ក្បួនខ្នាត និង​ការហៅ
៣១. ការសម្ភាស និង​ការប្រជុំ​ផ្សេងៗ​ទៀត​ជាមួយ​សមាជិក


« ៣១. ការសម្ភាស និង​ការប្រជុំ​ផ្សេងៗ​ទៀត​ជាមួយ​សមាជិក » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( ឆ្នាំ ២០២០ ) ។

« ៣១. ការសម្ភាស និង​ការប្រជុំ​ផ្សេងៗ​ទៀត​ជាមួយ​សមាជិក » ក្បួនខ្នាត​ទូទៅ ។

៣១.

ការសម្ភាស និង​ការប្រជុំ​ផ្សេងៗ​ទៀត​ជាមួយ​សមាជិក

៣១.០

សេចក្តីផ្ដើម

ជាញឹកញាប់ ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​ទៀត​ម្នាក់​ម្ដងៗ ( ជា​ឧទាហរណ៍ សូមមើល យ៉ូហាន ៤:៥–២៦; នីហ្វៃទី៣ ១៧:២១ ) ។ ទ្រង់​ស្រឡាញ់​បុត្រា​បុត្រី​ម្នាក់ៗ​របស់​ព្រះ ។ ទ្រង់​ជួយ​ពួកគេ​ជា​លក្ខណៈ​បុគ្គល ។

ក្នុង​នាម​ជា​អ្នកដឹកនាំ​សាសនាចក្រ និង​ជា​អ្នកបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ អ្នក​ក៏​មាន​ឱកាស​ដើម្បី​ជួយ​ដល់​បុត្រា​បុត្រី​របស់​ព្រះ​ជា​លក្ខណៈ​បុគ្គល​ផងដែរ នៅក្នុង​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ ។ របៀប​ដ៏​សំខាន់​មួយ ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន គឺ​តាមរយៈ​ការសម្ភាស និង​ការប្រជុំ​មួយ​ទល់​នឹង​មួយ​ផ្សេងៗ​ទៀត ។ ការបម្រើ​ដ៏​មាន​អត្ថន័យ​បំផុត​មួយ​ចំនួន​របស់​អ្នក នឹង​កើត​ឡើង​មួយ​ទល់​នឹង​មួយ ។ នៅក្នុង​ទម្រង់​ទាំងនេះ អ្នក​អាច​ផ្ដល់​ក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​បាន ដោយ​ជួយ​លើក « ដៃ​ដែល​រោយ » និង​ចម្រើន​កម្លាំង​ដល់ « ក្បាលជង្គង់​ដែល​ញ័រ​ » ផងដែរ ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១:៥ ) ។

នៅក្នុង​ជំពូក​នេះ ពាក្យ​ថា សម្ភាស សំដៅ​ដល់​ការប្រជុំ​រវាង​អ្នក​ដឹកនាំ​ម្នាក់ និង​បុគ្គល​ម្នាក់ ដើម្បី​កំណត់​ថាតើ​បុគ្គល​នោះ​គួរតែ​ចូលរួម​នៅក្នុង​ពិធី​បរិសុទ្ធ ឬ​ទទួល​ការហៅ​មួយ​ដែរ​ឬទេ ( សូមមើល ៣១.២ ) ។ ជា​ទូទៅ ការសម្ភាស​ទាំងនេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព ឬ​គណៈ​ប្រធាន​ស្តេក ។ ពាក្យ​ថា សម្ភាស ក៏​សំដៅ​ដល់​ការសម្ភាស​អំពី​ការងារ​បម្រើ​ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​សមាគម​សង្រ្គោះ ឬ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ផងដែរ ( សូមមើល ២១.៣ ) ។

ជា​ការបន្ថែម​ទៅលើ​ការសម្ភាស​ទាំងនេះ មាន​មូលហេតុ​ដទៃ​ទៀត​ជាច្រើន ដែល​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់​ជួប​ជាមួយ​នឹង​សមាជិក​ដោយ​ឡែកៗ​ពី​គ្នា ( សូមមើល ៣១.៣ ) ។ ឧទាហរណ៍ គណៈ​ប៊ីស្សព​ដាក់​កាលវិភាគ​ប្រជុំ​ជា​ទៀងទាត់​ជាមួយ​នឹង​យុវវ័យ​ម្នាក់ៗ​នៅក្នុង​វួដ ( សូមមើល ៣១.៣.១ ) ។ ទោះបី​ជា​អ្នក​មិន​បម្រើ​នៅក្នុង​គណៈប៊ីស្សព​ក៏​ដោយ ក៏​ប៊ីស្សព​អាច​សុំ​ឲ្យ​អ្នក​ជួប​ជាមួយ​នឹង​សមាជិក​ម្នាក់​ដែល​កំពុង​ត្រូវការ​ជំនួយ ដើម្បី​ផ្ដល់​ការគាំទ្រ និង​ការងារ​បម្រើ​ជា​បន្តបន្ទាប់​បាន​ដែរ ។ ឬ​សមាជិក​ម្នាក់​អាច​មករក​អ្នក នៅពេល​គាត់​កំពុង​ប្រឈម​នឹងឧបសគ្គ​ផ្ទាល់ខ្លួន ឬ​គ្រួសារ ។

ជំពូក​នេះ​អាច​ជួយ​ដល់​ថ្នាក់​ដឹកនាំ​ទាំងអស់ ដែល​មាន​ឱកាស​ដើម្បី​ជួប​ជាមួយ​នឹង​សមាជិក​ដោយ​ឡែកៗ​ពីគ្នា ។ ថ្នាក់​ដឹកនាំ​ទាំងនេះ​អាច​រួម​មាន​ថ្នាក់​ដឹកនាំ​សមាគម​សង្គ្រោះ កូរ៉ុម​អែលឌើរ និង​យុវនារី បងប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ឬ​អ្នក​ដទៃ​ទៀត​ដែល​ប៊ីស្សព​ចាត់តាំង ។

៣១.១

គោលការណ៍​ណែនាំ

៣១.១.១

ការរៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ប្រសិន​បើ​អ្នក​មាន​ការទទួល​ខុសត្រូវ​ដើម្បី​ជួប​ជាមួយ​នឹង​សមាជិក​ម្នាក់ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​អ្នក​ឲ្យមាន​ការបំផុស​គំនិត​ដែល​អ្នក​ត្រូវការ នៅពេល​ដែល​អ្នក​ស្វែងរក​ការបំផុស​គំនិត​នោះ ។ សូម​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ តាមរយៈ​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​ការរស់នៅ​ដោយ​សុចរិត ។ សូម​ស្ដាប់​ការខ្សឹប​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​នឹង​ដឹកនាំ​អ្នក​ជាមួយ​នឹង​ចំណាប់អារម្មណ៍ គំនិត និង​អារម្មណ៍​នានា ។ ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​ចងចាំ​ការបង្រៀន ដែល​អ្នក​បាន​រៀន​នៅក្នុង​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ថ្ងៃ​ចុងក្រោយ ដែល​អាច​ជួយ​ដល់​បុគ្គល​ដែល​អ្នក​កំពុង​ជួប​ជាមួយ​នោះ​បាន ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤:៨៥; ១០០:៥–៨ ) ។

បណ្ណាល័យ​ដំណឹងល្អ​មាន​ការប្រមូលផ្ដុំ​នៃ ធនធាន​ការប្រឹក្សា ។ កាលដែល​អ្នក​រៀបចំ​ដើម្បី​ជួប​ជាមួយ​សមាជិក​ម្នាក់ សូម​ពិចារណា​រំឭក​ពី​ព័ត៌មាន​អំពី​ប្រធានបទ​ទាំងឡាយ ដែល​អនុវត្ត​ចំពោះ​គាត់ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​អាច​ដឹកនាំ​សមាជិក​ដែល​អ្នក​កំពុង​តែ​ជួប​នោះ​ផងដែរ ។ អ្នក​អាច​ពិចារណា​ពី​ការអញ្ជើញ​គាត់​ឲ្យ​រៀបចំខ្លួន​ខាង​វិញ្ញាណ​សម្រាប់​ការប្រជុំ​របស់​អ្នក​ផងដែរ ។

សូម​ពិចារណា​ធ្វើការ​អធិស្ឋាន​ជាមួយ​នឹង​សមាជិក​នោះ ពេល​ដែល​អ្នក​ចាប់ផ្ដើម​ការប្រជុំ ។ ការណ៍​នេះ​អញ្ជើញ​ឲ្យ​មាន​នូវ​ស្មារតី​នៃ​ការបន្ទាបខ្លួន និង​សេចក្ដី​ជំនឿ កាលដែល​អ្នក​ទូលសូម​ដល់​ព្រះ​រួម​គ្នា ដើម្បី​បាន​ជំនួយ​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣២; ២៩:៦ ) ។

អំឡុង​ការសម្ភាស ឬ​ការប្រជុំ​នោះ បញ្ហា ឬ​សំណួរ​មួយ​អាច​លេច​ឡើង ដែល​អ្នក​មាន​អារម្មណ៍​ថា​មិន​បាន​រៀបចំ​ខ្លួន​ដើម្បី​ដោះស្រាយ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា អ្នក និង​សមាជិក​នោះ ម្នាក់ៗ​ស្វែងរក​ការណែនាំ​របស់​ព្រះអម្ចាស់—ឧទាហរណ៍ តាមរយៈ​ការសិក្សា ការអធិស្ឋាន និង​ការតម​អាហារ ។ អ្នក​ក៏​អាច​យោង​ទៅ​ព័ត៌មាន​​ដែល​ទាក់ទង​នៅក្នុង ធនធាន​ការប្រឹក្សាជួយ​ដល់​ជីវិត នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​បាន​ផងដែរ ។ បន្ទាប់​មក អ្នក​អាច​ជួប​គ្នា​ម្ដង​ទៀត ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នោះ​បន្ថែម​ទៀត ។

ប្រសិន​បើ​សមាជិក​បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ សូម​បញ្ជូន​គាត់​ឲ្យ​ទៅជួប​ប៊ីស្សព ។

៣១.១.២

ជួយ​សមាជិក​ឲ្យ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

ក្នុង​នាម​ជា​អ្នក​ដឹកនាំ​សាសនាចក្រ អ្នក​គឺជា​អ្នក​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ ។ ផ្នែក​ដ៏​សំខាន់​មួយ​នៃ​បេសកកម្ម​របស់​ទ្រង់ គឺ​ដើម្បី​ប្រាស្រ័យ​ទាក់ទង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ទៅកាន់​បុត្រា​បុត្រី​របស់​ទ្រង់ ( សូមមើល យ៉ូហាន ៣:១៦–១៧ ) ។ ពេល​សមាជិក​មកកាន់​អ្នក​ដើម្បី​ទទួល​ការសម្ភាស ឬ​សុំ​ជំនួយ​ជាមួយ​នឹង​ឧបសគ្គ​ផ្ទាល់​ខ្លួន​មួយ ជា​ញឹកញាប់​អ្វី​ដែល​ពួកគេ​ត្រូវការ​បំផុត​នោះ​គឺ ដើម្បី​បាន​ដឹង​ថា​ព្រះវរបិតាសួគ៌​ស្រឡាញ់​ពួកគេ ។ សេចក្ដី​ស្រឡាញ់​នេះ​អាច​ពង្រឹង​ពួកគេ និង​បំផុស​ពួកគេ​ឲ្យ​មករក​ព្រះគ្រីស្ទ ប្រែចិត្ត​ពី​អំពើបាប និង​ធ្វើ​ការជ្រើសរើស​ល្អៗ ។

ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួក​ព្យាការី​ថ្ងៃ​ចុង​ក្រោយ​អញ្ជើញ​ឲ្យមាន​ព្រះវិញ្ញាណ និង​បង្រៀន​គោលលទ្ធិ​ដ៏​បរិសុទ្ធ ។ សូម​ប្រើប្រាស់​វា​ជា​ញឹកញាប់ ជាមួយ​នឹង​ការយល់ចិត្ត និង​សេចក្ដី​ស្រឡាញ់ នៅពេល​ដែល​អ្នក​ជួប​ជាមួយ​នឹង​សមាជិក​ទាំងឡាយ ។ សូម​ប្រើ​វា​ដើម្បី​បំផុសគំនិត និង​លើក​ទឹកចិត្ត មិនមែន​ដើម្បី​ផ្ដន្ទាទោស បង្ខិតបង្ខំ ឬ​បណ្តាល​ឲ្យមាន​ការភ័យខ្លាច​នោះ​ទេ ( សូមមើល លូកា ៩:៥៦ ) ។

សូម​ដាក់​កាលវិភាគ​ឲ្យ​មាន​ពេល​ច្រើន​សម្រាប់​ការប្រជុំ​នោះ ។ សមាជិក​មិនគួរ​មាន​អារម្មណ៍​ថា អ្នក​ជាប់​រវល់​ពេក​នោះ​ទេ ។ សូម​ផ្ដល់​ការយកចិត្ត​ទុកដាក់​របស់​អ្នក​ទាំងស្រុង​ដល់​គាត់ ។

៣១.១.៣

ជួយ​សមាជិក​ឲ្យ​ទាញ​យក​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះយេស៊ូវគ្រីស្ទ​បាន​លើកដាក់​មកលើ​អង្គទ្រង់​នូវ​អំពើបាប​ទាំងឡាយ​របស់​យើង « ដើម្បី​ទ្រង់​អាច​លុប​ចោល​នូវ​អំពើ​រំលង​ទាំង​ឡាយ [ របស់​យើង ] ស្រប​តាម​ព្រះ​ចេស្ដា​នៃ​ការ​ដោះ​លែង​របស់​ទ្រង់ » ( អាលម៉ា ៧:១៣ ) ។ ទ្រង់​ក៏​បាន​លើក​ដាក់​លើ​អង្គទ្រង់​នូវ​សេចក្ដី​ទុក្ខវេទនា ការឈឺចាប់ និង​ជំងឺ​របស់​យើង « ដើម្បី​ទ្រង់​អាច​ដឹង … តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា » ផងដែរ ( សូមមើល អាលម៉ា ៧:១១–១២ ) ។

សូម​លើក​ទឹក​ចិត្ត​សមាជិក​ឲ្យ​បែរ​ទៅរក​ទ្រង់ ។ សូម​ជួយ​ពួកគេ​ឲ្យទាញ​យក​ព្រះចេស្ដា​របស់​ទ្រង់ ដើម្បី​ពង្រឹង លួងលោម និង​ប្រោសលោះ ។ ព្រះចេស្ដា​នេះ​បាន​មក​តាមរយៈ​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ធ្វើ​តាម​គំរូ​របស់​ទ្រង់ ទទួល​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព រក្សា​សេចក្ដី​សញ្ញា និង​ធ្វើតាម​ការបំផុស​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

៣១.១.៤

ជួយ​សមាជិក​ឲ្យ​មាន​អារម្មណ៍​ស្រួល​ក្នុង​ចិត្ត និង​សុវត្ថិភាព

សមាជិក​មួយ​ចំនួន​មាន​បទពិសោធន៍​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថប់​បារម្ភ ឬ​សន្ធប់ នៅពេល​ពួកគេ​ជួប​ជាមួយ​នឹង​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់ ។ សូម​ស្វែងរក​របៀប​ដើម្បី​ជួយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ស្ងប់ មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​ស្រួល​ក្នុង​ចិត្ត ។ សូម​ស្វែងយល់​ពី​សមាជិក​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ដល់​ពួកគេ ។

តែងតែ​ផ្តល់ឲ្យ​សមាជិក​នូវ​ជម្រើស​នៃ​ការមាន​នរណា​ម្នាក់​ផ្សេង​ទៀត​នៅ​ជាមួយ​ក្នុងពេល​សម្ភាស ឬ​ការប្រជុំ​ជានិច្ច ។ នៅពេល​ជួប​ជាមួយ​នឹង​សមាជិក​ម្នាក់​ដែល​មាន​ភេទ​ផ្ទុយ​គ្នា កុមារ ឬ​យុវវ័យ ត្រូវ​ប្រាកដ​ថា​មាន​ឪពុក ឬ​ម្ដាយ ឬ​មជ្ឈិមវ័យ​ម្នាក់​ទៀត​នៅ​ជាមួយ ។ គាត់​អាច​ចូលរួម​ក្នុង​ការប្រជុំ ឬ​ចាំ​នៅ​ខាងក្រៅ​បន្ទប់ អាស្រ័យ​ទៅលើ​ជម្រើស​របស់​សមាជិក​ដែល​អ្នក​កំពុង​ជួប​នោះ ។

ប្រសិន​បើ​ការប្រជុំ​នៅ​សាលា​ប្រជុំ​ធ្វើ​ឲ្យ​សមាជិក​នោះ​មិន​មាន​ភាពងាយស្រួល សូម​ធ្វើ​ការសម្រេច​ចិត្ត​ជាមួយ​គ្នា​ពី​កន្លែង​ផ្សេង​មួយ​ដើម្បី​ជួប​គ្នា ។ សូម​រក​កន្លែង​មួយ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​មាន​វត្តមាន ហើយ​អ្នក​អាច​រក្សា​ទំនុកចិត្ត​បាន ។ សូម​ពិចារណា​ពី​សុវត្ថិភាព​របស់​ខ្លួន​អ្នក​ផ្ទាល់ និង​របស់​សមាជិក​នោះ​ផងដែរ ។ សម្រាប់​ព័ត៌មាន​អំពី​ការជួប​ជាមួយ​សមាជិក​តាម​អនឡាញ សូម​មើល ៣១.៤ ។

ផ្នែក​ដ៏​សំខាន់​មួយ​ទៀត​នៃ​ការជួយ​សមាជិក​ឲ្យ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព គឺ​ការរក្សា​ភាពសម្ងាត់ ។ សូម​អះអាង​ដល់​សមាជិក​ឡើង​វិញ​ថា ការសន្ទនា​របស់​អ្នក​នឹង​ជា​ការសម្ងាត់ ។

កុំ​ចែកចាយ​ព័ត៌មាន​សម្ងាត់​ជាមួយ​នរណា​ម្នាក់​ឡើយ—រួម​ទាំង​ស្វាមី ឬ​ភរិយា​របស់​អ្នក ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​ផងដែរ—លើកលែង​តែ​សមាជិក​នោះ​ផ្ដល់​ការអនុញ្ញាត ។ សូម​បន្ត​រក្សា​បញ្ហា​បែប​នោះ​ទុក​ជា​សម្ងាត់ សូម្បី​តែ​បន្ទាប់​ពី​ពេល​ដែល​អ្នក​ត្រូវបាន​ដោះលែង​ហើយ​ក្ដី ។ ការបំពាន​លើ​ភាពសម្ងាត់​អាច​ប៉ះពាល់​ដល់​សេចក្តី​ជំនឿ ការទុកចិត្ត និង​ទីបន្ទាល់​របស់​សមាជិក ។ សមាជិក​ទំនង​ជា​ស្វែងរក​ជំនួយ​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ប្រសិនបើ​ពួកគេ​ដឹង​ថា អ្វី​ដែល​ពួកគេ​ចែកចាយ​នឹង​ត្រូវបាន​រក្សា​ទុក​ជា​ការសម្ងាត់ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ភាពសម្ងាត់ សូមមើល ៣២.៤.៤ ។

៣១.១.៥

សួរ​សំណួរ​ដែល​បំផុស​គំនិត ហើយ​ស្ដាប់​ដោយ​ប្រុងប្រយ័ត្ន

ពេល​ជួប​ជាមួយ​នឹង​សមាជិក សូម​សួរ​សំណួរ​ដែល​ជួយ​អ្នក​ឲ្យ​យល់​ពី​ស្ថានភាព​របស់​គាត់ ។ សូម​ផ្ដល់​ឱកាស​ឲ្យ​សមាជិក​បង្ហាញ​គំនិត និង​អារម្មណ៍​របស់​គាត់​ដោយ​សេរី ។

ពេល​សមាជិក​កំពុង​និយាយ សូម​ស្ដាប់​ដោយ​ប្រុងប្រយ័ត្ន និង​យកចិត្ត​ទុកដាក់ ។ សូម​ព្យាយាម​យល់​ឲ្យ​បាន​ច្បាស់លាស់​សិន​មុន​នឹង​ឆ្លើយតប ។ ប្រសិន​បើ​ចាំបាច់ សូម​សួរ​សំណួរ​តាមដាន ដើម្បី​ប្រាកដ​ថា​អ្នក​យល់ ។ ប៉ុន្តែ សូម​កុំ​សួរ​គាស់​កកាយ​ដោយ​មិន​ចាំបាច់ ។

ការស្ដាប់​ជួយ​ស្ថាបនា​សេចក្ដី​ទុកចិត្ត ។ វា​ជួយ​អ្នក​ដទៃទៀត​ឲ្យ​មាន​អារម្មណ៍​ថា មាន​គេយល់ ឲ្យ​តម្លៃ និង​ស្រឡាញ់ ។ ជានិច្ចជាកាល មនុស្ស​ត្រូវការ​នរណា​ម្នាក់​ដែល​ពួកគេ​ទុកចិត្ត ដើម្បី​ស្តាប់​ពួកគេ នៅពេល​ពួកគេ​ខិតខំ​ឆ្លងកាត់​ឧបសគ្គ​ទាំងឡាយ ។ ការស្ដាប់​ក៏​អាច​ជួយ​អ្នក​ឲ្យ​បើក​ដួងចិត្ត​អ្នក​ចំពោះ​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។

៣១.១.៦

លើកទឹក​ចិត្ត​ឲ្យមាន​ភាព​ខ្លួន​ទីពឹង​ខ្លួន

ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​សមាជិក អ្នក​អាច​នឹង​ចង់​ផ្ដល់​ដំណោះស្រាយ​ភ្លាមៗ​ចំពោះ​បញ្ហា​របស់​ពួកគេ ។ ទោះជា​យ៉ាង​ណា អ្នក​នឹង​ផ្ដល់​ពរជ័យ​ដល់​ពួកគេ​កាន់តែ​ច្រើន ដោយ​ការជួយ​ពួកគេ​ឲ្យ​ស្វែងរក​ដំណោះស្រាយ​ដោយ​ខ្លួន​ពួកគេ ហើយ​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ខ្លួនគេ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៨ ) ។

សូម​ជួយ​ពួកគេ​ឲ្យ​ចេះ​វិភាគ​បញ្ហា ឬ​សំណួរ​របស់​ពួកគេ​នៅក្នុង​បរិបទ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ សូម​បង្រៀន​ពួកគេ​ពី​របៀប​ដើម្បី​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់ តាមរយៈ​ព្រះគម្ពីរ ប្រសាសន៍​របស់​ពួក​ព្យាការី​ដែល​នៅ​រស់ និង​វិវរណៈ​ផ្ទាល់​ខ្លួន ។ តាមរបៀប​នេះ អ្នក​ជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន ដើម្បី​ប្រឈម​នឹង​ឧបសគ្គ​ផ្សេងៗ​ទៀត​នា​ពេល​អនាគត ។ ពួកគេ​ក៏​នឹង​អាច​ជួយ​អ្នក​ដទៃ​បាន​កាន់តែ​ល្អ រួមទាំង​គ្រួសារ​របស់​ពួកគេ​ផងដែរ ។

៣១.១.៧

គាំទ្រ​ដល់​ការខិតខំ​ដើម្បី​ប្រែចិត្ត

ពេលខ្លះ​សមាជិក​ម្នាក់​អាច​ស្វែងរក​ជំនួយ​ដើម្បី​ប្រែចិត្ត​ពី​អំពើបាប ។ មាន​អ្វីៗ​ជាច្រើន ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​បំផុស​ឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​លើក​ទឹកចិត្ត​សមាជិក​នោះ​ឲ្យ​ស្វែងរក​ការអភ័យទោស ។

មានតែ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​ប៉ុណ្ណោះ ដែល​អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ដោះស្រាយ​អំពើបាប​ធ្ងន់ធ្ងរ​បាន ។ ការណ៍​មួយ​ចំនួន​ទាំងនេះ​មាន​នៅក្នុង ៣២.៦ ។ ប្រសិន​បើ​សមាជិក​នោះ​បាន​ប្រព្រឹត្ត​អំពើបាប​ណា​មួយ​ទាំងនេះ គាត់​គួរតែ​ជួប​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ភ្លាមៗ ។

ប៊ីស្សព និង​ប្រធាន​ស្តេក​ម្នាក់ៗ​គឺជា « ចៅក្រម​នៅ​អ៊ីស្រាអែល » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៧២ ) ។ តាមរយៈ​សិទ្ធិអំណាច​នេះ ពួកគាត់​ជួយ​សមាជិក​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប និង​មករក​ព្រះគ្រីស្ទ ដែល​ទ្រង់​អត់ទោស​ដល់​អំពើបាប ( សូមមើល ៣២.១ និង ៣២.៣ ) ។

នៅក្នុង​ការទទួល​ខុសត្រូវ​ទាំងនេះ ថ្នាក់ដឹកនាំ​ទាំងនេះ​តំណាង​ឲ្យ​ព្រះអម្ចាស់ ។ ពួកគាត់​ខិតខំ​ប្រើ « សេចក្ដី​ជំនុំ​ជម្រះ​ដែល [ ទ្រង់ ] នឹង​ប្រទាន​ដល់ [ ពួកគាត់ ] ( នីហ្វៃទី៣ ២៧:២៧ ) ។ ពួកគាត់​បង្រៀន​ថា ការប្រែចិត្ត​រាប់​បញ្ចូល​ទាំង​ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការមាន​វិញ្ញាណ​ទន់ទាប ការបោះបង់​ចោល​អំពើបាប ការស្វែងរក​ការអភ័យទោស ការធ្វើ​ខ្លួន​ឲ្យ​ល្អ​ឡើង​វិញ និង​ការរក្សា​បទបញ្ញត្តិ​ទាំងឡាយ​ដោយ​មាន​ការប្តេជ្ញា​ចិត្ត​ជាថ្មី ។

ដើម្បី​ជួយ​ពួកគាត់​ឲ្យ​បំពេញ​តួនាទី​របស់​ពួកគាត់ ប៊ីស្សព និង​ប្រធាន​ស្តេក​ត្រូវបាន​ប្រទានពរ​ជាមួយ​នឹង​អំណោយទាន​ខាង​វិញ្ញាណ​នៃ​ការដឹង​ខុសត្រូវ ។ អំណោយទាន​នេះ​ជួយ​ពួកគាត់​ឲ្យ​ដឹង​ពី​សេចក្ដីពិត យល់​ពី​ដួងចិត្ត​របស់​សមាជិក និង​រកឃើញ​សេចក្ដី​ត្រូវការ​របស់​សមាជិក​នោះ ( សូមមើល ពង្សាវតារក្សត្រ ទី១ ៣:៦–១២; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:២៧–២៨ ) ។

ទោះបី​ជា​ការសារភាព​ធ្វើ​ឡើង​ជាមួយ​នឹង « ចៅក្រម​នៅ​អ៊ីស្រាអែល » មួយ​រូប​ក្ដី ដោយ​មាន​ការអនុញ្ញាត​របស់​សមាជិក​នោះ ថ្នាក់ដឹកនាំ​ដទៃទៀត​អាច​ផ្ដល់​ការគាំទ្រ​នៅក្នុង​កិច្ចខិតខំ​របស់​គាត់​ដើម្បី​ប្រែចិត្ត​បាន ។ ការណ៍​នេះ​មាន​ប្រយោជន៍​ជាពិសេស នៅពេល​ដែល​ការប្រែចិត្ត​នឹង​ត្រូវការ​ពេល​យូរ ។ សូម​មើល​ផ្នែក​ចុងក្រោយ​នៃ ៣២.៨.១ សម្រាប់​គោលការណ៍​ណែនាំ​ទាំងឡាយ ។

៣១.១.៨

ឆ្លើយតប​ដោយ​សមរម្យ​ចំពោះ​ការរំលោភ​បំពាន

ការរំលោភ​បំពាន​មិន​ត្រូវបាន​អត់ឱន​ឲ្យ​ឡើយ​នៅ​គ្រប់​ទម្រង់​ទាំងអស់ ។ សូម​ទទួលយក​ការរាយការណ៍​អំពី​ការរំលោភបំពាន​ដោយ​ហ្មត់ចត់ ។ ប្រសិន​បើ​អ្នក​បាន​ដឹង​ថា នរណា​ម្នាក់​ទទួលរង​ការរំលោភ​បំពាន សូម​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ស៊ីវិល ហើយ​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព ។ គោលការណ៍​ណែនាំ​សម្រាប់​ការរាយការណ៍ និង​ការឆ្លើយតប​ចំពោះ​ការរំលោភបំពាន ត្រូវបាន​ផ្តល់​ឲ្យ​នៅក្នុង ៣៨.៦.២ ។

សម្រាប់​ព័ត៌មាន​អំពី​អ្វី​ដែល​ប៊ីស្សព និង​ប្រធាន​ស្ដេក​គួរ​ធ្វើ នៅពេល​ពួកគាត់​ដឹង​អំពី​ការរំលោភ​បំពាន សូមមើល ៣៨.៦.២.១ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការជួយ​ជនរងគ្រោះ​នៃ​ការរំលោភ​បំពាន សូមមើល « ការរំលោភ​បំពាន ( ជំនួយ​សម្រាប់​ជនរងគ្រោះ ) » នៅក្នុង ធនធាន​ការប្រឹក្សា ។ អ្នក​ក៏​អាច​ណែនាំ​ដល់​សមាជិក​នូវ ធនធាន​ដ៏មាន​ប្រយោជន៍​អំពី​ការរំលោភបំពាន នៅក្នុង ជួយ​ដល់​ជីវិត ផង​ដែរ ។

សម្រាប់​ព័ត៌មាន​ស្ដីពី​ការជួយ​ដល់​ជនរងគ្រោះ​នៃ​ការរំលោភ​សេពសន្ថវៈ ឬ​ការបំពារ​បំពាន​លើ​ផ្លូវភេទ​ផ្សេងទៀត សូម​មើល ៣៨.៦.១៨.២ ។

៣១.២

ការសម្ភាស

៣១.២.១

គោលបំណង​នៃកិច្ច​សម្ភាស

ជា​ទូទៅ ថ្នាក់ដឹកនាំ​សាសនាចក្រ​សម្ភាស​សមាជិក​ទាំងឡាយ ដើម្បី​កំណត់​ថា​ពួកគេ ៖

  • បាន​រៀបចំ​ខ្លួន​ជាស្រេច​ដើម្បី​ទទួល ឬ​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​មួយ ។

  • គួរតែ​ត្រូវបាន​ហៅ​ឲ្យមាន​តំណែង​មួយ​នៅក្នុង​សាសនាចក្រ ។

ការសម្ភាស​ប្រភេទនេះ​ភាគច្រើន​បំផុត ត្រូវបាន​ដឹកនាំ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព ឬ​គណៈ​ប្រធាន​ស្តេក ។ ការសម្ភាស​ទាំងនេះ​មិន​អាច​ត្រូវបាន​បែងចែក​ទៅ​ឲ្យ​ថ្នាក់ដឹកនាំ​វួដ​ផ្សេង​ទៀត​បាន​ទេ ។ ទោះជា​យ៉ាង​ណា ប្រធាន​ស្តេក​មួយ​រូប​អាច​បែងចែក​ការសម្ភាស​មួយ​ចំនួន​ទៅ​ទីប្រឹក្សា​ជាន់ខ្ពស់​បាន ដូច​មាន​ចែង​នៅក្នុង​តារាង​នៃ​ការហៅ​ទាំងឡាយ ( សូមមើល ៣០.៨ ) ។

៣១.២.២

ប្រភេទ​ទាំងឡាយ​នៃ​ការ​សម្ភាស

ប៊ីស្សព​ត្រូវបាន​ហៅ​ថា​ជា « ចៅក្រម​ទូទៅ » នៅក្នុង​វួដ​របស់​គាត់ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៧៤; សូមមើល​ផងដែរ ៧.១.៣ ) ។ ប្រធាន​ស្តេក​ក៏​បម្រើ​ជា​ចៅក្រម​ទូទៅ​ផងដែរ ( សូមមើល ៦.២.៣ ) ។ ថ្នាក់ដឹកនាំ​ទាំងនេះ​កាន់​កូនសោ​បព្វជិតភាព​ដើម្បី​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ពិធី​បរិសុទ្ធ​ទាំងឡាយ ។ ដោយសារ​មូលហេតុ​ទាំងនេះ​ហើយ ទើប​មាន​ការសម្ភាស​ជាក់លាក់​ទាំងឡាយ ដែល​មានតែ​ពួកគាត់​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​បាន ។ ពួកគាត់​អាច​បែងចែក​ការសម្ភាស​ផ្សេងៗ​ទៀត​ទៅកាន់​ទីប្រឹក្សា​បាន ។ តារាង​ខាងក្រោម​នេះ​បង្ហាញ​ពី​អ្នក​ដែល​អាច​ដឹកនាំ​ការសម្ភាស​នីមួយៗ ។

អ្នក​ដែល​អាច​ដឹកនាំ​ការសម្ភាស

គោលបំណង​នៃ​ការសម្ភាស

អ្នក​ដែល​អាច​ដឹកនាំ​ការសម្ភាស

ប៊ីស្សព​តែ​ប៉ុណ្ណោះ

គោលបំណង​នៃ​ការសម្ភាស

  • ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​សមាជិក​ម្នាក់ ដែល​នឹង​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​គាត់​ផ្ទាល់ ឬ​ដែល​នឹង​ផ្សារភ្ជាប់​ទៅនឹង​ស្វាមី ឬ​ភរិយា ( សូមមើល ២៦.៣.១ ) ។

  • ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ម្នាក់ ( សូមមើល ២៦.៤.២ ) ។

  • តែងតាំង​បុរស​ដែល​ប្រែចិត្ត​ជឿ​ថ្មី​ឲ្យមាន​តំណែង​មួយ​ក្នុង​បព្វជិតភាព​អើរ៉ុន ( សូមមើល ៣៨.២.៩.១ ) ។

  • តែងតាំង​យុវជន ឬ​បុរស​ម្នាក់​ឲ្យមាន​តំណែង​សង្ឃ ( សូមមើល ១៨.១០.២ ) ។

  • ផ្ដល់​អនុសាសន៍​អំពី​បុរស​ម្នាក់​សម្រាប់​ការតែងតាំង​តំណែង​អែលឌើរ ឬ​សង្ឃ​ជាន់ខ្ពស់ ( សូម​មើល ៣១.២.៦ ) ។ ចាំបាច់​ត្រូវមាន​ការអនុម័ត​ពី​គណៈប្រធាន​ស្តេក ដើម្បី​ដឹកនាំ​ការសម្ភាស​នេះ ។

  • ផ្ដល់​អនុសាសន៍​សមាជិក​ម្នាក់​ឲ្យ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ( សូមមើល ២៤.៤.២ ) ។

  • ហៅ​សមាជិក​ម្នាក់​ឲ្យ​បម្រើ​ជា​ប្រធាន​អង្គការ​វួដ ។

  • ហៅ​សង្ឃ​ម្នាក់​ឲ្យ​បម្រើ​ជា​ជំនួយការ​នៅ​ក្នុង​កូរ៉ុម​សង្ឃ ។

  • ជួយ​សមាជិក​ឲ្យ​ប្រែចិត្ត​ពី​អំពីបាប​ធ្ងន់ធ្ងរ​មួយ ( សូមមើល ជំពូកទី ៣២ ) ។

  • ផ្ដល់​ចំណារ​គាំទ្រ​ដល់​សមាជិក​ម្នាក់​ឲ្យ​ចុះឈ្មោះ​ចូល​រៀន​នៅ សាកល​វិទ្យាល័យ ឬ​មហាវិទ្យាល័យ​របស់​សាសនាចក្រ ។

  • ផ្ដល់​ចំណារ​គាំទ្រ​ដល់​សមាជិក​ម្នាក់​ឲ្យ​ទទួល ប្រាក់កម្ចី​មូលនិធិ​អប់រំដែលមានជាបន្តបន្ទាប់ នៅ​កន្លែង​ណា​ដែល​មាន ។

  • អនុញ្ញាត​ឲ្យ​សមាជិក​ម្នាក់​ប្រកាស​ពី​ស្ថានភាព​របស់​គាត់​ថា​ជា​អ្នកបង់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ( សូមមើល ៣៤.៣.១.២ ) ។

  • ផ្ដល់​សិទ្ធិ​អំណាច​សម្រាប់​ការប្រើប្រាស់​មូលនិធិ​ដង្វាយ​តមអាហារ ( សូមមើល ៣១.៣.៤ និង ២២.៦.១ ) ។

អ្នក​ដែល​អាច​ដឹកនាំ​ការសម្ភាស

ប៊ីស្សព ឬ​ទីប្រឹក្សា​ម្នាក់​ដែល​គាត់​ចាត់តាំង

គោលបំណង​នៃ​ការសម្ភាស

  • ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ជា​ថ្មី ( សូមមើល ២៦.៣.១ ) ។

  • ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ចូលរួម​នៅក្នុង​ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជំនួស ( សូមមើល ២៦.៤.៣ ) ។

  • ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្ដាយ ឬ​ដើម្បី​មើល​ការផ្សារភ្ជាប់​របស់​បងប្អូន​ទៅនឹង​ឪពុក​ម្ដាយ ( សូមមើល ២៦.៤.៤ ) ។

  • ហៅ​សមាជិក​ម្នាក់​ឲ្យ​បម្រើ​នៅក្នុង​ការហៅ​មួយ​នៅក្នុង​វួដ ដូច​ដែល​មាន​ចែង​នៅក្នុង ៣០.៨ ។

  • ផ្ដល់​សិទ្ធិ​អំណាច​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​របស់​កុមារ​អាយុ ៨ ឆ្នាំ ដែល​ជា​សមាជិក​មាន​កំណត់ត្រា ឬ​មាន​ឪពុក ឬ​ម្តាយ ឬ​អាណាព្យាបាល ដែល​ជា​សមាជិក​សាសនាចក្រ ( សូមមើល ៣១.២.៣.១ ) ។

  • ផ្ដល់​សិទ្ធិ​អំណាច​សម្រាប់​ការតែងតាំង​យុវជន​ម្នាក់​ទៅ​តំណែង​ឌីកុន ឬ​តំណែង​គ្រូ ( សូមមើល ១៨.១០.២ ) ។

  • ចេញ​ប័ណ្ណ​ទទួល​ពរ​របស់​លោកអយ្យកោ ( សូមមើល ១៨.១៧ ) ។

  • ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​អ្នកកាន់​បព្វជិតភាព​ម្នាក់​ធ្វើ​ពិធីបរិសុទ្ធ​បព្វជិតភាព​នៅក្នុង​វួដ​ផ្សេង​ទៀត ប្រសិន​បើ​គាត់​គ្មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ទេ ។ ( សូមមើល ទម្រង់​បែបបទ​អនុសាសន៍​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ ) ។

  • ផ្ដល់​ចំណារ​គាំទ្រ​ដល់​សមាជិក​ម្នាក់​ឲ្យ​បន្ត​ចុះឈ្មោះ​ចូល​រៀន​នៅ សាកល​វិទ្យាល័យ ឬ​មហាវិទ្យាល័យ​របស់​សាសនាចក្រ ។

អ្នក​ដែល​អាច​ដឹកនាំ​ការសម្ភាស

ប្រធាន​ស្តេក​តែ​ប៉ុណ្ណោះ

គោលបំណង​នៃ​ការសម្ភាស

  • ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​សមាជិក​ម្នាក់ ដែល​នឹង​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​គាត់​ផ្ទាល់ ឬ​ដែល​នឹង​ផ្សារភ្ជាប់​ទៅនឹង​ស្វាមី ឬ​ភរិយា ( សូមមើល ២៦.៣.១ ) ។

  • ផ្ដល់​អនុសាសន៍​សមាជិក​ម្នាក់​ឲ្យ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ( សូមមើល ២៤.៤.២ ) ។

  • ដោះលែង​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ដែល​បាន​ត្រឡប់​មក​ផ្ទះ​វិញ ( សូមមើល ២៤.៨.២ ) ។

  • នៅពេល​ដែល​ត្រូវបាន​អនុញ្ញាត ហៅ​សមាជិក​ម្នាក់ឲ្យ​បម្រើ​ជា​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ស្តេក លោកអយ្យកោ ឬ​ប៊ីស្សព ( សូមមើល ៣០.៨.១ និង ៣០.៨.៣ ) ។

  • ហៅ​សមាជិក​ម្នាក់​ឲ្យ​បម្រើ​ជា​ប្រធាន​កូរ៉ុម​អែលឌើរ ឬ​ប្រធាន​សមាគម​សង្រ្គោះ​ស្តេក ។

  • ជួយ​សមាជិក​ឲ្យ​ប្រែចិត្ត​ពី​អំពីបាប​ធ្ងន់ធ្ងរ​មួយ ( សូមមើល ជំពូកទី ៣២ ) ។

អ្នក​ដែល​អាច​ដឹកនាំ​ការសម្ភាស

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ម្នាក់​ដែល​គាត់​ចាត់តាំង

គោលបំណង​នៃ​ការសម្ភាស

  • ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ជា​ថ្មី ( សូមមើល ២៦.៣.១ ) ។

  • ផ្ដល់​សិទ្ធិ​អំណាច​សម្រាប់​ការតែងតាំង​បុរស​ម្នាក់​ឲ្យមាន​តំណែង​អែលឌើរ ឬ​សង្ឃ​ជាន់​ខ្ពស់ ( សូមមើល ១៨.១០.១ ) ។

  • ហៅ​សមាជិក​ឲ្យ​បម្រើ​នៅក្នុង​ការហៅ​ទាំងឡាយ ដូច​ដែល​មាន​ចែង​នៅក្នុង ៣០.៨.១ និង ៣០.៨.៣ ។

  • ផ្ទៀងផ្ទាត់​សុខភាព និង​ភាពស័ក្ដិសម​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ត្រូវ​ចាកចេញ ភ្លាមៗ​មុនពេល​គាត់​ត្រូវ​បាន​ញែក​ចេញ ( សូមមើល ២៤.៥.៣ ) ។

  • ផ្ដល់​ចំណារ​គាំទ្រ​ដល់​សមាជិក​ម្នាក់​ឲ្យ​ចុះឈ្មោះ​ចូល​រៀន​នៅ សាកល​វិទ្យាល័យ ឬ​មហាវិទ្យាល័យ​របស់​សាសនាចក្រ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​សម្ភាស​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ( សូមមើល ៣១.២.៣.២ ) ។

សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​ធ្វើ​ការសម្ភាស​អំពី​ការងារ​បម្រើ ( សូមមើល ២១.៣ ) ។

៣១.២.៣

ការសម្ភាស​សម្រាប់​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់

៣១.២.៣.១

កុមារ​ជា​សមាជិក​ដែល​មាន​ក្នុង​កំណត់ត្រា

ប៊ីស្សព​កាន់​កូន​សោ​បព្វជិតភាព​សម្រាប់​ការធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​សមាជិក​អាយុ ៨ ឆ្នាំ ដែល​មាន​កំណត់ត្រា​ក្នុង​វួដ​របស់​គាត់ ។ ដោយសារ​ហេតុផល​នេះ​ហើយ ទើប​គាត់ ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង​ម្នាក់​ធ្វើ​ការសម្ភាស​បុគ្គល​ទាំងឡាយ​ខាងក្រោម​នេះ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក ៖

  • កុមារ​អាយុ ៨ ឆ្នាំ​ដែល​ជា​សមាជិក​មាន​កំណត់ត្រា ។

  • កុមារ​អាយុ ៨ ឆ្នាំ ដែល​មិន​មែន​ជា​សមាជិក​ក្នុង​​កំណត់ត្រា ប៉ុន្តែ​មាន​ឪពុក ឬ​ម្តាយ ឬ​អាណា​ព្យាបាល​ម្នាក់​ជា​សមាជិក ។

  • សមាជិក​ដែល​មាន​ក្នុង​កំណត់ត្រា​ដែល​មាន​អាយុ ៩ ឆ្នាំ​ឡើង​ទៅ ដែល​ពិធី​បុណ្យជ្រមុជទឹក​របស់​ពួកគេ​ត្រូវ​បាន​ពន្យារ​ពេល ដោយសារតែ​ពិការភាព​ខាង​បញ្ញា ។

នៅក្នុង​ការសម្ភាស សមាជិក​គណៈប៊ីស្សព​ធ្វើ​ឲ្យ​ប្រាកដ​ថា កុមារ​យល់​ពី​គោលបំណង​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ( សូមមើល នីហ្វៃទី២ ៣១:៥–២០ ) ។ គាត់​ក៏​ត្រូវ​ប្រាកដ​ផងដែរ​ថា កុមារ​នោះ​យល់​អំពី​សេចក្តីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក ហើយ​បាន​តាំងចិត្ត​រស់នៅ​តាម​សេចក្តីសញ្ញា​នោះ ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ គាត់​មិន​ចាំបាច់​ប្រើប្រាស់​បញ្ជី​សំណួរ​ជាក់លាក់​នោះ​ទេ ។ នេះ​មិនមែន​ជា​ការសម្ភាស​ដើម្បី​កំណត់​ពី​ភាពស័ក្ដិសម​នោះទេ ដោយសារ​តែ « កូន​ក្មេង​តូច​ពុំ​ចាំបាច់​មាន​ការប្រែចិត្ត » ឡើយ ( មរ៉ូណៃ ៨:១១ ) ។

តម្រូវ​ឲ្យ​មាន​ការអនុញ្ញាត​ពី​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល មុនពេល​ដែល​អនីតិជន​អាច​ទទួល​បុណ្យ​ជ្រមុជទឹក​បាន ( សូមមើល ៣៨.២.៨.២ ) ។

៣១.២.៣.២

អ្នក​ប្រែចិត្ត​ជឿ

ប្រធាន​បេសកកម្ម​កាន់​កូនសោ​បព្វជិតភាព សម្រាប់​ការធ្វើ​ពិធី​បុណ្យជ្រមុជទឹក​ដល់​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ ។ ដោយសារ​មូលហេតុ​នេះ​ហើយ ទើប​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ម្នាក់​សម្ភាស ៖

  • បុគ្គល​អាយុ ៩ ឆ្នាំ​ឡើង​ទៅ ដែល​មិន​ធ្លាប់​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​​ពិធី​បញ្ជាក់​ពីមុន​មក ។ សូមមើល ៣១.២.៣.១ សម្រាប់​ករណី​លើកលែង​ចំពោះ​បុគ្គល​ដែល​មាន​ពិការភាព​ខាង​បញ្ញា ។

  • កុមារ​អាយុ ៨ ឆ្នាំ​ឡើង​ទៅ ដែល​ឪពុកម្ដាយ​មិនមែន​ជា​សមាជិក​ក្នុង​សាសនាចក្រ ។

  • កុមារ​អាយុ ៨ ឆ្នាំ​ឡើង​ទៅ ដែល​មាន​ឪពុក ឬ​ម្ដាយ​ម្នាក់ ដែល​នឹង​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​​ពិធី​បញ្ជាក់​ផងដែរ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​អ្នក​ដឹកនាំ​មណ្ឌល ឬ​ហ្សូន​ដឹកនាំ​ការសម្ភាស​នោះ ។ សម្រាប់​ព័ត៌មាន​អំពី​ស្ថានភាព​ដែល​តម្រូវ​ឲ្យ​មាន​ការផ្ដល់​សិទ្ធិ​អំណាច​ជា​ពិសេស សូមមើល ៣៨.២.៨.៧ ។

អ្នក​ដែល​នឹងប្រែចិត្ត​ជឿ​ម្នាក់ៗ​គួរតែ​ជួបនឹង​ប៊ីស្សព មុនពេល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ ទោះ​ជា​យ៉ាង​ណា ប៊ីស្សព​មិន​សម្ភាស​គាត់​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នោះ​ទេ ។ ហើយ​គាត់​ក៏​មិន​កំណត់​ពី​ភាពស័ក្ដិសម​ដែរ ។ គោល​បំណង​នៃ​ការជួប​នេះ​គឺ​ដើម្បី​ស្ថាបនា​ទំនាក់ទំនង​ជាមួយ​បុគ្គល​នោះ ។

នៅក្នុង​ការសម្ភាស អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើតាម​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​កំណត់​ថាតើ​បុគ្គល​នោះ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដូច​ដែល​បាន​រៀបរាប់​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧ ដែរ​ឬទេ ( សូមមើល​ផងដែរ ម៉ូសាយ ១៨:៨–១០; មរ៉ូណៃ ៦:១–៤ ) ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រើ​សំណួរ​ដូច​ខាងក្រោម​នេះ ៖ គាត់​សម្រប​សំណួរ​ទាំងនេះ​ទៅ​តាម​អាយុ និង​ភាព​ចាស់ទុំ និង​ស្ថានភាព​របស់​បុគ្គល​នោះ ។

  1. តើ​អ្នកជឿ​ថា ព្រះ​គឺជា​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង​ដែរ​ឬ​ទេ ? តើ​អ្នកជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ និង​ជា​ព្រះអង្គសង្រ្គោះ និង​ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក​ដែរ​ឬ​ទេ ?

  2. តើ​អ្នកជឿ​ថា សាសនាចក្រ និង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ត្រូវបាន​ស្តារ​ឡើង​វិញ តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ​ដែរ​ឬ​ទេ ? តើ​អ្នកជឿ​ថា [ ប្រធាន​សាសនាចក្រ​បច្ចុប្បន្ន ] គឺជា​ព្យាការី​មួយ​រូប​របស់​ព្រះ​ដែរ​ឬ​ទេ ? តើ​ការណ៍​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ?

  3. តើ​ការប្រែចិត្ត​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ? តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​ប្រែចិត្ត​ពី​អំពើបាប​ពី​អតីតកាល​របស់​អ្នក​ហើយ​ឬនៅ ?

  4. អ្នក​បាន​ត្រូវ​បង្រៀន​ថា សមាជិកភាព​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ រួម​មាន​នូវ​ការរស់នៅ​តាម​បទដ្ឋាន​របស់​ដំណឹងល្អផង​ដែរ ។ តើ​អ្នក​យល់​អ្វី​ខ្លះអំពី​បទដ្ឋាន​ដូច​ខាង​ក្រោមនេះ ? តើ​អ្នកយល់​ព្រម​គោរព​តាម​បទដ្ឋាន​ទាំងនេះ​ដែរ​ឬទេ ?

    • ច្បាប់​ព្រហ្មចារី​ភាព ដែល​ហាមឃាត់​រាល់​ទំនាក់ទំនង​ផ្លូវភេទ​នៅក្រៅ​ចំណង​អាពាហ៍ពិពាហ៍​ស្រប​ច្បាប់​រវាង​បុរសម្នាក់ និង​ស្ត្រីម្នាក់

    • ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់

    • ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ

    • ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ រួមទាំង​ការ​ទទួលទាន​សាក្រាម៉ង់​ប្រចាំ​សប្តាហ៍ និង​ការបម្រើ​ដល់​អ្នក​ដទៃ​ទៀត​ផងដែរ

  5. តើ​អ្នក​ធ្លាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែរ​ឬ​ទេ ? ប្រសិនបើ​មាន តើ​ឥឡូវ​នេះ​អ្នក​ស្ថិត​នៅក្នុង​ការព្យួរ​ទោស ដោយ​មាន​លក្ខខណ្ឌ ឬ​ការដោះលែង​ឲ្យ​រួច​ពី​ទោស​ដែរ​ឬទេ ?

  6. តើ​អ្នក​ធ្លាប់​ចូលរួម​នៅក្នុង​ការពន្លូត​កូន​ដែរ​ឬទេ ? ( សូមមើល ៣៨.៦.១ ) ។

  7. នៅពេល​អ្នក​ទទួល​បុណ្យ​ជ្រមុជ​ទឹក អ្នក​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​ថា អ្នក​ព្រម​លើកដាក់​មកលើ​ខ្លួន​អ្នក​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ បម្រើ​អ្នក​ដទៃ​ទៀត ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល​ទាំងអស់ និង​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ពេញ​មួយ​​ជីវិត​របស់​អ្នក ។ តើ​អ្នក​រៀបចំខ្លួន​ហើយ​ឬ​នៅ ដើម្បី​រក្សា​សេចក្ដី​សញ្ញា​នេះ ហើយ​ព្យាយាម​ដើម្បី​ស្មោះត្រង់​នឹង​សេចក្ដី​សញ្ញា​នេះ ?

សម្រាប់​ការណែនាំ​ទាំងឡាយ ប្រសិនបើ​បុគ្គល​ឆ្លើយ​ដោយ​អះអាង​ថា​ពិត​ចំពោះ​សំណួរ​ទី ៥ ឬ ៦ សូមមើល ៣៨.២.៨.៧ ។ សូមមើល​ផងដែរ ៣៨.២.៨.៨ ។

ប្រសិន​បើ​បុគ្គល​នោះ​បាន​រៀបចំ​ខ្លួន​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក នោះ​អ្នក​សម្ភាស​បំពេញ​កំណត់ត្រា​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ( សូមមើល ១៨.៨.៣ ) ។

៣១.២.៤

ការសម្ភាស​សម្រាប់​ការតែងតាំង​ឲ្យមាន​តំណែង​មួយ​ក្នុង​បព្វជិតភាព​អើរ៉ុន

ប៊ីស្សព​កាន់​កូនសោ​បព្វជិតភាព​សម្រាប់​ការប្រគល់​បព្វជិតភាព​អើរ៉ុន ។ គាត់​ក៏​កាន់​កូនសោ​បព្វជិតភាព​សម្រាប់​ការតែងតាំង​តំណែង​ឌីកុន គ្រូ និង​សង្ឃ​ផងដែរ ។ ប៊ីស្សព ឬ​ក៏​ទីប្រឹក្សា​ដែល​បាន​ចាត់​មួយ​រូប សម្ភាស​អ្នក​ទាំងឡាយ​ដែល​ត្រូវ​តែងតាំង​ជា​ឌីកុន ឬ​គ្រូ ដើម្បី​កំណត់​ថា​តើ​ពួកគេ​បាន​រៀបចំ​ខាង​វិញ្ញាណ​ឬទេ ។ ប៊ីស្សព​សម្ភាស​អ្នក​ទាំងឡាយ​ដែល​នឹង​ត្រូវ​តែងតាំង​ជា​សង្ឃ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ១៨.១០.២ ។

៣១.២.៥

ការ​សម្ភាស​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ ការចូល​ព្រះវិហារ​បរិសុទ្ធ និង​ការចូលរួម​នៅក្នុង​ពិធី​បរិសុទ្ធ​ទាំងឡាយដែល​មាន​នៅក្នុង​នោះ គឺ​ជា​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​មួយ ។ ឯកសិទ្ធិ​នេះ​ត្រូវបាន​រក្សា​ទុក​សម្រាប់​អ្នក​ទាំងឡាយ ដែល​បាន​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ ហើយ​ខិតខំ​រស់នៅ​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់ ដូច​ដែល​បាន​កំណត់​ដោយ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដែល​មាន​សិទ្ធិអំណាច ។

ដើម្បី​ធ្វើ​ការកំណត់​នេះ ថ្នាក់​ដឹកនាំ​បព្វជិតភាព​សម្ភាស​សមាជិក ដោយ​ប្រើប្រាស់​សំណួរ​ទាំងឡាយ​នៅក្នុង ធ.ថ.ស. ( សូមមើល​ផងដែរ​នូវ​គោលការណ៍​ណែនាំ​នៅក្នុង ២៦.៣ ) ។ ថ្នាក់​ដឹកនាំ​មិនគួរ​បន្ថែម ឬ​ដក​ការតម្រូវ​ណាមួយ​ចេញ​ឡើយ ។ ទោះជា​យ៉ាង​ណា ពួកគាត់​អាច​សម្រប​សម្រួល​សំណួរ​ទៅ​តាម​អាយុ និង​ស្ថានភាព​របស់​សមាជិក​បាន ។

៣១.២.៦

ការសម្ភាស​សម្រាប់​ការតែងតាំង​ឲ្យមាន​តំណែង​មួយ​ក្នុង​បព្វជិតភាព​ម៉ិលគីស្សាដែក

ប្រធាន​ស្តេក​កាន់​កូនសោ​បព្វជិតភាព​សម្រាប់​ការប្រគល់​បព្វជិតភាព​ម៉ិលគីស្សាដែក ។ គាត់​ក៏​កាន់​កូនសោ​សម្រាប់​ការតែងតាំង​តំណែង​អែលឌើរ និង​សង្ឃ​ជាន់​ខ្ពស់​ផងដែរ ។

ដោយ​មាន​ការអនុម័ត​មកពី​គណៈ​ប្រធាន​ស្តេក នោះ​ប៊ីស្សព​សម្ភាស​សមាជិក ដោយ​ប្រើប្រាស់​សំណួរ​ទាំងឡាយ​ដែល​បាន​ផ្ដល់​ឲ្យ​ខាង​ក្រោម​នេះ ។ មុន​ពេល​ធ្វើ​ដូច្នោះ គាត់​ផ្ទៀងផ្ទាត់​ថា កំណត់ត្រា​សមាជិកភាព​របស់​បុគ្គល​នោះ​មិន​រួម​បញ្ចូល​នូវ​ការចារ​ចំណាំ ការដាក់​កំហិត​លើ​ពិធីបរិសុទ្ធ ឬ​ការដាក់​កំហិត​លើ​សមាជិកភាព​សាសនាចក្រ​ឡើយ ។

បន្ទាប់​ពី​ការសម្ភាស ប្រសិនបើ​ប៊ីស្សព​មាន​អារម្មណ៍​ថា សមាជិក​នោះ​បាន​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ការតែងតាំង​ហើយ នោះ​គាត់​បំពេញ និង​បញ្ជូន កំណត់ត្រា​តែងតាំង​បព្វជិតភាព​ម៉ិលគីស្សាដែក ។ បន្ទាប់​មក សមាជិក​មួយ​រូប​នៃ​គណៈ​ប្រធាន​ស្តេក​សម្ភាស​សមាជិក​នោះ ហើយ​គាត់ក៏​ប្រើប្រាស់​សំណួរ​ទាំងឡាយ​ខាង​ក្រោម​នេះ​ដែរ ។

បុរស​ម្នាក់​ដែល​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ចូល​ទៅក្នុង​សម្បថ និង​សេចក្ដី​សញ្ញា​នៃ​បព្វជិតភាព ។ ការណ៍​នេះ​ត្រូវបាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៣៣–៤៤ ។ អំឡុង​ពេល​សម្ភាស ប៊ីស្សព និង​សមាជិក​គណៈប្រធាន​ស្តេក​ធ្វើ​ឲ្យ​ប្រាកដ​ថា សមាជិក​រូប​នោះ​យល់​ពី​សម្បថ និង​សេចក្ដី​សញ្ញា​នេះ ហើយ​យល់ព្រម​រស់នៅ​តាម​វា ។ បន្ទាប់​មក អ្នកដឹកនាំ​នោះ​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  1. តើ​អ្នក​មាន​សេចក្តី​ជំនឿ និង​ទីបន្ទាល់​ទៅលើ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប ជាព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬទេ ?

  2. តើ​អ្នក​មាន​ទីបន្ទាល់​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់ ក្នុងនាម​ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​ដែរ​ឬទេ ?

  3. តើ​អ្នក​មាន​ទីបន្ទាល់​អំពី​ការ​ស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬទេ ?

  4. តើ​អ្នក​គំាទ្រ​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ថាជា ព្យាការី អ្នកមើលឆុត និង​ជាអ្នកទទួលវិវរណៈ ហើយ​ជា​បុគ្គល​តែ​ម្នាក់​គត់​នៅលើ​ផែនដី ដែល​មាន​សិទ្ធិ​អំណាច​ឲ្យ​អនុវត្ត​កូនសោ​បព្វជិតភាព​ទំាងអស់​ដែរ​ឬទេ ?

    តើ​អ្នក​គំាទ្រ​សមាជិក​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ថាជា​ព្យាការី អ្នកមើលឆុត និង​អ្នក​ទទួល​វិវរណៈ​ដែរ​ឬ​ទេ ?

    តើ​អ្នក​គំាទ្រ​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ផ្សេង​ទៀត និង​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​នៃសាសនាចក្រ​ដែរ​ឬទេ ?

  5. ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា គ្រប់​ការណ៍ទាំង​អស់​គឺត្រូវ « ធ្វើ​ដោយ​ភាព​ស្អាតបាត » នៅ​ចំពោះទ្រង់ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤១ ) ។

    តើ​អ្នក​ព្យាយាម​ដើម្បី​មានភាព​ស្អាតបាត​ផ្នែក​សីលធម៌​នៅក្នុង​គំនិត និង​អាកប្បកិរិយា​របស់​អ្នកដែរ​ឬទេ ?

    តើអ្នកគោរពតាមច្បាប់ព្រហ្មចារីភាពដែរឬទេ ?

  6. តើ​អ្នក​ធ្វើ​តាម​ការ​បង្រៀន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ទាំង​អាកប្បកិរិយាផ្ទាល់ខ្លួន និង​ជាសាធារណៈ​ជាមួយ​សមាជិក​ក្នុងគ្រួសារអ្នក និង​អ្នកដទៃ​ដែរ​ឬទេ ?

  7. តើ​អ្នកគាំទ្រ ឬ​លើក​កម្ពស់​ដល់​ការ​បង្រៀន ការ​អនុវត្ត ឬ​គោលលទ្ធិ​ណាមួយ​ដែល​ផ្ទុយ​ទៅ​នឹង​ការបង្រៀន ការ​អនុវត្ត ឬ​គោលលទ្ធិ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដែរឬទេ ?

  8. តើ​អ្នក​ព្យាយាម​ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ទាំងនៅ​ក្នុងគេហដ្ឋាន និង​នៅ​សាសនាចក្រ ចូលរួម​ការ​ប្រជុំ​របស់​អ្នក រៀបចំខ្លួន និង​មានភាព​ស័ក្ដិសម​ទទួល​ទាន​សាក្រាម៉ង់ ហើយ​រស់នៅ​ក្នុង​ជីវិត​របស់អ្នក​ស្រប​ទៅតាម​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែរឬទេ ?

  9. តើ​អ្នក​ព្យាយាម​មានភាព​ស្មោះត្រង់​នៅ​គ្រប់​កិច្ចការ​ដែល​អ្នកធ្វើ​ដែរឬទេ ?

  10. តើ​អ្នក​ជា​អ្នក​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ​ឬ​ទេ ?

  11. តើ​អ្នក​យល់ និង​គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ដែរ​ឬទេ ?

  12. តើ​អ្នក​មាន​ជាប់​កាតព្វកិច្ច​ខាង​ហិរញ្ញវត្ថុ ឬ​កាតព្វកិច្ច​ដទៃ​ទៀត​ណាមួយ​ជាមួយ​នឹង​អតីតស្វាមី ឬ​ភរិយា ឬ​កូនៗ​របស់​អ្នក​ដែរឬទេ ?

    បើមាន តើ​អ្នក​បាន​អនុវត្ត​តាម​កាតព្វកិច្ច​ទំាងនោះ​ដែរ​ឬទេ ?

  13. តើ​មាន​អំពើបាប​ធ្ងន់ធ្ងរ​នៅក្នុង​ជីវិត​របស់អ្នក ដែល​អ្នក​ចាំបាច់​ត្រូវ​ដោះស្រាយ​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិអំណាច​បព្វជិតភាព ជា​ចំណែក​នៃ​ការ​ប្រែចិត្ត​របស់អ្នក​ដែរឬទេ ?

  14. តើ​អ្នក​គិតថា ខ្លួន​អ្នក​ស័ក្ដិសម​នឹង​ត្រូវ​បាន​តែងតាំង​ឲ្យមាន​តំណែង​មួយ​នៅ​ក្នុង​បព្វជិតភាព​ម៉ិលគីស្សាដែក​ដែរ​ឬទេ ?

៣១.៣

ឱកាស​ផ្សេងៗ​ទៀត​សម្រាប់​ថ្នាក់​ដឹកនាំជួប​ជាមួយ​សមាជិក

ថ្នាក់​ដឹកនាំ​មាន​ឱកាស​ជា​ច្រើន​ដើម្បី​ជួប​នឹង​សមាជិក​ដោយ​ឡែកៗ​ពី​គ្នា ។ ឧទាហរណ៍ ៖

  • សមាជិក​អាច​សុំ​ជួប​ជាមួយ​នឹង​អ្នកដឹកនាំ​សាសនាចក្រ​របស់​ពួកគេ នៅពេល​ពួកគេ​ត្រូវការ​ការណែនាំ​ខាង​វិញ្ញាណ ឬ​មាន​បញ្ហា​ផ្ទាល់ខ្លួន​ជា​ទម្ងន់ ។ នៅ​ក្នុងករណី​មួយ​ចំនួន អ្នកដឹកនាំ​អាច​មាន​អារម្មណ៍​បំផុស​ឲ្យ​រៀបចំ​ការប្រជុំ​មួយ​ជាមួយ​សមាជិក​ម្នាក់ ។ សមាជិក​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ទាក់ទង​ទៅ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ អំពី​បញ្ហា​ផ្ទាល់ខ្លួន​របស់​ពួកគេ​នោះទេ ( សូមមើល ៣៨.៨.២៤ ) ។

    ដើម្បី​ចំណាយ​ពេល​កាន់តែ​ច្រើន​ជាមួយ​នឹង​យុវវ័យ នោះ​ប៊ីស្សព​អាច​បែងចែក​ការប្រជុំ​ទាំងនេះ​មួយ​ចំនួន​ទៅ​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នៅក្នុង​វួដ​បាន ។ សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ កូរ៉ុម​អែលឌើរ និង​យុវនារី​អាច​ជួយ​បាន​ជា​ពិសេស ។ ទោះជា​យ៉ាង​ណា ប៊ីស្សព​មិន​អាច​បែងចែក​បញ្ហា​ទាំងឡាយ ដែល​តម្រូវ​ឲ្យ​មាន​តួនាទី​របស់​គាត់​ជា​ចៅក្រម​ទូទៅ​ម្នាក់ ដូចជា​ការប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរ​នោះ​ទេ ។

  • ប៊ីស្សព ឬ​នរណា​ម្នាក់​ដែល​គាត់​ចាត់តាំង ជួប​ជាមួយ​នឹង​សមាជិក​ដែល​មាន​តម្រូវការ​ខាង​សាច់ឈាម ( សូមមើល ៣១.៣.៤ និង ២២.៦ ) ។

  • ប្រធាន​កូរ៉ុម​អែលឌើរ​ជួប​ជាមួយ​នឹង​សមាជិក​កូរ៉ុម​ម្នាក់ៗ​ដោយ​ឡែកៗ​ពី​គ្នា​មួយ​ឆ្នាំ​ម្ដង ។ ពួកគាត់​ពិភាក្សា​ពី​សុខុមាលភាព​រ​បស់​សមាជិក និង​គ្រួសារ​របស់​គាត់ ។ ពួកគាត់​ក៏​ពិភាក្សា​អំពី​កាតព្វកិច្ច​បព្វជិតភាព​របស់​គាត់​ផងដែរ ។ ( សូមមើល ៨.៣.៣.២ ) ។

  • ប្រធាន​សមាគម​សង្គ្រោះ​ជួប​ជាមួយ​នឹង​សមាជិក​សមាគម​សង្គ្រោះ​ម្នាក់ៗ​ដោយ​ឡែកៗ​ពី​គ្នា​មួយ​ឆ្នាំ​ម្ដង ។ ពួកគាត់​ពិភាក្សា​ពី​សុខុមាលភាព​រ​បស់​បងប្អូន​ស្រី និង​គ្រួសារ​របស់​គាត់ ។ ( សូមមើល ៩.៣.២.២ ) ។

  • សមាជិក​នៃ​គណៈប៊ីស្សព​ជួប​ជាមួយ​នឹង​កុមារ​អាយុ ១១ ឆ្នាំ ពេល​ដែល​គាត់ ឬ​នាង​ចេញ​ពី​អង្គការ​បឋម​សិក្សា ទៅកាន់​កូរ៉ុម​ឌីកុន ឬ​ថ្នាក់​យុវនារី ។ អំឡុង​ការសម្ភាស​នោះ សមាជិក​នៃ​គណៈប៊ីស្សព​ក៏​សម្ភាស​យុវជន ដើម្បី​ទទួល​បព្វជិតភាព​អើរ៉ុន​ផងដែរ ( សូមមើល ១៨.១០.២ ) ។

  • សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​ជួប​ជាមួយ​នឹង​សមាជិក​ដែល​កំពុង​ចូល​បម្រើ​ក្នុង​កងទ័ព ( សូមមើល ៣៨.៩.២ ) ។

  • សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​​ជួប​ជាមួយ​នឹង​យុវវ័យ​ម្នាក់ៗ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ( សូមមើល ៣១.៣.១ ) ។

  • សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​ជួប​នឹង​យុវមជ្ឈិមវ័យ​នៅ​លីវ​ម្នាក់ៗ​យ៉ាង​ហោចណាស់​មួយ​ឆ្នាំ​ម្ដង ( សូមមើល ៣១.៣.២ ) ។

  • សមាជិក​នៃ​គណៈប្រធាន​ស្តេក គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត ជួប​ប្រជុំ​ជា​ទៀងទាត់​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ដែល​បម្រើ​នៅក្រោម​ការដឹកនាំ​របស់​ពួកគាត់ ( សូមមើល ៣១.៣.៣ ) ។

នៅពេល​ដែល​ថ្នាក់​ដឹកនាំ​ជួប​ជាមួយ​សមាជិក នោះ​ពួកគាត់​ធ្វើ​តាម​គោលការណ៍​នៅ​ក្នុង ៣១.១ ។

សម្រាប់​ព័ត៌មាន​ដ៏​មាន​ប្រយោជន៍​អំពី​ប្រធានបទ​ជាក់លាក់​ទាំងឡាយ ដែល​អាច​លេច​ឡើង​ពេល​ជួប​ជាមួយ​នឹង​សមាជិក សូមមើល ធនធាន​ការប្រឹក្សា នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ ថ្នាក់ដឹកនាំ​ក៏​អាច​ណែនាំ​ដល់​សមាជិក​ឲ្យ​មើល​ព័ត៌មាន​នៅក្នុង ជួយ​ដល់​ជីវិត ផង​ដែរ ។

៣១.៣.១

ការជួប​ជាមួយ​យុវវ័យ

ការទទួល​ខុសត្រូវ​ដ៏សំខាន់​បំផុត​របស់​ប៊ីស្សព​គឺ ត្រូវ​ជួយ​ជំនាន់​ដែល​កំពុង​ពេញវ័យ​នៅក្នុង​វួដ​របស់​គាត់ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។ របៀប​មួយ​ដ៏​សំខាន់​ដែល​គាត់​ធ្វើ​ការណ៍​នេះ គឺ​តាមរយៈ​ការជួប​ជាមួយ​នឹង​យុវវ័យ​ដោយ​ឡែកៗ​ពី​គ្នា ( ឬ​ដោយ​មាន​វត្តមាន​របស់​មជ្ឈិមវ័យ​ម្នាក់​ទៀត; សូមមើល ៣១.១.៤ ) ។ ប៊ីស្សព ឬ​ទីប្រឹក្សា​មួយ​រូប​របស់​គាត់​ជួប​ជាមួយ​នឹង​យុវវ័យ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ។ យ៉ាងហោច​ណាស់ ការប្រជុំ​រាល់​ឆ្នាំ​ទាំងនេះ​គួរតែ​ធ្វើ​ឡើង​ជាមួយ​ប៊ីស្សព ។ ដោយ​ចាប់ផ្ដើម​នៅ​ឆ្នាំ​ដែល​យុវវ័យ​ឈាន​ចូល​អាយុ ១៦ ឆ្នាំ ការប្រជុំ​ទាំងពីរ​នៅ​ក្នុង​ឆ្នាំ​នោះ​គួរតែ​ធ្វើ​ឡើង​ជាមួយ​ប៊ីស្សព បើ​អាច​ធ្វើ​ទៅបាន ។

បន្ថែម​លើ​ការប្រជុំ​ទាំងនេះ យុវវ័យ​មិន​គួរ​មាន​អារម្មណ៍​រុញរា​ក្នុង​ការប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព នៅពេល​ណា​ដែល​ពួកគេ​ត្រូវការ​ការណែនាំ ឬ​ការគាំទ្រ​នោះទេ ។ ប៊ីស្សព​ខិតខំ​ស្ថាបនា​ទំនាក់ទំនង​ដ៏​រឹងមាំ និង​ទុកចិត្ត​ជាមួយ​នឹង​យុវវ័យ ដើម្បី​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ស្រណុកចិត្ត​ក្នុង​ការប្រឹក្សា​ជាមួយ​គាត់ ។

ប្រធាន​យុវនារី​ក៏​មាន​តួនាទី​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​យុវនារី​ម្នាក់ៗ​ផងដែរ ។ គាត់​អាច​ធ្វើ​ការណ៍​នេះ​បាន ដោយ​ការជួប​ជាមួយ​នឹង​យុវនារី​មួយ​ទល់​នឹង​មួយ ( ឬ​ដោយ​មាន​វត្តមាន​របស់​មជ្ឈិមវ័យ​ម្នាក់​ទៀត; សូមមើល ៣១.១.៤ ) ។

នៅពេល​ដែល​ពួកគាត់​ជួប​ជាមួយ​នឹង​យុវវ័យ ថ្នាក់ដឹកនាំ​ធ្វើ​តាម​គោលការណ៍​នៅ​ក្នុង ៣១.១ ។ គោលការណ៍​ជា​ច្រើន​ទាំងនេះ​មាន​សារៈសំខាន់​ជា​ពិសេស នៅពេល​ជួប​ជាមួយ​នឹង​យុវវ័យ ។

៣១.៣.១.១

ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ឪពុក​ម្ដាយ

ក្នុង​កិច្ចខិតខំ​របស់​ពួកគាត់​ដើម្បី​ពង្រឹង​យុវវ័យ ថ្នាក់ដឹកនាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធិ​ជាមួយ​នឹង​ឪពុក​ម្ដាយ ។ ពួកគាត់​ខិតខំ​គាំទ្រ​ដល់​ឪពុក​ម្ដាយ នៅក្នុង​ទំនួល​ខុសត្រូវ​របស់​ពួកគេ​ក្នុង​ការបង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​កូនៗ​របស់​ខ្លួន ។

ថ្នាក់ដឹកនាំ​ចែកចាយ​ព័ត៌មាន​ខាងក្រោម​នេះ​ជាមួយ​នឹង​យុវវ័យ និង​ឪពុកម្ដាយ​របស់​ពួកគេ មុនពេល​ការជួប​លើក​ដំបូង ៖

  • ឪពុកម្តាយ​មាន​ការទទួល​ខុសត្រូវ​ជា​ចម្បង​ដើម្បី​បង្រៀន និង​ចិញ្ចឹម​បីបាច់​កូនៗ​របស់​ពួកគាត់ ។

  • ប៊ីស្សព ឬ​ទីប្រឹក្សា​មួយ​រូប​របស់​គាត់​ជួប​ជាមួយ​នឹង​យុវវ័យ​ម្នាក់ៗ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ។ ប្រធាន​យុវនារី​ក៏​អាច​ជួប​ជាមួយ​នឹង​យុវនារី​ម្នាក់ៗ​ម្ដងម្កាល​ផងដែរ ។ នៅក្នុង​ការប្រជុំ​ទាំងនេះ ថ្នាក់ដឹកនាំ​អាច​ឆ្លើយ​សំណួរ ផ្ដល់​ការគាំទ្រ ផ្ដល់​ការចាត់តាំង និង​ពិភាក្សា​ពី​ប្រធានបទ​ទាំងឡាយ​ដែល​មាន​រាយ​នៅក្នុង ៣១.៣.១.២ ។

  • ដើម្បី​ជួយ​យុវវ័យ​ឲ្យ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ នោះ​តម្រូវ​ឲ្យ​មាន​កិច្ចសម្ភាស​ទាំងឡាយ​សម្រាប់​កិច្ចការ​ពិសិដ្ឋ ដូចជា​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ការតែងតាំង​បព្វជិតភាព និង​ការ​ហៅ​បម្រើ​បេសកកម្ម ។ ថ្នាក់ដឹកនាំ​ធ្វើ​ការ​ជាមួយ​នឹង​ឪពុក​ម្ដាយ ដើម្បី​ជួយ​យុវវ័យ​ឲ្យ​រៀបចំខ្លួន​ទទួលកិច្ចសម្ភាស​ទាំងនេះ ។

  • ឪពុក​ម្ដាយ​លើក​ទឹកចិត្ត​ដល់​កូនៗ​របស់​ខ្លួន​ឲ្យ​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព ឬ​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់​ទៀត នៅពេល​ពួកគេ​ត្រូវការ​ជំនួយ​ទាក់ទង​នឹង​ការណែនាំ​ខាង​វិញ្ញាណ ឬ​ការប្រែចិត្ត ។

  • នៅពេល​យុវវ័យ​ម្នាក់​ជួប​ជាមួយ​នឹង​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់ នោះ​ឪពុក ឬ​ម្តាយ ឬ​មជ្ឈិមវ័យ​ម្នាក់​ផ្សេងទៀត​ត្រូវតែ​មាន​វត្តមាន ។ យុវវ័យ​អាច​អញ្ជើញ​មជ្ឈិមវ័យ​នោះ​ឲ្យ​ចូលរួម​នៅក្នុង​ការប្រជុំ ឬ​រង់ចាំ​នៅ​ខាង​ក្រៅ​បន្ទប់ ។

៣១.៣.១.២

ប្រធានបទ​ដើម្បី​ពិភាក្សា

គោលបំណង​ចម្បង​នៃ​ការប្រជុំ​ទាំងឡាយ​ជាមួយ​នឹង​យុវវ័យ គឺ​ដើម្បី​ស្ថាបនា​សេចក្តី​ជំនឿ​ទៅលើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​ជួយ​យុវវ័យ​ឲ្យ​ដើរតាម​ទ្រង់​ទាំងទ្វេ ។ ការប្រជុំ​ទាំងនេះ​គួរតែ​ជា​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ ដែល​លើកស្ទួយ ។ ថ្នាក់ដឹកនាំ​ខិតខំ​ជួយ​យុវវ័យ​ម្នាក់ៗ​ឲ្យ​ទទួល​អារម្មណ៍​ស្រឡាញ់ លើកទឹកចិត្ត និង​បំផុស​គំនិត ដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

យុវវ័យ និង​ថ្នាក់ដឹកនាំ​គួរតែ​ពិភាក្សា​អំពី ៖

  • បទពិសោធន៍​ខាង​វិញ្ញាណ​ដែល​កំពុង​ស្ថាបនា​ទីបន្ទាល់​របស់​យុវវ័យ​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ។

  • របៀប​ដែល​យុវវ័យ​រក្សា​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ ។

  • ការរៀបចំ​របស់​យុវវ័យ ដើម្បី​ចុះ និង​កាន់តាម​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។

  • គោលដៅ​ផ្ទាល់​ខ្លួន​របស់​យុវវ័យ ដើម្បី​ក្លាយ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត ( សូមមើល « កុមារ និង​យុវវ័យ » ) ។

  • សារៈសំខាន់​នៃ​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន ។

  • របៀប​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹងឪពុក​ម្ដាយ និង​សមាជិក​គ្រួសារ​ផ្សេងទៀត ។

  • គោលការណ៍ និង​បទដ្ឋាន​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។

  • របៀប​ទាំងឡាយ​ដែល​យុវវ័យ​អាច​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ( សូមមើល ១.២ ) ។

  • ជាមួយ​នឹង​យុវជន បទពិសោធន៍​របស់​គាត់​ក្នុង​ការបំពេញ​កាតព្វកិច្ច​បព្វជិតភាព​របស់​គាត់ និង​ការរៀបចំ​របស់​គាត់​ដើម្បី​បាន​តែងតាំង​ដល់​មុខតំណែង​បព្វជិតភាព​បន្ទាប់​ទៀត ។

  • ពរជ័យ​នៃ​ការចូលរួម​ក្នុង​ថ្នាក់​សិក្ខាសាលា ។

  • ការរៀបចំ​ដើម្បី​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ( សូមមើល ២៤.៣ ) ។ ព្រះអម្ចាស់​រំពឹង​ឲ្យ​យុវជន​ម្នាក់ៗ​ដែល​មាន​លទ្ធភាព​រៀបចំ​ខ្លួន​ធ្វើ​ការបម្រើ​នេះ ។ យុវនារី​ដែល​មាន​បំណង​ចង់​បម្រើ ក៏​គួរតែ​រៀបចំ​ខ្លួន​ផងដែរ ។ ថ្នាក់ដឹកនាំ​គួរតែ​យល់ពី​អ្នក​ទាំងឡាយដែល​ត្រូវបាន​លើកលែង​ពី​ការ​បម្រើ​បេសកកម្ម​ពេញម៉ោង​មួយ ( សូមមើល ២៤.៤.៤ ) ។ សម្រាប់​ព័ត៌មាន​អំពី​បេសកកម្ម​ផ្នែក​សេវាកម្ម សូមមើល ២៤.២.២ ។

នៅពេល​ពិភាក្សាគ្នា​ពី​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញតិ្ត​ទាំងឡាយ នោះ​ថ្នាក់ដឹកនាំ​អាច​ប្រើប្រាស់​សំណួរ​សម្ភាស​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​បាន និង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ ពួកគាត់​ធ្វើ​ឲ្យ​ប្រាកដ​ថា ការពិភាក្សា​អំពី​ភាពស្អាតស្អំ​ខាង​សីលធម៌ មិន​លើកទឹកចិត្ត​ឲ្យ​មាន​ការចង់​ដឹង​ចង់ឃើញ ឬការធ្វើ​ពិសោធន៍​នោះ​ឡើយ ។

៣១.៣.២

ការប្រជុំ​ជាមួយ​យុវមជ្ឈិមវ័យ​នៅលីវ

ប៊ីស្សព​ដាក់​អាទិភាព​ដ៏​ខ្ពស់​លើ​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​យុវមជ្ឈិម​វ័យ​នៅ​លីវ​នៅក្នុង​វួដ​របស់​គាត់ ។ គាត់ ឬ​ទីប្រឹក្សា​មួយ​រូប​ដែល​គាត់​ចាត់តាំង ជួប​ជាមួយ​នឹង​យុវមជ្ឈិមវ័យ​នៅ​លីវ​ម្នាក់ៗ​យ៉ាង​ហោចណាស់​មួយ​ឆ្នាំ​ម្ដង ។

សមាជិក​នៃ​គណៈប៊ីស្សព និង​យុវមជ្ឈិមវ័យ​នៅ​លីវ​អាច​ពិភាក្សា​អំពី​ចំណុច​ដែល​ទាក់ទង​ដែល​មាន​នៅក្នុង ៣១.៣.១.២ ។ ពួកគាត់​ក៏​អាច​ពិភាក្សា​ពី​បញ្ហា​នានា ដែល​មាន​សារៈសំខាន់​ជា​ពិសេស​ដល់​យុវមជ្ឈិមវ័យ ដូចជា​ការអភិវឌ្ឍ​ភាពខ្លួន​ទីពឹង​ខ្លួន​ផងដែរ ។

៣១.៣.៣

ការ​ជួប​នឹង​សមាជិក​បម្បី​ពិភាក្សា​ពី​ការហៅ​បម្រើ និង​ការទទួល​ខុសត្រូវ​របស់​ពួកគេ

គណៈប្រធាន​ស្តេក គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​ជួយ​ជាមួយ​សមាជិក​ដោយ​ឡែកៗ​ពី​គ្នា ដែល​រាយការណ៍​មកកាន់​ពួកគាត់​អំពី​ការហៅ​បម្រើ​របស់​ពួកគេ ។ ឧទាហរណ៍ ៖

  • ប្រធាន​ស្ដេក​ជួប​ជា​ទៀងទាត់​ជាមួយ​នឹង​ប៊ីស្សព​ម្នាក់ៗ​នៅ​ក្នុង​ស្ដេក ( សូមមើល ៦.២.១.២ ) ។

  • សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក​​ជួប​ជា​ទៀងទាត់​ជាមួយ​នឹង​ប្រធាន​កូរ៉ុម​អែលឌើរ​ម្នាក់ៗ​នៅក្នុង​ស្តេក ( សូមមើល ៨.៣.១ ) ។

  • ប៊ីស្សព​ជួប​ជាមួយ​ប្រធាន​សមាគម​សង្រ្គោះ​ជារៀងរាល់​ខែ ( សូមមើល ៩.៣.១ ) ។ គាត់​ក៏​ជួប​ជាទៀងទាត់​ជាមួយនឹង​ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​យុវនារី​ផងដែរ ( សូមមើល ៨.៣.១ និង ១១.៣.១ ) ។

  • សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​ជួប​ជា​ទៀងទាត់​ជាមួយ​នឹង​ប្រធាន​អង្គការ​បឋម​សិក្សា និង​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ ( សូមមើល ១២.៣.១ និង ១៣.២.១ ) ។

  • សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ ជួប​ជាមួយ​នឹង​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ( សូមមើល ២១.៣ ) ។

នៅក្នុង​ការប្រជុំ​ទាំងនេះ អ្នកដឹកនាំ​បំផុស និង​ណែនាំ​សមាជិក​អំពី​ការទទួល​ខុសត្រូវ​របស់​គាត់ ។ អ្នកដឹកនាំ​បង្ហាញ​ការដឹងគុណ​សម្រាប់​ការបម្រើ​របស់​សមាជិក ហើយ​ផ្ដល់​ការលើក​ទឹកចិត្ត ។ សមាជិក​រាយការណ៍​ពី​ការរីកចម្រើន និង​សុខុមាលភាព​របស់​មនុស្ស​ដែល​គាត់​បម្រើ ។ ពួកគាត់​ពិភាក្សា​ពី​គោលដៅ ឧបសគ្គ និង​ឱកាស​នានា​ជាមួយ​គ្នា ។ នៅពេល​ដែល​សមរម្យ ពួកគាត់​ក៏​ពិនិត្យ​មើល​ពី​ថវិកា និង​ការចំណាយ​ផងដែរ ។

៣១.៣.៤

ការជួប​នឹង​សមាជិក​ដើម្បី​ពិភាក្សា​ពី​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម និង​ភាពខ្លួន​ទីពឹង​ខ្លួន

ការមើលថែ​ដល់​អស់​អ្នក​ដែលមាន​សេចក្ដី​ត្រូវការ គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ( សូមមើល ១.២ ) ។ ពេល​ដែល​ថ្នាក់ដឹកនាំ​ជួប​ជាមួយ​នឹង​សមាជិក ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម ពួកគាត់​ជួយ​ពួកគេ​ឲ្យ​ដោះស្រាយ​សេចក្ដី​ត្រូវការ​ក្នុង​រយៈពេល​ខ្លី ហើយ​ស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន​សម្រាប់​រយៈពេល​វែង ( សូមមើល ២២.៣ ) ។

ប៊ីស្សព​អាច​ចាត់តាំង​អ្នក​ដទៃ​ទៀត​នៅក្នុង​វួដ ដូចជា​គណៈប្រធាន​សមាគម​សង្គ្រោះ និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ ដើម្បី​ជួប​ជាមួយ​នឹង​សមាជិក​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម ។ ទោះជា​យ៉ាងណា មាន​តែ​ប៊ីស្សព​ប៉ុណ្ណោះ​ទើប​អាច​អនុម័ត​ការប្រើប្រាស់​មូលនិធិ​ដង្វាយ​តមអាហារ​បាន ( សូមមើល ២២.៦.១ ) ។

គោលការណ៍ និង​គោលនយោបាយ​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម មាន​ពិពណ៌នា​នៅក្នុង ជំពូកទី ២២ ។

៣១.៣.៥

ការ​ជួប​នឹង​សមាជិក​អំពី​អាពាហ៍ពិពាហ៍ និង​ការលែងលះ

ថ្នាក់​ដឹកនាំ​សាសនាចក្រ​មិន​គួរ​ផ្តល់​ប្រឹក្សា​ឲ្យ​បុគ្គល​ម្នាក់​រៀបការ​នឹង​បុគ្គល​ណា​ម្នាក់​ឡើយ ។ ហើយ​ក៏​មិន​គួរ​ផ្តល់​ប្រឹក្សា​ឲ្យ​បុគ្គល​ម្នាក់​លែងលះ​ប្តី ឬ​ប្រពន្ធ​របស់​គាត់​នោះ​ដែរ ។ ខណៈ​ដែល​ការលែងលះ​គឺជា​ជម្រើស​ដ៏​សមរម្យ​នៅក្នុង​ស្ថានភាព​មួយ​ចំនួន ក៏​ការសម្រេច​ចិត្ត​បែបនោះ​ត្រូវតែ​ស្ថិត​នៅលើ​បុគ្គល​នោះ​ប៉ុណ្ណោះ ។

ដោយ​ធ្វើតាម​ការណែនាំ​របស់​ព្រះវិញ្ញាណ នោះ​ជា​ញឹកញាប់ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ជួប​ជាមួយ​នឹង​ស្វាមី​ភរិយា និង​បុគ្គល​ទាំងឡាយ ដែល​កំពុង​បែកបាក់​គ្នា ឬ​ដែល​នឹង​លែងលះ​គ្នា ។ ថ្នាក់​ដឹកនាំ​ក៏​អាច​ខិតខំ​ជួយ​គូស្វាមី​ភរិយា​ឲ្យ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ផងដែរ ។ ពួកគាត់​បង្រៀន​អំពី​កម្លាំង និង​ការព្យាបាល​ដែល​បាន​មក​ពី​ការរក្សា​សេចក្ដី​សញ្ញា​ទាំងឡាយ ដែល​ពួកគេ​បាន​ចុះ​ជាមួយ​នឹង​ព្រះអម្ចាស់ និង​ការរស់នៅ​តាម​ការបង្រៀន​របស់​ទ្រង់ ។ ការបង្រៀន​ទាំងនេះ​រួមមាន សេចក្ដី​ជំនឿ ការប្រែចិត្ត ការអភ័យទោស សេចក្ដី​ស្រឡាញ់ និង​ការអធិស្ឋាន ។

សមាជិក​ដែល​បាន​បែក​បាក់​ពី​ប្តី ឬ​ប្រពន្ធ​របស់​គាត់ ឬ​នឹង​ត្រូវ​លែងលះ​គ្នា មិន​គួរ​ណាត់​ដើរ​លេង​ជា​គូ​ឡើយ រហូត​ដល់​លិខិត​លែងលះគ្នា​ត្រូវ​បាន​សម្រេច​ចេញ​ស្រប​ច្បាប់​ជាមុន​សិន ។

៣១.៣.៦

ការប្រឹក្សា និង​ការព្យាបាល​ប្រកប​ដោយ​វិជ្ជាជីវៈ

ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពុំ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នកប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ ឬ​ដើម្បី​ផ្ដល់​ការព្យាបាល​នោះ​ទេ ។ ជំនួយ​ដែល​ពួកគាត់​ផ្ដល់ឲ្យ​គឺ​ខាង​វិញ្ញាណ ដោយ​ផ្តោត​លើ​ការពង្រឹង ការលួងលោម អំណាច​នៃ​ការប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ថែម​ពីលើ​ជំនួយ​ដ៏​សំខាន់ និង​ដ៏​បំផុស​គំនិត​នេះ នោះ​សមាជិក​អាច​នឹង​ទទួល​បាន​ប្រយោជន៍​មកពី​ការប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ នៅកន្លែង​ណា​ដែល​មានការប្រឹក្សា​នេះ ។ ការប្រឹក្សា ឬ​ការព្យាបាល​បែប​នេះ​អាច​ជួយ​សមាជិក​ឲ្យយល់ និង​ឆ្លើយតប​នឹង​ឧបសគ្គ​ក្នុង​ជីវិត តាម​របៀប​ដ៏ល្អ​ប្រសើរ ។

ការជួប​នឹង​អ្នកប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ ដើម្បី​ទទួលបាន​ការយល់ដឹង និង​ជំនាញ​នានា​សម្រាប់​ខុសុមាលភាព​ខាង​សតិអារម្មណ៍ គឺ​ពុំមែន​ជា​សញ្ញា​នៃ​ភាពទន់ខ្សោយ​នោះទេ ។ ផ្ទុយទៅវិញ វា​អាចជា​សញ្ញា​នៃ​ការបន្ទាបខ្លួន និង​ភាពខ្លាំង ។

សមាជិក​គួរតែ​ជ្រើសរើស​អ្នកប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ​ដែល​មាន​កិត្តិនាម និង​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដោយ​ប្រុង​ប្រយ័ត្ន ។ អ្នកប្រឹក្សា​គួរតែ​គោរព​ដល់​សិទ្ធិ​ជ្រើសរើស គុណតម្លៃ និង​ជំនឿ​របស់​អ្នក​ដែល​ស្វែងរក​ជំនួយ​នោះ ។ ការរួម​បញ្ចូល​គុណតម្លៃ​ទាំងនេះ​គឺជា​រឿងសមរម្យ​តាម​ក្រម​សីលធម៌​នៅក្នុង​ការប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ ។

សាសនាចក្រ​ប្រឆាំង​នឹង​ការព្យាបាល​ណាមួយ រួមមាន​ការកែប្រែ ឬ​ការព្យាបាល​ដើម្បី​កែប្រែ​ការមាន​អារម្មណ៍​ខាង​ផ្លូវភេទ ឬ​អត្តសញ្ញាណ​ភេទ ដែល​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​រង​ការរំលោភ​បំពាន​ពី​ការអនុវត្ត​បែប​នេះ ។ ( សូមមើល « ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា » និង « បុគ្គល​ប្ដូរភេទ » នៅក្នុង ជួយ​ដល់​ជីវិត ) ។

នៅក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ប៊ីស្សព និង​ប្រធាន​ស្តេក​អាច​ទាក់ទង​ទៅ​សេវាកម្ម​គ្រួសារ ដើម្បី​កំណត់​ពី​ធនធាន​ដែល​ផ្តល់​នូវ​ការប្រឹក្សា​ដែលមាន​វិជ្ជាជីវៈ ដែល​សមស្រប​ទៅតាម​គោលការណ៍​នៃ​ដំណឹងល្អ ។ ព័ត៌មាន​ទំនាក់ទំនង​ត្រូវបាន​ផ្តល់ឲ្យ​ដូច​ខាង​ក្រោម ៖

១-៨០១-២៤០-១៧១១

១-៨០០-៤៥៣-៣៨៦០ លេខ​ខ្នែង ២-១៧១១

FamilyServices.ChurchofJesusChrist.org

នៅក្នុង​តំបន់​ផ្សេងទៀត ថ្នាក់ដឹកនាំ​អាច​ទាក់ទង​ទៅ​បុគ្គលិក​សេវាកម្ម​គ្រួសារ ឬ​អ្នកគ្រប់គ្រង​ផ្នែក​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន​នៅក្នុង​ការិយាល័យ​តំបន់​បាន ។

ប្រសិនបើ​សមាជិក​មិន​អាច​បង់ថ្លៃ​សម្រាប់​ការប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ​ដោយ​ខ្លួនឯង ឬ​តាមរយៈ​ការធានា​រ៉ាប់រង​បាន​ទេ នោះ​ប៊ីស្សព​អាច​ប្រើ​ដង្វាយ​តម​អាហារ​ដើម្បី​ជួយ​បាន ( សូមមើល ២២.៤ ) ។

៣១.៤

ការជួប​ជាមួយ​នឹង​សមាជិក​ពី​ចម្ងាយ

ជា​ធម្មតា ថ្នាក់​ដឹកនាំ​ជួប​ជាមួយ​សមាជិក​ដោយ​ផ្ទាល់​សម្រាប់​ការសម្ភាស​នានា និង​ដើម្បី​ផ្ដល់​ជំនួយ​ខាង​វិញ្ញាណ និង​ការងារ​បម្រើ ។ ទោះជា​យ៉ាង​ណា ជា​ការលើកលែង ពួកគាត់​អាច​ជួប​ពី​ចម្ងាយ​បាន នៅពេល​ដែល​ការជួប​ដោយ​ផ្ទាល់​ពុំ​អាច​ធ្វើ​ទៅបាន ។ ឧទាហរណ៍ សមាជិក​ម្នាក់អាច​ជួប​ជាមួយ​នឹង​អ្នកដឹកនាំ​ម្នាក់​ពី​ចម្ងាយ​បាន នៅពេល​ដែល​សមាជិក​នោះ ៖

  • រស់នៅ​តំបន់​ដាច់​ស្រយាល ហើយ​លទ្ធភាព​ក្នុង​ការធ្វើ​ដំណើរ​មាន​កំណត់ ។

  • មាន​បញ្ហា​សុខភាព​ខាង​រាងកាយ ផ្លូវចិត្ត ឬ​ខាងសតិ​អារម្មណ៍ ។

  • ថែទាំ​ដល់​នរណាម្នាក់​ដែល​នៅ​ផ្ទះ ហើយ​មិន​អាច​ទុកឲ្យ​នៅតែ​ម្នាក់ឯង​បាន ។

ការសម្ភាស​រវាង​ប្រធាន​បេសកកម្ម និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ក៏​អាច​ត្រូវបាន​ធ្វើ​ឡើង​ពី​ចម្ងាយ​ផងដែរ នៅ​កន្លែង​ដែល​បាន​អនុម័ត ។

ការសម្ភាស និង​ការប្រជុំ​ផ្សេងៗ​ទៀត​រវាង​ថ្នាក់​ដឹកនាំ និង​សមាជិក​មិនគួរ​ត្រូវបាន​ថត​នោះ​ទេ ។

ដូច​គ្នា​នឹង​ការសម្ភាស និង​ការប្រជុំ​ផ្ទាល់​ដែរ សមាជិក​អាច​អញ្ជើញ​នរណា​ម្នាក់​ផ្សេង​ទៀត​ឲ្យ​នៅ​ជាមួយ​ក្នុង​ពេល​សម្ភាស ឬ​ការប្រជុំ​ពី​ចម្ងាយ​បាន ។

ពេល​ការសម្ភាស​សម្រាប់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​ធ្វើ​ឡើង​ពី​ចម្ងាយ នោះ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​អាច​ត្រូវបាន​ផ្ញើ​ទៅ​សមាជិក បន្ទាប់​ពី​ចុះហត្ថលេខា​ដោយ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ហើយ ។ ទោះ​ជា​យ៉ាង​ណា ស្មៀន​ស្ដេក​មិន​គួរ​ធ្វើ​ឲ្យ​វា​សកម្ម​ឡើយ រហូត​ទាល់​តែ​គាត់​បាន​បញ្ជាក់​ថា សមាជិក​នោះ​បាន​ទទួល​ប័ណ្ណ​នេះ​ហើយ​សិន ។