« មេរៀនទី ១៩៦—សុចរិតភាពក្នុងការអប់រំរបស់យើង ៖ ‹ យើងខ្ញុំជឿលើការប្រព្រឹត្តដោយទៀងត្រង់ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« សុចរិតភាពក្នុងការអប់រំរបស់យើង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៩៦ ៖ ភាពជោគជ័យនៅក្នុងសាលា
សុចរិតភាពក្នុងការអប់រំរបស់យើង
« យើងខ្ញុំជឿលើការប្រព្រឹត្តដោយទៀងត្រង់ »
នៅពេលយើងខិតខំដើម្បីធ្វើជាសិស្សដែលមានសមត្ថភាព និងជាទីទុកចិត្តរបស់ព្រះយេស៊ូវគ្រីស្ទ វាសំខាន់ណាស់ដើម្បីមានសេចក្តីទៀងត្រង់ និងសេចក្តីសុចរិតនៅក្នុងដួងចិត្តរបស់យើង ។ មេរៀននេះអាចជួយសិស្សឲ្យធ្វើសកម្មភាពបានកាន់តែប្រសើរដោយសេចក្តីទៀងត្រង់ និងសេចក្តីសុចរិតក្នុងការអប់រំរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការជ្រើសរើសសេចក្តីទៀងត្រង់ និងសេចក្តីសុចរិត
សូមអញ្ជើញសិស្សឲ្យចែកចាយសាច់រឿង ឬស្ថានភាពនៅសាលាដែលអាចនឹងសាកល្បងសេចក្តីសុចរិតរបស់នរណាម្នាក់ ។ សូមចែកចាយឧទាហរណ៍ខាងក្រោមនេះតាមតម្រូវការ ។
-
អ្នកមានការប្រឡងដ៏សំខាន់មួយនៅពេលខាងមុខនេះ ។ មិត្តរួមថ្នាក់សង្កេតឃើញចម្លើយប្រឡងមួយច្បាប់នៅលើតុរបស់គ្រូបង្រៀន ហើយយកទូរសព្ទរបស់គាត់ថតចម្លើយនោះ ។ គាត់ផ្ញើរូបថតចម្លើយនោះមកអ្នក និងសិស្សជាច្រើននាក់ទៀត ។
-
អ្នកត្រូវសរសេរអត្ថបទសម្រាប់ថ្នាក់ ប៉ុន្តែមិនបានឆ្លៀតពេលសរសេរនោះទេ ។ មិត្តម្នាក់ណែនាំថា អ្នកអាចប្រើកម្មវិធីសុសវែរនៅលើអនឡាញ ដែលនឹងសរសេរអត្ថបទរបស់អ្នកឲ្យអ្នក ។ ឬអ្នកអាចបិទភ្ជាប់ផ្នែកពីអត្ថបទផ្សេងៗពីអ៊ីនធឺណិត ហើយបញ្ចូលប្រយោគផ្ទាល់ខ្លួនរបស់អ្នកមួយចំនួនដើម្បីធ្វើឲ្យវាស្តាប់ទៅដូចជាការសរសេររបស់អ្នក ។ មិត្តភក្តិរបស់អ្នកប្រាប់ថា គាត់ធ្លាប់ធ្វើបែបនេះពីមុនមក ហើយគ្រូបង្រៀនមិនដែលដឹងទេ ។
-
តើអ្វីអាចនាំឲ្យនរណាម្នាក់គិតថា ទង្វើទាំងនេះជាគំនិតល្អ ?
-
តើអ្វីអាចជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវធ្វើក្នុងស្ថានភាពទាំងនេះ ?
-
សូមពន្យល់ថា មេរៀននេះនឹងផ្តោតលើសារៈសំខាន់នៃសេចក្តីទៀងត្រង់ និងសេចក្តីសុចរិតនៅក្នុងការអប់រំរបស់យើង ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេដឹងអំពីសេចក្តីសុចរិត ។ សេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន អាចជាធនធានដ៏មានអត្ថប្រយោជន៍ ។
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ១៩១៧–២០០៨ ) ក្នុង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យនិយម័យសេចក្តីសុចរិតតាមរបៀបដូចខាងក្រោមនេះ ៖
សុចរិតភាពមានន័យថា ត្រូវធ្វើអ្វីដែលត្រឹមត្រូវ និងល្អជានិច្ច មិនថាកើតមានលទ្ធផលភ្លាមៗយ៉ាងណានោះទេ ។ វាមានន័យថាត្រូវមានសេចក្តីសុចរិតចេញពីជម្រៅនៃដួងព្រលឹងរបស់យើង មិនមែនគ្រាន់តែការប្រព្រឹត្តនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺក្នុងគំនិត និងក្នុងដួងចិត្តរបស់យើង ។ សុចរិតភាពផ្ទាល់ខ្លួនបង្ហាញពីភាពគួរឲ្យទុកចិត្ត និងភាពមិនពុករលួយ ដែលថាយើងមិនអាចធ្វើខុសចំពោះការជឿទុកចិត្ត ឬសេចក្តីសញ្ញាឡើយ ។ …
ពិភពលោកពិតជាត្រូវការបុរស និងស្ត្រីដែលមានសុចរិតភាពជាខ្លាំង ។ ស្ទើរតែជារៀងរាល់ថ្ងៃ យើងឮអំពីការក្លែងបន្លំ ការប្រើប្រាស់មូលនិធិខុស ការផ្សាយពាណិជ្ជកម្មមិនពិត ឬការប្រព្រឹត្តផ្សេងទៀតដែលបង្កើតឡើងដើម្បីទទួលបានប្រាក់ចំណេញដោយការលួចបន្លំ ឬការបោកប្រាស់ ។ ព្រះអម្ចាស់ស្អប់ខ្ពើមការប្រព្រឹត្តបែបនេះណាស់ ។ ( យ៉ូសែប ប៊ី វ៉ឺតលីន « Personal Integrity » Ensign ខែឧសភា ឆ្នាំ១៩៩០ ទំព័រ ៣០, ៣២ )
-
តើអ្នកបានកត់សម្គាល់ឃើញយ៉ាងណាអំពីតម្រូវការសម្រាប់សេចក្តីសុចរិតនៅក្នុងពិភពលោកសព្វថ្ងៃនេះ ?
មតិយោបល់ខាងក្រោមនេះអាចជួយសិស្សវាយតម្លៃគំនិតរបស់ពួកគេអំពីសារៈសំខាន់នៃការប្រព្រឹត្តដោយសេចក្តីសុចរិតក្នុងការអប់រំរបស់ពួកគេ ៖ អញ្ជើញពួកគេឲ្យស្វែងរកទំព័រទទេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយសរសេរនៅលើទំព័រនោះថា « មូលហេតុដែលសេចក្តីសុចរិតក្នុងការអប់រំមានសារៈសំខាន់ចំពោះខ្ញុំ » ។ សូមឲ្យសិស្សសរសេរហេតុផលទាំងអស់ ដែលសេចក្តីសុចរិតមានសារៈសំខាន់ចំពោះពួកគេ ។ នៅពេលពួកគេបានធ្វើរួចរាល់ហើយ នោះសិស្សស្ម័គ្រចិត្តពីរបីនាក់អាចចែកចាយហេតុផលមួយចំនួនរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
សូមលើកទឹកចិត្តសិស្សឲ្យបន្តបន្ថែមគំនិត សេចក្តីពិត និងបទគម្ពីរទៅក្នុងបញ្ជីរបស់ពួកគេពេញមួយមេរៀននេះ ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងប្រព្រឹត្តដោយសេចក្តីសុចរិត
សូមពន្យល់ថា ការយល់ពីបុគ្គលិកលក្ខណៈ និងការបង្រៀនរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចជំរុញចិត្តយើងឲ្យប្រព្រឹត្តដោយសេចក្តីសុចរិត ។ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើសកម្មភាពសិក្សាដូចខាងក្រោមនេះជាមួយដៃគូ ឬនៅក្នុងក្រុមតូចមួយ ។
សូមអានបទគម្ពីរខាងក្រោមនេះ ដោយរកមើលការបង្រៀនដែលអាចជួយយើងឲ្យមានអារម្មណ៍ថា មានបំណងប្រាថ្នាចង់ប្រព្រឹត្តដោយសេចក្តីសុចរិតកាន់តែខ្លាំងឡើង ៖ នីហ្វៃទី៣ ២៧:១៨; អេធើរ ៣:១១–១២; គោលលទ្ធិ និងសេចក្តីសញ្ញា ៣:២; ៥១:៩; ១២៤:១៥, ២០; មាត្រានៃសេចក្តីជំនឿ ១:១៣ ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនពីខគម្ពីរទាំងនេះ អំពីសារៈសំខាន់នៃសេចក្តីទៀងត្រង់ និងសេចក្តីសុចរិតនៅក្នុងជីវិតរបស់យើង ?
សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីពិតដែលពួកគេបានរៀន ។ ពួកគេអាចស្វែងរកសេចក្តីពិតដែលស្រដៀងដូចខាងក្រោមនេះ ៖ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ គឺមានសេចក្តីទៀងត្រង់យ៉ាងឥតខ្ចោះ ។ ពេលយើងប្រព្រឹត្តដោយសេចក្តីទៀងត្រង់ និងដោយសេចក្តីសុចរិត នោះយើងកាន់តែដូចជាទ្រង់ទាំងទ្វេ ។
-
តើអ្វីអាចធ្វើឲ្យពិបាកក្នុងការប្រព្រឹត្តដោយសេចក្តីទៀងត្រង់ និងសេចក្តីសុចរិតនៅក្នុងការអប់រំរបស់យើង ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីឥទ្ធិពលនៃសេចក្តីសុចរិតអាចមានលើការលូតលាស់ខាងវិញ្ញាណរបស់យើង ៖
មាននូវអំណាចខាងវិញ្ញាណដ៏មហិមានៅពេលបន្តនៅពិត និងទៀងត្រង់ នៅពេលលទ្ធផលនៃភាពទៀងត្រង់របស់អ្នកអាចសម្តែងចេញមកជាគុណវិបត្តក្តី ។ អ្នករាល់គ្នានឹងជួបប្រទះនូវការសម្រេចចិត្តបែបនេះ ។ ឱកាសដ៏សំខាន់នេះនឹងសាកល្បងសេចក្តីសុចរិតរបស់អ្នក ។ នៅពេលអ្នកជ្រើសរើសភាពទៀងត្រង់ និងសេចក្តីពិត—ទោះបីជាស្ថានភាពនោះបានសម្រេចដូចដែលអ្នកចង់បាន ឬអត់ក្តី—អ្នកនឹងយល់ដឹងថា ឱកាសសម្រេចចិត្តដ៏សំខាន់ទាំងនេះ ក្លាយជាសសរគ្រឹះនៃកម្លាំងនៅក្នុងការរីកចម្រើនខាងវិញ្ញាណរបស់អ្នក ។ ( នែល អិល អាន់ឌើរសិន « The Divine Standard of Honesty » Ensign ខែសីហា ឆ្នាំ២០១៧ ទំព័រ ៤០ )
-
តើសេចក្តីទៀងត្រង់ និងសេចក្តីសុចរិតនៅកន្លែងធ្វើការ និងសាលាមានអត្ថប្រយោជន៍ និងពរជ័យអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេបានឃើញពរជ័យរបស់ព្រះអម្ចាស់សម្រាប់ការបង្ហាញពីសេចក្តីសុចរិតក្នុងការអប់រំរបស់ពួកគេ ។ អ្នកអាចបង្ហាញវីដេអូ « Honesty: You Better Believe It! » ( ៤:៤៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីជួយសិស្សមើលឃើញគំរូនៃសេចក្តីសុចរិត ។
អនុវត្តអ្វីដែលអ្នកបានរៀន
សូមរំឭកសិស្សអំពីអត្តសញ្ញាណដ៏ទេវភាពរបស់ពួកគេក្នុងនាមជាបុត្រាបុត្រីនៃព្រះវរបិតាមាតាសួគ៌ដែលពេញដោយក្តីស្រឡាញ់ ។ នេះគឺជាផ្នែកមួយដែលថាពួកគេជានរណា រួមទាំងនៅសាលាផងដែរ ។ នៅពេលពួកគេធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយប្រព្រឹត្តដោយសេចក្តីទៀងត្រង់ និងសេចក្តីសុចរិត នោះគុណលក្ខណៈទាំងនេះនឹងបង្ហាញថាពួកគេខុសពីពិភពលោកទាំងមូល ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
អត្តសញ្ញាណដ៏មានតម្លៃរបស់អ្នក សមនឹងទទួលបានសេចក្តីសុចរិតដ៏មានតម្លៃរបស់អ្នក ! សូមថែរក្សាវាជារង្វាន់ដែលមិនអាចកាត់ថ្លៃបាន ។ ( រ័សុល អិម ណិលសុន « Integrity of Heart » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៣ ] ទំព័រ ៧ នៅលើគេហទំព័រ speeches.byu.edu )
ដើម្បីជួយសិស្សឲ្យពិចារណាពីរបៀបដែលពួកគេនឹងការពារ ឬបង្កើនសេចក្តីទៀងត្រង់ និងសេចក្តីសុចរិតរបស់ពួកគេ សុំឲ្យពួកគេឆ្លើយតបទៅនឹងសំណួរមួយចំនួន ឬទាំងអស់ដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាអំពីសេចក្តីសុចរិតនៅក្នុងការអប់រំ ដែលអ្នកចង់ចងចាំនៅថ្ងៃនេះ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលនឹងជួយអ្នក នៅពេលអ្នកត្រូវបានល្បួងឲ្យប្រព្រឹត្តដោយមិនទៀងត្រង់ ?
-
តើសកម្មភាពមួយ ឬពីរអ្វីខ្លះដែលអ្នកនឹងធ្វើដើម្បីបង្កើនសេចក្តីទៀងត្រង់ និងសេចក្តីសុចរិតរបស់អ្នកនៅសាលា ?
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេ ។ សូមថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយ ដែលអ្នកបានពិភាក្សា ហើយលើកទឹកចិត្តសិស្សឲ្យអនុវត្តតាមផែនការរបស់ពួកគេ ។