ក្បួនខ្នាត និង​ការហៅ
៨. កូរ៉ុម​អែលឌើរ


« ៨. កូរ៉ុម​អែលឌើរ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ៨. កូរ៉ុម​អែលឌើរ » ក្បួនខ្នាត​ទូទៅ ។

រូបភាព
ពួក​បុរស​កំពុង​លើក​គ្រឿង​សង្ហារិម​ដាក់​ទៅក្នុង​ឡាន

៨.

កូរ៉ុម​អែលឌើរ

៨.១

គោលបំណង និង​អង្គការ

បព្វជិតភាព​ម៉ិលគីស្សាដែក​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ត្រឡប់ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ ។ បព្វជិតភាព​នេះ​កាន់ « កូនសោ​ទាំងឡាយ​នៃ​អស់​ទាំង​ព្រះពរ​ខាង​វិញ្ញាណនៅ​ក្នុង​សាសនាចក្រ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៨ ) ។

តំណែង​ទាំងឡាយ​នៅក្នុង​បព្វជិតភាព​ម៉ិលគីស្សាដែក​គឺមាន អែលឌើរ សង្ឃ​ជាន់ខ្ពស់ លោកអយ្យកោ ពួកចិតសិប​នាក់ និង​សាវក ។ ជំពូកនេះ​មាន​នូវ​ព័ត៌មាន​អំពី​ពួកអែលឌើរ និង​កូរ៉ុម​អែលឌើរ ។

៨.១.១

គោលបំណង

បុរស​ដែល​មាន​ភាពស័ក្តិសម​ដែល​មាន​អាយុ ១៨ ឆ្នាំ​ឡើង​អាច​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក​បាន ហើយ​ត្រូវបាន​តែងតាំង​តំណែង​ជា​អែលឌើរ ។ បុរស​ដែល​តែងតាំង​ឲ្យ​មាន​តំណែងនេះ ចុះ​សេចក្តី​សញ្ញា​ពិសិដ្ឋ​ដើម្បី​ជួយព្រះ​នៅក្នុង​ការសម្រេច​កិច្ចការ​របស់ទ្រង់ ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣៣–៤៤ ) ។

អែលឌើរ​ម្នាក់ៗ​គឺជា​ផ្នែកមួយ​នៃ​ក្រុម​អ្នក​កាន់​បព្វជិតភាព​ដែល​បាន​រៀបចំ​ឡើង ដែល​ហៅថា​កូរ៉ុម​អែលឌើរ ។ សមាជិក​នៃ​កូរ៉ុម​អែលឌើរ​ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ ពួកគាត់​បម្រើ​អ្នកដទៃ បំពេញ​តាម​កាតព្វកិច្ច​បព្វជិតភាព កសាង​សាមគ្គីភាព និង​រៀន​រស់នៅ​តាម​គោលលទ្ធិ ។

៨.១.២

សមាជិកភាព​នៅក្នុង​កូរ៉ុម​អែលឌើរ

វួដ​នីមួយៗ​មាន​កូរ៉ុម​អែលឌើរ​មួយ ។ កូរ៉ុម​អែលឌើរ​មាន​នូវបងប្អូន​ប្រុស​ដូច​ខាងក្រោម ៖

  • ពួកអែលឌើរ​នៅក្នុង​វួដ​ទាំងអស់ ។

  • ពួកអែលឌើរ​បម្រុង​ទាំងអស់​នៅក្នុង​វួដ ( សូម​មើល ៨.៤ ) ។

  • សង្ឃ​ជាន់ខ្ពស់​ទាំងអស់​នៅក្នុង​វួដ លើកលែងតែ​អស់​អ្នក​ដែល​កំពុង​បម្រើ​នៅក្នុង​គណៈប្រធាន​ស្តេក គណៈប៊ីស្សព ក្រុមប្រឹក្សា​ជាន់ខ្ពស់ ឬ​ជា​លោកអយ្យកោ​នាពេល​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ ។ ពួកអែលឌើរ​ទាំងនេះ​គឺជា​សមាជិក​នៃ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ស្តេក ។ សម្រាប់​ព័ត៌មាន​អំពី​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ស្តេក សូមមើល ៦.២.១.១ និង ២៩.៣.៥ ។

យុវជន​អាច​ចាប់ផ្តើម​ចូលរួម​ការប្រជុំ​កូរ៉ុម​អែលឌើរ​បាន នៅពេល​គាត់​ឈានដល់​អាយុ ១៨ ឆ្នាំ ទោះបីជា​គាត់​ពុំទាន់​បាន​តែងតាំង​ជា​អែលឌើរ​ក៏ដោយ ។ គាត់​ប្រឹក្សា​ជាមួយ​នឹង​ឪពុកម្ដាយ​របស់​គាត់ ព្រមទាំង​ប៊ីស្សព​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ ។ លុះ​ដល់​អាយុ ១៩ ឆ្នាំ ឬ​មុន​ពេល​ចាកចេញ​ពី​ផ្ទះ ដូចជា​ការ​ទៅ​រៀន​នៅ​សាកល​វិទ្យាល័យ ឬ​បម្រើ​បេសកកម្ម គាត់​គួរ​តែ​ត្រូវ​បាន​តែង​តាំង​ជា​អែលឌើរ ប្រសិន​បើ​គាត់​មាន​ភាព​ស័ក្តិសម ។ សូម​មើល ១០.៦ ។

បុរស​ដែល​បានរៀប​អាពាហ៍ពិពាហ៍​ហើយ​អាយុ​ក្រោម ១៨ ឆ្នាំ គឺជា​ពួកអែលឌើរ​បម្រុង ហើយ​ក៏ជា​សមាជិក​នៃ​កូរ៉ុម​អែលឌើរ​ផងដែរ ។

សម្រាប់​ព័ត៌មាន​អំពី​ឪពុក​ម្តាយ​ដែល​ឥត​បាន​រៀបការ​អាយុ​ក្រោម ១៨ ឆ្នាំ សូមមើល ៣៨.១.៥ ។

៨.១.៣

រូបភាព
រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ការសម្រប​សម្រួល​ទៅ​តាម​សេចក្តី​ត្រូវការ​ក្នុង​មូលដ្ឋាន

វួដ​មួយចំនួន​មាន​ចំនួន​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​សកម្ម​ដ៏ច្រើន​សន្ធឹកសន្ធាប់ ។ ចំពោះ​វួដ​ទាំងនេះ គណៈ​ប្រធាន​ស្តេក​អាចរៀបចំ​កូរ៉ុម​អែលឌើរ​បន្ថែម ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៨៩ ) ។ កូរ៉ុម​នីមួយៗ​មាន​គណៈប្រធាន​រៀងៗ​ខ្លួន ។ ប្រសិនបើ​អាច​ធ្វើទៅបាន កូរ៉ុម​នីមួយៗ​គួរតែ​មានសមាជិក​ដែល​មាន​អាយុ និង​បទពិសោធន៍​ខុសៗគ្នា ។

៨.២

ការចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង

ព្រះ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ ហើយ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើង​ឡើង​តាមរយៈ ៖

  • ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

ថ្នាក់ដឹកនាំ​កូរ៉ុម​អែលឌើរ​ដាក់​ផែនការ​ប្រជុំ​នៅថ្ងៃ​អាទិត្យ ធ្វើ​សកម្មភាព ផ្ដល់​ការងារ​បម្រើ ធ្វើ​ការបម្រើ និង​ធ្វើ​សហប្រតិបត្តិការ​ដទៃទៀត​ដើម្បី​ជួយ​បងប្អូន​ប្រុស​ឲ្យ​ចូលរួម​ចំណែក​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ សមាជិក​នៃ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​ធ្វើការ​សាមគ្គី​គ្នា​ដើម្បី​សម្រេច​កិច្ចការ​នេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង សូមសិក្សា ជំពូកទី ១ ។

៨.២.១

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

អ្នកដឹកនាំ​កូរ៉ុម​អែលឌើរ​ជួយ​សមាជិក​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគាត់​សង្កត់​ធ្ងន់​លើ​ការអនុវត្ត​សេចក្តី​ជំនឿ ការប្រែចិត្ត ការបង្កើន​ភាពខ្លួន​ទីពឹងខ្លួន និង​ការចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ​តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ ។ ពិធីបរិសុទ្ធ​ទាំងនោះ​រួម​មាន​ទាំង​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ សូម​មើល ១.២.១ ។

៨.២.១.១

ការរៀនសូត្រ​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន

នៅពេល​សមាជិក​រៀនសូត្រ ហើយ​រស់នៅ​តាម​ដំណឹងល្អ​នៅឯ​គេហដ្ឋាន នោះ​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​កាន់តែ​ស៊ីជម្រៅ ។ ថ្នាក់ដឹកនាំ​កូរ៉ុម​អែលឌើរ​លើក​ទឹកចិត្ត​បងប្អូនប្រុស​ឲ្យសិក្សា​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់​រៀងៗ​ខ្លួន និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​ធនធាន​ដទៃទៀត​អាច​ជួយ​បំពេញ​ដល់​ការសិក្សា​របស់​ពួកគាត់​បាន ។

រាត្រី​ជួបជុំ​ក្រុមគ្រួសារ​គឺជា​វិធី​ដ៏សំខាន់​មួយ​ដើម្បី​រៀន​ដំណឹងល្អ​នៅឯ​គេហដ្ឋាន ។ ជាទូទៅ វា​ធ្វើឡើង​រាល់​សប្តាហ៍​នៅ​ថ្ងៃអាទិត្យ ល្ងាច​ថ្ងៃចន្ទ ឬ​នៅពេល​ផ្សេងទៀត ។ ពួកគាត់​អាច​បន្ថែម​ការអធិស្ឋាន ការសិក្សា​ដំណឹងល្អ ទីបន្ទាល់ ការច្រៀង​ចម្រៀង និង​សកម្មភាព​សប្បាយៗ​បាន ។

រូបភាព
ក្រុម​គ្រួសារ​កំពុង​អាន

៨.២.១.២

ការសិក្សា​ដំណឹង​ល្អ​នៅក្នុង​ការប្រជុំ​កូរ៉ុម

កូរ៉ុម​អែលឌើរ​ជួបគ្នា​នៅ​ថ្ងៃ​អាទិត្យ​ក្នុង​គោលបំណង​ដូច​ខាងក្រោម ៖

  • ពង្រឹង​សេចក្តី​ជំនឿ ។

  • កសាង​សាមគ្គីភាព ។

  • ពង្រឹង​ក្រុមគ្រួសារ និង​គេហដ្ឋាន ។

  • ដាក់​ផែនការ​ដើម្បី​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។

ការប្រជុំ​ធ្វើឡើង​នៅ​អាទិត្យ​ទីពីរ និង​អាទិត្យ​ទីបួន​រាល់​ខែ ។ វាមាន​រយៈពេល ៥០ នាទី ។ គណៈប្រធាន​កូរ៉ុម​អែលឌើរ​ដាក់​ផែនការ​ការប្រជុំ​ទាំងនេះ ។ សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ដឹកនាំ​កម្មវិធី ។

ការប្រជុំ​ចាប់ផ្តើម ដោយ​មាន​សមាជិក​គណៈប្រធាន​ម្នាក់​ដឹកនាំ​រាល់​ធុរកិច្ច​របស់​កូរ៉ុម ។ ឧទាហរណ៍ កូរ៉ុម​អាច​ប្រឹក្សា​ជាមួយគ្នា​អំពី​ទិដ្ឋភាព​នៃ​ការសម្រេច​បាន​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ បន្ទាប់​មក ពេលវេលា​គ្រប់គ្រាន់​គួរតែ​ផ្តល់​ឲ្យ​ដើម្បី​មាន​ការបង្រៀន និង​ការពិភាក្សា​ដំណឹងល្អ​ប្រកប​ដោយ​អត្ថន័យ ។

ការប្រជុំ​កូរ៉ុម​ផ្តោត​ទៅលើ​ប្រធានបទ​ក្នុង​សុន្ទរកថា​មួយ ឬ​ច្រើន​មកពី​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ ។ គណៈប្រធាន​កូរ៉ុម​អែលឌើរ​ជ្រើសរើស​សារលិខិត​ប្រកប​ដោយ​ការអធិស្ឋាន​ដើម្បី​ពិភាក្សា ដោយ​ផ្អែក​ទៅលើ​តម្រូវការ​របស់​សមាជិក ។ អាច​ច្រៀង​ទំនុក​តម្កើង​ដើម្បី​ឲ្យ​មេរៀន​កាន់តែ​ជក់​ចិត្ត​បាន ។ ការប្រជុំ​គួរតែ​បញ្ចប់​ដោយ​ការអធិស្ឋាន​មួយ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល​គេហទំព័រ ComeFollowMe.ChurchofJesusChrist.org ។

៨.២.១.៣

សកម្មភាព

គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​ដាក់​ផែនការ​ធ្វើ​សកម្មភាព​នានា​បាន ។ សកម្មភាព​ទាំងនេះ​ពង្រឹង​សមាជិក​កូរ៉ុម និង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បម្រើ​ជាមួយគ្នា ។ សកម្មភាព​ភាគច្រើន​ធ្វើឡើង​ក្រៅ​ពី​ថ្ងៃ​អាទិត្យ ឬ​ល្ងាច​ថ្ងៃចន្ទ ។

ប្រធាន​កូរ៉ុម​អែលឌើរ​មើលខុសត្រូវ​លើ​សកម្មភាព​ទាំងនេះ ។ គាត់​អាច​សុំ​ឲ្យ​ទីប្រឹក្សា ឬ​សមាជិក​កូរ៉ុម​ម្នាក់​ទៀត​ដឹកនាំ​នៅក្នុង​ការដាក់​ផែនការ និង​ការ​អនុវត្ត​ផែនការ​ទាំងនេះ​បាន ( សូមមើល ៨.៣.៥ ) ។ គណៈប្រធាន​ពិភាក្សា​ពី​សកម្មភាព​នានា​ជាមួយ​ប៊ីស្សព ដែល​ជាផ្នែក​មួយ​នៃ​ការដាក់​ផែនការ​របស់​ពួកគាត់ ។

៨.២.២

ការ​មើល​ថែដល់អ្នក​ខ្វះខាត

ក្នុងនាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ នោះ​សមាជិក​កូរ៉ុម​អែលឌើរ​មាន​ទំនួលខុស​ត្រូវ​ដើម្បី​ឈោង​ទៅ​ជួយ​ដល់​អ្នកខ្វះខាត​ដោយក្តីស្រឡាញ់ ។ ជាបុគ្គល និង​ជាកូរ៉ុម ពួកគាត់​ស្វែងរក​វិធីនានា​ដើម្បី​បម្រើ​អ្នកដទៃ​នៅក្នុង​វួដ និង​សហគមន៍ ។ នៅ​កន្លែង​ណា​ដែល​មាន នោះ JustServe.org ផ្ដល់​ជា​ឱកាស​បម្រើ​នៅក្នុង​សហគមន៍ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​សមាជិក​នៃ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​មើលថែ​ដល់​អ្នកខ្វះខាត សូមមើល ២២.៦.២ ។

៨.២.២.១

ការផ្ដល់​ការងារ​បម្រើ

ការងារ​បម្រើ​គឺ​ជា​ការថែទាំ​ដល់​មនុស្ស​ដទៃ​ដូច​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​ធ្វើ​ដែរ ។ សមាជិក​នៃ​កូរ៉ុម​អែលឌើរ​ទទួល​ការចាត់តាំង​ការងារ​បម្រើ​មកពី​គណៈប្រធាន​កូរ៉ុម ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ជំពូកទី ២១ ។

៨.២.២.២

តម្រូវការ​រយៈពេល​ខ្លី

បងប្អូន​ប្រុស​ដែល​ផ្តល់​ការងារ​បម្រើ​ព្យាយាម​យល់ និង​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​អស់​អ្នក​ដែល​ពួកគាត់​បម្រើ ។ សមាជិក​មួយ​ចំនួន​អាច​ត្រូវការ​ជំនួយ​សម្រាប់​រយៈពេល​ខ្លី នៅគ្រា​ដែល​មាន​ជំងឺ ការសម្រាលកូន មរណភាព ការបាត់បង់​ការងារ និង​កាលៈទេសៈ​ផ្សេងទៀត ។

នៅពេល​ត្រូវការ បងប្អូន​ប្រុស​ដែល​ផ្តល់​ការងារ​បម្រើ​ស្នើសុំ​ជំនួយ​ពី​គណៈប្រធាន​កូរ៉ុម​អែលឌើរ ។ ដោយ​មាន​ការអនុម័ត​របស់​ប៊ីស្សព គណៈប្រធាន​អាច​ហៅ​អ្នក​សម្រប​សម្រួល​ការបម្រើ​ម្នាក់​ឲ្យ​រៀបចំ​កិច្ចការ​នេះ​បាន ( សូមមើល ៨.៣.៥ ) ។

កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​សម្រប​សម្រួល​កិច្ចខិតខំ​ដើម្បី​ដោះស្រាយ​សេចក្ដី​ត្រូវការ​រយៈពេល​ខ្លី ( សូមមើល ២២.៣.២ ) ។ ប៊ីស្សព​អាច​ផ្ដល់​ជំនួយ​តមអាហារ​បាន បើ​ចាំបាច់ ។

នៅ​ទីតាំង​មួយ​ចំនួន ប៊ីស្សព​មាន​ជម្រើស​ដើម្បី​ផ្ដល់​ដល់​សមាជិក​ដែល​ខ្វះខាត ជា​ការ​បញ្ជា​ទិញ​ម្ហូប​អាហារ និង​សម្ភារ​ដែល​ចាំបាច់​ផ្សេង​ទៀត​ដោយប៊ីស្សព ។ ជាធម្មតា ប៊ីស្សព​ចាត់​ឲ្យ​ប្រធាន​សមាគម​សង្រ្គោះ​ទៅ​ជួប​នឹង​សមាជិក​ទាំង​នោះ ហើយ​បំពេញ​បែបបទ​ការបញ្ជា​ទិញ ។ ទោះជា​យ៉ាងណា គាត់​ក៏អាច​ចាត់​ប្រធាន​កូរ៉ុម​អែលឌើរ​ផងដែរ ។ ទីប្រឹក្សា​ម្នាក់​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ ឬ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​ត្រូវបាន​ចាត់តាំង ប្រសិនបើ​ប្រធាន​ជាប់​រវល់ ។ ថ្នាក់ដឹកនាំ​ដែល​បាន​ចាត់តាំង​នោះ​ដាក់​បញ្ជូន​បែបបទ​ដែល​បាន​បំពេញ​រួច​នោះ​ទៅកាន់​ប៊ីស្សព ដើម្បី​សុំ​ការអនុម័ត​ពីគាត់ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ២២.៦.២ និង « ធនធាន​សុខុមាលភាព » នៅក្នុង​ធនធាន​សម្រាប់​ថ្នាក់​ដឹកនាំ និង​ស្មៀន ។

៨.២.២.៣

សេចក្ដី​ត្រូវការ​រយៈពេល​វែង និង​ភាពខ្លួន​ទីពឹង​ខ្លួន

ដូច​បាន​សម្រប​សម្រួល​ដោយ​ប៊ីស្សព គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​ជួយ​ដល់​សមាជិក​ដែល​មាន​សេចក្ដី​ត្រូវការ​រយៈពេល​វែង និង​ភាពខ្លួន​ទីពឹង​ខ្លួន ។ ពួកគេ​បង្រៀន​គោលការណ៍​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ សូមមើល ជំពូកទី ២២ និង « ភាពខ្លួន​ទីពឹង​ខ្លួន » នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

ប្រសិនបើ​បុគ្គល​ម្នាក់ ឬ​គ្រួសារ​មួយ​ត្រូវការ​ជំនួយ នោះ​ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ​ប្រឹក្សា​ជាមួយ​គ្នា​អំពី​របៀប​ដើម្បី​ជួយ ដូច​ដែល​បាន​សម្រប​សម្រួល​ដោយ​ប៊ីស្សព ( សូមមើល ២២.៤ ) ។

ប្រធាន​កូរ៉ុម​អែលឌើរ ប្រធាន​សមាគម​សង្រ្គោះ ឬ​ថ្នាក់ដឹកនាំ​ម្នាក់​ទៀត​ជួយ​បុគ្គល ឬ​គ្រួសារ​នោះ​ឲ្យបង្កើត ផែនការ​ភាពខ្លួន​ទីពឹង​ខ្លួន ។ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ក៏​អាច​ជួយ​ជាមួយ​នឹង​ផែនការ​នេះ​ផងដែរ ។ ជារឿយៗ សមាជិក​ផ្សេងទៀត​ក្នុង​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​មាន​ជំនាញ និង​បទពិសោធន៍​នានា​ដែល​អាច​ជួយ​បាន ។ មនុស្ស​ដែល​ជួយ​ទាំងអស់ ត្រូវ​រក្សា​ព័ត៌មាន​ជា​ការសម្ងាត់ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ២២.៣.៣ និង ២២.៨ ។

៨.២.២.៤

ពេល​សមាជិក​វួដ​ម្នាក់​ទទួល​មរណភាព

ពេល​សមាជិក​វួដ​ម្នាក់​ទទួល​មរណភាព នោះ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​ផ្ដល់​ការលួងលោម​ចិត្ត និង​ជំនួយ ។ នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ពួកគាត់​អាច​ជួយ​ក្នុង​ពិធីបុណ្យ​សព​បាន ។

ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន សមាជិក​ដែល​ទទួល​មរណភាព​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ត្រូវ​បញ្ចុះ ឬ​បូជា​ដោយ​ស្លៀក​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ ។ សព​របស់​បុរស​ម្នាក់​អាច​ត្រូវបាន​ស្លៀកពាក់​ឲ្យ​ដោយ​ភរិយា​របស់​គាត់ ឬ​ដោយ​សមាជិក​គ្រួសារ​ភេទប្រុស​ម្នាក់ ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ។ ប្រសិនបើ​មិនមាន​សមាជិក​គ្រួសារ​ណា​អាច​ធ្វើ​បាន ឬ​មិន​ចង់​ស្លៀកពាក់​ឲ្យ​សាកសព​នោះទេ នោះ​ប៊ីស្សព​សូម​ប្រធាន​កូរ៉ុម​អែលឌើរ​ឲ្យ​អញ្ជើញ​បុរស​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ ឲ្យ​ស្លៀកពាក់​ឲ្យ​សាកសព​នោះ ឬ​មើលការ​ខុសត្រូវ​លើ​ការស្លៀកពាក់​ឲ្យ​ត្រឹមត្រូវ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ៣៨.៥.៨ ។

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ និង​មនុស្ស​ផ្សេងទៀត​បន្ត​ផ្ដល់​ការលួងលោម​ចិត្ត និង​ជំនួយ បន្ទាប់ពី​ពិធីបុណ្យ​សព​នោះ ។

៨.២.៣

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ

ពួក​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​មាន​កាតព្វកិច្ច​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៣:៣ ) ។ ពួកគេ​ធ្វើ​កិច្ចការ​នេះ​ដោយ​ការចែកចាយ​ដំណឹងល្អ ការពង្រឹង​សមាជិក​ថ្មី និង​ការឈោង​ទៅ​ជួយ​សមាជិក​ដែល​មិន​សូវ​សកម្ម ។

នៅក្នុង​ការប្រជុំ​គណៈប្រធាន និង​ការប្រជុំ​កូរ៉ុម នោះ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ពិភាក្សា​ពី​របៀប​ដែល​បងប្អូន​ប្រុស​អាច​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​ពរជ័យ​នៃ​ដំណឹងល្អ ។

ប្រធាន​កូរ៉ុម​អែលឌើរ​ចាត់​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​របស់​ខ្លួន​ឲ្យ​ជួយ​ដឹកនាំ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​វួដ ។ គាត់​ធ្វើ​ការ​ជាមួយ​នឹង​សមាជិក​ដែល​បាន​ចាត់តាំង​មក​ពី​គណៈប្រធាន​សមាគម​សង្រ្គោះ ដើម្បី​សម្រប​សម្រួល​ដល់​ការ​ខិតខំ​ទាំង​នេះ ។

សមាជិក​ក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ​រូប​នេះ​អាច​បំពេញ​តួនាទី​ជា​អ្នក​ដឹកនាំ​បេសកកម្ម​វួដ ។ ប្រសិន​បើ​គណៈប៊ីស្សព​បាន​ហៅ​អ្នក​ដឹកនាំ​បេសកកម្ម​វួដ​ម្នាក់ នោះ​សមាជិក​មក​ពី​គណៈប្រធាន​កូរ៉ុម​អែលឌើរ​រូប​នេះ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​របស់​អ្នក​ដឹកនាំ​នោះ ។ សូមមើល ២៣.៥.១ និង ២៣.៥.៣ ។

អ្នកដឹកនាំ​បេសកកម្ម​វួដ ដែល​អាច​ជា​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ ដឹកនាំ​ការប្រជុំ​សម្រប​សម្រួល​ប្រចាំ​សប្ដាហ៍ ។ គោលបំណង​នៃ​ការប្រជុំ​ទាំងនេះ​គឺ ដើម្បី​សម្រប​សម្រួល​ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​យក​ពរជ័យ​នៃ​ដំណឹងល្អ ។ ការប្រជុំ​ទាំងនេះ​រួមមាន​សមាជិក​ដែល​បាន​ចាត់តាំង​មកពី​គណៈប្រធាន​សមាគម​សង្គ្រោះ និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ អ្នកផ្សព្វផ្សាយ​សាសនា​ប្រចាំ​វួដ ជំនួយការ​នៅក្នុង​កូរ៉ុម​សង្ឃ សមាជិក​ម្នាក់​មកពី​គណៈប្រធាន​ថ្នាក់​យុវនារី​ដែល​មាន​វ័យ​ច្រើន​ជាងគេ និង​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។

៨.២.៤

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច

ពួក​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ជួយ​ដល់​សមាជិក​នៅក្នុង​ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប ។ ការណ៍​នេះ​រួមមាន ៖

  • ការចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​នានា រួម​ទាំង​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

  • ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល ១.២.៤ ) ។

នៅក្នុង​ការប្រជុំ​គណៈប្រធាន និង​ការប្រជុំ​កូរ៉ុម គណៈប្រធាន​កូរ៉ុម​អែលឌើរ​ពិភាក្សា​ពី​របៀប​ដែល​បងប្អូន​ប្រុស​អាច​ចូលរួម​នៅក្នុង​កិច្ចខិតខំ​ទាំងនេះ​បាន ។

គណៈប្រធាន​លើក​ទឹកចិត្ត​សមាជិក​កូរ៉ុម​ឲ្យ​រៀន​អំពី​ពង្សប្រវត្តិ​របស់​ពួកគេ ព្រមទាំង​អំពី​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ពួកគាត់​ក៏​លើក​ទឹកចិត្ត​ដល់​បងប្អូន​ប្រុស​ឲ្យ​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ទៀង​ទាត់​ផងដែរ បើ​អាច​ធ្វើ​ទៅ​បាន ។

ប្រធាន​កូរ៉ុម​អែលឌើរ​ចាត់​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​របស់​ខ្លួន​ឲ្យ​ជួយ​ដឹកនាំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​នៅ​ក្នុង​វួដ ។ គាត់​ធ្វើ​ការ​ជាមួយ​នឹង​សមាជិក​ដែល​បាន​ចាត់តាំង​មក​ពី​គណៈប្រធាន​សមាគម​សង្រ្គោះ ដើម្បី​សម្រប​សម្រួល​ដល់​ការ​ខិតខំ​ទាំង​នេះ ។

សមាជិក​ក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ​រូប​នេះ​អាច​បំពេញ​តួនាទី​ជា​អ្នកដឹកនាំ​ផ្នែក​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​វួដ​បាន ។ ប្រសិន​បើ​គណៈប៊ីស្សព​បាន​ហៅ​អ្នក​ដឹកនាំ​ផ្នែក​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​វួដ នោះ​សមាជិក​មក​ពី​គណៈប្រធាន​កូរ៉ុម​អែលឌើរ​រូប​នេះ​មើលការ​ខុសត្រូវ​លើ​កិច្ចការ​របស់​អ្នកដឹកនាំ​នោះ ។ សូមមើល ២៥.២.២ ។

អ្នកដឹកនាំ​ផ្នែក​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ដែល​អាច​ជា​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ ដឹកនាំ​ការប្រជុំ​សម្រប​សម្រួល​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល ២៥.២.៧ ) ។ ការប្រជុំ​ទាំងនេះ​ធ្វើឡើង​ជា​ទៀងទាត់ ។ ពួកគាត់​ក៏​អញ្ជើញ​សមាជិក​ដែល​បានចាត់តាំង​មកពី​គណៈប្រធាន​សមាគម​សង្គ្រោះ ជំនួយការ​នៅក្នុង​កូរ៉ុម​សង្ឃ សមាជិក​ម្នាក់​មកពី​គណៈប្រធាន​ថ្នាក់​យុវនារី​ដែល​មាន​វ័យ​ច្រើន​ជាង​គេ និង​អ្នកប្រឹក្សា​ផ្នែក​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ឲ្យ​មក​ចូលរួម​ផងដែរ ។

រូបភាព
បុរស​កំពុង​មើលទៅ​រូបភាព​មួយ

៨.៣

ថ្នាក់ដឹកនាំ​កូរ៉ុម​អែលឌើរ

៨.៣.១

គណៈប្រធាន​ស្តេក និង​ប៊ីស្សព

ប្រធាន​កូរ៉ុម​អែលឌើរ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​របស់​គណៈប្រធាន​ស្តេក ។ គាត់​ជួប​ជា​ទៀង​ទាត់​ជាមួយ​នឹង​សមាជិក​មួយ​រូប​ក្នុង​គណៈ​ប្រធាន​នេះ​ដើម្បី​ទទួល​ការ​ណែនាំ ហើយ​រាយការណ៍​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់ ។

ប្រធាន​កូរ៉ុម​អែលឌើរ​ក៏​ទទួល​ការណែនាំ​មកពី​ប៊ីស្សព​ដែរ ព្រោះ​ប៊ីស្សព​គឺជា​អ្នកកាន់​តំណែង​ជាអធិបតី​នៅក្នុង​វួដ​នេះ ។ ពួកគាត់​ជួបគ្នា​ជាប្រចាំ ។ ពួកគាត់​ពិភាក្សា​ពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង បូករួម​ទាំង​ការបម្រើ​របស់​បងប្អូន​ប្រុស​ដែល​ផ្តល់​ការងារ​បម្រើ​ផងដែរ ។ ពួកគាត់​ក៏ពិភាក្សា​គ្នា​ពី (១) ការរីក​ចម្រើន និង​តម្រូវការ​របស់​សមាជិក​នៅក្នុង​វួដ និង (២) ការប្រជុំ​កូរ៉ុម​អែលឌើរ ការណែនាំ និង​សកម្មភាព​នានា ។

៨.៣.២

ក្រុមប្រឹក្សា​ជាន់ខ្ពស់

គណៈប្រធាន​ស្តេក​ចាត់តាំង​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ម្នាក់ ឲ្យ​ធ្វើជា​តំណាង​ពួកគាត់​នៅក្នុង​កូរ៉ុម​អែលឌើរ​នីមួយៗ ។ ការទទួល​ខុសត្រូវ​របស់​គាត់​មាន​ចែង​នៅក្នុង ៦.៥ ។

៨.៣.៣

គណៈប្រធាន​កូរ៉ុម​អែលឌើរ

៨.៣.៣.១

ការហៅ​គណៈប្រធាន​កូរ៉ុម​អែលឌើរ

បន្ទាប់ពី​ពិភាក្សា​ជាមួយ​ប៊ីស្សព នោះប្រធាន​ស្តេក​ហៅ​អែលឌើរ ឬ​សង្ឃជាន់​ខ្ពស់​ម្នាក់​ឲ្យបម្រើ​ជា​ប្រធាន​កូរ៉ុម​អែលឌើរ ។

ប្រសិនបើ​អង្គភាព​ធំ​ល្មម នោះ​ប្រធាន​កូរ៉ុម​អែលឌើរ​ផ្តល់អនុសាសន៍​ជូន​ប្រធានស្តេក​ឲ្យ​អែលឌើរ ឬ​សង្ឃ​ជាន់​ខ្ពស់​ម្នាក់ ឬ​ពីរ​នាក់​ដើម្បីបម្រើ​ជា​ទីប្រឹក្សា​របស់​គាត់ ។ គាត់​ធ្វើកិច្ចការ​នេះ​ក្រោម​ការពិភាក្សា​ជាមួយ​ប៊ីស្សព ។ គណៈ​ប្រធាន​ស្តេក​យក​អនុសាសន៍​ទៅធ្វើ​ការពិចារណា ។ សមាជិក​ម្នាក់​នៃ​គណៈ​ប្រធាន​ស្តេក ឬ​ក្រុមប្រឹក្សា​ជាន់​ខ្ពស់ ផ្តល់​ការហៅ​បម្រើ​នេះ ។

អនុសាសន៍​ទាំង​អស់​សម្រាប់​ការ​ហៅ​សមាជិក​នៃ​គណៈ​ប្រធាន​កូរ៉ុម​អែលឌើរ​តម្រូវ​ឲ្យ​មាន​ការអនុម័ត​ពី​គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ។

សមាជិក​ម្នាក់​ក្នុងគណៈប្រធាន​ស្តេក​បង្ហាញ​ឈ្មោះ​ពួកគេ​នៅ​ក្នុង​ការប្រជុំ​កូរ៉ុម​សម្រាប់​ការលើក​ដៃ​គាំទ្រ ។ គណៈ​ប្រធាន​ស្តេក​ក៏អាច​ចាត់តាំង​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​ធ្វើ​ដូច្នេះ​បានដែរ ។

សមាជិក​ម្នាក់​នៃ​គណៈប្រធាន​កូរ៉ុមអែលឌើរ​បង្ហាញ​បងប្អូនប្រុស​ដែល​ត្រូវបានហៅ​ឲ្យ​បម្រើ​ក្នុង​កូរ៉ុម​ផ្សេងទៀត​ទទួល​ការលើក​ដៃ​គាំទ្រ​នៅក្នុង​ការប្រជុំ​កូរ៉ុម ( សូមមើល ៨.៣.៤ និង ៨.៣.៥ ) ។

ប្រធាន​ស្តេក​ធ្វើ​ពិធី​ញែកចេញ​ដល់​ប្រធាន​កូរ៉ុម​អែលឌើរ ហើយ​ប្រគល់​កូនសោ​ទាំងឡាយ​នៃ​ការហៅ​បម្រើ​របស់​គាត់​ជូន​ដល់​គាត់ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កូនសោ សូម​មើល ៣.៤.១ ។ សមាជិក​ម្នាក់​នៃ​គណៈ​ប្រធាន​ស្តេក ឬ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ធ្វើ​ពិធី​ញែកចេញ​ដល់​ទី​ប្រឹក្សា ។

៨.៣.៣.២

ការទទួល​ខុសត្រូវ

ប្រធាន​កូរ៉ុម​អែលឌើរមាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ។ ទីប្រឹក្សា​របស់​គាត់​ជួយ​ដល់​គាត់ ។

  • បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​វួដ ។ គាត់​បម្រើ​ជា (១) សមាជិក​មួយ​រូប​នៃ​ក្រុមប្រឹក្សា​ដែល​ជួយ​បំពេញ​តាម​សេចក្ដី​ត្រូវការ​នៅក្នុង​វួដ ហើយ​ស្វែងរក​ដំណោះស្រាយ​នានា និង (២) ជា​អ្នកតំណាង​ឲ្យ​កូរ៉ុម​អែលឌើរ ( សូម​មើល ២៩.២.៥ ) ។

  • ដឹកនាំ​ឲ្យ​កូរ៉ុម​ខិតខំ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើង​ឡើង ( សូមមើល ជំពូកទី ១ ) ។

  • រៀបចំ និង​មើលខុសត្រូវ​លើ​បងប្អូន​ប្រុស​ដែល​ផ្តល់​ការងារបម្រើ ។ សម្រប​សម្រួល​ការចាត់តាំង​នៃការផ្តល់​ការងារ​បម្រើ​ជាមួយ​គណៈប្រធាន​សមាគម​សង្រ្គោះ ដោយ​ប្រជុំ​យ៉ាង​តិចណាស់​រៀងរាល់​ត្រីមាស ។ ស្វែងរក​ការអនុម័ត​សម្រាប់​ការចាត់តាំង​ការងារ​បម្រើ ។ ធ្វើ​ការសម្ភាស​ការងារ​បម្រើ​យ៉ាង​តិចណាស់​រៀងរាល់​ត្រីមាស ។ សូមមើល ជំពូកទី ២១ ។

  • នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព សូម​ប្រឹក្សា​ជាមួយ​នឹង​សមាជិក​មជ្ឈិមវ័យ​នៅក្នុង​វួដ ។ មានតែ​ប៊ីស្សព​ប៉ុណ្ណោះ​ដែល​អាច​ប្រឹក្សា​យោបល់​ដល់​សមាជិក​វួដ​អំពី​បញ្ហា​នៃ​ភាពស័ក្ដិសម ការរំលោភ​បំពាន និង​ការអនុម័ត​ឲ្យ​ប្រើប្រាស់​មូលនិធិ​ដង្វាយ​តមអាហារ​បាន ។ សូមមើល ធនធាន​ការប្រឹក្សា ។

  • ជាមួយ​គណៈប្រធាន​សមាគម​សង្រ្គោះ គាត់​ជួយ​ដឹកនាំ​កិច្ចខិតខំ​នៅក្នុង​វួដ​ដើម្បី​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ( សូមមើល ៨.២.៣ និង ៩.២.៣ ) ។ មើលការ​ខុសត្រូវ​លើ​អ្នកដឹកនាំ​បេសកកម្ម​ប្រចាំវួដ ប្រសិនបើ​មាន​ការហៅ​នេះ ។

  • ជាមួយ​គណៈប្រធាន​សមាគម​សង្រ្គោះ គាត់​ជួយ​ដឹកនាំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ ( សូមមើល ៨.២.៤ និង ៩.២.៤ ) ។ មើលការ​ខុសត្រូវ​លើ​អ្នកដឹកនាំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ប្រសិនបើ​មាន​ការហៅ​នេះ ។

  • សម្រប​សម្រួល​កិច្ចខិតខំ​របស់​កូរ៉ុម​អែលឌើរ​ដើម្បី​ពង្រឹង​បងប្អូន​ប្រុស​យុវមជ្ឈិមវ័យ ទាំង​នៅលីវ និង​បាន​រៀបការ​ហើយ ។ ទីប្រឹក្សា​ម្នាក់​អាច​ចាត់តាំង​ឲ្យទៅ​បម្រើ​ជាមួយ​នឹង​យុវមជ្ឈិមវ័យ​នៅលីវ ( សូមមើល ១៤.១.២.២ ) ។

  • ជួប​ជាមួយ​កូរ៉ុម​អែលឌើរ​ម្នាក់ៗ​យ៉ាង​ហោចណាស់​ម្តង​ក្នុង​មួយឆ្នាំ ។ ពិភាក្សា​ពី​កាតព្វកិច្ច​បព្វជិតភាព ព្រមទាំង​សុខុមាលភាព​នៃ​សមាជិក និង​គ្រួសារ​គាត់ ។

  • បង្រៀន​សមាជិក​កូរ៉ុម​ពី​កាតព្វកិច្ច​បព្វជិតភាព​របស់​ពួកគេ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៨៩ ) ។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​ការបង្រៀន​ពួកគេ​ពី​របៀប​អនុវត្ត​បព្វជិតភាព​របស់​ពួកគេ​នៅក្នុង​ការធ្វើ​ពិធីបរិសុទ្ធ និង​ពរជ័យ​នានា​ផងដែរ ។

  • មើលការ​ខុសត្រូវ និង​ជួយ​កែលម្អ​ការបង្រៀន​នៅក្នុង​កូរ៉ុម ( សូមមើល ជំពូកទី ១៧ ) ។

  • ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​កូរ៉ុម ។

  • មើលការ​ខុសត្រូវ​លើ​សកម្មភាព​កូរ៉ុម​អែលឌើរ ( សូមមើល ៨.២.១.៣ ) ។

  • ជួយ​យុវជន និង​ពួក​អែលឌើរ​បម្រុង​ឲ្យ​រៀបចំខ្លួន​ដើម្បី​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ( សូមមើល ៨.៤ )។ 

  • មើលការ​ខុសត្រូវ​លើ​កំណត់ត្រា របាយការណ៍ និង​ហិរញ្ញវត្ថុ​របស់​កូរ៉ុម ( សូមមើល​គេហទំព័រ LCR.ChurchofJesusChrist.org ) ។ លេខា​អាច​ជួយ​បាន ( សូមមើល ៨.៣.៤ ) ។

គណៈប្រធាន​ស្តេក និង​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់តាំង បង្រៀន​គណៈប្រធាន​កូរ៉ុម​អែលឌើរ​អំពី​ការទទួល​ខុសត្រូវ​ទាំងនេះ ។ ពួកគាត់​អាច​ធ្វើ​កិច្ចការ​នេះ​អំឡុងពេល​ការប្រជុំ​ភាពជា​អ្នកដឹកនាំ​បព្វជិតភាព​ស្តេក និង​ការប្រជុំ​គណៈប្រធាន​កូរ៉ុម ( សូមមើល ២៩.៣.៣ ) ។

តាមរយៈ​ការបម្រើ​របស់​គាត់ ប្រធាន​កូរ៉ុម​អែលឌើរ​គាំទ្រ​ដល់​ប៊ីស្សព​នៅក្នុង​ការផ្តោត​យកចិត្ត​ទុកដាក់​ទៅលើ​យុវវ័យ និង​លើ​ការទទួល​ខុសត្រូវ​ដ៏ពិសេស​របស់​ប៊ីស្សព ។

៨.៣.៣.៣

ការប្រជុំ​គណៈប្រធាន

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​លេខា​ជួបគ្នា​ជា​ទៀងទាត់ ។ ប្រធាន​ជាអ្នក​ដឹកនាំ​ការប្រជុំ​ទាំងនេះ ។ ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់តាំង​មកកាន់​កូរ៉ុម​នេះ ចូលរួម​ជាប្រចាំ​តាម​កាល​កំណត់ ។

របៀបវារៈ​អាច​រួមមាន​នូវ​ចំណុច​ដូច​ខាង​ក្រោម ៖

  • ដាក់​ផែនការ​ដើម្បី​ពង្រឹង​ដល់​សមាជិក​កូរ៉ុម ( រួមទាំង​ពួកអែលឌើរ​បម្រុង ) និង​ក្រុមគ្រួសារ​របស់ពួកគេ ។

  • ដាក់​ផែនការ​ពីរបៀប​ដើម្បី​សម្រេច​បាន​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។

  • សម្រប​សម្រួល​កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា ព្រមទាំង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ផងដែរ ។

  • ឆ្លើយតប​នឹង​ការប្រឹក្សា និង​ការចាត់តាំង​មកពី​ប៊ីស្សព ។

  • ឆ្លើយតប​នឹង​ការចាត់តាំង​មកពី​ការប្រជុំ​ក្រុមប្រឹក្សា​វួដ ។

  • ធ្វើ​ការពិចារណា​ពី​ការចាត់តាំង​ការងារ​បម្រើ​ប្រកប​ដោយ​ការអធិស្ឋាន ។

  • ពិនិត្យ​មើល​ព័ត៌មាន​ពី​ការសម្ភាស​ការងារ​បម្រើ​ឡើងវិញ ។ ដាក់​ផែនការ​ដើម្បី​ស្វែងយល់ពី​កម្លាំង និង​បំពេញ​តាម​តម្រូវការ ។ ( សូមមើល ជំពូកទី ២១ ) ។

  • ពិចារណា​រក​បងប្អូន​ប្រុស​ឲ្យ​បម្រើ​នៅក្នុង​ការហៅ​បម្រើ និង​ការចាត់តាំង​នានា ។

  • រៀបចំ​ផែនការ​ការប្រជុំ​កូរ៉ុម និង​សកម្មភាព​កូរ៉ុម ។

៨.៣.៤

លេខា

ដោយ​មាន​ការអនុម័ត​ពី​ប៊ីស្សព សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​ហៅ​សមាជិក​កូរ៉ុម​ម្នាក់​ឲ្យ​ធ្វើ​ជា​លេខា​របស់​កូរ៉ុម​បាន ។ គាត់​ណែនាំ​សមាជិក​រូប​នោះ​ដល់​កូរ៉ុម​ដើម្បី​ទទួល​បាន​ការលើក​ដៃ​គាំទ្រ​នៅក្នុង​ការប្រជុំ​កូរ៉ុម និង​ធ្វើ​ពិធី​ញែក​គាត់​ចេញ​ក្នុង​ការហៅ​បម្រើ​នោះ ។

ការទទួល​ខុសត្រូវ​របស់​លេខា​អាច​រួមមាន​ដូច​ខាងក្រោម ៖

  • រៀបចំ​របៀប​វារៈ​សម្រាប់​ការប្រជុំ​គណៈប្រធាន និង​ការប្រជុំ​កូរ៉ុម ។

  • កត់ត្រា​នៅក្នុង​ការប្រជុំ និង​តាមដាន​ការចាត់តាំង​នានា ។

  • រៀបចំ​កាលវិភាគ​សម្ភាស​សម្រាប់​ការផ្តល់​ការងារ​បម្រើ ( សូមមើល ២១.៣ ) ។

  • រៀបចំ និង​បញ្ជូន​របាយការណ៍​អ្នក​ចូល​រួម និង​ចំនួន​នៃ​ការសម្ភាស​ស្តី​ពី​ការងារ​បម្រើ​ដែល​បានធ្វើឡើង​ប្រចាំ​ត្រីមាស ។

  • ជួយ​រៀបចំ​ថវិកា​ប្រចាំឆ្នាំ និង​តាមដាន​ចំណាយ​នានា ។

៨.៣.៥

ការហៅ​បម្រើ​បន្ថែម

ការហៅ​បម្រើ​បន្ថែម​ខាងក្រោម​នេះ​អាច​មាន​អត្ថប្រយោជន៍ ។ ប៊ីស្សព និង​ប្រធាន​កូរ៉ុម​អែលឌើរ​ពិភាក្សា​គ្នា​ថា​ត្រូវការ​ការហៅ​បម្រើ​ទាំងនេះ​ឬទេ ។

  • គ្រូបង្រៀន​កូរ៉ុម​អែលឌើរ​បង្រៀន​ក្នុង​ការប្រជុំ​កូរ៉ុម​នៅ​ថ្ងៃអាទិត្យ ។

  • អ្នកសម្រប​សម្រួល​ការបម្រើ​ដើម្បី​ជួយ​ដាក់​ផែនការ និង​ធ្វើការ​បម្រើ​ដល់​អ្នកដែល​ខ្វះខាត ( សូមមើល ៨.២.២.២ ) ។ ជំនួយការ និង​សមាជិក​គណៈកម្មការ​ក៏អាច​ហៅ​បាន​ដែរ ។

  • អ្នក​សម្រប​សម្រួល​សកម្មភាព​ដើម្បី​ជួយ​ដាក់​ផែនការ និង​អនុវត្ត​តាម​សកម្មភាព​របស់​កូរ៉ុមអែលឌើរ ( សូមមើល ៨.២.១.៣ ) ។ ជំនួយការ និង​សមាជិក​គណៈកម្មការ​ក៏អាច​ហៅ​បាន​ដែរ ។

  • ជំនួយការ​លេខា​ដើម្បី​ជួយ​ដល់​លេខា​កូរ៉ុម​អែលឌើរ ។

  • លេខា​ខាង​ការងារ​បម្រើ​រៀបចំ​ការសម្ភាស​ការងារ​បម្រើ ហើយ​ជួយ​រៀបចំ​របាយការណ៍​ប្រចាំ​ត្រីមាស ។

ប្រសិនបើ​ការហៅ​បម្រើ​ទាំងនេះ ឬ​ការហៅ​បម្រើ​ផ្សេង​ទៀត​គឺ​ចាំបាច់ នោះ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​គឺជា​អ្នកផ្តល់​អនុសាសន៍​ឲ្យ​ហៅ​បងប្អូនប្រុស​ដើម្បី​បម្រើ ។ ពួកគាត់​ផ្ដល់​អនុសាសន៍​ទាំងនេះ​ជូន​ទៅកាន់​គណៈប៊ីស្សព ។ ប្រសិនបើ​គណៈប៊ីស្សព​អនុម័ត នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​ហៅ​ពួកគេ​ឲ្យ​បម្រើ ។ គាត់​ណែនាំ​ពួកគេ​ដើម្បី​ទទួល​ការលើកដៃ​គាំទ្រ​នៅក្នុង​ការប្រជុំ​កូរ៉ុម និង​ធ្វើពិធី​ញែកចេញ ។

ប្រសិនបើ​ចាំបាច់ គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​ចាត់តាំង​បងប្អូន​ប្រុស ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​របស់​កូរ៉ុម​អែលឌើរ​តាម​របៀប​ផ្សេងៗ ។ បងប្អូន​ប្រុស​ដែលមាន​ការ​ចាត់​តាំង​រយៈពេល​ខ្លី​ពុំ​ចាំបាច់​ត្រូវ​ហៅ និង​ធ្វើ​ពិធី​ញែកចេញ​នោះ​ទេ ។

រូបភាព
បុរស​ពីរនាក់​កំពុង​ផ្ដល់​ការប្រសិទ្ធពរ​បព្វជិតភាព​ដល់​បុរស​ម្នាក់

៨.៤

ការជួយ​រៀបចំ​ពួក​អែលឌើរ​បម្រុង​ដើម្បី​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក

អែលឌើរ​បម្រុង​គឺជា​សមាជិក​សាសនាចក្រ​ជាបុរស ដែល​ពុំ​ទាន់​បាន​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក និង (១) មាន​អាយុ ១៩ ឆ្នាំ​ឡើង ឬ (២) មាន​អាយុ​តិច​ជាង ១៩ ឆ្នាំ តែ​បាន​រៀបការ​រួចហើយ ។

ការជួយ​រៀបចំ​ពួក​អែលឌើរ​បម្រុង​ឲ្យ​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក​ជា​អាទិភាពមួយ ក្នុង​ចំណោម​អាទិភាព​ខ្ពស់​បំផុត​របស់​គណៈប្រធាន​កូរ៉ុម ។ គណៈប្រធាន​ផ្តល់​ឱកាស​ឲ្យ​កូរ៉ុម​អែលឌើរ​បម្រើ និង​ចែកចាយ​ភាព​រឹងមាំ​របស់​ពួកគាត់ ។ បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ​ល្អៗ​គួរតែ​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​ដៃ​គូ​នឹង​ពួក​អែលឌើរ​បម្រុង ។

គណៈប្រធាន​កូរ៉ុម និង​ពួក​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ បង្រៀន​ពួក​អែលឌើរ​បម្រុង​អំពី ៖

  • សម្បថ និង​សេចក្តី​សញ្ញា​នៃ​បព្វជិតភាព ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៣–៤៤ ) ។

  • កាតព្វកិច្ច​នៃ​អែលឌើរ រួមមាន​កាតព្វកិច្ច​ដើម្បី​ផ្ដល់​ការងារ​បម្រើ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៨–៤៥; ៤២:៤៤; ១០៧:១១–១២ ) ។ ពួកអែលឌើរ​បម្រុង​ដែល​ជា​ពួកគ្រូ ឬ​សង្ឃ​អាច​បម្រើ​ជាមួយ​ពួក​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ​បាន ។

  • គោលបំណង​នៃ​ពិធីបរិសុទ្ធ និង​ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព និង​របៀប​ធ្វើ​ពិធីបរិសុទ្ធ​ទាំងនោះ ( សូម​មើល ជំពូក​ទី ១៨ ) ។

  • របៀប​ដែល​បុរស និង​ស្ត្រី​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​បាន​កិច្ចការ​របស់​ព្រះ ។

សម្រាប់​ព័ត៌មាន​អំពី​ប្រធាន​បទ​ទាំង​នេះ សូមមើល « បព្វជិតភាព​ម៉ិលគីស្សាដែក, « បព្វជិតភាព » និង​« ស្ត្រី​នៅ​ក្នុង​សាសនាចក្រ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

សេចក្ដីណែនាំ​នេះ​អាច​ធ្វើ​ឡើង​ចំពោះ​បុគ្គល​ម្នាក់ៗ ឬ​នៅ​ក្នុង​ថ្នាក់​មួយ​ដែល​ធ្វើ​ឡើង​នៅក្រៅ​ការប្រជុំ​ថ្ងៃ​អាទិត្យ​ធម្មតា ។

ពេល​ប៊ីស្សព និង​ប្រធាន​ស្តេក​កំណត់​ថា អែលឌើរ​បម្រុង​ម្នាក់​បាន​រៀបចំ​ខ្លួន ហើយ​មាន​ភាពស័ក្ដិសម​ភ្លាម នោះ​បុគ្គល​នោះ​អាច​ត្រូវបាន​តែងតាំង​ជា​អែលឌើរ​ក្នុង​បព្វជិតភាព​ម៉ិលគីស្សាដែក​បាន ។

៨.៥

សេចក្តី​ណែនាំ និង​គោលនយោបាយ​បនែ្ថម

៨.៥.១

សមាជិក​ដែល​មាន​ពិការភាព

គណៈប្រធាន​កូរ៉ុម​អែលឌើរ​ផ្ដល់​ការមើលថែ​ជាពិសេស​ដល់​សមាជិក​ដែល​មាន​ពិការភាព ។ សម្រាប់​ព័ត៌មាន​អំពី​ការជួយ​សមាជិក​ទាំងនេះ សូម​មើល​នៅលើ​គេហទំព័រ disability.ChurchofJesusChrist.org និង ៣៨.៨.២៦ ។