« មេរៀនទី ១៤៧—គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥ ៖ ការធ្វើទុក្ករកម្មព្យាការី យ៉ូសែប ស្ម៊ីធ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដី សញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៤៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥–១៣៦
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥
ការធ្វើទុក្ករកម្មព្យាការី យ៉ូសែប ស្ម៊ីធ
បន្ទាប់ពីបានដឹកនាំពួកបរិសុទ្ធជាច្រើនឆ្នាំមក ព្យាការី យ៉ូសែប ស្ម៊ីធ និងបងប្រុសរបស់លោក ហៃរុម បានជាប់នៅគុក កាតធេច ។ នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ មនុស្សកំណាចមួយក្រុមបានធ្វើការវាយប្រហារ ហើយបុរសទាំងពីរនាក់ត្រូវបានគេសម្លាប់ ។ មេរៀននេះមានបំណងជួយសិស្សឲ្យពង្រឹងទីបន្ទាល់របស់ពួកគេអំពី យ៉ូសែប ស្ម៊ីធ ជាព្យាការីនៃការស្ដារឡើងវិញរបស់ព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
« ព្យាការី និង អ្នកមើលឆុតរបស់ព្រះអម្ចាស់ »
សូមពិចារណាបង្ហាញរូបភាពរបស់ យ៉ូសែប ស្ម៊ីធ ហើយអញ្ជើញសិស្សឲ្យស្រមៃថាពួកគេហៀបនឹងនិយាយជាមួយនរណាម្នាក់ដែលមិនបានដឹងអ្វីសោះអំពីលោក ។ សូមឲ្យពួកគេធ្វើបញ្ជីមួយអំពីអ្វីដែលពួកគេគិតថាជារឿងសំខាន់បំផុតបួន ឬ ប្រាំ ដែលព្រះអម្ចាស់បានធ្វើសម្រាប់យើងតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ សំណួរខាងក្រោមនេះអាចមានប្រយោជន៍ ៖
-
តើជីវិតរបស់អ្នកនឹងមានភាពខុសគ្នាយ៉ាងដូចម្ដេចបើគ្មានពរជ័យដែលព្រះអម្ចាស់បានប្រទានឲ្យយើងតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធនោះ ?
-
តើចំណេះដឹង និងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បានជះឥទ្ធិពលតាមរយៈ យ៉ូសែប ស្ម៊ីធ និងកិច្ចការព្យាកររបស់លោកដោយរបៀបណា ?
សូមពន្យល់ថានៅក្នុងមេរៀននេះសិស្សនឹងរៀនអំពីការធ្វើទុក្ករកម្មរបស់ យ៉ូសែប ស្ម៊ីធ និងអ្វីដែលព្រះអម្ចាស់បានធ្វើតាមរយៈលោក ។ នៅពេលពួកគេសិក្សា សូមអញ្ជើញពួកគេឲ្យស្វែងយល់កាន់តែច្បាស់អំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេតាមរយៈព្យាការី ។
ផ្លូវទៅកាន់គុកកាតធេច
ដើម្បីជួយសិស្សត្រៀមខ្លួនសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥ សូមពិចារណាសង្ខេបកថាខណ្ឌទាំងនេះតាមពាក្យសម្តីរបស់អ្នកផ្ទាល់ ។
យ៉ូសែប ស្ម៊ីធ និងពួកបរិសុទ្ធបានរស់នៅដោយសុខសាន្តនៅក្នុងរដ្ឋអិលលីណោយរយៈពេលប្រហែលបីឆ្នាំ ។ នៅឆ្នាំ ១៨៤២ ពួកគេបានចាប់ផ្ដើមជួបនឹងការប្រឆាំងម្តងទៀត ។ ពួកអ្នកជំទាស់នៅក្នុងសាសនាចក្រ និងពួកអ្នកប្រឆាំងនៅខាងក្រៅសាសនាចក្របានរួមកម្លាំងគ្នាប្រឆាំងនឹងព្យាការី និងពួកបរិសុទ្ធ ។ ពលរដ្ឋមួយចំនួននៅរដ្ឋអិលលីណោយបានចាប់ផ្ដើមភ័យខ្លាច និងអន់ចិត្តនឹងឥទ្ធិពលនយោបាយរបស់ពួកបរិសុទ្ធ ។ អ្នកផ្សេងទៀតបានចាប់ផ្តើមច្រណែននឹងកំណើនសេដ្ឋកិច្ចរបស់ទីក្រុងណៅវូ ។ ការបៀតបៀនប្រឆាំងនឹងពួកបរិសុទ្ធក៏បានបណ្តាលមកពីការយល់ខុសចំពោះការអនុវត្តនានា ដូចជាការមានប្រពន្ធច្រើនដែលសមាជិកក្បត់សាសនាមួយចំនួនបានក្លែងបន្លំ ។ នៅរដូវក្តៅ ឆ្នាំ ១៨៤៤ ការជំទាស់ប្រឆាំងនឹងសាសនាចក្រកាន់តែធ្ងន់ធ្ងរឡើង ។
នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ១៨៤៤ វិល្លាម ឡ ដែលធ្លាប់បម្រើជាទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ និងជនក្បត់សាសនាដទៃទៀតបានបោះពុម្ពសារព័ត៌មានច្បាប់ដំបូងមួយដែលមានឈ្មោះថា Nauvoo Expositor ដើម្បីធ្វើឲ្យមហាជនខឹងសម្បារនឹងព្យាការី និងសាសនាចក្រ ។ យ៉ូសែប ស្ម៊ីធ និងក្រុមប្រឹក្សាក្នុងទីក្រុងណៅវូភាគច្រើនបានចាត់ទុកសារព័ត៌មាននេះថាជាការរំខានដល់សាធារណៈ និងបានបញ្ជាឲ្យបំផ្លាញសារព័ត៌មាន Nauvoo Expositor ចោល ។ ការបញ្ជានេះគឺស្របទៅនឹងច្បាប់ដែលមាននៅសម័យរបស់ យ៉ូសែប ស្ម៊ីធ ។
ពលរដ្ឋមួយចំនួនក្នុងតំបន់ជុំវិញនោះបានធ្វើបាតុកម្មប្រឆាំងនឹងពួកបរិសុទ្ធ និងការបំផ្លាញសារព័ត៌មាននោះ ។ អភិបាលរដ្ឋអិលលីណោយឈ្មោះ ថូម៉ាស ហ្វតបានផ្តល់ដំបូន្មានដល់ យ៉ូសែប ស្ម៊ីធ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតឲ្យធ្វើដំណើរទៅកាន់ទីក្រុងកាតធេច ហើយដោះស្រាយស្ថានភាពនេះដោយស្របច្បាប់ ។ គាត់បានសន្យាថាពួកលោកនឹងទទួលបានការការពារទាំងស្រុង និងមានការកាត់ក្តីដោយយុត្តិធម៌ប្រសិនបើពួកលោកមកដោយស្ម័គ្រចិត្ត ។ ទោះបីជាមានការសន្យាទាំងនេះក្ដី ក៏ព្យាការីបានជឿជាក់ថាលោកនឹងត្រូវគេសម្លាប់ប្រសិនបើលោកទៅ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥:៤ ) ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប និងហៃរុម ស៊្មីធ ព្រមទាំងមនុស្សពីរបីនាក់ផ្សេងទៀតបានចាកចេញពីទីក្រុងណៅវូទៅកាន់ទីក្រុង កាតធេច ដើម្បីព្យាយាមរក្សាពួកបរិសុទ្ធឲ្យមានសុវត្ថិភាពពីអំពើហិង្សាដោយក្រុមមនុស្សកំណាច ។
បន្ទាប់ពី យ៉ូសែប និងហៃរុមបានចំណាយពេលពីរបីថ្ងៃក្នុងពន្ធនាគារ ក្រុមមនុស្សកំណាចបានធ្វើការវាយប្រហារ ។
ការធ្វើទុក្ករកម្ម
មុនពេលសិស្សអានវគ្គបទគម្ពីរខាងក្រោមនេះ សូមពិចារណាសុំឲ្យពួកគេចែកចាយអ្វីដែលពួកគេអាចដឹងរួចហើយអំពីការធ្វើទុក្ករកម្មរបស់ យ៉ូសែប និង ហៃរុម ស្ម៊ីធ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥ ដែលកាលពីដើមឡើយត្រូវបានបោះពុម្ពតិចជាងបីខែបន្ទាប់ពីទុក្ករកម្មដែលបានពិពណ៍នាអំពីអ្វីដែលបានកើតឡើង ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:១–២ ដោយស្វែងរកព័ត៌មានលម្អិតអំពីទុក្ករកម្ម និងសាក្សីដែលបានឃើញព្រឹត្តិការណ៍នេះ ។ ( ប្រសិនបើអ្នកចង់បានព័ត៌មានលម្អិត សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥:៤–៧ ) ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នកអាចគិត ឬមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកបានឃើញព្រឹត្តិការណ៍ដ៏អាក្រក់នេះ ?
ដើម្បីជួយសិស្សឲ្យស្រមៃអំពីអ្វីដែលបានកើតឡើង សូមពិចារណាបង្ហាញវីដេអូ « Joseph Smith—Prophet of the Restoration » ( ចាប់ពីនាទី ០:០០ ដល់នាទីទី ៣:០៦ ) ឬ « Joseph Smith: The Prophet of the Restoration » ( ចាប់ពីនាទី ៥៥:៥០ ដល់នាទីទី ៥៩:៥១ ) ។
បើចាំបាច់ សូមពន្យល់ថាអែលឌើរ យ៉ូហាន ថេលើរ ( ឆ្នាំ ១៨០៨–១៨៨៧ ) ជាសាក្សីម្នាក់ចំពោះការធ្វើទុក្ករកម្មនេះ ។ នៅទីបំផុតលោកបានជាសះស្បើយពីរបួសដែលបានកើតឡើងនៅថ្ងៃនោះ ហើយបានបន្តបម្រើជាប្រធានទីបីនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ដោយស្វែងរកវិធីមួយចំនួនដែលព្រះអម្ចាស់បានប្រទានពរយើងតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
-
តើសេចក្ដីពិតអ្វីខ្លះដែលមានអត្ថន័យចំពោះអ្នក ? ហេតុអ្វី ?
សូមអញ្ជើញសិស្សឲ្យសរសេរសេចក្ដីពិតដ៏មានអត្ថន័យនៅក្នុង ខទី ៣ នៅលើក្ដារខៀន ហើយចែកចាយគំនិតរបស់ពួកគេអំពីសេចក្តីពិតទាំងនោះ ។
ពួកគេអាចប្រើពាក្យផ្សេងគ្នា ប៉ុន្តែសេចក្ដីពិតមួយដែលសិស្សទំនងជានឹងកត់សម្គាល់គឺ យ៉ូសែប ស្ម៊ីធ បានធ្វើច្រើនជាងគេសម្រាប់សេចក្ដីសង្គ្រោះនៃពិភពលោកជាងមនុស្សណាទាំងអស់ លើកលែងតែ ព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ ។ សូមពិចារណាសរសេរសេចក្ដីពិតមួយបែបនេះនៅលើក្ដារខៀន ។ វាប្រហែលជាសំខាន់ក្នុងការបញ្ជាក់ថា សេចក្ដីសង្គ្រោះអាចកើតឡើងបានតែតាមរយៈព្រះយេស៊ូវគ្រីស្ទដែលជាព្រះអង្គសង្គ្រោះនៃមនុស្សលោកទាំងអស់ប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយព្រះយេស៊ូវគ្រីស្ទបានធ្វើការតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ដើម្បីពង្រីកពរជ័យនៃដង្វាយធួនរបស់ទ្រង់ទៅដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទី ហើយពិចារណាអំពីសារៈសំខាន់នៃសេចក្ដីពិតនេះក្នុងជីវិតរបស់ពួកគេផ្ទាល់ ។
ទោះបីជាជីវិតរមែងស្លាប់របស់ យ៉ូសែប ស្ម៊ីធ បានបញ្ចប់នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ក្ដី ក៏កិច្ចការ ទីបន្ទាល់ និងឥទ្ធិពលរបស់លោកបានជួយដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌រាប់លាននាក់ឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានពរជ័យនៃសេចក្ដីសង្គ្រោះ ។
« បេសកកម្ម និងកិច្ចការរបស់លោក »
ដើម្បីជួយសិស្សឲ្យស្គាល់កាន់តែច្បាស់អំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រើ យ៉ូសែប ស្ម៊ីធ ដើម្បីជួយយើងឲ្យខិតទៅជិតទ្រង់ទាំងទ្វេរ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើតាមជំហានបីខាងក្រោមនេះ ។ ឧទាហរណ៍មួយចំនួនត្រូវបានដាក់បញ្ចូលជាអក្សរទ្រេត ។
សូមអញ្ជើញអ្នករៀនឲ្យចែកចាយ ៖ ដើម្បីរៀនបន្ថែមអំពីការអញ្ជើញអ្នកដទៃឲ្យចែកចាយ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ » ដែលរកឃើញនៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖បង្រៀនដោយព្រះវិញ្ញាណ ។ សូមពិចារណាពីការអនុវត្តជំនាញ « បង្កើតការបំផុសគំនិតនានាដែលជួយសិស្សឲ្យនិយាយចេញមកនូវអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ » ។
-
សរសេរឃ្លា « ព្រះអម្ចាស់ធ្វើការតាមរយៈ យ៉ូសែប ស្ម៊ីធ » នៅចំកណ្ដាលទំព័រមួយក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
នៅជុំវិញឃ្លានេះសូមសរសេរ ឬគូរចំណុច ៤–៥ ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្រៀន ឬបានធ្វើតាមរយៈ យ៉ូសែប ស្ម៊ីធ ។ ប្រសិនបើអាច សូមដាក់បញ្ចូលសេចក្តីយោងបទគម្ពីរសម្រាប់ចំណុចនីមួយៗ ។ ឧទាហរណ៍ ៖ « ការនិមិត្តដំបូង » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧–១៩ ) ។
-
ដាក់បញ្ចូលគំនិត និងអារម្មណ៍របស់អ្នកអំពីរបៀបដែលចំណុចនីមួយៗដែលអ្នកបានសរសេរ ជួយអ្នកឲ្យខិតទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ ៖ តាមរយៈ យ៉ូសែប ស្ម៊ីធ ខ្ញុំយល់កាន់តែច្បាស់អំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំដឹងថាព្រះវរបិតាសួគ៌នឹងឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ហើយថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគឺជាតួអង្គពីរដែលមានព្រះកាយពីរទីទៃពីគ្នា ។
ប្រសិនបើសិស្សត្រូវការជំនួយក្នុងការគិតពីឧទាហរណ៍បន្ថែមអំពីអ្វីដែលត្រូវសរសេរ ឬគូរនោះ ពួកគេអាចពិនិត្យមើលប្រធានបទ និងខគម្ពីរដូចខាងក្រោមនេះ ៖ បព្វជិតភាព ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣:១ ), ព្រះគម្ពីរមរមន ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៧:៥–៦; ១៣៥:៣ ) កិច្ចការផ្សព្វផ្សាយសាសនា ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤; ១១០:១១ ) អំណាចផ្សារភ្ជាប់ ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១៣–១៦ ) ។
ខណៈសិស្សពិចារណា និងសរសេរ អ្នកអាចចាក់បទ « សរសើរដល់លោក » ( ទំនុកតម្កើង ល.រ. ១៦ ) ។ សូមពន្យល់ថា ទំនុកតម្កើងនេះគឺជាការនិពន្ធរបស់ វិលលាម ដ័បបុលយូ ហ្វែប្ស ដែលជាការឧទ្ទិសដល់លោក បន្ទាប់ពីព្យាការីបានទទួលមរណភាព ។
សូមអញ្ជើញសិស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ឲ្យចែកចាយគំនិតរបស់ពួកគេអំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ហើយពិចារណាធ្វើបញ្ជីមួយនៅលើក្ដារខៀន ។ នៅពេលដែលសិស្សចែកចាយគំនិត និងអារម្មណ៍របស់ពួកគេអំពីប្រធានបទមួយ សូមពិចារណាសួរសំណួរដូចជា « តើមាននរណាផ្សេងទៀតគិតអំពីពរជ័យដូចគ្នានោះដែរឬទេ ? តើអ្នកចង់បន្ថែមគំនិតណាមួយទៅនឹងការពិភាក្សារបស់យើងដែរឬទេ ? ឬ « តើជីវិតរបស់អ្នកនឹងខុសគ្នាយ៉ាងណាបើគ្មានពរជ័យនេះនោះទេ ? » សូមអញ្ជើញសិស្សឲ្យចែកចាយអំពីពរជ័យជាច្រើន ។ សូមពិចារណាចែកចាយគំនិត និងទីបន្ទាល់របស់អ្នកផងដែរ ។
ដើម្បីបញ្ចប់ អ្នកក៏អាចចែកចាយសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះដោយប្រធាន អិម រ័សុល បាឡឺដ ជាប្រធានស្ដីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ប្រធាន បាឡឺដ គឺជាចៅលួតរបស់ ហៃរុម ស្ម៊ីធ ។
នោះយើងគួរតែចងចាំតម្លៃដែលយ៉ូសែប និងហៃរុម ស្ម៊ីធ បានលះបង់ ព្រមជាមួយបុរស ស្រ្តី និងកុមារដែលស្មោះត្រង់ជាច្រើនដទៃទៀត ដើម្បីកសាងសាសនាចក្រនេះ ដើម្បីអ្នកនិងខ្ញុំអាចរីករាយនូវពរជ័យជាច្រើន ហើយអ្វីៗទាំងអស់នេះបានបើកសម្តែងសេចក្តីពិតដែលយើងមានសព្វថ្ងៃនេះ ។ ភាពស្មោះត្រង់របស់ពួកលោកមិនគួរបំភ្លេចចោលឡើយ ! ( អិម រ័សុល បាឡឺដ « Shall We Not Go On in So Great a Cause? » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១១ )
-
ប្រសិនបើនរណាម្នាក់ចង់យល់កាន់តែច្បាស់អំពីរបៀបដែលព្រះអម្ចាស់ប្រទានពរដល់ពួកគេតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ តើអ្នកនឹងផ្តល់អនុសាសន៍អ្វីខ្លះដល់ពួកគេ ?
ការទន្ទេញ
អ្នកអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ហើយរំឭកវាឡើងវិញនៅក្នុងមេរៀនក្រោយៗ ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរនេះគឺ « យ៉ូសែប ស្ម៊ីធ បាននាំមកនូវព្រះគម្ពីរមរមនដែលលោកបានបកប្រែដោយអំណោយទាន និងអំណាចនៃព្រះ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញមាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។