« ៣៥. ការថែទាំ និងការប្រើប្រាស់សាលាប្រជុំ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ២០២៥ ) ។
« ៣៥. ការថែទាំ និងការប្រើប្រាស់សាលាប្រជុំ » ក្បួនខ្នាតទូទៅ ។
៣៥.
ការថែទាំ និងការប្រើប្រាស់សាលាប្រជុំ
៣៥.១
គោលបំណង
សាសនាចក្រផ្ដល់សាលាប្រជុំទាំងឡាយ ដើម្បីឲ្យមនុស្សទាំងអស់ដែលចូលមកអាច ៖
-
ចុះ និងរំឭកសេចក្ដីសញ្ញាតាមរយៈពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងឡាយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៥; ៥៩:៩–១២ ) ។
-
ជួបជុំគ្នា ( សូមមើល នីហ្វៃទី៣ ១៨:២២–២៣ ) ។
-
ថ្វាយបង្គំ និងអធិស្ឋានជាមួយគ្នា ( សូមមើល ម៉ូសាយ ១៨:២៥; មរ៉ូណៃ ៦:៩ ) ។
-
បង្រៀន និងផ្ដល់ការងារបម្រើដល់គ្នាទៅវិញទៅមក ( សូមមើល មរ៉ូណៃ ៦:៤–៥ ) ។
-
ចូលរួមនៅក្នុងការប្រើប្រាស់ដែលបានអនុម័តដទៃទៀត ដូចបានពិពណ៌នានៅក្នុងជំពូកនេះ ។
សាលាប្រជុំអាចមានទម្រង់ផ្សេងៗគ្នា អាស្រ័យលើកាលៈទេសៈ និងតម្រូវការក្នុងមូលដ្ឋាន ។ វាអាចជាកន្លែងដែលសាងសង់ដោយសាសនាចក្រ ឬកន្លែងដែលបានជាវដោយសាសនាចក្រ ផ្ទះរបស់សមាជិក សាលារៀនក្នុងមូលដ្ឋាន ឬមជ្ឈមណ្ឌលក្នុងសហគមន៍ កន្លែងជួល ឬជម្រើសដែលបានអនុម័តផ្សេងទៀត ។
៣៥.២
តួនាទី និងការទទួលខុសត្រូវ
៣៥.២.១
នាយកដ្ឋានអគារសាលាប្រជុំ
នាយកដ្ឋានអគារសាលាប្រជុំនៅឯទីស្នាក់ការកណ្ដាលរបស់សាសនាចក្របង្កើតគោលការណ៍ និងគោលការណ៍ណែនាំទាំងឡាយសម្រាប់ការផ្ដល់ និងការថែទាំទីកន្លែងថ្វាយបង្គំ ។ នាយកដ្ឋាននេះដំណើរការនៅក្រោមការដឹកនាំរបស់គណៈប៊ីស្សពជាអធិបតី ។
បុគ្គលិកអគារសាលាប្រជុំមានទំនួលខុសត្រូវក្នុងការផ្ដល់ និងថែទាំសាលាប្រជុំ និងអគារសាសនាចក្រផ្សេងៗទៀត ។ ការណ៍នេះត្រូវបានធ្វើឡើងនៅក្រោមការដឹកនាំរបស់គណៈប្រធានតំបន់ និងនាយកប្រចាំតំបន់សម្រាប់កិច្ចការខាងអាណាចក្រ ។
៣៥.២.២
អ្នកគ្រប់គ្រងអគារសាសនាចក្រ
អ្នកគ្រប់គ្រងអគារដែលជាបុគ្គលិករបស់សាសនាចក្រ ជួយស្តេកនីមួយៗឲ្យដំណើរការសាលាប្រជុំ ។ គាត់រៀបចំការជួសជុលធំៗ ការសម្អាតពិសេស និងការថែទាំអគារជាប្រចាំ ។
តាមដែលត្រូវការ អ្នកគ្រប់គ្រងអគារជួយបង្រៀនដល់អ្នកតំណាងអគាររបស់ស្តេក និងវួដ អំពីរបៀបសម្អាតអគារ និងធ្វើការងារខាងក្នុងផ្សេងៗទៀត ។ គាត់ផ្ដល់ការណែនាំ សម្ភារ និងឧបករណ៍ ។
អ្នកគ្រប់គ្រងអគារធ្វើការជាមួយអ្នកតំណាងអគារប្រចាំស្តេក ដើម្បីចាត់ចែងសេវាទាំងនេះ និងការថែទាំអគារជាទូទៅ ។ គាត់ក៏អាចពិនិត្យមើលការចំណាយលើអគារជាមួយនឹងប៊ីស្សពផងដែរ ។
៣៥.២.៣
ពួកចិតសិបនាក់ប្រចាំតំបន់
ពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រធានស្តេកនៅក្នុងដំណើរការដាក់ផែនការមេ ( សូមមើល ៣៥.៣ ) ។
៣៥.២.៤
គណៈប្រធានស្តេក
គណៈប្រធានស្តេកណែនាំប៊ីស្សពនៅក្នុងការប្រើប្រាស់ ការមើលថែ និងសន្តិសុខដល់សាលាប្រជុំ ។ ពួកគាត់ចាត់ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ឲ្យធ្វើជាអ្នកតំណាងអគារប្រចាំស្ដេក ( សូមមើល ៣៥.២.៥ ) ។ ពួកគាត់ប្រឹក្សាជាមួយនឹងគាត់ ដើម្បីពិនិត្យមើលពីសេចក្តីត្រូវការ និងគម្រោងនានា ។
ប្រសិនបើសមាជិកត្រូវការកន្លែងបន្ថែមទៀតសម្រាប់ការថ្វាយបង្គំ នោះគណៈប្រធានស្ដេកផ្ដល់ព័ត៌មានទៅកាន់ពួកចិតសិបនាក់ប្រចាំតំបន់ ។ ការណ៍នេះធ្វើឡើងតាមរយៈដំណើរការដាក់ផែនការមេ ( សូមមើល ៣៥.៣ ) ។
៣៥.២.៥
អ្នកតំណាងអគារប្រចាំស្តេក
អ្នកតំណាងអគារប្រចាំស្តេកជួយគណៈប្រធានស្តេកនៅក្នុងការប្រើប្រាស់ ការមើលថែ និងសន្តិសុខដល់សាលាប្រជុំដោយ ៖
-
បង្រៀនដល់អ្នកតំណាងអគារប្រចាំវួដអំពីភារកិច្ចរបស់ពួកគេ ( សូមមើល ៣៥.២.៩ ) ។
-
ប្រគល់កូនសោទៅថ្នាក់ដឹកនាំអង្គភាព ។
-
ទាក់ទងជាមួយនឹងអ្នកគ្រប់គ្រងអគារសាសនាចក្រអំពីការថែទាំ និងតម្រូវការផ្នែកប្រតិបត្តិការរបស់អគារ ។
៣៥.២.៦
អ្នកជំនាញខាងបច្ចេកវិទ្យាប្រចាំស្តេក និងវួដ
អ្នកជំនាញខាងបច្ចេកវិទ្យាប្រចាំស្តេក និងវួដ ជួយរៀបចំ និងថែទាំផ្នែកបច្ចេកវិទ្យានៅក្នុងអគារ ។ នៅពេលឧបករណ៍ថ្មីត្រូវការរៀបដំឡើង ពួកគេប្រាស្រ័យទាក់ទងនឹងអ្នកគ្រប់គ្រងអគារ ។ សម្រាប់ព័ត៌មានបន្ថែមអំពីការហៅបម្រើទាំងនេះ សូមមើល ៣៣.១០ ( សូមមើលផងដែរ mhtech.ChurchofJesusChrist.org ) ។
៣៥.២.៧
គណៈប៊ីស្សព
គណៈប៊ីស្សព ( ឬអ្នកតំណាងអគារប្រចាំវួដ ) បង្រៀនសមាជិកពីរបៀបប្រើប្រាស់ មើលថែ និងរក្សាសន្តិសុខដល់សាលាប្រជុំ ។ គណៈប៊ីស្សពក៏ប្រគល់កូនសោដល់ថ្នាក់ដឹកនាំវួដផងដែរ ។
ពួកគាត់ធ្វើឲ្យប្រាកដថា សកម្មភាពនៅក្នុងអគារ និងនៅលើបរិវេណអគារត្រូវបានធ្វើឡើងដោយសុវត្ថិភាព ( សូមមើល ២០.៧ ) ។
ពួកគាត់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកគ្រប់គ្រងអគារសាសនាចក្រអំពីការថែទាំ និងតម្រូវការផ្នែកប្រតិបត្តិការរបស់អគារ ។ ពួកគាត់ក៏អាចនឹងពិនិត្យមើលការចំណាយដែលទាក់ទងជាមួយនឹងអ្នកគ្រប់គ្រងអគារផងដែរ ។
៣៥.២.៨
ប៊ីស្សពជាភ្នាក់ងារ
ប្រសិនបើមានវួដលើសពីមួយជួបប្រជុំនៅក្នុងអគារតែមួយ នោះគណៈប្រធានស្តេកជ្រើសរើសប៊ីស្សពជាភ្នាក់ងារមួយរូប ដើម្បីសម្របសម្រួលការចាត់តាំងនានាជាមួយនឹងប៊ីស្សពដទៃទៀត ។ ការចាត់តាំងទាំងនេះរួមមាន ការដាក់កាលវិភាគ ការសម្អាត និងការរក្សាសន្តិសុខអគារ ។ គណៈប្រធានស្តេកផ្លាស់ប្ដូរការទទួលខុសត្រូវនេះជាទៀងទាត់ពីប៊ីស្សពមួយទៅប៊ីស្សពមួយទៀត ដែលវួដរបស់ពួកគាត់ជួបនៅក្នុងអគារនោះ ។
៣៥.២.៩
អ្នកតំណាងអគារវួដ
គណៈប៊ីស្សពកំណត់ថាតើត្រូវហៅអ្នកតំណាងអគារប្រចាំវួដម្នាក់ឬអត់ ។ ប្រសិនបើពួកគាត់សម្រេចចិត្តថាត្រូវផ្ដល់ការហៅនេះ នោះគណៈប៊ីស្សពអាចហៅសមាជិកមជ្ឈិមវ័យជាបុរស ឬស្ត្រីម្នាក់ ។ ប្រសិនបើអ្នកតំណាងអគារប្រចាំវួដមិនត្រូវបានហៅទេ នោះប៊ីស្សពអាចចាត់តាំងការទទួលខុសត្រូវនេះទៅទីប្រឹក្សាមួយរូបរបស់គាត់ ស្មៀនវួដ ឬជំនួយការស្មៀនវួដ ឬលេខាប្រតិបត្តិ ។
អ្នកតំណាងអគារប្រចាំវួដរៀបចំសមាជិក និងអ្នកស្ម័គ្រចិត្តដើម្បីសម្អាត និងថែទាំអគារ ។ គាត់បង្រៀនពួកគេពីរបៀបដើម្បីធ្វើកិច្ចការនីមួយៗ ជាមួយនឹងសម្ភារ និងឧបករណ៍ដែលមាន ។
ប្រសិនបើចាំបាច់ គាត់ទទួលការណែនាំមកពីអ្នកតំណាងអគារប្រចាំស្តេក អំពីដំណើរការនៃប្រតិបត្តិការសំឡេង ម៉ាស៊ីនកម្ដៅ ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធអគារផ្សេងៗទៀត ។
៣៥.២.១០
សមាជិក
នៅក្រោមការដឹកនាំរបស់ប៊ីស្សព ថ្នាក់ដឹកនាំជាមជ្ឈិមវ័យ និងជាយុវជនលើកទឹកចិត្តសមាជិកឲ្យជួយដល់ការថែទាំអគារ ។ គណៈប៊ីស្សព និងអ្នកតំណាងអគារប្រចាំវួដ កែសម្រួលកិច្ចការទាំងឡាយទៅតាមជំនាញ និងសមត្ថភាពរបស់អ្នកដែលធ្វើកិច្ចការនោះ ។ ការមើលថែជាទៀងទាត់ដោយសមាជិកជួយឲ្យធនធានរបស់សាសនាចក្រប្រើប្រាស់បានយូរតាមដែលអាចធ្វើទៅបាន ។
៣៥.៣
ការផ្ដល់សាលាប្រជុំទាំងឡាយ
សាលាប្រជុំមានទំហំ និងប្រភេទខុសៗគ្នា ដោយផ្អែកទៅលើតម្រូវការ និងលក្ខខណ្ឌក្នុងមូលដ្ឋាន ។ សាលាប្រជុំមួយអាចជាកន្លែងសាងសង់ដោយសាសនាចក្រ ឬកន្លែងដែលបានជាវដោយសាសនាចក្រ ផ្ទះរបស់សមាជិក សាលារៀនក្នុងមូលដ្ឋាន ឬមជ្ឈមណ្ឌលក្នុងសហគមន៍ កន្លែងជួល ឬជម្រើសដែលបានអនុម័តផ្សេងទៀត ។
ថ្នាក់ដឹកនាំក្នុងតំបន់ និងមូលដ្ឋាន ត្រូវខិតខំព្យាយាមដើម្បីប្រើប្រាស់សាលាប្រជុំដែលមានស្រាប់ឲ្យអស់ពីលទ្ធភាព ហើយធ្វើការផ្ដល់អនុសាសន៍ប្រកបដោយភាពឈ្លាសវៃក្នុងការរៀបចំកន្លែងបន្ថែមទៀត ។ ពួកគាត់ធ្វើតាម « គោលការណ៍ និងសេចក្តីណែនាំសម្រាប់ការផ្តល់សាលាប្រជុំ » ( មគ្គទេសក៍អគារសាលាប្រជុំ ) ។
ថ្នាក់ដឹកនាំរៀបចំផែនការមេប្រចាំឆ្នាំ ដោយប្រើប្រាស់ គោលការណ៍ណែនាំការដាក់ផែនការមេសម្រាប់សាលាប្រជុំ ) ដើម្បីធ្វើឲ្យប្រាកដថា សាលាប្រជុំមានទីកន្លែងគ្រប់គ្រាន់ ។ ថ្នាក់ដឹកនាំក៏ប្រើប្រាស់ផែនការមេនេះ ដើម្បីវាយតម្លៃពីតម្រូវការនាពេលអនាគតផងដែរ ដើម្បីបន្ថែមកន្លែងប្រជុំ ឬដាក់ឲ្យដំណើរការឡើងវិញ ដែលលក់ ឬអនុញ្ញាតឲ្យមានការប្រើប្រាស់ផ្សេងៗទៀតសម្រាប់សាលាប្រជុំ និងទ្រព្យសម្បត្តិ ។
សម្រាប់ព័ត៌មានបន្ថែមសូមមើល « ការផ្តល់សាលាប្រជុំ និងទីកន្លែងថ្វាយបង្គំផ្សេងៗ » ( មគ្គុទេសក៍អគារសាលាប្រជុំ ) ។
៣៥.៣.១
ពិធីបើកការដ្ឋានសាងសង់ និងការឧទ្ទិសឆ្លងអគារ
ពិធីបើកការដ្ឋានសាងសង់អាចត្រូវបានធ្វើឡើងមុនការសាងសង់ ។ នៅពេលធ្វើរួចហើយ នោះអគារថ្មីៗ និងការបន្ថែមធំៗគួរតែត្រូវបានឧទ្ទិសឆ្លងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ កន្លែងដែលជួលក៏អាចត្រូវបានឧទ្ទិសឆ្លងផងដែរ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « សេវាកម្មការសម្ពោធ » និង « ការឧទ្ទិសឆ្លងអគារ » នៅក្នុង « ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេងៗ » ( មគ្គទេសក៍អគារសាលាប្រជុំ ) ។
៣៥.៤
ការថែទាំសាលាប្រជុំ
៣៥.៤.១
ការសម្អាត និងការថែទាំសាលាប្រជុំ
ថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋាន រួមទាំងយុវវ័យ មានទំនួលខុសត្រូវក្នុងការជួយរក្សាអគារនីមួយៗឲ្យបានស្អាត និងនៅក្នុងស្ថានភាពល្អប្រសើរ ។ ការណ៍នេះជួយ ៖
-
រក្សាលក្ខណៈពិសិដ្ឋរបស់អគារ ជាកន្លែងមួយដែលព្រះវិញ្ញាណអាចគង់នៅបាន ។
-
លើកទឹកចិត្តឲ្យមានគារវភាព ។
-
តំណាងឲ្យរូបភាពនៃសេចក្តីថ្លៃថ្នូរ និងការគោរព ។
-
ពន្យារអាយុកាលប្រើប្រាស់របស់អាគារ ។
កាលវិភាគសម្អាតមិនគួរជាបន្ទុកទៅលើសមាជិកនោះទេ ។ ឧទាហរណ៍ ប្រសិនបើការធ្វើដំណើរទៅអគារនោះពិបាក នោះសមាជិកអាចធ្វើការសម្អាត ជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍ នៅពេលពួកគេនៅឯសាលាប្រជុំស្រាប់ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « ការថែទាំសាលាប្រជុំ » ( មគ្គទេសក៍អគារសាលាប្រជុំ ) ។
៣៥.៤.២
ការស្នើសុំការជួសជុល
សមាជិកក្រុមប្រឹក្សាវួដ និងស្តេក អាចរាយការណ៍ពីតម្រូវការនានាសម្រាប់ការជួសជុលអគារបាន ។ ការណ៍នេះអាចត្រូវបានធ្វើឡើង ដោយប្រើប្រាស់ឧបករណ៍ ការរាយការណ៍បញ្ហាអគារ ( រ.ប.អ. ) ។ រ.ប.អ. ជួយថ្នាក់ដឹកនាំឲ្យបញ្ជូន តាមដានដំណើរការ និងផ្ដល់យោបល់លើការជួលជុល និងសំណើផ្សេងៗទៀត ។ សមាជិកក្រុមប្រឹក្សាក៏អាចទាក់ទងទៅអ្នកគ្រប់គ្រងអគារដើម្បីសុំជំនួយផងដែរ ។
រ.ប.អ. ក៏មានជាកម្មវិធីនៅក្នុង Google Play និង Apple App Store ផងដែរ ។ ការណែនាំសម្រាប់ការប្រើប្រាស់ រ.ប.អ. មាននៅក្នុង មជ្ឈមណ្ឌលជំនួយ នៅលើគេហទំព័រ ChurchofJesusChrist.org ។
៣៥.៤.៣
ការត្រួតពិនិត្យសាលាប្រជុំ
គ្រប់អគារត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំដោយអ្នកគ្រប់គ្រងអគារ ។ គោលបំណងគឺដើម្បីកំណត់ពីតម្រូវការរបស់អគារក្នុងរយៈពេលវែង និងការជួសជុលនានា ។ បន្ទាប់មក អ្នកគ្រប់គ្រងអគារពិភាក្សាអំពីលទ្ធផលនៃការត្រួតពិនិត្យ និងសកម្មភាពដែលត្រូវការ ជាមួយនឹងអ្នកតំណាងអគារប្រចាំស្តេក ឬភ្នាក់ងាររបស់ប៊ីស្សព ។
៣៥.៤.៤
ការសន្សំថាមពលអគិ្គសនី និងទឹក
សាសនាចក្រខិតខំសន្សំសំចៃទឹក អគ្គិសនី និងធនធានផ្សេងៗទៀត ។ ថ្នាក់ដឹកនាំលើកទឹកចិត្តសមាជិកឲ្យសន្សំថាមពលអគ្គិសនី និងទឹកនៅក្នុងអគារ ។ ឧទាហរណ៍ នៅពេលសមាជិកចាកចេញពីបន្ទប់មួយ នោះពួកគេគួរតែបិទភ្លើង បិទទឹក ព្រមទាំងម៉ាស៊ីនកម្ដៅ និងម៉ាស៊ីនត្រជាក់ ឬក៏អ្វីៗដែលបានប្រើប្រាស់អំឡុងការប្រជុំ ឬសកម្មភាពនោះ ។ សមាជិករាយការណ៍ទៅថ្នាក់ដឹកនាំរបស់ពួកគេ អំពីរាល់ស្ថានភាពដែលរួមចំណែកដល់ការខ្ជះខ្ជាយ ។
សមាជិកក៏អាចគាំទ្រដល់គម្រោងសន្សំថាមពលអគ្គិសនី និងទឹកដែលគាំទ្រដោយសហគមន៍ ។ កិច្ចប្រឹងប្រែងទាំងនេះអាចកាត់បន្ថយថ្លៃទឹកភ្លើងបាន ។
ថ្នាក់ដឹកនាំ និងសមាជិកអាចទាក់ទងទៅអ្នកគ្រប់គ្រងអគារ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីការប្រើប្រាស់ និងការសន្សំសំចៃទឹក និងអគ្គិសនី ។
៣៥.៤.៥
សុវត្ថិភាព និងសន្តិសុខ
ថ្នាក់ដឹកនាំ និងសមាជិកគួរតែ ៖
-
រក្សាច្រកផ្លូវ ជណ្តើរ ច្រកចេញ និងបន្ទប់ឧបករណ៍ប្រើប្រាស់ឲ្យស្រឡះសម្រាប់ការចេញចូលដោយសុវត្ថិភាព ។
-
ចូរកុំប្រើ ឬកុំរក្សាទុកវត្ថុគ្រោះថ្នាក់ ឬងាយឆាបឆេះនៅក្នុងអគារឡើយ ។
-
បង្កើត និងធ្វើតាមនីតិវិធីចាក់សោអគារ ។
-
រក្សាឧបករណ៍ដែលជាកម្មសិទ្ធិរបស់សាសនាចក្រឲ្យមានសុវត្ថិភាពពីចោរ ។
-
ដឹងពីរបៀបបិទរបស់ប្រើប្រាស់ ដូចជាទឹក អគ្គិសនី និងហ្គាស ឬប្រេង ។
តាមដែលចាំបាច់ អ្នកគ្រប់គ្រងអគារអាចផ្ដល់ផែនទីមួយ ដែលបង្ហាញពីបំពង់ពន្លត់អគ្គិភ័យ កញ្ចប់ជំនួយបឋម និងទីតាំងដើម្បីបិទទឹកភ្លើង ។ ព័ត៌មានបន្ថែម អំពីសុវត្ថិភាពមាននៅក្នុង « សុវត្ថិភាព និងនិតិវិធីចាក់សោ » នៅក្នុង « ការថែទាំសាលាប្រជុំ » ( មគ្គទេសក៍អគារសាលាប្រជុំ ) ។ សូមមើលផងដែរ ២០.៧ ។
៣៥.៥
គោលនយោបាយអំពីការប្រើប្រាស់សាលាប្រជុំសាសនាចក្រ
សាលាប្រជុំសាសនាចក្រ គឺជាធនធានដ៏ពិសិដ្ឋ ដែលគួរតែត្រូវបានប្រើប្រាស់ដើម្បីជួយបុត្រាបុត្រីរបស់ព្រះខិតមកកាន់តែជិតព្រះគ្រីស្ទ ។ ការស្វាគមន៍មនុស្សឲ្យចូលរួមសកម្មភាពជាមួយយើងនៅឯសាលាប្រជុំ និងការប្រើសាលាប្រជុំរបស់យើងដើម្បីប្រទានពរដល់សហគមន៍របស់យើង គឺជាវិធីដើម្បី « ចូរឲ្យពន្លឺរបស់ [ របស់យើង ] បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែល[ពួកយើង] ប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃ [ យើងរាល់គ្នា ] ដែលគង់នៅស្ថានសួគ៌ » ( ម៉ាថាយ ៥:១៦ ) ។
ផ្នែកនេះមាននូវគោលនយោបាយទូទៅសម្រាប់ការប្រើប្រាស់សាលាប្រជុំ ។ គោលនយោបាយទាំងនេះក៏អនុវត្តចំពោះទ្រព្យសម្បត្តិទាំងអស់ដែលជាកម្មសិទ្ធិរបស់សាសនាចក្រ និងអគារជុំវិញសាលាប្រជុំផងដែរ ។ មានព័ត៌មានបន្ថែមនៅក្នុងប្រភពដែលបានរៀបរាប់នៅក្នុងវគ្គនេះ ។
៣៥.៥.១
គោលការណ៍ និងលក្ខខណ្ឌមូលដ្ឋានសម្រាប់ការប្រើប្រាស់សាលាប្រជុំរបស់សាសនាចក្រ
សាលាប្រជុំសាសនាចក្រគឺជាទ្រព្យសម្បត្តិឯកជនខាងសាសនា ដែលបានឧទ្ទិសសម្រាប់ការថ្វាយបង្គំ ការរៀនសូត្រដំណឹងល្អ ការរាប់អាន និងសកម្មភាពសមរម្យ ដែលជួយនាំមនុស្សមកកាន់ព្រះគ្រីស្ទ ។ ការប្រើប្រាស់សាលាប្រជុំសាសនាចក្រគឺជាឯកសិទ្ធិមួយ ។
ការប្រើប្រាស់អគារប្រជុំសាសនាចក្រត្រូវតែបំពេញតាមតម្រូវការមូលដ្ឋានដូចខាងក្រោម ៖
-
ធ្វើឲ្យស្របតាមគោលលទ្ធិគោលនយោបាយ និងការអនុវត្តរបស់ សាសនាចក្រ រួមទាំងលក្ខណៈ និងគោលបំណងដ៏ពិសិដ្ឋនៃសាលាប្រជុំរបស់សាសនាចក្រ ។
-
សូមគោរពតាមច្បាប់ ។
-
ធ្វើឲ្យសមស្របជាមួយនឹងស្ថានភាពលើកលែងពន្ធរបស់សាសនាចក្របើអនុវត្ត ។
-
សូមចាត់វិធានការត្រឹមត្រូវដើម្បីចៀសវាងកាត់បន្ថយ និងគ្រប់គ្រងហានិភ័យសុវត្ថិភាព រួមទាំងគោលការណ៍ណែនាំ និងគោលនយោបាយសាសនាចក្រ ដើម្បីការពារកុមារ និងយុវវ័យ ( សូមមើល ១២.៥.១ និង ២០.៧.១ )
-
អនុលោមតាមលក្ខខណ្ឌ និងការដាក់កំហិតផ្សេងទៀតដែលបានផ្តល់ឲ្យដោយប្រធានស្ដេក ឬប៊ីស្សព ។
៣៥.៥.២
ការប្រើប្រាស់សាលាប្រជុំសាសនាចក្រ
ការប្រជុំសាសនាចក្រ កម្មវិធី និងសកម្មភាពនានាមានអាទិភាពជាងលើការប្រើប្រាស់សាលាប្រជុំផ្សេងទៀតប្រសិនបើជាន់សកម្មភាពគ្នា ។ ការប្រើប្រាស់របស់សាសនាចក្ររួមមាន ៖
-
កម្មវិធីថ្វាយបង្គំ និងការប្រជុំថ្ងៃឈប់សម្រាកផ្សេងទៀត ។
-
ការប្រជុំថ្នាក់ដឹកនាំ ។
-
ការប្រជុំសមាគមសង្រ្គោះ និងសកម្មភាពនានា ។
-
ការប្រជុំ និងសកម្មភាពបព្វជិតភាព ។
-
ការប្រជុំអង្គការបឋមសិក្សា បព្វជិតភាពអើរ៉ុន និងយុវនារី និងសកម្មភាពនានា ។
-
ការប្រជុំថ្នាក់សិក្ខាសាលា ថ្នាក់វិទ្យាស្ថាន យុវមជ្ឈិមវ័យនៅលីវ និង មជ្ឈិមវ័យនៅលីវ និងសកម្មភាពនានា ។
-
កិច្ចការពង្សប្រវត្តិ ។
-
ការប្រជុំ និងព្រឹត្តិការណ៍អ្នកផ្សព្វផ្សាយសាសនា ។
-
សកម្មភាពត្រៀមសម្រាប់ភាពអាសន្ន ។
វួដ និងស្តេកក៏អាចផ្តល់នូវកម្មវិធីសាសនាចក្រផ្សេងទៀត ដែលផ្តល់ប្រយោជន៍ដល់សមាជិក និងសហគមន៍ផងដែរ ។ ទាំងនេះរួមមាន ៖
ប្រធានស្ដេកស្វែងរកការណែនាំពីការិយាល័យតំបន់ដើម្បីប្រាកដថាមានការអនុលោមតាមច្បាប់ក្នុងមូលដ្ឋាន ។
សម្រាប់ព័ត៌មានបន្ថែមសូមមើល មគ្គទេសក៍របស់ថ្នាក់ដឹកនាំដើម្បីចែកចាយធនធានសាសនាចក្រ ។
នៅទីតាំងមួយចំនួនដែលមានសមាជិកសាសនាចក្រកុះករ នោះសាលាប្រជុំអាចត្រូវបានប្រើដោយស្ដេកជាច្រើនរួមគ្នា ។ ក្នុងករណីបែបនេះ ប្រធានស្ដេកប្រឹក្សាជាមួយគ្នា អំពីការប្រើប្រាស់ និងការដាក់កាលវិភាគប្រើប្រាស់អគារ ។ ពួកលោកអាចទាក់ទងទៅកាន់ពួកចិតសិបនាក់ប្រចាំតំបន់ ដើម្បីសុំការណែនាំតាមដែលចាំបាច់ ។
នៅកន្លែងណាដែលមានការស្នើសុំឧបករណ៍ ឬធនធានបន្ថែមទៀត ដែលមិនត្រូវតាមបទដ្ឋាន នោះការអនុម័តមកពីនាយកកិច្ចការអណាចក្រ និងគណៈប្រធានតំបន់តម្រូវឲ្យមានពីមុនប្រើសាលាប្រជុំមួយដើម្បីបង្កើតជា កន្លែង ប្រមូលផ្តុំ យុវមជ្ឈិមវ័យនៅលីវ ។ ដើម្បីស្វែងរកការអនុម័ត នោះប្រធានស្ដេកទាក់ទងទៅកាន់ អ្នកគ្រប់គ្រងអាគារ ។
អ្នកដែលប្រើសាលាប្រជុំ គួរតែបង្ហាញនូវការយោគយល់ចំពោះអ្នកដទៃ ។ រាល់ការខិតខំប្រឹងប្រែងទាំងអស់គួរតែធ្វើឡើងដើម្បីបំពេញតាមតម្រូវការរបស់អ្នកដទៃ ។ កិច្ចខិតខំប្រឹងប្រែងបែបនេះ រួមមានការដាក់កាលវិភាគប្រើប្រាស់កន្លែងដែលនៅទំនេរ ការគ្រប់គ្រងសំឡេង និងរក្សាការប្រើប្រាស់ក្នុងរង្វង់ពេលវេលាដែលបានដាក់កាលវិភាគទុក ។
សម្រាប់ព័ត៌មានបន្ថែមអំពីសកម្មភាពសាសនាចក្រនានា សូមមើល ជំពូកទី ២០ ។
៣៥.៥.៣
សមាជិកប្រើប្រាស់សាលាប្រជុំ—ផ្ទាល់ខ្លួន និងគ្រួសារ
សមាជិកអាចស្នើសុំប្រើប្រាស់សាលាប្រជុំមួយនៅក្នុងស្ដេករបស់ពួកគេ សម្រាប់សកម្មភាពផ្ទាល់ខ្លួន ឬគ្រួសារ ។ ដើម្បីស្វែងរកការអនុម័តពួកគេទាក់ទងសមាជិកនៃគណៈប៊ីស្សពនៃ វួដមួយដែលជួបជុំគ្នានៅក្នុងសាលាប្រជុំនោះ ( ឬនរណាម្នាក់ដែលគាត់បានចាត់តាំង ) ។ ស្ថានភាពដូចតទៅនេះអនុវត្តបានដូចជា ៖
-
ការប្រើប្រាស់ត្រូវអនុលោមតាមគោលការណ៍ និងតម្រូវការជាមូលដ្ឋាននៅក្នុង ៣៥.៥.១ ។
-
ការប្រើប្រាស់នេះត្រូវតែត្រួតពិនិត្យដោយផ្ទាល់ដោយសមាជិកពេញវ័យ ដែលទទួលខុសត្រូវក្នុងវួដដែលជួបជុំគ្នានៅក្នុងសាលាប្រជុំនោះ ។
-
ការប្រើប្រាស់នោះមិនត្រូវរំខានដល់សកម្មភាពសាសនាចក្រដែលបានដាក់កាលវិភាគហើយនោះទេ ។
-
អ្នកប្រើប្រាស់មានទំនួលខុសត្រូវទាំងស្រុងចំពោះរាល់ការខូចខាតណាមួយទៅលើអាគារ ឬការរងរបួស ឬការទទួលខុសត្រូវដែលពាក់ព័ន្ធនឹងការប្រើប្រាស់បែបនេះ ។
-
អ្នកប្រើប្រាស់ត្រូវសម្អាត និងធ្វើឲ្យអគារស្អាតទាំងស្រុងដូចពីមុនពេលប្រើប្រាស់ ។
-
អ្នកប្រើប្រាស់ត្រូវអនុលោមតាមការណែនាំ និងសំណើមកពីថ្នាក់ដឹកនាំក្នុងមូលដ្ឋាន រួមទាំងសំណើរបស់ថ្នាក់ដឹកនាំដែលសុំឲ្យត្រួតពិនិត្យមើលពេលប្រើប្រាស់នោះផងដែរ ។
-
ថ្នាក់ដឹកនាំសាសនាចក្រអាចសុំឲ្យបុគ្គល ឬក្រុមណាមួយឈប់ប្រើទ្រព្យសម្បត្តិនោះ ប្រសិនបើពួកគេមិនអនុវត្តតាមគោលការណ៍ណែនាំទេ ។
-
សម្រាប់សកម្មភាពដែលបានអនុម័ត នោះថ្នាក់ដឹកនាំវួដ និងស្តេកគួរតែចាត់ចែងសម្រាប់ការចូលប្រើប្រាស់សាលាប្រជុំ ។ កូនសោអគារគួរតែត្រូវបានប្រគល់ឲ្យតែសមាជិកវួដ ឬសមាជិកស្ដេកដែលបានចាត់តាំងប៉ុណ្ណោះ ។
សូមមើល ៣៨.៣.៤ សម្រាប់ការប្រើប្រាស់សាលាប្រជុំសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីជប់លៀងទទួលភ្ញៀវ ។
សូមមើល ២៩.៥ សម្រាប់ការប្រើប្រាស់សាលាប្រជុំសម្រាប់ពិធីបុណ្យសព និងកម្មវិធីផ្សេងទៀតសម្រាប់អ្នកស្លាប់ ។
៣៥.៥.៤
ការប្រើប្រាស់សាលាប្រជុំសាសនាចក្រដោយអង្គការមិនរកប្រាក់ ចំណេញ ឬដោយ ក្រុម ឬបុគ្គលផ្សេងៗ
ថ្នាក់ដឹកនាំតំបន់អាចអនុញ្ញាតឲ្យអង្គការមិនរកប្រាក់ចំណេញ សហគមន៍ និងក្រុមផ្សេងទៀត ( ដូចជាក្រុមកីឡា ) ឬបុគ្គលដែលមិនបានរៀបរាប់ក្នុង ៣៥.៥.៣ ដើម្បីប្រើសាលាប្រជុំសាសនាចក្រ សម្រាប់សកម្មភាព ឬកម្មវិធីកម្សាន្ដទាំងឡាយ ។ ស្ថានភាពដែលបានរៀបរាប់នៅក្នុង ៣៥.៥.៣ អាចអនុវត្ត ។
ដើម្បីស្វែងរកការអនុម័តពីថ្នាក់ដឹកនាំប្រចាំតំបន់សម្រាប់ការប្រើប្រាស់បែបនេះ ប្រធានស្ដេកទាក់ទងទៅកាន់អ្នកគ្រប់គ្រងអាគារ ។
ប្រសិនបើ ថ្នាក់ដឹកនាំតំបន់អនុម័តការប្រើប្រាស់ដោយអង្គការមិនរក ប្រាក់ចំណេញ នោះតម្រូវឲ្យមានការធ្វើកិច្ចព្រមព្រៀងប្រើប្រាស់បណ្តោះអាសន្នមួយ ។ កិច្ចព្រមព្រៀងនេះមានមកពីការិយាល័យតំបន់ ។ វិញ្ញាបនបត្រនៃការធានារ៉ាប់រងមកពីអង្គការមិនរកប្រាក់ចំណេញ ក៏តម្រូវឲ្យមានផងដែរ លុះត្រាតែនាយកកិច្ចការសាធារណៈបញ្ជាក់ថា ផ្នែកគ្រប់គ្រងហានិភ័យរបស់សាសនាចក្របានអនុម័តឲ្យមានករណីលើកលែងមួយ ។
ក្រុមនៅក្នុងសហគមន៍ដែលពុំសមជាអង្គការមិនរកប្រាក់ចំណេញ ព្រមទាំងបុគ្គលដែលមិនបានរៀបរាប់នៅក្នុង ៣៥.៥.៣ ទេ ត្រូវតែបំពេញតាមតម្រូវការនានាតាមរយៈ ទំនាក់ទំនង ជាអ្នកគ្រប់គ្រង អគារ ។
៣៥.៥.៥
ភាពអាសន្ន
សាលាប្រជុំសាសនាចក្រអាចនឹងត្រូវបានប្រើប្រាស់សម្រាប់សេវាកម្មពិសេសដល់សហគមន៍ក្នុងអំឡុងពេលអាសន្ន ។ ឧទាហរណ៍ប្រធានស្តេកអាចអនុញ្ញាតឲ្យប្រើប្រាស់សាលាប្រជុំនៅក្នុងស្តេករបស់គាត់ ដោយភ្នាក់ងារសង្គ្រោះមហន្តរាយ និងភ្នាក់ងារផ្សេងទៀតដែលមានកិច្ចខិតខំដែលពាក់ព័ន្ធ ( សូមមើល ៣៥.៥.៤ ) ។ នៅក្នុងកាលៈទេសៈបែបនេះ គាត់ធ្វើការជាមួយអ្នកគ្រប់គ្រងអគារ ក៏ដូចជាជាមួយនឹងអ្នកតំណាងសាសនាចក្រតាមការចាំបាច់ផងដែរ ( សូមមើល ២២.៩.១.៣ ) ។
ប្រសិនបើសាលាប្រជុំត្រូវបានប្រើប្រាស់សម្រាប់គោលបំណងនៃភាពអាសន្ន ថ្នាក់ដឹកនាំស្តេកត្រូវបានលើកទឹកចិត្តដើម្បីសម្របសម្រួលជាមួយនឹងថ្នាក់ដឹកនាំសហគមន៍ ។
៣៥.៥.៦
ការប្រើប្រាស់អគារដែលមិនត្រូវបានអនុញ្ញាតឲ្យ
៣៥.៥.៦.១
ការប្រើប្រាស់លក្ខណៈពាណិជ្ជកម្ម
ទ្រព្យសម្បត្តិសាសនាចក្រមិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងខាងពាណិជ្ជកម្មទេ ។ ជាឧទាហរណ៍ សាលាប្រជុំមិនគួរត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់គ្រប់អាជីវកម្មទាំងអស់ ។ ក៏មិនត្រូវប្រើប្រាស់ធនធាននានានៅក្នុងសាលាប្រជុំ ដើម្បីគាំទ្រដល់អាជីវកម្មផងដែរដូចជាក្តារខៀនបង្ហាញព័ត៌មានជាដើម ( សូមមើល ៣៨.៨.៥ ) ។ ការប្រើប្រាស់បែបនោះមិនសមស្របទៅនឹងគោលបំណងនៃទ្រព្យសម្បត្តិសាសនាចក្រនោះទេ ។ វាក៏អាចប្រឆាំងនឹងច្បាប់ក្នុងមូលដ្ឋាន ឬច្បាប់ជាតិផងដែរ ដែលអាចអនុញ្ញាតឲ្យមានការលើកលែងពន្ធលើទ្រព្យសម្បត្តិសាសនាចក្រនោះ ( សូមមើល ៣៤.៨.១ ) ។
ខាងក្រោមនេះផ្តល់ជាឧទាហរណ៍អំពីការប្រើប្រាស់លក្ខណៈពាណិជ្ជកម្មដែលមិនអនុម័តឲ្យ ៖
-
ការផ្សព្វផ្សាយ ឬការឧបត្ថម្ភអាជីវកម្ម ឬការវិនិយោគ
-
ការទិញ ការលក់ ឬការផ្សព្វផ្សាយអំពីផលិតផល សេវាកម្ម ការបោះពុម្ព ឬកិច្ចការច្នៃប្រឌិត
-
ការធ្វើសកម្មភាពរៃអង្គាសមូលនិធិដោយគ្មានការអនុញ្ញាត ( សូមមើល ២០.៦.៥ )
-
ធ្វើជាអ្នករៀបចំ ឬសម្របសម្រួលដល់ក្រុមចម្រៀង អ្នកឡើងនិយាយ គ្រូបង្ហាត់ ក្រុមខាងការអប់រំ ឬអ្នកផ្តល់សេវាកម្មផ្សេងទៀតដែលទទួលបានកម្រៃសម្រាប់ថ្នាក់សិក្ខាសាលា មេរៀន ( លើកលែងតែការណែនាំជាឯកជនអំពីព្យាណូ ឬព្យាណូខ្យល់ សូមមើល ១៩.៧.២ ) ថ្នាក់រៀន ឬសកម្មភាពផ្សេងៗទៀត
-
ការជួលកន្លែងសម្រាប់រៀបអាពាហ៍ពិពាហ៍ ឬព្រឹត្តិការណ៍នានាដែលពាក់ព័ន្ធនិងការរៀបអាពាហ៍ពិពាហ៍ ។
៣៥.៥.៦.២
ការប្រើប្រាស់សម្រាប់បង្រៀនកុមារនៅផ្ទះ ឬការថែទាំកុមារ
សាសនាចក្រគាំទ្រ យ៉ាងពេញទំហឹងចំពោះការអប់រំ និងក្រុមគ្រួសារ ។ ទោះជាយ៉ាងនោះក្តី សាលាប្រជុំមិនត្រូវបានប្រើប្រាស់ជាអគារបង្រៀនក្មេងនៅផ្ទះ ឬថែទាំកុមារឡើយ ។
ការប្រកាន់ខ្ជាប់តាមគោលការណ៍នេះនឹងលើកកម្ពស់ដល់សុវត្ថិភាព និងជៀសវាងបំណុលពន្ធសម្រាប់សាសនាចក្រ ។
៣៥.៥.៦.៣
គោលបំណងខាងនយោបាយ
សាសនាចក្រមានភាពអព្យាក្រឹតខាងនយោបាយ ។ អគារសាសនាចក្រមិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងខាងនយោបាយ ឬការតស៊ូមតិបានឡើយ ។ សកម្មភាពដែលហាមឃាត់រួមមាន កិច្ចប្រជុំខាងនយោបាយ និងការប្រើប្រាស់សម្រាប់យុទ្ធនាការនយោបាយ និងក្រុមអ្នកតស៊ូមតិ ។ សេចក្តីប្រកាសដែលទាក់ទងនឹងនយោបាយ មិនគួរប្រកាសក្នុងបរវេណសាសនាចក្រដូចជាការដាក់នៅក្តារខៀនព័ត៌មានជាដើម ។
ទោះជាយ៉ាងនោះក្តី ការប្រើប្រាស់ទ្រព្យសម្បត្តិសាសនាចក្រសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោត ឬការបោះឆ្នោតអាចត្រូវបានអនុញ្ញាតឲ្យជាករណីលើកលែង ( សូមមើល៣៨.៨.៣០ ) ។ ប្រធានស្តេកអាចទទួលបានករណីលើកលែងបែបនេះតាមរយៈអ្នកគ្រប់គ្រងអគារ ( សូមមើល ៣៥.៥.៤ ) ។
៣៥.៥.៦.៤
ការប្រើប្រាស់ផ្សេងៗទៀត
ការប្រើប្រាស់សាលាប្រជុំសាសនាចក្រដូចខាងក្រោមនេះ ជាទូទៅមិនត្រូវបានអនុញ្ញាតឲ្យឡើយ ៖
-
ការអនុញ្ញាតឲ្យស្នាក់នៅពេលយប់ ( លើកលែងក្នុងពេលអាសន្ន សូមមើល ៣៥.៥.៥ )
-
ការបោះជំរំ
-
ការជួលអគារ និងទ្រព្យសម្បត្តិសាសនាចក្រ
គោលការណ៍ណែនាំទាំងនេះអនុវត្តចំពោះសាលាប្រជុំផ្ទាល់ ក៏ដូចជាទ្រព្យសម្បត្តិដែលសាសនាចក្រជាម្ចាស់ និងអគារជុំវិញសាលាប្រជុំផងដែរ ។ ប្រសិនបើប្រធានស្តេកមានអារម្មណ៍ថា អាចទទួលបានករណីលើកលែង គាត់អាចស្នើរតាមរយៈអ្នកគ្រប់គ្រងអគារ ។ ឧទាហរណ៍ ករណីលើកលែងមួយអាចទួលបានក្នុងការប្រើប្រាស់សាលាប្រជុំដើម្បីជួយដល់សមាជិកដែលធ្វើដំណើរផ្លូវឆ្ងាយដើម្បីចូលរួមព្រះវិហារបរិសុទ្ធ ។
៣៥.៥.៧
គោលនយោបាយ និងបទដ្ឋានផ្សេងៗដែលអនុវត្តចំពោះការប្រើប្រាស់ទាំងអស់
៣៥.៥.៧.១
រោងជំនុំ
រោងជំនុំគឺជាបន្ទប់ដែលសមាជិកថ្វាយបង្គំ និងទទួលទានសាក្រាម៉ង់ ។ ការប្រជុំ និងសកម្មភាពទាំងឡាយដែលបានធ្វើឡើងនៅក្នុងរោងជំនុំគួរតែស្របទៅនឹងគោលបំណងទាំងនេះ ។ សម្រាប់គោលការណ៍ណែនាំអំពី ការរៀបចំកម្មវិធីសិល្បៈ វប្បធម៌ ការប្រគំតន្ត្រី និងបទបង្ហាញផ្សេងៗទៀតនៅក្នុងរោងថ្វាយបង្គំ សូមមើល ១៩.៣.៥ ។
៣៥.៥.៧.២
កាំភ្លើង និងអាវុធទាំងឡាយ
កាំភ្លើង និងអាវុធប្រហារជីវិតទាំងឡាយ មិនត្រូវបានអនុញ្ញាតនៅលើទ្រព្យសម្បត្តិសាសនាចក្របានឡើយ ។ ការណ៍នេះរួមមានទាំងអាវុធដែលលាក់មិនឲ្យគេឃើញផងដែរ ។ ការណ៍នេះមិនអនុវត្តចំពោះមន្ត្រីអនុវត្តច្បាប់ឡើយ ។
៣៥.៥.៧.៣
ផ្ទះបាយ និងតំបន់បម្រើ
ផ្ទះបាយ និងកន្លែងបម្រើអាចត្រូវបានប្រើប្រាស់ដើម្បីបម្រើអាហារ និងអាហារសម្រន់ និងរក្សាអាហារឲ្យក្តៅ ឬត្រជាក់ ។
នៅទីតាំងមួយចំនួន ការរៀបចំម្ហូបអាហារនៅក្នុងផ្ទះបាយត្រូវបានអនុញ្ញាត ។ ទោះជាយ៉ាងណាក៏ដោយ នៅសហរដ្ឋអាមេរិក កាណាដា និងប្រទេស មួយចំនួនផ្សេងទៀត បទបញ្ជានៃការធ្វើម្ហូបអាហារជាទូទៅតម្រូវឲ្យមានអាជ្ញាប័ណ្ណ ឧបករណ៍ពាណិជ្ជកម្ម ឬការត្រួតពិនិត្យពីរដ្ឋាភិបាល ។ នៅក្នុងតំបន់ទាំងនេះ អាហារត្រូវតែធ្វើនៅកន្លែងផ្សេង ហើយយកមកសាលាប្រជុំ ។ ការបង្ហាញអំពីការធ្វើម្ហូប ជាការលើកលែង និងអនុញ្ញាតឲ្យ ទោះជាមានបទបញ្ជាទាំងនោះក៏ដោយ ។ អ្នកគ្រប់គ្រងអគារអាចផ្តល់ការណែនាំសម្រាប់តំបន់នីមួយៗ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រ safety.ChurchofJesusChrist.org ។
៣៥.៥.៧.៤
ចំណតយានជំនិះ
ការប្រើប្រាស់ចំណតយានជំនិះរបស់សាសនាចក្រគួរតែស្របតាមគោលការណ៍ណែនាំនៅក្នុងជំពូកនេះ ។ បន្ថែមពីនោះទៅទៀត ចំណតយានជំនិះមិនគួរត្រូវបានប្រើប្រាស់សម្រាប់អ្នកធ្វើដំណើរ ឬអ្នកដទៃទៀតដែលមានលក្ខណៈស្រដៀងគ្នានេះ ដោយគ្មានការអនុញ្ញាតពីនាយកខាងកិច្ចការអាណាចក្រឡើយ ។ ថ្នាក់ដឹកនាំអាចទាក់ទងទៅអ្នកគ្រប់គ្រងអគារចំពោះសំណើទាំងឡាយ ។ យានជំនិះផ្ទាល់ខ្លួន និងឧបករណ៍ដទៃទៀតមិនអាចទុកនៅក្នុងបរិវេណសាសនាចក្រឡើយ ។
សម្រាប់ព័ត៌មានបន្ថែមអំពីចំណត និងការប្រើប្រាស់ចំណត សូមមើល « ចំណតនៅក្នុងសាលាប្រជុំ » ( មគ្គទេសក៍អគារសាលាប្រជុំ ) ។
៣៥.៥.៧.៥
ឃ្លាំងស្តុក
មានតែឧបករណ៍សម្រាប់ការថែទាំ និងសម្ភារដែលមានការអនុញ្ញាតប៉ុណ្ណោះដែលអាចស្តុកទុកនៅក្នុងអគារបាន ។ សម្ភារសុខុមាលភាពអាចទុកនៅក្នុងសាលាប្រជុំបានអំឡុងពេលមានភាពអាសន្ន ( សូមមើល ៣៥.៥.៥ ) ។ ថ្នាក់ដឹកនាំអាចទាក់ទងទៅអ្នកគ្រប់គ្រងអគារបើមានសំណួរនានា ។
៣៥.៥.៧.៦
ព័ត៌មានបន្ថែម
សម្រាប់ព័ត៌មានបន្ថែមអំពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់សាសនាចក្រគឺមាននៅ « ព័ត៌មានផ្សេងទៀតដែលទាក់ទងទៅនឹងអគារសាលាប្រជុំ » ( មគ្គទេសក៍អគារសាលាប្រជុំ ) ។ ធនធាននេះរួមមាននូវព័ត៌មាន និងការណែនាំអំពីសិល្បៈ ការតុបតែង សម្ភារបរិក្ខារ ទង់ជាតិ ថ្លៃសេវា សញ្ញា ការប្រើប្រាស់ទ្រព្យសម្បត្តិសាសនាចក្រដែលនៅទំនេរ និងប្រធានបទផ្សេងៗទៀត ។
សម្រាប់គោលនយោបាយអំពីការប្រើប្រាស់ទ្រព្យសម្បត្តិកម្សាន្ត សូមមើល « ជំរំកម្សាន្ត » ( សេចក្ដីណែនាំអំពីអគារសាលាប្រជុំ ) ។