« ១៨. ការធ្វើពិធីបរិសុទ្ធបព្វជិតភាព និងការប្រសិទ្ធពរ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ២០២៥ ) ។
« ១៨. ការធ្វើពិធីបរិសុទ្ធបព្វជិតភាព និងការប្រសិទ្ធពរ » ក្បួនខ្នាតទូទៅ ។
១៨.
ការធ្វើពិធីបរិសុទ្ធបព្វជិតភាព និងការប្រសិទ្ធពរ
១៨.០
សេចក្តីផ្ដើម
ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយគឺជាកិច្ចការដ៏ពិសិដ្ឋ ដែលត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព និងនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកកាន់បព្វជិតភាពធ្វើពិធីបរិសុទ្ធ និងប្រសិទ្ធពរ នោះពួកគេធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះក្នុងការផ្តល់ពរជ័យដល់មនុស្សដទៃ ។ ពិធីបរិសុទ្ធ និងការប្រសិទ្ធពរនៃបព្វជិតភាពផ្តល់ជាច្រកផ្លូវដើម្បីទទួលព្រះចេស្ដារបស់ព្រះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:២០ ) ។
ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយគឺត្រូវធ្វើឡើងដោយមានសេចក្តីជំនឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយស្របតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ ថ្នាក់ដឹកនាំត្រូវប្រាកដថា ពួកគាត់ធ្វើកិច្ចការនេះដោយមានការអនុម័តត្រឹមត្រូវ ( បើចាំបាច់ ) ដោយសិទ្ធិអំណាចបព្វជិតភាពដែលតម្រូវឲ្យមាន តាមរបៀបត្រឹមត្រូវ ហើយដោយអ្នកចូលរួមដែលមានភាពស័ក្តិសម ( សូមមើល ១៨.៣ ) ។
សម្រាប់គោលនយោបាយស្តីពីពិធីបរិសុទ្ធ និងការប្រសិទ្ធពរ សូមមើល ៣៨.២ ។
១៨.១
ពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
បព្វជិតភាពរួមមានសិទ្ធិអំណាចដើម្បីធ្វើពិធីបរិសុទ្ធនៃដំណឹងល្អដែលចាំបាច់សម្រាប់សេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ មនុស្សចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋទាំងនេះជាមួយព្រះ នៅពេលពួកគេទទួលពិធីបរិសុទ្ធទាំងនេះ ។ ពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងមានរៀបរាប់ដូចខាងក្រោម ៖
-
ពិធីបុណ្យជ្រមុជទឹក
-
ពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
-
ការប្រគល់បព្វជិតភាពម៉ិលគីស្សាដែក និងការតែងតាំងតំណែងមួយ ( សម្រាប់បុរស )
-
ពិធីអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ
-
ពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
សម្រាប់ព័ត៌មានអំពីការធ្វើពិធីបរិសុទ្ធទាំងនេះ ដល់បុគ្គលទាំងឡាយដែលមានពិការភាពខាងសតិបញ្ញា សូមមើលដូចតទៅនេះ ៖
-
សម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ( ៣៨.២.៨.១ )
-
សម្រាប់ការតែងតាំងតំណែងមួយនៅក្នុងបព្វជិតភាពម៉ិលគីស្សាដែក ( ៣៨.២.៩.៧ )
-
សម្រាប់ពិធីអំណោយទានពិសិដ្ឋ និងពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ( ២៧.២.១.៣ និង ២៧.៣.១.២ )
ប្រសិនបើកុមារម្នាក់ដែលកើតក្នុងសេចក្ដីសញ្ញាស្លាប់មុនអាយុ ៨ ឆ្នាំ នោះគ្មានពិធីបរិសុទ្ធណាមួយចាំបាច់ ឬត្រូវធ្វើឡើងឡើយ ។ ប្រសិនបើកុមារនោះពុំបានកើតនៅក្នុងសេចក្ដីសញ្ញាទេ នោះពិធីបរិសុទ្ធតែមួយគត់ដែលគាត់ ឬនាងត្រូវការគឺការផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយ ។ ដោយសារតែដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ នោះកុមារគ្រប់រូបដែលស្លាប់មុនអាយុ៨ឆ្នាំត្រូវបាន « សង្គ្រោះនៅក្នុងនគរសេឡេស្ទាលនៅស្ថានសួគ៌ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧:១០; សូមមើលផងដែរ មរ៉ូណៃ ៨:៨–១២ ) ។
១៨.២
ពិធីបរិសុទ្ធ និងការប្រសិទ្ធពរដទៃទៀត
ពិធីបរិសុទ្ធ និងការប្រសិទ្ធពរដទៃទៀតធ្វើឲ្យបុត្រាបុត្រីរបស់ព្រះអាចទទួលបានអំណាច ការព្យាបាល ការលួងលោមចិត្ត និងការដឹកនាំរបស់ទ្រង់ ។ ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងនេះមានរៀបរាប់ដូចខាងក្រោម ៖
-
ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារ
-
ពិធីសាក្រាម៉ង់
-
ការប្រគល់បព្វជិតភាពអើរ៉ុន និងការតែងតាំងតំណែងមួយ ( សម្រាប់យុវជន និងបុរស )
-
ការធ្វើពិធីញែកចេញដល់សមាជិកឲ្យបម្រើនៅក្នុងការហៅបម្រើនានា
-
ការឧទ្ទិសប្រេង
-
ការព្យាបាលអ្នកឈឺ
-
ការប្រសិទ្ធពរសម្រាប់ការលួងលោមចិត្ត និងការប្រឹក្សា រួមទាំងការប្រសិទ្ធពររបស់ឪពុកផងដែរ
-
ការឧទ្ទិសឆ្លងគេហដ្ឋាន
-
ការឧទ្ទិសឆ្លងផ្នូរ
-
ពររបស់លោកអយ្យកោដោយលោកអយ្យកោដែលបានតែងតាំង
១៨.៣
ការចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ
បុគ្គលដែលធ្វើ ឬចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ត្រូវតែមានសិទ្ធិអំណាចបព្វជិតភាពដែលចាំបាច់ និងមានភាពស័ក្តិសម ។ ជាទូទៅ បទដ្ឋាននៃភាពស័ក្តិសមគឺទាក់ទងនឹងការមានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលមានការណែនាំដោយព្រះវិញ្ញាណ ព្រមទាំងមានសេចក្តីណែនាំនៅក្នុងជំពូកនេះ នោះប៊ីស្សព និងប្រធានស្តេកអាចអនុញ្ញាតឲ្យឪពុក និងស្វាមីដែលមានតំណែងបព្វជិតភាពដែលចាំបាច់ ឲ្យធ្វើ ឬចូលរួមនៅក្នុងពិធីបរិសុទ្ធ និងការប្រសិទ្ធពរមួយចំនួនបាន ទោះបីជាពួកគេពុំមានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ។ អ្នកកាន់បព្វជិតភាពដែលមិនទាន់បានដោះស្រាយអំពើបាបធ្ងន់ធ្ងរ ពុំគួរចូលរួមនោះទេ ។
ជាទូទៅ មានតែថ្នាក់ដឹកនាំបព្វជិតភាព និងអ្នកកាន់បព្វជិតភាពដទៃទៀតដែលជិតស្និទ្ធនឹងសមាជិកគ្រួសារ និងមិត្តភក្តិប៉ុណ្ណោះដែលចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬធ្វើការប្រសិទ្ធពរ ។
បុគ្គលដែលទទួលពិធីបរិសុទ្ធនេះ សមាជិកគ្រួសារ និងថ្នាក់ដឹកនាំបព្វជិតភាព ពិភាក្សាជាមួយគ្នាដើម្បីកំណត់ពីចំនួន និងអ្នកដែលនឹងចូលរួម ។ ការសម្រេចចិត្តនេះគួរតែមានរួចរាល់មុនពេលធ្វើពិធីបរិសុទ្ធ ។
នៅពេលដែលមានអ្នកកាន់បព្វជិតភាពតែម្នាក់ ឬពីរនាក់ចូលរួម នោះពួកគាត់ម្នាក់ៗដាក់ដៃទាំងពីរលើក្បាលរបស់បុគ្គលនោះថ្នមៗ ។ នៅពេលមានអ្នកចូលរួមច្រើន នោះពួកគាត់ឈរជារង្វង់នៅជុំវិញបុគ្គលដែលកំពុងទទួលពិធីបរិសុទ្ធ ឬការប្រសិទ្ធពរនោះ ។ ពួកគាត់ម្នាក់ៗដាក់ដៃស្តាំលើក្បាលរបស់បុគ្គលនេះថ្នមៗ ( ឬទ្រពីខាងក្រោមទារក ) ហើយដៃឆ្វេងរបស់គាត់ដាក់លើស្មារបស់បងប្អូនប្រុសនៅខាងឆ្វេងដៃគាត់ ។ បុគ្គលម្នាក់ធ្វើជាអ្នកពោលពាក្យដើម្បីធ្វើពិធីបរិសុទ្ធ ឬផ្តល់ឲ្យនូវការប្រសិទ្ធពរនោះ ។
ការធ្វើ ឬការទទួលពិធីបរិសុទ្ធ និងការប្រសិទ្ធពរមួយចំនួនតម្រូវឲ្យមានការអនុម័តមកពីថ្នាក់ដឹកនាំដែលជាអធិបតី ជាបុគ្គលដែលកាន់កូនសោបព្វជិតភាពចាំបាច់ ( សូមមើល ៣.៤.១ ) ។ ប្រសិនបើចាំបាច់ ការអនុម័តត្រូវបានផ្ដល់ឲ្យដោយទីប្រឹក្សាមួយរូបដែលគាត់ផ្ដល់សិទ្ធិអំណាចឲ្យ ។ សូមមើលតារាងដូចខាងក្រោម ។ សេចក្ដីយោងទៅកាន់ប្រធានស្ដេក ក៏អនុវត្តចំពោះប្រធានបេសកកម្មផងដែរ ។ សេចក្ដីយោងទៅកាន់ប៊ីស្សពក៏អនុវត្តចំពោះប្រធានសាខាផងដែរ ។
តើថ្នាក់ដឹកនាំរូបណាដែលកាន់កូនសោដើម្បីផ្តល់ការអនុម័តឲ្យធ្វើ ឬទទួលពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ?
|
ពិធីបរិសុទ្ធ |
អ្នកកាន់កូនសោទាំងឡាយ |
|---|---|
ពិធីបរិសុទ្ធ ពិធីបុណ្យជ្រមុជទឹក | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព ( សម្រាប់កុមារអាយុ ៨ ឆ្នាំ និងសម្រាប់សមាជិកដែលមានក្នុងកំណត់ត្រាដែលមានអាយុ ៩ ឆ្នាំឡើងទៅ ដែលពិធីបុណ្យជ្រមុជទឹករបស់ពួកគេត្រូវបានពន្យារពេល ដោយសារតែពិការភាពខាងបញ្ញា ) ប្រធានបេសកកម្ម ( សម្រាប់អ្នកផ្លាស់ប្រែចិត្តជឿ ) |
ពិធីបរិសុទ្ធ ពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព ( សម្រាប់កុមារអាយុ ៨ ឆ្នាំ និងសម្រាប់សមាជិកដែលមានក្នុងកំណត់ត្រាដែលមានអាយុ ៩ ឆ្នាំឡើងទៅ ដែលពិធីបុណ្យជ្រមុជទឹករបស់ពួកគេត្រូវបានពន្យារពេល ដោយសារតែពិការភាពខាងបញ្ញា ) ប្រធានបេសកកម្ម ( សម្រាប់អ្នកផ្លាស់ប្រែចិត្តជឿ ) |
ពិធីបរិសុទ្ធ ការប្រគល់បព្វជិតភាពម៉ិលគីស្សាដែក និងការតែងតាំងតំណែងមួយ ( សម្រាប់បុរស ) | អ្នកកាន់កូនសោទាំងឡាយ ប្រធានស្តេក |
ពិធីបរិសុទ្ធ ពិធីអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព និងប្រធានស្តេក |
ពិធីបរិសុទ្ធ ការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព និងប្រធានស្តេក |
តើថ្នាក់ដឹកនាំរូបណាដែលកាន់កូនសោដើម្បីផ្តល់ការអនុម័តឲ្យធ្វើ ឬទទួលពិធីបរិសុទ្ធ និងការប្រសិទ្ធពរដទៃទៀត ?
|
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ |
អ្នកដែលកាន់កូនសោទាំងឡាយ |
|---|---|
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារ | អ្នកដែលកាន់កូនសោទាំងឡាយ ប៊ីស្សព |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ពិធីសាក្រាម៉ង់ | អ្នកដែលកាន់កូនសោទាំងឡាយ ប៊ីស្សព |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការប្រគល់បព្វជិតភាពអើរ៉ុន និងការតែងតាំងតំណែងមួយ ( សម្រាប់យុវជន និងបុរស ) | អ្នកដែលកាន់កូនសោទាំងឡាយ ប៊ីស្សព |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការធ្វើពិធីញែកចេញដល់សមាជិកឲ្យបម្រើនៅក្នុងការហៅបម្រើនានា | អ្នកដែលកាន់កូនសោទាំងឡាយ សូមមើល ៣០.៨ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការឧទ្ទិសប្រេង | អ្នកដែលកាន់កូនសោទាំងឡាយ ពុំត្រូវការការអនុម័តទេ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការព្យាបាលអ្នកឈឺ | អ្នកដែលកាន់កូនសោទាំងឡាយ ពុំត្រូវការការអនុម័តទេ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការប្រសិទ្ធពរនៃការលួងលោមចិត្ត និងការប្រឹក្សា រួមទាំងការប្រសិទ្ធពររបស់ឪពុកផងដែរ | អ្នកដែលកាន់កូនសោទាំងឡាយ ពុំត្រូវការការអនុម័តទេ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការឧទ្ទិសឆ្លងគេហដ្ឋាន | អ្នកដែលកាន់កូនសោទាំងឡាយ ពុំត្រូវការការអនុម័តទេ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការឧទ្ទិសឆ្លងផ្នូរ | អ្នកដែលកាន់កូនសោទាំងឡាយ ថ្នាក់ដឹកនាំបព្វជិតភាពដែលធ្វើអធិបតីលើកម្មវិធីបុណ្យនោះ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ពររបស់លោកអយ្យកោ | អ្នកដែលកាន់កូនសោទាំងឡាយ ប៊ីស្សព |
១៨.៤
ពិធីបរិសុទ្ធសម្រាប់កុមារតូចៗ
គោលការណ៍ណែនាំដើម្បីទទួលបានការអនុម័តមកពីឪពុកម្តាយ ឬអាណាព្យាបាលសម្រាប់កុមារតូច ទទួលនូវពិធីបរិសុទ្ធ និងការប្រសិទ្ធពរដូចខាងក្រោមនេះ គឺមាននៅក្នុងវគ្គដែលរៀបរាប់ដូចខាងក្រោម ៖
ចំពោះសំណួរអំពីសិទ្ធិស្របច្បាប់របស់ឪពុកម្តាយ ឬអាណាព្យាបាល នោះប៊ីស្សព ឬប្រធានស្តេកស្វែងរកការប្រឹក្សាផ្លូវច្បាប់មកពីការិយាល័យប្រឹក្សាទូទៅរបស់សាសនាចក្រ ឬមកពីការិយាល័យប្រចាំតំបន់ ( សូមមើល ៣៨.៨.២៣ ) ។
១៨.៥
ពិធីបរិសុទ្ធដែលបានធ្វើឲ្យ និងធ្វើដោយបុគ្គលដែលមានពិការភាព
១៨.៦
ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារ
« សមាជិកទាំងឡាយនៃសាសនាចក្រនៃព្រះគ្រីស្ទដែលមានកូនចៅ នោះត្រូវនាំពួកគេមករកពួកអែលឌើរ នៅចំពោះសាសនាចក្រ ជាអ្នកដែលត្រូវដាក់ដៃលើពួកគេដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយឲ្យពរដល់ពួកគេដោយនូវព្រះនាមរបស់ទ្រង់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧០ ) ។
ជាធម្មតា ទារកត្រូវបានដាក់ឈ្មោះ និងប្រសិទ្ធពរ នៅអំឡុងពេលការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់នៅក្នុងវួដ ដែលឪពុកម្តាយរបស់ពួកគេរស់នៅនោះ ។ នេះគឺជាការពិត មិនថាឪពុកម្ដាយរបស់កុមារនេះបានរៀបការឬអត់នោះទេ ។ ប្រសិនបើឪពុកម្តាយមិននៅក្នុងវួដជាមួយគ្នាទេ ជាទូទៅ ពិធីបរិសុទ្ធធ្វើនៅក្នុងវួដដែលកុមារនឹងរស់នៅជាចម្បង ។
ករណីលើកលែងចំពោះពេលវេលា និងទីកន្លែងដើម្បីប្រសិទ្ធពរឲ្យកុមារ ត្រូវតែមានការអនុម័តពីប៊ីស្សព ។ ការលើកលែងដែលអាចធ្វើទៅបាន រួមមានទាំងការប្រសិទ្ធពរខុសពីថ្ងៃអាទិត្យតមអាហារ ជាពិសេសនៅក្នុងវួដដែលមានទារកថ្មីៗច្រើន និងការប្រសិទ្ធពរនៅក្នុងវួដផ្សេង ជាវួដដែលជីដូន និងជីតា ឬសមាជិកគ្រួសាររបស់ទារកនោះរស់នៅ ។ ប៊ីស្សពក៏អាចអនុញ្ញាតឲ្យអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកប្រសិទ្ធពរទារកនោះនៅគេហដ្ឋានបានផងដែរ ។ សមាជិកមួយរូបនៃគណៈប៊ីស្សពធ្វើជាអធិបតី ។
សម្រាប់ព័ត៌មានអំពីការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារនៅក្នុងកាលៈទេសៈពិសេស សូមមើល ៣៨.២.៧ ។
១៨.៦.១
អ្នកដែលផ្តល់ការប្រសិទ្ធពរ
ពិធីបរិសុទ្ធនៃការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារធ្វើឡើងដោយអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកដែលអនុលោមតាម គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧០ ។ ថ្នាក់ដឹកនាំបព្វជិតភាពជូនដំណឹងដល់សមាជិកអំពីពិធីនេះ មុនពេលកូនៗរបស់ពួកគេត្រូវបានដាក់ឈ្មោះ និងប្រសិទ្ធពរ ។ ថ្នាក់ដឹកនាំគួរខិតខំធ្វើយ៉ាងណាដើម្បីចៀសវាងពីការធ្វើឲ្យបុគ្គល ឬក្រុមគ្រួសារអាក់អន់ចិត្ត ឬមានភាពអាម៉ាស ។
បុគ្គលម្នាក់ ឬគ្រួសារមួយដែលមានបំណងឲ្យទារកទទួលការដាក់ឈ្មោះ និងការប្រសិទ្ធពរគួរធ្វើការសម្របសម្រួលពិធីបរិសុទ្ធនោះជាមួយនឹងប៊ីស្សព ។ គាត់កាន់កូនសោបព្វជិតភាពសម្រាប់ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារនៅក្នុងវួដ ។
ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលកាន់បព្វជិតភាពម៉ិលគីស្សាដែក ដើម្បីដាក់ឈ្មោះ និងប្រសិទ្ធពរដល់កូនរបស់គាត់ ទោះជាឪពុកគ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើល ១៨.៣ ) ។ ប៊ីស្សពលើកទឹកចិត្តឪពុកទាំងឡាយឲ្យរៀបចំខ្លួនដើម្បីប្រសិទ្ធពរដល់កូនៗរបស់ពួកគេផ្ទាល់ ។
ដើម្បីធ្វើជាអ្នកប្រសិទ្ធពរឲ្យកុមារម្នាក់ បុគ្គលម្នាក់ដែលរស់នៅក្រៅវួដរបស់ខ្លួន ត្រូវតែបង្ហាញប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពទៅកាន់ថ្នាក់ដឹកនាំដែលជាអធិបតី ។ ឬគាត់អាចបង្ហាញលិខិតចេញ អនុសាសន៍ឲ្យធ្វើពិធីបរិសុទ្ធមួយ ដែលមានចុះហត្ថលេខាដោយសមាជិកមួយរូបនៃគណៈប៊ីស្សពរបស់គាត់ ។
១៨.៦.២
សេចក្តីណែនាំ
នៅក្រោមការដឹកនាំរបស់គណៈប៊ីស្សព អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកទាំងឡាយឈរជុំគ្នាជារង្វង់ដើម្បីដាក់ឈ្មោះ និងប្រសិទ្ធពរដល់កុមារម្នាក់ ។ ពួកគាត់ដាក់ដៃទ្រពីក្រោមទារកម្នាក់ ឬពួកគាត់ដាក់ដៃថ្នមៗពីលើក្បាលរបស់កុមារធំម្នាក់ ។ បន្ទាប់មក បុគ្គលដែលត្រូវពោលពាក្យ ៖
-
ពោលទៅកាន់ព្រះវរបិតាសួគ៌ដូចជានៅក្នុងការអធិស្ឋាន ។
-
ថ្លែងថា ការប្រសិទ្ធពរនោះត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ដាក់ឈ្មោះដល់កុមារនោះ ។
-
ហៅឈ្មោះកុមារនោះ ។
-
ផ្ដល់ការប្រសិទ្ធពរមួយដល់កុមារនោះដូចដែលបានណែនាំពីព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.៦.៣
ទម្រង់បែបបទកំណត់ត្រាកូន និងវិញ្ញាបនបត្រការប្រសិទ្ធពរ
ពីមុនកុមារម្នាក់ទទួលបានការប្រសិទ្ធពរ ស្មៀនប្រើ ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ( ធ.ថ.ស ) ដើម្បីរៀបចំ ទម្រង់បែបបទកំណត់ត្រាកុមារ ។ បន្ទាប់ពីការប្រសិទ្ធពរ គាត់បង្កើតកំណត់ត្រាសមាជិកភាពនៅក្នុងប្រព័ន្ធនោះ ហើយរៀបចំ វិញ្ញាបនបត្រការប្រសិទ្ធពរ មួយ ។ វិញ្ញាបនបត្រនេះត្រូវចុះហត្ថលេខាដោយប៊ីស្សព ហើយផ្តល់ជូនទៅឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារនោះ ។
ឈ្មោះនៅលើកំណត់ត្រាសមាជិកភាព និងវិញ្ញាបនបត្រនេះគួរតែត្រូវគ្នានឹងសំបុត្រកំណើត ការចុះបញ្ជីកំណើតស៊ីវិល ឬឈ្មោះស្របច្បាប់បច្ចុប្បន្ន ។
១៨.៧
ពិធីបុណ្យជ្រមុជទឹក
ពិធីបុណ្យជ្រមុជទឹកដោយការពន្លិចទៅក្នុងទឹកដោយបុគ្គលម្នាក់ដែលមានសិទ្ធិអំណាចគឺចាំបាច់ណាស់ ដើម្បីឲ្យមនុស្សម្នាក់ក្លាយជាសមាជិកសាសនាចក្រ ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកទាំងឡាយណាដែលចង់បានភាពតម្កើងឡើង ត្រូវតែធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដោយទទួលយកពិធីបរិសុទ្ធទាំងនេះ ។ ( សូមមើល ម៉ាថាយ ៣:១៣–១៧; យ៉ូហាន ៣:៣–៧; កិច្ចការ ២:៣៧–៣៨; នីហ្វៃទី២ ៣១:៥–២១ ) ។
សម្រាប់ព័ត៌មានអំពីពិធីបុណ្យជ្រមុជទឹកនៅក្នុងកាលៈទេសៈពិសេស សូមមើល ៣៨.២.៨ ។
១៨.៧.១
ការអនុម័តឲ្យបុគ្គលម្នាក់ទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
១៨.៧.១.១
កុមារជាសមាជិកដែលមានក្នុងកំណត់ត្រា
ប៊ីស្សពកាន់កូនសោបព្វជិតភាពសម្រាប់ធ្វើពិធីបុណ្យជ្រមុជទឹកឲ្យសមាជិកអាយុ៨ឆ្នាំ ដែលមានក្នុងកំណត់ត្រាក្នុងវួដ ។ កុមារទាំងនេះគួរតែទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ភ្លាម បន្ទាប់ពីថ្ងៃខួបកំណើត៨ឆ្នាំរបស់ពួកគេ ប្រសិនបើអាចធ្វើបាន ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៧ ) ។ កុមារទាំងនេះគឺជាកុមារដែលមានកំណត់ត្រាសមាជិកភាពក្នុងសាសនាចក្ររួចហើយ ( សូមមើល ៣៣.៦.២ ) ។ នៅពេលពួកគេឈានចូលអាយុ ៨ ឆ្នាំ នោះប៊ីស្សពត្រូវប្រាកដថា ពួកគេមានឱកាសយ៉ាងច្រើនដើម្បីទទួលដំណឹងល្អ និងទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
សម្រាប់ព័ត៌មានអំពីការជ្រមុជទឹក និងការបញ្ជាក់ដល់បុគ្គលដែលមានពិការភាពខាងបញ្ញា សូមមើល ៣៨.២.៤ និង ៣៨.២.៨.១ ។
ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ សម្ភាសកុមារដែលមានកំណត់ត្រាដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ សេចក្ដីណែនាំនានាមាននៅក្នុង ៣១.២.៣.១ ។
សម្រាប់ព័ត៌មានអំពីការបំពេញកំណត់ត្រាពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សូមមើល ១៨.៨.៣ ។
ប៊ីស្សពផ្តល់ការយកចិត្តទុកដាក់ជាពិសេសចំពោះកុមារដែលមានអាយុ ៧ ឆ្នាំនៅក្នុងវួដ ដោយត្រូវប្រាកដថា ឪពុកម្តាយរបស់ពួកគេ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនអង្គការបឋមសិក្សារបស់ពួកគេ ព្រមទាំងអ្នកដែលផ្ដល់ការងារបម្រើដល់ក្រុមគ្រួសាររបស់ពួកគេ ជួយពួកគេឲ្យរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ថ្នាក់ដឹកនាំកូរ៉ុមអែលឌើរ និងថ្នាក់ដឹកនាំសមាគមសង្រ្គោះក៏លើកទឹកចិត្តឪពុកម្តាយឲ្យរៀបចំកូនៗរបស់ពួកគេសម្រាប់ពិធីបរិសុទ្ធទាំងនេះផងដែរ ។
១៨.៧.១.២
អ្នកផ្លាស់ប្រែចិត្តជឿ
ប្រធានបេសកកម្មកាន់កូនសោបព្វជិតភាព សម្រាប់ការធ្វើពិធីបុណ្យជ្រមុជទឹកដល់ពួកអ្នកផ្លាស់ប្រែចិត្តជឿនៅក្នុងបេសកកម្ម ។ ដោយសារមូលហេតុនេះហើយ ទើបអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងសម្ភាសពួកអ្នកផ្លាស់ប្រែចិត្តជឿសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ សេចក្ដីណែនាំនានាមាននៅក្នុង ៣១.២.៣.២ ។
សម្រាប់ព័ត៌មានអំពីការបំពេញកំណត់ត្រាពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សូមមើល ១៨.៨.៣ ។
១៨.៧.១.៣
កូនដែលឪពុកម្តាយមិនបានរៀបការ ( រួមទាំងការលែងលះគ្នា )
សម្រាប់គោលការណ៍ណែនាំអំពីការធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ឲ្យកុមារតូចៗ សូមមើល ៣៨.២.៨.២ ។
១៨.៧.២
កម្មវិធីពិធីបុណ្យជ្រមុជទឹក
កម្មវិធីពិធីបុណ្យជ្រមុជទឹកមួយគួរតែធ្វើឡើងដោយសាមញ្ញ ខ្លី ហើយមានការលើកកម្ពស់ខាងវិញ្ញាណ ។ វាអាចរួមមានដូចខាងក្រោមនេះ ៖
-
តន្រ្តីកំដរបើកកម្មវិធី
-
ការស្វាគមន៍ដោយសង្ខេបមកពីបងប្អូនប្រុសដែលដឹកនាំកម្មវិធីនោះ
-
ទំនុកតម្កើងបើក និងការអធិស្ឋានបើក
-
សារលិខិតខ្លីមួយ ឬពីរអំពីប្រធានបទដំណឹងល្អ ដូចជា ពិធីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
-
ចម្រៀងពិសេស
-
ពិធីបុណ្យជ្រមុជទឹក
-
ពេលវេលាមួយដើម្បីមានគារវភាព ខណៈដែលបុគ្គលដែលបានចូលរួមក្នុងពិធីបុណ្យជ្រមុជទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ ( អាចលេង ឬច្រៀងទំនុកតម្កើង ឬចម្រៀងកុមារ អំឡុងពេលនេះ )
-
ពិធីបញ្ជាក់របស់សមាជិកដែលមានកំណត់ត្រាអាយុ៨ឆ្នាំ និងពិធីបញ្ជាក់របស់ពួកអ្នកប្រែចិត្តជឿ ( សូមមើល ១៨.៨ ) ។
-
ការថ្លែងទីបន្ទាល់របស់ពួកអ្នកផ្លាស់ប្រែចិត្តជឿថ្មី ប្រសិនបើមានបំណងចង់ថ្លែង
-
ទំនុកតម្កើងបិទ និងការអធិស្ឋានបិទ
-
តន្រ្តីកំដរបិទកម្មវិធី
នៅពេលកុមារដែលមាននៅក្នុងកំណត់ត្រាកំពុងត្រៀមខ្លួនធ្វើពិធីបុណ្យជ្រមុជទឹក នោះសមាជិកនៃគណៈប៊ីស្សព និងគណៈប្រធានអង្គការបឋមសិក្សា ធ្វើការប្រឹក្សាជាមួយគ្រួសារដើម្បីរៀបចំផែនការ ហើយដាក់កាលវិភាគធ្វើកម្មវិធីបុណ្យជ្រមុជទឹក ។ សមាជិកមួយរូបនៃគណៈប៊ីស្សពដឹកនាំកម្មវិធី ។ បើមានកុមារច្រើនជាងម្នាក់នឹងទទួលបុណ្យជ្រមុជទឹកក្នុងខែតែមួយ នោះពួកគេអាចធ្វើកម្មវិធីបុណ្យជ្រមុជទឹករួមគ្នា ។
នៅក្នុងស្តេកដែលមានកុមារនៅក្នុងកំណត់ត្រាច្រើន នោះកុមារដែលមកពីវួដចម្រុះ អាចធ្វើកម្មវិធីបុណ្យជ្រមុជទឹករួមគ្នា ។ ក្នុងករណីបែបនេះ សមាជិកមួយរូបនៃគណៈប្រធានស្តេក ឬ គណៈប្រធានអង្គការបឋមសិក្សាស្តេក ឬទីប្រឹក្សាជាន់ខ្ពស់មួយរូបធ្វើការប្រឹក្សាជាមួយក្រុមគ្រួសារកុមារដែលនឹងទទួលបុណ្យជ្រមុជទឹកនោះ ដើម្បីរៀបចំផែនការ និងដាក់កាលវិភាគសម្រាប់កម្មវិធីបុណ្យជ្រមុជទឹក ។ សមាជិកមួយរូបនៃគណៈប្រធានស្ដេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមួយរូបជាអ្នកដឹកនាំកម្មវិធី ។ វួដ ឬក្រុមគ្រួសារអាចជួបដាច់ដោយឡែកពីគ្នា ជាផ្នែកមួយនៃកម្មវិធីនេះ ដើម្បីឲ្យកុមារម្នាក់ៗត្រូវបានទទួលស្គាល់ដោយផ្ទាល់ ។ ជាឧទាហរណ៍ ផ្នែកនោះវាអាចនឹងសម្រាប់ពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ឬការឡើងនិយាយមកពីសមាជិកវួដ ឬសមាជិកគ្រួសារ ។ សមាជិកម្នាក់នៃគណៈប៊ីស្សពដឹកនាំផ្នែកនោះក្នុងកម្មវិធី ។
កម្មវិធីពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកផ្លាស់ប្រែចិត្តជឿគួរតែត្រូវបានដាក់កាលវិភាគឲ្យបានឆាប់ នៅពេលពួកគេបំពេញតាមលក្ខខណ្ឌនៅក្នុង ៣១.២.៣.២ ។ ពិធីបុណ្យជ្រមុជទឹករបស់សមាជិកម្នាក់ក្នុងគ្រួសារមិនគួរត្រូវពន្យារពេលចាំរហូតដល់ឪពុកអាចទទួលបព្វជិតភាព ហើយឲ្យគាត់ធ្វើពិធីបុណ្យជ្រមុជទឹកដោយផ្ទាល់នោះឡើយ ។
នៅក្រោមការណែនាំរបស់គណៈប៊ីស្សព នោះអ្នកដឹកនាំបេសកកម្មវួដ ( ប្រសិនបើមានការហៅបម្រើនេះ ) ឬសមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរ ដែលជាអ្នកដឹកនាំកិច្ចការអ្នផ្សព្វផ្សាយសាសនានៅក្នុងវួដ ដាក់ផែនការ និងដឹកនាំកម្មវិធីពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកផ្លាស់ប្រែចិត្តជឿ ។ គាត់ក៏រៀបចំផែនការធ្វើពិធីបញ្ជាក់របស់អ្នកផ្លាស់ប្រែចិត្តជឿផងដែរ លុះត្រាតែពួកគេនឹងត្រូវផ្ដល់ពិធីបញ្ជាក់នៅក្នុង ការប្រជុំសាក្រាម៉ង់ ។ ពួកគាត់សម្របសម្រួលកិច្ចការនេះជាមួយអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
១៨.៧.៣
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
ពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកត្រូវបានធ្វើឡើងដោយសង្ឃម្នាក់ ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ។ បុគ្គលដែលធ្វើពិធីបុណ្យជ្រមុជទឹកត្រូវតែទទួលបានការអនុម័តពីប៊ីស្សព ( ឬពីប្រធានបេសកកម្ម ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងធ្វើពិធីបុណ្យជ្រមុជទឹក ) ។
ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលជាសង្ឃ ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក ធ្វើបុណ្យជ្រមុជទឹកឲ្យកូនរបស់គាត់បាន ទោះជាឪពុកគ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើល ១៨.៣ ) ។ ប៊ីស្សពលើកទឹកចិត្តឲ្យឪពុកទាំងឡាយរៀបចំខ្លួន ដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកឲ្យកូនៗរបស់ពួកគេផ្ទាល់ ។
ដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកបាន បុគ្គលដែលរស់នៅក្រៅវួដរបស់ខ្លួនត្រូវតែបង្ហាញប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពទៅកាន់ថ្នាក់ដឹកនាំដែលជាអធិបតី ។ ឬគាត់អាចបង្ហាញលិខិតចេញ អនុសាសន៍ឲ្យធ្វើពិធីបរិសុទ្ធមួយ ដែលមានចុះហត្ថលេខាដោយសមាជិកមួយរូបនៃគណៈប៊ីស្សពរបស់គាត់ ។
១៨.៧.៤
កន្លែងធ្វើពិធីបរិសុទ្ធ
ពិធីបុណ្យជ្រមុជទឹកគួរតែធ្វើឡើងនៅក្នុងអាងជ្រមុជទឹក ប្រសិនបើមាន ។ ប្រសិនបើគ្មានអាងជ្រមុជទឹកទេ នោះអាចធ្វើនៅក្នុងទឹកនៅកន្លែងណាមួយដែលមានសុវត្ថិភាព ។ វាគួរតែធំល្មមដើម្បីឲ្យទាំងបុគ្គលធ្វើពិធីបរិសុទ្ធ និងបុគ្គលដែលទទួលបុណ្យជ្រមុជទឹកអាចឈរបាន ។ ទឹកមិនត្រូវបានឧទិ្ទសដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកនោះទេ ។
ប្រសិនបើប្រើអាងជ្រមុជទឹក នោះសមាជិកម្នាក់ដែលបានចាត់តាំងក្នុងវួដដែលជាតំណាងប៊ីស្សពត្រូវរៀបចំកាលវិភាគ ។
ដើម្បីធានាសុវត្ថិភាព មជ្ឈិមវ័យដែលមានទំនួលខុសត្រូវម្នាក់ត្រូវតែមានវត្តមាន នៅពេលដែលកំពុងដាក់បញ្ចូលទឹកទៅក្នុងអាងជ្រមុជទឹក ហើយគាត់ត្រូវរង់ចាំរហូតដល់បង្ហូរទឹកអស់ សម្អាត និងមានសុវត្ថិភាព ។ អាងជ្រមុជទឹកគួរតែបង្ហូរទឹកចេញភ្លាមៗ ក្រោយពីធ្វើពិធីបុណ្យជ្រមុជទឹករួចម្តងៗ ។ ទ្វារទៅកាន់អាងជ្រមុជទឹកគួរតែចាក់សោ ប្រសិនបើមិនប្រើអាងនេះទេ ។
១៨.៧.៥
សម្លៀកបំពាក់
បុគ្គលដែលធ្វើពិធីបុណ្យជ្រមុជទឹក និងបុគ្គលដែលកំពុងទទួលបុណ្យជ្រមុជទឹកពាក់សម្លៀកបំពាក់ពណ៌ស ដែលមិនអាចមើលឃើញឆ្លុះសាច់នៅពេលវាត្រូវទឹក ។ បុគ្គលដែលបានទទួលអំណោយទានពិសិដ្ឋពាក់សម្លៀកបំពាក់ពិសិដ្ឋព្រះវិហារបរិសុទ្ធនៅក្រោមសម្លៀកបំពាក់នេះ ខណៈដែលធ្វើពិធីបុណ្យជ្រមុជទឹក ។ អង្គភាពក្នុងមូលដ្ឋានទិញសម្លៀកបំពាក់ជ្រមុជទឹកដោយប្រើប្រាស់មូលនិធិរបស់អង្គភាព ហើយមិនត្រូវគិតថ្លៃពេលប្រើប្រាស់វានោះឡើយ ។
១៨.៧.៦
សាក្សី
សាក្សីពីររូបដែលបានអនុម័តដោយថ្នាក់ដឹកនាំជាអធិបតី សង្កេតមើលរាល់ពិធីបុណ្យជ្រមុជទឹកដើម្បីប្រាកដថា ពិធីនេះត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ។ សមាជិកសាសនាចក្រដែលបានទទួលបុណ្យជ្រមុជទឹកហើយ រួមទាំងកុមារ និងយុវវ័យផង អាចធ្វើជាសាក្សីបាន ។
ពិធីបុណ្យជ្រមុជទឹកត្រូវតែធ្វើឡើងម្តងទៀត ប្រសិនបើពុំបានថ្លែងពាក្យពេចន៍បានត្រឹមត្រូវដូចមានចែងនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៣ ទេនោះ ។ ពិធីនេះត្រូវតែធ្វើឡើងវិញ ប្រសិនបើផ្នែកខ្លះរបស់បុគ្គលរូបនេះដូចជា ខ្លួនប្រាណ សក់ ឬសម្លៀកបំពាក់មិនបានជ្រមុជចូលទៅក្នុងទឹកទាំងស្រុងនោះ ។
១៨.៧.៧
សេចក្តីណែនាំ
ដើម្បីធ្វើពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក នោះអ្នកកាន់បព្វជិតភាពថា្នក់សង្ឃ ឬម៉ិលគីស្សាដែកម្នាក់ ៖
-
ឈរនៅក្នុងទឹកជាមួយបុគ្គលដែលកំពុងទទួលបុណ្យជ្រមុជទឹកនោះ ។
-
យកដៃឆ្វេងរបស់គាត់កាន់ក-ដៃខាងស្តាំរបស់បុគ្គលរូបនេះ ( សម្រាប់ភាពងាយស្រួល និងសុវត្ថិភាព ) ។ បុគ្គលដែលកំពុងទទួលបុណ្យជ្រមុជទឹកយកដៃឆ្វេងរបស់ខ្លួនកាន់ក-ដៃឆ្វេងរបស់អ្នកកាន់បព្វជិតភាព ។
-
លើកដៃស្តាំរបស់គាត់ឡើងជាកែង ។
-
ហៅឈ្មោះពេញរបស់បុគ្គលនោះ រួចពោលថា « ដោយបានទទួលការអនុញ្ញាតពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក នៅក្នុងព្រះនាមនៃព្រះវរបិតា និងនៃព្រះរាជបុត្រា និងនៃព្រះវិញ្ញាណបរិសុទ្ធ ។ អាម៉ែន » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៣ ) ។
-
សូមឲ្យបុគ្គលរូបនេះប្រើដៃស្តាំបិទច្រមុះរបស់ខ្លួន ( សម្រាប់ភាពងាយស្រួល ) បន្ទាប់មកគាត់ដាក់ដៃស្តាំទ្រពីក្រោយខ្នងរបស់បុគ្គលរូបនេះ ហើយជ្រមុជបុគ្គលរូបនេះចូលទៅក្នុងទឹកទាំងស្រុង រួមទាំងសម្លៀកបំពាក់ផងដែរ ។ ការជ្រមុជចូលទៅក្នុងទឹកគឺមានភាពកាន់តែងាយស្រួល ប្រសិនបើបុគ្គលរូបនេះបន្ទន់ជង្គង់របស់ខ្លួន ។
-
សូមជួយបុគ្គលរូបនេះឲ្យងើបចេញពីទឹក ។
១៨.៧.៨
កំណត់ត្រាពិធីបុណ្យជ្រមុជទឹក
សម្រាប់ព័ត៌មានអំពីការធ្វើកំណត់ត្រានៃពិធីបុណ្យជ្រមុជទឹក សូមមើល ១៨.៨.៣ ។
១៨.៨
ពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
ក្រោយពីបុគ្គលម្នាក់បានទទួលបុណ្យជ្រមុជទឹកហើយ នោះគាត់ ឬនាងត្រូវបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រ ហើយទទួលព្រះវិញ្ញាណបរិសុទ្ធដោយសារ ការដាក់ដៃលើ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៤១; កិច្ចការ ១៩:១–៦ ) ។ បុគ្គលនោះក្លាយជាសមាជិកនៃសាសនាចក្រ បន្ទាប់ពីពិធីបរិសុទ្ធទាំងពីរនេះត្រូវបានធ្វើឡើង ហើយបានកត់ត្រាត្រឹមត្រូវ ( សូមមើល យ៉ូហាន ៣:៥; គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៣:១១; នីហ្វៃទី៣ ២៧:២០ ) ។
សម្រាប់ព័ត៌មានអំពីពិធីបញ្ជាក់នៅក្នុងស្ថានភាពពិសេស សូមមើល ៣៨.២.៨ ។
ប៊ីស្សពកាន់កូនសោបព្វជិតភាពសម្រាប់ធ្វើពិធីបញ្ជាក់ឲ្យសមាជិកដែលមានកំណត់ត្រាអាយុ៨ឆ្នាំ នៅក្នុងវួដរបស់គាត់ ។ ប្រធានបេសកកម្មកាន់កូនសោសម្រាប់ធ្វើពិធីបញ្ជាក់ដល់អ្នកផ្លាស់ប្រែចិត្តជឿថ្មី ( សម្រាប់និយមន័យនៃពិធីបុណ្យជ្រមុជទឹកឲ្យអ្នកផ្លាស់ប្រែចិត្តជឿ សូមមើល ៣១.២.៣.២ ) ។
ប៊ីស្សពមើលខុសត្រូវទៅលើពិធីបញ្ជាក់របស់កុមារដែលមានកំណត់ត្រាអាយុ៨ឆ្នាំ ។ ជាទូទៅកុមារទាំងនេះត្រូវបានបញ្ជាក់នៅថ្ងៃដែលពួកគេបានជ្រមុជទឹក ។
ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងសម្របសម្រួល ជាមួយ ថ្នាក់ដឹកនាំវួដ ដើម្បីរៀបចំធ្វើពិធីបញ្ជាក់របស់អ្នកផ្លាស់ប្រែចិត្តជឿ ដូចបានកត់ចំណាំនៅក្នុង ១៨.៧.២ ។ អ្នកផ្លាស់ប្រែចិត្តជឿអាចត្រូវបានធ្វើពិធីបញ្ជាក់នៅឯពិធីបុណ្យជ្រមុជទឹក ឬនៅក្នុងការប្រជុំសាក្រាម៉ង់នៅក្នុងវួដ ដែលពួកគេរស់នៅឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។
សមាជិកថ្មីត្រូវបានទទួលស្គាល់ និងស្វាគមន៍ជាសមាជិកថ្មីនៃវួដនៅក្នុងការប្រជុំសាក្រាម៉ង់ បន្ទាប់ពីពិធីបញ្ជាក់របស់ពួកគេ ( សូមមើល ២៩.២.១.១ ) ។
១៨.៨.១
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
ពិធីបរិសុទ្ធនៃពិធីបញ្ជាក់ត្រូវបានធ្វើឡើងដោយអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក ។ បុគ្គលដែលពោលពាក្យត្រូវតែទទួលបានការអនុម័តពីប៊ីស្សព ( ឬពីប្រធានបេសកកម្ម ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាគឺជាអ្នកធ្វើពិធីបញ្ជាក់ ) ។
មានតែអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ដែលមានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ទើបអាចពោលពាក្យក្នុងពិធីបញ្ជាក់នេះបាន ។ ទោះជាយ៉ាងណាក្តី ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលកាន់បព្វជិតភាពម៉ិលគីស្សាដែក ឲ្យឈរក្នុងវង្វង់សម្រាប់ធ្វើពិធីបញ្ជាក់ឲ្យកូនរបស់គាត់បាន ទោះជាឪពុកគ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើល ១៨.៣ ) ។
យ៉ាងហោចណាស់ សមាជិកមួយរូបនៃគណៈប៊ីស្សពចូលរួមនៅក្នុងពិធីបរិសុទ្ធនេះ ។ នៅពេលដែលអែលឌើរជាអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនអ្នកផ្លាស់ប្រែចិត្តជឿថ្មី នោះប៊ីស្សពអញ្ជើញពួកគេឲ្យចូលរួម ។
ដើម្បីធ្វើជាអ្នកពោលពាក្យក្នុងពិធីបរិសុទ្ធនេះ បុគ្គលម្នាក់ដែលរស់នៅក្រៅវួដរបស់ខ្លួនត្រូវតែបង្ហាញប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពទៅកាន់ថ្នាក់ដឹកនាំដែលជាអធិបតី ។ ឬគាត់អាចបង្ហាញលិខិតចេញអនុសាសន៍ឲ្យធ្វើពិធីបរិសុទ្ធមួយដែលមានចុះហត្ថលេខាដោយសមាជិកមួយរូបនៃគណៈប៊ីស្សពរបស់គាត់ ។
១៨.៨.២
សេចក្តីណែនាំ
នៅក្រោមការដឹកនាំពីគណៈប៊ីស្សព នោះអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ឬច្រើននាក់អាចចូលរួមនៅក្នុងពិធីបញ្ជាក់ ។ ពួកគាត់ដាក់ដៃថ្នមៗនៅលើក្បាលរបស់បុគ្គលរូបនេះ ។ បន្ទាប់មក បុគ្គលដែលត្រូវពោលពាក្យ ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។
-
ថ្លែងថា ពិធីបរិសុទ្ធត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
បញ្ជាក់បុគ្គលរូបនេះជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
ថ្លែងថា « ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ » ( មិនមែន « ទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ » ទេ ) ។
-
ផ្ដល់ពរជ័យដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.៨.៣
កំណត់ត្រា និងវិញ្ញាបនបត្រពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
មុនពេលដែលកុមារជាសមាជិកក្នុងកំណត់ត្រាត្រូវបានសម្ភាសទទួលបុណ្យជ្រមុជទឹក នោះស្មៀនប្រើ ធ.ថ.ស. ដើម្បីរៀបចំ ទម្រង់បែបបទពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ ដឹកនាំការសម្ភាស និងចុះហត្ថលេខាលើទម្រង់បែបបទនោះ ។ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ធ្វើរួចរាល់ហើយ ស្មៀនប្រើទម្រង់បែបបទនេះដើម្បីធ្វើបច្ចុប្បន្នភាពទៅលើកំណត់ត្រាសមាជិកភាពរបស់កុមារនោះនៅក្នុង ធ.ថ.ស. ។
នៅពេលអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងសម្ភាសអ្នកផ្លាស់ប្រែចិត្តជឿសម្រាប់ពិធីបុណ្យជ្រមុជទឹក នោះគាត់បំពេញកំណត់ត្រាពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ដោយប្រើកម្មវិធី ប្រកាសដំណឹងល្អរបស់យើង ។ ក្រោយពីទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់រួចហើយ នោះពួកអ្នកផ្សព្វផ្សាយសាសនាធ្វើការកត់ត្រាព័ត៌មាននៅក្នុងកម្មវិធី ហើយដាក់បញ្ជូនវាទៅកាន់ស្មៀនវួដតាមប្រព័ន្ធអេឡិចត្រូនិច ។ ស្មៀនវួដពិនិត្យមើលព័ត៌មាននេះនៅក្នុង ធ.ថ.ស. ហើយបង្កើតកំណត់ត្រាសមាជិកភាព ។
បន្ទាប់ពីកំណត់ត្រាសមាជិកភាពត្រូវបានបង្កើតឡើង នោះស្មៀនរៀបចំវិញ្ញាបនបត្រពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ វិញ្ញាបនបត្រនេះត្រូវចុះហត្ថលេខាដោយប៊ីស្សព ហើយផ្ដល់ជូនបុគ្គលរូបនោះ ។
ឈ្មោះនៅលើកំណត់ត្រាសមាជិកភាព និងវិញ្ញាបនបត្រនេះគួរតែត្រូវគ្នាជាមួយនឹងសំបុត្រកំណើត ការចុះបញ្ជីកំណើតស៊ីវិល ឬឈ្មោះស្របច្បាប់បច្ចុប្បន្ន ។
១៨.៩
ពិធីសាក្រាម៉ង់
សមាជិកសាសនាចក្រជួបនៅថ្ងៃឈប់សម្រាកដើម្បីថ្វាយបង្គំព្រះ និងទទួលទានសាក្រាម៉ង់ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៥; ៥៩:៩; មរ៉ូណៃ ៦:៥–៦ ) ។ នៅអំឡុងពិធីបរិសុទ្ធនេះ ពួកគេទទួលទាននំបុ័ង និងទឹកដើម្បីចងចាំពីពលិកម្មនៃព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គសង្គ្រោះ និងដើម្បីរំឭកពីសេចក្តីសញ្ញាដ៏ពិសិដ្ឋរបស់ពួកគេ ( សូមមើល ម៉ាថាយ ២៦:២៦–២៨; ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ម៉ាកុស ១៤:២០–២៥; លូកា ២២:១៥–២០; នីហ្វៃទី៣ ១៨; មរ៉ូណៃ ៦:៦ ) ។ មនុស្សគ្រប់គ្នាគួរតែមានគារវភាពនៅអំឡុងពេលប្រសិទ្ធពរ និងចែកសាក្រាម៉ង់ ។
១៨.៩.១
ការអនុម័តឲ្យចាត់ចែងពិធីសាក្រាម៉ង់
ប៊ីស្សពកាន់កូនសោបព្វជិតភាពដើម្បីចាត់ចែងពិធីសាក្រាម៉ង់នៅក្នុងវួដ ។ អស់អ្នកដែលចូលរួមនៅក្នុងការរៀបចំ ការប្រសិទ្ធពរ និងការចែកសាក្រាម៉ង់ ត្រូវតែទទួលការអនុម័តពីគាត់ ឬនរណាម្នាក់ដែលនៅក្រោមការដឹកនាំរបស់គាត់ ។
ប្រសិនបើសមាជិកនៅក្នុងវួដរបស់គាត់ពុំអាចទទួលទានសាក្រាម៉ង់ ពីព្រោះពួកគេត្រូវនៅផ្ទះ មណ្ឌលថែទាំ ឬមន្ទីរពេទ្យ នោះប៊ីស្សពអាចអនុញ្ញាតឲ្យអ្នកកាន់បព្វជិតភាពចាត់ចែងធ្វើពិធីសាក្រាម៉ង់ដល់ពួកគេបាន ។ គាត់អាចអនុញ្ញាតកិច្ចការនេះបាន ទោះបីជាពួកគេកំពុងរស់នៅក្រៅខណ្ឌសីមាវួដរបស់គាត់ជាបណ្តោះអាសន្នក្ដី ។ ទោះជាយ៉ាងណាក្តី គាត់មិនអាចអនុញ្ញាតឲ្យធ្វើពិធីសាក្រាម៉ង់ទៅកាន់សមាជិកក្រៅខណ្ឌសីមាវួដរបស់គាត់នៅក្នុងកាលៈទេសៈផ្សេងឡើយ ។
នៅក្នុងកាលៈទេសៈដ៏កម្រ ការប្រជុំសាក្រាម៉ង់អាចនឹងមិនបានធ្វើឡើងក្នុងរយៈពេលកំណត់មួយ ។ នៅក្នុងស្ថានភាពទាំងនេះ ប៊ីស្សពអាចអនុញ្ញាតឲ្យអ្នកកាន់បព្វជិតភាពដែលមានភាពស័ក្តិសមនៅក្នុងវួដរបស់គាត់រៀបចំ និងចាត់ចែងពិធីសាក្រាម៉ង់នៅក្នុងផ្ទះរបស់ពួកគេរាល់ថ្ងៃឈប់សម្រាក ។ ប៊ីស្សពក៏អាចអនុញ្ញាតឲ្យពួកគេរៀបចំ និងចាត់ចែងពិធីសាក្រាម៉ង់ទៅដល់សមាជិកវួដ ដែលពុំមានអ្នកកាន់បព្វជិតភាពនៅក្នុងផ្ទះរបស់ពួកគេបានផងដែរ ។
នៅពេលប៊ីស្សពអនុញ្ញាតឲ្យរៀបចំ និងចាត់ចែងពិធីសាក្រាម៉ង់ខុសពីបទដ្ឋានកម្មវិធីសាសនាចក្រ នោះសេចក្តីណែនាំនៅក្នុង ១៨.៩.២ អំពីបុគ្គលដែលធ្វើពិធីបរិសុទ្ធគឺនៅតែអនុវត្ត ។
១៨.៩.២
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
-
ពួកគ្រូ សង្ឃ និងអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចរៀបចំពិធីសាក្រាម៉ង់បាន ។
-
សង្ឃ និងអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចប្រសិទ្ធពរសាក្រាម៉ង់បាន ។
-
ឌីកុន គ្រូ សង្ឃ និងអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចចែកពិធីសាក្រាម៉ង់បាន ។
នៅពេលមានអ្នកកាន់បព្វជិតភាពអើរ៉ុនគ្រប់គ្រាន់ ជាទូទៅពួកគេជាអ្នកបំពេញភារកិច្ចទាំងនេះ ។ នៅពេលដែលគ្មានឌីកុនគ្រប់គ្រាន់ដើម្បីចែកពិធីសាក្រាម៉ង់ទេ នោះប្រធានកូរ៉ុមឌីកុនប្រឹក្សាជាមួយប៊ីស្សពថាត្រូវសុំនរណាឲ្យមកជួយ ។ ជាទូទៅ គាត់សុំឲ្យគ្រូ និងសង្ឃមកជួយ ពីមុនទៅសុំឲ្យពួកអែលឌើរ និងសង្ឃជាន់ខ្ពស់មកជួយ ។
១៨.៩.៣
គោលការណ៍ណែនាំសម្រាប់ពិធីសាក្រាម៉ង់
ពីព្រោះតែលក្ខណៈពិសិដ្ឋនៃពិធីសាក្រាម៉ង់ នោះថ្នាក់ដឹកនាំបព្វជិតភាពគួរតែរៀបចំដោយយកចិត្តទុកដាក់ ដើម្បីឲ្យវាមានរបៀបរៀបរយ និងគារវភាព ។ កម្រាលតុធ្វើពិធីសាក្រាម៉ង់គួរតែជាពណ៌ស ជ្រះស្អាត និងអ៊ុតរាបស្អាត ។ ថាសធ្វើពិធីសាក្រាម៉ង់គួរតែមានអនាម័យ ។ ថាស និងពែងធ្វើពិធីសាក្រាម៉ង់គួរតែរៀបចំឲ្យបានល្អទុកជាមុន ។
អស់អ្នកដែលចាត់ចែងពិធីសាក្រាម៉ង់គួរតែធ្វើដូច្នោះដោយសេចក្តីថ្លៃថ្នូរ ដោយការដឹងថាខ្លួនពួកគេជាតំណាងឲ្យព្រះអម្ចាស់ ។ គណៈប៊ីស្សពលើកទឹកចិត្តពួកគេឲ្យសញ្ជឹងគិតពីដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ នៅពេលដែលពួកគេរៀបចំ ប្រសិទ្ធពរ និងចែកសាក្រាម៉ង់ ។
អស់អ្នកដែលចាត់ចែងពិធីសាក្រាម៉ង់គួរតែស្លៀកពាក់ឲ្យបានសមរម្យ និងស្អាតបាត ។ ពួកគេពុំគួរពាក់សម្លៀកបំពាក់ ឬគ្រឿងអលង្ការដែលអាចបង្អាក់ដល់ការថ្វាយបង្គំ និងការធ្វើសេចក្តីសញ្ញា ដែលជាគោលបំណងរបស់ពិធីសាក្រាម៉ង់នោះឡើយ ។ ប្រសិនបើប៊ីស្សពត្រូវការប្រឹក្សាដល់អ្នកកាន់បព្វជិតភាពអំពីឥរិយាបថបែបនេះ នោះគាត់ធ្វើដូច្នេះដោយក្តីស្រឡាញ់ ។ គាត់ក៏គិតពិចារណាពីភាពចាស់ទុំរបស់បុគ្គលរូបនេះនៅក្នុងសាសនាចក្រផងដែរ ។
ការចែកសាក្រាម៉ង់គួរតែមានលក្ខណៈធម្មតា ហើយមិនផ្លូវការពេកនោះទេ ។ ឧទាហរណ៍ សកម្មភាពមួយចំនួន ( ដូចជា ការដាក់ដៃខាងឆ្វេងនៅខាងក្រោយខ្នង ) ឬអាការៈខាងក្រៅ ( ដូចជាការស្លៀកពាក់ដូចគ្នា ) មិនមែនជាតម្រូវការនោះទេ ។
ក្រុមជំនុំច្រៀងទំនុកតម្កើងពិធីសាក្រាម៉ង់ ខណៈពេលដែលកំពុងកាច់នំបុ័ង ។ ចម្រៀងទោល ឬឧបករណ៍តន្រ្តីមិនគួរជំនួសទំនុកតម្កើងនេះទេ ។ មិនគួរលេងតន្ដ្រីនៅអំឡុងពេលចែកសាក្រាម៉ង់ ឬក្រោយពីសាក្រាម៉ង់ភ្លាមៗនោះទេ ។
ប្រសិនបើសមាជិកមានប្រតិកម្មអាហារ ឬប្រតិកម្មនឹងម្សៅនំប៉័ង នោះពួកគេពិភាក្សាជាមួយនឹងសមាជិកមួយរូបនៃគណៈប៊ីស្សព ដើម្បីធ្វើការសម្របសម្រួលសម្រាប់ពិធីសាក្រាម៉ង់ ។ ប្រសិនបើចាំបាច់ គណៈប៊ីស្សពអាចកែសម្រួលបែបបទសម្រាប់ការចាត់ចែងពិធីសាក្រាម៉ង់ឲ្យពួកគេ ។
ជាទូទៅ នំប៉័ងត្រូវតែបានកាច់ ដែលជាផ្នែកមួយនៃពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ។ ទោះជាយ៉ាងណាក្ដី ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពរបស់សមាជិកណាម្នាក់ នោះសមាជិកនោះអាចនឹងផ្ដល់នំប៉័ងដែលគ្មានប្រតិកម្ម ឬចំណិតនំប៉័ងផ្សេងទៀតដាក់ក្នុងថង់ ឬកែវបិទជិតមួយ ។ ពួកគេអាចជូននំប៉័ងនេះទៅអ្នកកាន់បព្វជិតភាពឲ្យដាក់នៅលើថាសផ្សេងគ្នាមួយ ។ គណៈប៊ីស្សពជួយប្រាប់អ្នកដែលចែកសាក្រាម៉ង់ឲ្យដឹងថា តើសមាជិករូបណាដែលត្រូវចែកនំប៉័ងដែលគ្មានប្រតិកម្មនេះ ។
សូមមើល disability.ChurchofJesusChrist.org សម្រាប់គោលការណ៍ណែនាំអំពីការប្រតិកម្មអាហារ ។
ទោះបីជាពិធីសាក្រាម៉ង់គឺសម្រាប់តែសមាជិកនៃសាសនាចក្រក្តី ក៏មិនគួរធ្វើអ្វីដើម្បីរារាំងអ្នកដទៃពីការទទួលទាននោះដែរ ។
១៨.៩.៤
សេចក្តីណែនាំ
-
អស់អ្នកដែលរៀបចំ ប្រសិទ្ធពរ ឬចែកសាក្រាម៉ង់ ដំបូងត្រូវលាងដៃរបស់ពួកគេជាមួយសាប៊ូ ឬគ្រឿងសម្អាតដទៃទៀត ។
-
អ្នកកាន់បព្វជិតភាពថ្នាក់គ្រូ សង្ឃ ឬម៉ិលគីស្សាដែកត្រូវប្រាកដថា ថាសដាក់នំបុ័ងដែលមិនទាន់កាច់ ថាសដែលមានពែងដាក់ទឹកស្អាត ហើយកម្រាលតុស្អាត ត្រូវបានរៀបចំទុកដាក់ពីមុនការប្រជុំសាក្រាម៉ង់ចាប់ផ្តើម ។
-
នៅពេលសមាជិកវួដច្រៀងទំនុកតម្កើងពិធីសាក្រាម៉ង់ អ្នកដែលនឹងប្រសិទ្ធពរសាក្រាម៉ង់ឈរដោយគារវភាព បើកកម្រាលដែលគ្របលើថាសនំបុ័ង ហើយកាច់នំបុ័ងជាដុំតូចៗ ។
-
បន្ទាប់ពីទំនុកតម្កើងចប់ បុគ្គលដែលប្រសិទ្ធពរនំបុ័ងលុតជង្គង់ចុះ ហើយពោលពាក្យអធិស្ឋានពិធីសាក្រាម៉ង់សម្រាប់នំបុ័ង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧ ) ។
-
ប៊ីស្សពត្រូវប្រាកដថា ពាក្យអធិស្ឋានពិធីសាក្រាម៉ង់ពោលឡើងយ៉ាងច្បាស់ៗ ត្រឹមត្រូវ និងដោយថ្លៃថ្នូរ ។ ប្រសិនបើនរណាម្នាក់ពោលខុសពីពាក្យពេចន៍ ប៉ុន្ដែបានកែតម្រូវដោយខ្លួនឯង នោះមិនចាំបាច់ធ្វើការកែតម្រូវបន្ថែមទៀតនោះទេ ។ ប្រសិនបើបុគ្គលរូបនេះមិនបានកែតម្រូវកំហុសរបស់គាត់ទេ នោះប៊ីស្សពសុំគាត់ឲ្យអធិស្ឋានឡើងវិញ ។ ប៊ីស្សពធ្វើការសម្រេចចិត្តថាពេលណាត្រូវសុំឲ្យធ្វើការអធិស្ឋានឡើងវិញម្តងទៀត ។ គាត់ត្រូវប្រាកដថា ការធ្វើដូច្នោះពុំបណ្តាលឲ្យមានភាពខ្មាស់អៀន ឬការរំខានដល់ពិធីបរិសុទ្ធឡើយ ។ បុគ្គលផ្សេងទៀតនៅឯតុសាក្រាម៉ង់អាចជួយតាមដែលត្រូវការ ។
-
បន្ទាប់ពីការអធិស្ឋាន អ្នកកាន់បព្វជិតភាពចែកនំបុ័ងទៅសមាជិកដោយមានគារវភាព ។ ថ្នាក់ដឹកនាំជាអធិបតីទទួលយកនំបុ័ងមុនគេ បន្ទាប់មកគឺពុំចាំបាច់ធ្វើតាមលំដាប់លំដោយនោះទេ ។ នៅពេលដែលថាសមួយត្រូវបានចែកដល់សមាជិក នោះសមាជិកអាចហុចថាសបន្ដទៅឲ្យសមាជិកម្នាក់ទៀតបាន ។
-
សមាជិកទទួលទានដោយប្រើដៃស្តាំរបស់ពួកគេ នៅពេលដែលអាចធ្វើទៅបាន ។
-
នៅពេលសាក្រាម៉ង់ត្រូវបានចែកដល់សមាជិកទាំងអស់ហើយ នោះអ្នកចែកសាក្រាម៉ង់ទាំងឡាយត្រឡប់ទៅប្រគល់ថាសនៅឯតុសាក្រាម៉ង់វិញ ។ អ្នកដែលប្រសិទ្ធពរសាក្រាម៉ង់គ្របកម្រាលលើថាសនំបុ័ង ហើយបើកកម្រាលថាសទឹកម្ដង ។
-
បុគ្គលដែលប្រសិទ្ធពរទឹកលុតជង្គង់ចុះ ហើយពោលពាក្យអធិស្ឋានពិធីសាក្រាម៉ង់សម្រាប់ទឹក ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៩ ) ។ គាត់ប្រើពាក្យ ទឹក ជំនួសឲ្យ ស្រា ។
-
បន្ទាប់ពីការអធិស្ឋាន នោះអ្នកកាន់បព្វជិតភាពចែកទឹកទៅកាន់សមាជិកដោយមានគារវភាព ។ ថ្នាក់ដឹកនាំជាអធិបតីទទួលយកនំបុ័ងមុនគេ បន្ទាប់មកគឺពុំចាំបាច់ធ្វើតាមលំដាប់លំដោយនោះទេ ។
-
នៅពេលទឹកត្រូវបានចែកដល់សមាជិកទាំងអស់ហើយ នោះអ្នកដែលចែកសាក្រាម៉ង់ទាំងឡាយត្រឡប់ទៅប្រគល់ថាសនៅឯតុសាក្រាម៉ង់វិញ ។ អ្នកដែលប្រសិទ្ធពរពិធីសាក្រាម៉ង់គ្របកម្រាលលើថាសវិញ រួចហើយអ្នកដែលប្រសិទ្ធពរ និងអ្នកចែកសាក្រាម៉ង់ត្រឡប់ទៅកាន់កន្លែងអង្គុយរបស់ពួកគេវិញដោយគារវភាព ។
-
បន្ទាប់ពីការប្រជុំចប់ អ្នកដែលរៀបចំសាក្រាម៉ង់ធ្វើការសម្អាត បត់កម្រាលតុទុក ហើយយកនំបុ័ងដែលមិនបានប្រើចេញ ។
១៨.១០
ការប្រគល់បព្វជិតភាព និងការតែងតាំងតំណែង
មានការបែងចែកបព្វជិតភាពទៅជាពីរផ្នែក ៖ អើរ៉ុន និងម៉ិលគីស្សាដែក ( សូមមើល ៣.៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១, ៦ ) ។ នៅពេលបព្វជិតភាពត្រូវបានប្រគល់ដល់បុគ្គលម្នាក់ គាត់ក៏ត្រូវបានតែងតាំងនៅក្នុងតំណែងមួយក្នុងបព្វជិតភាពនោះដែរ ។ បន្ទាប់ពីបព្វជិតភាពណាមួយក្នុងចំណោមបព្វជិតភាពទាំងនេះត្រូវបានប្រគល់ឲ្យរួចហើយ បុរសម្នាក់នោះចាំបាច់ត្រូវតែងតាំងក្នុងតំណែងផ្សេងទៀតតែក្នុងបព្វជិតភាពនោះប៉ុណ្ណោះ ។
សម្រាប់ព័ត៌មានអំពីការតែងតាំងបព្វជិតភាពនៅក្នុងស្ថានភាពពិសេស សូមមើល ៣៨.២.៩ ។
១៨.១០.១
បព្វជិតភាពម៉ិលគីស្សាដែក
ប្រធានស្តេកកាន់កូនសោបព្វជិតភាពសម្រាប់ការប្រគល់បព្វជិតភាពម៉ិលគីស្សាដែក និងការតែងតាំងតំណែងអែលឌើរ និងសង្ឃជាន់ខ្ពស់ ។ ទោះជាយ៉ាងណាក៏ដោយ ជាធម្មតា ប៊ីស្សពផ្ដល់អនុសាសន៍សម្រាប់ការតែងតាំងទាំងនេះ ។
១៨.១០.១.១
អែលឌើរ
បងប្អូនប្រុសដែលមានភាពស័ក្តិសម អាចទទួលបព្វជិតភាពម៉ិលគីស្សាដែក ហើយត្រូវបានតែងតាំងជាអែលឌើរ នៅពេលពួកគេមានអាយុ ១៨ ឆ្នាំឡើងទៅ ។ ផ្អែកទៅលើស្ថានភាពរបស់បុគ្គលម្នាក់ៗ នោះប៊ីស្សពកំណត់ថា តើយុវជនម្នាក់គួរតែត្រូវបានផ្ដល់អនុសាសន៍ដើម្បីបានតែងតាំងជាអែលឌើរឲ្យបានឆាប់ បន្ទាប់ពីខួបកំណើតអាយុ ១៨ ឆ្នាំរបស់គាត់ឬអត់ ឬក៏ស្ថិតនៅក្នុងកូរ៉ុមសង្ឃបន្តទៀត ។ ស្ថានភាពទាំងនេះ រួមបញ្ចូលនូវចំណុចខាងក្រោមរបស់យុវជនម្នាក់ ៖
-
ទីបន្ទាល់ និងភាពចាស់ទុំ ។
-
ការបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ។
-
បំណងចង់បន្ដនៅជាមួយនឹងមិត្តស្រករគ្នា ។
-
ការចូលរៀនមហាវិទ្យាល័យ ។
នៅក្នុងការធ្វើការសម្រេចចិត្តនេះ ជាដំបូង ប៊ីស្សពពិគ្រោះយោបល់ជាមួយនឹងយុវជនរូបនោះ ព្រមទាំងឪពុកម្តាយ ឬអាណាព្យាបាលរបស់គាត់ ។ បុរសដែលមានភាពស័ក្ដិសមគួរតែត្រូវបានតែងតាំងនៅត្រឹមអាយុ ១៩ឆ្នាំ ឬមុនពេលពួកគេចេញពីផ្ទះដើម្បីទៅរៀននៅមហាវិទ្យាល័យ ចេញបម្រើបេសកកម្មពេញម៉ោង ចេញបម្រើក្នុងជួរកងទ័ព ឬមានការងារពេញម៉ោង ។
បុរសដែលបានជ្រមុជទឹកហើយថ្មីៗដែលមានអាយុ ១៨ ឆ្នាំឡើងត្រូវតែងតាំងជាអែលឌើរ បន្ទាប់ពីពួកគេបាន ៖
-
ទទួលបព្វជិតភាពអើរ៉ុន និងបម្រើជាសង្ឃ ។
-
អភិវឌ្ឍការយល់ដឹងអំពីដំណឹងល្អបានល្មមគ្រប់គ្រាន់ ។
-
បង្ហាញពីភាពស័ក្ដិសមរបស់ពួកគេ ។
ពុំតម្រូវឲ្យមានរយៈពេលកំណត់ថាត្រូវក្លាយជាសមាជិកសាសនាចក្ររយៈពេលប៉ុន្មាននោះទេ ។
១៨.១០.១.២
សង្ឃជាន់ខ្ពស់
បុរសទាំងឡាយត្រូវបានតែងតាំងជាសង្ឃជាន់ខ្ពស់ នៅពេលពួកគាត់ត្រូវបានហៅជាគណៈប្រធានស្តេក ទីប្រឹក្សាជាន់ខ្ពស់ ឬគណៈប៊ីស្សព ។ ពួកគាត់ក៏អាចត្រូវបានតែងតាំងនៅពេលផ្សេងទៀតផងដែរ នៅពេលបានកំណត់ដោយប្រធានស្ដេកតាមរយៈការពិចារណាប្រកបដោយការអធិស្ឋាន និងការបំផុសគំនិត ។
១៨.១០.១.៣
ការសម្ភាស និងការគាំទ្រ
ដោយមានការអនុម័តមកពីគណៈប្រធានស្តេក នោះប៊ីស្សពសម្ភាសដល់បងប្អូនប្រុស ដូចដែលបានណែនាំនៅលើទម្រង់បែបបទកំណត់ត្រាការតែងតាំងបព្វជិតភាពម៉ិលគីស្សាដែក ។ បន្ទាប់មក សមាជិកមួយរូបនៃគណៈប្រធានស្ដេកក៏ធ្វើការសម្ភាសគាត់ផងដែរ ។ ដោយមានការអនុម័តពីប្រធានបេសកកម្ម នោះប្រធានមណ្ឌលអាចសម្ភាសបងប្អូនប្រុសម្នាក់ ដើម្បីតែងតាំងជាអែលឌើរបាន ( សូមមើល ៦.៣ ) ។ សម្រាប់សេចក្ដីណែនាំអំពីការសម្ភាសទាំងនេះ សូមមើល ៣១.២.៦ ។
បន្ទាប់ពីការសម្ភាសនោះ គណៈប្រធានស្តេកសុំដល់ទីប្រឹក្សាជាន់ខ្ពស់ឲ្យគាំទ្រដល់ការសម្រេចចិត្តដើម្បីតែងតាំងដល់បងប្អូនប្រុសនោះ ។ សមាជិកមួយរូបនៃគណៈប្រធានស្តេកឧទ្ទេសនាម បងប្អូនប្រុសនោះសម្រាប់ការលើកដៃគាំទ្រនៅក្នុងសម័យប្រជុំទូទៅនៃសន្និសីទស្តេក ( សូមមើល ១៨.១០.៣ ) ។ ដោយមានការអនុម័តពីប្រធានបេសកកម្ម នោះប្រធានមណ្ឌលអាចឧទ្ទេសនាមបងប្អូនប្រុសម្នាក់ ដើម្បីគាំទ្រជាអែលឌើរបាន ( សូមមើល ៦.៣ ) ។
១៨.១០.២
បព្វជិតភាពអើរ៉ុន
ប៊ីស្សពកាន់កូនសោបព្វជិតភាពសម្រាប់ការប្រគល់បព្វជិតភាពអើរ៉ុន និងការតែងតាំងតំណែងឌីកុន គ្រូ និងសង្ឃ ។ ជាធម្មតា បងប្អូនប្រុសដែលស័ក្ដិសមត្រូវបានតែងតាំងក្នុងតំណែងទាំងនេះទៅតាមអាយុដូចតទៅនេះ ប៉ុន្តែពុំធ្វើមុនអាយុឡើយ ៖
-
ឌីកុននៅដើមឆ្នាំដែលពួកគេមានអាយុ ១២ ឆ្នាំ
-
គ្រូនៅដើមឆ្នាំដែលពួកគេមានអាយុ ១៤ ឆ្នាំ
-
សង្ឃនៅដើមឆ្នាំដែលពួកគេមានអាយុ ១៦ ឆ្នាំ
ប៊ីស្សព ឬក៏ទីប្រឹក្សាដែលបានចាត់តាំងមួយរូប សម្ភាសដល់បងប្អូនប្រុសដែលនឹងត្រូវតែងតាំងជាឌីកុន ឬគ្រូ ដើម្បីកំណត់ថាតើពួកគេបានរៀបចំខ្លួនខាងវិញ្ញាណហើយ ឬនៅ ។ ប៊ីស្សពសម្ភាសដល់បងប្អូនប្រុសដែលនឹងត្រូវតែងតាំងជាសង្ឃ ។
ប៊ីស្សពគួរទទួលបានការអនុញ្ញាតផ្ទាល់មាត់មកពីឪពុកម្ដាយ ឬអាណាព្យាបាលពីមុនធ្វើការសម្ភាសយុវជនម្នាក់សម្រាប់ការតែងតាំងបព្វជិតភាព ។ មិនតម្រូវឲ្យមានការអនុញ្ញាតមកពីឪពុកម្តាយ ឬអាណាព្យាបាលដែលគ្មានមូលដ្ឋានស្របច្បាប់ដើម្បីជំទាស់នឹងសកម្មភាពនេះនោះទេ ។
ប្រសិនបើនៅក្នុងការសម្ភាសរកឃើញថាបងប្អូនប្រុសរូបនោះមានភាពស័ក្ដិសម នោះសមាជិកមួយរូបនៃគណៈប៊ីស្សពធ្វើការឧទ្ទេសនាមដើម្បីគាំទ្រគាត់នៅក្នុងការប្រជុំសាក្រាម៉ង់ ( សូមមើល ១៨.១០.៣ ) ។
សម្រាប់ព័ត៌មានអំពីការតែងតាំងបងប្អូនប្រុសដែលបានជ្រមុជទឹកថ្មីៗ សូមមើល ៣៨.២.៩.១ ។
១៨.១០.៣
ការឧទ្ទេសនាមសមាជិកដើម្បីគាំទ្រមុនពេលគាត់ត្រូវបានតែងតាំង
ក្រោយពីបងប្អូនប្រុសម្នាក់ទទួលបានការសម្ភាស និងឃើញថាមានភាពស័ក្ដិសមដើម្បីតែងតាំងតំណែងបព្វជិតភាព នោះគាត់ត្រូវបានឧទ្ទេសនាមដើម្បីទទួលបានការគាំទ្រ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៦៥, ៦៧ ) ។ បងប្អូនប្រុសដែលត្រូវតែងតាំងជាអែលឌើរ ឬសង្ឃជាន់ខ្ពស់ត្រូវបានឧទ្ទេសនាមដោយសមាជិកនៃគណៈប្រធានស្តេកនៅក្នុងសម័យប្រជុំទូទៅនៃសន្និសីទស្ដេក ( សូមមើល ៦.៣ សម្រាប់សេចក្ដីណែនាំដល់ប្រធានមណ្ឌល ) ។ បងប្អូនប្រុសដែលត្រូវតែងតាំងជាឌីកុន គ្រូ ឬសង្ឃ ត្រូវបានឧទ្ទេសនាមដោយសមាជិកនៃគណៈប៊ីស្សពនៅក្នុងការប្រជុំសាក្រាម៉ង់ ។
បុគ្គលដែលដឹកនាំការគាំទ្រនេះ សូមឲ្យបងប្អូនប្រុសរូបនេះក្រោកឈរឡើង ។ គាត់ប្រកាសសំណើដើម្បីប្រគល់បព្វជិតភាពអើរ៉ុន ឬម៉ិលគីស្សាដែក ( បើចាំបាច់ ) ហើយតែងតាំងបងប្អូនប្រុសរូបនេះឲ្យមានតំណែងបព្វជិតភាពនោះ ។ បន្ទាប់មក គាត់អញ្ជើញសមាជិកទាំងអស់ឲ្យគាំទ្រសំណើនោះ ។ ឧទាហរណ៍ ដើម្បីឧទ្ទេសនាមបងប្អូនប្រុសម្នាក់ដែលត្រូវតែងតាំងជាអែលឌើរ នោះគាត់អាចប្រើពាក្យពេចន៍ដូចខាងក្រោមនេះ ៖
« យើងស្នើសុំថា [ ឈ្មោះ ] ទទួលបព្វជិតភាពម៉ិលគីស្សាដែក ហើយត្រូវបានតែងតាំងជាអែលឌើរ ។ អ្នកទាំងឡាយដែលគាំទ្រ សូមបង្ហាញដោយការលើកដៃ ។ [ សូមផ្អាកបន្ដិចសិន ] ។ ប្រសិនបើមានអ្នកណាដែលជំទាស់ ក៏សូមបង្ហាញដោយការលើកដៃផងដែរ ។ [ សូមផ្អាកបន្ដិចសិន ] » ។
សាមីបុគ្គលដែលត្រូវបានឧទ្ទេសនាមនោះ គួរតែចូលរួមនៅក្នុងការគាំទ្រដែរ ។ ប្រសិនបើត្រូវឧទ្ទេសនាមបុគ្គលលើសពីម្នាក់ នោះពួកគាត់អាចធ្វើការគាំទ្រជាក្រុមបាន ។
ប្រសិនបើសមាជិកមានគោលជំហរល្អមួយរូបលើកដៃជំទាស់ការតែងតាំងនោះ នោះអ្នកដឹកនាំជាអធិបតី ឬអ្នកកាន់តំណែងបព្វជិតភាពដែលបានចាត់តាំងម្នាក់ទៀត ជួបជាមួយគាត់ ឬនាងជាលក្ខណៈឯកជនបន្ទាប់ពីការប្រជុំនោះ ។ អ្នកដឹកនាំនេះព្យាយាមយល់ពីមូលហេតុដែលសមាជិករូបនេះជំទាស់ ។ គាត់មើលថា តើសមាជិករូបនេះដឹងពីក្រមសីលធម៌ដែលអាចធ្វើឲ្យបុគ្គលនេះពុំមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីតែងតាំងក្នុងតំណែងបព្វជិតភាពឬទេ ។
មានតែសមាជិកដែលមានគោលជំហរល្អប៉ុណ្ណោះ ទើបអាចចូលរួមនៅក្នុងការគាំទ្រនេះបាន ។ ទោះយ៉ាងណា ប្រសិនបើមានសមាជិកដែលពុំមានគោលជំហរល្អ ឬបុគ្គលម្នាក់ដែលពុំមែនជាសមាជិកជំទាស់នឹងសកម្មភាពនេះ នោះប៊ីស្សព ឬប្រធានស្តេកអាចស្ដាប់កង្វល់របស់គាត់ ឬនាងជាសម្ងាត់នៅក្រៅការប្រជុំបាន ។
នៅក្នុងករណីខ្លះ បងប្អូនប្រុសម្នាក់អាចត្រូវទទួលបានការតែងតាំងជាអែលឌើរ ឬសង្ឃជាន់ខ្ពស់ មុនពេលគាត់អាចត្រូវបានឧទ្ទេសនាមនៅក្នុងសន្និសីទស្ដេក ។ នៅពេលដែលរឿងនេះកើតឡើង សមាជិកម្នាក់នៃគណៈប្រធានស្ដេក ឬក្រុមប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងឧទ្ទេសនាមអំពីគាត់នៅក្នុងការប្រជុំសាក្រាម៉ង់វួដរបស់គាត់ដើម្បីគាំទ្រ ។ បន្ទាប់មក គាត់នឹងត្រូវឧទ្ទេសនាមនៅក្នុងសន្និសីទស្តេកលើកក្រោយ ដើម្បីអនុម័តចំពោះការតែងតាំង ( សូមសម្របសម្រួលនីតិវិធីនេះសម្រាប់ការគាំទ្រ ដូចបានរៀបរាប់ខាងលើ ) ។ ការណ៍នេះរួមមានការឲ្យសមាជិកស្ដេកមានឱកាសគាំទ្រ ឬជំទាស់សកម្មភាពនេះ ។
១៨.១០.៤
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
ប្រធានស្តេក ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់នៅក្រោមការដឹកនាំរបស់គាត់អាចតែងតាំងបុរសម្នាក់ក្នុងតំណែងអែលឌើរបាន ។ ដោយមានការអនុម័តមកពីប្រធានបេសកកម្ម នោះប្រធានមណ្ឌល ឬនរណាម្នាក់ដែលនៅក្រោមការដឹកនាំរបស់គាត់អាចធ្វើការតែងតាំងនេះបាន ( សូមមើល ៦.៣ ) ។ មានតែអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកប៉ុណ្ណោះដែលអាចឈរនៅក្នុងរង្វង់នោះបាន ។
ប្រធានស្តេក ឬសង្ឃជាន់ខ្ពស់ម្នាក់ ដែលនៅក្រោមការដឹកនាំរបស់គាត់អាចតែងតាំងបុរសម្នាក់ក្នុងតំណែងជាសង្ឃជាន់ខ្ពស់បាន ។ មានតែសង្ឃជាន់ខ្ពស់ប៉ុណ្ណោះដែលអាចឈរនៅក្នុងរង្វង់នោះបាន ។
បុគ្គលម្នាក់ដែលតែងតាំងបុរសម្នាក់ក្នុងតំណែងបព្វជិតភាពម៉ិលគីស្សាដែក គួរតែមានភាពស័ក្ដិសមចូលក្នុងព្រះវិហារបរិសុទ្ធ ។ ប្រធានស្តេក ឬមនុស្សម្នាក់ដែលគាត់បានចាត់តាំង ត្រូវតែមានវត្តមាន ។
សង្ឃ ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់អាចតែងតាំងបងប្អូនប្រុសម្នាក់ក្នុងតំណែងឌីកុន គ្រូ ឬសង្ឃបាន ។ គាត់ត្រូវតែទទួលបានសិទ្ធិអនុញ្ញាតពីប៊ីស្សព ។ ប៊ីស្សព ឬមនុស្សម្នាក់ដែលគាត់បានចាត់តាំង ត្រូវតែមានវត្តមាន ។
ដើម្បីចូលរួមក្នុងការតែងតាំងបព្វជិតភាពអើរ៉ុនបាន បុគ្គលម្នាក់ត្រូវតែជាសង្ឃ ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក ។
ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលជាសង្ឃ ឬអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក តែងតាំងកូនប្រុសរបស់ខ្លួនក្នុងតំណែងជាឌីកុន គ្រូ ឬសង្ឃបាន ទោះជាឪពុកគ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើល ១៨.៣ ) ។ ប៊ីស្សពលើកទឹកចិត្តឪពុកទាំងឡាយឲ្យរៀបចំខ្លួនដើម្បីតែងតាំងកូនប្រុសរបស់ពួកគេដោយផ្ទាល់ ។
ដើម្បីធ្វើជាអ្នកពោលពាក្យក្នុងពិធីបរិសុទ្ធនេះ បុគ្គលម្នាក់ដែលរស់នៅក្រៅវួដរបស់ខ្លួនត្រូវតែបង្ហាញប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពទៅកាន់ថ្នាក់ដឹកនាំដែលជាអធិបតី ។ ឬគាត់អាចបង្ហាញ លិខិតចេញអនុសាសន៍ឲ្យធ្វើពិធីបរិសុទ្ធមួយ ដែលបានចុះហត្ថលេខាដោយសមាជិកមួយរូបនៃគណៈប៊ីស្សពរបស់គាត់ ។
១៨.១០.៥
សេចក្តីណែនាំ
ដើម្បីប្រគល់បព្វជិតភាព និងតែងតាំងបុគ្គលម្នាក់ក្នុងតំណែងបព្វជិតភាពមួយ អ្នកកាន់បព្វជិតភាពដែលមានសិទ្ធិអំណាចម្នាក់ ឬច្រើននាក់ដាក់ដៃរបស់ពួកគាត់ថ្នមៗលើក្បាលរបស់បុគ្គលនោះ ។ បន្ទាប់មក បុគ្គលដែលត្រូវពោលពាក្យ ៖
-
ហៅឈ្មោះពេញរបស់បុគ្គលនោះ ។
-
និយាយពីសិទ្ធិអំណាចដែលគាត់មានដោយផ្ទាល់ដើម្បីធ្វើពិធីបរិសុទ្ធនោះ ( ជាបព្វជិតភាពអើរ៉ុន ឬបព្វជិតភាពម៉ិលគីស្សាដែក ) ។
-
ប្រគល់បព្វជិតភាពអើរ៉ុន ឬបព្វជិតភាពម៉ិលគីស្សាដែក លើកលែងតែវាត្រូវបានប្រគល់រួចហើយ ។
-
តែងតាំងបុគ្គលនោះក្នុងតំណែងមួយក្នុងបព្វជិតភាពអើរ៉ុន ឬបព្វជិតភាពម៉ិលគីស្សាដែក ហើយប្រគល់សិទ្ធិ អំណាច និងសិទ្ធិអំណាចនៃតំណែងនោះ ។ ( កូនសោបព្វជិតភាពមិនត្រូវបានប្រគល់ឲ្យឡើយ នៅពេលប្រគល់បព្វជិតភាព ឬតែងតាំងក្នុងតំណែងមួយនោះ លើកលែងតែនៅពេលតែងតាំងប៊ីស្សពមួយរូបប៉ុណ្ណោះ ) ។
-
ផ្ដល់ពរជ័យដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ដើម្បីតែងតាំងបុគ្គលម្នាក់ក្នុងតំណែងបព្វជិតភាពមួយ បន្ទាប់ពីគាត់មានបព្វជិតភាពត្រឹមត្រូវហើយនោះ បុគ្គលដែលធ្វើការតែងតាំងរំលងជំហានទី ៣ ។
ការតែងតាំងគឺជាឱកាសមួយដើម្បីផ្ដល់ពរជ័យមួយ ។ ការប្រឹក្សា និងសេចក្តីណែនាំលម្អិតអំពីភារកិច្ចរបស់បុគ្គលម្នាក់ត្រូវបានផ្ដល់ឲ្យពីមុន និងក្រោយការតែងតាំងនោះ ។ ការប្រឹក្សានេះមិនគួរជាការផ្ដោតសំខាន់ក្នុងការប្រសិទ្ធពរនោះឡើយ ។ វាមិនចាំបាច់ដើម្បីមានអ្នកអធិស្ឋាន ការថ្លែងទីបន្ទាល់ ឬសេចក្តីណែនាំ ពេលមនុស្សម្នាក់ត្រូវបានតែងតាំងនោះឡើយ ។
១៨.១០.៦
កំណត់ត្រា និងវិញ្ញាបនបត្រការតែងតាំង
ពីមុនបុរសម្នាក់ត្រូវបានសម្ភាសដើម្បីតែងតាំងក្នុងតំណែងមួយនៃបព្វជិតភាពម៉ិលគីស្សាដែក នោះស្មៀនប្រើ ធ.ថ.ស. ដើម្បីរៀបចំ កំណត់ត្រាពិធីតែងតាំងបព្វជិតភាពម៉ិលគីស្សាដែក ។ ប្រធានស្តេក ឬទីប្រឹក្សាម្នាក់ដែលបានចាត់តាំងដឹកនាំការសម្ភាស និងចុះហត្ថលេខាលើទម្រង់បែបបទនោះ ប្រសិនបើរាល់លក្ខខណ្ឌនៃភាពស័ក្ដិសមត្រូវបានបំពេញ ។
បន្ទាប់ពីការតែងតាំងនោះ ប្រធានស្តេក ឬអ្នកតំណាងរបស់គាត់ដែលបានចាត់តាំងបំពេញនៅក្នុងទម្រង់បែបបទនោះ រួចហើយប្រគល់វាទៅឲ្យស្មៀន ។ គាត់កត់ត្រាការតែងតាំងនោះនៅក្នុង ធ.ថ.ស. ហើយរៀបចំវិញ្ញាបនបត្រពិធីតែងតាំង ។ វិញ្ញាបនបត្រនេះត្រូវចុះហត្ថលេខាដោយប្រធានស្តេក ហើយជូនទៅបុគ្គលរូបនោះ ។
ពីមុនបងប្អូនប្រុសម្នាក់ត្រូវបានសម្ភាសដើម្បីតែងតាំងក្នុងតំណែងមួយក្នុងបព្វជិតភាពអើរ៉ុន នោះស្មៀនប្រើ ធ.ថ.ស. ដើម្បីរៀបចំ កំណត់ត្រាពិធីតែងតាំងបព្វជិតភាពអើរ៉ុន ។ ប៊ីស្សព ឬទីប្រឹក្សាម្នាក់ដែលបានចាត់តាំងដឹកនាំការសម្ភាស និងចុះហត្ថលេខាលើទម្រង់បែបបទនោះ ប្រសិនបើរាល់លក្ខខណ្ឌនៃភាពស័ក្ដិសមត្រូវបានបំពេញ ។
បន្ទាប់ពីការតែងតាំងនោះ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងបំពេញទម្រង់បែបបទនោះ រួចហើយប្រគល់វាទៅឲ្យស្មៀន ។ គាត់កត់ត្រាការតែងតាំងនោះនៅក្នុង ធ.ថ.ស. ហើយរៀបចំវិញ្ញាបនបត្រពិធីតែងតាំង ។
ឈ្មោះស្របច្បាប់បច្ចុប្បន្នរបស់បុគ្គលម្នាក់គួរតែត្រូវបានប្រើនៅលើកំណត់ត្រា និងវិញ្ញាបនបត្រពិធីតែងតាំង ។
១៨.១១
ការធ្វើពិធីញែកចេញសមាជិកឲ្យបម្រើនៅក្នុងការហៅបម្រើ
សមាជិកដែលត្រូវបានហៅ និងគាំទ្រនៅក្នុងការហៅបម្រើក្នុងតំណែងសាសនាចក្រភាគច្រើន គួរតែត្រូវបានញែកចេញដើម្បីបម្រើនៅក្នុងតំណែងនោះ ( សូមមើល យ៉ូហាន ១៥:១៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១១; សូមមើលផងដែរ ៣.៤.៣.១ នៅក្នុងក្បួនខ្នាតនេះ ) ។ នៅអំឡុងពេលធ្វើការញែកចេញ បុគ្គលរូបនេះត្រូវបានផ្តល់ឲ្យនូវ ( ១ ) សិទ្ធិអំណាចដើម្បីធ្វើការហៅបម្រើនេះ និង ( ២ ) ពាក្យពេចន៍នៃពរជ័យតាមដែលត្រូវបានដឹកនាំដោយព្រះវិញ្ញាណ ។
ប្រធានស្តេក ប៊ីស្សព និងប្រធានកូរ៉ុមទទួលកូនសោនៃគណៈប្រធាន នៅពេលពួកគេត្រូវបានញែកចេញ ( សូមមើល ៣.៤.១.១ ) ។ ទោះជាយ៉ាងណាក៏ដោយ ពាក្យថា កូនសោ មិនគួរត្រូវបានប្រើ នៅពេលធ្វើពិធីញែកចេញសមាជិកចំពោះការបម្រើនៅក្នុងការហៅបម្រើផ្សេងទៀតឡើយ រួមទាំងទីប្រឹក្សានៅក្នុងគណៈប្រធានផងដែរ ។
សម្រាប់ព័ត៌មានអំពីការហៅ ការតែងតាំង និងការញែកចេញរបស់ប៊ីស្សព សូមមើល ៣០.៧ ។
១៨.១១.១
បុគ្គលដែលធ្វើពិធីញែកចេញ
ការធ្វើពិធីញែកចេញគឺត្រូវបានធ្វើឡើងដោយអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ។ គាត់ត្រូវតែទទួលការអនុម័តពីថ្នាក់ដឹកនាំដែលកាន់កូនសោបព្វជិតភាពត្រឹមត្រូវ ។ អស់អ្នកដែលត្រូវបានអនុញ្ញាតឲ្យធ្វើការញែកចេញត្រូវបានបង្ហាញនៅក្នុង ៣០.៨ ។ តំណែងជាអែលឌើរម្នាក់មិនគួរធ្វើជាអ្នកពោលពាក្យ ឬឈរនៅក្នុងរង្វង់ឡើយ នៅពេលដែលមានបុរសម្នាក់ត្រូវធ្វើពិធីញែកចេញក្នុងការហៅបម្រើមួយ ដែលវាតម្រូវឲ្យបុរសនោះគឺជាសង្ឃជាន់ខ្ពស់ ។
ក្រោមការដឹកនាំនៃថ្នាក់ដឹកនាំជាអធិបតី អ្នកកាន់បព្វជិតភាពម្នាក់ ឬច្រើននាក់អាចចូលរួមនៅក្នុងការធ្វើពិធីញែកចេញបាន ។ ប្រធានត្រូវទទួលពិធីញែកចេញមុនទីប្រឹក្សារបស់ពួកគាត់ ។
ថ្នាក់ដឹកនាំជាអធិបតីអាចអនុញ្ញាតឲ្យស្វាមី ឬឪពុកដែលជាអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកឈរនៅក្នុងរង្វង់សម្រាប់ការធ្វើពិធីញែកចេញឲ្យភរិយា ឬកូនៗរបស់គាត់បាន ទោះបីជាគាត់គ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើល ១៨.៣ ) ។
១៨.១១.២
សេចក្តីណែនាំ
អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ឬច្រើននាក់ដាក់ដៃលើក្បាលរបស់បុគ្គលរូបនេះថ្នមៗ ។ បន្ទាប់មក បុគ្គលដែលត្រូវពោលពាក្យ ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ធ្វើពិធីញែកចេញបុគ្គលនោះចំពោះការហៅនៅក្នុងស្តេក វួដ កូរ៉ុម ឬថ្នាក់ ។
-
ប្រគល់កូនសោ ប្រសិនបើបុគ្គលរូបនេះគួរតែទទួលបាន ។
-
ផ្ដល់ពរជ័យដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ការធ្វើពិធីញែកចេញពុំមែនជាការប្រជុំផ្លូវការមួយដែលមានការអធិស្ឋាន ឬការថ្លែងទីបន្ទាល់នោះទេ ។ វាក៏ពុំមែនជាពេលដែលត្រូវផ្តល់សេចក្តីណែនាំលម្អិតនោះដែរ ។ សេចក្តីណែនាំទាំងនោះផ្តល់ឲ្យនៅអំឡុងពេលធ្វើការបំពាក់បំប៉នពុំមែនជាផ្នែកមួយនៃការប្រសិទ្ធពរនោះទេ ។
១៨.១២
ការឧទ្ទិសប្រេង
អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកត្រូវតែឧទិ្ទសប្រេងអូលីវ ពីមុនវាត្រូវបានលាបលើអ្នកឈឺ ឬអ្នកជួបទុក្ខលំបាក ( សូមមើល យ៉ាកុប ៥:១៤ ) ។ មិនអាចប្រើប្រេងដទៃទៀតឡើយ ។
សមាជិកទាំងឡាយមិនគួរយកប្រេងដែលបានឧទិ្ទសទៅបរិភោគ ឬយកវាទៅលាបនៅកន្លែងដែលឈឺលើរាងកាយឡើយ ។
១៨.១២.១
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
អ្នកកាន់បព្វជិតភាពម្នាក់ ឬច្រើននាក់អាចឧទិ្ទសប្រេងបាន ។ ពួកគេពុំចាំបាច់ស្វែងរកការអនុម័តពីអ្នកដឹកនាំបព្វជិតភាពឡើយ ។
១៨.១២.២
សេចក្តីណែនាំ
ដើម្បីឧទិ្ទសប្រេង អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ៖
-
កាន់ដបប្រេងបើកមាត់ដបឲ្យចំហ ។
-
ពោលទៅកាន់ព្រះវរបិតាសួគ៌ដូចជានៅក្នុងការអធិស្ឋាន ។
-
ថ្លែងថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ឧទិ្ទសប្រេង ( ពុំមែនដបនោះទេ ) ហើយញែកវាចេញសម្រាប់ការលាបប្រេង និងប្រសិទ្ធពរដល់អ្នកឈឺ និងអ្នកជួបទុក្ខលំបាក ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១៣
ការព្យាបាលអ្នកឈឺ
ជាធម្មតា ការព្យាបាលអ្នកឈឺគួរតែបានធ្វើឡើងតាមសំណើរបស់បុគ្គលដែលទទួលការប្រសិទ្ធពរ ឬតាមសំណើរបស់អ្នកដទៃទៀតដែលមានការព្រួយបារម្ភ ដូច្នេះពរជ័យនឹងទទួលបានស្របតាមសេចក្តីជំនឿរបស់ពួកគេ ( សូមមើល យ៉ាកុប ៥:១៤; គោលលទ្ធិ និងសេចក្ដីសញ្ញា ២៤:១៣–១៤; ៤២:៤៣–៤៤, ៤៨–៥២ ) ។
ការព្យាបាលអ្នកឈឺ « ដោយការដាក់ដៃលើ » មានពីរផ្នែក ៖ ការលាបប្រេង និងការផ្សារភ្ជាប់ប្រេងជាមួយនឹងការប្រសិទ្ធពរ ។ ប្រសិនបើគ្មានប្រេងដែលបានឧទិ្ទសទេ ការប្រសិទ្ធពរអាចផ្តល់ឲ្យបានដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែកដោយពុំបាច់មានការលាបប្រេង ។
ប្រសិនបើបុគ្គលរូបនោះស្នើសុំការប្រសិទ្ធពរច្រើនជាងម្ដងសម្រាប់ជំងឺដដែល នោះពុំចាំបាច់មានការលាបប្រេងម្ដងទៀតទេ ។ អ្នកកាន់បព្វជិតភាពអាចផ្តល់ការប្រសិទ្ធពរផ្សេងទៀតដោយការដាក់ដៃលើ និងដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។ ទោះជាយ៉ាងណាក្តី ការលាបប្រេងម្តងទៀតក៏អាចត្រូវធ្វើឡើងផងដែរ ។
អ្នកកាន់បព្វជិតភាពដែលទៅសួរសុខទុក្ខនៅមន្ទីរពេទ្យ មិនគួរសុំឱកាសដើម្បីព្យាបាលដល់អ្នកឈឺឡើយ ។
១៨.១៣.១
អ្នកដែលផ្តល់ការប្រសិទ្ធពរ
មានតែអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកដែលមានភាពស័ក្ដិសមប៉ុណ្ណោះ ដែលអាចធ្វើការព្យាបាលដល់អ្នកឈឺ ឬអ្នកជួបការលំបាកបាន ។ ពួកគេពុំចាំបាច់ស្វែងរកការអនុម័តពីអ្នកដឹកនាំបព្វជិតភាពឡើយ ។ ប្រសិនបើអាចធ្វើទៅបាន ឪពុកដែលកាន់បព្វជិតភាពម៉ិលគីស្សាដែកធ្វើការព្យាបាលដល់សមាជិកគ្រួសារដែលឈឺរបស់គាត់ ។
ជាធម្មតា អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកពីរ ឬច្រើននាក់ធ្វើការព្យាបាលដល់អ្នកឈឺ ។ ទោះជាយ៉ាងណាក្តី មនុស្សម្នាក់ក៏អាចធ្វើការលាបប្រេង និងការផ្សារភ្ជាប់បានដែរ ។
១៨.១៣.២
សេចក្តីណែនាំ
ការព្យាបាលអ្នកឈឺមានពីរផ្នែក ៖ ការលាបប្រេង និងការផ្សារភ្ជាប់ប្រេង ។
ការលាបប្រេងគឺត្រូវធ្វើឡើងដោយអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ។ គាត់ ៖
-
បន្ដក់ប្រេងដែលបានឧទិ្ទសមួយតំណក់នៅលើក្បាលរបស់បុគ្គលរូបនោះ ។
-
ដាក់ដៃរបស់គាត់ថ្នមៗនៅលើក្បាលរបស់បុគ្គលរូបនោះ ហើយហៅឈ្មោះរបស់បុគ្គលតាមឈ្មោះពេញរបស់ពួកគេ ។
-
ថ្លែងថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ថ្លែងថា គាត់កំពុងលាបប្រេងដែលត្រូវបានឧទ្ទិសសម្រាប់ការលាបប្រេង និងការផ្តល់ពរជ័យដល់អ្នកឈឺ និងអ្នកជួបទុក្ខលំបាក ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ដើម្បីផ្សារភ្ជាប់ប្រេង អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ឬច្រើននាក់ដាក់ដៃរបស់ពួកគេថ្នមៗលើក្បាលរបស់បុគ្គលរូបនោះ ។ បន្ទាប់មក បុគ្គលម្នាក់ដែលធ្វើការផ្សារភ្ជាប់ប្រេង ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។
-
ថ្លែងថា គាត់កំពុងផ្សារភ្ជាប់ប្រេងដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ផ្ដល់ពរជ័យដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១៤
ការប្រសិទ្ធពរលួងលោមចិត្ត និងការប្រឹក្សា រួមទាំងការប្រសិទ្ធពររបស់លោកឪពុកផងដែរ
១៨.១៤.១
អ្នកដែលផ្តល់ការប្រសិទ្ធពរ
អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចផ្តល់ការរប្រសិទ្ធពរលួងលោមចិត្ត និងការប្រឹក្សាដល់សមាជិកគ្រួសារ និងមនុស្សដទៃទៀតដែលបានស្នើសុំពួកគេ ។ ជាធម្មតា ពរជ័យទាំងនេះត្រូវបានផ្តល់ឲ្យដោយសមាជិកគ្រួសារ បងប្អូនប្រុសដែលការធ្វើការងារបម្រើ ឬថ្នាក់ដឹកនាំបព្វជិតភាព ។
ឪពុកដែលកាន់បព្វជិតភាពម៉ិលគីស្សាដែកអាចផ្តល់ការប្រសិទ្ធពររបស់ឪពុកដល់កូនៗរបស់គាត់បាន ។ ការណ៍នេះអាចជួយជាពិសេស នៅពេលកូនៗចូលរៀន ទៅបម្រើបេសកកម្ម រៀបការ ចូលបម្រើកងទ័ព ឬប្រឈមមុខនឹងឧបសគ្គពិសេសនានា ។ ឪពុកម្តាយលើកទឹកចិត្តឲ្យកូនៗរបស់ពួកគាត់សូមការប្រសិទ្ធពររបស់ឪពុក នៅពេលដែលត្រូវការ ។ ការប្រសិទ្ធពររបស់ឪពុកអាចត្រូវបានកត់ត្រាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនបាន ។
អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកមិនចាំបាច់សូមការអនុម័តពីថ្នាក់ដឹកនាំបព្វជិតភាព ដើម្បីផ្តល់ការប្រសិទ្ធពរលួងលោមចិត្ត និងការប្រឹក្សា ឬការប្រសិទ្ធពររបស់ឪពុកនោះទេ ។
១៨.១៤.២
សេចក្តីណែនាំ
ដើម្បីផ្តល់ការប្រសិទ្ធពរលួងលោមចិត្ត និងការប្រឹក្សា ឬការប្រសិទ្ធពររបស់ឪពុក អ្នកកាន់បព្វជិតភាពម្នាក់ ឬច្រើននាក់ដាក់ដៃថ្មមៗលើក្បាលរបស់បុគ្គលរូបនោះ ។ បន្ទាប់មក បុគ្គលដែលត្រូវពោលពាក្យ ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។
-
ថ្លែងថា ការប្រសិទ្ធពរនោះត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ផ្តល់ការប្រសិទ្ធពរ ការលួងលោមចិត្ត និងពាក្យទូន្មានតាមដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១៥
ការឧទ្ទិសឆ្លងគេហដ្ឋាន
សមាជិកនៃសាសនាចក្រអាចឧទ្ទិសឆ្លងគេហដ្ឋានរបស់ពួកគេដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែកបាន ។ គេហដ្ឋាននោះពុំចាំបាច់ជាកម្មសិទ្ធផ្ទាល់ខ្លួន ឬមិនជំពាក់បំណុលទើបអាចឧទិ្ទសបានឡើយ ។ មិនដូចជាអគារសាសនាចក្រឡើយ គេហដ្ឋានគឺមិនចាំបាច់ឧទ្ទិសថ្វាយព្រះអម្ចាស់ឡើយ ។
១៨.១៥.១
បុគ្គលដែលធ្វើការឧទ្ទិស
គេហដ្ឋានគឺត្រូវឧទ្ទិសដោយអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ។ ប្រសិនបើពុំមានអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកនៅក្នុងផ្ទះទេ ៖
-
ក្រុមគ្រួសារអាចអញ្ជើញមិត្តភក្តិជិតស្និទ្ធ សាច់ញាតិ ឬបងប្អូនប្រុសដែលការធ្វើការងារបម្រើដែលជាអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកឲ្យឧទ្ទិសឆ្លងផ្ទះបាន ។ បុគ្គលដែលត្រូវធ្វើការឧទ្ទិសនេះពុំចាំបាច់សូមការអនុម័តពីថ្នាក់ដឹកនាំបព្វជិតភាពឡើយ ។
-
ក្រុមគ្រួសារអាចជួបជុំគ្នា ហើយធ្វើការអធិស្ឋានតាមដែលបានដឹកនាំដោយព្រះវិញ្ញាណ ។ អ្នកអធិស្ឋានអាចរួមបញ្ចូលនូវកិច្ចការដូចបានលើកឡើងនៅក្នុង ១៨.១៥.២ លេខ ៣ ។
១៨.១៥.២
សេចក្តីណែនាំ
ដើម្បីឧទិ្ទសគេហដ្ឋានមួយ អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក ៖
-
ពោលទៅកាន់ព្រះវរបិតាសួគ៌ដូចជានៅក្នុងការអធិស្ឋាន ។
-
ថ្លែងថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ឧទ្ទិសផ្ទះនេះជាទីកន្លែងពិសិដ្ឋមួយដែលព្រះវិញ្ញាណបរិសុទ្ធអាចគង់នៅ ហើយថ្លែងពាក្យពេចន៍ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។ ឧទាហរណ៍ គាត់អាចប្រសិទ្ធពរផ្ទះនោះឲ្យធ្វើជាកន្លែងដែលសមាជិកគ្រួសារអាចថ្វាយបង្គំ ជាជម្រកសុវត្ថិភាពពីលោកិយ រីកចម្រើនខាងវិញ្ញាណ និងរៀបចំខ្លួនសម្រាប់ទំនាក់ទំនងគ្រួសារដ៏នៅអស់កល្បជានិច្ច ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១៦
ការឧទ្ទិសឆ្លងផ្នូរ
១៨.១៦.១
អ្នកដែលឧទ្ទិសឆ្លងផ្នូរ
បុគ្គលដែលឧទ្ទិសឆ្លងផ្នូរគួរតែកាន់បព្វជិតភាពម៉ិលគីស្សាដែក ហើយត្រូវបានអនុញ្ញាតដោយថ្នាក់ដឹកនាំបព្វជិតភាពដែលធ្វើជាអធិបតីនៅក្នុងកម្មវិធី ។
ប្រសិនបើក្រុមគ្រួសារចង់បាន អ្នកធ្វើការអធិស្ឋានអាចផ្តល់ការអធិស្ឋានបញ្ចុះសព ជំនួសឲ្យការអធិស្ឋានឧទ្ទិសឆ្លងផ្នូរ ។ ការអធិស្ឋាននេះអាចផ្តល់ឲ្យដោយនរណាម្នាក់ដែលសមាជិកគ្រួសារជ្រើសរើស ។
ដើម្បីធ្វើជាអ្នកពោលពាក្យឧទ្ទិសឆ្លងផ្នូរ បើបុគ្គលនោះរស់នៅក្រៅវួដរបស់ខ្លួនត្រូវតែបង្ហាញប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពទៅកាន់ថ្នាក់ដឹកនាំបព្វជិតភាពដែលធ្វើជាអធិបតីនៅក្នុងកម្មវិធីនេះ ។ ឬគាត់អាចបង្ហាញលិខិតចេញអនុសាសន៍ឲ្យធ្វើពិធីបរិសុទ្ធមួយដែលបានចុះហត្ថលេខាដោយសមាជិកមួយរូបនៃគណៈប៊ីស្សពរបស់គាត់ ។
១៨.១៦.២
សេចក្តីណែនាំ
ដើម្បីឧទិ្ទសឆ្លងផ្នូរ អ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ ៖
-
ពោលទៅកាន់ព្រះវរបិតាសួគ៌ដូចជានៅក្នុងការអធិស្ឋាន ។
-
ថ្លែងថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែក ។
-
ឧទ្ទិស និងញែកកន្លែងបញ្ចុះសពជាកន្លែងសម្រាកសម្រាប់សព ។
-
អធិស្ឋានសូមឲ្យកន្លែងនេះនឹងមានភាពពិសិដ្ឋ និងការការពាររហូតដល់ការរស់ឡើងវិញ ( តាមដែលសមរម្យ ) ។
-
ទូលទៅព្រះវរបិតាសួគ៌សូមឲ្យលួងលោមចិត្តដល់ក្រុមគ្រួសារ និងពោលពាក្យតាមដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ប្រសិនបើសពរបស់សមាជិកសាសនាចក្រត្រូវបានបូជា នោះថ្នាក់ដឹកនាំដែលធ្វើជាអធិបតីប្រើការវិនិច្ឆ័យរបស់គាត់ដើម្បីសម្រេចចិត្តថា តើត្រូវឧទ្ទិសនៅកន្លែងដែលធាតុត្រូវបានរក្សាទុកឬអត់ ។ គាត់ពិចារណាពីបំណងប្រាថ្នារបស់ក្រុមគ្រួសារ និងទំនៀមទម្លាប់ ហើយនិងច្បាប់ក្នុងស្រុក ។ បងប្អូនប្រុសដែលជាអ្នកពោលពាក្យ បត់បែនសេចក្តីណែនាំសម្រាប់ការឧទិ្ទសឆ្លងផ្នូរ ។
១៨.១៧
ពររបស់លោកអយ្យកោ
រាល់សមាជិកដែលបានទទួលពិធីបុណ្យជ្រមុជទឹក និងមានភាពស័ក្តិសមគ្រប់រូប មានសិទ្ធិទទួលពររបស់លោកអយ្យកោ ដែលផ្តល់ការដឹកនាំដ៏បំផុសគំនិតមកពីព្រះវរបិតាសួគ៌ ( សូមមើល លោកុប្បត្តិ ៤៨:១៤–១៦; ៤៩; នីហ្វៃទី២ ៤:៣–១១ ) ។ ឪពុកម្តាយ និងថ្នាក់ដឹកនាំសាសនាចក្រលើកទឹកចិត្តសមាជិកឲ្យរៀបចំខ្លួនខាងវិញ្ញាណ ដើម្បីទទួលពររបស់លោកអយ្យកោរបស់ពួកគេ ។
ប៊ីស្សព ឬទីប្រឹក្សាម្នាក់ដែលបានចាត់តាំង សម្ភាសសមាជិកដែលចង់ទទួលពររបស់លោកអយ្យកោ ។ ប្រសិនបើសមាជិកមានភាពស័ក្តិសម នោះអ្នកសម្ភាសរៀបចំចេញប័ណ្ណពររបស់លោកអយ្យកោឲ្យ ។ គាត់បញ្ជូនវាតាមរយៈ ប្រព័ន្ធពររបស់លោកអយ្យកោ នៅលើគេហទំព័រ ChurchofJesusChrist.org ។
បុគ្គលដែលចេញប័ណ្ណពររបស់លោកអយ្យកោត្រូវប្រាកដថា សមាជិករូបនេះគឺចាស់ទុំល្មមគ្រប់គ្រាន់ ដើម្បីយល់អំពីសារៈសំខាន់ និងភាពពិសិដ្ឋនៃពរនោះ ។ ជាការប្រសើរបំផុតនោះ សមាជិកគួរតែមានវ័យក្មេងល្មម និងមានការសម្រេចចិត្តសំខាន់ៗជាច្រើនក្នុងជីវិតនៅចំពោះមុខនៅឡើយ ។ ប៉ុន្ដែមជ្ឈិមវ័យដែលមានវ័យចំណាស់ជាងនេះ ក៏ត្រូវបានលើកទឹកចិត្តឲ្យទទួលបានពររបស់លោកអយ្យកោរបស់ពួកគេផងដែរ ។ ថ្នាក់ដឹកនាំបព្វជិតភាពមិនគួរកំណត់អាយុតិចបំផុតសម្រាប់សមាជិកមួយរូបក្នុងការទទួលពររបស់លោកអយ្យកោនោះទេ ។
អ្នកផ្លាស់ប្រែចិត្តជឿថ្មីគួរតែយល់ដឹងអំពីគោលលទ្ធិគ្រឹះនៃដំណឹងល្អ មុនពេលទទួលការប្រសិទ្ធពររបស់លោកអយ្យកោ ។
សម្រាប់ព័ត៌មានអំពីពររបស់លោកអយ្យកោសម្រាប់កាលៈទេសៈពិសេស សូមមើល ៣៨.២.១០ ។
១៨.១៧.១
ការទទួលពររបស់លោកអយ្យកោ
បន្ទាប់ពីទទួលប័ណ្ណនេះហើយ សមាជិកទាក់ទងទៅលោកអយ្យកោដើម្បីធ្វើការណាត់ជួបទទួលពររបស់លោកអយ្យកោ ។ ដល់ថ្ងៃណាត់ជួប សមាជិកគួរទៅជួបលោកអយ្យកោដោយមានឥរិយាបថពោរពេញដោយការអធិស្ឋាន និងស្លៀកសម្លៀកបំពាក់ថ្ងៃអាទិត្យ ។ សមាជិកអាចតមអាហារបាន ប៉ុន្តែមិនមែនជាតម្រូវការនោះទេ ។
រាល់ពររបស់លោកអយ្យកោនីមួយៗគឺពិសិដ្ឋ សម្ងាត់ និងផ្ទាល់ខ្លួន ។ ហេតុដូច្នោះហើយ ពរនេះត្រូវផ្តល់ឲ្យជាលក្ខណៈឯកជន លើកលែងតែសមាជិកគ្រួសារ ប៉ុន្ដែការចូលរួមត្រូវមានកំណត់ ។
បុគ្គលដែលទទួលពររបស់លោកអយ្យកោគួរតែឲ្យតម្លៃដល់ពាក្យពេចន៍ក្នុងពរជ័យនេះ សញ្ជឹងគិតពីពរជ័យនេះ ហើយរស់នៅឲ្យមានភាពស័ក្តិសមតាមការសន្យារបស់ពរជ័យនេះនៅក្នុងជីវិតនេះ និងភាពអស់កល្បជានិច្ច ។
សមាជិកសាសនាចក្រមិនគួរប្រៀបធៀបពរជ័យនេះ និងមិនគួរចែកចាយពរជ័យនេះឡើយ លើកលែងតែសមាជិកគ្រួសារដែលជិតដិតប៉ុណ្ណោះ ។ ពររបស់លោកអយ្យកោមិនគួរយកមកអាននៅក្នុងការប្រជុំក្នុងសាសនាចក្រ ឬទីកន្លែងជួបជុំជាសាធារណៈឡើយ ។
ប្រសិនបើពររបស់លោកអយ្យកោមិនបានរៀបរាប់ពីពូជអំបូរទេ នោះលោកអយ្យកោអាចបន្ថែមការប្រកាសពីពូជអំបូរនៅពេលក្រោយបាន ។
១៨.១៧.២
ការទទួលបានសំណៅចម្លងនៃពររបស់លោកអយ្យកោ
បុគ្គលដែលបានទទួលពររបស់លោកអយ្យកោគួរថែរក្សាសំណៅចម្លងបោះពុម្ពឲ្យមានសុវត្ថិភាព ។ ទោះជាយ៉ាងណាក្តី ប្រសិនបើសំណៅចម្លងនេះបាត់ ឬខូច បុគ្គលរូបនេះអាចស្នើសុំថ្មីទៀតបាន ។ ពួកគេអាចធ្វើការស្នើសុំតាម ពររបស់លោកអយ្យកោ នៅលើគេហទំព័រ ChurchofJesusChrist.org ។ ប្រសិនបើវាមិនអាចធ្វើទៅបានទេ នោះបុគ្គលរូបនេះអាចទាក់ទងទៅប៊ីស្សពរបស់ពួកគេសូមជំនួយ ។
១៨.១៧.៣
ព័ត៌មានបន្ថែម
សម្រាប់ព័ត៌មានបន្ថែមអំពីពររបស់លោកអយ្យកោ សូមមើល ៣៨.២.១០ និង « ពររបស់លោកអយ្យកោ » ។
១៨.១៨
អំណោយទានពិសិដ្ឋ និងការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
សម្រាប់ព័ត៌មានអំពីអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ សូមមើល ជំពូកទី ២៧ ។
១៨.១៩
តារាងនៃការតែងតាំង
|
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានសម្ភាស និងតែងតាំងដោយ |
|---|---|---|---|---|
តំណែង លោកអយ្យកោ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ | បានគាំទ្រដោយ សមាជិកនៅក្នុងសន្និសីទស្ដេក | បានសម្ភាស និងតែងតាំងដោយ ប្រធានស្ដេកបន្ទាប់ពីទទួលបានការអនុម័តមកពីកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឬសមាជិកមួយរូបក្នុងគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកសាវកដប់ពីរនាក់ |
តំណែង សង្ឃជាន់ខ្ពស់ | បានចេញអនុសាសន៍ដោយ ប៊ីស្សព និងគណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ សមាជិកនៅក្នុងសន្និសីទស្ដេក | បានសម្ភាស និងតែងតាំងដោយ បានសម្ភាសដោយប៊ីស្សព និងដោយប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំងមួយរូប បានតែងតាំងនៅក្រោមការដឹកនាំនៃប្រធានស្តេក |
តំណែង អែលឌើរ | បានចេញអនុសាសន៍ដោយ ប៊ីស្សព | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ សមាជិកនៅក្នុងសន្និសីទស្ដេក ឬសន្និសីទមណ្ឌល | បានសម្ភាស និងតែងតាំងដោយ បានសម្ភាសដោយប៊ីស្សព និងដោយប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំងមួយរូប ( នៅក្នុងមណ្ឌល បានសម្ភាសដោយសមាជិកមួយរូបនៃគណៈប្រធានបេសកកម្ម ឬដោយប្រធានមណ្ឌល ប្រសិនបើបានចាត់តាំង; សូមមើល ៦.៣ ) ។ បានតែងតាំងនៅក្រោមការដឹកនាំរបស់ប្រធានស្តេក ( នៅក្នុងមណ្ឌល បានតែងតាំងនៅក្រោមការដឹកនាំរបស់ប្រធានបេសកកម្ម ឬប្រធានមណ្ឌល ប្រសិនបើបានចាត់តាំង ) |
តំណែង ប៊ីស្សព | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក ដោយប្រើ ធ.ថ.ស. | បានអនុម័តដោយ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ | បានគាំទ្រដោយ សមាជិកនៅក្នុងការប្រជុំសាក្រាម៉ង់ | បានសម្ភាស និងតែងតាំងដោយ ប្រធានស្តេក បន្ទាប់ពីទទួលបានការអនុម័តមកពីគណៈប្រធានទីមួយ ( សូមមើល ៣០.៧ ) |
តំណែង សង្ឃ | បានចេញអនុសាសន៍ដោយ ប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកនៅក្នុងការប្រជុំសាក្រាម៉ង់ | បានសម្ភាស និងតែងតាំងដោយ បានសម្ភាសដោយប៊ីស្សព បានតែងតាំងនៅក្រោមការដឹកនាំរបស់ប៊ីស្សព |
តំណែង គ្រូ ឬឌីកុន | បានចេញអនុសាសន៍ដោយ ប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកនៅក្នុងការប្រជុំសាក្រាម៉ង់ | បានសម្ភាស និងតែងតាំងដោយ បានសម្ភាសដោយប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់មួយរូប បានតែងតាំងនៅក្រោមការដឹកនាំរបស់ប៊ីស្សព |