« ដើរក្នុងពន្លឺរបស់ព្រះ » ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ )
« ដើរក្នុងពន្លឺរបស់ព្រះ » ដើម្បីកម្លាំងនៃយុវជន
ដើរក្នុងពន្លឺរបស់ព្រះ
កាឡាទី ៥:២៥
អ្នកធ្វើការជ្រើសរើសបានល្អជាងនៅពេលអ្នកអាចមើលឃើញអ្វីៗបានច្បាស់ ។ នោះហើយជាមូលហេតុដែលពន្លឺមានសារៈសំខាន់ណាស់ ៖ ពន្លឺធ្វើឲ្យវាកាន់តែងាយស្រួលដើម្បីមើលឃើញផ្លូវត្រូវ ។ ព្រះវរបិតាសួគ៌បានប្រទានដល់អ្នកនូវសិទ្ធិទទួលបានពន្លឺសួគ៌ា—អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ—ដើម្បីជួយអ្នកឲ្យឃើញច្បាស់នូវអ្វីដែលល្អ និងអាក្រក់ អ្វីត្រូវ និងខុស ។
សេចក្តីពិតដ៏អស់កល្បជានិច្ច
នៅពិធីបុណ្យជ្រមុជទឹក អ្នកចូលទៅក្នុងទំនាក់ទំនងសេចក្តីសញ្ញាដ៏រីករាយជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះវិហារបរិសុទ្ធ អ្នកនឹងចុះសេចក្ដីសញ្ញាបន្ថែមដែលអាចពង្រឹងទំនាក់ទំនងនោះ ។ នៅរាល់សប្តាហ៍អំឡុងពេលសាក្រាម៉ង់ អ្នករំឭកសេចក្តីសញ្ញាទាំងឡាយរបស់អ្នក ។ អ្នកបង្ហាញឆន្ទៈរបស់អ្នកក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយ ហើយព្រះអម្ចាស់ប្រទានពរដល់អ្នកនូវឱកាសដើម្បីមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់អ្នក ។ នោះជាអំណោយទានមួយនៃអំណោយទានដ៏មហិមារបស់ ទ្រង់ចំពោះអ្នក ។
ការធ្វើការជ្រើសរើសត្រឹមត្រូវ អភិវឌ្ឍន៍សមត្ថភាពរបស់អ្នកដើម្បីទទួលអារម្មណ៍នៃព្រះវិញ្ញាណ ។ មានរឿងល្អៗ និងត្រឹមត្រូវជាច្រើននៅក្នុង ពិភពលោកនេះ ។ ដូចជារាងកាយរបស់អ្នកទទួលឥទ្ធិពលពីអ្វីដែលអ្នកបរិភោគ និងផឹក នោះចិត្ត និងវិញ្ញាណរបស់អ្នកក៏បានទទួលអានុភាពដ៏ខ្លាំងក្លាពីអ្វីដែលអ្នកអាន មើល និងស្តាប់ដែរ ។
ការអញ្ជើញ
ចំណាយពេលសម្រាប់ព្រះអម្ចាស់រាល់ថ្ងៃ ។ សូមរៀនអំពីទ្រង់ ។ ចងចាំទ្រង់ជានិច្ច ។ សូមអធិស្ឋានទៅព្រះវរបិតាសួគ៌របស់អ្នក ។ សូមសិក្សាព្រះគម្ពីរបរិសុទ្ធ និងប្រសាសន៍របស់ព្យាការីដែលរស់នៅ ។ បន្ទាប់មក សូមព្យាយាមរស់នៅតាមអ្វីដែលអ្នករៀន ។
សូមស្វែងរកអ្វីដែលលើកទឹកចិត្ត បំផុសគំនិត និងយាងអញ្ជើញព្រះវិញ្ញាណ ។ នៅពេលអ្នកធ្វើការជ្រើសរើសអំពីអ្វីដែលត្រូវមើល អាន ស្តាប់ ឬចូលរួម សូមគិតអំពីរបៀបដែលវាធ្វើឲ្យអ្នកមានអារម្មណ៍ ។ តើវានាំឲ្យអ្នកមានគំនិតល្អៗដែរឬទេ ? សូមនៅឲ្យឆ្ងាយពីអ្វីដែលសើចចំអកដល់កិច្ចការពិសិដ្ឋ ឬអសីលធម៌ ។ សូមកុំចូលរួមធ្វើ អ្វីដែលធ្វើឲ្យការវិនិច្ឆ័យរបស់អ្នក អាប់ឱនឬ ប៉ះទង្គិចដល់ព្រះវិញ្ញាណ ដូចជាអំពើហិង្សា គ្រឿងស្រវឹង និងគ្រឿងញៀនដែលបង្កគ្រោះថ្នាក់ ។ សូមមានភាពក្លាហានដើម្បីបិទវីដេអូ ឬហ្គេម ដើរចេញពីខ្សែភាពយន្ត ឬការរាំរែក ប្តូរតន្ត្រីរបស់អ្នក ឬងាកចេញពីអ្វីដែលមិនស្របនឹងព្រះវិញ្ញាណ ។
សូមប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីលើកទឹកចិត្ត ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជាឧបករណ៍ទំនាក់ទំនងមួយដ៏មានអានុភាព ។ ប្រសិនបើអ្នកប្រើវា សូមផ្តោតលើពន្លឺ សេចក្តីជំនឿ និងសេចក្តីពិត ។ សូមកុំប្រៀបធៀបជីវិតរបស់អ្នកទៅនឹងអ្វីដែលអ្នកដទៃកំពុងជួបប្រទះ ។ សូមចងចាំថា តម្លៃរបស់អ្នកបានមកពីការក្លាយជាបុត្ររបស់ព្រះមាតាបិតាសួគ៌ មិនមែនមកពីប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ ។
សូមស្វែងរកបទពិសោធន៍ល្អៗ និងទំនាក់ទំនងពិត ហើយនៅ យូរអង្វែង ។ សូមប្រុងប្រយ័ត្នកុំឲ្យការប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកមកជំនួសឲ្យការចំណាយពេលជាមួយនឹងគ្រួសាររបស់អ្នក និងមិត្តភក្តិរបស់អ្នកដោយផ្ទាល់ឡើយ ។ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាផ្សេងទៀតអាចយកពេលរបស់អ្នកច្រើនដោយមិនបានផ្តល់ផលអ្វីមកវិញឡើយ ។ សូមដកឃ្លាចេញពីពិភពអនឡាញ និងទាក់ទងជាមួយមនុស្សដែលមានជីវិតពិត ។
ពរជ័យដែលបានសន្យា
អ្នក អាចមានព្រះវិញ្ញាណគង់នៅជាមួយអ្នកជានិច្ច ។ ព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងជាសាក្សីដល់អ្នកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់នឹងលួងលោម ដឹកនាំ ផ្តល់ភាពកក់ក្តៅ និងធ្វើឲ្យអ្នកបានបរិសុទ្ធ ។ ទ្រង់នឹងជួយអ្នកស្គាល់សេចក្តីពិត និងមើលឃើញសេចក្តីល្អនៅក្នុងពិភពលោកនេះ ។
សំណួរ និង ចម្លើយ
តើខ្ញុំអាចដឹងថាតើខ្ញុំកំពុងទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? ការរៀនស្គាល់ព្រះវិញ្ញាណត្រូវការពេលវេលា ការអនុវត្តន៍ និងការអត់ធ្មត់ ។ ទ្រង់ថ្លែងទៅកាន់មនុស្សខុសៗគ្នា តាមរបៀបខុសៗគ្នា ។ សូមកុំមើលរំលងរឿងសាមញ្ញៗ—អារម្មណ៍នៃសេចក្តីសុខសាន្ត ដែលអ្នកបានឮទីបន្ទាល់របស់នរណាម្នាក់ ឬអារម្មណ៍មិនស្ងប់ចិត្តដែលអ្នកទទួលបានបន្ទាប់ពីធ្វើការជ្រើសរើសខុស ។ សូមស្វែងយល់នៅក្នុងបទគម្ពីរដើម្បីទទួលបានរបៀបផ្សេងៗដែលព្រះវិញ្ញាណប្រាស្រ័យទាក់ទង អធិស្ឋានអំពីបទគម្ពីរនោះ ហើយបន្តស្វែងរកឱកាសដើម្បីទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។
តើអ្វីទៅជារូបអាសគ្រាម ? ហេតុអ្វីខ្ញុំត្រូវចៀសវាងរូបអាសគ្រាម ? រូបអាសគ្រាម គឺមានទាំងតាមរូបភាព ឬតាមពាក្យសំដី ដែលបានរៀបចំឡើងដើម្បីដាស់អារម្មណ៍ផ្លូវភេទ ។ រូបអាសគ្រាមមានច្រើនសណ្ឋាន រួមទាំងវីដេអូ រូបភាព សៀវភៅ និងតន្ត្រី ។ វាអាចជាសារ ឬរូបភាពដែលផ្ញើទៅមិត្តភក្តិ ។ រូបអាសគ្រាមចាត់ទុកកិច្ចការពិសិដ្ឋ—រូបកាយ និងអារម្មណ៍ផ្លូវភេទរបស់យើង—ដោយមិនគោរព ។ អ្នកអាចប្រទះភ្នែកឃើញរូបអាសគ្រាមដោយអចេតនា ។ មិនថាអ្នកប្រទះភ្នែកឃើញរូបអាសគ្រាមដោយចេតនា ឬអចេតនានោះទេ សូមងាកចេញភ្លាមៗ ។ អ្នកក៏ប្រហែលជាចង់និយាយជាមួយឪពុក ឬម្តាយ ឬមជ្ឈិមវ័យដែលអ្នកទុកចិត្តផ្សេងទៀតផងដែរ ។ ការមើលរូបអាសគ្រាមដោយចេតនាគឺជាអំពើបាប និងគ្រោះថ្នាក់ដល់សមត្ថភាពទទួលអារម្មណ៍ពីព្រះវិញ្ញាណរបស់អ្នក ។ វាធ្វើឲ្យការគ្រប់គ្រងខ្លួនរបស់អ្នកចុះខ្សោយ និងបង្ខូចទ្រង់ទ្រាយដែលអ្នកគិតពីខ្លួនឯង និងអ្នកដទៃ ។ ព្រះយេស៊ូវគ្រីស្ទ មានព្រះចេស្ដាដើម្បីជួយអ្នកតទល់នឹងរូបអាសក្រាម ហើយប្រែចិត្ត ។ សូមងាកទៅរកទ្រង់ សូមងាកចេញពីភាពខ្មៅងងឹត ។ ប៊ីស្សពរបស់អ្នកអាចជួយអ្នកទទួលបានកម្លាំង និងការអភ័យទោសតាមរយៈព្រះអង្គសង្គ្រោះ ។
សូមមើល អេម៉ុស ៥:១៤ ( ស្វែងរកសេចក្តីល្អ ); កាឡាទី ៥:២២–២៣ ( ផលផ្លែនៃព្រះវិញ្ញាណ ); មរ៉ូណៃ ៧:១៨–១៩ ( ពន្លឺនៃព្រះគ្រីស្ទ ); គោលលទ្ធិ និងសេចក្តីសញ្ញា ៦:២៣ ( ព្រះអម្ចាស់មានព្រះបន្ទូលពីសេចក្តីសុខសាន្ត ); ២០:៧៧, ៧៩ ( ការអធិស្ឋាននៃពិធីសាក្រាម៉ង់ ) ។
សំណួរសម្រាប់ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ
ព្រះអម្ចាស់បានមានបន្ទូលថាគ្រប់ការណ៍ទាំងអស់ គឺត្រូវ « ធ្វើដោយភាពស្អាតបាត » នៅចំពោះទ្រង់ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៤១ ) ។ តើអ្នកព្យាយាមដើម្បីមានភាពស្អាតបាតខាងសីលធម៌នៅក្នុងគំនិត និងអាកប្បកិរិយារបស់អ្នកដែរឬទេ ? តើអ្នកគោរពតាមច្បាប់ព្រហ្មចារីភាពដែរឬទេ ?
តើអ្នកព្យាយាមដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ទាំងនៅក្នុងគេហដ្ឋាន និងនៅសាសនាចក្រ ចូលរួមការប្រជុំរបស់អ្នក រៀបចំខ្លួន និងមានភាពស័ក្ដិសមទទួលទានសាក្រាម៉ង់ ហើយរស់នៅក្នុងជីវិតរបស់អ្នកស្របទៅតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយនៃដំណឹងល្អដែរឬទេ ?