« រូបកាយរបស់អ្នកគឺពិសិដ្ឋ » ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ )
« រូបកាយរបស់អ្នកគឺពិសិដ្ឋ » ដើម្បីកម្លាំងនៃយុវជន
រូបកាយរបស់អ្នកគឺពិសិដ្ឋ
កូរិនថូស ទី១ ៦:១៨–២០
រូបកាយរបស់អ្នកគឺជាអំណោយទានដ៏អស្ចារ្យមកពីព្រះវរបិតាសួគ៌របស់អ្នក ។ ទ្រង់បានប្រទានរូបកាយមកឲ្យអ្នកដើម្បីជួយអ្នកប្រែក្លាយកាន់តែដូចជាទ្រង់ ។ ការមានរូបកាយផ្តល់ឲ្យអ្នកនូវថាមពលថែមទៀតដើម្បីអនុវត្តសេរីភាពជ្រើសរើសរបស់អ្នក ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញអាចជួយអ្នកមើលឃើញរូបកាយរបស់អ្នកតាមព្រះទស្សនវិស័យរបស់ព្រះ ។ ហើយនោះធ្វើឲ្យមានភាពខុសគ្នាដ៏ធំនៅក្នុងជម្រើសរបស់អ្នកអំពីអ្វីដែលត្រូវធ្វើជាមួយរូបកាយរបស់អ្នក និងរបៀបថែទាំរូបកាយនេះ ។
សេចក្តីពិតដ៏អស់កល្បជានិច្ច
រូបកាយរបស់អ្នកគឺជារូបរាងរបស់ព្រះ—ជាអង្គដ៏ដ៏មានសិរី រុងរឿងអស្ចារ្យបំផុតក្នុងសកលលោក ។ ព្រះគម្ពីរបានប្រៀបធៀបរូបកាយយើងទៅនឹងព្រះវិហារបរិសុទ្ធ ជាទីកន្លែងដែលព្រះវិញ្ញាណអាចគង់នៅ ។ ប្រាកដណាស់ រូបកាយរបស់អ្នកពុំទាន់ឥតខ្ចោះក្នុងពេលឥឡូវនេះទេ ។ ប៉ុន្តែបទពិសោធន៍ដែលអ្នកមានជាមួយនឹងរូបកាយរបស់អ្នកអាចជួយអ្នកឲ្យរៀបចំខ្លួនដើម្បីទទួលបាននូវរូបកាយដ៏ល្អឥតខ្ចោះ រស់ឡើងវិញ និងរុងរឿងនៅថ្ងៃណាមួយ ។
ព្រលឹងរបស់អ្នកបង្កើតឡើងដោយរូបកាយ និងវិញ្ញាណរបស់អ្នក ។ ដោយហេតុផលនេះ សុខភាពផ្លូវកាយ និងសុខភាពខាងវិញ្ញាណគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ។ ព្រះអង្គសង្គ្រោះបានបើកសម្ដែងពាក្យសម្តីនៃប្រាជ្ញាវាងវៃ ដើម្បីបង្រៀនគោលការណ៍នៃការមើលថែរូបកាយរបស់អ្នក—ហើយសន្យានូវពរជ័យខាងរូបកាយ និងខាងវិញ្ញាណ ។
អារម្មណ៍ខាងផ្លូវភេទគឺជាផ្នែកសំខាន់មួយនៃផែនការរបស់ព្រះ ដើម្បីបង្កើតអាពាហ៍ពិពាហ៍ដែលសប្បាយរីករាយ និងក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ។ អារម្មណ៍នេះមិនមែនជាអំពើបាបនោះទេ—អារម្មណ៍ទាំងនេះគឺពិសិដ្ឋ ។ ពីព្រោះអារម្មណ៍ផ្លូវភេទគឺពិសិដ្ឋ និងមានឥទ្ធិពលខ្លាំងណាស់ ព្រះបានប្រទានដល់អ្នកនូវច្បាប់ព្រហ្មចារីភាពរបស់ទ្រង់ ដើម្បីរៀបចំអ្នកឲ្យប្រើអារម្មណ៍ទាំងនេះតាមព្រះរាជបំណងរបស់ទ្រង់ ។ ច្បាប់ព្រហ្មចារីភាពចែងថា ព្រះអនុម័តសកម្មភាពខាងផ្លូវភេទរបស់យើងតែរវាងបុរស និងស្រ្តីដែលបានរៀបការហើយប៉ុណ្ណោះ ។ មនុស្សជាច្រើននៅក្នុងពិភពលោកបដិសេធ ឬថែមទាំងចំអកដល់ក្រឹត្យវិន័យរបស់ព្រះ ប៉ុន្តែព្រះអម្ចាស់អញ្ជើញយើងឲ្យធ្វើជាសិស្សរបស់ទ្រង់ ហើយរស់នៅតាមបទដ្ឋានឲ្យបានខ្ពស់ជាងពិភពលោកនេះ ។
ការអញ្ជើញ
សូមប្រព្រឹត្តចំពោះរូបកាយរបស់អ្នក—និងរូបកាយរបស់អ្នកផ្សេង—ដោយការគោរព ។ នៅពេលអ្នកធ្វើការសម្រេចចិត្តអំពីសម្លៀកបំពាក់ ម៉ូដសក់ និងរូបរាងរបស់អ្នក សូមសួរខ្លួនឯងថា « តើខ្ញុំកំពុងគោរពដល់រូបកាយរបស់ខ្ញុំដែលជាអំណោយទានដ៏ពិសិដ្ឋពីព្រះដែរឬទេ ? » ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យយើងឃើញគ្នាទៅវិញទៅមកថា យើងជានរណា ៖ មិនមែនគ្រាន់តែជារូបកាយប៉ុណ្ណោះទេ ប៉ុន្តែជាបុត្រាបុត្រីជាទីស្រឡាញ់របស់ទ្រង់ដែលមានជោគវាសនាដ៏ទេវភាព ។ សូមជៀសវាងម៉ូដដែលបង្ហាញខ្លាំងពេក ឬនាំឲ្យមានការគិតមិនសមរម្យចំពោះរូបកាយរបស់អ្នក ជាជាងបង្ហាញថាអ្នកជានរណាក្នុងនាមជាបុត្ររបស់ព្រះជាមួយនឹងអនាគតដ៏អស់កល្បជានិច្ច ។ សូមឲ្យភាពស្អាតស្អំខាងសីលធម៌ និងសេចក្តីស្រឡាញ់ចំពោះព្រះដឹកនាំជម្រើសរបស់អ្នក ។ សូមស្វែងរកដំបូន្មានពីឪពុកម្តាយរបស់អ្នក ។
សូមធ្វើអ្វីដែលនឹងពង្រឹងរូបកាយរបស់អ្នក—គ្មានអ្វីដែលនឹងធ្វើឲ្យវាឈឺចាប់ ឬខូចខាតនោះទេ ។ សូមរីករាយនឹងអំណរគុណដែលព្រះបានប្រទានអ្វីៗល្អៗជាច្រើន ។ ប៉ុន្តែត្រូវចាំថា គ្រឿងស្រវឹង ថ្នាំជក់ កាហ្វេ តែ និងសារធាតុបង្កគ្រោះថ្នាក់ផ្សេងៗទៀត មិនមែនសម្រាប់រូបកាយ ឬវិញ្ញាណរបស់អ្នកទេ ។ សូម្បីតែសារធាតុដែលមានប្រយោជន៍ ដូចជា ថ្នាំតាមវេជ្ជបញ្ជាក៏អាចបំផ្លាញបាន ប្រសិនបើមិនបានប្រើត្រឹមត្រូវនោះ ។
រក្សាផ្លូវភេទ និងអារម្មណ៍ផ្លូវភេទឲ្យពិសិដ្ឋ ។ វាមិនគួរជាប្រធានបទលេងសើចសប្បាយ ឬការកម្សាន្តនោះទេ ។ រវាងបុរស និងស្រ្តី ដែលនៅក្រៅចំណងអាពាហ៍ពិពាហ៍ គឺវាខុសដែលត្រូវប៉ះពាល់ផ្នែកសម្ងាត់ ពិសិដ្ឋលើរូបកាយរបស់មនុស្សផ្សេងសូម្បីតែវាបានបិទបាំងដោយសម្លៀកបំពាក់ក៏ដោយ ។ នៅក្នុងជម្រើសរបស់អ្នកអំពីអ្វីដែលអ្នកធ្វើ សូមមើល អាន ស្តាប់ គិតអំពី ការចុះផ្សាយ ឬអត្ថបទ សូមជៀសវាងពីអ្វីៗដែលមានចេតនាដាស់អារម្មណ៍ចំណង់ចំពោះអ្នកដទៃ ឬខ្លួនអ្នក ។ អ្វីៗទាំងនេះរួមទាំងរូបអាសគ្រាមនៅគ្រប់ទម្រង់ ។ ប្រសិនបើអ្នករកឃើញថាស្ថានភាព ឬសកម្មភាពធ្វើឲ្យមានការល្បួងកាន់តែខ្លាំង សូមចៀសវាងពីវា ។ អ្នកដឹងថាស្ថានភាព និងសកម្មភាពទាំងនោះជាអ្វី ។ ហើយប្រសិនបើអ្នកមិនប្រាកដទេ ព្រះវិញ្ញាណ ឪពុកម្តាយរបស់អ្នក និងថ្នាក់ដឹកនាំរបស់អ្នកអាចជួយអ្នកឲ្យដឹងបាន ។ សូមបង្ហាញព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ថា អ្នកឲ្យតម្លៃ និងគោរពអំណាចដ៏ពិសិដ្ឋក្នុងការបង្កើតជីវិត ។
ពរជ័យដែលបានសន្យា
ការគោរពរបស់អ្នកចំពោះខ្លួនអ្នកនិងអ្នកដទៃនឹងកើនឡើង កាលណាអ្នកគោរពដល់រូបកាយរបស់អ្នក តាមរយៈឥរិយាបទ បុគ្គលិកលក្ខណៈខាងក្រៅ និងការស្លៀកពាក់របស់អ្នក ។
ព្រះអម្ចាស់បានសន្យានូវរតនៈសម្បត្តិដ៏អស្ចារ្យនៃចំណេះដឹង ចំពោះអស់អ្នកដែលរក្សាពាក្យសំដីនៃប្រាជ្ញាវាងវៃ ។ រូបកាយដែលមានសុខភាពល្អ គ្មានការញៀន ក៏បង្កើនសមត្ថភាពរបស់អ្នកក្នុងការទទួលបានវិវរណៈផ្ទាល់ខ្លួន គិតបានច្បាស់លាស់ និងបម្រើព្រះអម្ចាស់ផងដែរ ។
ការរស់នៅតាមច្បាប់ព្រហ្មចារីភាពនាំមកនូវការអនុម័តពីព្រះ និងអំណាចខាងវិញ្ញាណផ្ទាល់ខ្លួន ។ នៅពេលអ្នករៀបការ ច្បាប់នេះនឹងនាំមកនូវសេចក្តីស្រឡាញ់ ទំនុកចិត្ត និងការរួបរួមកាន់តែខ្លាំងដល់ចំណងអាពាហ៍ពិពាហ៍របស់អ្នក ។ ការគោរពតាមច្បាប់នេះនឹងធ្វើឲ្យអ្នកអាចរីកចម្រើនជារៀងរហូត ហើយប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌របស់អ្នក ។ ទំនុកចិត្តរបស់អ្នកនឹងកើនឡើង នៅពេលអ្នករស់នៅជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
សំណួរ និង ចម្លើយ
តើអ្វីជាបទដ្ឋានរបស់ព្រះអម្ចាស់ស្តីពីការស្លៀកពាក់ ការតែងខ្លួន ការការសាក់ និងការចោះ ? បទដ្ឋានរបស់ព្រះអម្ចាស់គឺសម្រាប់អ្នកដើម្បីគោរពដល់ភាពពិសិដ្ឋនៃរូបកាយរបស់អ្នក ទោះបីជាវាមានន័យថាខុសពីពិភពលោកក៏ដោយ ។ សូមឲ្យសេចក្ដីពិតនេះ និងព្រះវិញ្ញាណធ្វើជាអ្នកដឹកនាំ កាលណាអ្នកធ្វើការសម្រេចចិត្ត—ជាពិសេសការសម្រេចចិត្តដែលមានឥទ្ធិពលយូរអង្វែងលើរូបកាយរបស់អ្នក ។ សូមមានប្រាជ្ញា និងស្មោះត្រង់ ហើយស្វែងរកការប្រឹក្សាពីឪពុកម្តាយ និងថ្នាក់ដឹកនាំរបស់អ្នក ។
តើខ្ញុំអាចយកឈ្នះលើការល្បួង និងទម្លាប់អាក្រក់បានដោយរបៀបណា ? ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មានព្រះចេស្តាដើម្បីជួយអ្នក ។ សូមបំពេញជីវិតរបស់អ្នកជាមួយនឹងអ្វីដែលយាងអញ្ជើញព្រះចេស្តានោះមកក្នុងជីវិតរបស់អ្នក ដូចជា ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងការបម្រើដល់អ្នកដទៃ ។ សូមងាកទៅរកព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះអ្នកនឹងឃើញថា ភាពទន់ខ្សោយអាចក្លាយជាភាពខ្លាំងវិញបាន ។ សូមស្វែងរកជំនួយពីឪពុកម្តាយ ថ្នាក់ដឹកនាំ និងអ្នកប្រឹក្សាជំនាញ តាមតម្រូវការ ។ សម្រាប់អស់អ្នកដែលទទួលរងការញៀន នោះសាសនាចក្រផ្ដល់នូវកម្មវិធីសង្គ្រោះការញៀនមួយ ។ ទាំងនេះគឺជាពរជ័យដែលសាសនាចក្ររបស់ព្រះអង្គសង្គ្រោះផ្តល់ឲ្យដើម្បីជួយអ្នកឲ្យមានការគ្រប់គ្រងជីវិតរបស់អ្នកឡើងវិញ ។ វានឹងត្រូវចំណាយពេល ដូច្នេះ សូមអត់ធ្មត់ ហើយមិនត្រូវបោះបង់ចោលឡើយ ។
ខ្ញុំប្រតិព័ទ្ធមនុស្សមានភេទដូចខ្ញុំ ។ តើបទដ្ឋានទាំងនេះអនុវត្តចំពោះខ្ញុំដោយរបៀបណា ? ការមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាមិនមែនជាអំពើបាបនោះទេ ។ ប្រសិនបើអ្នកមានអារម្មណ៍ទាំងនេះ ហើយមិនចង់បាន ឬធ្វើតាមអារម្មណ៍នេះ នោះអ្នកកំពុងរស់នៅតាមច្បាប់ព្រហ្មចារីភាព ដ៏ពិសិដ្ឋហើយ ។ អ្នកគឺជាបុត្រស្ងួនភ្ញារបស់ព្រះ ហើយជាសិស្សរបស់ ព្រះយេស៊ូវ គ្រីស្ទ ។ សូមចងចាំថា ព្រះអង្គសង្គ្រោះយល់ពីអ្វីទាំងអស់ដែលអ្នកជួបប្រទះ ។ តាមរយៈទំនាក់ទំនងនៃសេចក្តីសញ្ញារបស់អ្នកជាមួយទ្រង់ អ្នកនឹងទទួលបានកម្លាំងដើម្បីគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ហើយទទួលបានពរជ័យដែលទ្រង់សន្យា ។ សូម ទុកចិត្តលើទ្រង់ និងដំណឹងល្អរបស់ទ្រង់ ។
ខ្ញុំទទួលការរំលោភបំពាន ហើយមាន អារម្មណ៍ខ្មាសអៀន ។ តើខ្ញុំមានអំពើបាបដែរឬទេ ? ការក្លាយជាជនរងគ្រោះពីការរំលោភបំពាន ឬការវាយដំណាមួយមិនធ្វើឲ្យអ្នកមានអំពើបាបនោះទេ ។ សូមកុំមានអារម្មណ៍ថាខុសឆ្គង ឬខ្មាសអៀនឡើយ ។ ព្រះអង្គសង្រ្គោះស្រឡាញ់អ្នក ។ ទ្រង់ចង់ជួយអ្នក ព្យាបាលអ្នក និងប្រទានសេចក្តីសុខសាន្តដល់អ្នក ។ អ្នកប្រឹក្សាជំនាញ សមាជិកគ្រួសាររបស់ អ្នក និងថ្នាក់ដឹកនាំរបស់អ្នកក៏អាចជួយបានផងដែរ ។
សូមមើល លោកុប្បត្តិ ១:២៧ ( យើងត្រូវបានបង្កើតតាមរូបរបស់ព្រះ ); យ៉ូហាន ១៤:១៨ ( ព្រះអង្គសង្រ្គោះសន្យានូវការលួងលោម ); ភីលីព ៤:៧ ( សេចក្តីសុខសាន្តរបស់ព្រះហួសលើសពីអស់ទាំងគំនិត ); គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១៥ ( ព្រះវិញ្ញាណ និងរូបកាយគឺជាព្រលឹង ); ៨៩ ( ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ); ១២១:៤៥ ( គំនិតដែលមានគុណធម៌នាំឲ្យមានទំនុកចិត្ត ) ។
សំណួរសម្រាប់ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ
ព្រះអម្ចាស់បានមានបន្ទូលថាគ្រប់ការណ៍ទាំងអស់ គឺត្រូវ « ធ្វើដោយភាពស្អាតបាត » នៅចំពោះទ្រង់ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៤១ ) ។ តើអ្នកព្យាយាមដើម្បីមានភាពស្អាតបាតខាងសីលធម៌នៅក្នុងគំនិត និងអាកប្បកិរិយារបស់អ្នកដែរឬទេ ? តើអ្នកគោរពតាមច្បាប់ព្រហ្មចារីភាពដែរឬទេ ?
តើអ្នកយល់ និងគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃដែរឬទេ ?