ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
អំណោយ​មួយ​មក​ពី​ព្រះវរបិតា ៖ ទទួល​យក ឬ​បដិសេធ


អំណោយ​មួយ​មក​ពី​ព្រះវរបិតា ៖ ទទួល​យក ឬ​បដិសេធ

ឱ​តន្ត្រី​ពិត​ជា​ពីរោះ​ណាស់ ហើយ​ស៊ីស្ទើរ​អ៊ូប៊ែង​បាន​ចែកចាយ​សារលិខិត​ដ៏​អស្ចារ្យ ។ ឱ​វា​អស្ចារ្យ​ណាស់​ណ៎ ចំពោះ​ព្រះគុណ​ទ្រង់​ជា​យ៉ាង​ជាក់ ! ឥឡូវ​ដល់​ខែ​ធ្នូ​ហើយ ។ ខ្យល់​រងារ ហើយ​មាន​ព្រិល​កំពុង​ធ្លាក់​ខ្លះៗ ។ សម្រាប់​មនុស្ស​ភាគច្រើន វា​មាន​ន័យ​ថា បុណ្យគ្រីស្ទម៉ាស់​ជិត​មក​ដល់​ហើយ ។ ប៉ុន្តែ​សម្រាប់​ខ្ញុំ នោះ​ពុំមែន​ជា​អារម្មណ៍​ដែល​ខ្ញុំ​មាន​ចំពោះ​បុណ្យ​គ្រីស្ទម៉ាស់​ទេ ។

ជា​យូរ​មក​ហើយ ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ថ្ងៃ​ក្តៅ និង​រាត្រី​ដ៏​មនោរម្យ​គឺ​ជា​សញ្ញា​បង្ហាញ​ថា បុណ្យ​គ្រីស្ទម៉ាស់​ជិត​ចូល​មក​ដល់​ហើយ ។ នោះ​គឺ​ដោយសារ​ខែ​ធ្នូ​គឺ​ជា​រដូវ​ក្តៅ​នៅ​ប្រទេស​អូស្ត្រាលី ។ ហើយ​នៅក្នុង​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​លិច ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​រស់នៅ​ទីនោះ​អស់​រយៈ​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ វា​មាន​អាកាសធាតុ​ក្តៅ​ជាប់​ជានិច្ច ។

ដូច្នេះ​ជាទូទៅ​ខែ​ធ្នូ​គឺជា​ពេល​ដែល​ត្រូវ​ចំណាយ​នៅ​ឆ្នេរ​សមុទ្រ លេង​ស្គី​លើ​ទឹក និង​អាំង​សាច់​ហូប ។ នៅ​បុណ្យ​គ្រីស្ទម៉ាស់ ក្នុង​ផ្ទះ​យើង​មាន​នូវ​ក្លិន​ស្វាយ​ទុំ និង​សំឡេង​សើច​អឺងកង ។ ប៉ុន្តែ​វិញ្ញាណ​នៃ​បុណ្យគ្រីស្ទម៉ាស់​គឺ​ដូច​គ្នា​នៅគ្រប់​ទីកន្លែង ។ ទោះបី​នៅ​ទីក្រុង ស៊ីដនី, សលត៍ លេក, ឬ សៀរ៉ា លូយ៉ូន ក្តី ទោះនៅ នុគូ អាឡូហ្វា, នូវហ្វោនឡែន ឬ នីហ្សេរីយ៉ា ក្តី ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ​យើង​បំផុសគំនិត​មនុស្ស​ឲ្យ​កិច្ចការ​ល្អ ។

នៅ​តាម​កន្លែង​ជាច្រើន មនុស្ស​ប្តូរ​អំណោយ​គ្នា ទៅ​សួរសុខទុក្ខ​មនុស្ស​ដទៃ ហើយ​ធ្វើ​ទង្វើ​ល្អៗ​ដើម្បី​សាទរ​ដល់​វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ មិត្ត​របស់​យើង​នៅ​ប្រទេស​សាម័រ​មាន​ប្រពៃណី​មួយ​ថា នៅ​ថ្ងៃ​បន្ទាប់​ពី​បុណ្យ​គ្រីស្ទម៉ាស់ ពួកគេ​ដាក់​អាហារ និង​នំ​ផ្សេងៗ​ក្នុង​ប្រអប់​ជាច្រើន ហើយ​ឲ្យ​វា​ទៅ​គ្រួសារ​ទ័លក្រ​បំផុត ពុំ​គ្រាន់តែ​សម្រាប់​វួដ​ពួកគេ​នោះ​ទេ គឺ​សម្រាប់​មនុស្ស​ផ្សេង​ទៀត​នៅក្នុង​សហគមន៍​ពួកគេ​ផងដែរ ។ ពួកគេ​ក៏​មាន​សួន​បន្លែ​ទំហំ​ពីរ​ហិកតា ដែល​ផលផ្លែ​ភាគ​ច្រើន​មក​ពី​សួន​នោះ​យក​ទៅ​ឲ្យ​មនុស្ស​ទ័លក្រ ។

មិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​ម្នាក់​នៅ​ប្រទេស​សេនីហ្គាល នៅ​អាហ្វ្រិក​ភាគ​ខាង​លិច​បាន​ប្រាប់​ខ្ញុំ​ថា នៅ​ស្រុក​កំណើត​ខ្ញុំ​នៅ​ឈូង​សមុទ្រ​កូតឌីវ័រ រៀងរាល់​យប់​ឆ្លង​ចូល​បុណ្យ​គ្រីស្ទម៉ាស់ ជំនួស​ឲ្យ​ការយក​អំណោយ​ទៅ​ជូន​ថ្នាក់​ដឹកនាំ​ពួកគេ នោះ​ពួក​អ្នក​ភូមិ​បែរ​ជា​យក​ជម្លោះ​នានា​ដែល​ដោះស្រាយ​មិន​ចេញ​ទៅរក​ថ្នាក់​ដឹកនាំ​ពួកគេ​ទៅវិញ ។ បន្ទាប់មក ថ្នាក់​ដឹកនាំ​ទាំង​នោះ​បាន​ចំណាយ​ពេល​ដោះស្រាយ​ជម្លោះ​របស់​គ្រួសារ​ទាំង​នោះ ។ ពួក​អ្នក​ភូមិ​តម្រូវ​ថា ត្រូវ​មាន​ភាពសុខសាន្ត និង​ភាពសុខដុម​នៅក្នុង​ផ្ទះ​នីមួយៗ​ក្នុង​ភូមិ​នៅ​ពេល​បុណ្យគ្រីស្ទម៉ាស់ ដោយសារ​ពួកគេ​សាទរ​ដល់​ការប្រសូត​របស់​ព្រះគ្រីស្ទ—ទ្រង់​បាន​ប្រសូត​មក​សម្រាប់​គោលបំណង​ពិសេស​នៃ​ការនាំ​មក​នូវ​ភាពសុខសាន្ត​ដល់​ពិភពលោក ។

កាល​ដើម​ឆ្នាំ​នេះ យើង​បាន​ជួប​អ្នក​ផ្សព្វផ្សាយ​វ័យ​ក្មេង​ម្នាក់​គឺ​ស៊ីស្ទើរ ជេននេ អ៊ីងហ្គាប៊ី មក​ពី រវ៉ានដា ដែល​បម្រើ​បេសកកម្ម​នៅ​ប្រទេស​លីប៊ើរៀ ។ គាត់​បាន​ប្រាប់​ខ្ញុំ​នូវ​រឿង​មួយ​ដ៏​គួរ​ឲ្យ​សោកស្តាយ ស្តីពី​ឥទ្ធិពល​នៃ​បទប្រល័យ​ពូជសាសន៍​នៅ​រវ៉ានដា​ក្នុង​ឆ្នាំ ១៩៩៤ ទៅ​លើ​រូប​គាត់ ។ ឪពុក​គាត់​មក​ពី​កុល​សម្ព័ន្ធ​ហុតុ ជា​ទីសម្អប់​ដល់​សមាជិក​នៃ​កុល​សម្ព័ន្ធ​តុស៊ី ។ ប៉ុន្តែ​ម្តាយ​គាត់​គឺ​ជា​សមាជិក​នៃ​កុល​សម្ព័ន្ធ​តុស៊ី ។ ដើម្បី​សង្គ្រោះ​ជីវិត​ភរិយា​គាត់ និង​កូន​ស្រី​គាត់​បួន​នាក់​ទៀត ឪពុក​ដ៏​ក្លាហាន​នេះ​បាន​លាក់​គ្រួសារ​គាត់​នៅ​ឆ្ងាយ​ពី​គេ ហើយ​ត្រឡប់​ទៅ​ភូមិ​វិញ​តែ​ម្នាក់​ឯង ។ ភរិយា និង​កូនស្រី​គាត់​ពុំ​ដែល​ឃើញ​គាត់​ម្តង​ទៀត​ឡើយ ហើយ​ពួកគេ​ខំ​ពុះពារ​ដើម្បី​រស់នៅ ។ ទីបំផុត​ប្រាំបួន​ឆ្នាំ​ក្រោយ​មក ពួកគេ​បាន​ត្រឡប់​ទៅ​ចូលរួម​ការប្រជុំ​សម្រុះសម្រួល​មួយ ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល ជាពេល​ដែល​ពួកគេ​បាន​ដឹង​ថា ប្តី និង​ឪពុក​របស់​ពួកគេ​ត្រូវគេ​សម្លាប់ ពេល​គាត់​បាន​ត្រឡប់​ទៅ​កាន់​ភូមិ​វិញ ។ ប៉ុន្តែ​គួរ​ឲ្យ​អស្ចារ្យ ម្តាយ​របស់​ស៊ីស្ទើរ​អ៊ីងហ្គាប៊ី និង​កូនៗ​របស់​គាត់​បាន​អត់ទោស​ដល់​អស់​អ្នក​ដែល​បាន​សម្លាប់​ប្តី និង​ឪពុក​របស់​ពួកគេ ។

អំឡុង​គ្រា​មួយ យ៉ូសែប ស៊្មីធ អាច​មាន​កំហឹង​ពេញ​ខ្លួន ដោយ​ត្រូវ​គេចាប់​ដាក់​គុក​លីប៊ើធី​ដោយ​គ្មាន​កំហុស​អ្វី​សោះ​អស់​រយៈពេល​ជា​ច្រើន​ខែ​នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស់​ឆ្នាំ ១៨៣៨ នោះ​ព្រះអម្ចាស់​បាន​បើក​សម្តែង​កណ្ឌ​ទី ១២១ នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​ជួយ​យ៉ូសែប​យក​ឈ្នះ​លើ​អារម្មណ៍​ស្មុគស្មាញ​ដែល​ឃើញ​យ៉ាង​ជាក់ស្តែង នៅ​ដើម​នៃ​កណ្ឌ​នេះ ហើយ​បង្រៀន​ព្យាការី​ថា ចិត្តល្អ ការអត់ធ្មត់ ការទន់ភ្លន់ ការស្លូតបូត និង​ការ​ស្រឡាញ់​ស្មោះត្រង់​គឺជា​គុណសម្បត្តិ​ដូច​ជា​ព្រះគ្រីស្ទ ដែល​ចាំបាច់​សម្រាប់​ភាព​ជាសិស្ស ។

បុណ្យ​គ្រីស្ទម៉ាស់​ផ្តល់​នូវ​អនុស្សាវរីយ៍​គ្រួសារ​ដ៏​មាន​តម្លៃ​សម្រាប់​ខ្ញុំ ។ ប៉ុន្តែ ពុំ​មែន​គ្រប់​ទាំង​អនុស្សាវរីយ៍​នោះ​សុទ្ធ​តែ​ល្អ​នោះ​ទេ ។ កាល​ខ្ញុំ​នៅ​តូច ខ្ញុំ​ចាំ​ពី​ការទទួល​បាន​ឡាន​ប្រណាំង​ជ័រ​ពណ៌​បៃតង​ពី​ឪពុក​ខ្ញុំ ។ ពួកយើង​ជា​គ្រួសារ​ក្រីក្រ ហើយ​ខ្ញុំ​ចូលចិត្ត​អំណោយ​នោះ​ណាស់ ។ ប៉ុន្តែ ថ្ងៃ​មួយ​ខ្ញុំ​មាន​កំហឹង​យ៉ាង​ខ្លាំង​ទៅលើ​រឿង​មិន​សំខាន់​មួយ ខ្ញុំ​បាន​បោះ​ឡាន​ជ័រ​នោះ​ទៅក្នុង​គុម្ព​ផ្កា​វីសស្ទើររៀ​ដ៏​ក្រាស់ ដែល​វ័ន​ជាប់​នឹង​របង​ផ្ទះ​យើង ។ រំភេច​នោះ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ ពុំ​មែន​ដោយសារ​ខ្ញុំ​ស្តាយ​ដែល​ខ្ញុំ​បោះ​ឡាន​ជ័រ​នោះ​ចោល​ទេ តែ​ដោយសារ​ខ្ញុំ​គិត​ថា ខ្ញុំ​បាន​បង្ហាញ​ការបដិសេធ​នូវ​ការបង្ហាញ​សេចក្តីស្រឡាញ់​ពី​ឪពុក​ខ្ញុំ ។ ខ្ញុំ​បាន​រកមើល​ឡាន​ជ័រ​នោះ រក​ហើយ​រកទៀត ប៉ុន្តែ​ខ្ញុំ​រក​មិន​ឃើញ​ទេ ។ ពេល​រដូវ​រងារ​មក​ដល់ គុម្ព​ផ្កា​នោះ​បាន​ជ្រុះ​ស្លឹក នោះ​ខ្ញុំ​បាន​រកមើល​វា​ម្តង​ទៀត តែ​នៅតែ​រក​មិន​ឃើញ ។ ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ឈឺចាប់​ដែល ខ្ញុំ​បាន​ធ្វើ​ឲ្យ​ឪពុក​ខ្ញុំ​អន់​ចិត្ត ។ ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ឈឺ​ចាប់ ។

បងប្អូន​ដឹង​ទេ វា​គឺជា​រឿង​ប្រដូច​ថា ជួនកាល​យើង​បដិសេធ​សេចក្តីស្រឡាញ់ និង​អំណោយ​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​យើង អំណោយ​ដ៏​មហិមា​បំផុត​នោះ​គឺ​ទ្រង់​បញ្ជូន​បុត្រា​ទ្រង់​មក​រងទុក្ខ និង​ធួន​សម្រាប់​ពួកយើង ។ ឱ វា​ពិតជា​សោកនាដកម្ម​មួយ ប្រសិនបើ​យើង​បដិសេធ​ពលិកម្ម​ធួន​របស់​ទ្រង់ ឬ​សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​របស់​ទ្រង់ !

យើង​គួរតែ​ប្រែ​ដូចជា​អស់​អ្នក​ដែល​ខិតខំ​បង្ហាញ​សេចក្តីស្រឡាញ់​ដល់​មនុស្ស​ដទៃ ។ ថ្មីៗ​នេះ មនុស្ស​ជាច្រើន​បាន​ធ្វើការ​ជួយ​ដល់​ពលរដ្ឋ​នៅ​រដ្ឋ ហ្លូរីដា និង រដ្ឋ ខារ៉ូឡាយណា ដែល​បាន​ជួប​នឹង​ព្យុះ​សង្ឃរា​ដ៏​បំផ្លិចបំផ្លាញ ហើយ​ជួយ​អ្នក​ដែល​រងទុក្ខ​ដោយ​សារ​ភ្លើង​ឆេះ​នៅ​រដ្ឋ​កាលីហ្វ័ញ៉ា ឬ​ទៅ​ជួយ​មនុស្ស​ដទៃ​ទៀត ដែល​រងទុក្ខ​ដូច​នេះ​នៅ​ទូទាំង​ពិភពលោក ។

នៅ​ថ្ងៃ​ទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៧៤ រដ្ឋធានី​នៃ​ដែនដី​ភាគ​ខាង​ជើង​របស់​ប្រទេស​អូស្ត្រាលី​ត្រូវបាន​បំផ្លាញ ។ នៅ​ព្រឹក​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​នោះ ព្យុះ​ស៊ីក្លូន ត្រាស៊ី បាន​បោកបក់​ទៅលើ​ទីក្រុង​ដរវីន ។ មនុស្ស​ជាច្រើន​បាន​ស្លាប់ ហើយ​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ដរវីន​ភាគច្រើន​គ្មាន​ផ្ទះ​ជ្រក​កោន​ទេ ។ រូបថត​នៃ​ការបំផ្លិចបំផ្លាញ​ថ្មីៗ​នេះ​នៅ​រដ្ឋ ហ្លូរីដា ស្រដៀង​ទៅ​នឹង​ការបំផ្លិចបំផ្លាញ​នៅ​ទីក្រុង​ដរវីន​ដែរ ។ ប៉ុន្តែ​វិញ្ញាណ​នៃ​បុណ្យគ្រីស្ទម៉ាស់​មាន​ជ័យជម្នះ​លើ​ភាព​អស់​សង្ឃឹម ។ ការបរិច្ចាគ​នានា​បាន​ទទួល​ពី​ប្រជាជន​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី ហើយ​មនុស្ស​ជាច្រើន​បាន​ទម្លាក់​ចោល​កិច្ចការ​នានា ហើយ​ធ្វើ​ដំណើរ​ទៅ​ដរវីន​ដើម្បី​ជួយ​សាងសង់​អ្វីៗ​ឡើង​វិញ ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ពេល​កូនស្រី​ច្បង​របស់​យើង​មាន​អាយុ​ពីរ​ឆ្នាំ នាង​បាន​បាក់​ជើង​ពីមុន​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​បាន​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​អស់​ជា​ច្រើន​សប្តាហ៍ ដោយ​ជើង​របស់​នាង​ត្រូវ​ប៉ង់​ស៊ីម៉ង់តិ៍ ។ វា​គឺ​ជា​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​លំបាក​មួយ ។ គ្រួសារ​មួយ​នៅក្នុង​វួដ​យើង ដែល​ពុំ​សូវ​មាន​ប្រាក់កាស បាន​មក​សួរសុខទុក្ខ​នាង​នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ កូនតូចៗ​របស់​ពួកគេ​ម្នាក់ៗ​បាន​យក​អំណោយ​រៀងៗ​ខ្លួន​ដែល​ពួកគេ​ចូលចិត្ត ដែល​ទើបតែ​បាន​ទទួល​កាល​ពី​ព្រឹក​នោះ យក​មក​ឲ្យ​កូនស្រី​យើង​ទុក​ជា​អំណោយ​សម្រាប់​នាង ។ ខាយ​ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​រំជួល​ចិត្ត​រហូត​ដល់​យំ ដោយសារ​តែ​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​របស់​ក្មេងៗ និង​ឪពុក​ម្តាយ​របស់​ពួកគេ ។

នេះ​គឺ​ជា​វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ពិតប្រាកដ—គឺ​បុគ្គល​ម្នាក់ៗ​ជួយ​មនុស្ស​ដទៃ ។ លើស​ពី​អ្វីៗ​ទាំងអស់ ផ្នែក​សំខាន់​មួយ​នៃ​កេរដំណែល​របស់​ព្រះអង្គសង្គ្រោះ​គឺ ការងារ​បម្រើ​របស់​ទ្រង់​ដល់ « បុគ្គល​ម្នាក់ » ។ នេះ​ពិតជា​គោលការណ៍​មួយ​ដែល​បាន​ទទួល និង​អនុវត្ត​ដោយ​សមាជិក​ក្នុង​សាសនាចក្រ​ទ្រង់​នៅ​ប្រទេស​អាហ្វ្រិក ហើយ​វា​ក៏​ជា​អ្វី​ដែល​ទ្រង់​តម្រូវ​ឲ្យ​យើង​ធ្វើ​វា​នៅ​កន្លែង​ដែល​យើង​រស់នៅ​ផងដែរ ។

ប្រធាន អិម រ័សុល បាឡឺដ បាន​ថ្លែង​ថា ដង្វាយធួន​គឺជា​ទង្វើ​ដ៏​មហិមា​បំផុត​របស់​ព្រះអង្គសង្គ្រោះ​ដែល​ទ្រង់​ធ្វើ​កិច្ចការ​នេះ​សម្រាប់​តែ​ពួកយើង « ម្នាក់ៗ » ។ ប្រធាន​បាឡឺដ​មាន​ប្រសាសន៍​ថា ៖

« ប្រសិន​បើ​យើង​យល់​ពី​ដង្វាយធួន និង​តម្លៃ​អស់កល្ប​នៃ​ព្រលឹង​របស់​បុគ្គល​ម្នាក់ៗ​ពិតប្រាកដ នោះ​យើង​នឹង​ស្វែងរក​បុត្រ​ដែល​ចចេស​រឹងរូស … គ្រប់​រូប … របស់​ព្រះ ។ យើង​នឹង​ជួយ​ពួកគេ​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​ដល់​ពួកគេ ។ យើង​នឹងធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ជួយ​រៀបចំ​ពួកគេ​ឲ្យ​ទទួល​ពិធីបរិសុទ្ធ​សង្គ្រោះ​នៃ​ដំណឹង​ល្អ ។

ប្រាកដ​ណាស់ ប្រសិនបើ​ថ្នាក់​ដឹកនាំ​វួដ និង​សាខា​ចាត់​ទុក​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ជា​រឿង​សំខាន់​បំផុត​នៅក្នុង​ចិត្ត​ពួកគេ នោះ​គ្មាន​សមាជិក​ថ្មី ឬ​សមាជិក​ដែល​ធ្វើ​ឲ្យ​សកម្ម​ឡើង​វិញ​ណា​ម្នាក់​នឹង​ត្រូវបាន​បំភ្លេច​ចោល​ឡើយ ។…

…លក្ខណៈ​អំពី​ដង្វាយធួន​គឺ​ថា វា​គ្មាន​ដែន​កំណត់ ហើយ​អស់កល្ប ប៉ុន្តែ​វា​អនុវត្ត​ចំពោះ​បុគ្គល​ម្នាក់ៗ គឺ​មនុស្ស​ម្នាក់​ក្នុង​ពេល​តែ​មួយ ។…

បងប្អូន​ប្រុស​ស្រី សូម​កុំ​មើល​ស្រាល​ដល់​តម្លៃ​ដ៏​ធំធេង​របស់ បុគ្គល​ម្នាក់ៗ » ឡើយ ។

តើ​វា​មិន​អស្ចារ្យ​ទេ​ឬ ប្រសិនបើ​យើង​ទាំងអស់​ធ្វើ​តាម​ការទូន្មាន​នេះ និង​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន—ដោយ​រស់នៅ​តាម​ក្រឹត្យវិន័យ​ធំ​ពីរ​នៅក្នុង​របៀប​មួយ​កាន់តែ​ខ្ពង់ខ្ពស់ និង​កាន់តែ​បរិសុទ្ធ ។ ហើយ​ប្រសិនបើ​បងប្អូន​សង្ស័យ​ពី​សមត្ថភាព​ខ្លួន ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព នោះ​សូម​ពិចារណា​ពី​សុភាសិត​អាហ្វ្រិក​នេះ ៖ « ប្រសិនបើ​អ្នក​គិត​ថា អ្នក​គ្មាន​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ​ទេ មាន​ន័យ​ថា អ្នក​ពុំ​ធ្លាប់​ដឹង​ថា សត្វ​មូស​តូច​មួយ​មាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រមាស់​ឡើយ » ។

យើង​ពុំ​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ដែនដី​បរិសុទ្ធ ឬ​នៅ​ជិត​ព្រះអង្គសង្គ្រោះ​ដើម្បី​មាន​ការផ្លាស់ប្តូរ​ទេ ។ បុណ្យ​គ្រីស្ទម៉ាស់​គឺជា​គ្រា​មួយ ដែល​យើង​អាច​ផ្តោតចិត្ត​ទៅលើ​អំណោយ​ផ្ទាល់​ខ្លួន​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ ដោយ​បន្ត​ស្រឡាញ់ និង​ជួយ​មនុស្ស​ដទៃ ។ ពេល​យើង​ធ្វើ​ដូច្នេះ នោះ​ព្រះគ្រីស្ទ​នៅ​ភូមិ​បេថ្លេហិម​នៅ​មិន​ឆ្ងាយ​ពី​យើង​ឡើយ ទោះ​យើង​នៅ​ទី​ណា​ក្តី ។ វា​ជា​ជម្រើស​របស់​យើង​ដើម្បី​ដាក់​ព្រះគ្រីស្ទ​ជា​ផ្នែក​មួយ​នៃ​ជីវិត​យើង—ដើម្បី​ទទួល​យក​អំណោយ​ដែល​ទ្រង់​ប្រទាន​ដល់​យើង ហើយ​យើង​ថ្វាយ​ទ្រង់​នូវ​អំណោយ​ចេញ​ពី​ចិត្ត​យើង ។ ខ្ញុំ​ស្រឡាញ់​ទ្រង់ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីស្រឡាញ់​ជា​និរន្តរ៍​របស់​ទ្រង់​សម្រាប់​ពួកយើង​ម្នាក់ៗ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. អិម រ័សុល បាឡឺដ « The Atonement and the Value of One Soul »Liahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨៦–៨៧ ។