ក្បួនខ្នាត និង​ការហៅ
១៤. សមាជិក​នៅ​លីវ


« ១៤. សមាជិក​នៅ​លីវ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ១៤. សមាជិក​នៅ​លីវ » ក្បួនខ្នាត​ទូទៅ ។

១៤.

សមាជិក​នៅ​លីវ

១៤.០

សេចក្ដីផ្ដើម

ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ទ្រង់ ហើយ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ( សូមមើល នីហ្វៃទី​២ ២៦:២៤ ) ។ បុរស និង​ស្ដ្រី​ដែល​មិន​ទាន់​បាន​រៀបការ ឬ​ដែល​បាន​លែងលះ ឬ​ដែល​មេម៉ាយ ឬ​ពោះម៉ាយ​ដោយ​ស្វាមី ឬ​ភរិយា​បាន​ស្លាប់ បង្កើត​ជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ ។ វា​សំខាន់​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ដើម្បី​ស្វែងរក​សេចក្ដី​សង្ឃឹម​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អេធើរ ១២:៤ ) ។ សេចក្ដីពិត​ដ៏​អស់កល្ប​ខាង​ក្រោម​នេះ អាច​ជួយ​បង្កើត​សេចក្ដី​សង្ឃឹម​បែបនោះ ៖

  • ព្រះគម្ពីរ និង​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ​បញ្ជាក់​ថា មនុស្ស​គ្រប់គ្នា​ដែល​ស្មោះត្រង់​ក្នុង​ការរក្សា​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ នឹង​មាន​ឱកាស​សម្រាប់​ភាព​តម្កើង​ឡើង ។

  • ពេលវេលា និង​របៀប​ជាក់លាក់ ដែល​ពរជ័យ​នៃ​ភាពតម្កើង​ឡើង​ត្រូវបាន​ប្រទាន​ឲ្យ មិន​ត្រូវបាន​បើក​សម្ដែង​ទាំងអស់​ទេ ។ ប៉ុន្តែ​ទោះជាយ៉ាងណា វា​ត្រូវបាន​ធានា ( សូមមើល ម៉ូសាយ ២:៤១ ) ។

  • ការរង់ចាំ​ព្រះអម្ចាស់​មាន​ន័យ​ថា ការបន្ដ​គោរព​ប្រតិបត្តិ និង​រីក​ចម្រើន​ខាង​វិញ្ញាណ​ឆ្ពោះ​ទៅកាន់​ទ្រង់ ( សូមមើល អេសាយ ៦៤:៤ ) ។

  • ព្រះ​ប្រទាន​ជីវិត​ដ៏​អស់កល្ប​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់ ។ អស់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​អំណោយ​នៃ​ការ​អត់ទោស​ដ៏​សប្បុរស​របស់​ព្រះអង្គសង្គ្រោះ ហើយ​រស់នៅ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ នឹង​ទទួល​ជីវិត​អសកល្ប​ជានិច្ច ។ ( សូមមើល ម៉ូសាយ ២៦:៣០; មរ៉ូណៃ ៦:៨ ) ។

  • ការមាន​ទំនុកចិត្ត​លើ​ការធានា​អះអាង​ទាំងនេះ បានមក​ពី​ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ព្រះគុណ​របស់​ទ្រង់ នោះ​អ្វីៗ​ទាំងអស់​ដែល​ទាក់ទង​នឹង​ជីវិត​រមែង​ស្លាប់​ត្រូវ​បាន​កំណត់​យ៉ាង​ត្រឹមត្រូវ ( សូមមើល អាលម៉ា ៧:១១–១៣ ) ។

ព្រះអម្ចាស់​ត្រូវការ​សមាជិក​ទាំងអស់ ដើម្បី​ជួយ​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ​ក្នុង​វួដ និង​ស្តេក​របស់​ពួកគេ ( សូមមើល កូរិនថូស ទី១ ១២:១២–២៧ ) ។ ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ សមាជិក​នៅ​លីវ​អាច​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​តំណែង​ជា​ថ្នាក់ដឹកនាំ និង​បង្រៀន ។ ការហៅ​ជា​ថ្នាក់ដឹកនាំ អាច​រួម​មាន​ការបម្រើ​នៅក្នុង​តំណែង​ដូច​ខាង​ក្រោម​នេះ ៖

  • គណៈប្រធាន​អង្គការ​វួដ និង​ស្ដេក

  • គណៈប្រធានកូរ៉ុមអែលឌើរ

  • ទីប្រឹក្សា​របស់​គណៈ​ប៊ីស្សព

  • ទី​ប្រឹក្សា​ជាន់​ខ្ពស់

  • ទីប្រឹក្សា​គណៈប្រធាន​ស្តេក

នៅក្នុង​ជំពូក​នេះ ៖

  • « សមាជិក​នៅ​លីវ » សំដៅ​ដល់​សមាជិក​ជា​មជ្ឈិមវ័យ​ទាំងអស់​របស់​សាសនាចក្រ ដែល​មិន​រៀបការ​នា​ពេល​បច្ចុប្បន្ន ។

  • « យុវមជ្ឈិមវ័យ​នៅលីវ » សំដៅ​ដល់​អស់​អ្នក​ណា​ដែល​មាន​អាយុ ១៨–៣០ ឆ្នាំ ។

  • « មជ្ឈិមវ័យ​នៅលីវ » សំដៅ​ដល់​អស់​អ្នក​ណា​ដែល​មាន​អាយុ ៣១ ឆ្នាំ​ឡើង​ទៅ ។

១៤.១

សមាជិក​នៅ​លីវ​នៅក្នុង​អង្គភាព​តាម​ភូមិសាស្ដ្រ

សមាជិក​នៅ​លីវ​ភាគច្រើន​ចូលរួម​នៅក្នុង​អង្គភាព​តាម​ភូមិសាស្ដ្រ​មួយ ជាមួយ​នឹង​សមាជិក​គ្រប់​អាយុ​ទាំងអស់ ។ ពួកគេ​មាន​ឱកាស​ដើម្បី​បម្រើ បង្រៀន ដឹកនាំ និង​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ក្នុង​ស្ថានភាព​ជាច្រើន ។

១៤.១.១

ថ្នាក់ដឹកនាំ​ស្តេក

១៤.១.១.១

គណៈប្រធាន​ស្តេក

ការចូលរួម​របស់​គណៈ​ប្រធាន​ស្តេក​មាន​សារៈសំខាន់​ជា​ពិសេស នៅក្នុង​ការបញ្ចូល​សមាជិ​នៅ​លីវ​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ។

ប្រធាន​ស្តេក​អាច​ចាត់​ឲ្យ​ទី​ប្រឹក្សា​មួយ​រូប​របស់​គាត់ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់ ឲ្យ​បម្រើ​ជា​មួយ​នឹង​មជ្ឈិមវ័យ​នៅ​លីវ ។ គាត់​ក៏​អាច​ចាត់​ឲ្យ​ទី​ប្រឹក្សា​មួយ​រូប និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់ ឲ្យ​បម្រើ​ជា​មួយ​នឹង​យុវមជ្ឈិម​វ័យ​នៅ​លីវ​ផងដែរ ។ ទីប្រឹក្សា និង​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ដដែល​នោះ អាច​ត្រូវបាន​ចាត់​ទៅ​បម្រើ​ក្នុង​ក្រុម​ទាំងពីរ​បាន ។

គណៈប្រធាន​ស្តេក​ផ្ដោត​ការយកចិត្ត​ទុកដាក់​ជា​ពិសេស​ចំពោះ​យុវមជ្ឈិមវ័យ​នៅ​លីវ—ដូចជា​ពួកគាត់​យកចិត្ត​ទុកដាក់​ចំពោះ​សមាជិក​នៃ​ជំនាន់​ដែល​កំពុង​ពេញវ័យ​ទាំងអស់​ដែរ ។

គណៈប្រធាន​ស្តេក​សម្រេច​ថា​តើ​សកម្មភាព​ទាំងឡាយ​ណា​ខ្លះ​សម្រាប់​យុវមជ្ឈិមវ័យ​នៅ​លីវ ដែល​គួរតែ​ធ្វើ​ឡើង​នៅ​កម្រិត​វួដ កម្រិត​ស្ដេក ឬ​កម្រិត​ទាំងពីរ​បញ្ចូល​គ្នា ។ សកម្មភាព​ទាំងឡាយ​សម្រាប់​មជ្ឈិមវ័យ​នៅ​លីវ ដែល​ធ្វើ​ឡើង​នៅ​កម្រិត​ស្ដេក និង​ពហុស្ដេក ។ ( សូម​មើល ជំពូកទី ២០ ) ។

នៅពេល​មាន​ចំនួន​សមាជិក​នៅ​លីវ​ក្នុង​តំបន់​មួយ​គ្រប់គ្រាន់ នោះ​ប្រធាន​ស្តេក​អាច​ផ្ដល់​អនុសាសន៍​ឲ្យ​បង្កើត​វួដ​យុវមជ្ឈិមវ័យ​នៅ​លីវ ឬ​វួដ​មជ្ឈិមវ័យ​នៅ​លីវ​មួយ ( សូមមើល ១៤.៣ ) ។

ស្តេក ( ឬ​ក្រុម​ស្តេក​ដែល​នៅ​ជិត​គ្នា ) អាច​នឹង​មិន​មាន​ចំនួន​សមាជិក​នៅ​លីវ​គ្រប់​គ្រាន់ ដើម្បី​បង្កើត​ជា​វួដ​យុវមជ្ឈិម​វ័យ​នៅ​លីវ ឬ​មជ្ឈិម​វ័យ​នៅ​លីវ​មួយ ។ ក្នុង​ស្ថានភាព​បែបនេះ គណៈប្រធាន​តំបន់​អាច​ផ្ដល់​សិទ្ធិ​ដល់​ប្រធានស្តេក​ឲ្យ​អញ្ជើញ​សមាជិក​ទាំងនេះ មក​ចូលរួម​ជាសមាជិក​វួដ​ធម្មតា​ដែល​បាន​កំណត់ ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​មជ្ឈិមវ័យ​នៅលីវ ឬ​​យុវមជ្ឈិមវ័យ​បម្រើ និង​ថ្វាយបង្គំ​ជាមួយ​គ្នា ។ គណៈប្រធាន​តំបន់​ធ្វើ​ការប្រឹក្សា​ជាមួយ​នឹង​សមាជិក​នៃ​គណៈប្រធាន​ពួក​ចិតសិប​នាក់​ដែល​បាន​ចាត់តាំង​របស់​ពួកលោក និង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ ។

១៤.១.១.២

គណៈកម្មការ​មជ្ឈិមវ័យ​នៅ​លីវ និង​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​ស្តេក

សមាជិក​នៅ​លីវ​បម្រើ​បុត្រា​បុត្រី​របស់​ព្រះ ដោយ​ការចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ( សូមមើល ១.២ និង ១៤.២ ) ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ដូច្នោះ ប្រធាន​ស្តេក​អាច​បង្កើត​ជា​គណៈកម្មការ​មជ្ឈិមវ័យ​នៅ​លីវ​មួយ ( អាយុ ៣១ ឆ្នាំ​ឡើង​ទៅ ) ។ ពួក​គាត់​ក៏​អាច​បង្កើត​គណៈ​កម្មការ​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​មួយ​ផងដែរ ( អាយុ ១៨–៣០ ឆ្នាំ ) ។ គណៈកម្មការ​ទាំងនេះ​រាយការណ៍​ជា​ទៀងទាត់​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​ស្តេក ។ សមាជិក​នៃ​គណៈកម្មការ​ទាំងនេះ អាច​ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​ការប្រជុំ​ក្រុមប្រឹក្សា​ស្តេក តាម​ការចាំបាច់ ។

ទី​ប្រឹក្សា​មួយ​រូប​នៅ​ក្នុង​គណៈប្រធាន​ស្តេក​ដឹកនាំ​គណៈកម្មការ​នីមួយៗ ។ គណៈកម្មការ​ទាំងនេះ​បង្កើត​ឡើង​ដោយ​មាន​មជ្ឈិមវ័យ​នៅ​លីវ ឬ​យុវមជ្ឈិមវ័យ​នៅ​លីវ​ពីរបី​នាក់​មក​ពី​វួដ​នីមួយៗ ។ គណៈកម្មការ​ក៏​រួមមាន​ទីប្រឹក្សា​ជាន់ខ្ពស់​មួយ​រូប និង​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក​ផងដែរ ។

គណៈកម្មការ​ខិតខំ​គាំទ្រ​ដល់​សមាជិក តាមរយៈ​មិត្តភាព និង​ឱកាស​ទាំងឡាយ​ដើម្បី​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ( សូមមើល ១៤.២ ) ។ គណៈកម្មការ​រៀបចំ​ឲ្យ​មាន​ឱកាស​សម្រាប់​ការរៀនសូត្រ​ដំណឹងល្អ និង​ការបម្រើ និង​សកម្មភាព​នានា ។ គណៈកម្មការ​ទាំងនេះ​ជួបជុំ​គ្នា​តាម​ត្រូវការ ។

គណៈកម្មការ​យុវមជ្ឈិមវ័យ​នៅ​លីវ​សម្របសម្រួល​ជាមួយ​នឹង​កម្មវិធី​ថ្នាក់​វិទ្យាស្ថាន​ដែល​នៅក្នុង​បរិវេណ​សាលា នៅ​កន្លែង​ដែល​មាន ។

ជា​ធម្មតា គណៈកម្មការ​មជ្ឈិមវ័យ​នៅលីវ និង​​យុវមជ្ឈិមវ័យ​នៅ​លីវ​ដំណើរការ​ដោយ​ឡែក​ពី​គ្នា ។

១៤.១.២

ថ្នាក់ដឹកនាំ​វួដ

១៤.១.២.១

គណៈ​ប៊ីស្សព

គណៈប៊ីស្សព​គឺ​ជា​គន្លឹះ​ក្នុង​ការបញ្ចូល​សមាជិក​នៅ​លីវ​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការតម្កើងឡើង ។ ពួកគាត់​ធ្វើ​ការជា​មួយ​នឹង​ក្រុម​ប្រឹក្សា​វួដ ដើម្បី​ស្វែងរក​ការហៅ និង​ការចាត់តាំង​ដែល​ប្រកប​ដោយ​អត្ថន័យ​សម្រាប់​សមាជិក​នៅ​លីវ ។ ពួកគាត់​ទទួល​ស្គាល់ ហើយ​ខិតខំ​ជួយ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ឪពុក ឬ​ម្ដាយ​នៅ​លីវ​ទាំងឡាយ ។

ជា​ទូទៅ គណៈប៊ីស្សព​គាំទ្រ​សមាជិក​នៅ​លីវ ទន្ទឹម​នឹង​ពេល​ដែល​ពួកគាត់​គាំទ្រ​ដល់​សមាជិក​ទាំងអស់​នៃ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ ។ ទោះជា​យ៉ាង​ណា ដោយសារ​តែ​ការទទួល​ខុសត្រូវ​ដ៏​សំខាន់​បំផុត​របស់​ពួកគាត់​ចំពោះ​ជំនាន់​ដែល​កំពុង​ពេញវ័យ នោះ​គណៈប៊ីស្សព​ក៏​ធ្វើកិច្ចការ​ដូច​តទៅ​នេះ​ផងដែរ ៖

  • សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​​ជួប​នឹង​យុវមជ្ឈិមវ័យ​នៅ​លីវ​ម្នាក់ៗ​យ៉ាង​ហោចណាស់​មួយ​ឆ្នាំ​ម្ដង ។

  • គណៈ​ប៊ីស្សព​ទទួល​ការធ្វើ​បច្ចុប្បន្នភាព​ជា​ទៀងទាត់អំពី​សុខុមាលភាព​នៃ​យុវមជ្ឈិម​វ័យ​នៅ​លីវ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្រ្គោះ​ពិភាក្សា​អំពី​សេចក្ដី​ត្រូវការ​របស់​យុវមជ្ឈិមវ័យ​នៅ​លីវ​នៅ​ក្នុង​ការប្រជុំ​ក្រុម​ប្រឹក្សា​វួដ ។ ថ្នាក់ដឹកនាំ​នៃ​គណៈកម្មការ​យុវមជ្ឈិមវ័យ​នៅ​លីវ អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម ។

  • គណៈ​ប៊ីស្សព​អាច​បង្កើត​គណៈ​កម្មការ​យុវមជ្ឈិម​វ័យ​នៅ​លីវវួដ​បាន ( សូមមើល ១៤.១.២.៤ ) ។ ( គណៈកម្មការ​មជ្ឈិមវ័យ​នៅលីវ​សម្រាប់​អស់​អ្នក​ណា​ដែល​មាន​អាយុ ៣១ ឆ្នាំ​ឡើង​ទៅ ត្រូវបាន​បង្កើត​ឡើង​នៅ​កម្រិត​ស្តេក ) ។

១៤.១.២.២

សមាជិក​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្រ្គោះ ដែល​ត្រូវបាន​ចាត់​ឲ្យ​កាន់​ខាង​យុវមជ្ឈិម​វ័យ​នៅ​លីវ

ប្រធាន​កូរ៉ុមអែលឌើរ និង​ប្រធាន​សមាគម​សង្រ្គោះ​ម្នាក់ៗ​អាច​ចាត់តាំង​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​របស់​ពួកគាត់ ឲ្យ​បម្រើ​ជាមួយ​នឹង​យុវមជ្ឈិម​វ័យ​នៅ​លីវ ។ សមាជិក​គណៈប្រធាន​ទាំងនេះ​រៀន​ពី​ភាពខ្លាំង​របស់​យុវមជ្ឈិមវ័យ​នៅ​លីវ ហើយ​ជួយ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួកគេ ។

ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្រ្គោះ​អាច​រាយការណ៍​អំពី​កិច្ច​ខិតខំ​ទាំងនេះ​នៅ​ក្នុង​ការប្រជុំ​ក្រុម​ប្រឹក្សា​វួដ​បាន ។ ថ្នាក់ដឹកនាំ​នៃ​គណៈកម្មការ​យុវមជ្ឈិមវ័យ​នៅ​លីវ អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម ។

សមាជិក​គណៈប្រធាន​ទាំងនេះ​ជា​ផ្នែក​នៃ​គណៈ​កម្មការ​យុវមជ្ឈិម​វ័យ​នៅ​លីវ​វួដ ប្រសិន​បើ​គណៈកម្មការ​នេះ​ត្រូវបាន​បង្កើត​ឡើង ។

១៤.១.២.៣

ថ្នាក់​ដឹកនាំ​យុវមជ្ឈិម​វ័យ​នៅ​លីវ

នៅ​ក្នុង​វួដ​ដែល​មាន​ចំនួន​យុវមជ្ឈិម​វ័យ​នៅ​លីវ​ច្រើន នោះ​គណៈ​ប៊ីស្សព​អាច​ហៅ​បុរស និង​ស្ត្រី​យុវមជ្ឈិម​វ័យ​នៅ​លីវ​មួយ​រូប ឲ្យ​បម្រើ​ជា​អ្នក​ដឹកនាំ​យុវមជ្ឈិម​វ័យ​នៅ​លីវ ។ ការទទួល​ខុសត្រូវ​របស់​ពួកគេ​រួម​មាន ៖

  • ការជួយ​យុវមជ្ឈិមវ័យ​នៅ​លីវ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ( សូមមើល ១៤.២ ) ។

  • ការដឹកនាំ​គណៈ​កម្មការ​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​វួដ ប្រសិន​បើ​គណៈ​កម្មការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ។

  • ការជួប​ប្រជុំ​ជា​ទៀងទាត់​ជាមួយ​នឹង​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ ។ នៅក្នុង​ការប្រជុំ​ទាំងនេះ ពួកគាត់​ពិភាក្សា​ពី​ភាពខ្លាំង​របស់​យុវមជ្ឈិមវ័យ​នៅ​លីវ និង​របៀប​ដើម្បី​ជួយ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួកគេ ។ ពួកគាត់​ក៏​ផ្ដោត​ទៅលើ​ការងារ​បម្រើ​ដល់​យុវមជ្ឈិមវ័យ​នៅលីវ​ផងដែរ ។

  • ការបម្រើ​នៅ​ក្នុង​គណៈ​កម្មការ​យុវ​មជ្ឈិម​វ័យ​នៅ​លីវ​ស្តេក ពេល​ត្រូវបាន​ចាត់តាំង ។

  • ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​វួដ នៅពេល​មាន​ការអញ្ជើញ ។

១៤.១.២.៤

គណៈកម្មការ​យុវមជ្ឈិម​វ័យ​នៅ​លីវ​វួដ

វួដ​ខ្លះ​មាន​យុវមជ្ឈិមវ័យ​នៅលីវ​ច្រើន ។ នៅក្នុង​វួដ​ទាំងនេះ ប៊ីស្សព​អាច​មាន​អារម្មណ៍​ថា ថ្នាក់​ដឹកនាំ​យុវមជ្ឈិម​វ័យ​នៅ​លីវ​អាច​ទទួល​បាន​ជំនួយ​ពី​គណៈកម្មការ​យុវមជ្ឈិមវ័យ​នៅលីវ ។ ( គណៈកម្មការ​មជ្ឈិមវ័យ​នៅលីវ​ត្រូវបាន​បង្កើត​ឡើង​នៅ​កម្រិត​ស្តេក ។ សូមមើល ១៤.១.១.២ ) ។

សមាជិក​គណៈកម្មការ​រួមមាន ៖

  • ថ្នាក់ដឹកនាំ​យុវមជ្ឈិម​វ័យ​នៅ​លីវ​វួដ ។

  • យុវមជ្ឈិមវ័យ​នៅលីវ​បន្ថែម​ទៀត​ដែល​ត្រូវបាន​អញ្ជើញ​ដោយ​គណៈប៊ីស្សព ។

  • សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្រ្គោះ ដែល​ត្រូវបាន​ចាត់​ឲ្យ​កាន់​ខាង​យុវមជ្ឈិមវ័យ​នៅ​លីវ ។

១៤.២

ការចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង

ព្រះ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ ហើយ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើង​ឡើង​តាមរយៈ ៖

  • ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

សមាជិក​នៅ​លីវ​ចូលរួម​នៅក្នុង​កិច្ចការ​នេះ​នៅឯ​ផ្ទះ និង​នៅ​ឯ​ព្រះវិហារ ។ ពួកគេ​ចូលរួម​នៅក្នុង​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ ។ ពួកគេ​បម្រើ​នៅក្នុង​ការហៅ និង​ការចាត់តាំង​ទាំងឡាយ រួម​ទាំង​ការងារ​បម្រើ​ផងដែរ ។ វួដ និង​ស្តេក​អាច​ដាក់​ផែនការ​សកម្មភាព​ជម្រើស​នានា ដែល​ពិសេស​សម្រាប់​សមាជិក​នៅ​លីវ ដែល​ជ្រើសរើស​ដើម្បី​ចូលរួម ( សូមមើល ១៤.២.១.៣ ) ។

១៤.២.១

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

១៤.២.១.១

រាត្រី​ជួបជុំ​ក្រុមគ្រួសារ និង​ការសិក្សា​ដំណឹងល្អ

ថ្នាក់​ដឹកនាំ ឬ​សមាជិក​ដែល​មាន​បំណង​ប្រាថ្នា​ដើម្បី​ចូលរួម អាច​រៀបចំ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ជាក្រុម​មួយ ឬ​លើស​ពី​នោះ សម្រាប់​មជ្ឈិមវ័យ​នៅ​លីវ និង​ក្រុម​ផ្សេងៗ​ទៀត​សម្រាប់​យុវមជ្ឈិមវ័យ​នៅ​លីវ ។ ជា​ទូទៅ អស់​អ្នក​ទាំងឡាយ​ណា​ដែល​ចូលរួម​ពុំ​មាន​កូន​នៅ​ឯ​ផ្ទះ​ទេ ។ នៅ​ក្នុង​ស្តេក​ដែល​មាន​សមាជិក​នៅ​លីវ​តែ​ពីរបី​នាក់ នោះ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ជា​ក្រុម​អាច​ឆ្លង​ព្រំប្រទល់​វួដ ។

ជាង​នោះ​ទៀត សមាជិក​នៅ​លីវ​អាច​ជ្រើសរើស​ដើម្បី​ជួបជុំ​តាម​អនឡាញ ឬ​ដោយ​ផ្ទាល់​ក៏​បាន​សម្រាប់​ការសិក្សា​ដំណឹងល្អ​នៅ​តាម​ផ្ទះ ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​ជា​ធនធាន​មួយ ។

យុវមជ្ឈិមវ័យ​នៅលីវ​គ្រប់​រូប​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចុះឈ្មោះ​ចូលរៀន​ក្នុង​ថ្នាក់​វិទ្យាស្ថាន ( សូមមើល ១៥.២ ) ។

១៤.២.១.២

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ

ក្រោម​ការណែនាំ​របស់​ប៊ីស្សព ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​​វួដ​អាច​បង្កើត​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​មួយ​សម្រាប់​យុវមជ្ឈិមវ័យ​នៅ​លីវ ( សូមមើល ១៣.៣.២ ) ។

១៤.២.១.៣

សកម្មភាព

ក្រោម​ការណែនាំ​របស់​ថ្នាក់​ដឹកនាំ​វួដ ឬ​ស្តេក យុវមជ្ឈិមវ័យ​នៅ​លីវ​អាច​ដាក់​ផែនការ និង​ចូលរួម​នៅក្នុង​សកម្មភាព​ទាំងឡាយ​ដែល​ជា​ពិសេស​សម្រាប់​ពួកគេ ។ សកម្មភាព​ទាំងនេះ​អាច​កើតឡើង​នៅក្នុង​កម្រិត​វួដ ឬ​ស្ដេក ។ ឧទាហរណ៍​អាច​រួមមាន ៖

  • ការទៅព្រះវិហារបរិសុទ្ធ ។

  • កិច្ចការ​ពង្សប្រវត្តិ ។

  • ការចែកចាយ​ដំណឹងល្អ ។

  • ការបម្រើ​ក្នុង​សហគមន៍ ។

  • ព្រឹត្តិការណ៍​តន្ត្រី និង​វប្បធម៌ ។

  • កីឡា ។

ក្រោម​ការណែនាំ​របស់​ថ្នាក់​ដឹកនាំ​​ស្តេក មជ្ឈិមវ័យ​នៅ​លីវ​អាច​ដាក់​ផែនការ​សកម្មភាព​ស្រដៀង​គ្នា​នៅ​កម្រិត​ស្តេក ។

ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​អាច​ធ្វើ​ការជា​មួយ​នឹង​ប្រធាន​ស្តេក ដើម្បី​បង្កើត​គណៈ​កម្មការ​នានា ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ពហុស្តេក​សម្រាប់​សមាជិក​នៅ​លីវ ។

មូលនិធិ​សម្រាប់​សកម្មភាព ដក​ចេញ​មកពី​ថវិកា​ស្តេក ឬ​ថវិកា​វួដ ។ នៅ​ពេល​ធ្វើ​សកម្មភាព​ពហុស្តេក ឬ​សកម្មភាព​តំបន់ នោះ​ថ្នាក់ដឹកនាំ​ត្រូវ​មើល​ឲ្យ​ប្រាកដ​ថា មាន​ការបែងចែក​មូលនិធិ​ដោយ​យុត្តិធម៌​នៅ​ក្នុង​ចំណោម​ស្តេក​ទាំង​ឡាយ ។

មូលនិធិ​សម្រាប់​សកម្មភាព​នានា​គួរតែ​ស៊ីចង្វាក់​នឹង​គោលនយោបាយ​នៅក្នុង ២០.២.៦ ។ ជា​ការលើកលែង​មួយ សមាជិក​អាច​ចំណាយ​ខ្លះៗ នៅពេល​ដែល​មាន​ព្រឹត្តិការណ៍​ពហុស្តេក ឬ​តំបន់ ។ ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា ទាំងអស់​គ្នា​អាច​ចូលរួម​បាន ។

សម្រាប់​គោលការណ៍​ណែនាំ​បន្ថែម​ទៀត​ស្ដី​ពី​សកម្មភាព សូម​មើល ២០.២ និង ២០.៣ ។

១៤.២.២

ការ​មើល​ថែដល់អ្នក​ខ្វះខាត

១៤.២.២.១

ការបម្រើ

ដូចជា​សិស្ស​ទាំងអស់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ សមាជិក​នៅ​លីវ​មាន​ឱកាស​ជា​ទៀងទាត់ ដើម្បី​បម្រើ​អ្នក​ផ្សេង​ទៀត​ដោយ​ឡែក និង​ជា​ក្រុម ។ ការបម្រើ​ក្នុង​សហគមន៍​គឺ​នៅក្នុង​ចំណោម​របៀប​ដ៏​សំខាន់​បំផុត ដែល​យុវមជ្ឈិមវ័យ​នៅ​លីវ​ត្រូវបាន​ពង្រឹង​ខាង​វិញ្ញាណ ។

សកម្មភាព​ការបម្រើ​អាច​ផ្ដោត​លើ ៖

  • សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន ។

  • ពង្សប្រវត្តិ ។

  • ការជួយ​ក្នុង​សហគមន៍ ។

  • ការចែកចាយ​ដំណឹងល្អ ។

  • ការពង្រឹង​សមាជិកថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​វិញ ។

  • តម្រូវការ​មនុស្សធម៌​ក្នុង​តំបន់ ឬ​កន្លែង​ផ្សេង​ទៀត ។

នៅ​កន្លែង​ណា​ដែល​មាន នោះ JustServe.org នឹង​ណែនាំ​នូវ​ឱកាស​បម្រើ​សម្រាប់​បុគ្គល និង​ក្រុម​ទាំងឡាយ ។

១៤.២.២.២

ការ​ធ្វើ​ការងារ​បម្រើ

បងប្អូន​ប្រុស​នៅ​លីវ​ម្នាក់ៗ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​មាន​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ ។ បងប្អូន​ស្រី​នៅ​លីវ​ម្នាក់ៗ​ត្រូវ​បាន​ចាត់​ឲ្យ​មាន​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ និង​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ ។ ការចាត់តាំង​ត្រូវបាន​ចាត់​ទៅ​បុគ្គល​ម្នាក់ៗ មិន​មែន​ទៅ​ក្រុម ឬ​ផ្ទះ​ល្វែង​ទាំងឡាយ​នោះ​ទេ ។ ( សូមមើល ជំពូកទី ២១ ) ។

១៤.២.៣

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ

សមាជិក​នៅលីវ​មាន​ឱកាស​ដើម្បី​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​ធ្វើ​កិច្ចការ​នេះ​ដោយ​ចែកចាយ​ដំណឹងល្អ ពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​វិញ ហើយ​ឈោង​ជួយ​មនុស្ស​ដែល​មិន​ចូលរួម ។ ( សូម​មើល ជំពូកទី ២៣ ) ។

យុវមជ្ឈិម​វ័យ​នៅ​លីវ​ខ្លះ​ផ្លាស់​ទីលំនៅ​ជា​ញឹកញាប់ ។ យុវមជ្ឈិម​វ័យ​នៅ​លីវ​អាច​រៀបចំ​សកម្មភាព​ម្តងម្កាល ដើម្បី​ស្វែងរក និង​ស្វាគមន៍​ដល់​យុវមជ្ឈិម​វ័យ​នៅ​លីវ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ស្តេក ។ សកម្មភាព​ទាំងនេះ​ក៏​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​នឹង​ស្តេក​ជិត​ខាង​ផងដែរ ។

យុវមជ្ឈិម​វ័យ​នៅ​អាច​មាន​ប្រយោជន៍​ជា​ពិសេស​ក្នុង​ការបង្រៀន​ជាមួយ និង​គាំទ្រ​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។

១៤.២.៤

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច

សមាជិក​នៅ​លីវ​អាច​ជួយ​បង្រួបបង្រួម​ក្រុម​គ្រួសារ​សម្រាប់​ភាពអស់​កល្ប​ជានិច្ច ជា​បុគ្គល​ម្នាក់ៗ និង​ជា​ក្រុម ។​ ឧទាហរណ៍ ពួកគេ​អាច​នឹង ៖

  • រៀបចំ​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​នានា រួម​ទាំង​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ( សូមមើល ២៧.២.២ ) ។

  • បម្រើ​ជា​អ្នកធ្វើការ ឬ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ផ្នែក​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៥.៥ ) ។

  • ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​សម្រាប់​មរណជន ។

  • រៀន​អំពី​សាច់ញាតិ​ជិត​ឆ្ងាយ និង​បុព្វការីជន​របស់ពួកគេ ( សូមមើល ក្រុមគ្រួសារ​របស់ខ្ញុំ ៖ ដំណើររឿង​ដែល​នាំ​ឲ្យ​យើង​ជួបជុំ​គ្នា ) ។

  • ស្វែងរក​បុព្វការីជន​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​នៅព្រះវិហារ​បរិសុទ្ធ ( សូមមើល​គេហទំព័រ FamilySearch.org ) ។

  • បម្រើ​ជា​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ( សូមមើល ២៥.២.៤ ) ។

  • ចូលរួម​ធ្វើ​លិបិក្រម ( សូមមើល​គេហទំព័រ FamilySearch.org/indexing ) ។

១៤.៣

រូបភាព
រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
វួដ និង​ស្តេក​សម្រាប់​យុវ​មជ្ឈិម​វ័យ​នៅ​លីវ និង​វួដ​សម្រាប់​មជ្ឈិម​វ័យ​នៅ​លីវ

សមាជិក​នៅ​លីវ​ភាគច្រើន​បំផុត​ចូលរួម​នៅក្នុង​វួដ​តាម​ភូមិសាស្ដ្រ ។ ជា​ការលើកលែង នៅ​កន្លែង​ណា​ដែល​មាន​សមាជិក​នៅ​លីវ​ច្រើន​រស់នៅ​ជិតៗ​គ្នា នោះ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​អាច​ផ្ដល់​ជា​អនុសាសន៍​ឲ្យ​បង្កើត​អង្គភាព​ដូច​ខាងក្រោម​នេះ ។ អង្គភាព​ទាំងនេះ​ត្រូវតែ​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​នៅក្នុង ជំពូក​ទី ៣៧ ។

  • វួដ​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​គឺ​សម្រាប់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​អាយុ ១៨–៣០ ឆ្នាំ ( សូមមើល ៣៧.២ )

  • ស្តេក​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​គឺ​សម្រាប់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​អាយុ ១៨–៣០ ឆ្នាំ ( សូមមើល ៣៧.៣ )

  • វួដ​សម្រាប់​មជ្ឈិមវ័យ​នៅលីវ​គឺ​សម្រាប់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​អាយុ ៣១–៤៥ ឆ្នាំ ( សូមមើល ៣៧.៥ )

អង្គភាព​ទាំងនេះ​ប្រើប្រាស់​កម្មវិធី​ធម្មតា​របស់សាសនាចក្រ​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ពួកគេ​ធ្វើ​តាម​ការណែនាំ​ទាំងឡាយ​នៅក្នុង​ក្បួនខ្នាត​នេះ ។

សមាជិក​ដែល​មាន​លក្ខណៈ​ស័ក្តិសម​អាច​ជ្រើសរើស​ដើម្បី​ធ្វើ​ជា​សមាជិក​នៅ​ក្នុង​វួដ​យុវមជ្ឈិម​វ័យ​នៅ​លីវ ឬ​វួដ​មជ្ឈិម​វ័យ​នៅ​លីវ នៅកន្លែង​ណា​ដែល​មាន ។ ឬ​ពួកគេ​អាច​ជ្រើសរើស​ធ្វើ​ជា​សមាជិក​នៃ​វួដ​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ ។

សមាជិកភាព​នៅក្នុង​វួដសម្រាប់​យុវមជ្ឈិម​វ័យ​នៅលីវ ឬ​វួដ​សម្រាប់​មជ្ឈិមវ័យ​នៅ​លីវ​គឺ​ជា​បណ្តោះ​អាសន្ន ។

  • នៅពេល​ដែល​សមាជិក​នៅ​លីវ​រៀបការ គាត់​ក្លាយ​ជា​សមាជិក​នៃ​វួដ​តាម​ភូមិសាស្ដ្រ ។

  • ពេល​ដែល​សមាជិក​នៃ​វួដ​យុវមជ្ឈិម​វ័យ​នៅលីវ​ឈាន​ចូល​ដល់​វ័យ ៣១ ឆ្នាំ នោះ​គាត់​ក្លាយ​ជា​សមាជិក​វួដ​មជ្ឈិម​វ័យ​នៅលីវ ( ប្រសិន​បើ​មាន​នៅ​កន្លែង​ដែល​គាត់​រស់នៅ ) ឬ​ក្លាយ​ជា​សមាជិក​វួដ​តាម​ភូមិសាស្ដ្រ ។

  • នៅពេល​ដែល​សមាជិក​នៃ​វួដ​មជ្ឈិមវ័យ​នៅ​លីវ​ឈាន​ចូល​វ័យ ៤៦ ឆ្នាំ គាត់​ក្លាយ​ជា​សមាជិក​នៃ​វួដ​តាម​ភូមិសាស្ដ្រ ។

ពេល​ផ្លាស់ប្ដូរ​ពី​វួដ​មួយ​ទៅ​វួដ​មួយ សមាជិក និង​ថ្នាក់​ដឹកនាំ​របស់​គាត់​ទាក់ទង​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​វួដ​តាម​ភូមិសាស្ដ្រ​នោះ ។ ថ្នាក់​ដឹកនាំ​នៃ​វួដ​ថ្មី​នោះ ចាត់តាំង​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។ ពួកគាត់​រៀបចំ​ការហៅ ឬ​ការចាត់តាំង​ដែល​ជួយ​ដល់​សមាជិក​នោះ​មាន​អារម្មណ៍​ថា​មាន​គេ​ស្វាគមន៍ និង​ចូលរួម​នៅក្នុង​កិច្ចការ​របស់​វួដ ។

១៤.៤

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បនែ្ថម

១៤.៤.១

ទីតាំង​ប្រមូលផ្ដុំ

ទីតាំង​ប្រមូលផ្ដុំ​គឺជា​ទីតាំង​ដែល​បាន​កំណត់​មួយ ជាកន្លែង​ដែល​យុវមជ្ឈិមវ័យ​នៅលីវ និង​មិត្តភក្ដិ​របស់​ពួកគេ​អាច​ជួបជុំ​គ្នា​សម្រាប់​ការរាប់អាន​គ្នា និង​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ណា​ក៏​បាន​ដូច​ខាងក្រោម​នេះ ៖

  • ការរៀនសូត្រ​ដំណឹងល្អ រួម​ទាំង​ថ្នាក់​វិទ្យាស្ថាន​ផងដែរ

  • វគ្គ​សិក្សា​ភាពខ្លួន​ទីពឹង​ខ្លួន ឱកាស​ទទួល​ការអប់រំ និង​ក្រុម​ផ្ដល់​ការគាំទ្រ

  • ការបម្រើ និង​សកម្មភាព​នានា

  • ការចែកចាយ​ដំណឹងល្អ និង​ការជួយ​ក្នុង​សហគមន៍

  • កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

  • កម្មវិធី​របស់​សាសនាចក្រ​ផ្សេងៗ​ទៀត​

ទីតាំង​ប្រមូលផ្ដុំ​ដែល​បាន​កំណត់​ទាំងអស់​ត្រូវតែ​ទទួលបាន​ការអនុម័ត​ពី​គណៈប្រធាន​តំបន់ ។ ទីតាំង​ប្រមូលផ្ដុំ​ត្រូវបាន​មើល​ខុសត្រូវ​ដោយ​ប្រធាន​ស្ដេក និង​ប៊ីស្សព ។ ពួកវា​ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​អគារ​សាសនាចក្រ​ដែល​មាន​ស្រាប់ ដូចជា​សាលា​ប្រជុំ ឬ​អគារ​ថ្នាក់​វិទ្យាស្ថាន ។ ប្រធាន​ស្តេក​ដែល​មាន​បំណង​បង្កើត​ទីតាំង​ប្រមូល​ផ្ដុំ​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ គួរតែ​ទាក់ទង​ទៅ​គណៈ​ប្រធាន​តំបន់ ។

១៤.៤.២

រាត្រី​ថ្ងៃ​ចន្ទ

ជា​ការលើកលែង វួដ​យុវមជ្ឈិមវ័យ​នៅលីវ និង​វួដ​មជ្ឈិមវ័យ​នៅលីវ អាច​ធ្វើ​សកម្មភាព​នៅ​រាត្រី​ថ្ងៃ​ច័ន្ទ រួម​ទាំង​នៅក្នុង​អគារ​ព្រះវិហារ ( សូមមើល ២០.៥.៣ ) ។

១៤.៤.៣

កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​បន្ថែម​ទៀត

ដោយ​មាន​ការអនុម័ត​ពី​ប្រធាន​ស្ដេក ប៊ីស្សព​របស់​វួដ​សម្រាប់​សមាជិក​នៅ​លីវ អាច​បង្កើត​សមាគម​សង្គ្រោះ និង​កូរ៉ុម​អែលឌើរ​ច្រើន​ជាង​មួយ​បាន ។ ( សូមមើល ៨.១.៣ និង ៩.១.៣ ) ។

១៤.៤.៤

សមាជិក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​អង្គភាព​សម្រាប់​សមាជិក​នៅ​លីវ

មាន​តែ​ប៊ីស្សព និង​ប្រធាន​ស្តេក​នៅក្នុង​អង្គភាព​សម្រាប់​សមាជិក​នៅ​លីវ​ប៉ុណ្ណោះ ដែលត្រូវបាន​ហៅ​មក​ពី​វួដ​តាម​ភូមិសាស្ដ្រ ។ ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ការហៅ​ផ្សេងៗ​ទៀត​ជា​ច្រើន អាច​ត្រូវបាន​បំពេញ​ដោយ​អស់​អ្នក​ដែល​នៅក្នុង​អង្គភាព​សម្រាប់​សមាជិក​នៅ​លីវ ។

អស់​អ្នក​ដែល​ត្រូវបាន​ហៅ​ចេញ​ពី​វួដ​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ ដើម្បី​បម្រើ​នៅក្នុង​អង្គភាព​សម្រាប់​សមាជិក​នៅ​លីវ ជាធម្មតា​បម្រើ​មិន​លើ​ពី​បី​ទៅ​ប្រាំ​ឆ្នាំ​នោះ​ទេ​នៅក្នុង​អង្គភាព​ទាំងនេះ ។ រយៈពេល​នេះ​រួម​មាន​ទាំង​ការបម្រើ​បូក​រួម​បញ្ចូល​គ្នា​នៅក្នុង​ការហៅ​ផ្សេងៗពី​គ្នា​ផង​ដែរ ។

ថ្នាក់​ដឹកនាំ​នៃ​ស្តេក​តាម​ភូមិសាស្ដ្រ​គួរតែ​ផ្ដល់​ការគាំទ្រ នៅពេល​ដែល​សមាជិក​ទាំងឡាយ​ត្រូវបាន​ពិចារណា​ឲ្យ​បម្រើ​នៅក្នុង​អង្គភាព​សម្រាប់​សមាជិក​នៅ​លីវ ។ ទោះជា​យ៉ាង​ណា ថ្នាក់​ដឹកនាំ​ប្រឹក្សា​ជាមួយគ្នា​ដើម្បី​យល់​អំពី​ស្ថានភាព​របស់​សមាជិក ។

ការហៅ​ទាំងឡាយ​អាច​ត្រូវបាន​ផ្ដល់​ដល់​បុគ្គល​ម្នាក់ៗ ឬ​ស្វាមី​ភរិយា ។ ក្នុង​ករណី​ខ្លះ ភរិយា ឬ​ស្វាមី​ម្នាក់​អាច​ត្រូវ​បន្ត​នៅក្នុង​វួដ​តាម​ភូមិសាស្ដ្រ ខណៈ​ដែល​ភរិយា ឬ​ស្វាមី​ម្នាក់​ទៀត​បម្រើ​នៅក្នុង​វួដ​សម្រាប់​សមាជិក​នៅ​លីវ ។

ជា​ធម្មតា កំណត់ត្រា​សមាជិកភាព​របស់​ប៊ីស្សព និង​គ្រួសារ​របស់​គាត់​ត្រូវបាន​រក្សាទុក​នៅក្នុង​វួដ​តាម​ភូមិសាស្ដ្រ​របស់​ពួកគាត់ ខណៈ​ពេល​ដែល​ពួកគាត់​បម្រើ​នៅក្នុង​វួដ​សម្រាប់​សមាជិក​នៅ​លីវ ។ វា​ក៏​ដូច​គ្នា​ផង​ដែរ​ចំពោះ​អ្នក​ទាំងឡាយ ដែល​បម្រើ​នៅ​ក្នុង​គណៈប្រធាន​ស្តេក ឬ​គណៈប៊ីស្សព ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឬ​នៅ​ក្នុង​គណៈ​ប្រធាន​សមាគម​សង្រ្គោះ​ស្តេក ប្រសិន​បើ​សមាជិក​ទាំងនេះ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​ខាងក្រៅ​វួដ​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ ។ សមាជិក​ទាំង​នេះ និង​គ្រួសារ​របស់​ពួក​គេ​បង់​ដង្វាយ​មួយ​ភាគដប់ និង​ដង្វាយ​នានា​នៅក្នុង​វួដ​តាម​ភូមិសាស្ដ្រ​របស់​ពួក​គេ ។ ពួកគេ​ក៏​ទៅ​វួដ​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ និង​ទៅ​រក​ថ្នាក់​ដឹកនាំ​ស្តេក​របស់​ពួក​គេ ដើម្បី​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ផង​ដែរ ។

១៤.៤.៥

វិស្សមកាល​នៅ​សាលា​រៀន

ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន វួដ​យុវមជ្ឈិម​វ័យ​នៅ​លីវ​ដំណើរ​ការ​អំឡុង​ពេល​វិស្សមកាល​នៅ​សាលា​រៀន ។ វួដ​យុវមជ្ឈិម​វ័យ​នៅលីវ​ច្រើន​ជាង​មួយ​អាច​ជួប​ជាមួយ​គ្នា ប្រសិន​បើ​ត្រូវការ ។ នៅ​ក្នុង​ស្ថានភាព​ដូច្នេះ វួដ​រក្សា​កំណត់ត្រា របាយការណ៍​នៃ​ការចូលរួម និង​ហិរញ្ញវត្ថុ​ផ្សេង​ពី​គ្នា ។

១៤.៤.៦

ការសម្ភាស​នៅក្នុង​វួដ និង​ស្តេក​យុវមជ្ឈិម​វ័យ​នៅ​លីវ

ក្នុង​ករណី​ភាគច្រើន​បំផុត ប្រធាន​ស្តេក​សម្ភាស​សមាជិក​ដែល ៖

  • នឹង​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួក​គេ​ផ្ទាល់ ។

  • នឹង​ផ្សារភ្ជាប់​នឹង​ប្តី ឬ ប្រពន្ធ ។

  • ត្រូវបាន​ផ្ដល់​អនុសាសន៍​ឲ្យ​ទទួល​បព្វជិតភាព​មិលគីស្សាដែក ។

  • ត្រូវបាន​ផ្ដល់​អនុសាសន៍​ឲ្យ​បម្រើ​បេសកកម្ម ។

ជា​ការលើកលែង ប្រធាន​ស្តេក​របស់​ស្តេក​យុវមជ្ឈិមវ័យ អាច​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ម្នាក់​របស់​គាត់​ដឹកនាំ​ការសម្ភាស​ទាំងនេះ​មួយ​ចំនួន​បាន ។

នៅក្នុង​វួដ​ដែល​មាន​យុវមជ្ឈិមវ័យ​នៅលីវ​ច្រើន ប៊ីស្សព​អាច​ផ្តល់សិទ្ធិ​អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ដឹកនាំ​ការសម្ភាស​សម្រាប់​សមាជិក​ដែល ៖

  • នឹង​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួក​គេ​ផ្ទាល់ ។

  • នឹង​ផ្សារភ្ជាប់​នឹង​ប្តី ឬ ប្រពន្ធ ។ ( សូម​មើល ២៦.៣.១ ) ។

១៤.៤.៧

ការចូលរួម​ក្នុង​សកម្មភាព​នានា​សម្រាប់​សមាជិក​នៅ​លីវ

បុគ្គល​ដែលបាន​បែកគ្នា​ពីស្វាមី ឬ​ភរិយា​របស់​ខ្លួន ឬ​កំពុង​តែ​ចង់​លែងលះ​គ្នា​ចូលរួម​នៅក្នុង​វួដ​តាម​ភូមិសាស្ដ្រ​របស់​គាត់ ។ គាត់ ឬ​នាង​អាច​ចូលរួម​ក្នុង​វួដ​មួយ ឬ​សកម្មភាព​នានា​សម្រាប់​សមាជិក​នៅ​លីវ ពេលដែល​គាត់ ឬ​នាង​លែងលះ​ដាច់​ស្រេច​ហើយ ។

១៤.៤.៨

ឪពុក ឬ​ម្តាយ​នៅ​លីវ

សមាជិក និង​ថ្នាក់​ដឹកនាំ​ទទួល​ស្គាល់ ហើយ​ខិតខំ​ជួយ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ឪពុក ឬ​ម្ដាយ​នៅ​លីវ​ទាំងឡាយ ។ ឪពុក ឬ​ម្តាយ​នៅ​លីវ​ដែល​មាន​កូន​នៅ​ផ្ទះ ជា​ធម្មតា​ចូលរួម​នៅ​វួដ​តាម​ភូមិសាស្ដ្រ​របស់​ពួកគេ ។ ការធ្វើ​ដូច្នោះ​អនុញ្ញាត​ឲ្យ​កូនៗ​អាច​សកម្ម​នៅក្នុង​អង្គការ​បឋម​សិក្សា និង​អង្គការ​យុវវ័យ ។ ឪពុក ឬ​ម្តាយ​នៅលីវ​អាច​ចូលរួម​ក្នុង​សកម្មភាព​របស់​វួដ​យុវមជ្ឈិម​វ័យនៅ​លីវ ឬ​វួដ​មជ្ឈិមវ័យ​នៅ​លីវ​បាន ។