« ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក » ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ )
« ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក » ដើម្បីកម្លាំងនៃយុវជន
ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក
ម៉ាថាយ ២២:៣៧-៤០
ដើម្បីជួយអ្នកធ្វើការជ្រើសរើសល្អ ព្រះប្រទានបទបញ្ញត្តិជាច្រើន ។ ទ្រង់ធ្វើបែបនេះព្រោះទ្រង់ស្រឡាញ់អ្នក ។ ហើយហេតុផលដ៏ល្អបំផុតដើម្បីគោរពតាមបទបញ្ញត្តិរបស់ព្រះគឺថាអ្នកស្រឡាញ់ទ្រង់ ។ សេចក្តីស្រឡាញ់គឺជាបេះដូងនៃព្រះបញ្ញត្តិរបស់ព្រះ ។
សេចក្តីពិតដ៏អស់កល្បជានិច្ច
ព្រះស្រឡាញ់អ្នក ។ ទ្រង់គឺជាបិតារបស់អ្នក ។ សេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់អាចបំផុសគំនិតអ្នកឲ្យស្រឡាញ់ទ្រង់ ។ នៅពេលអ្នកស្រឡាញ់ព្រះវរបិតាសួគ៌នោះគឺជាឥទ្ធិពលដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក ដែលធ្វើឲ្យការសម្រេចចិត្តជាច្រើនកាន់តែងាយស្រួល ។
បទបញ្ញត្តិធំពីរ ក្នុងចំណោមបទបញ្ញត្តិទាំងអស់ ដែលព្រះយេស៊ូវបានបង្រៀន គឺត្រូវឲ្យស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក ។ ហើយតើនរណាជាអ្នកជិតខាងរបស់អ្នក ? មនុស្សគ្រប់គ្នា ! អ្វីៗផ្សេងទៀតដែលបានបង្រៀននៅក្នុងព្រះគម្ពីរ និងដោយព្យាការីទាំងឡាយគឺទាក់ទងនឹងបទបញ្ញត្តិទាំងពីរនេះ ។
មនុស្សទាំងអស់គឺជាបងប្អូនប្រុសស្រីរបស់អ្នក—ជាការពិតណាស់ រួមទាំងមនុស្សដែលខុសពីអ្នក ឬមិនយល់ស្របជាមួយនឹងអ្នកផងដែរ ។ ព្រះវរបិតាសួគ៌ចង់ឲ្យបុត្រាបុត្រីរបស់ទ្រង់ចេះស្រឡាញ់ គ្នាទៅវិញទៅមក ។ នៅពេលអ្នកបម្រើកូនចៅរបស់ទ្រង់ នោះអ្នកកំពុងបម្រើទ្រង់ហើយ ។
ការអញ្ជើញ
សូមបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះ ដោយការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ។ ឧទាហរណ៍ តាមរយៈការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ដោយរួមទាំងការរៀបចំខ្លួនយ៉ាងស្មោះត្រង់សម្រាប់ និងទទួលសាក្រាម៉ង់ នោះអ្នកបង្ហាញព្រះថា អ្នកស្ម័គ្រចិត្តលះបង់មួយថ្ងៃក្នុងមួយសប្តាហ៍ឲ្យទៅទ្រង់ ។ នៅពេលអ្នកតមអាហារ និងថ្វាយដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ នោះអ្នកបង្ហាញព្រះថា កិច្ចការរបស់ទ្រង់សំខាន់ចំពោះអ្នកជាងសម្ភារផ្សេងៗ ។ នៅពេលអ្នកប្រើព្រះនាមរបស់ព្រះ និងព្រះគ្រីស្ទដោយការគោរព មិនដែលប្រើដោយអសារឥតការ ឬធម្មតាៗ នោះអ្នកបង្ហាញថាអ្នកមានអំណរគុណចំពោះអ្វីៗទាំងអស់ដែលទ្រង់ទាំងទ្វេបានធ្វើសម្រាប់អ្នក ។
ប្រព្រឹត្តិចំពោះមនុស្សគ្រប់គ្នាដូចជាបុត្ររបស់ព្រះ ។ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ អ្នកអាចនាំមុខក្នុងការប្រព្រឹត្តិចំពោះមនុស្សគ្រប់ជាតិសាសន៍ និងសាសនា និងក្រុមណាផ្សេងទៀតដោយក្ដីស្រឡាញ់ ការគោរព និងការរាប់បញ្ចូល—ជាពិសេសអ្នកដែលជួនកាលជាជនរងគ្រោះទាំងពាក្យសម្ដី និងទង្វើដ៏ឈឺចាប់ ។ សូមជួយដល់មនុស្សទាំងនោះ ដែលមានអារម្មណ៍ឯកោ ត្រូវគេបោះបង់ ឬគ្មានសង្ឃឹម ។ សូមជួយពួកគេឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ តាមរយៈអ្នក ។
សូមប្រាកដថាភាសារបស់អ្នកឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់របស់ព្រះ និងអ្នកដទៃ—មិនថាអ្នកកំពុងប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ឬពីចម្ងាយនោះទេ ។ សូមនិយាយអ្វីដែលលើកទឹកចិត្ត—មិននិយាយអ្វីដែលអាចនាំឲ្យបែកបាក់ ធ្វើឲ្យឈឺចាប់ ឬប្រមាថឡើយ ទោះបីជាការកំប្លែងលេងក៏ដោយ ។ ពាក្យសំដីរបស់អ្នកអាចមានអានុភាពខ្លាំងណាស់ ។ សូមឲ្យពាក្យសំដីរបស់អ្នកមានអានុភាពសម្រាប់សេចក្តីល្អ ។
ការស្រឡាញ់បុត្រាបុត្រីរបស់ព្រះទាំងអស់ ចាប់ផ្តើមឡើងពីនៅផ្ទះ ។ សូមធ្វើចំណែករបស់អ្នក ដើម្បីធ្វើឲ្យគេហដ្ខានរបស់អ្នកជាកន្លែងដែលមនុស្សគ្រប់គ្នាទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះ ។
ពរជ័យដែលបានសន្យា
ទំនាក់ទំនងរបស់អ្នកជាមួយព្រះនឹងកាន់តែស៊ីជម្រៅ កាលដែលអ្នកបង្ហាញសេចក្តីស្រឡាញ់របស់អ្នក តាមរយៈការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ទ្រង់ ហើយរក្សាសេចក្តីសញ្ញារបស់អ្នកជាមួយទ្រង់ ។
ទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃនឹងកាន់តែស៊ីជម្រៅ កាលអ្នកបង្ហាញសេចក្តីស្រឡាញ់របស់អ្នក តាមរយៈការបម្រើដូចជាព្រះគ្រីស្ទ ។ អ្នកនឹងទទួលបានអំណរនៅក្នុងការធ្វើឲ្យពិភពលោកនេះជាទីដែលពេញដោយក្តីស្រឡាញ់ ។
សំណួរ និង ចម្លើយ
តើខ្ញុំអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះបានដោយរបៀបណា ? សេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌គឺតែងតែមានជានិច្ច ។ សូមទូលទៅទ្រង់ឲ្យបានញឹកញាប់ តាមរយៈការអធិស្ឋាន ។ សូមចែកចាយអារម្មណ៍របស់អ្នកជាមួយទ្រង់ និងស្តាប់ពីចំណាប់ អារម្មណ៍មកពីទ្រង់ ។ សូមអាន ព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ។ សូមគិតពីអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ។ សូមចំណាយពេលនៅកន្លែង និងសកម្មភាពទាំងឡាយដែលព្រះវិញ្ញាណរបស់ទ្រង់គង់នៅ ។
តើព្រះអម្ចាស់រំពឹងឲ្យខ្ញុំស្រឡាញ់មនុស្សគ្រប់គ្នា សូម្បីតែចំពោះអ្នកដែលធ្វើមិនល្អដាក់ខ្ញុំឬ ? ព្រះអម្ចាស់រំពឹងឲ្យអ្នកស្រឡាញ់ពួកសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអ្នកដែលធ្វើបាបអ្នក ។ ទោះជាយ៉ាងណាក៏ដោយ នោះមិនមានន័យថា អ្នកគួរបន្តនៅក្នុងស្ថានភាពដែលបណ្តាលឲ្យសតិអារម្មណ៍ រូបកាយ ឬខាងវិញ្ញាណរបស់អ្នកមានគ្រោះថ្នាក់នោះទេ ។ សូមដាក់ព្រំដែនឲ្យបានច្បាស់លាស់ ដើម្បីរក្សាខ្លួនរបស់អ្នកឲ្យស្ថិតក្នុងសុវត្ថិភាព ។ ប្រសិនបើអ្នកត្រូវគេសម្លុត ឬធ្វើបាប—ឬប្រសិនបើអ្នកដឹងថារឿងនេះកំពុងកើតឡើងចំពោះនរណាផ្សេងទៀត—សូមនិយាយប្រាប់មជ្ឈិមវ័យដែលគួរឲ្យទុកចិត្ត ។
តើខ្ញុំគួរស្គាល់សមាជិកដែលមានភេទខុសគ្នានៅពេលណា និងដោយរបៀបណា ? វិធីដ៏ល្អបំផុតដើម្បីស្គាល់អ្នកដទៃគឺតាមរយៈមិត្តភាពពិតប្រាកដ ។ ខណៈពេលអ្នកនៅក្មេងនៅឡើយ សូមបង្កើតមិត្តភាពល្អៗជាមួយមនុស្សឲ្យបានច្រើន ។ នៅវប្បធម៌មួយចំនួន យុវវ័យចាប់ផ្តើមស្គាល់សមាជិកដែលមានភេទខុសគ្នាតាមរយៈសកម្មភាពល្អៗជាក្រុម ។ សម្រាប់ការអភិវឌ្ឍន៍ និងសុវត្ថិភាពផ្លូវចិត្ត និងខាងវិញ្ញាណរបស់អ្នក នោះសកម្មភាពដែលធ្វើឡើងមួយទល់មួយគួរតែពន្យារពេលរហូតដល់អ្នកចាស់ទុំ—គោលការណ៍ណែនាំមួយដ៏ល្អគឺនៅពេលអាយុ១៦ ឆ្នាំ ។ សូមប្រឹក្សាជាមួយឪពុកម្តាយ និងថ្នាក់ដឹកនាំរបស់អ្នក ។ សូមរក្សាទំនាក់ទំនងគូសង្សាររបស់អ្នកទុកសម្រាប់ពេលអ្នកធំឡើង ។ សូមចំណាយពេលជាមួយអ្នកដែលជួយអ្នករក្សាការតាំងចិត្តរបស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ ។
តើខ្ញុំអាចធ្វើអ្វីខ្លះ ប្រសិនបើផ្ទះរបស់ខ្ញុំមិនមែនជាទីនៃក្តីស្រឡាញ់ ? ព្រះអង្គសង្រ្គោះរបស់អ្នកដឹងពីស្ថានភាពរបស់អ្នក ហើយទ្រង់ស្រឡាញ់អ្នក ។ សូមអត់ធ្មត់ បន្តគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ហើយធ្វើជាគំរូល្អដល់គ្រួសាររបស់អ្នក ។ សូមបង្កើតទំនាក់ទំនងជាមួយវួដគ្រួសារអ្នក ។ សូមរៀបចំខ្លួនឥឡូវនេះ ដើម្បីស្ថាបនាគ្រួសាររបស់អ្នកផ្ទាល់ដែលស្ថាបនាឡើងលើការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមមើល អេសាយ ៥៨:៣–១១ ( គោលបំណងនៃការតមអាហារ ); ៥៨:១៣–១៤ ( ពរជ័យនៃការគោរពថ្ងៃឈប់សម្រាក ); ម៉ាឡាគី ៣:៨–១០ ( ពរជ័យនៃការថ្វាយដង្វាយមួយភាគក្នុងដប់ ); លូកា ៦:២៧–២៨ ( ស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ); ១០:២៥–៣៧ ( តើនរណាជាអ្នកជិតខាងរបស់ខ្ញុំ ? ); យ៉ូហាន ៣:១៦–១៧ ( ព្រះស្រឡាញ់យើង ទើបទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់មក ); ១៤:១៥ ( យើងរក្សាបទបញ្ញត្តិទាំងឡាយ ដោយសារយើងស្រឡាញ់ព្រះ ); យ៉ូហាន ទី១ ៤:១៩ ( យើងស្រឡាញ់ព្រះ ដោយសារទ្រង់ស្រឡាញ់យើង ); ម៉ូសាយ ២:១៧ ( នៅពេលយើងបម្រើអ្នកដទៃ នោះ យើងកំពុងបម្រើដល់ព្រះ ) ។
សំណួរសម្រាប់ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ
តើអ្នកធ្វើតាមការបង្រៀននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ទាំងអាកប្បកិរិយាផ្ទាល់ខ្លួន និងជាសាធារណៈជាមួយសមាជិកក្នុងគ្រួសារអ្នក និងអ្នកដទៃដែរឬទេ ?
តើអ្នកព្យាយាមដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ទាំងនៅក្នុងគេហដ្ឋាន និងនៅសាសនាចក្រ ចូលរួមការប្រជុំរបស់អ្នក រៀបចំខ្លួន និងមានភាពស័ក្ដិសមទទួលទានសាក្រាម៉ង់ ហើយរស់នៅក្នុងជីវិតរបស់អ្នកស្របទៅតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយនៃដំណឹងល្អដែរឬទេ ?
តើអ្នកជាអ្នកថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញដែរឬទេ ?