យុវវ័យ
ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ


« ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ » ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស​ ( ឆ្នាំ ២០២២ )

« ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ » ដើម្បី​កម្លាំង​នៃ​យុវជន

រូបភាព
ពន្លឺ​ព្រះ​អាទិត្យ​បញ្ចេញ​រស្មី​នៅ​តាម​ចន្លោះ​ដើម​ឈើ​ពណ៌​មាស ។

ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ

កាឡាទី ៥:២៥

រូបភាព
រូប​តំណាង​មនុស្ស​កំពុង​ដើរ​ឆ្ពោះទៅ​រក​ពន្លឺ

អ្នក​ធ្វើ​ការជ្រើសរើស​បាន​ល្អ​ជាង​នៅពេល​អ្នក​អាច​មើល​ឃើញ​អ្វីៗ​បាន​ច្បាស់ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ពន្លឺ​មាន​សារៈសំខាន់​ណាស់ ៖ ពន្លឺ​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​ដើម្បី​មើល​ឃើញ​ផ្លូវ​ត្រូវ ។ ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ដល់​អ្នក​នូវ​សិទ្ធិ​ទទួល​បាន​ពន្លឺ​សួគ៌ា—អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ—ដើម្បីជួយ​អ្នក​ឲ្យ​ឃើញ​ច្បាស់​នូវ​អ្វី​ដែល​ល្អ និង​អាក្រក់ អ្វី​ត្រូវ និង​ខុស ។

សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
យុវនារី​កំពុង​ទទួល​ទាន​ទឹក​អំឡុងពេល​សាក្រាម៉ង់ ។

នៅ​ពិធីបុណ្យ​ជ្រមុជទឹក អ្នក​ចូល​ទៅក្នុង​ទំនាក់ទំនង​សេចក្តី​សញ្ញា​ដ៏​រីករាយ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អ្នក​នឹង​ចុះ​សេចក្ដី​សញ្ញា​បន្ថែម​ដែល​អាច​ពង្រឹង​ទំនាក់ទំនង​នោះ ។ នៅ​រាល់​សប្តាហ៍​អំឡុងពេល​សាក្រាម៉ង់ អ្នក​រំឭក​សេចក្តី​សញ្ញា​ទាំងឡាយ​របស់​អ្នក ។ អ្នក​បង្ហាញ​ឆន្ទៈ​របស់​អ្នក​ក្នុងការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ ហើយ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​នូវ​ឱកាស​ដើម្បី​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​អ្នក ។ នោះ​ជា​អំណោយទាន​មួយ​នៃ​អំណោយទាន​ដ៏​មហិមា​របស់ ទ្រង់​ចំពោះ​អ្នក ។

ការធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ អភិវឌ្ឍន៍​សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ ។ មាន​រឿង​ល្អៗ និង​ត្រឹមត្រូវ​ជាច្រើន​នៅក្នុង ពិភពលោក​នេះ ។ ដូច​ជា​រាងកាយ​របស់​អ្នក​ទទួល​ឥទ្ធិពល​ពី​អ្វី​ដែល​អ្នក​បរិភោគ និង​ផឹក នោះ​ចិត្ត និង​វិញ្ញាណ​របស់​អ្នក​ក៏​បាន​ទទួល​អានុភាព​ដ៏​ខ្លាំងក្លា​ពី​អ្វី​ដែល​អ្នក​អាន មើល និង​ស្តាប់​ដែរ ។

ការ​អញ្ជើញ

ចំណាយ​ពេល​សម្រាប់​ព្រះអម្ចាស់​រាល់​ថ្ងៃ ។ សូម​រៀន​អំពី​ទ្រង់ ។ ចងចាំទ្រង់ជានិច្ច ។ សូម​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​របស់​អ្នក ។ សូម​សិក្សា​ព្រះគម្ពីរ​បរិសុទ្ធ និង​ប្រសាសន៍​របស់​ព្យាការី​ដែល​រស់នៅ ។ បន្ទាប់មក សូម​ព្យាយាម​រស់នៅ​តាម​អ្វី​ដែល​អ្នក​រៀន ។

រូបភាព
យុវជន​យុវនារី​បី​នាក់​នៅក្នុង​សួនច្បារ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ ។

សូម​ស្វែងរក​អ្វី​ដែល​លើក​ទឹកចិត្ត បំផុសគំនិត និង​យាង​អញ្ជើញ​ព្រះវិញ្ញាណ ។ នៅពេល​អ្នក​ធ្វើ​ការជ្រើសរើស​អំពី​អ្វី​ដែល​ត្រូវ​មើល អាន ស្តាប់ ឬ​ចូលរួម សូម​គិត​អំពី​របៀប​ដែល​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍ ។ តើ​វា​នាំ​ឲ្យ​អ្នក​មាន​គំនិត​ល្អៗ​ដែរ​ឬ​ទេ ? សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្វី​ដែល​សើចចំអក​ដល់​កិច្ចការ​ពិសិដ្ឋ ឬ​អសីលធម៌ ។ សូម​កុំ​ចូលរួម​ធ្វើ អ្វី​ដែល​ធ្វើ​ឲ្យ​ការវិនិច្ឆ័យ​របស់​អ្នក អាប់​ឱន​ឬ ប៉ះទង្គិច​ដល់​ព្រះវិញ្ញាណ ដូចជា​អំពើ​ហិង្សា គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ដែល​បង្ក​គ្រោះថ្នាក់ ។ សូម​មាន​ភាពក្លាហាន​ដើម្បី​បិទ​វីដេអូ ឬ​ហ្គេម ដើរ​ចេញ​ពី​ខ្សែ​ភាពយន្ត ឬ​ការរាំរែក ប្តូរ​តន្ត្រី​របស់​អ្នក ឬ​ងាក​ចេញពី​អ្វី​ដែល​មិន​ស្រប​នឹង​ព្រះវិញ្ញាណ ។

រូបភាព
រូប​តំណាង​បេះដូង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

សូម​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​លើក​ទឹកចិត្ត ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​ជា​ឧបករណ៍​ទំនាក់ទំនង​មួយ​ដ៏​មាន​អានុភាព ។ ប្រសិនបើ​អ្នក​ប្រើ​វា សូម​ផ្តោត​លើ​ពន្លឺ សេចក្តី​ជំនឿ និង​សេចក្តីពិត ។ សូម​កុំ​ប្រៀបធៀប​ជីវិត​របស់​អ្នក​ទៅ​នឹង​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ជួប​ប្រទះ ។ សូម​ចងចាំ​ថា តម្លៃ​របស់​អ្នក​បាន​មកពី​ការក្លាយ​ជា​បុត្រ​របស់​ព្រះ​មាតាបិតាសួគ៌ មិនមែន​មកពី​ប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គម​នោះទេ ។

សូម​ស្វែងរក​បទពិសោធន៍​ល្អៗ និង​ទំនាក់ទំនង​ពិត ហើយ​នៅ យូរ​អង្វែង ។ សូម​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ្នក​មក​ជំនួស​ឲ្យ​ការចំណាយ​ពេល​ជាមួយ​នឹង​គ្រួសារ​របស់​អ្នក និង​មិត្តភក្តិ​របស់​អ្នក​ដោយ​ផ្ទាល់​ឡើយ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បច្ចេកវិទ្យា​ផ្សេង​ទៀត​អាច​យក​ពេល​របស់​អ្នក​ច្រើន​ដោយ​មិន​បាន​ផ្តល់​ផល​អ្វី​មក​វិញ​ឡើយ ។ សូម​ដក​ឃ្លា​ចេញពី​ពិភព​អនឡាញ និង​ទាក់ទង​ជាមួយ​មនុស្ស​ដែលមាន​ជីវិត​ពិត ។

ពរជ័យ​ដែល​បាន​សន្យា

អ្នក អាច​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​អ្នក​ជានិច្ច ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ជា​សាក្សី​ដល់​អ្នក​ពី​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ទ្រង់​នឹង​លួងលោម ដឹកនាំ ផ្តល់ភាព​កក់ក្តៅ និង​ធ្វើ​ឲ្យ​អ្នក​បាន​បរិសុទ្ធ ។ ទ្រង់​នឹង​ជួយ​អ្នក​ស្គាល់​សេចក្តីពិត និង​មើលឃើញ​សេចក្តី​ល្អ​នៅក្នុង​ពិភពលោក​នេះ ។

រូបភាព
រូបតំណាង​សំណួរ និង​ចម្លើយ

សំណួរ និង ចម្លើយ

តើ​ខ្ញុំ​អាច​ដឹង​ថាតើ​ខ្ញុំ​កំពុង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? ការ​រៀន​ស្គាល់​ព្រះវិញ្ញាណ​ត្រូវការ​ពេលវេលា ការ​អនុវត្តន៍ និង​ការអត់ធ្មត់ ។ ទ្រង់​ថ្លែង​ទៅកាន់​មនុស្ស​ខុសៗគ្នា តាម​របៀប​ខុសៗគ្នា ។ សូម​កុំ​មើល​រំលង​រឿង​សាមញ្ញៗ—អារម្មណ៍​នៃ​សេចក្តី​សុខសាន្ត ដែល​អ្នក​បាន​ឮ​ទីបន្ទាល់​របស់​នរណា​ម្នាក់ ឬ​អារម្មណ៍​មិន​ស្ងប់ចិត្ត​ដែល​អ្នក​ទទួល​បាន​បន្ទាប់​ពី​ធ្វើការ​ជ្រើសរើស​ខុស ។ សូម​ស្វែងយល់​នៅក្នុង​បទគម្ពីរ​ដើម្បី​ទទួលបាន​របៀប​ផ្សេងៗ​ដែល​ព្រះវិញ្ញាណ​ប្រាស្រ័យ​ទាក់ទង អធិស្ឋាន​អំពី​បទគម្ពីរ​នោះ ហើយ​បន្ត​ស្វែងរក​ឱកាស​ដើម្បី​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។

រូបភាព
យុវនារី​កំពុងអធិស្ឋាន​ខណៈ​ដែល​កំពុង​លុតជង្គង់​នៅ​ក្បែរ​គ្រែ​របស់​នាង ។

តើ​អ្វី​ទៅ​ជា​រូប​អាសគ្រាម ? ហេតុអ្វី​ខ្ញុំ​ត្រូវ​ចៀសវាង​រូប​អាសគ្រាម ? រូបអាសគ្រាម គឺ​មាន​ទាំង​តាម​រូបភាព ឬ​តាម​ពាក្យសំដី ដែល​បាន​រៀបចំ​ឡើង​ដើម្បី​ដាស់​អារម្មណ៍​ផ្លូវភេទ ។ រូបអាសគ្រាម​មាន​ច្រើន​សណ្ឋាន រួមទាំង​វីដេអូ រូបភាព សៀវភៅ និង​តន្ត្រី ។ វា​អាច​ជា​សារ ឬ​រូបភាព​ដែល​ផ្ញើ​ទៅ​មិត្តភក្តិ ។ រូប​អាសគ្រាម​ចាត់ទុក​កិច្ចការ​ពិសិដ្ឋ—រូប​កាយ និង​អារម្មណ៍​ផ្លូវ​ភេទ​របស់​យើង—ដោយ​មិន​គោរព ។ អ្នក​អាច​ប្រទះភ្នែក​ឃើញ​រូប​អាសគ្រាម​ដោយ​អចេតនា ។ មិន​ថា​អ្នក​ប្រទះ​ភ្នែក​ឃើញ​រូប​អាសគ្រាម​ដោយ​ចេតនា ឬ​អចេតនា​នោះទេ សូម​ងាកចេញ​ភ្លាមៗ ។ អ្នក​ក៏​ប្រហែល​ជា​ចង់​និយាយ​ជាមួយ​ឪពុក ឬ​ម្តាយ ឬ​មជ្ឈិមវ័យ​ដែល​អ្នក​ទុកចិត្ត​ផ្សេងទៀត​ផងដែរ ។ ការមើល​រូប​អាសគ្រាម​ដោយ​ចេតនា​គឺជា​អំពើបាប និង​គ្រោះថ្នាក់​ដល់​សមត្ថភាព​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​របស់​អ្នក ។ វា​ធ្វើ​ឲ្យ​ការគ្រប់គ្រង​ខ្លួន​របស់​អ្នក​ចុះខ្សោយ និង​បង្ខូច​ទ្រង់ទ្រាយ​ដែល​អ្នក​គិត​ពី​ខ្លួន​ឯង និង​អ្នកដទៃ ។ ព្រះយេស៊ូវ​គ្រីស្ទ មានព្រះចេស្ដា​ដើម្បី​ជួយ​អ្នក​តទល់​នឹង​រូប​អាសក្រាម ហើយ​ប្រែចិត្ត ។ សូម​ងាក​ទៅ​រក​ទ្រង់ សូម​ងាក​ចេញ​ពី​ភាព​ខ្មៅងងឹត ។ ប៊ីស្សព​របស់​អ្នក​អាច​ជួយ​អ្នក​ទទួល​បាន​កម្លាំង និង​ការ​អភ័យទោស​តាមរយៈ​ព្រះអង្គសង្គ្រោះ ។

សូមមើល អេម៉ុស ៥:១៤ស្វែងរក​សេចក្តី​ល្អ ); កាឡាទី ៥:២២–២៣ផលផ្លែ​នៃ​ព្រះវិញ្ញាណ ); មរ៉ូណៃ ៧:១៨–១៩ពន្លឺ​នៃ​ព្រះ​គ្រីស្ទ ); គោលលទ្ធិ និងសេចក្តីសញ្ញា ៦:២៣ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ពី​សេចក្តី​សុខសាន្ត ); ២០:៧៧, ៧៩ការអធិស្ឋាន​នៃ​ពិធី​សាក្រាម៉ង់ ) ។

រូបភាព
រូប​តំណាង​ព្រះវិហារ​បរិសុទ្ធ

សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​គ្រប់​ការណ៍ទាំង​អស់ គឺត្រូវ « ធ្វើ​ដោយ​ភាព​ស្អាតបាត » នៅ​ចំពោះទ្រង់ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:៤១ ) ។ តើ​អ្នក​ព្យាយាម​ដើម្បី​មានភាព​ស្អាតបាត​ខាង​សីលធម៌​នៅក្នុង​គំនិត និង​អាកប្បកិរិយា​របស់​អ្នកដែរ​ឬទេ ? តើ​អ្នក​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​ដែរ​ឬទេ ?

តើ​អ្នក​ព្យាយាម​ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ទាំង​នៅ​ក្នុង​គេហដ្ឋាន និង​នៅ​សាសនាចក្រ ចូលរួម​ការប្រជុំ​របស់​អ្នក រៀបចំ​ខ្លួន និង​មាន​ភាពស័ក្ដិសម​ទទួលទាន​សាក្រាម៉ង់ ហើយ​រស់នៅ​ក្នុង​ជីវិត​របស់អ្នក​ស្រប​ទៅតាម​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែរ​ឬទេ ?