ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
កុំ​ឲ្យ​អ្នក​ណា​មាន​ចិត្ត​តោះតើយ


កុំ​ឲ្យ​អ្នក​ណា​មាន​ចិត្ត​តោះតើយ

កាល​ពី​មួយ​សប្តាហ៍​មុន ពន្លឺ​បុណ្យគ្រីស្ទម៉ាស់​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​បាន​បើក​ឡើង ដោយ​បន្ត​នូវ​ប្រពៃណី​ដែល​មាន​រយៈពេល ៥៣ ឆ្នាំ និង​សម្រាប់​មនុស្ស​ជាច្រើន វា​គឺជា​សញ្ញា​នៃ​ការចាប់ផ្តើម​បុណ្យ​គ្រីស្ទម៉ាស់ ។ នៅ​បុណ្យ​គ្រីស្ទម៉ាស់ យើង​សាទរ​ដល់​ការប្រសូត ព្រះជន្ម និង​ពន្លឺ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​បុត្រា​ដ៏​ពិត​របស់​ព្រះ និង​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។ យើង​រកឃើញ​ក្តីសង្ឃឹម​នៅក្នុង​ការប្រកាស​ដែល​កើត​មក​ជាមួយ​នឹង​ការប្រសូត​របស់​ទ្រង់​ថា ៖ « សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ » ។ តន្ត្រី កុមារ​ដែល​មាន​ចិត្ត​រំភើប អំណោយ​ដើម្បី​ឲ្យ និង​អំណោយ​ដែល​នឹង​ទទួល​បាន ដើម​គ្រីស្ទម៉ាស់ ការតុបតែង និង​ពន្លឺ​គឺ​ជា​ផ្នែក​ទាំងអស់​នៃ​ការសាទរ​ដ៏​អំណរ ។

ពេល​បងប្អូន​គិត​អំពី​បុណ្យ​គ្រីស្ទម៉ាស់ តើ​អនុស្សាវរីយ៍​រីករាយ​អ្វី​ខ្លះ​ដែល​ផុស​ឡើង​ក្នុង​ចិត្ត​បងប្អូន ? សម្រាប់​ខ្ញុំ គ្រា​នេះ​រំឭក​ខ្ញុំ ឲ្យ​ចាំ​ពី​អនុស្សាវរីយ៍​នៃ​ការសាទរ​ដល់​បុណ្យ​គ្រីស្ទម៉ាស់​កាល​ពី​កុមារភាព ។

ខ្ញុំ​អាច​នៅ​ចាំ​ពី​អំណោយ​ជាច្រើន​ដែល​ខ្ញុំ​បាន​ទទួល ។ ខ្ញុំ​ចាំ​ថា មាន​បាល់​ឱប កូន​បាល់​វាយ ប្រដាប់ប្រដា​លេង និង​សម្លៀកបំពាក់ ។ ឥឡូវ​នេះ អំណោយ​ទាំង​នោះ​បាន​ខូច និង​ត្រូវបាន​បំភ្លេច សម្លៀកបំពាក់​បាន​សឹក និង​ចាស់​អស់​ហើយ ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចាំ​ខ្លាំង​បំផុត​ពី​បុណ្យ​គ្រីស្ទម៉ាស់​កាល​ពី​អតីតកាល​នោះ​គឺ—អនុស្សាវរីយ៍​ដ៏​មាន​ឥទ្ធិពល និង​គួរ​ឲ្យ​ពេញចិត្ត​បំផុត​របស់​ខ្ញុំ—ពុំមែន​ជា​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​នោះ​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ឲ្យ​គេវិញ ។

ខ្ញុំ​សូម​ពន្យល់​អំពី​រឿង​នេះ ។ រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​សៅរ៍​ពីមុន​បុណ្យ​គ្រីស្ទម៉ាស់ ពួកយុវវ័យ​នៅវួដ​យើង​ជួបជុំ​គ្នា​នៅ​ព្រះវិហារ​របស់​យើង ។ យើង​បាន​យក​កន្ត្រក់​ដែល​មាន​ផ្លែ​ក្រូច ចេក និង​នំ​ឃុកឃី និង​នំខេក​ធ្វើ​ដោយ​ផ្ទាល់ដៃ យក​ទៅ​ជូន​ស្ត្រី​មេម៉ាយៗ​ដែល​រស់នៅ​ក្បែរ​នោះ ។ យើង​បាន​ទៅ​ផ្ទះ​របស់​ពួកគាត់ ច្រៀង​ចម្រៀង​បុណ្យគ្រីស្ទម៉ាស់ ហើយ​ជូន​កន្ត្រក់​អំណោយ​បុណ្យគ្រីស្ទម៉ាស់​នោះ​ទៅ​ពួកគាត់ ។ ខ្ញុំ​នៅចាំ​ពី​ស្នាម​ញញឹម​ដ៏​មាន​អំណរ​គុណ​របស់​ពួកគាត់ ។ ពួកគាត់​មួយ​ចំនួន​គឺជា​ជន​អន្តោប្រវេស្តន៍​ជំនាន់​ទី​មួយ ឬ​ទី​ពីរ បាន​បង្ហាញ​អំណរគុណ​ពួកគាត់​ជា​តុង​ភាសា​អង់គ្លេស ៖ មាន​ដូចជា បងស្រី ស្វត, ប៊ីនឌិន, ហ្គ្រូល និង ខាកខ្លើរ ។ ខ្ញុំ​នឹង​មិន​ភ្លេច​ពី​អារម្មណ៍​កក់ក្តៅ​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ឡើយ ។

ពេល​លេសា និង​ខ្ញុំ​បាន​ក្លាយ​ជា​ឪពុក​ម្តាយ​គេ យើង​បាន​ចាប់ផ្តើម​ប្រពៃណី​មួយ គឺ​ជូន​អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​ទៅ​គ្រួសារ​ដែល​ទ័លក្រ ដូច​បងប្អូន​ជា​ច្រើន​ធ្វើ​ដែរ ។ ជារឿយៗ យើង​បាន​ទទួល​ឈ្មោះ​គ្រួសារ​មួយ​មក​ពី​អង្គការ​សប្បុរសធម៌​ក្នុង​សហគមន៍ ជាមួយ​នឹង​អាយុ​របស់​កូនៗ​ពួកគេ ។ យើង​បាន​ចំណាយពេល​ច្រើន និង​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​រក​អំណោយ​ដែល​សម​នឹង​ពួកគេ ។ ពួក​កូនប្រុស​របស់​យើង​ហាក់​ដូចជា​រីករាយ​នឹង​កិច្ចការ​នេះ ខ្លាំង​ដូច​ការទទួល​អំណោយ​ផ្ទាល់​ខ្លួន​ពួកគេ​នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ដែរ ! ប្រពៃណី​នៃ​ការបម្រើ​ជា​គ្រួសារ​នេះ​បាន​ជួយ​រក្សា​វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ពិតប្រាកដ​នៅក្នុង​ចិត្ត​យើង ។

នៅក្នុង​ជីវិត​នៃ​វិជ្ជាជីវៈ​ខ្ញុំ ខ្ញុំ​ធ្វើ​ការទាក់ទង​នឹង​ការអភិវឌ្ឍ ការផលិត និង​ទីផ្សារ​នៃ​ឧបករណ៍​កីឡា​នៅទូទាំង​ពិភពលោក ។ ឧបករណ៍​ដូចជា ម៉ាស៊ីន​រត់​ហាត់​ប្រាណ កង់ធាក់​ហាត់​ប្រាណ និង​ម៉ាស៊ីន​ដើរ​ហាត់​ប្រាណ គឺ​ត្រូវបាន​ផលិត​ឡើង​ជា​ចម្បង​ដើម្បី​ជួយ​ឲ្យ​បេះដូង​រឹងមាំ ។ ប្រាកដ​ណាស់ នៅ​ក្រុមហ៊ុន​យើង យើង​បាន​ខិតខំ​ធ្វើការ ដើម្បី​ប្រាកដ​ថា អ្នក​ប្រើ​ឧបករណ៍​អាច​វាស់​យ៉ាង​ត្រឹមត្រូវ​នូវ​កម្រិត​នៃ​ស្ថានភាព និង​សកម្មភាព​បេះដូង​របស់​ពួកគេ តាមរយៈ​អេក្រង់​វាស់​ចង្វាក់​បេះដូង ។ សព្វ​ថ្ងៃ​នេះ ពួកយើង​ជា​ច្រើន​ពាក់​បច្ចេកវិជ្ជា​នេះ​នៅលើ-កដៃ​យើង ដែល​ពិនិត្យ​បេះដូង និង​ជំរុញ​សកម្មភាព​ដើម្បី​ពង្រឹង​បេះដូង​យើង ។

តាម​ការគិត​របស់​អ្នក​ប្រសិន​បើ​មាន​វិធី​មួយ​វាស់​ស្ថានភាព​ដួងចិត្ត​យើង​ចេញ​ពី​ទស្សនវិស័យ​ខាង​វិញ្ញាណ—គឺ​អេក្រង់​វាស់​ដួងចិត្ត​ខាង​វិញ្ញាណ តើ​វា​មាន​សភាព​បែប​ណា​វិញ ? តើ​អេក្រង់​វាស់​ដួងចិត្ត​របស់​អ្នក​នឹង​មាន​សភាព​បែប​ណា ? តើ​សុខភាព​ដួងចិត្ត​ខាង​វិញ្ញាណ​របស់​អ្នក​មាន​សភាព​ដូចម្តេច ? រដូវកាល​បុណ្យគ្រីស្ទម៉ាស់​ហាក់​ដូចជា​គ្រា​មួយ​ដ៏​ឧត្តម​សម្រាប់​យើង ឲ្យ​វាយតម្លៃ​ពី​ស្ថានភាព​ដួង​ចិត្ត​របស់​យើង ។

ឧទាហរណ៍ បងប្អូន​អាច​សួរ​ខ្លួន​ឯង​ថា « តើ​ចិត្ត​ខ្ញុំ​បាន​ត្រៀម​ទទួល​ព្រះអង្គសង្គ្រោះ​ដែរ​ឬ​ទេ ? » ជារឿយៗ នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​យើង​ច្រៀង​ថា « កុំ​ឲ្យអ្នក​ណា​មាន​ចិត្ត​តោះតើយ » ។ តើ​បងប្អូន​អាច​រៀបចំ​ដួងចិត្ត​របស់​បងប្អូន​សម្រាប់​ព្រះគ្រីស្ទ​ដូចម្តេច ជាពិសេស​អំឡុងពេល​រដូវ​ដ៏​មមាញឹក ប៉ុន្តែ​អស្ចារ្យ​នេះ ?

បទគម្ពីរ​មាន​ពេញ​ដោយ​ការ​ពិពណ៌នា ដែល​អាច​ជួយ​យើង​ឲ្យ​វាយ​តម្លៃ​ស្ថានភាព​ដួងចិត្ត​របស់​យើង​បាន ។ ខគម្ពីរ​មួយ​ចំនួន​មាន​ពាក្យ​ដូចជា « បរិសុទ្ធ »  « ស្លូតបូត »  « ទាប​រាបសា »  « សង្រេង »  និង « ទន់ទាប »  ពាក្យ​ទាំង​នេះ និង​ពាក្យ​ជាច្រើន​ទៀត​ពេញ​ក្នុង​ព្រះគម្ពីរ ផ្តល់​ការយល់​ដឹង​ដល់​យើង​អំពី​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ ។ ដើម្បី​ទទួល​ទ្រង់​ទៅក្នុង​ដួងចិត្ត​យើង ប្រាកដ​ណាស់ ដួងចិត្ត​យើង​ត្រូវ​តែ​បរិសុទ្ធ និង​ទន់ទាប​ដូចជា​ព្រះទ័យ​ទ្រង់ ។

ដោយ​ស្រង់​ពាក្យ​របស់​ប៉ុល យើង​អាច​ព្យាយាម​ឲ្យ​មាន​ពាក្យ និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ​ចារ​ដូចជា « សំបុត្រ…ទាំង​កត់​ទុក​ក្នុង​ចិត្ត​យើង​ខ្ញុំ​ផង ដែល​មនុស្ស​ទាំង​អស់​ក៏​ដឹង ហើយ​អាន​មើល​ដែរ ៖…សំបុត្រ​របស់​ព្រះគ្រីស្ទ…មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ » ។ ការណ៍​នេះ​តម្រូវ​ឲ្យ​ធ្វើ​អ្វី​លើស​ពី​ការគ្រាន់តែ​និយាយ​ស្វាគមន៍​បុណ្យគ្រីស្ទម៉ាស់​យ៉ាង​គួរសម​ពី​បបូរ​មាត់​យើង​ទៅទៀត ។ ព្រះអម្ចាស់​ព្រមាន​យើង​ទាស់​នឹង​អស់​អ្នក​ដែល « [ ប្រមូល​គ្នា ] មក​ជិត​យើង​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ​នោះ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ » ។ អំឡុងពេល​បុណ្យគ្រីស្ទម៉ាស់​នេះ និង​ពេញ​មួយ​ឆ្នាំ ទង្វើ​សប្បុរស និង​កិច្ចការ​ល្អ​របស់​យើង​គឺជា​ការបង្ហាញ​ដ៏​ល្អ​បំផុត​នៃ​សេចក្ដី​ស្រឡាញ់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ​បាន​ចារ​នៅក្នុង​ចិត្ត​យើង​ហើយ ។

ពេល​ខ្ញុំ​ពិចារណា​ពី​ស្ថានភាព​ដួងចិត្ត​ខ្ញុំ​ផ្ទាល់ ខ្ញុំ​រកឃើញ​ការបំផុសគំនិត និង​គំរូ​ល្អៗ​ដើម្បី​ធ្វើ​តាម នៅក្នុង​ដួងចិត្ត និង​ការពលិកម្ម​របស់​អស់​អ្នក​ដែល​ជួយ​ស្ថាបនា​សាសនាចក្រ នៅ​គ្រា​ដំបូង​នៃ​ការស្តារឡើង​វិញ​របស់​សាសនាចក្រ ។ ខ្ញុំ​ចង់​ចែកចាយ​រឿង​បុណ្យ​គ្រីស្ទម៉ាស់​មួយ​អំពី​អ្នក​ប្រែចិត្ត​ជឿ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពី​ជំនាន់​ដើម​មកពី​ទីក្រុង អ៊ីមមីងហាំ ប្រទេស​អង់គ្លេស ៖ គឺ ម៉ារី វ៉ូត លីតថលតុន ។

ម៉ារី និង​ស្វាមី​គាត់​ឈ្មោះ​ប៉ុល ពុំ​ធ្លាប់​គិត​ថា ពួកគេ​នឹង​ចាកចេញ​ពី​ផ្ទះ​របស់​គេ​នៅ​អង់គ្លេស​ទេ ។ ប៉ុន្តែ​ពួកគេ​បាន​ឮ​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ហើយ​ទទួល​បាន​ទីបន្ទាល់​នៃ​ភាពពោរពេញ​របស់​វា ។ ពួកគេ​បាន​ជ្រមុជទឹក ហើយ​ពីរ​ខែ​ក្រោយ​មក ម៉ារី និង ប៉ុល ជាមួយ​កូនៗ​ពួកគាត់ បាន​ជិះ​កប៉ាល់​ទៅ​ប្រទេស​អាមេរិក ដើម្បី​ជួបជុំ​ជាមួយ​ពួកបរិសុទ្ធ ។ ពួកគេ​បាន​មក​ដល់​ទីក្រុង នូវ យ៉ោក នៅ​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ១៨៤៤ ។ ប្រាំ​ថ្ងៃ​ក្រោយ​មក ពួកគេ​បាន​ធ្វើ​ដំណើរ​តាម​រទេះសេះ​ទៅ​ទីក្រុង ណៅវូ រដ្ឋ​អិលលីណោយ ។ សូម​ស្រមៃ​មើល​ថា—ការធ្វើ​ដំណើរ​នៅក្នុង​អាកាសធាតុ​ត្រជាក់​ខ្លាំង ផ្លូវ​ពិបាក នោះ​ពួកគេ​សាទរ​ដល់​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ដំបូង​របស់​គេ​នៅ​ប្រទេស​អាមេរិក ។

ទោះបីជា​មាន​ការផ្លាស់ប្តូរ​ទាំង​នេះ​ក្តី ម៉ារី​បាន​បន្ត​ក្តីសង្ឃឹម​ក្នុង​ចិត្ត​គាត់​ថា ថ្ងៃ​ណា​មួយ​គ្រួសារ​គាត់​នឹង​សាទរ​បុណ្យ​គ្រីស្ទម៉ាស់ ដូច​ពួកគេ​បាន​ធ្វើ​នៅ​ប្រទេស​អង់គ្លេស​ដែរ ដោយ​មាន​កម្រង​ផ្កា តា​ណូអែល និង​ចម្រៀង​បុណ្យគ្រីស្ទម៉ាស់ ។ ជាអកុសល បុណ្យគ្រីស្ទម៉ាស​ទី​ពីរ​របស់​ពួកគេ​នៅ​អាមេរិក​ក្នុង​ឆ្នាំ ១៨៤៥ ពុំ​សូវ​ល្អ​ប៉ុន្មាន​ទេ—ពួកគេ​បាន​ចំណាយ​ពេល​នៃ​បុណ្យ​គ្រីស្ទម៉ាស់​នៅលើ​រទេះ ដែល​ប៉ុល​បាន​យក​វា​ធ្វើ​ជា​ផ្ទះ​បណ្តោះអាសន្ន ខណៈ​ដែល​គ្រួសារ​នេះ​កំពុង​ពុះពារ​កសាង​ខ្លួន​ពួកគេ​នៅទីក្រុង​ណៅវូ ។ ជាថ្មី​ម្តង​ទៀត ពេញ​ដោយ​ក្តីសង្ឃឹម​ក្នុង​ចិត្ត ម៉ារី​បាន​និយាយ​ថា « បុណ្យគ្រីស្ទម៉ាស់​ឆ្នាំ​ក្រោយ​នឹង​ប្លែក​ពី​នេះ » ។

នៅ​ឆ្នាំ​បន្ទាប់​គឺ​ឆ្នាំ ១៨៤៦ បុណ្យ​គ្រីស្ទម៉ាស់​លើក​ទី​បី​របស់​គ្រួសារ​នេះ​នៅ​ប្រទេស​អាមេរិក ម៉ារី និង​កូនៗ​បាន​ទៅ​ដល់ វិនធើរ ខ្វរធើរ ដោយ​រៀបចំ​ខ្លួន​ពួកគេ​សម្រាប់​ការធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​មួយ​ទៅ​ភាគ​ខាង​លិច​នៅ​រដូវ​ផ្ការីក ។ ពួក​មនុស្ស​កំណាច​បាន​បណ្តេញ​ពួកគេ​ចេញពី​ណៅវូ ហើយ​ប៉ុល​កំពុង​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​លិច​ជាមួយ​កងវរសេនា​តូច​មរមន—ដែល​មាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​គ្នា ។ ជា​ថ្មី​ម្ដង​ទៀត គ្មាន​ចម្រៀង​បុណ្យគ្រីស្ទម៉ាស់ ហើយ​ក៏​គ្មាន​តា​ណូអែល​ដែរ ។ ផ្ទុយ​ទៅ​វិញ មាន​ការតមអាហារ និង​ការអធិស្ឋាន​ដោយ​ស្មោះសរ​សម្រាប់​កូនប្រុស​ច្បង​របស់​ម៉ារី​អាយុ​ប្រាំបី​ឆ្នាំ ដែល​ហៀប​នឹង​ស្លាប់​ដោយសារ​ជំងឺ​ខ្វះ​អាហារ​រូបត្ថម្ភ​ធ្ងន់ធ្ងរ ។ កូន​នោះ​បាន​នៅរស់ ប៉ុន្តែ​មនុស្ស ២៥ នាក់​ផ្សេង​ទៀត​នៅ វិនធើរ ខ្វរធើរ បាន​ស្លាប់​នៅ​ចំ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​នោះ​ឯង ។

វា​មិន​បាន​ល្អ​ឡើយ រហូត​ដល់​បុណ្យគ្រីស្ទម៉ាស់​លើក​ទី​បួន​របស់​គាត់​នៅ​អាមេរិក ដោយ​ទើប​តែ​ទៅ​ដល់​ជ្រលង​ភ្នំ សលត៍ លេក ម៉ារី និង​គ្រួសារ​គាត់​បាន​សាទរ​បុណ្យ​គ្រីស្ទម៉ាស់​រួម​គ្នា​ដោយ​ភាព​សុខសាន្ត ។ ទោះបី​ការសាទរ​នា​គ្រា​នោះ​មិន​ដូច​ជា​អ្វី​ដែល​គាត់​ធ្លាប់​ធ្វើ​នៅ​ប្រទេស​អង់គ្លេស​ក្តី ។ ប៉ុន្តែ វា​ពិតជា​បាន​ល្អ​ប្រសើរ​ច្រើន​ណាស់ ។ នាថ្ងៃ​សាទរ​បុណ្យគ្រីស្ទម៉ាស់​ចំ​ថ្ងៃ​ឈប់​សម្រាក​មួយ នៅ​ថ្ងៃ​បន្ទាប់​ពី​បុណ្យ​គ្រីស្ទម៉ាស់​ឆ្នាំ ១៨៤៧ ពួកបរិសុទ្ធ​បាន​ជួបជុំ​គ្នា​អធិស្ឋាន ថ្លែង​ពាក្យ​នៃ​ការដឹងគុណ និង​ច្រៀង​ចម្រៀង​សរសើរ​ព្រះ សម្រាប់​ការដោះលែង​ពួកគេ​នៅ​ក្រុង​ស៊ីយ៉ូន ។ បទចម្រៀង​មួយ​ក្នុង​ចំណោម​បទ​ទាំង​នោះ​គឺ​បទ « មក​មក​ពួកបរិសុទ្ធ » ដែល​ពន្យល់​ប្រាប់​ពី​ជម្រៅ​ដួងចិត្ត ជា​ទំនុកតម្កើង​ដែល​និពន្ធ​ស្តីពី​ការធ្វើ​ដំណើរ​របស់​ពួក​អ្នកត្រួសត្រាយ ដែល​បាន​ក្លាយ​ជា​ចម្រៀង​នៃ​សេចក្តីជំនឿ​ដល់​ពួក​បរិសុទ្ធ​ជា​អ្នក​ត្រួសត្រាយ​ជំនាន់​ដើម​ទាំង​នេះ ។ ក្រោយ​មក​ទៀត បទ « មក​មក​ពួកបរិសុទ្ធ » បាន​បន្ត​ជា​ទំនុកតម្កើង​ដ៏​ពេញចិត្ត​មួយ ដូច​ជា​បទ​ចម្រៀង​គ្រីស្ទម៉ាស់​ដែរ នៅ​ឯ​ការសាទរ​ដល់​បុណ្យគ្រីស្ទម៉ាស់​សម្រាប់​ពួកអ្នក​ត្រួសត្រាយ ។១០

ខ្ញុំ​ជឿ​ថា ឧបសគ្គ​របស់​ម៉ារី​អស់​ពេល​ជាច្រើន​ឆ្នាំ​បាន​ធ្វើ​ឲ្យ​គាត់​ផ្លាស់ប្តូរ​ដួងចិត្ត ។ គាត់​ហាក់​ដូចជា​យល់​កាន់តែ​ច្បាស់​ពី​បុណ្យ​គ្រីស្ទម៉ាស់ ជាមួយ​នឹង​ប្រពៃណី​បុណ្យ​គ្រីស្ទម៉ាស់​ថ្មី និង​ចម្រៀង​ថ្មី​នៅក្នុងដួង​ចិត្ត​គាត់ ។ គាត់​ពិតជា​បាន​អភិវឌ្ឍ ដួងចិត្ត​នៃ​ការពលិកម្ម ដោយ​ផ្តោត​ចិត្ត​គាត់​ឲ្យ​សង្ឃឹម និង​ស្រឡាញ់​ព្រះយេស៊ូវគ្រីស្ទ ។

រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​ហាក់​ដូចជា​គ្រា​មួយ​សមរម្យ ដើម្បី​ពិចារណា​ពី​សុខភាព​ដួងចិត្ត​ខាង​វិញ្ញាណ​យើង ដូច្នេះ​ខ្ញុំ​សូម​បញ្ចប់​ការនិយាយ​ជាមួយ​នឹង​យោបល់​សាមញ្ញ ដែល​អាច​ជួយ​យើង​ឲ្យ​ពិនិត្យ​មើល និង​ពង្រឹង​ដល់​ដួងចិត្ត​ខាង​វិញ្ញាណ​យើង ៖ ខ្ញុំ​សូម​អញ្ជើញ​ឲ្យ​យើង​គ្រប់​គ្នា​ជ្រើសរើស​ធ្វើ​អ្វី​មួយ​ដែល​បង្ហាញ​ឥរិយាបថ ពី​ក្រៅ និង​បង្ហាញ​អារម្មណ៍ ក្នុង​ចិត្ត យើង​អំពី​ព្រះអង្គសង្គ្រោះ​គឺ​ព្រះយេស៊ូវគ្រីស្ទ ទុក​ជា​អំណោយ​ដែល​យើង​ថ្វាយ​ទ្រង់​នា​ឆ្នាំ​នេះ ។

ដូច ម៉ារី លីតថលតុន ដែរ យើង​ជួបជុំ​គ្នា​នា​រាត្រី​នេះ​ក្នុងនាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដ៏​ស្មោះត្រង់ ដើម្បី​ថ្វាយ​បង្គំ​ទ្រង់ ។ ឥឡូវ​នេះ​សូម​ផ្ទៀង​ស្តាប់ ពេល​ក្រុមចម្រៀង​ចូលរួម​ច្រៀង​ជាមួយ « ក្រុមចម្រៀង​នៃ​ពួកទេវតា » នៅក្នុង​ទំនុកតម្កើង​ដ៏​ពិរោះ និង​អញ្ជើញ​ឲ្យ « ពួក​អ្នក​ស្មោះត្រង់ មក​មើល​បុត្រ ដែល​សង្គ្រោះ​មនុស្ស​ទាំងឡាយ » ។  មិន​ថា យើង​រស់នៅ​ទីណា​ក្នុង​ពិភពលោក​នេះ​ទេ យើង​ម្នាក់ៗ​អាច « មក…ដោយ​ច្រៀង​បទ​ថ្វាយ​ព្រះអង្គ…មក​ដល់​ភូមិ​បេថ្លេហិម »—គឺ​នៅ​ក្នុង​ដួង​ចិត្ត​យើង—មក​ថ្វាយ​បង្គំ​ព្រះអង្គ ។១១

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ពី​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភព​លោក ។ សូម​ឲ្យ​យើង​មាន​វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ចារ​ក្នុង​ចិត្ត​យើង ពេញ​មួយ​រដូវកាល​បុណ្យ​នេះ និង​នៅក្នុង​ឆ្នាំ​ថ្មី ។ វា​ជា​ការអធិស្ឋាន​របស់​ខ្ញុំ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។