Curriculum Training
ការបំពាក់​បំប៉ន​អំពី​ការវាយ​តម្លៃ


« ការបំពាក់​បំប៉ន​អំពី​ការវាយ​តម្លៃ » ការ​បំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២២ )

« ការបំពាក់​បំប៉ន​អំពី​ការវាយ​តម្លៃ » ការ​បំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា

រូបភាព
សិស្ស​អង្គុយ​នៅ​​តុ

ការបំពាក់​បំប៉ន​អំពី​ការវាយ​តម្លៃ

ការវាយតម្លៃ​គឺជា​ផ្នែក​សំខាន់​នៃ​ការរៀនសូត្រ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​គូស​បញ្ជាក់ អំពី​សារៈសំខាន់​នៃ​ការវាយតម្លៃ ជា​ទម្រង់​នៃ​ការប្រឡង នៅក្នុង​ដំណើរ​ការ​នៃ​ការរៀនសូត្រ ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

ការប្រឡង​តាម​ពេល​កំណត់​ពិត​ជាមាន​សារៈសំខាន់​ក្នុង​ការរៀនសូត្រ ។ ការប្រឡង​ដ៏​មាន​ប្រសិទ្ធភាព​ជួយ​យើង​ឲ្យ​ប្រៀបធៀប​អ្វី​ដែល​យើង​ត្រូវ​ដឹង ជា​មួយ​នឹង​អ្វី​ដែល​យើង​ពិត​ជា​ដឹង​អំពី​ប្រធានបទ​ជាក់លាក់​មួយ វា​ក៏​ផ្ដល់​ជា​បទដ្ឋាន​មួយ ដែល​យើង​អាច​វាយតម្លៃ​ការរៀនសូត្រ និង​ការអភិវឌ្ឍ​របស់​យើង​ផងដែរ ។

ដូចគ្នា​នេះដែរ ការប្រឡង​នៅ​សាលា​នៃ​ជីវិត​រមែង​ស្លាប់​គឺ​ជា​ធាតុ​សំខាន់​នៃ​ការរីក​ចម្រើន​ដ៏​អស់កល្ប​របស់​យើង ។ ប៉ុន្ដែ​អ្វី​គួរ ឲ្យ​ចាប់​អារម្មណ៍​គឺ ពាក្យ ការប្រឡង គឺ​មិន​មាន​សូម្បី តែ​ម្ដង​នៅក្នុង​អត្ថបទ​ព្រះគម្ពីរ​នៃ​គម្ពីរ​បមាណី​ជា​ភាសា​អង់គ្លេស​ទេ ។ ផ្ទុយ​ទៅ​វិញ ពាក្យ​ដូចជា សាកល្បង, ពិនិត្យ, និង ព្យាយាម ត្រូវ បាន​ប្រើ​ដើម្បី​រៀបរាប់​ពី​លំនាំ​ផ្សេងៗ​ក្នុង​ការបង្ហាញ​ចំណេះដឹង​ខាង​វិញ្ញាណ ការយល់​ដឹង និង​ភក្ដីភាព​របស់​យើង​ដោយ​សមរម្យ​ចំពោះ​ផែនការ​នៃ​សុភមង្គល​ដ៏​អស់កល្ប​របស់​ព្រះវរបិតាសួគ៌ និង​សមត្ថភាព​របស់​យើង​ដើម្បី​ស្វែងរក​ពរជ័យ​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ( ដេវីឌ អេ បែដណា « We Will Prove Them Herewith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨ )

ការវាយ​តម្លៃ​ជា​ទៀងទាត់​នៅក្នុង​ថ្នាក់​សិក្ខាសាលា អាច​ជួយ​សិស្ស​បង្ហាញ​នូវ​ចំណេះ​ដឹង ការយល់ដឹង​ខាង​វិញ្ញាណ និង​ភក្តីភាព​របស់​ពួកគេ​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ការវាយ​តម្លៃ​ជាទម្រង់​ទាំង​នេះ អាច​ជួយ​សិស្ស​កាន់តែ​ដឹង​អ្វី​ដែល​ពួកគេ​កំពុង​រៀន និង​របៀប​ដែល​ពួកគេ​កំពុង​រីកចម្រើន ។

ការដឹង​នេះ​អាច​ក្លាយ​ជា​បទពិសោធន៍​ប្រកប​ដោយ​រង្វាន់ និង​ការជំរុញ​ទឹកចិត្ត ហើយ​អាច​អញ្ជើញ​វិវរណៈ​ផ្ទាល់​ខ្លួន​ចូល​មក​ក្នុង​ជីវិត​របស់​សិស្ស​កាន់តែ​ខ្លាំង​ឡើង ។ វា​ក៏​អាច​ជួយ​សិស្ស​ឲ្យ​បង្កើត​ផែនការ​សម្រាប់​ការរីកចម្រើន និង​ការរៀន​សូត្រ​នា​ពេល​អនាគត ។ ឧទាហរណ៍​មូយ​ចំនួន​អំពី​សកម្មភាព​វាយ​តម្លៃ​នានា នៅក្នុង​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​រួមមាន​មេរៀន « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក », មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ ( រួម​មាន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ) និង​ការវាយតម្លៃ​ការរៀនសូត្រ​សម្រាប់​ផ្នែក​ពាក់កណ្តាល​នីមួយៗ​នៃ​វគ្គ​សិក្សា​នេះ ។

មេរៀន « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក »

ជារឿយៗ​នៅក្នុង​កម្មវិធីសិក្សា​ថ្នាក់​សិក្ខាសាលា នោះ​អ្នក​នឹង​ឃើញ​មេរៀន « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក » ។ មេរៀន​ទាំង​នេះ​ត្រូវបាន​គ្រោង​ឡើង​ជា​រៀងរាល់​បួន​ទៅ​ប្រាំមួយ​សប្តាហ៍​ម្តង និង​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​ឆ្លុះបញ្ចាំង​យ៉ាង​យក​ចិត្ត​ទុកដាក់​នៅលើ​ការរៀនសូត្រ​របស់​ពួកគេ ។ ជាពិសេស​មេរៀន​ទាំង​នេះ​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ ពន្យល់​គោលលទ្ធិ ដែល​ពួកគេ​បាន​រៀន​នៅក្នុង​វគ្គ​សិក្សា ឆ្លុះបញ្ចាំង​ពី​អារម្មណ៍ អាកប្បកិរិយា និង​បំណង​ប្រាថ្នា​របស់​ពួកគេ ទាក់ទង​ទៅនឹង​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង រំឭក​ផែនការ ឬ​គោលដៅ​នានា​ដែល​ពួកគេ​ខិតខំ​បំពេញ ដើម្បី​បង្កើន​ភាព​ជាសិស្ស និង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សិស្ស​ដែល​ធ្វើ​ការវាយ​តម្លៃ​ទាំង​នេះ គឺ​ពុំ​ត្រូវបាន​កត់ត្រា​ទុក​ជា​ផ្លូវ​ការ ដូច​ការវាយ​តម្លៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទេ ។ ការវាយ​តម្លៃ​ជា​ទម្រង់​ទាំង​នេះ​មាន​គោលបំណង​ផ្តល់​ជា​ប្រយោជន៍​ដល់​សិស្ស​ផ្ទាល់ ។

ទោះបី​ជា​សិស្ស​មាន​ការទទួល​ខុសត្រូវ​ចម្បង លើ​ការវាយ​តម្លៃ​ការរៀន​សូត្រ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​នៅក្នុង​មេរៀន​ទាំង​នេះ​ក្តី អ្នកដទៃ​ទៀត​ក៏​អាច​ជួយ​បាន​ផងដែរ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ដើរ​តួ​យ៉ាង​សំខាន់​នៅក្នុង​ការជួយ​សិស្ស​វាយតម្លៃ​ខ្លួន​ពួកគេ ។ គ្មាន​ដៃគូ​ណា​ដែល​ល្អ​ជាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ច្បាស់ ពី​របៀប​ដែល​ពួកគេ​កំពុង​រៀនសូត្រ និង​រីកចម្រើន និង​របៀប​ដែល​ពួកគេ​អាច​បន្ត​កែលម្អ​បាន ។

មិត្ត​រួម​ថ្នាក់​អាច​ជួយ​សិស្ស​ក្នុង​ថ្នាក់​វាយ​តម្លៃ​ការរៀន​សូត្រ​របស់​ពួកគេ​បាន ហើយ​អ្នក​ដែល​ជា​គ្រូបង្រៀន​ក៏​អាច​ជួយ​ពួកគេ​បាន​ផងដែរ ។ នៅពេល​សិស្ស​កំពុង​ពន្យល់​គោលលទ្ធិ ការណ៍នេះ​អាច​ជា​គ្រា​ដ៏​ល្អ​មួយ​ដើម្បី​ឲ្យ​សិស្ស​ធ្វើ​ការ​ជាមួយ​គ្នា អនុវត្ត​ការពន្យល់ ឬ​ដើរ​តួ​សម្តែង ។ ក្នុង​នាម​ជា​គ្រូបង្រៀន អ្នក​អាច​ក្លាយ​ជា​ធនធាន​ដ៏​ល្អ​មួយ​ដើម្បី​ផ្តល់​មតិ​កែលម្អ​ដល់​សិស្ស អំពី​ការរីកចម្រើន​ដែល​ពួកគេ​កំពុង​ខិតខំ​ធ្វើ ឬ​ព្យាយាម​ធ្វើ ។ អ្នក​អាច​ព្រាង​គំនិត ឬ​ចែកចាយ​បទ​ពិសោធន៍​នានា​ពី​ជីវិត​របស់​អ្នក​ផ្ទាល់​ដើម្បី​ជួយ​សិស្ស ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សូម​ចាំ​ថា វា​មិន​គួរក្លាយ​ជា​ការរំពឹង​ទុក​មួយ​ថា សិស្ស​ត្រូវ​រាយការណ៍​ពី​គោលដៅ ឬ​ផែនការ​នានា​របស់​ពួកគេ​ដល់​អ្នក​ឡើយ ។ គោលដៅ និង​ផែនការ​មួយ​ចំនួន​នេះ​អាច​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ណាស់ ។ ប្រសិនបើ​សិស្ស​មាន​អារម្មណ៍​ចង់​ចែកចាយ​ផែនការ ឬ​គោលដៅ​របស់​ពួកគេ​ដល់​អ្នក សូម​ប្រឹក្សា​រួម​គ្នា​ជាមួយ​ពួកគេ ប៉ុន្តែ​ក៏​សូម​ទទួល​ស្គាល់​ពេល​វេលា​ដែល​សិស្ស​គួរតែ​ត្រូវបាន​បង្វែរ​ទៅ​រក​ការណែនាំ​ពី​ឪពុកម្តាយ ឬ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​ពួកគេ​ផងដែរ ។

ការបង្កើត​សកម្មភាព​វាយ​តម្លៃ​សម្រាប់​មេរៀន « វាយ​តម្លៃ​ការរៀន​សូត្រ​របស់​អ្នក »

ពេលខ្លះ អ្នក​នឹង​ត្រូវតែ​កែសម្រួល​មេរៀន « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក » ដោយ​បង្កើត​សម្មភាព​ការវាយតម្លៃ​ថ្មី​មួយ ។ ដោយសារ​តែ​កាលវិភាគ​របស់​សាលា​រៀន នោះ​អាច​មាន​មេរៀន​មួយ​ដែល​សិស្ស​មិន​បាន​សិក្សា ដែល​មេរៀន « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក » នៅក្នុង​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​មាន​សម្រាប់​បង្រៀន ។ ឬ​ប្រហែល​ជា​មាន​មេរៀន​មួយ ដែល​មាន​អត្ថន័យ​ជា​ពិសេស​សម្រាប់​សិស្ស ដែល​មេរៀន « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក » ពុំ​មាន​បង្រៀន ។ នៅក្នុង​ករណី​ទាំង​នេះ អ្នក​ត្រូវ​ជំនួស​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​នានា​នៅក្នុង​មេរៀន « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក » ដោយ​ប្រើ​សកម្មភាព​មួយ​ដែល​អ្នក​បង្កើត ដើម្បី​វាយ​តម្លៃ​ការយល់ដឹង ឬ​ការរីកចម្រើន​របស់​សិស្ស​ស្តីពី​ប្រធាន​បទ​នោះ ។

ជំហាន​ខាង​ក្រោមនេះ​អាច​ជួយ​អ្នក​បង្កើត​សកម្មភាព​វាយតម្លៃ​ប្រកប​ដោយ​ប្រសិទ្ធភាព ។

ជំហាន​ទី ១ ៖ សូម​ចាប់ផ្តើម​ដោយ​ការរកមើល​មេរៀន​មួយ​ដែល​អ្នក​ចង់​តាមដាន ។ តើ​លទ្ធផល​បែប​ណា​ដែល​មេរៀន​នោះ​ផ្តោត​ទៅ​លើ ?

តើ​មេរៀន​នោះ​ផ្តោត​ខ្លាំង​ទៅលើ​អ្វី​ដែល​សិស្ស​ដឹង និង​យល់​ដែរ​ឬ​ទេ ? តើ​មេរៀន​នោះ​សង្កត់​ធ្ងន់​ខ្លាំង​ទៅលើ​អារម្មណ៍ អាកប្បកិរិយា ឬ​បំណង​ប្រាថ្នា​របស់​សិស្ស​ដែរ​ឬ​ទេ ? ឬ​ប្រហែល​ភាគច្រើន​មេរៀន​នោះ​ផ្តោត​ទៅលើ​ឥរិយាបថ​របស់​សិស្ស ? ការដឹង​ពី​ប្រភេទ​នៃ​លទ្ធផល​ដែល​អ្នក​ចង់ជួយ​សិស្ស​ឲ្យ​សម្រេច​បាន អាច​ជួយ​អ្នក​បង្កើត​បទពិសោធន៍​ការវាយ​តម្លៃ​សមស្រប​មួយ ។

ជំហាន​ទី ២ ៖ សូម​ពិចារណា​អំពី​អ្វី​ដែល​សិស្ស​អាច​ធ្វើ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​ការរីកចម្រើន និង​ការរៀនសូត្រ​របស់​ពួកគេ ។ សូម​ចងចាំ​ថា នេះ​​មិន​មែន​ជា​អ្វី​មួយ​ដែល​សិស្ស​ត្រូវតែ​បង្ហាញ​ដល់​អ្នក ឬ​សិស្ស​ដទៃ​ទៀត​នោះឡើយ ។ វា​គួរតែ​ជា​អ្វី​មួយ​សាមញ្ញ ដែល​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ពី​ការរីកចម្រើន​ផ្ទាល់​របស់​ពួកគេ​នៅក្នុង​ការរៀនសូត្រ​របស់​ពួកគេ ។ ឧទាហរណ៍​អាច​រួម​មាន​ដូច​តទៅ ៖

  • លទ្ធផល​ផ្នែក​ចំណេះ​ដឹង និង​ការយល់​ដឹង ៖ សិស្ស​អាច​បង្រៀន ឬ​ពន្យល់​គោលគំនិត​ខាង​គោលលទ្ធិ ទោះតាម​ការនិយាយ ឬ​ការសរសេរ​ក្តី ។ ការណ៍​នេះ​អាច​ជា​ការឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​មួយ ដែល​សិស្ស​អនុវត្ត​ការពន្យល់​គោលលទ្ធិ ។

  • លទ្ធផល​ផ្នែក​អារម្មណ៍ អាកប្បកិរិយា ឬ​បំណង​ប្រាថ្នា ៖ សិស្ស​អាច​មើល​ការវាយ​តម្លៃ​ផ្ទាល់​ខ្លួន​ឡើង​វិញ​មក​ពី​មេរៀន​មុនៗ ហើយ​ប្រៀបធៀប​ចម្លើយ​របស់​ពួកគេ​នា​ពេល​បច្ចុប្បន្ន​នេះ ជាមួយ​នឹង​ចម្លើយ​ដែល​ពួកគេ​បាន​ឆ្លើយ​កាល​ពី​ពួកគេ​ទើបតែ​ចាប់ផ្តើម​រៀន​មេរៀន​នោះ ។ វា​អាច​ជា​កំណត់ហេតុ​មួយ​ដែល​ពួកគេ​ពិនិត្យ​មើល ឬ​ការស្ទង់មិត​មួយ​ដែល​ពួកគេ​បំពេញ​ដើម្បី​ឆ្លើយ​តប ឬ​បំពេញ​ម្តង​ទៀត​ដើម្បី​កត់សម្គាល់​ពី​ភាព​ខុសប្លែក​គ្នា ។

  • លទ្ធផល​ផ្នែក​ឥរិយាបថ ៖ សិស្ស​អាច​ពិនិត្យ​មើល​អ្វី​ដែល​ពួកគេ​ទទួល​ចំណាប់​អារម្មណ៍​ឲ្យ​ធ្វើ ឬ​ផែនការ​ដែល​ពួកគេ​បាន​បង្កើត​ដែល​ជា​ផ្នែក​មួយ​នៃ​មេរៀន ។ បន្ទាប់មក ពួកគេ​អាច​សញ្ជឹង​គិត​ពី​របៀប​ដែល​ពួកគេ​បាន​ធ្វើ​តាម​ចំណាប់​អារម្មណ៍ ឬ​អនុវត្ត​តាម​ផែនការ​នោះ ។ សិស្ស​ពីរបី​នាក់​ដែល​មានចិត្ត​ចង់​ចែកចាយ អាច​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ប្រសិន​បើ​បទពិសោធន៍​ទាំង​នោះ​មិន​មែន​ជា​បទពិសោធន៍​ផ្ទាល់ខ្លួន​ខ្លាំង​ពេក ។ ពួកគេ​ថែម​ទាំង​អាច​បង្ហាញ​ឥរិយាបថ​មួយ​ចំនួន​ដែល​ពួកគេ​ចង់​បង្ហាញ​នៅ​ក្នុង​ថ្នាក់​បាន ដូច​ជា​ការប្រើប្រាស់​កម្មវិធី​មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ឬ​ការបង្ហាញ​ជំនាញ​សិក្សា​ព្រះគម្ពីរ ។

ជំហាន​ទី ៣ ៖ បង្កើត​បទពិសោធន៍​នៃ​ការរៀនសូត្រ​មួយ ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ឃើញ​ពី​របៀប​ដែល​ពួកគេ​កំពុង​រីកចម្រើន និង​កំពុង​រៀន​សូត្រ ។ សូម​ស្វែងរក​វិធី​នានា​ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​នោះ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​រីករាយ ព្រមទាំង​ផ្តល់​ពេលវេលា​ច្រើន​ដល់​សិស្ស​ឲ្យ​ឆ្លុះបញ្ចាំង និង​វាយតម្លៃ​ការរីកចម្រើន​របស់​ពួកគេ ។ សិស្ស​មួយ​ចំនួន​ប្រហែលជា​ខក​ចិត្ត​ចំពោះ​ការរីកចម្រើន​បច្ចុប្បន្ន​របស់​ពួកគេ ។ សូម​បង្កើត​ឱកាស​នានា​ដែល​កុំ​ឲ្យ​សិស្ស​ប្រៀបធៀប​ការរីកចម្រើន​របស់​ពួកគេ​ទៅ​នឹង​ការរីកចម្រើន​របស់​សិស្ស​ដទៃ​ទៀត ។ សិស្ស​គួរតែ​មាន​ពេល​ច្រើន ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​ពួកគេ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​បាន​ល្អ​ហើយ និង​របៀប​ដែល​ពួកគេ​អាច​កែលម្អ​បាន ។ សិស្ស​គប្បី​យល់ថា ការវាយ​តម្លៃ​ទាំង​នេះ​មិន​គួរ​​ជា​ការវាយ​តម្លៃ​ផ្តាច់​ព្រ័ត្រនោះទេ ។ ផ្ទុយ​ទៅ​វិញ​សិស្ស​គួរតែ​ត្រូវបាន​លើក​ទឹកចិត្ត​ជានិច្ច​ឲ្យ​ពិចារណា​អំពី​ជំហាន​បន្ទាប់​ដែល​ត្រូវ​ធ្វើ​នៅក្នុង​ការសិក្សា​របស់​ពួកគេ ។

ការវាយ​តម្លៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ការវាយ​តម្លៃ​ការរៀនសូត្រ​ប្រកប​ដោយ​ការយល់​ដឹង​ចំនួន​ពីរ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ផ្តល់​ឱកាស​ដល់​សិស្ស​បង្ហាញ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ការ​បំពេញ​លើ​ការវាយ​តម្លៃ​ទាំង​ពីរ​នេះ​របស់​សិស្ស​ត្រូវបាន​កត់ត្រា​ទុក ។ ទោះបី​សិស្ស​ត្រូវ​ប្រឡង​ឲ្យ​ជាប់​ការវាយ​តម្លៃ​ទាំង​នេះ ដើម្បី​ទទួល​បាន​ក្រេឌីដ​សម្រាប់​ឆ្នាំ​សិក្សា​នៅ​សាលា​រៀន​ក្តី ក៏​ពួកគេ​អាច​ប្រឡង​ការវាយ​តម្លៃ​នេះ​ឲ្យ​បាន ច្រើន​ដង​តាម​ចិត្ត​ដែល​ពួកគេ​ចង់ ។ គ្រូបង្រៀន​គួរតែ​ធ្វើ​ការរៀបចំ​ឲ្យ​បាន​សមរម្យ​ផងដែរ បន្ទាប់​ពី​ប្រឹក្សា​ជាមួយ​ឪពុក​ម្តាយ​អំពី​តម្រូវការ​របស់​សិស្ស ដើម្បី​ដឹង​ពី​របៀប​សិស្ស​បំពេញ​ការវាយ​តម្លៃ​ទាំង​នេះ ។ សូម​កែសម្រួល​ការវាយ​តម្លៃ​ទាំង​នេះ ឬ​របៀប​នានា​ដែល​សិស្ស​អាច​បំពេញ​ការវាយ​តម្លៃ​ទាំងនោះតាម​ភាព​ចាំបាច់ ។

ការរំឭក​ការវាយ​តម្លៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចំនួន​ពីរ ត្រូវបាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ។ មាន​បទពិសោធន៍​ក្នុង​ថ្នាក់​រៀន​នានា​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ជួយ​សិស្ស​រំឭក​ជាមួយ​គ្នា​នៅក្នុង​ការរៀបចំ​សម្រាប់​ការវាយ​តម្លៃ​ការរៀនសូត្រ ។ ការំឭក​ទាំង​នេះ​គួរតែ​ត្រូវបាន​ធ្វើ​ឡើង នៅពេល​សិស្ស​ជួបជុំ​គ្នា​ទោះបី​តាម​អន​ឡាញ ឬ​ជួប​ផ្ទាល់​ក្តី ។

សេចក្ដី​បញ្ចប់

សូម​គិត​អំពី​អត្ថប្រយោជន៍​នៃ​ការជួយ​សិស្ស​វាយតម្លៃ​ការរៀនសូត្រ​របស់​ពួកគេ​ឲ្យបាន​ទៀង​ទាត់ ។ សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ពន្យល់​គោលលទ្ធិ ឆ្លុះបញ្ចាំង​ពី​អារម្មណ៍ អាកប្បកិរិយា និង​បំណង​ប្រាថ្នា​របស់​ពួកគេ និង​រំឭក​ផែនការ ឬ​គោលដៅ​នានា​ដែល​ពួកគេ​ខិតខំ​បំពេញ នោះ​នឹង​ជួយ​ពួកគេ​ក្នុង​ការខិតខំ​របស់​ពួកគេ ដើម្បី​ប្រែ​កាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​ការវាយ​តម្លៃទាំង​នោះ​ក៏​ផ្តល់​ឱកាស​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ បំផុស​គំនិត​ដល់​សិស្ស​តាមរយៈ​ការជួយ​ពួកគេ​ឲ្យ​ដឹង​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​បាន​ល្អ​ហើយ និង​ជំរុញ​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ការកែលម្អ ។ មេរៀន​ទាំង​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ហើយ​គួរតែ​ត្រូវបាន​បង្រៀន​ឲ្យបាន​ទៀងទាត់ ។