« មេរៀនទី ២០១—ការជ្រើសរើសដើម្បីបម្រើបេសកកម្ម ៖ ពរជ័យនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការជ្រើសរើសដើម្បីបម្រើបេសកកម្ម » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២០១ ៖ ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនា
ការជ្រើសរើសដើម្បីបម្រើបេសកកម្ម
ពរជ័យនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា
របៀបមួយដែលព្រះវរបិតាសួគ៌ប្រទានពរដល់កូនចៅរបស់ទ្រង់ គឺតាមរយៈកិច្ចការផ្សព្វផ្សាយសាសនា ។ ទ្រង់ប្រទានពរដល់ពួកអ្នកផ្សព្វផ្សាយសាសនា នៅពេលពួកគេបម្រើ និងបង្រៀនមនុស្សនៅក្នុងសហគមន៍របស់ពួកគេ និងជុំវិញពិភពលោក ។ ទ្រង់ក៏ប្រទានពរដល់អស់អ្នកដែលទទួលយកសារលិខិតនៃដំណឹងល្អ ហើយទទួលយកការបម្រើដែលពួកអ្នកផ្សព្វផ្សាយសាសនាផ្ដល់ឲ្យដែរ ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ចង់បម្រើព្រះអម្ចាស់ក្នុងនាមជាពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការទទួលខុសត្រូវរបស់យើងក្នុងការបម្រើជាពួកអ្នកផ្សព្វផ្សាយសាសនា
សូមពិចារណាពន្យល់ថា អំឡុងពេលមេរៀននេះអំពីកិច្ចការផ្សព្វផ្សាយសាសនា សិស្សនឹងធ្វើការជាមួយដៃគូ ។ របៀបមួយដើម្បីបង្កើតភាពជាដៃគូគឺត្រូវរៀបចំកន្ត្រកមួយដែលមានគំរូការចាត់តាំងបេសកកម្មសរសេរនៅលើក្រដាសទាំងនោះ ។ សំណេរនេះរួមមានទីតាំងដែលពួកអ្នកផ្សព្វផ្សាយសាសនាអាចត្រូវបានចាត់តាំងឲ្យទៅបង្រៀន ដូចជា ហ្គាតេម៉ាឡា ឬ ហុងគ្រី ។ ពួកគេក៏អាចបញ្ចូលការចាត់តាំងបេសកកម្មផ្នែកសេវាកម្ម ដូចជា អ្នកធ្វើការផ្នែកពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ឬនៅឯ ធនាគារម្ហូបអាហារនៅក្នុងមូលដ្ឋាន ផងដែរ ។ ត្រូវប្រាកដថាមានច្បាប់ចម្លងពីរច្បាប់នៃការចាត់តាំងនីមួយៗនៅក្នុងកន្រ្តកនេះ ។ សូមអញ្ជើញសិស្សម្នាក់ៗយកក្រដាសមួយសន្លឹកពីកន្ត្រកនេះ រួចអង្គុយជាមួយនឹងមិត្តរួមថ្នាក់ដែលចាប់បានការចាត់តាំងដូចគ្នា ។
ផ្តល់ច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍ខាងក្រោមនេះឲ្យដៃគូនីមួយៗ និងដាក់បង្ហាញសេចក្តីណែនាំចំនួនបីដូចខាងក្រោមនេះ ។
ប្រធាន រ័សុល អិម ណិលសុន បានបញ្ជាក់ឡើងវិញនូវការហៅរបស់ព្រះអម្ចាស់ឲ្យបម្រើជាពួកអ្នកផ្សព្វផ្សាយសាសនា ៖
ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់សាជាថ្មីដោយមោះមុតថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យយុវជន គ្រប់រូប មានភាពស័ក្ដិសម ជាយុវជនដែលមានសមត្ថភាព ឲ្យរៀបចំខ្លួនដើម្បីបម្រើបេសកកម្ម ។ សម្រាប់យុវជនពួកបរិសុទ្ធថ្ងៃចុងក្រោយ ការបម្រើផ្សព្វផ្សាយសាសនា គឺជាការទទួលខុសត្រូវមួយនៃបព្វជិតភាព ។ យុវជនទាំងឡាយ ត្រូវបានបម្រុងទុកសម្រាប់ជំនាន់នេះ ជាពេលដែលត្រូវធ្វើការប្រមូលផ្ដុំអ៊ីស្រាអែលដូចដែលបានសន្យា ។ នៅពេលអ្នកបម្រើបេសកកម្ម នោះអ្នកដើរតួនាទីដ៏សំខាន់នៅក្នុងព្រឹត្តការណ៍ដែលពុំធ្លាប់មានពីមុនមកនេះ !
សម្រាប់យុវនារីដែលមានលទ្ធភាព បេសកកម្មគឺជាឱកាសដ៏មានអានុភាពមួយផងដែរ តែវាជា ជម្រើស របស់អ្នក ។ ពួកយើង ស្រឡាញ់ ស៊ីស្ទើរអ្នកផ្សព្វផ្សាយសាសនា ហើយស្វាគមន៍ពួកគេដោយអស់ពីចិត្ត ។ អ្វីដែលអ្នកបានធ្វើនៅក្នុងកិច្ចការនេះ គឺអស្ចារ្យណាស់ ! សូមអធិស្ឋានដើម្បីដឹងថា តើព្រះអម្ចាស់ឲ្យអ្នកបម្រើបេសកកម្មដែរឬទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងឆ្លើយតបក្នុងដួងចិត្ត និងគំនិតអ្នក ។ ( រ័សុល អិម ណិលសុន « ការផ្សាយដំណឹងល្អនៃភាពសុខសាន្ដ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦ )
-
សូមអានសេចក្តីថ្លែងការណ៍នេះជាមួយដៃគូរបស់អ្នក ។
-
សូមពិភាក្សាអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍មកពីសេចក្តីថ្លែងការណ៍នេះ ។
-
សូមរៀបចំខ្លួនដើម្បីចែកចាយការយល់ដឹងរបស់អ្នកជាមួយសិស្សក្នុងថ្នាក់ ។
សូមអញ្ជើញដៃគូពីរបីគូឲ្យចែកចាយការយល់ដឹងរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ ប្រសិនបើសិស្សមានសំណួរអំពីសេចក្តីថ្លែងការណ៍នេះ សូមពិចារណាជួយពួកគេស្វែងរកចម្លើយ ឬណែនាំពួកគេឲ្យពិភាក្សាសំណួររបស់ពួកគេជាមួយព្រះអម្ចាស់ ឪពុកម្តាយរបស់ពួកគេ ឬថ្នាក់ដឹកនាំសាសនាចក្រ ។ សូមប្រាកដថា សិស្សយល់ពីការរំពឹងទុករបស់ព្រះអម្ចាស់ចំពោះយុវជន និងយុវនារីទាក់ទងនឹងការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។
ការពិចារណាផ្ទាល់ខ្លួន
សូមដាក់បង្ហាញសេចក្តីថ្លែងការណ៍ និងសំណួរខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេអំពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ ការផ្តល់ពេលវេលាដល់សិស្សដើម្បីជញ្ជឹងគិត និងឆ្លើយតបសំណួរទាំងឡាយអាចអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធ ហើយរៀបចំគំនិត និងដួងចិត្តរបស់ពួកគេដើម្បីទទួលការបំផុសគំនិតនៅពេលពួកគេសិក្សា ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
មិត្តវ័យក្មេងជាទីស្រឡាញ់ខ្ញុំអើយ អ្នករាល់គ្នាម្នាក់ៗមានតម្លៃចំពោះព្រះអម្ចាស់ ។ ទ្រង់បានបម្រុងអ្នកទុករហូតដល់ពេលនេះ ដើម្បីឲ្យអ្នកជួយប្រមូលផ្ដុំអ៊ីស្រាអែល ។ ការសម្រេចចិត្តរបស់អ្នកក្នុងការបម្រើបេសកកម្ម មិនថាជាអ្នកផ្សព្វផ្សាយដំណឹងល្អ ឬបេសកកម្មផ្នែកសេវាកម្មទេ នឹងប្រទានពរដល់អ្នក និងមនុស្សជាច្រើនទៀត ។ ( រ័សុល អិម ណិលសុន « ការផ្សាយដំណឹងល្អនៃភាពសុខសាន្ដ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦–៧ )
សូមជញ្ជឹងគិត និងសរសេរចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើផ្នែកណាមួយនៃសេចក្តីថ្លែងការណ៍នេះមានន័យបំផុតចំពោះអ្នក ? ហេតុអ្វី ?
-
តើប្រធាន ណិលសុន បង្រៀនអ្វីខ្លះ ដែលអាចជះឥទ្ធិពលដល់បំណងប្រាថ្នារបស់អ្នកក្នុងការបម្រើបេសកកម្ម ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេ ។ នៅពេលសិស្សចែកចាយ សិស្សខ្លះអាចបង្ហាញសេចក្តីពិតដូចតទៅនេះតាមពាក្យសម្តីរបស់ពួកគេផ្ទាល់ ៖ ព្រះអម្ចាស់ប្រទានពរដល់យើង និងអ្នកដទៃជាច្រើនទៀត នៅពេលយើងជ្រើសរើសបម្រើជាពួកអ្នកផ្សព្វផ្សាយសាសនា ។ សូមពិចារណាសរសេរសេចក្តីពិតនេះដាក់នៅលើក្តារខៀន ។ សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីរបៀបដែលព្រះវរបិតាសួគ៌នឹងឲ្យពួកគេអនុវត្តសេចក្ដីពិតនេះនៅក្នុងជីវិតរបស់ពួកគេ ។
ប្រសិនបើអ្នកមានអារម្មណ៍ថាសិស្សអាចទទួលបានអត្ថប្រយោជន៍ពីការរៀនបន្ថែមអំពីបេសកកម្មផ្នែកសេវាកម្ម សូមពិចារណាប្រើប្រាស់សម្ភារដែលមាននៅក្នុង « សកម្មភាពរៀនសូត្របន្ថែម » ។
ពរជ័យនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា
សកម្មភាពខាងក្រោមនេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីពរជ័យដែលព្រះអម្ចាស់អាចប្រទានឲ្យពួកគេ និងអ្នកដទៃទៀត នៅពេលពួកគេជ្រើសរើសបម្រើបេសកកម្ម ។
ដោយជាដៃគូ សូមស្វែងរកបទគម្ពីរ សុន្ទរកថាពីសន្និសីទទូទៅ ទំនុកតម្កើង ឬបណ្ណាល័យដំណឹងល្អ ដោយរកមើលដូចតទៅនេះ ៖
-
ពរជ័យទាំងឡាយដែលព្រះអម្ចាស់អាចប្រទានដល់អ្នកដទៃតាមរយៈកិច្ចខិតខំរបស់អ្នកផ្សព្វផ្សាយសាសនារបស់យើង ។
-
ពរជ័យដែលព្រះអម្ចាស់អាចប្រទានឲ្យយើងសម្រាប់ការបម្រើបេសកកម្ម ។
ប្រសិនបើអ្នកមានអារម្មណ៍ថាសិស្សអាចប្រើការណែនាំជាក់លាក់បន្ថែមទៀត សូមពិចារណាផ្តល់ឲ្យដៃគូនីមួយៗនូវសំណៅចែកដែលមានចំណងជើងថា « ពរជ័យនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា » ។
ពរជ័យនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា
សូមសិក្សាវគ្គបទគម្ពីរ និងសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ។ នៅពេលអ្នកសិក្សា សូមរកមើលដូចខាងក្រោម ៖
-
ពរជ័យទាំងឡាយដែលព្រះអម្ចាស់អាចប្រទានដល់អ្នកដទៃតាមរយៈកិច្ចខិតខំរបស់អ្នកផ្សព្វផ្សាយសាសនារបស់យើង ។
-
ពរជ័យដែលព្រះអម្ចាស់អាចប្រទានឲ្យយើងសម្រាប់ការបម្រើបេសកកម្ម ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
បងប្អូនប្រុសស្រី ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទពិតជាត្រូវការខ្លាំងណាស់នៅសព្វថ្ងៃនេះ ។ ការទាស់ទែង និងជម្លោះ បំពានលើអ្វីៗដែលព្រះអង្គសង្គ្រោះបានតាំង និងបង្រៀន ។ ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយសូមថ្លែងទីបន្ទាល់ថា ដំណឹងល្អរបស់ទ្រង់គឺជាដំណោះស្រាយដ៏យូរអង្វែង តែមួយគត់ សម្រាប់ភាពសុខសាន្ដ ។ ដំណឹងល្អរបស់ទ្រង់គឺជាដំណឹងល្អនៃភាពសុខសាន្ដ [ សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៦ ] ។ …
អ្នកផ្សព្វផ្សាយសាសនា ទាំងអស់ បង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។ ភាពងងឹតខាងវិញ្ញាណនៅក្នុងពិភពលោកធ្វើឲ្យពន្លឺនៃព្រះយេស៊ូវគ្រីស្ទត្រូវការច្រើនជាងពេលណាៗទាំងអស់ ។ មនុស្សគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីដឹងអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ មនុស្សគ្រប់រូបសមនឹងដឹងថា ពួកគេអាចស្វែងរកក្តីសង្ឃឹម និងភាពសុខសាន្ដដែល « [ ហួសលើស ] ពីអស់ទាំងគំនិត » [ ភីលីព ៤:៧ ] ។ ( រ័សុល អិម ណិលសុន « ការផ្សាយដំណឹងល្អនៃភាពសុខសាន្ដ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៦–៧ )
អែលឌើរ ម៉ាកឺស ប៊ី ណាស នៃពួកចិតសិបនាក់បានបង្រៀន ៖
ការចែកចាយដំណឹងល្អនាំឲ្យមានអំណរ និងក្ដីសង្ឃឹមដល់ព្រលឹងរបស់អ្នកចែកចាយផង និងអ្នកទទួលផង ។ ពិតណាស់ « អ្នកនឹងមានសេចក្ដីអំណរដ៏មហិមា » [ គោលទ្ធិ និងសេចក្តីសញ្ញា ១៨:១៥ ] ពេលអ្នកចែកចាយដំណឹងល្អ ! ការចែកចាយដំណឹងល្អគឺជាការមានអំណរ និងក្ដីសង្ឃឹមម្ដងហើយម្ដងទៀត ។ …
ការជ្រើសរើសមិនលើកពន្លឺដំណឹងល្អឡើង ផ្លាស់យើងទៅរកទីងងឹត ជាកន្លែងដែលយើងងាយចាញ់នឹងការល្បួង ។ អ្វីដែលសំខាន់ការសន្ទនាគឺពិតថា ៖ ការជ្រើសរើសដើម្បីលើកពន្លឺដំណឹងល្អឡើង នាំយើងទៅកាន់តែពេញដោយពន្លឺនោះ ហើយវាផ្ដល់ការការពារប្រឆាំងនឹងការល្បួងផងដែរ ។ ឱ នេះគឺជាពរជ័យដ៏អស្ចារ្យមួយនៅក្នុងពិភពលោកសព្វថ្ងៃនេះ ! ( ម៉ាកឺស ប៊ី ណាស « Hold Up Your Light » Liahona ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៧១–៧២ )
នៅពេលសិស្សបានបញ្ចប់ការសិក្សាហើយ សូមអញ្ជើញដៃគូនីមួយៗឲ្យសរសេរជុំវិញសេចក្ដីពិតនេះនៅលើក្ដារខៀន យ៉ាងហោចណាស់ ពរជ័យមួយពីកិច្ចការផ្សព្វផ្សាយសាសនា ។ បន្ទាប់ពីបានរាយបញ្ជីពរជ័យជាច្រើនហើយ សូមពិចារណាសួរសំណួរដូចខាងក្រោមនេះ ដើម្បីផ្តល់ឱកាសឲ្យសិស្សចែកចាយ ឬថ្លែងទីបន្ទាល់អំពីអ្វីដែលពួកគេបានរៀន ៖
-
តើពរជ័យមួយណានៅលើក្ដារខៀនដែលអ្នក ឬអ្នកផ្សេងទៀតដែលអ្នកស្គាល់បានទទួលតាមរយៈកិច្ចការផ្សព្វផ្សាយសាសនា ?
-
តើបទគម្ពីរ ឬសេចក្តីថ្លែងការណ៍មួយណាដែលអ្នកបានអាន ដែលបានជួយបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីបម្រើព្រះអម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ?
-
តើអ្នកគិតថាកិច្ចការផ្សព្វផ្សាយសាសនាអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះអម្ចាស់ដោយរបៀបណា ? ហេតុអ្វី ?
សូមពិចារណាចែកចាយបទពិសោធន៍ដែលអ្នកធ្លាប់មាន ឬទីបន្ទាល់របស់អ្នកអំពីកិច្ចការផ្សព្វផ្សាយសាសនា ។ អ្នកក៏អាចបង្ហាញវីដេអូ « Value of a Full-Time Mission » ( ៥:២២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org និងអញ្ជើញសិស្សឲ្យរកមើលមូលហេតុដែលនរណាម្នាក់អាចជ្រើសរើសបម្រើបេសកកម្ម ។
សូមពិចារណាណែនាំសិស្សឲ្យត្រឡប់ទៅកាន់សេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន តាំងពីដើមមេរៀន ។ សូមអញ្ជើញយុវជនឲ្យបន្តអធិស្ឋានសូមឲ្យព្រះអម្ចាស់នឹងបង្កើនបំណងប្រាថ្នា និងសមត្ថភាពរបស់ពួកគេដើម្បីបម្រើបេសកកម្មពេញម៉ោង ។ សូមអញ្ជើញយុវនារីឲ្យអធិស្ឋានដើម្បីដឹងថា តើព្រះអម្ចាស់នឹងឲ្យពួកគេបម្រើបេសកកម្មពេញម៉ោង ឬយ៉ាងណា ។