« ព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នក » ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ )
« ព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នក » ដើម្បីកម្លាំងនៃយុវជន
ព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នក
ទំនុកដំកើង ១៤៧:៣
ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់អ្នក ។ ទ្រង់បានធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់សម្រាប់អ្នកដើម្បីមានអំណរនៅក្នុងជីវិតនេះ និងជារៀងរហូត ។ តាមរយៈការជ្រើសរើសទ្រង់ និងដំណឹងល្អរបស់ទ្រង់ នោះអ្នកកំពុងជ្រើសរើសអំណរដ៏អស់កល្បជានិច្ច ។
ទោះបីជាពេលអ្នកព្យាយាមធ្វើការជ្រើសល្អឲ្យអស់ពីសមត្ថភាពក្តី ក៏នៅពេលខ្លះអ្នកនឹងនៅតែធ្វើខុសដែរ ។ អ្នកនឹងធ្វើអ្វីៗដែលអ្នកប្រាថ្នាថា អ្នកមិនបានធ្វើបែបនោះ ។ មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានអារម្មណ៍បែបនេះ ។ នៅពេលអារម្មណ៍នោះកើតឡើង វាងាយនឹងមានអារម្មណ៍បាក់ទឹកចិត្ត ឬឆ្ងល់ថាតើអ្នកនឹងល្អគ្រប់គ្រាន់ឬអត់ ។ ប៉ុន្ដែមានដំណឹងល្អមួយ—ជាដំណឹងល្អដ៏អស្ចារ្យ និងពោរពេញដោយក្តីសង្ឃឹម ! ដោយសារព្រះស្រឡាញ់អ្នក ទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ដែលបានលើកដាក់លើទ្រង់ផ្ទាល់នូវអំពើបាបរបស់អ្នក ដើម្បីអ្នកអាចប្រែចិត្ត ហើយបន្តរីកចម្រើនទៅមុខ ។
សេចក្តីពិតដ៏អស់កល្បជានិច្ច
ព្រះយេស៊ូវគ្រីស្ទអាចពង្រឹងអ្នក ។ ទ្រង់អាចជួយអ្នកផ្លាស់ប្តូរបំណងប្រាថ្នា គំនិត និងសកម្មភាពរបស់អ្នកបាន ។ នៅពេលអ្នកព្រួយបារម្ភ ភ័យខ្លាច ឬពុះពារតាមមធ្យោបាយណាមួយក៏ដោយ ទ្រង់នឹងសម្រាលទុក្ខអ្នក ។ ទ្រង់នឹងជួយអ្នកនៅគ្រប់ស្ថានភាពនៃជីវិតរបស់អ្នក ។
ការប្រែចិត្តមិនមែនជាការដាក់ទណ្ឌកម្មចំពោះអំពើបាបទេ វាគឺជារបៀបដែលព្រះអង្គសង្គ្រោះរំដោះយើងពីអំពើបាប ។ ការប្រែចិត្តមានន័យថាការផ្លាស់ប្តូរ—ត្រូវងាកចេញពីអំពើបាប ហើយបែរទៅរកព្រះ ។ វាមានន័យថាត្រូវកែលម្អ និងទទួលការភ័យទោស ។ ការផ្លាស់ប្តូរប្រភេទនេះមិនមែនជាព្រឹត្តិការណ៍ដែលមានតែម្តងទេ វាជាដំណើរការបន្តទៅមុខ ។
ការអញ្ជើញ
ប្រែចិត្ត ។ សូមងាកទៅរកព្រះអម្ចាស់ដោយមានបំណងប្រាថ្នាដើម្បីកែលម្អ ។ នៅពេលអ្នកបានធ្វើអ្វីមួយខុស សូមសារភាពកំហុសនោះដោយស្មោះត្រង់នៅចំពោះមុខព្រះ បើចាំបាច់ សូមទៅជួបប៊ីស្សពរបស់អ្នក និងនរណាម្នាក់ដែលអ្នកប្រហែលជាបានធ្វើឲ្យគេពិបាក ។ សូមខិតខំធ្វើរឿងល្អឲ្យអស់ពីសមត្ថភាពរបស់អ្នក ។
សូមរីករាយនឹងអំណោយទានដើម្បីធ្វើឲ្យបានល្អ និងឲ្យកាន់តែល្អ ។ ទោះបីជាវាមិនងាយស្រួល និងចំណាយពេលយូរជាងអ្នកចង់បានក៏ដោយ សូមកុំឈប់ព្យាយាមឡើយ ។ សូមខិតខំបន្ត និងទុកចិត្តលើ ព្រះអម្ចាស់ ។ ព្រះអង្គសង្រ្គោះនឹងជួយអ្នកនៅគ្រប់ជំហាននៅតាមផ្លូវ ។
ពរជ័យដែលបានសន្យា
ព្រះយេស៊ូវគ្រីស្ទនឹងអភ័យទោស ហើយព្យាបាលអ្នក កាលអ្នកប្រែចិត្ត ។ ទ្រង់ប្តូរកំហុសរបស់អ្នកជាមួយនឹងសេចក្តីសុខសាន្ត និងអំណរ ។ ទ្រង់នឹងមិនចងចាំកំហុសរបស់ អ្នកទៀតឡើយ ។ ដោយមានកម្លាំងរបស់ទ្រង់ នោះបំណងប្រាថ្នារបស់អ្នកដើម្បីរក្សាព្រះបញ្ញត្តិរបស់ទ្រង់នឹងកើនឡើង ។
ទ្រង់នឹងផ្លាស់ប្តូរចិត្ត និងជីវិតរបស់អ្នក ។ បន្តិចម្តងៗ អ្នកនឹងរីកចម្រើន ហើយប្រែក្លាយកាន់តែដូចទ្រង់ ។ ទំនាក់ទំនងសេចក្តីសញ្ញារបស់ អ្នកជាមួយទ្រង់ នឹងនាំឲ្យកាន់តែទទួលបានព្រះចេស្តាទ្រង់កាន់តែច្រើនឡើង ។
សំណួរ និង ចម្លើយ
តើខ្ញុំដឹងថា ប្រសិនបើព្រះបានអត់ទោសឲ្យខ្ញុំដោយរបៀបណា ? ព្រះបានសន្យាថាទ្រង់នឹងអភ័យទោសដល់ អស់ អ្នកដែលប្រែចិត្ត ។ នៅពេលអ្នកទទួលអារម្មណ៍លួងលោមពីព្រះវិញ្ញាណ នោះអ្នកអាចដឹងថា ព្រះចេស្តាដ៏ធួនរបស់ព្រះអង្គសង្រ្គោះគឺកំពុងដំណើរការនៅក្នុងជីវិតរបស់អ្នក ។
តើខ្ញុំត្រូវការជំនួយរបស់ប៊ីស្សពដើម្បីប្រែចិត្តនៅពេលណា ? ប៊ីស្សពរបស់អ្នកកាន់កូនសោបព្វជិតភាព និងអំណោយទានខាងវិញ្ញាណដើម្បីជួយអ្នកប្រែចិត្ត ។ អ្នកអាចស្វែងរកជំនួយ និងដំបូន្មានរបស់គាត់នៅគ្រប់ពេលវេលាបាន ។ ប្រសិនបើអ្នកបានប្រព្រឹត្តិកំហុសធ្ងន់ធ្ងរ ដូចជា ការប្រព្រឹត្តិខុសច្បាប់បរិសុទ្ធភាព សូមជួបជាមួយប៊ីស្សពរបស់អ្នក ។ គាត់មិនដាក់ទោសអ្នកឡើយ ។ គាត់គឺជាអ្នកតំណាងរបស់ព្រះយេស៊ូវគ្រីស្ទ ហើយនឹងជួយអ្នកឲ្យដឹងពីរបៀបដើម្បីប្រែចិត្តយ៉ាងពេញលេញ និងទទួលបានការព្យាបាល និងការពង្រឹងព្រះចេស្តារបស់ព្រះអង្គសង្គ្រោះ ។
ខ្ញុំកំពុងព្យាយាមប្រែចិត្ត ប៉ុន្តែខ្ញុំនៅតែបន្តធ្វើកំហុសដដែល ។ តើខ្ញុំគួរតែធ្វើអ្វីទៅ ? វាត្រូវចំណាយពេលវេលាដើម្បីបង្កើតទម្លាប់ល្អ និងបោះចោលទម្លាប់អាក្រក់ ដូច្នេះហើយសូមកុំឈប់ឡើយ ។ សូមងាកទៅរកព្រះអម្ចាស់ ។ ព្រះគុណរបស់ទ្រង់គឺមានល្មមគ្រប់គ្រាន់ហើយ ។ សូមសាកល្បងម្ដងទៀត ។ អ្នកមិនឯកោទេនៅក្នុងកិច្ចប្រឹងប្រែងរបស់អ្នកដើម្បីការរីចម្រើន ។ ព្រះយេស៊ូវគ្រីស្ទតែងតែនៅជាមួយអ្នកជានិច្ច ។
សូមមើល អេណុស ១:៦ ( កំហុសអាចបំបាត់ចោល ); ម៉ូសាយ ៤:៣ ( តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ព្រះឲ្យអ្នកដឹងថាអ្នកទទួលបានការអត់ទោស ); ២៦:៣០ ( ព្រះអង្គសង្រ្គោះអត់ទោសញឹកញាប់តាមដែលយើងប្រែចិត្ត ); អេធើរ ១២:២៧ ( ព្រះគុណរបស់ព្រះអង្គសង្រ្គោះអាចធ្វើឲ្យអ្វីដែលទន់ខ្សោយទៅជាខ្លាំងពូកែ ); មរ៉ូណៃ ៦:៨ ( អស់អ្នកដែលប្រែចិត្តនឹងបានអត់ទោសឲ្យ ); ១០:៣២ ( សូមឲ្យបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ ); គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣២ ( ព្រះអម្ចាស់អត់ទោសឲ្យអស់អ្នកដែលប្រែចិត្ត ); ៥៨:៤២–៤៣ ( ការប្រែចិត្តរួមទាំងការសារភាព និងការបោះបង់ចោលអំពើបាប ) ។
សំណួរសម្រាប់ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ
តើអ្នកមានសេចក្តីជំនឿ និងទីបន្ទាល់ទៅលើព្រះជាព្រះវរបិតាដ៏អស់កល្ប ជាព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
តើអ្នកមានទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះគ្រីស្ទ និងតួនាទីរបស់ទ្រង់ក្នុងនាមជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះដែរឬទេ ?