ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
យប់​សុខសាន្ត​បរិសុទ្ធ


យប់​សុខសាន្ត​បរិសុទ្ធ

ខ្ញុំ​ចង់​ប្រាប់​រឿង​ពីរ​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ហើយ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជា​ច្រើន​ឆ្នាំ ហើយ​ឥឡូវ​នេះ​វា​កំពុង​បង្រៀន​ខ្ញុំ​ពី​មេរៀន​ដែល​ខ្ញុំ​ត្រូវការ ។

មេរៀន​ទី​មួយ​បាន​កើត​ឡើង​កាល​ខ្ញុំ​មាន​អាយុ ៦ ឆ្នាំ ។ អ្នក​ដឹកនាំ​ភ្លេង​របស់​យើង​នៅ​វួដ​ហាន់ធើរ​ទី ៥ គឺ​ជា​បងស្រី ប៊េវើរលី វ៉ាយលី ។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា គាត់​ប្រហែល​ជា​មាន​អាយុ​មិន​ទាន់ ៤០ ឆ្នាំ​ផង ប៉ុន្តែ​គាត់​មាន​កូនៗ​វ័យ​ជំទង់ ព្រមទាំង​ទំនង​ជា​ឆ្លាត ហើយ​មាន​ភាព​ចាស់​ទុំ​ចំពោះ​យើង​នៅ​ក្នុង​ថ្នាក់​កុមារ​តូចៗ ។ គាត់​កំប្លែង ហើយ​ធ្វើ​ដាក់​ពួក​យើង​ដូចជា​យើង​ជា​ពួក​មជ្ឈិមវ័យ ហើយ​យើង​ចូល​ចិត្ត​ទង្វើ​នោះ ។ យើង​កោត​សរសើរ​គាត់ ហើយ​ចង់​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត ។ គាត់​បាន​ប្រាប់​យើង​ថា យើង​អាច​ច្រៀង​ឲ្យ​ឮៗ​ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​យើង​នៅ​បន្ទប់​ជិត​នោះ​ស្តាប់​ឮ ។ កុំ​ស្រែក—ត្រូវ​ខំ​ច្រៀង​ឲ្យ​ល្អ ! ហើយ​យើង​បាន​ច្រៀង​ចេញ​ពី​ដួង​ចិត្ត​របស់​យើង ។ គាត់​ក៏​បាន​បង្រៀន​យើង​ផង​ដែរ​នូវ​បទចម្រៀង​មួយ​នៅ​ក្នុង​សៀវភៅ​ទំនុក​តម្កើង​របស់​ពួក​មជ្ឈិមវ័យ ដោយ​ពោល​ថា គាត់​បាន​ដឹង​ថា យើង​គឺ​ជា​អ្នក​ចម្រៀង​ដែល​ពេញវ័យ​គ្រប់​គ្រាន់​ដើម្បី​ចងចាំ​ពាក្យ​ពិបាកៗ​បាន ។ ហើយ​គាត់​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងអស់​ឲ្យ​យើង​យល់ ។ គាត់​បាន​បង្រៀន​យើង​ថា រាល់​បទចម្រៀង​មាន​នូវ​សារលិខិត​ពិសេស​មួយ​សម្រាប់​យើង ហើយ​ប្រសិនបើ​យើង​គិត​ពី​ពាក្យ​ទាំងនោះ យើង​នឹង​រក​ឃើញ​សារលិខិត​ជាពិសេស​សម្រាប់​ជីវិត​របស់​យើង​ផ្ទាល់ ។

នៅ​បុណ្យ​គ្រីស្ទម៉ាស់​នោះ ខ្ញុំ​បាន​ព្យាយាម​អនុវត្ត​អ្វី​ដែល​បងស្រី​វ៉ាយលី​បាន​បង្រៀន​យើង ហើយ​ខ្ញុំ​បាន​រៀន​ពី​វគ្គ​ទាំងអស់​ក្នុង​បទ « យប់​សុខសាន្ត » ។ ឥឡូវ​នេះ ខ្ញុំ​សូម​អភ័យ​ទោស​ជា​មុន​ចំពោះ​អ្នក​បកប្រែ​ដោយសារ​វា​រៀង​ពិបាក​បន្តិច ។ កាល​ខ្ញុំ​មាន​អាយុ ៦ ឆ្នាំ ខ្ញុំ​បាន​គិត​យ៉ាង​ខ្លាំង​ពី​ពាក្យ​នៅ​ក្នុង​វគ្គ​ទីបី ប៉ុន្តែខ្ញុំ​មិន​បាន​យល់​ពី​វិធី​ប្រើ​វណ្ណយុត្ត​ឡើយ ។ ជំនួស​ឲ្យ​ការ​ច្រៀង​ថា « ព្រះបុត្រ​ព្រះបរិសុទ្ធ » ដែល​មាន​ន័យ​ថា ព្រះយេស៊ូវ​គឺ​ជា​ពន្លឺ​ដែល​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ខ្ញុំ​បាន​យល់​ថា ព្រះបុត្រ​ព្រះ​ស្រឡាញ់​ពន្លឺ​ដ៏​បរិសុទ្ធ—ទ្រង់​កោត​សរសើរ​អ្វី​មួយ​ដែល​កើត​ចេញ​ពី​ពន្លឺ​ដ៏​បរិសុទ្ធ ។ ដោយ​គិត​ដូចជា​បងស្រី​វ៉ាយលី​ខ្ញុំ​បាន​ខិតខំ​ស្វែង​រក​របៀប​ដែល​ខ្ញុំ​អាច« បរិសុទ្ធ »​ដូចជា​ព្រះយេស៊ូវ​ដែរ ។

រឿង​ទីពីរ​បាន​កើត​ឡើង​កាល​ខ្ញុំ​មាន​អាយុ ៩ ឆ្នាំ ។ ខ្ញុំ​បាន​រៀន​លេង​ព្យាណូ​ដូច​ក្មេង​ជា​ច្រើន​ដែរ ។ ខ្ញុំ​គ្មាន​ទេពកោសល្យ​នោះ​ទេ ហើយ​ប្រហែល​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំ នោះ​ប៊ីស្សព​របស់​ខ្ញុំ​បាន​សួរ​ថា តើ​ខ្ញុំ​ចង់​លេង​បទ​គ្រីស្ទម៉ាស់​នៅក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​នៅ​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទម៉ាស់​ដែរ​ឬ​ទេ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​លេង​បទ « យប់​សុខសាន្ត » ។ គ្រូបង្រៀន​ព្យាណូ​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​រៀបចំ​ខ្លួន ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ស្ដាប់​ខ្ញុំ​លេង​បទ​នោះ​ដោយ​ប្រើ​ព្យាណូ​ពណ៌​ខ្មៅ​របស់​យើង​ដែល​នៅ​បន្ទប់​ក្រោម​ដី​ប្រហែល​ជា ១០០ ដង ។ មាន​ម្នាក់​បាន​និយាយ​ថា ប្រហែល​ខ្ញុំ​អាច​ទន្ទេញ​ចម្រៀង ហើយ​មិន​ប្រើ​តន្ត្រី​ទេ ប៉ុន្តែ ខ្ញុំ​ភ័យ​យ៉ាង​ខ្លាំង​ចំពោះ​ការលេង​នៅ​មុខ​មនុស្ស​គ្រប់​គ្នា​ក្នុង​វួដ​របស់​ខ្ញុំ រហូត​ដល់​ខ្ញុំ​ពុំ​អាច​ចងចាំ​ទំនុក​ភ្លេង​នោះ​បាន ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​ផែនការ​មួយ ។ ខ្ញុំ​ចង់​យក​ក្រដាស​ទំនុក​ភ្លេង​ទៅ​ជាមួយ​នឹង​ខ្ញុំ ដូច្នេះ​ជំនួស​ឲ្យ​ការ​ដាក់​វា​នៅ​លើ​ព្យាណូ ខ្ញុំ​បាន​ដាក់​វា​នៅលើ​ភ្លៅ​ខ្ញុំ​វិញ ។ ខ្ញុំ​អាច​មើល​ដៃ​របស់​ខ្ញុំ ហើយ​ឃើញ​ក្រដាស​ទំនុក​ភ្លេង ប៉ុន្តែ​វា​ទំនង​ដូចជា​ខ្ញុំ​បាន​ចងចាំ​ទំនុក​ភ្លេង​នោះ ។ ផែនការ​នេះ​បាន​ដំណើរ​ការ​យ៉ាង​ល្អ​បាន​តែ ២០ វិនាទី​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​ដាក់​ទំនុក​ភ្លេង​នោះ​នៅ​លើ​សំពត់​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​របស់​ខ្ញុំ ហើយ​ពេល​ខ្ញុំ​លេង​វា សាច់​សំពត់​នោះ​រលោង​ពេក ហើយ​នៅ​ពាក់​កណ្ដាល​វគ្គ​ទីមួយ ក្រដាស​ទំនុក​ភ្លេង​នោះ​បាន​រអិល​ចេញ​ពី​សំពត់​របស់​ខ្ញុំ ហើយ​បាន​ធ្លាក់​ចូល​ទៅ​ក្រោម​ព្យាណូ ។ ខ្ញុំ​គិត​លែង​ឃើញ​អ្វី​ទាំងអស់ ។ គ្មាន​ផ្លូវ​ដែល​ខ្ញុំ​អាច​យក​ទំនុក​ភ្លេង​នោះ​បាន​វិញ​ឡើយ ហើយ​ខ្ញុំ​នឹក​មិន​ឃើញ​អ្វី​ទាំងអស់ ។ ខ្ញុំ​បាន​ខំ​លេង​ឲ្យ​អស់​ពី​លទ្ធភាព​ទាំង​ស្ទាក់​ស្ទើរ ។ ខ្ញុំ​លេង​ពុំ​បាន​ល្អ​ឡើយ ។

ខ្ញុំ​បាន​លេង​ខុស​ណោត​ភ្លេង ហើយ​ខ្ញុំ​អាច​ឃើញ​ថា ទស្សនិជន​បាន​រួញ​ស្មា​របស់​ពួកគេ ។ ខ្ញុំ​បាន​លេង​ទាំង​ខុស​ដល់​វគ្គ​ទីពីរ ។ ខ្ញុំ​បាន​រំលង​វគ្គ​ទីបី​យ៉ាង​ឈ្លាស​វៃ ហើយ​រត់​យ៉ាង​លឿន​ចុះ​ពី​វេទិកា​ទាំង​មុខ​ក្រហម ខំ​ទប់​ចិត្ត​កុំ​ឲ្យ​យំ ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ខ្សឹប​ថា « តើ​មាន​រឿង​អ្វី​កើត​ឡើង ? កូន​ចេះ​ចម្រៀង​នោះ​ច្បាស់​ណាស់ » ។ ខ្ញុំ​ចង់​ចេញ​ពី​ព្រះវិហារ​ឲ្យ​ឆាប់ៗ ។ ខ្ញុំ​មិន​ចង់​ជួប ឬ​និយាយ​នឹង​នរណា​ទេ ខ្ញុំ​មាន​ភាពអាម៉ាស់​ខ្លាំង​ណាស់ ។ កាល​ការ​ប្រជុំ​នោះ​បាន​បញ្ចប់​ទៅ គ្រូ​បង្រៀន​សាលា​ថ្ងៃ​អាទិត្យ​របស់​ខ្ញុំ​ដែល​មាន​វ័យ​ចំណាស់ គឺ​បងស្រី អាលម៉ា ហេតុន បាន​ដើរ​មក​រក​ខ្ញុំ ។ ខ្ញុំ​ព្យាយាម​គេច​មុខ​ពី​គាត់ ប៉ុន្តែ​គាត់​បាន​ចាប់​ដៃ​ខ្ញុំ ។ ជំនួស​ឲ្យ​ការ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ធ្វើ​បាន​ល្អ ដែល​មនុស្ស​គ្រប់​គ្នា​ដឹង​ថា វា​មិន​ពិត​នោះ​គាត់​បាន​ពោល​ពាក្យ​មួយ​ដែល​ខ្ញុំ​នឹង​ចងចាំ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ។ គាត់​បាន​ពោល​ថា « សារ៉ុន​ទោះ​ជា​មាន​លទ្ធផល​ចេញ​មក​បែប​ណា​ក្ដី ។ មនុស្ស​គ្រប់​គ្នា​អាច​ឃើញ​ពី​ការ​ខិតខំ​ដែល​ក្មួយ​បាន​ធ្វើ ហើយ​យើង​ស្រឡាញ់​ក្មួយ ទោះ​ជា​ក្មួយ​លេង​ព្យាណូ​បាន​ល្អ ឬ​មិន​ល្អ​ក្ដី » ។

នោះ​គឺ​ជា​ការពិត ។ ប៉ុន្តែ​វា​មិន​អាក្រក់​ខ្លាំង​ដូច​ដែល​ខ្ញុំ​បាន​រំពឹង​ទុក​ឡើយ ។ សេចក្ដី​ពិត​នោះ​គឺ​ថា ខ្ញុំ​បាន​ខិតខំ ហើយ​ពួកគាត់​ស្រឡាញ់​ខ្ញុំ ទោះ​ជា​ខ្ញុំ​ពុំ​អាច​លេង​ព្យាណូ​បាន​ក្ដី ។ ខ្ញុំ​បាន​ញញឹម​បន្តិច ហើយ​គាត់​បាន​ឱប​ខ្ញុំ ហើយ​រំពេច​នោះ​អ្វីៗ​ទាំងអស់​បាន​ប្រសើរ​ឡើង ។

មើល​ចុះ ប៊េវើរលី វ៉ាយលី និង អាលម៉ា ហេតុន ពុំ​បាន​ធ្វើ​អ្វី​ដែល​ធំ​នោះ​ទេ ។ ពួកគាត់​ពុំ​បាន​សរសេរ​អ្វី​ចូល​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​ពួកគាត់​ឡើយ ។ គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​ដឹង​ពី​រឿង​នេះ​ទេ ។ ពួកគាត់​គ្រាន់​តែ​បាន​បង្រៀន​ដល់​កុមារ​តូចៗ​ពី​របៀប​ច្រៀង ហើយ​យល់​ពី​ដំណឹងល្អ ។ តើ​មាន​អ្វី​ដែល​សាមញ្ញ​ជាង​នេះ ? វា​គឺ​គ្មាន​ទេ ។ ប្រសិនបើ​បងប្អូន​សួរ​ខ្ញុំ​ថា ពេល​មនុស្ស​ម្នាក់​« បរិសុទ្ធ »​មាន​ភិន​ភាគ​បែប​ណា​នោះ គឺ​ដូច​ជា​ប៊េវើរលី វ៉ាយលី ។ គឺ​ដូចជា អាលម៉ា ហេតុន ។ ពួកគាត់​ម្នាក់ៗ​អាច​ស្គាល់​ភាព « បរិសុទ្ធ »​នៃ​កុមារ​តូច​ម្នាក់​ដែល​ខិតខំ​អស់​ពី​លទ្ធភាព ហើយ​ស្រឡាញ់​នាង​ដោយសារ​ទង្វើ​នោះ ទោះ​ជា​លទ្ធផល​ពុំ​បាន​ល្អ​ឥត​ខ្ចោះ​ក្ដី ។

ព្រះវរបិតាសួគ៌​របស់​យើង​ក៏​ដូចគ្នា​ផងដែរ ។ ទ្រង់​មើល​ឃើញ​យើង ដែល​ជា​បុត្រា​បុត្រី​តូចៗ​របស់​ទ្រង់ កំពុង​ខិតខំ​ប្រឹង​ប្រែង ។ ការ​ខិតខំ​របស់​យើង​ពុំ​តែង​តែ​ទទួល​បាន​ជោគជ័យ​ឡើយ ប៉ុន្តែ​ទ្រង់​ដឹង​ពី​ការ​ខិតខំ​ដែល​យើង​កំពុង​ធ្វើ—ពេល​ខ្លះ​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​ឆ្លង​កាត់​មហន្តរាយ​មួយ—ហើយ​ទ្រង់​ស្រឡាញ់​យើង​ចំពោះ​ការ​ខិតខំ​នោះ ។ ចំពោះ​រាល់​សំឡេង​មិន​ពីរោះ ការ​លេង​ខុស​ខ្ទង់ តន្ត្រី​ដែល​ពុំ​ធ្លាប់​ស្គាល់​របស់​យើង នោះ​ទ្រង់​បាន​បញ្ជូន​ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់ ជា​ព្រះរាជ​បុត្រ​បរិសុទ្ធ ។ ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួស​ជុល​រាល់​ការ​លេង​ខុស​ខ្ទង់ ហើយ​ប្រោស​លោះ​រាល់​សំឡេង​ស្រួយ ប្រសិន​បើ​យើង​ងាក​ទៅ​រក​ទ្រង់ ហើយ​សូម​ជំនួយ​របស់​ទ្រង់ ។ ដោយសារ​តែ​ការ​ប្រសូត ដង្វាយធួន និង​ការ​មាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​សម្រាក​នៅ​ក្នុង​ភាព​សុខសាន្ត​នៃ​ស្ថានសួគ៌ » ។

ខ្ញុំ​មាន​ចិត្ត​រីករាយ​ខ្លាំង​ណាស់​សម្រាប់​រដូវ​កាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ​ដើម្បី​ច្រៀង​ចម្រៀង​ដែល​មាន​សារលិខិត​ពិសេស​មួយ​មក​ពី​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​សម្រាប់​អស់​អ្នក​ដែល​មាន​ដួង​ចិត្ត​ឈឺចាប់ ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​នូវ​រឿង​ដូចគ្នា​ដែល​បងស្រី​វ៉ាយលី​បាន​សន្យា​ដល់​កុមារ​ទាំង​នោះ ។ ប្រសិន​បើ​បងប្អូន​គិត​ពី​ពាក្យ​ដែល​បងប្អូន​ច្រៀង​នៅ​រដូវកាល​នេះ អ្នក​នឹង​រក​ឃើញ​សារលិខិត​ដ៏​ទេវភាព​មួយ​ដែល​រៀបចំ​យ៉ាង​ពិសេស​សម្រាប់​បងប្អូន ដែល​វា​នឹង​លើក​កម្ពស់ ហើយ​លួង​លោម​ដល់​បងប្អូន ។ នេះ​គឺជា​សារលិខិត​មួយ​ដែល​ខ្ញុំ​បាន​រក​ឃើញ​សម្រាប់​រដូវ​កាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ ។ ខ្ញុំ​មាន​ទុក្ខ​ព្រួយ​ចំពោះ​មនុស្ស​ដែល​ជំនួយ​សប្បុរសធម៌​របស់​យើង​ពុំ​អាច​ទៅ​ដល់ និង​របៀប​ដែល​ប្រជាជាតិ​នានា ពេលខ្លះ​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​ដើម្បី​ឈោង​ទៅ​ជួយ​បងប្អូន​ប្រុស​ស្រី​ដែល​រង​ទុក្ខ ។ ហើយ​កាល​ពី​ព្រឹក​មិញ​នេះ​នៅក្នុង​ថ្នាក់​សមាគម​សង្គ្រោះ ខ្ញុំ​បាន​ផ្តោត​ចិត្ត​ទុកដាក់​លើ​ចម្រៀង​ដែល​យើង​បាន​ច្រៀង ៖

សូម​ពរ​ដល់​កូន​ទាំង​ឡាយ​ដោយ​ព្រះទ័យ​ស្រទន់

នាំ​យើង​ខ្ញុំ​ទៅ​ស្ថាន​សួគ៌​ប្រកប​ដោយ​ព្រះគុណ ។

ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា ព្រះរាជបុត្រ​ព្រះ​បរិសុទ្ធ ទ្រង់​បរិសុទ្ធ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. « យប់​សុខសាន្ត » ទំនុកតម្កើង លេខ ១២៦ ។

  2. « ផ្ទុំ​នៅ​ក្នុង​ស្នូក​ទី​ឆ្ងាយ » ទំនុកតម្កើង លេខ ១២៧ ។