង​ជីវិត ឬ​ហេតុអ្វី​ក៏​កូនៗ​មិនទទួលបាន​ពរជ័យ​អ្វីសោះ ពេល​កូនៗ​អធិស្ឋាន​សូម ។ ជាញឹកញាប់ សំណួរដ៏ល្អបំផុត​ដើម្បីទូលសូម​ទៅកាន់​ព្រះវរបិតាសួគ៌ គឺពុំមែនសួរថា ហេតុអ្វី នោះទេ ប៉ុន្តែ​សួរ​ថា អ្វីខ្លះវិញ ។

តើ​កូនៗ​នៅចាំ​គ្រាដែល​នីហ្វៃ និងគ្រួសារ​លោក​ស្រេកឃ្លាន ពេល​ពួកគាត់​ធ្វើដំណើរ​នៅក្នុងទីរហោស្ថានឬទេ ? នៅពេល​នីហ្វៃ និង​បងៗ​លោក​បានចេញទៅ​រកអាហារ នីហ្វៃ​បានបាក់ធ្នូរ​របស់គាត់ ។ ប៉ុន្តែ​គាត់​ពុំ​បានសួរថា ហេតុអ្វី នោះទេ ។

រូបភាព
នីហ្វៃ​​សួរ​លីហៃ​ពី​កន្លែង​ដែល​ត្រូវ​ទៅ​រក​ម្ហូប​អាហារ<nb/>។

នីហ្វៃ​បាន​ធ្វើ​ធ្នូរថ្មី ហើយ​បាន​សួរ​ទៅឪពុក​លោក លីហៃ ថា​តើលោកគួរទៅ​រកអាហារនៅកន្លែងណា ។​ លីហៃ​បានអធិស្ឋាន ហើយ​ព្រះអម្ចាស់​បាន​បង្ហាញ​ពួកគាត់​នូវ​កន្លែង​ដែល​នីហ្វៃ​អាច​ទៅរក​អាហារ​បាន ។ ព្រះវរបិតាសួគ៌ នឹង​ដឹកនាំ​កូនៗ នៅពេល​កូនៗ​ទូលសួរទ្រង់នូវ អ្វីខ្លះ ដែល​កូនៗ​អាច​ធ្វើ និង អ្វីខ្លះ ដែល​កូនៗ​អាច​រៀន ។

ទីពីរ អធិស្ឋាន​ឲ្យ​បាន​រីកចម្រើន

ព្រះ​វរបិតា​សួគ៌​មាន​ព្រះទ័យ​ចង់​ជួយ​កូនៗ​ឲ្យ រីកចម្រើន ! ទ្រង់​ស្រឡាញ់​យើងយ៉ាង​ខ្លាំង ទើប​ទ្រង់​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ មក​បង្ហាញ​ផ្លូវ​ដល់យើងឲ្យ​ចេះរស់នៅ ។ ព្រះយេស៊ូវ​បាន​រងទុក្ខ សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ដើម្បី​យើងអាច​ត្រូវ​បាន​អភ័យទោស​ចំពោះអំពើបាប​របស់យើង ហើយ រីកចម្រើន ដើម្បី​ប្រែក្លាយ​ឲ្យកាន់តែ​ដូចជា​ទ្រង់ ។

តើ​កូនៗ​ចង់ រីកចម្រើន ខាងការអត់ធ្មត់ ឬភាពស្មោះត្រង់ឬទេ ? តើ​កូនៗ​ចង់ រីកចម្រើន ខាងជំនាញ​មួយឬទេ ? ប្រហែលជា​កូនៗ​ខ្មាស់អៀន ឬ​ចង់ រីកចម្រើន ខាង​ភាព​ក្លាហាន ។ « ចូរ​អធិស្ឋាន ទ្រង់គង់​នៅទីនោះ ! » តាមរយៈ​ព្រះវិញ្ញាណ​ទ្រង់ ដួងចិត្ត​កូនៗ​អាច​ផ្លាស់ប្ដូរ ហើយ​កូនៗ​អាច​ទទួល​ភាពរឹងមាំ ។

មិត្តថ្មី​របស់​ខ្ញុំឈ្មោះ ចូណា បាន​សរសេរ​ថា ៖ « ជាញឹកញាប់ ខ្ញុំ​មានអារម្មណ៍​ភ័យ​នៅតាមផ្លូវ​ទៅ​សាលារៀន​ពេលព្រឹក ។ ខ្ញុំ​បារម្ភ​អំពី​រឿងជាច្រើនដូចជា ទៅយឺត ភ្លេចរបស់របរ និង​ការ​ប្រឡងជាដើម ។ កាល​ខ្ញុំ​អាយុ ១០ ឆ្នាំ ខ្ញុំ​បាន​ចាប់ផ្ដើមអធិស្ឋាន​នៅ​តាមផ្លូវ​ទៅសាលារៀន​ជាមួយម៉ាក់ខ្ញុំ ។ ខ្ញុំ​បាន​សូម​ជំនួយ​ដែល​ខ្ញុំត្រូវការ ហើយ​ខ្ញុំ​អធិស្ឋាន​សម្រាប់​គ្រួសារ​ខ្ញុំ​ផងដែរ ។ ខ្ញុំ​ក៏​គិត​អំពី​រឿង​ដែល​ខ្ញុំ​មានអំណរគុណ​ផងដែរ ។ [ ការអធិស្ឋាន​ទៅកាន់ព្រះវរបិតាសួគ៌ ] បាន​ជួយ​ខ្ញុំ ។ ជួនកាល ខ្ញុំ​ពុំ​មានអារម្មណ៍​ធូរស្រាលភ្លាមៗទេ ពេល​ខ្ញុំចុះពីលើឡាន ប៉ុន្តែ​ពេល​ខ្ញុំ​ទៅដល់​ថ្នាក់រៀន ខ្ញុំ​មានអារម្មណ៍​សុខសាន្ដ » ។១០

សេចក្ដីជំនឿ​របស់​ចូណា កំពុង រីកលូតលាស់ នៅពេល​គាត់អធិស្ឋាន​ជារៀងរាល់ថ្ងៃ ហើយ​ដើរឆ្ពោះ​ទៅមុខ ។

ទីបី អធិស្ឋាន​ឲ្យ​បង្ហាញ

កូនៗ​អាច​អធិស្ឋាន​សូមជំនួយ​ឲ្យបាន បង្ហាញ សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះអ្នកដទៃ ។១១ តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ព្រះវរបិតាសួគ៌ នឹង​ជួយកូនៗ​ឲ្យសម្គាល់ឃើញ​នរណាម្នាក់​ដែល​សោកសៅ ដើម្បី​កូនៗ​អាច​លួងលោម​ចិត្ត​ពួកគេ ។ ទ្រង់អាច​ជួយ​កូនៗ បង្ហាញ សេចក្ដីស្រឡាញ់​របស់ទ្រង់ តាមរយៈ​ការអភ័យទោស​ដល់នរណាម្នាក់ ។ ទ្រង់​អាច​ប្រទានដល់កូនៗ​នូវភាព​ក្លាហាន​ដើម្បី​បម្រើ​នរណា​ម្នាក់ ហើយ​ចែកចាយ​ជាមួយ​ពួកគេ​ថា ពួកគេ​គឺជា​កូនរបស់​ព្រះ ។ ការខិតខំ​របស់​កូនៗ អាច​ជួយ​អ្នកដទៃ​ឲ្យ​មក​ស្គាល់ និង​ស្រឡាញ់​ព្រះយេស៊ូវ និង​ព្រះវរបិតាសួគ៌​ដូចជា​អ្នក ។១២

ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​ឪពុកខ្ញុំ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ពេញ​មួយជីវិត​ខ្ញុំ ។ ទោះជា​នៅក្មេង ក៏ខ្ញុំ​បាន​ដឹង​ថា គាត់ អាចនឹង​ទទួល​បាន​ពរជ័យ​ច្រើន​ប៉ុណ្ណា ។ គ្រួសារ របស់យើង អាច​ទទួល​ពរជ័យ​នៃ​ការផ្សារភ្ជាប់​សម្រាប់​ភាព​អស់កល្បជានិច្ច ។ គ្រួសារខ្ញុំ មិត្តភក្ដិ និង​ខ្ញុំ បាន​អធិស្ឋាន​សម្រាប់​គាត់ជាញឹកញាប់ ប៉ុន្តែ​គាត់​ពុំ​បាន​ចូលរួម​ក្នុងសាសនាចក្រ​ទេ ។ ព្រះវរបិតាសួគ៌​ពុំ​បង្ខំ​នរណាម្នាក់​ឲ្យ​ធ្វើ​ការ​ជ្រើសរើស​នោះទេ ។១៣ ទ្រង់​អាច​បញ្ជូន​ចម្លើយ​ចំពោះការអធិស្ឋាន​របស់យើងតាមរបៀប​ផ្សេង ។

រូបភាព
ប្រធាន ផតធ័រ ជាមួយ​ឪពុកម្ដាយ និង​បងប្អូនប្រុសស្រី​របស់​គាត់<nb/>។

ពេល​ខ្ញុំធំដឹងក្ដី ខ្ញុំ​បាន​ទទួល​ពរជ័យ​អយ្យកោ​របស់​ខ្ញុំ ។ នៅក្នុង​ពរជ័យ​អយ្យកោ​បាន​ប្រាប់​ខ្ញុំ​នូវ​រឿងល្អបំផុត ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​ជួយ​គ្រួសារ​ខ្ញុំ​ឲ្យ​នៅ​ជាមួយគ្នា​ឯស្ថានសួគ៌ គឺ​ធ្វើជា​គំរូ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​អាចធ្វើបាន !

ឪពុក​ខ្ញុំ​រស់នៅ​ដល់អាយុ ៨៦ ឆ្នាំ ។ រយៈពេល​ប្រាំថ្ងៃ បន្ទាប់ពី​គាត់​ទទួលមរណភាព ខ្ញុំ​បាន​ទទួល​អារម្មណ៍អំណរ​ដ៏ពិសិដ្ឋ​មួយ ។ ព្រះវរបិតាសួគ៌​បាន​ឲ្យ​ខ្ញុំដឹង​តាមរយៈ​ព្រះវិញ្ញាណ​ទ្រង់​ថា ឪពុក​របស់​ខ្ញុំ​ចង់​ទទួល​ពរជ័យ​នៃ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ! ខ្ញុំ​ចាំមិនភ្លេច​នូវ​ថ្ងៃ​ដែល​ខ្ញុំ​លុតជង្គង់​នៅ​ជុំវិញទីអាសនា​ក្នុង​ព្រះវិហារបរិសុទ្ធ​ជាមួយ​បងប្អូនប្រុសស្រី​របស់ខ្ញុំ ដើម្បីផ្សារភ្ជាប់​ទៅនឹង​ឪពុកម្ដាយ​របស់ខ្ញុំ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​អធិស្ឋាន​សុំពរជ័យ​នេះ​តាំងពីខ្ញុំ​នៅ​ថ្នាក់កុមារ ហើយ​ខ្ញុំ​បាន​ទទួល​វា ពេល​ខ្ញុំ​ជា​ជីដូន​ម្នាក់ ។

ប្រហែលជា​កូនៗ​កំពុង​អធិស្ឋាន​សូមពរជ័យ​សម្រាប់​គ្រួសារ និង​អ្នកដទៃ​ដែលកូនៗស្រឡាញ់ ។ សូម​កុំ​ចុះ​ចាញ់ ! ព្រះវរបិតា​សួគ៌​នឹង បង្ហាញ នូវអ្វី​ដែល​កូនៗ​អាចធ្វើ ។

សូម​ចែកចាយ​ជាមួយ​ព្រះវរបិតាសួគ៌​នូវអ្វី​ដែល​មានក្នុង​ចិត្តកូនៗ ។១៤ នៅពេល​កូនៗ​ទូលសូម​ជំនួយ​ពី​ទ្រង់​ដោយស្មោះ នោះ​កូនៗ​នឹង​ទទួល​បាន​ព្រះវិញ្ញាណ​ទ្រង់មក​ដឹកនាំ​កូនៗ ។១៥ ការអធិស្ឋាន​ជារៀងរាល់ថ្ងៃ​នឹង​ធ្វើ​ឲ្យខ្លួន​កូនៗ​ពេញ​ដោយ​ក្ដីស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ រឿងនេះ​នឹង​ជួយកូនៗ​ឲ្យ​ចង់ធ្វើតាម​ពួកទ្រង់​ពេញ​មួយជីវិត !

សូម​នឹកស្រម៉ៃ តើ​អ្វី​នឹង​កើតឡើង បើ​កុមារទាំងអស់​នៅ​ទ្វីបអាហ្វ្រិក អាមេរិកខាងត្បូង អាស៊ី អឺរ៉ុប អាមេរិកខាងជើង និង​អូស្ត្រាលី អធិស្ឋាន​ជារៀងរាល់ថ្ងៃ ។ ពិភពលោក​ទាំងមូល​នឹង​ទទួលពរ​ឲ្យមាន​សេចក្ដីស្រឡាញ់​របស់​ព្រះកាន់តែខ្លាំង !

រូបភាព
កុមារ​នៅ​ទូទាំង​ពិភពលោក​កំពុង​អធិស្ឋាន<nb/>។

ខ្ញុំ​សូមអញ្ជើញ​ឲ្យ​កូនៗ អធិស្ឋាន​ឲ្យ​បាន​ស្គាល់ ថាព្រះវរបិតាសួគ៌​គង់នៅក្បែរ អធិស្ឋាន​ឲ្យបាន​រីកចម្រើន ដូចជា​ទ្រង់ ហើយ អធិស្ឋាន​ឲ្យបង្ហាញ សេចក្ដីស្រឡាញ់​របស់ទ្រង់​ចំពោះ​អ្នកដទៃ ។ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់ កូនៗ ។ « ចូរ​អធិស្ឋាន ទ្រង់​គង់​នៅ​ក្បែរ » ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕