ការបោះពុម្ពផ្សាយលើកមុន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៨៥ នាទី


« រៀន—ម៉ោង​ជា​អតិបរមា ៖ ៨៥ នាទី » ការសម្របសម្រួល​ក្រុម​សម្រាប់​ភាព​ខ្លួន​ទីពឹងខ្លួន ( ឆ្នាំ ២០១៦ )

« រៀន—ម៉ោង​ជា​អតិបរមា ៖ ៨៥ នាទី,»ការសម្របសម្រួល​ក្រុម

រូបភាព
learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៨៥ នាទី

តើ​ក្រុម​ភាពខ្លួនទីពឹងខ្លួន​គឺ​ជា​អ្វី ? ( ១០ នាទី )

សូម​ទស្សនា ៖« I Will Provide for My Saints ( យើង​នឹង​ផ្ដត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​យើង ), » មាន​នៅ​គេហទំព័រ srs.lds.org/videos នៅ​ក្រោម « ធនធាន​វីដេអូ » នៅ​ក្នុង​វគ្គ « ការសម្របសម្រួល​ក្រុម » (ពុំ​មាន​វីដេអូ សូម​បន្ដ​អាន ) ។

ពិភាក្សា ៖តើ​សេចក្ដីជំនឿ​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ នឹង​ជះ​ឥទ្ធិ​ពល​លើ​ភាពខ្លួន​ទីពឹង​ខ្លួន​ខាងវិញ្ញាណ និង​ខាង​សាច់​ឈាម​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

អាន ៖គោលបំណង​នៃ​ក្រុម​ភាពខ្លួន​ទីពឹងខ្លួន គឺ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ផ្លាស់ប្ដូរ​របៀប​ដែល​ពួកគេ​រស់នៅ ។ អែលឌើរ អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា ៖ « ខ្ញុំ​ជឿ​ទៅ​លើ​ក្រុមប្រឹក្សា ថា​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ទទួល​បាន​លទ្ធផល​ពិត ។ បន្ថែមពី​លើ​នោះ ខ្ញុំ​ដឹង​ថា ក្រុមប្រឹក្សា​គឺ​ជា​របៀប​របស់​ព្រះអម្ចាស់ ហើយ​ថា​ទ្រង់​បាន​បង្កើត​អ្វីៗ​ទាំងអស់​នៅក្នុង​សាកល​លោក​នេះ តាមរយៈ​ក្រុម​ប្រឹក្សា​សួគ៌ ដូច​បាន​ប្រាប់​នៅក្នុង​គម្ពីរ​ដ៏​បរិសុទ្ធ  ( « ក្រុមប្រឹក្សាគ្រួសារ » Ensignលីអាហូណា ខែ​ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៣ ) ។

តាមរយៈ​ការ​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្នុង​ក្រុមប្រឹក្សា សមាជិក​ក្រុម​មាន​លទ្ធភាព​ទទួល​បាន​ទេពកោសល្យ​ការ​បំផុសគំនិត បទពិសោធន៍ និង​ចំណេះដឹង​កាន់តែ​ច្រើន ជាង​ដែល​ពួកគេ​មាន​តែ​ម្នាក់​ឯង ។ ក្រុម​ភាពខ្លួន​ទី​ពឹង​ខ្លួន ៖

  • មាន​សមាជិក​ចាប់​ពី ៨-១២ នាក់ ធ្វើ​ការ​ទៅ​លើ​ចំណាប់​អារម្មណ៍​រួម ដូចជា ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ការ​ស្វែងរក​ការងារ​ល្អ​ប្រសើរ​មួយ ការ​កែលម្អ​ការ​អប់រំ​របស់​ពួកគេ ឬ​ការ​ចាប់​ផ្ដើម និង​ពង្រីក​អាជីវកម្ម​មួយ ។

  • គឺ​ជា​បរិយាកាស​សុវត្ថិភាព​មួយ ដែល​មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​ល្អ​ចូលរួម​ស្មើភាព​គ្នា ។

  • ជួប​ប្រចាំ​សប្ដាហ៍​រហូត​ដល់ ១២ សប្ដាហ៍​ដើម្បី​អភិវឌ្ឍ​ជំនាញ និង​ទម្លាប់​ថ្មី ។

  • ប្រើ​ក្រុមប្រឹក្សា​គំរូ ដូច្នេះ​សមាជិក​ក្រុម​អាច​រៀន និង​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក ។

  • តាំងចិត្ត​អនុវត្ត​រាល់​សប្ដាហ៍​ទៅលើ​អ្វី ដែល​សមាជិក​ក្រុម​កំពុង​រៀន ។

  • រាយការណ៍​អំពី​ការ​រីកចម្រើន​ដើម្បី​ឲ្យ​សមាជិក​ក្រុម​អាច​ទទួល​ខុសត្រូវ​ចំពោះគ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​តាំង​ចិត្ត​របស់​ពួកគេ ។

ពិភាក្សា ៖តើ​ក្រុម​ភាព​ខ្លួនទីពឹង​ខ្លួន​ខុស​ពី​សិក្ខាសាលា ឬ​ថ្នាក់​ផ្សេងៗ​ទៀត​ដែល​អ្នក​បាន​ចូលរួម​យ៉ាង​ដូចម្ដេច ?

តួនាទី​របស់​អ្នក​ក្នុងនាម​ជា​អ្នក​សម្របសម្រួល ( ១៥ នាទី )

សូម​ទស្សនា ៖« របៀប​ជួយ​សម្រប​សម្រួល​ក្រុម​មួយ » មាន​នៅ​គេហទំព័រ srs.lds.org/videos នៅ​ក្រោម « ធនធាន​វីដេអូ » នៅ​ក្នុង​វគ្គ « ការសម្របសម្រួល​ក្រុម » (ពុំ​មាន​វីដេអូ សូម​បន្ដ​អាន ) ។

ពិភាក្សា ៖តើ​អ្នក​សម្របសម្រួល​នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​ផ្លាស់​ប្ដូរ​អ្វីខ្លះ​ពី​ការ​ធ្វើ​ជា​គ្រូបង្រៀន​មក​ជា​អ្នក​សម្របសម្រួល ? តើ​វា​ជះ​ឥទ្ធិពល​មក​លើ​ក្រុម​យ៉ាង​ដូចម្ដេច ?

អាន ៖ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​ក្រុមប្រឹក្សា ឬ​ក្រុម​នៅក្នុង​សាសនាចក្រ​ថា​« ចូរ​កុំ​ឲ្យ​ទាំងអស់​គ្នា​និយាយ​ព្រម​គ្នា​ឡើយ ប៉ុន្តែ​ចូរ​និយាយ​ម្នាក់​ម្ដង ហើយ​ចូរ​ឲ្យ​ទាំងអស់​គ្នា​ស្ដាប់​ពាក្យ​សម្ដី​របស់​អ្នក​នោះ ប្រយោជន៍​កាលណា​ទាំង​អស់​គ្នា​និយាយ នោះ​ទើប​ឲ្យ​ទាំង​អស់​បាន​ស្អាងឡើង​ទាំងអស់គ្នា ហើយ​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់រូប​អាច​បាន​សិទ្ធិ​ស្មើគ្នា » (គ. និង ស. ៨៨:១២២បាន​បន្ថែម​អក្សរទ្រេត ) ។

នៅក្នុង​ក្រុម​ភាព ខ្លួន​ទី​ពឹង​ខ្លួន ពុំ​មាន​នរណា​ម្នាក់​ត្រូវ​បាន​ហៅ​ឲ្យ​បង្រៀន​ឡើយ ! ក្នុង​នាម​ជា​អ្នក​សម្របសម្រួល ការងារ​របស់​អ្នក​គឺ​ដើម្បី​ជួយ​សមាជិក​ក្រុម​ធ្វើ​តាម​ឯកសារ ចូលរួម​ចំណែក ហើយ​យាង​ព្រះវិញ្ញាណ​មក​ក្នុង​ការ​ពិភាក្សា ។ អ្នក​ពុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​ជំនាញ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​តែ​ចូលរួម​ក្នុង​នាម​ជា​សមាជិក​ក្រុម​ម្នាក់ រក្សា​ការតាំងចិត្ត ហើយ​រៀន​ជាមួយ​គ្នា ។ គោលការណ៍​ដូច​ខាង​ក្រោម​នេះ ( ជា​អក្សរដិត ) នឹង​ជួយ​ក្រុម​របស់​អ្នក​មាន​បទពិសោធន៍​ជោគជ័យ​មួយ ។

បង្កើត​បរិយាកាស​សុវត្ថិភាព ។ ជា​រៀងរាល់​សប្ដាហ៍​អ្នក​ចូលរួម​នឹង​រាយការណ៍​ដោយ​បើកចំហ​ទៅ​ដល់​ក្រុម​អំពី​ការ​រីកចម្រើន​របស់​ពួកគេ​នៅ​ក្នុង​ការ​រក្សា​ការតាំងចិត្ត​នានា ។ ពួកគេ​នឹង​មាន​កំហុស​ឆ្គង ហើយ​មាន​បទពិសោធន៍​បរាជ័យ នៅពេល​ពួកគេ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភាព​ខ្លួន​ទីពឹង​ខ្លួន​កាន់​តែ​ប្រសើរ​នោះ ។ នេះ​ជា​រឿង​ធម្មតា ហើយ​វា​មិន​អី​ទេ ។ វា​សំខាន់​ណាស់​ដើម្បី​ឲ្យ​អ្នក​ចូលរួម​មាន​អារម្មណ៍​ថា ពួកគេ​ស្ថិត​នៅក្នុង​បរិយាកាស​សុវត្ថិភាព​ដើម្បី​សាកល្បង បរាជ័យ ហើយ​នៅ​ទីបំផុត​ទទួល​បាន​ជោគជ័យ ។

ពិភាក្សា ៖តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក​អាច​ជួយ​ដល់​អ្នក​ចូលរួម​មាន​អារម្មណ៍​សុវត្ថិភាព អារម្មណ៍​ល្អ ហើយ​ទទួល​យក​បាន​នៅ​ក្នុង​ក្រុម ?

អាន ៖លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ចូលរួម ។ ក្នុង​នាម​ជា​អ្នក​សម្របសម្រួល អ្នក​ពុំ​គួរ​និយាយ​ច្រើន​ជាង​អ្នក​ឯ​ទៀត​នៅក្នុង​ក្រុម​នោះ​ទេ ។ អ្នក​គួរ​តែ​ចូលរួម​ជាមួយ​ពួកគេ ហើយ​ជួយ​ឲ្យ​គ្រប់​គ្នា​និយាយ ។

ពិភាក្សា ៖តើ​អ្នក​នឹង​ដោះស្រាយ​ជាមួយ​មនុស្ស​ដែល​និយាយ​ច្រើន​តែ​ម្នាក់​ឯង ឬ​មិន​ចូលរួម​ដោយ​របៀប​ណា ?

អាន ៖ចាប់ផ្ដើម និង​បញ្ចប់​ទាន់​ម៉ោង ។ សមាជិក​ក្រុម​គួរ​តែ​អាច​ទុក​ចិត្ត​ថា ក្រុម​នឹង​ចាប់​ផ្ដើម ហើយ​បញ្ចប់​ទៅ​វិញ​ទាន់​ម៉ោង ។ វគ្គ និង​សកម្មភាព​នីមួយៗ បាន​ផ្ដល់​យោបល់​អំពី​ម៉ោង​កំណត់ ។ រាល់​សប្ដាហ៍​អ្នក​អាច​ចាត់​នរណា​ម្នាក់​នៅ​ក្នុង​ក្រុម​ឲ្យ​ធ្វើ​ជា​អ្នក​កំណត់​ម៉ោង ។

ពិភាក្សា ៖តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​ដល់​ក្រុម​ឲ្យ​ដំណើរ​ការ​ទាន់​ម៉ោង ?

អាន ៖រក្សា​ការ​ផ្ដល់​មតិ​យោបល់​ឲ្យ​មានការ​ទាក់ទង​គ្នា ហើយ​វិជ្ជមាន ។ មិន​ត្រូវ​ចែកចាយ​រឿង​ដែល​តិទៀន​​អ្នកដទៃ ទោះ​វា​ជា​រឿង​របស់​មនុស្ស​ម្នាក់​ដែល​សមាជិក​ក្រុម​មិន​ស្គាល់​ក្ដី ។

ពិភាក្សា ៖តើ​អ្នក​អាច​លើក​ទឹកចិត្ត​ឲ្យ​ការផ្ដល់​មតិ​របស់​ក្រុម​ត្រូវបាន​ផ្ដោត​ចិត្ត​ទុកដាក់ និង​មាន​ការ​គោរព​ដោយ​របៀប​ណា ?

រចនាសម្ព័ន្ធ​នៃ​ការ​ប្រជុំ​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន ( ៤០ នាទី )

សូម​ទស្សនា ៖« Go and Do’ Learning ( ការ​រៀន ទៅ ហើយ​ធ្វើ ) » មាន​នៅ​គេហទំព័រ srs.lds.org/videos នៅ​ក្រោម « ធនធាន​វីដេអូ » នៅ​ក្នុង​វគ្គ « ការសម្របសម្រួល​ក្រុម » (ពុំ​មាន​វីដេអូ សូម​បន្ដ​អាន ) ។

អាន ៖ការ​ប្រជុំ​ក្រុម​នីមួយៗ​មាន​ប្រាំ​វគ្គ ។ អ្នក​ពុំ​គួរ​រំលង​វគ្គ​មួយ​ណា​ទេ ។

រូបភាព
report icon

ការរាយការណ៍ ៖នៅ​ក្នុង​វគ្គ​នេះ សមាជិក​ក្រុម​វាយ​តម្លៃ​ការ​ខិតខំ​របស់​ពួកគេ ហើយ​រាយការណ៍​អំពី​ការ​រីកចម្រើន​របស់​ពួកគេ​ទៅ​ដល់​ក្រុម ។ ពួកគេ​ចែកចាយ​រឿង​ទាំងឡាយ​ដែល​ពួកគេ​បាន​រៀន​មក​ពី​ការ​ហាត់​រៀន​ជំនាញ និង​ទម្លាប់​ថ្មី ។ ការ​វាយ​តម្លៃ​លើ​ការ​រីកចម្រើន គឺ​មាន​សារៈសំខាន់​ដើម្បី​បង្កើត​ទម្លាប់​ថ្មី ។ ( សូម​ចំណាយ​ពេល​២០-៣០ នាទី ) ។

ពិភាក្សា ៖តើ​ការ​រាយការណ៍​អំពី ការ​រីកចម្រើន​របស់​យើង​ដោយ​បើក​ចំហ​ទៅ​ដល់​ក្រុម​អាច​ជួយ​យើង​យ៉ាង​ដូចម្ដេច ?

រូបភាព
My Foundation icon

មូលដ្ឋានគ្រឹះ​របស់​ខ្ញុំ ៖នៅ​ក្នុង​វគ្គ​នេះ សមាជិក​រៀន ហើយ​អនុវត្ត​គោលការណ៍​នៃ​សេចក្ដីជំនឿ ការ​អប់រំ ការ​ខិតខំ​ធ្វើការ និង​ការ​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ។ ជា​រៀងរាល់​សប្ដាហ៍ អ្នក​ចូលរួម​រំឭក​អំពី គោលការណ៍​គ្រឹះ​មួយ​ដែល​នឹង​ជួយ​ពួកគេ​ប្រែ​កាន់​តែ​មានភាព​ខ្លួន​ទីពឹង​ខ្លួន ។ ( សូម​ចំណាយ​ពេល​២០ នាទី ) ។

ពិភាក្សា ៖តើ​ហេតុអ្វី​យើង​សិក្សា​ទាំង​គោលលទ្ធិ និង​ជំនាញ​ខាង​សាច់ឈាម​នៅ​ក្នុង​ក្រុម​របស់​យើង ?

រូបភាព
learn icon

រៀន ៖នៅ​ក្នុង​វគ្គ​នេះ អ្នក​ចូល​រួម​ក្រុម អាន ពិភាក្សា ហើយ​អនុវត្ត​គំនិត និង​ជំនាញ​ថ្មី ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​មានភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​សាច់ឈាម ។ ( សូម​ចំណាយ​ពេល​៤០-៥០ នាទី ) ។

រូបភាព
ponder icon

ពិចារណ ៖នៅ​ក្នុង​វគ្គ​នេះ អ្នក​ចូលរួម​ក្រុម ពិចារណា ហើយ​សរសេរ​អំពី​អ្វីៗ​ដែល​ពួកគេ​បាន​រៀន​អំឡុង​ការ​ជួបជុំ​ក្រុម ។ ពួកគេ​ស្វែងរក​ការ​ណែនាំ​មកពី​ព្រះអម្ចាស់ ហើយ​ស្វែងរក​របៀប​ដើម្បី​កែលម្អ ។ សូម​កុំ​រំលង​វគ្គ​ណា​មួយ​ឡើយ ។ ( សូម​ចំណាយ​ពេល​៥-១០ នាទី ) ។

ពិភាក្សា ៖តើ​ការ​ពិចារណា—ដោយ​ស្ងាត់ស្ងៀម និង​ដោយ​គ្មាន​ការពិភាក្សា—អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​យើង​យ៉ាង​ដូចម្ដេច ?

រូបភាព
Commit icon

តាំង​ចិត្ត ៖នៅ​ក្នុង​វគ្គ​នេះ អ្នក​ចូលរួម​តាំង​ចិត្ត​អនុវត្ត​ជំនាញ និង​ទម្លាប់​ថ្មី ដែល​ពួកគេ​បាន​រៀន និង​ពិភាក្សា​នៅ​ក្នុង​ការ​ប្រជុំ​ក្រុម ។ ការ​ធ្វើ និង​ការ​រក្សា​ការ​តាំងចិត្ត គឺ​មាន​សារៈ​សំខាន់​ចំពោះ​ដំណើរការ​នៃ​ការ​ស្ថាបនា​ទម្លាប់​ថ្មី ។ ដើម្បី​ជា​ជំនួយ អ្នក​ចូលរួម​ទាំងឡាយ​នឹង​ជ្រើសរើស​សមាជិក​ដទៃទៀត​ក្នុង​ក្រុម​ឲ្យ​ដើរ​តួ​ជា​ដៃគូ​សកម្មភាព ។ ដៃគូ​សកម្មភាព​ត្រួតពិនិត្យ​មើល​គ្នា​ទៅវិញ​ទៅមក អំឡុង​សប្ដាហ៍​ដើម្បី​ផ្ដល់​នូវ​ការ​លើក​ទឹកចិត្ត និង​ការ​គាំទ្រ ។ អ្នក​ចូលរួម​ក៏​តាំងចិត្ត​បង្រៀន​អ្វី​ដែល ពួកគេ​រៀន​ទៅ​ដល់​គ្រួសារ ឬ​មិត្តភក្ដិ​របស់​ពួកគេ​ផងដែរ ។ ( សូម​ចំណាយ​ពេល​៥-១០ នាទី ) ។

ពិភាក្សា ៖តើ​ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ធ្វើ ឬ​មាន​ដៃគូ​សកម្មភាព ?

រូបភាព
act icon

អនុវត្ត ៖អ្នក​ចូលរួម​ត្រូវ​តែ​ធ្វើ​តាម​ការ​តាំង​ចិត្ត​របស់​ពួកគេ​អំឡុង​សប្ដាហ៍​ដើម្បី​ផ្លាស់ប្ដូរ​របៀប​ដែល​ពួកគេ​រស់នៅ ! ការ​ធ្វើ និង​ការ​បង្រៀន​អ្នកដទៃ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ជួយ​អភិវឌ្ឍ​ជំនាញ និង​ទម្លាប់​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ ( ចំណាយ​ពេល ៣-៨ ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ) ។

ពិភាក្សា ៖តើ​ខ្ញុំ​អាច​ជួយ​សមាជិក​ក្រុម​ឲ្យ​ធ្វើ​សកម្មភាព​អំឡុង​សប្ដាហ៍​ដើម្បី​បង្កើត​ទម្លាប់​ល្អ​បាន​យ៉ាង​ដូចម្ដេច ?

អាន ៖ឥឡូវ​ដោយ​សារ​អ្នក​បាន​ដឹង​អំពី​រចនាសម្ព័ន្ធ​រួច​ហើយ ចូរ​អនុវត្ត​វគ្គ​នៃ​ការ​ប្រជុំ​គ្នា​ពិត​មួយ ។

របៀប​ដែល​មនុស្ស​មក​ចូលរួម​ក្នុង​ក្រុម ( ១០ នាទី )

សូម​ទស្សនា ៖« ការ​ជ្រើសរើស​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន » មាន​នៅ​គេហទំព័រ srs.lds.org/videos នៅ​ក្រោម « ធនធាន​វីដេអូ » នៅ​ក្នុង​វគ្គ « ការសម្របសម្រួល​ក្រុម » ( ពុំ​មាន​វីដេអូ​ឬ ? សូម​បន្ដ​អាន ) ។

អាន ៖ដំណើរការ​ដើម្បី​ចូលរួម​ក្រុម​មួយ​មាន​បី​ដំណាក់កាល ។

ទីមួយ ក្រុមប្រឹក្សា​វួដ​អញ្ជើញ​សមាជិក​ឲ្យ​ចូលរួម​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

ទីពីរ សមាជិក​ដែល​ចូលរួម​ការ​ប្រជុំ​ធម្មនិដ្ឋាន​នឹង ៖

  • រៀន​អំពី​គោលលទ្ធិ និង​គោលការណ៍​មូលដ្ឋាន​ទាំងឡាយ​នៃ​ភាព​ខ្លួន​ទីពឹងខ្លួន ។

  • វាយ​តម្លៃ​លើ​តម្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​បច្ចុប្បន្ន​នេះ​របស់​ពួកគាត់ ។

  • ជ្រើស​រើស​ក្រុម​មួយ​ដែល​នឹង​កែលម្អ​ជំនាញ​របស់​ពួកគេ ។

  • ជ្រើសរើស​ថ្ងៃមួយ ពេល​មួយ និង​ទីតាំង​មួយ​សម្រាប់​ការ​ប្រជុំ​ក្រុម ។

ទីបី សមាជិក​ចាប់​ផ្ដើម​ចូលរួម​ក្នុង​ក្រុម​ដែល​ពួកគេ​ជ្រើសរើស​មួយ​សប្ដាហ៍​បន្ទាប់​ពី​ការ​ប្រជុំ​ធម្មនិដ្ឋាន ។

ការទទួលខុសត្រូវ​ក្នុង​ការ​គ្រប់​គ្រង​របស់​អ្នក​សម្របសម្រួល​ម្នាក់ ( ១០ នាទី )

ការ​ចុះ​ឈ្មោះ​ក្នុង​ក្រុម

អាន ៖វា​សំខាន់​ណាស់​ដើម្បី​ចុះ​ឈ្មោះ​ក្រុម ហើយ​ក្រោយ​មក​បំពេញ​របាយការណ៍​អំពី​ក្រុម​នៅ​ចុង​បញ្ចប់ ។ ដំណើរការ​នេះ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ស្នើសុំ​វិញ្ញាបនបត្រ​សម្រាប់​សមាជិក​ក្រុម ទទួល​បាន​សម្ភារ​បំពាក់បំប៉ន​បន្ថែម ហើយ​ជួយ​សាសនាចក្រ​កែលម្អ​កម្មវិធី​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ សូម​រំឭក​មើល​សេចក្ដីណែនាំ​ដូច​ខាង​ក្រោម ៖

  • ពី​មុន​ការ​ជួបជុំ​ក្រុម​ជា​លើក​ទីមួយ​សូម​ទាញ​យក​ទម្រង់​បែបបទ​ការ​ចុះ​ឈ្មោះ​ក្រុម​នៅ​គេហទំព័រ srs.lds.org/report ។ បំពេញ​ទម្រង់​បែបបទ​អំឡុង​ការ​ជួប​ប្រជុំ​ក្រុម​ជា​លើក​ទីមួយ ។ បន្ទាប់​ពី​បំពេញ​ទម្រង់​បែបបទ​រួច សូម​ចូល​ទៅ​គេហទំព័រ srs.lds.org/report ដើម្បី​បំពេញ​ព័ត៌មាន ។

  • ទំនាក់ទំនង​ទៅ​កាន់​អ្នកជំនាញ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ប្រចាំ​ស្ដេក​រៀងរាល់​សប្ដាហ៍​ដើម្បី​ប្រាប់​ឲ្យ​គាត់​ដឹង​ថា​នរណា​ចូលរួម​នៅក្នុង​ការ​ប្រជុំ ហើយ​មាន​សមាជិក​ក្រុម​ណា​ម្នាក់​មាន​ដំណើររឿង​ជោគជ័យ ។

  • ពីមុន​ការ​ជួប​ប្រជុំ​ក្រុម​ជា​លើក​ចុង​ក្រោយ សូមទាញ​យក របាយការណ៍​បញ្ចប់​ក្រុម និង​ទម្រង់​បែបបទ​ស្នើសុំ​វិញ្ញាបនបត្រ​នៅ​គេហទំព័រ​ srs.lds.org/report ។ បំពេញ​ទម្រង់​បែបបទ​អំឡុង​ការ​ជួប​ប្រជុំ​ក្រុម​ជា​លើក​ចុង​ក្រោយ ។ បន្ទាប់​ពី​បំពេញ​ទម្រង់​បែបបទ​រួច សូម​ចូល​ទៅ​គេហទំព័រ srs.lds.org/report ដើម្បី​បំពេញ​ព័ត៌មាន ។

ការ​រៀបចំ​បន្ទប់ និង​វីដេអូ ជា​រៀងរាល់​សប្ដាហ៍

អាន ៖អ្នក​ជំនាញ​ផ្នែក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ប្រចាំ​ស្តេក​របស់​អ្នក​គួរ​តែ​បម្រុង​ទុក​បន្ទប់​មួយ​នៅ​ក្នុង​អគារ​សាសនាចក្រ​សម្រាប់​អ្នក ។ រាល់​សប្ដាហ៍​អ្នក​គួរ​តែ​មក​ថ្នាក់​ពីរបី​នាទីមុន ដើម្បី​រៀបចំ​តុ និង​កៅអី ។ អ្នក​ក៏​គួរ​តែ​រៀបចំ​ឧបករណ៍​សោតកម្ម ហើយ​មើល​បញ្ជាក់​ថា​វីដេអូ និង​សំឡេង​ដំណើរ​ការ​ល្អ​ផងដែរ ។

ការ​សម្របសម្រួល​ក្រុម « ស្វែងរក​ការ​ងារ​ល្អ​ប្រសើរ »

បើ​អ្នក​កំពុង​សម្របសម្រួល​ក្រុម ស្វែងរក​ការងារ​ល្អ​ប្រសើរ​មួយ នោះ​មាន​រឿង​ពីរ​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង ។

ទីមួយ នៅពេល​អ្នក​បង្កើត​ក្រុម​របស់​អ្នក​នៅ​ឯ​ការ​ប្រជុំ​ធម្មនិដ្ឋាន​ភាព​ខ្លួនទីពឹង​ខ្លួន សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​នាំ​យក​សំណៅ​នៃ បញ្ជីការងារ​មួយ​ដែល​ពួកគេ​ចាប់​អារម្មណ៍​មក​ក្នុង​ការ​ប្រជុំ​ក្រុម​នីមួយៗ ។

ទីពីរ ជម្រើស​ការ​ប្រជុំ​របស់​អ្នក​មាន​ភាព​បត់​បែន ។ សូម​អាន​ទំព័រ ១៦-១៧ នៅ​ក្នុង​ឧបសម្ព័ន្ធ ។ បង្ហាញ​ជម្រើស​ការ​ប្រជុំ​ដល់​អ្នក​ទាំងឡាយ​ដែល​ជ្រើសរើស​ក្រុម​របស់​អ្នក​នៅ​ឯ​ការប្រជុំធម្មនិដ្ឋាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

សេចក្ដី​សង្ខេប

អាន ៖សូម​មើល​បញ្ជី​នេះ​ជា​ញឹកញាប់​អំឡុង​ការ​បម្រើ​របស់​អ្នក​ក្នុង​នាមជា​អ្នក​សម្របសម្រួល ។

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ពី​មុន ការ​ប្រជុំ​ក្រុម

  • ទូរសព្ទ​ហៅ ឬ​ផ្ញើ​សារ​ទៅ​សមាជិក​ក្រុម​ដើម្បី​រំឭក​ពួកគេ​អំពី​ថ្ងៃ ម៉ោង និង​ទីកន្លែង ។

  • ពិនិត្យ​ឯកសារ​ដើម្បី​រៀបចំ​ធ្វើ​ការ​សម្របសម្រួល—ប៉ុន្តែ​កុំ​រៀបចំ​ដើម្បី​បង្រៀន​វា​ដូចជា​មេរៀន​មួយ​ឡើយ ។

  • ចូរ​សុំ​ឲ្យ​អ្នក​ជំនាញ​ផ្នែក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ប្រចាំ​ស្តេក​ផ្ដល់​សៀវភៅ​លំហាត់​ដល់​អ្នក​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​បាន​ចុះ​ឈ្មោះ រួមទាំង​សំណៅ​ពីរ​ច្បាប់​បន្ថែម​ផង ។

  • សូម​មក​ដល់​ថ្នាក់​មុន​ម៉ោង​ដើម្បី​រៀបចំ​កៅអី តុ និង​វីដេអូ​ឲ្យ​បាន​ត្រឹមត្រូវ ។

  • មាន​ប៊ិច និង​ខ្មៅ​ដៃ​សម្រាប់​អ្នក​ដែល​ភ្លេច​យក​មក ។

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ក្នុងការ​ប្រជុំ​ក្រុម

  • ស្វាគមន៍​ដល់​សមាជិក​ក្រុម​ដោយ​កក់​ក្ដៅ ហើយ​រៀន​ស្គាល់​ពួកគេ ។

  • ទទួល​ស្គាល់ ហើយ​ទះដៃ​អបអរ​សាទរ​ចំពោះ​ការ​សម្រេច​បាន និង​ការ​រីកចម្រើន​របស់​ពួកគេ ។

  • ចាត់​អ្នក​កំណត់​ម៉ោង​ម្នាក់​ដើម្បី​គ្រប់គ្រង​ពេល​វេលា​ដូច​បាន​ផ្ដល់​ឲ្យ ។

  • លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ពិភាក្សា​នៅ​ក្នុង​ចំណោម​សមាជិក​ក្រុម ។

  • គូសបញ្ជាក់​អំពី​ការ​ធ្វើ​តាម​ការ​តាំង​ចិត្ត​នៅ​ចន្លោះ​ការ​ប្រជុំ ។

  • រំឭក​សមាជិក​ក្រុម​ឲ្យ​គោរព​ដល់​ព័ត៌មាន​សម្ងាត់ ។

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ទាប់​ពីការ​ប្រជុំ​ក្រុម

  • សូម​ចូល​ទៅ​គេហទំព័រ​ srs.lds.org/report បន្ទាប់​ពី​ការ​ជួប​ក្រុម​ដំបូង និង​លើក​ចុង​ក្រោយ សម្រាប់​ការ​ចុះ​ឈ្មោះ ការ​រាយការណ៍ និង​វិញ្ញាបនបត្រ ។

  • លើក​ទឹកចិត្ត​ឲ្យ​មាន​ដៃគូ​សកម្មភាព​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា និង​ជួយ​គ្នា​ទៅវិញ​ទៅមក ក្នុងអំឡុងសប្តាហ៍ ។

  • ទាក់ទង​ទៅ​កាន់ អ្នក​ជំនាញ​ផ្នែក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ប្រចាំ​ស្តេក​រាល់​សប្ដាហ៍ ហើយ​ប្រាប់​ឲ្យ​គាត់​ដឹង​អំពី​វត្តមាន​របស់​អ្នក ហើយ​ថា​តើ​ការ​ប្រជុំ​មាន​ដំណើរ​ការ​យ៉ាង​ណា ។

  • ពិនិត្យ​មើល​ឯកសារ​សម្រាប់​ការ​ជួប​ប្រជុំ​ក្រុម​លើក្រោយ​ប្រកប​ដោយ​ការ​អធិស្ឋាន ។

  • រៀបចំ​ខាងវិញ្ញាណ ហើយ​ធ្វើ​តាម​ការ​បំផុសគំនិត​ដែល​អ្នក​ទទួល​បាន ។