២០១៥
រាត្រី​ជួបជុំ​ក្រុម​គ្រួសារ—អ្នកអាចធ្វើ បាន​!
April 2015


គេហដ្ឋាន និង ក្រុម​គ្រួសារ​របស់​យើង

រាត្រី​ជួបជុំ​ក្រុម​គ្រួសារ — អ្នកអាចធ្វើបាន​ !

មិន​ថា​ក្រុម​គ្រួសារ​របស់​អ្នក​យ៉ាងណា​ទេ រាត្រី​ជួបជុំ​ក្រុមគ្រួសារ​អាច​ប្រទាន​ពរ និង​ពង្រឹង​អ្នក ។

រូបភាព
composite of older photo and paint brushes with paint on them.

រូបថត​ប្រវត្តិ​សាស្ត្រ​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ដោយ សាកល​វិទ្យាល័យ​ប៊ើរមីងហាំ រូបថត​នៃ​គំនូរ​ដោយ iStock/Thinkstock

ឪពុក​ម្នាក់​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ការ​នឿយ​ហត់ បន្ទាប់​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃមក ហើយ​ឃើញ​ថា​សមាជិក​គ្រួសារ​ដទៃ​ទៀត​កំពុង​ពុះពារ​នឹង​អារម្មណ៍​មួម៉ៅ​ស្រដៀង​គ្នា​ដែរ ។ វា​ជា​រាត្រី​ថ្ងៃ​ច័ន្ទ ហើយ​ការ​ធ្វើ​រាត្រី​ក្រុម​គ្រួសារ ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច​សោះ ។ បន្ទាប់​ពី​អធិស្ឋាន​សុំជំនួយ ឪពុក និង​ម្ដាយ​សម្រេច​ចិត្ត​ធ្វើ​រាត្រី​ជួបជុំក្រុម​គ្រួសារ​នោះ​យ៉ាង​សាមញ្ញ ។ ពួក​គេ​បាន​ហៅ​ក្រុមគ្រួសារ​មក​ជួបជុំ​គ្នា ច្រៀង​ទំនុក​តម្កើង ហើយ​អធិស្ឋាន​រួម​គ្នា ។ ពួកគេ​បាន​ឲ្យ​ទៀន​តូច​មួយ​ដល់​សមាជិក​គ្រួសារ​ម្នាក់ៗ ដើម្បី​បំភ្លឺ​ពេល​ដែល​ពួក​គេ​ប្រាប់​ពី​អ្វី ដែល​បំផុស​គំនិត​ពួកគេ​ក្នុង​ពេល​ថ្មីៗ ។ នៅ​ក្នុង​បន្ទប់​ដ៏​ងងឹត ពន្លឺ​របស់​ភ្លើង​ទៀន​តំណាង​ឲ្យ​ការ​បំផុស​គំនិត និងឲ្យ​កូនៗ​​ផ្តោតយកចិត្ត​ទុកដាក់​ ។ ពេល​ដែល​ទីបន្ទាល់​ត្រូវ​បាន​ចែក​ចាយ អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត​ដ៏​ផ្អែមល្ហែម​មួយ បាន​ជ្រៀត​ចូល​នៅ​ក្នុង​ផ្ទះ ។ ក្រុម​គ្រួសារ បាន​បញ្ចប់​រាត្រី​នោះ​ដោយ​សេចក្ដី​អំណរ​ដែល​ពួក​គេ​បាន​ធ្វើ​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។

តើ​អ្នក​បាន​ដឹង​ទេ​ថា រាត្រី​ជួបជុំ​ក្រុម​គ្រួសារ បាន​កើត​មានជា​កម្ម​វិធី​សាសនាចក្រ​អស់​រយៈ​ពេល​100 ​ឆ្នាំ​ហើយ​ទេ ? នៅ​ខែ មេសា ឆ្នាំ 1915 គណៈ​ប្រធាន​ទី​មួយ បាន​ដឹកនាំ​សមាជិក​ឲ្យ​ទុក​មួយ​យប់​រាល់​សប្ដាហ៍ សម្រាប់​ការ​អធិស្ឋាន​ជា​ក្រុម​គ្រួសារ តន្ត្រី ការរៀនសូត្រ​ដំណឹង​ល្អ រឿងនិទាន និង​សកម្ម​ភាព​នានា ។ ( សូមមើល​ទំព័រ 80 សម្រាប់​ការ​ដក​ស្រង់​ពី​សារលិខិត​របស់​គណៈប្រធាន​ទី​មួយ ) ព្យាការី​ទាំងឡាយ បាន​បន្ត​រំឭក​យើង​ពី​សារៈសំខាន់​នៃ​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា « យើង​មិន​អាច​ធ្វេសប្រហែសនឹង​កម្មវីធី​ដែល​បាន​បំផុស​គំនិត​ពី​ស្ថានសួគ៌​នេះ​បាន​ទេ » ។ « វា​អាច​នាំ​មក​នូវ​ការ​រីកចម្រើន​ខាង​វិញ្ញាណ​ដល់​សមាជិក​គ្រួសារ​ម្នាក់ៗ ជួយ​គាត់​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​ល្បួង​ដែល​មាន​នៅ​គ្រប់​ទី​កន្លែង »1

ខាង​ក្រោម​នេះ គឺ​ជា​ឥរិយាបទ​មួយ​ចំនួន​ដើម្បី​រក្សាទុក​ក្នុង​ចិត្ត​ថា ពេល​ដែល​អ្នក​ធ្វើ​ឲ្យ​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ​ជា​ផ្នែក​មួយ​នៃ​សប្ដាហ៍​របស់​អ្នក ៖

វា​បាន​អនុវត្ត​ចំពោះ​ខ្ញុំ ។ អែលឌើរ អិល ថម ភែរី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « រាត្រី​ជួបជុំ​ក្រុម​គ្រួសារ គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា » ។2 យើង​ទាំង​អស់គ្នា — អ្នក​ដែល​រៀបការ​ហើយ ឬ​នៅ​លីវ — អាច​លះបង់​ពេល​វេលា​ដើម្បី​ពង្រឹង​គ្រួសារ និង​រៀនសូត្រ​ដំណឹង​ល្អ ។

ខ្ញុំ​អាច​រក​ពេល​វេលា​បាន ។ សាសនាចក្រ​បាន​ស្ថាបនាគំរូ ដោយ​រក្សា​យប់​ថ្ងៃ​ច័ន្ទ​ទំនេរ​ពី​សកម្មភាព​សាសនាចក្រ​នានា ។ អ្នក​អាច​បង្ហាញ​ព្រះ​អម្ចាស់ និង​ក្រុម​គ្រួសារ​របស់​អ្នក​ថា អ្នក​មានឆន្ទៈ​នឹង​ញែក​ពេល​វេលា​ទុកសម្រាប់​អ្វី​ដែល​សំខាន់​បំផុត ។

ខ្ញុំអាច​រក​ឃើញ​អ្វី​ដែល​ដំណើរ​ការ​ល្អសម្រាប់​គ្រួសារ​របស់​ខ្ញុំ ។ ប្រសិន​បើ​ក្រុម​គ្រួសារ​របស់​អ្នក រស់នៅ​ឆ្ងាយពីគ្នា ក្នុងភូមិសាស្ត្រ​ខុសគ្នា សូម​ព្យាយាមធ្វើ « រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​តាម​អ៊ិនធើរណែត » ដើម្បី​និយាយ​ជាមួយ​នឹង​សមាជិក​គ្រួសារ​តាម​អ៊ិនធើរណែត ឬ​តាម​ទូរសព្ទ ។ តើ​មាន​នរណា​ម្នាក់​ត្រូវ​ធ្វើ​ការ​យឺត​ទេ ? សូម​ធ្វើ « រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​នៅ​សួន​ច្បារ » នៅ​ជិត​កន្លែង​ធ្វើ​ការ​ក្នុង​អំឡុង​ពេល​ឈប់​សំរាក ។ ឪពុក​ដែល​បាន​លែង​លះ​ម្នាក់​ធ្វើ « រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​តាម​សំបុត្រ » ជា​រៀង​រាល់​ថ្ងៃ​ច័ន្ទ សរសេរ​ទៅ​កូនៗ​របស់​គាត់​ដែល​រស់​នៅ​ឆ្ងាយ​ពីគាត់ ។3 សូម​ឲ្យ​ឧបសគ្គ ក្លាយ​ជា​កាតាលីករ​សម្រាប់​ការ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ ។

ខ្ញុំ​អាច​ចាប់​ផ្ដើម​ធ្វើ​វា​នៅ​សប្ដាហ៍​នេះ ។ រាត្រី​ជួបជុំ​ក្រុម​គ្រួសារ អាច​ត្រូវ​រៀបចំឡើង​ស្រប​ទៅតាម​តម្រូវការ និង​កាលៈទេសៈ​នៃ​គេហដ្ឋាន​របស់​អ្នក ។ ខាងក្រោម​នេះ គឺ​ជាការ​ផ្ដល់​យោបល់​ទូទៅ​មួយ​ចំនួន ៖

  • ចាប់​ផ្ដើម និង បញ្ចប់​ជាមួយនឹង​ការ​អធិស្ឋាន ។

  • ប្រើ​តន្ត្រី រួម​បញ្ចូល​ទាំង​ទំនុក​តម្កើង និង​ចម្រៀង​កុមារ ។

  • រៀន​ពី​ព្រះ​គម្ពីរ និង​ព្យាការី​សម័យ​ទំនើប ។

  • រួមបញ្ចូល​សកម្មភាព​រាង​កាយ​ខុសៗ​គ្នា​មួយ​ចំនួន គម្រោង​នៃការ​បម្រើ និង​សកម្មភាព​ផ្តោត​លើ​ដំណឹងល្អ ពី​សប្ដាហ៍​មួយ​ទៅ​សប្ដាហ៍​មួយ ។

  • សប្បាយ​រីករាយចុះ ​! លេង​ហ្គេម ឬ​ធ្វើ​អាហារ​សម្រន់ ។

  • សូម​ធ្វើ​ឲ្យ​មាន​ស្ថិរភាព ប្រសិន​អ្នក​មិន​អាច​ធ្វើ​វា​នៅ​ថ្ងៃ​ចន្ទ សូម​រក​ថ្ងៃ​មួយ​ផ្សេង​ទៀត​ដែល​ដំណើរ​ការល្អ ។

ខ្ញុំចង់បាន​ពរជ័យ ។ ព្យាការី​ទាំងឡាយ​បាន​សន្យា​ថា បើ​យើង​ចូល​រួម​ក្នុង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ នឹង​មាន​ពរជ័យ ដែល​ជាលទ្ធ​ផល​ដ៏​អស្ចារ្យ ៖ សេចក្ដី​ស្រឡាញ់ និង​ការ​គោរព​ប្រតិបត្តិ នៅ​គេហដ្ឋាន​នឹង​កើន​ឡើង ។ សេចក្ដី​ជំនឿ​នឹង​អភិវឌ្ឍ នៅ​ក្នុង​ដួង​ចិត្ត​របស់​យុវវ័យ ។ ក្រុម​គ្រួសារ « នឹង​ទទួល​បាន​អំណាច ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​អាក្រក់ និង​ការ​ល្បួង​ទាំង​ឡាយ » ​ដែល​រុំព័ទ្ធ​ជុំវិញពួក​គេ ។4

ខណៈ​ពេល​ដែល​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​របស់​អ្នក​មិន​អាច​មាន​បទ​ពិសោធន៍​ដ៏ល្អ​ឥត​ខ្ចោះ​រាល់​ពេល នោះ​ក្រុម​គ្រួសារ​របស់​អ្នក​នឹង​ត្រូវ​បាន​ពង្រឹង​ឡើង និង​ប្រទាន​ពរ​ឲ្យ ដោយ​សារ​តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក ។ អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​នីមួយៗ គឺ​ជា​ការផាត់​ពណ៌​ដោយច្រាស់សើៗ​នៅ​លើ​ផ្ទាំង​គំនូរ​នៃ​ព្រលឹង​របស់​យើង » ។ « គ្មាន​ព្រឹត្តិការណ៍​ណាមួយ ដែល​ទំនង​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ឬ​គួរ​ឲ្យ​ចងចាំ​ហួស​ហេតុ​នោះទេ ។ ប៉ុន្តែ ក៏ដូចជាការផាត់​ទឹក​ថ្នាំ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នោះ​វា​បាន​បង្កើត​ផ្ទាំង​គំនូរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដូច្នេះ​ភាពស្ថិរភាព​របស់​យើង​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ហាក់​ដូច​ជា​តូច​មួយ អាច​នាំ​មក​នូវ​លទ្ធផល​ខាង​វិញ្ញាណ​ដ៏​សំខាន់ »5

កំណត់​ចំណាំ

  1. ថូម៉ាស អេស ម៉នសុន « Constant Truths for Changing Times » លីអាហូណា, ខែ ឧសភា ឆ្នាំ 2005, ទំព័រ 19 ។

  2. អិល ថម ភែរី, « Therefore I Was Taught » Ensign, ខែ ឧសភា ឆ្នាំ 1994, ទំព័រ 38 ។

  3. « រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ៖ ទំហំណាមួយ, ស្ថានភាព​ណាមួយ » Ensign, ខែ ធ្នូ ឆ្នាំ 2001, ទំព័រ 42 ។

  4. គណៈ​ប្រធាន​ទី​មួយ, ក្នុង ជេម អ័រ ក្លាក, comp., សារលិខិត​គណៈប្រធាន​ទី​មួយ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, វ៉ុល 6. ( ឆ្នាំ 1965–75 ), 4:339 ។

  5. ដេវីឌ អេ បែដណា « More Diligent and Concerned at Home » Liahona, ខែ វិច្ឆិកា ឆ្នាំ 2009, ទំព័រ 19–20 ។