« មេរៀនទី ១៩៧—ការត្រៀមខ្លួនប្រឡង និងគម្រោងដែលមានការប្រកួតប្រជែង ៖ ‹ បើសិនជាអ្នករាល់គ្នា បានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការត្រៀមខ្លួនប្រឡង និងគម្រោងដែលមានការប្រកួតប្រជែង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៩៧ ៖ ភាពជោគជ័យនៅក្នុងសាលា
ការត្រៀមខ្លួនប្រឡង និងគម្រោងដែលមានការប្រកួតប្រជែង
« បើសិនជាអ្នករាល់គ្នា បានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ »
នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីទទួលបានការអប់រំ ជាញឹកញាប់យើងត្រូវបានចាត់ឲ្យធ្វើនូវកិច្ចការដ៏លំបាកៗ ។ នៅពេលយុវវ័យមើលទៅព្រះយេស៊ូវគ្រីស្ទ ហើយធ្វើចំណែករបស់ពួកគេដើម្បីត្រៀមខ្លួន និងបន្តព្យាយាមនៅសាលា នោះព្រះអង្គសង្គ្រោះអាចជួយពួកគេឲ្យដោះស្រាយចំពោះកិច្ចការអប់រំរបស់ពួកគេបាន ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបត្រៀមខ្លួនដោយជោគជ័យសម្រាប់ការប្រឡង និងគម្រោងដែលមានការប្រកួតប្រជែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការស្មុគស្មាញជាមួយការប្រឡង ឬគម្រោងនៅសាលា
សូមពិចារណាចាប់ផ្តើមមេរៀនដោយចែកចាយសាច់រឿងខាងក្រោមនេះ ។ ជំនួសឲ្យការចែកចាយសាច់រឿងទាំងមូល អ្នកអាចចែកចាយដើមប្រយោគនីមួយៗ ហើយបន្ទាប់មកសុំឲ្យសិស្សគិតពីហេតុផលដែលថា ហេតុអ្វីបានជា សេម និង អិមម៉ា អាចមានអារម្មណ៍បែបនោះ ។
សេម មិនចូលចិត្តប្រឡងនៅសាលាទេ ព្រោះជាធម្មតាគាត់ពុះពារធ្វើមិនបានល្អ ។ ជារឿយៗគាត់មានអារម្មណ៍ថប់បារម្ភនៅពេលគាត់ប្រឡង ហើយហាក់ដូចជាភ្លេចអ្វីដែលគាត់បានរៀនភាគច្រើន ។
អិមម៉ា មានការលំបាកនៅពេលត្រូវបានចាត់ឲ្យធ្វើគម្រោង ឬរបាយការណ៍ធំៗនៅថ្នាក់រៀនរបស់នាង ។ នាងមានអារម្មណ៍ថាសន្ធប់ជាមួយនឹងទំហំការងារដែលនាងត្រូវធ្វើ ហើយមានទំនោរចង់ទុកការងារនោះចោលរហូតដល់មួយ ឬពីរថ្ងៃមុនពេលដែលគម្រោង ឬរបាយការណ៍នោះត្រូវដាក់បញ្ជូន ។ ជាលទ្ធផល ការងារដែលនាងបញ្ជូនទៅ ជាញឹកញាប់ជាការងារដែលមិនហើយរួចរាល់ ឬមិនបានល្អ ។
សូមអញ្ជើញសិស្សឲ្យគិតអំពីពេល ដែលពួកគេអាចមានអារម្មណ៍ដូចជា សេម និងអិមម៉ា ។ សូមពន្យល់ថា វាមិនមែនជារឿងចំឡែកទេដែលសិស្សពុះពារនឹងទំនុកចិត្តរបស់ពួកគេនៅសាលា ជាពិសេសជាមួយនឹងការប្រឡង និងគម្រោងដែលមានការប្រកួតប្រជែងនោះ ។ វាអាចមានអត្ថប្រយោជន៍ក្នុងការរំឭកពួកគេថា ការរៀនសូត្រគឺជាដំណើរការពេញមួយជីវិត ។ ពួកយើងនៅលើផែនដីនេះដើម្បីរៀន និងរីកចម្រើន ។
សូមអញ្ជើញសិស្សនៅពេលពួកគេសិក្សាឲ្យយកចិត្តទុកដាក់ទៅលើសេចក្ដីពិតខាងវិញ្ញាណ និងចំណាប់អារម្មណ៍ដែលអាចជួយពួកគេជោគជ័យជាមួយនឹងការប្រឡង ឬគម្រោងនានានៅសាលា ។
ការរៀនសូត្រចេញពីបទគម្ពីរ
សូមពន្យល់ថា ព្រះគម្ពីរមិនបង្រៀនជាពិសេសអំពីរបៀបត្រៀមខ្លួនសម្រាប់ការប្រឡង ឬគម្រោងនៅសាលាឡើយ ។ ទោះជាយ៉ាងណា នៅពេលយើងប្រដូចបទគម្ពីរទៅនឹងខ្លួនយើង ( សូមមើល នីហ្វៃទី១ ១៩:២៣ ) នោះយើងអាចស្វែងរកសេចក្តីពិតដែលអាចជួយយើងតាមរបៀបផ្សេងៗគ្នា រួមទាំងពេលយើងប្រឈមនឹងបញ្ហាក្នុងការអប់រំរបស់យើងផងដែរ ។
សូមពិចារណាបែងចែកថ្នាក់ទៅជាក្រុមៗដើម្បីបំពេញសកម្មភាពសិក្សាដូចខាងក្រោមនេះ ។
ស្វែងរកបទគម្ពីរសម្រាប់សេចក្ដីពិតដែលអាចជួយអ្នកនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកដើម្បីទទួលបានជោគជ័យលើការប្រឡង និងគម្រោងនៅសាលានានា ។ អ្នកអាចស្វែងរកវគ្គបទគម្ពីរដោយខ្លួនឯង ឬអ្នកអាចសិក្សាវគ្គមួយចំនួន ឬទាំងអស់ដូចខាងក្រោមនេះ ៖
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៦:១៥; ៨:២–៤; ៣៨:៩, ៣០; ៨៨:១១៨; ៩០:២៤
-
ភីលីព ៤:១៣
-
តើសេចក្តីពិតអ្វីដែលអ្នកបានរកឃើញដែលអាចជួយអ្នកឲ្យទទួលបានជោគជ័យជាមួយនឹងការប្រឡង ឬគម្រោងសាលានានា ?
ដើម្បីជួយសិស្សឲ្យបង្រៀនគ្នាទៅវិញទៅមក សូមពិចារណាអញ្ជើញពួកគេឲ្យសរសេរអំពីសេចក្ដីពិតដែលពួកគេបានរកឃើញនៅលើក្ដារខៀន ។
សិស្សគួរតែអាចរកឃើញសេចក្តីពិតជាច្រើនចេញពីបទគម្ពីរដែលពួកគេបានសិក្សា ។ នេះគឺជាឧទាហរណ៍មួយចំនួន ៖ ព្រះវិញ្ញាណបរិសុទ្ធអាចបំភ្លឺដល់គំនិតរបស់ខ្ញុំ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៦:១៥ ) ប្រសិនបើខ្ញុំបានប្រុងប្រៀបទុកជាស្រេច នោះខ្ញុំនឹងមិនខ្លាចឡើយ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:៩, ៣០ ) នៅពេលខ្ញុំអធិស្ឋានជានិច្ច នោះព្រះនឹងញែកកិច្ចការរបស់ខ្ញុំសម្រាប់សុខុមាលភាពនៃព្រលឹងរបស់ខ្ញុំ ( សូមមើល នីហ្វៃទី២ ៣២:៨–៩ ) ខ្ញុំអាចធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះយេស៊ូវគ្រីស្ទ ( សូមមើល ភីលីព ៤:១៣ ) ។
សូមពិចារណាអញ្ជើញសិស្សជាច្រើននាក់ឲ្យឆ្លើយសំណួរទីមួយដូចខាងក្រោមនេះ ។ អ្នកអាចចង្អុលទៅសេចក្តីពិតមួយចំនួននៅលើក្ដារខៀន ហើយអញ្ជើញសិស្សដែលបានសរសេរសេចក្តីពិតនោះឲ្យឆ្លើយសំណួរនោះដោយមានសេចក្តីពិតនោះនៅក្នុងចិត្ត ។
-
តើអ្នកគិតថាសេចក្តីពិតដែលអ្នកបានរកឃើញអាចជួយអ្នកក្នុងការប្រឡង ឬគម្រោងរបស់សាលាដោយរបៀបណា ?
-
តើមានរបៀបអ្វីខ្លះដែលព្រះអម្ចាស់អាចជួយអ្នកក្នុងកិច្ចការសាលារបស់អ្នក នៅពេលអ្នកអនុវត្តសេចក្តីពិតទាំងនេះនៅក្នុងការសិក្សារបស់អ្នក ?
ដោយជាផ្នែកមួយនៃការពិភាក្សារបស់អ្នកអំពីសំណួរពីមុន សូមពិចារណាសួរសិស្សពីរបីនាក់ឲ្យចែកចាយឧទាហរណ៍អំពីរបៀបដែលពួកគេបានទទួលជំនួយពីព្រះអម្ចាស់នៅក្នុងកិច្ចការសាលារបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលបទពិសោធន៍ទាំងនោះជះឥទ្ធិពលដល់អារម្មណ៍របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ ។
ផ្ដល់ដំបូន្មាន
មេរៀនផ្នែកនេះមានគោលបំណងជួយសិស្សឲ្យគិតពីវិធីជាក់លាក់ ដែលពួកគេអាចត្រៀមខ្លួន ដើម្បីទទួលបានជោគជ័យលើការប្រឡង ឬគម្រោងដែលមានការប្រកួតប្រជែងផ្សេងៗ ។ ដើម្បីធ្វើដូច្នេះ អ្នកអាចដាក់បង្ហាញការណែនាំខាងក្រោម និងផ្តល់ពេលវេលាដល់សិស្សដើម្បីបង្កើតការឆ្លើយតបជាមួយដៃគូ ឬក្រុមតូច ។
សូមស្រមៃថា អ្នកមានឱកាសផ្តល់ដំបូន្មានដល់នរណាម្នាក់ដូចជា សេម ឬ អិមម៉ា អំពីរបៀបដើម្បីទទួលបានជោគជ័យលើការប្រឡង ឬលើគម្រោងនៅសាលាដែលមានការប្រកួតប្រជែង ។ សូមសរសេរនូវដំបូន្មានអ្វីដែលអ្នកនឹងផ្តល់ឲ្យ ។ សូមរួមបញ្ចូលឃ្លាទាំងឡាយពីបទគម្ពីរដែលអ្នកគិតថា អាចមានអត្ថប្រយោជន៍ ។ សំណួរដូចខាងក្រោមនេះអាចដឹកនាំការឆ្លើយតបរបស់អ្នក ៖
-
តើអ្វីអាចជួយអ្នកឲ្យចងចាំ និងប្រើនូវអ្វីដែលអ្នកបានរៀនរួចមកហើយនោះ ?
-
តើធ្វើដូចម្តេចដើម្បីកុំឲ្យមានការរំខានពេលអ្នកកំពុងសិក្សា ?
-
តើអ្វីអាចជួយអ្នកចៀសវាងពីការពន្យារពេល ?
-
តើអ្វីអាចជួយអ្នកកែលម្អសមត្ថភាពគិតរបស់អ្នកឲ្យបានច្បាស់លាស់ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីឲ្យព្រះអម្ចាស់មានចំណែកនៅក្នុងការត្រៀមខ្លួនរបស់អ្នក ?
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីបង្កើតចម្លើយរបស់ពួកគេហើយ សូមអញ្ជើញពួកគេចែកចាយចម្លើយទាំងនោះជាមួយសិស្សក្នុងថ្នាក់ ។ អ្នកអាចសរសេរនៅលើក្ដារខៀននូវការយល់ដឹងដែលបានចែកចាយ និងលើកទឹកចិត្តសិស្សឲ្យកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ដែលពួកគេមិនទាន់បានគិតនៅឡើយ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍អំពីរបៀបដែលការផ្ដល់យោបល់មួយចំនួនបានជួយពួកគេផងដែរ ។
ប្រសិនបើសិស្សត្រូវការជំនួយរិះរកគំនិត សូមពិចារណាផ្តល់យោបល់ពីរបី រួមទាំងគំនិតមួយចំនួនដូចខាងក្រោមនេះ ៖
-
កត់ត្រានូវអ្វីដែលអ្នកកំពុងរៀននៅក្នុងថ្នាក់ ហើយមើលវាឡើងវិញឲ្យបានញឹកញាប់ ។ ពន្យល់ពីអ្វីដែលអ្នកកំពុងរៀនដល់មិត្តរួមថ្នាក់ សមាជិកគ្រួសារ ឬមិត្តភក្តិ ។
-
ដាក់ទូរសព្ទរបស់អ្នកឲ្យឆ្ងាយ ហើយទប់ស្កាត់ការចូលប្រើរបស់អ្នកទៅកាន់គេហទំព័រអ៊ីនធឺណិតដែលរំខាននៅពេលអ្នកកំពុងសិក្សា ។
-
ពង្រាយការសិក្សារបស់អ្នកឲ្យបានជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ។ ដាក់កាលវិភាគហើយធ្វើតាមកាលវិភាគនោះឲ្យជាប់លាប់ ។ បើអ្នកតាមពុំទាន់ សូមកុំរង់ចាំរហូតដល់វិនាទីចុងក្រោយដើម្បីតាមឲ្យទាន់ឡើយ។
-
រកកន្លែងស្ងប់ស្ងាត់ដើម្បីសិក្សា ហើយសិក្សានៅពេលថ្ងៃ ពេលដែលអ្នកមិនទាន់អស់កម្លាំង ។ ថែរក្សារាងកាយរបស់អ្នកដោយការទទួលទានអាហារដែលមានសុខភាពល្អ ដេកឲ្យបានច្រើន និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ។
-
ចំណាយពេលដើម្បីទទួលការអប់រំ និងត្រៀមវិញ្ញាណរបស់អ្នកតាមរយៈការសិក្សាបទគម្ពីរ ។ អធិស្ឋាន ហើយតមអាហារម្តងម្កាលដើម្បីទទួលបានជំនួយ និងការណែនាំ ។
គំនិតផ្សេងទៀតដើម្បីជួយដល់ការប្រឡងនៅសាលាអាចរកបាននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ។
គិតអំពីអ្វីដែលអ្នកបានរៀន
អញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍នៅក្នុងមេរៀនដែលអាចជួយពួកគេក្នុងជីវិតរបស់ពួកគេ ។ របៀបមួយដើម្បីធ្វើការណ៍នេះបាន អាចជាការឲ្យសិស្សឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
នៅថ្ងៃនេះ តើអ្នកបានស្វែងយល់ ឬមានអារម្មណ៍ដឹងអ្វីខ្លះដែលអ្នកចង់ចងចាំ ?
-
តើមានយុទ្ធសាស្ត្រអ្វីខ្លះដែលអ្នកបានរៀនថ្ងៃនេះ ដែលអ្នកចង់បញ្ចូលទៅក្នុងការសិក្សារបស់អ្នក ?
សូមពិចារណារំឭកសិស្សថា ការធ្វើជាអ្នករៀនដែលជោគជ័យ ត្រូវការពេលវេលា ការត្រៀមខ្លួន ការអត់ធ្មត់ និងការអនុវត្ត ។ សូមលើកទឹកចិត្តពួកគេឲ្យបន្តពឹងផ្អែកលើព្រះអង្គសង្គ្រោះសម្រាប់ជំនួយ និងការណែនាំ ។