« មេរៀនទី ១៣៦—គោលលទ្ធិ និងសេចក្តីសញ្ញា ១២៦ ៖ ព្រះអម្ចាស់បានទទួលយកការបម្រើរបស់ ព្រិកហាំ យ៉ង់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១២៦ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៣៦ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា១២៥–១២៨
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៦
ព្រះអម្ចាស់បានទទួលយកការបម្រើរបស់ ព្រិកហាំ យ៉ង់
នៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨៤១ ព្រះអម្ចាស់បានប្រទានវិវរណៈមួយដល់ ព្រិកហាំ យ៉ង់ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ បន្ទាប់ពី ព្រិកហាំ បានបម្រើបេសកកម្មជាច្រើននៅសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេស អង់គ្លេស ព្រះអម្ចាស់បានមានបន្ទូលថា ការធ្វើដំណើរធ្វើកិច្ចការផ្សព្វផ្សាយសាសនារបស់លោក អាចទទួលយកបានចំពោះទ្រង់ ។ ទ្រង់បានមានបន្ទូលថា វាដល់ពេលដែល ព្រិកហាំ ត្រូវថែរក្សាគ្រួសាររបស់លោកជាពិសេសហើយ ។ មេរៀននេះអាចជួយសិស្សឲ្យបង្កើនបំណងប្រាថ្នារបស់ខ្លួនក្នុងការធ្វើកិច្ចការដោយឧស្សាហ៍ព្យាយាមសម្រាប់ព្រះអម្ចាស់ដូចដែល ព្រិកហាំ យ៉ង់ បានធ្វើ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការបម្រើព្រះអម្ចាស់
សូមសរសេរឃ្លា ការបម្រើព្រះអម្ចាស់ នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យធ្វើដូចខាងក្រោមនេះ ៖
សូមស្រមៃថាថ្នាក់ដឹកនាំស្តេក ឬមណ្ឌលម្នាក់បានធ្វើការស្ទង់មតិសមាជិកសាសនាចក្រវ័យជំទង់នៅក្នុងតំបន់របស់អ្នក ហើយបានសួរសំណួរដូចខាងក្រោមនេះ ។ តើចម្លើយរបស់ពួកគេមួយចំនួនអាចមានអ្វីខ្លះ ?
-
តើអ្នកព្យាយាមបម្រើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ? ហេតុអ្វីអ្នកបម្រើទ្រង់ទាំងទ្វេ ?
-
តើអ្វីខ្លះដែលរារាំងមិនឲ្យបម្រើព្រះអម្ចាស់ ? ហេតុអ្វីពេលខ្លះយើងមិនចង់បម្រើទ្រង់ ?
បន្ទាប់ពីសិស្សចែកចាយហើយ សូមឲ្យពួកគេជញ្ជឹងគិតអំពីរបៀបដែលពួកគេអាចឆ្លើយសំណួរខាងលើនេះដោយផ្ទាល់ ។
នៅពេលពួកគេសិក្សាអំពីគំរូរបស់ ព្រិកហាំ យ៉ង់ នៅក្នុងអំឡុងពេលមេរៀននេះ សូមអញ្ជើញសិស្សឲ្យស្វែងរកព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយពួកគេឲ្យយកឈ្នះឧបសគ្គនានាដើម្បីបម្រើព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាម ។
របៀបដែលព្រះអម្ចាស់មានអារម្មណ៍អំពី ព្រិកហាំ យ៉ង់
សូមពិចារណាផ្តល់ព័ត៌មានដូចខាងក្រោមនេះដល់សិស្សពីរបីនាក់នៅពេលចាប់ផ្តើមថ្នាក់ ។ សូមអញ្ជើញពួកគេឲ្យសង្ខេបអ្វីដែលមានអត្ថន័យ ឬគួរឲ្យចាប់អារម្មណ៍ចំពោះពួកគេអំពី ព្រិកហាំ យ៉ង់ ។
-
ព្រិកហាំ យ៉ង់ បានធំឡើងក្នុងជីវភាពក្រីក្រ ជាកូនទីប្រាំបួនក្នុងចំណោមកូនដប់មួយនាក់ ។
-
នៅអាយុ ១៤ ឆ្នាំ ម្តាយរបស់លោកបានទទួលមរណភាព ។
-
នៅអាយុ ១៦ ឆ្នាំ លោកបានចាប់ផ្តើមរស់ដោយខ្លួនឯងនៅក្នុងពិភពលោកនេះ ដោយបានធ្វើជាជាងឈើ ជាងកញ្ចក់ និងជាជាងគំនូរ ។
-
នៅអាយុ ២៣ ឆ្នាំ លោកបានរៀបការជាមួយ មីរៀម វើកស៍ ហើយក្រោយមកពួកលោកបានមានកូនស្រីពីរនាក់ ។
-
ព្រិកហាំ បានសិក្សាអំពីព្រះគម្ពីរមរមនអស់រយៈពេលពីរឆ្នាំដោយប្រៀបធៀបវាទៅនឹងព្រះគម្ពីរប៊ីបមុនពេលលោកចូលរួមក្នុងសាសនាចក្រនេះ ។ ក្រោយមកលោកបានរាយការណ៍ថា « ខ្ញុំបានដឹងថាព្រះគម្ពីរនេះពិត ហើយខ្ញុំក៏បានដឹងដែរថា ខ្ញុំអាចមើលឃើញដោយភ្នែករបស់ខ្ញុំផ្ទាល់ ឬក៏ទទួលអារម្មណ៍តាមរយៈការយកម្រាមដៃរបស់ខ្ញុំទៅប៉ះ » ( eachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ២ ) ។
-
ព្រិកហាំ បានបំពេញបេសកកម្មចំនួន ១០ នៅក្នុងសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសអង់គ្លេស ។
-
លោកបានក្លាយជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅអាយុ ៣៣ ឆ្នាំ ។
-
នៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨៤១ ព្រះអម្ចាស់បានប្រទានវិវរណៈមួយដល់ ព្រិកហាំ យ៉ង់ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៦:១–៣ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីការបម្រើរបស់លោក ។
-
តើអ្នកចូលចិត្ត ឬបានរៀនអ្វីខ្លះពីខគម្ពីរទាំងនេះ ?
សូមស្តាប់ដោយយកចិត្តទុកដាក់នៅពេលសិស្សចែកចាយ ។ ប្រសិនបើអ្នករកឃើញថាវាមានអត្ថប្រយោជន៍ សូមសួរសំណួរតាមដានដូចនេះ ៖ « តើពាក្យអ្វីដែលត្រូវបានប្រើនៅក្នុងវិវរណៈដែលសំដៅទៅលើ ព្រិកហាំ ? » « តើអ្នកគិតថាពាក្យទាំងនេះនឹងធ្វើឲ្យ ព្រិកហាំ មានអារម្មណ៍បែបណា ? » « តើខគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអម្ចាស់ ? »
ប្រសិនបើសិស្សមិនបានរកឃើញគោលការណ៍មួយដោយឯកឯងទេ សូមពិចារណាសួរថា « តើសេចក្តីបង្គាប់របស់ព្រះអម្ចាស់ចំពោះ ព្រិកហាំ យ៉ង់ អាចអនុវត្តចំពោះយើងបានយ៉ាងដូចម្ដេច ? » សិស្សអាចប្រើពាក្យផ្សេងៗ ប៉ុន្តែគួរតែកំណត់គោលការណ៍មួយស្រដៀងគ្នាទៅនឹងគោលការណ៍ខាងក្រោមនេះ ៖ បើយើងខិតខំធ្វើការថ្វាយព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាម នោះទ្រង់នឹងទទួលយកការថ្វាយដ៏សុចរិតរបស់យើង ។ អ្នកអាចផ្ដល់យោបល់ឲ្យសិស្សកត់ត្រាគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
តើអ្វីដែលអ្នកគិតថាមនុស្សដូចព្រិកហាំ យ៉ង់ ដឹង ដែលជំរុញពួកគេឲ្យបម្រើព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាម ? តើវាអាចជួយយើងដោយរបៀបណា ?
គំរូរបស់ ព្រិកហាំ យ៉ង់
សំណៅចែកខាងក្រោមនេះមានការពិភាក្សាចំនួនបី ដែលអាចជួយសិស្សឲ្យរៀនអំពីការធ្វើកិច្ចការដោយឧស្សាហ៍ព្យាយាមថ្វាយព្រះអម្ចាស់ចេញពីគំរូរបស់ ព្រិកហាំ យ៉ង់ ។ មុនចាប់ផ្តើមថ្នាក់ សូមអញ្ជើញសិស្សបីនាក់ឲ្យបម្រើថ្នាក់ទាំងមូល ដោយដឹកនាំការពិភាក្សាមួយដូចខាងក្រោមនេះ ។ ឬបែងចែកថ្នាក់ជាក្រុមដែលមានគ្នាបីនាក់ ហើយអញ្ជើញសមាជិកក្រុមនីមួយៗឲ្យដឹកនាំការពិភាក្សាមួយ ។ សូមប្រាប់សិស្សថា ពួកគេអាចសម្របសម្រួលសំណួរណាមួយដើម្បីធ្វើឲ្យការពិភាក្សានេះកាន់តែមានអត្ថន័យ ឬមានប្រសិទ្ធភាពសម្រាប់មិត្តរួមថ្នាក់របស់ពួកគេ ។
គំរូរបស់ ព្រិកហាំ យ៉ង់
ការពិភាក្សាទី១
បញ្ហាប្រឈមមុខនៃការនិយាយជាសាធារណៈ
សូមចាប់ផ្តើមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការនិយាយជាសាធារណៈនេះ ? ហេតុអ្វី ?
សូមអាន ឬសង្ខេបដូចខាងក្រោមនេះ ៖
ឧបសគ្គដ៏ធំបំផុតមួយរបស់ព្រិកហាំ យ៉ង់ គឺការនិយាយជាសាធារណៈ ។ លោកបាននិយាយថា ៖ « ខ្ញុំមិនមែនជាមនុស្សពូកែនិយាយនោះទេ » ( នៅក្នុង Journal of Discourses ៥:៩៧ ) ។ លោកបានរំឭកពីគ្រាមួយ នៅមួយសប្តាហ៍បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់លោក នៅពេលលោករំពឹងថា នឹងមានអ្នកនិយាយដែលមានបទពិសោធន៍បួននាក់ ដែលជាសមាជិកនៃសាសនាចក្រឡើងផ្សព្វផ្សាយ ប៉ុន្តែពួកគេមិនបានធ្វើនោះទេ ។ លោកបានថ្លែងថា ៖
ខ្ញុំនៅក្មេង កន្លងមកការនិយាយជាសាធារណៈ និងចំណេះដឹងពីពិភពលោកមិនពូកែនោះទេ ប៉ុន្តែ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានសណ្ឋិតលើរូបខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា ឆ្អឹងរបស់ខ្ញុំនឹងស៊ីសាច់នៅក្នុងខ្លួនខ្ញុំ លុះត្រាតែខ្ញុំនិយាយទៅកាន់គេ ហើយប្រាប់ពួកគេពីអ្វីដែលខ្ញុំបានឃើញ បានឮ និងបានរៀន—អ្វីដែលខ្ញុំបានឆ្លងកាត់ និងអ្វីដែលធ្វើឲ្យខ្ញុំរីករាយ ហើយ ខ្ញុំបាននិយាយជាងមួយម៉ោងក្នុងសុន្ទរកថាដំបូងរបស់ខ្ញុំ ។ ខ្ញុំបានបើកមាត់និយាយ ហើយព្រះអម្ចាស់បានបំពេញការនិយាយរបស់ខ្ញុំ ។ ( ព្រិកហាំ យ៉ង់ នៅក្នុង Journal of Discourses ១៣:២១១ )
-
តើអ្វីដែលព្រិកហាំ យ៉ង់ បានធ្វើមានការពិបាកអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១០០:៥–៦ ( សូមមើលផងដែរ និក្ខមនំ ៤:១២; សុភាសិត ១៦:១ ) ។ បន្ទាប់មកសូមសួរ ៖
-
តើបទពិសោធន៍របស់ព្រិកហាំ យ៉ង់ ទាក់ទងនឹងខគម្ពីរទាំងនេះយ៉ាងដូចម្ដេច ?
-
តើអ្នករៀនអ្វីខ្លះអំពីព្រះអម្ចាស់ដែលអាចជួយអ្នកបាន ?
សូមចែកចាយអំពីអារម្មណ៍របស់អ្នកអំពីការទុកចិត្តលើព្រះអម្ចាស់ ហើយមានឆន្ទៈចែកចាយនូវអ្វីដែលអ្នកដឹង ។
ការពិភាក្សាទី ២
ការលះបង់របស់ព្រិកហាំ ដើម្បីបម្រើ
ចាប់ផ្តើមដោយការសួរសំណួរដូចខាងក្រោម ៖
-
តើការបម្រើបេសកកម្មត្រូវលះបង់អ្វីខ្លះ ?
សូមអាន ឬសង្ខេបដូចខាងក្រោមនេះ ៖
នៅក្នុងឆ្នាំដដែលនោះ នៅពេលព្រិកហាំ យ៉ង់ បានទទួលបុណ្យជ្រមុជទឹក ភរិយារបស់លោកបានទទួលមរណភាព ។ ជាការលះបង់ដ៏ធំ លោកបានរៀបចំឲ្យមានការមើលថែកូនទាំងពីរនាក់របស់លោក ហើយបានបម្រើបេសកកម្មទៅទីក្រុងញូវយ៉ក និងកាណាដាខាងលើ ជាកន្លែងដែលលោកបានជ្រមុជទឹកមនុស្សជាច្រើន ។
បន្ទាប់ពីបានបម្រើបេសកកម្មអស់រយៈពេលជិតមួយឆ្នាំ ព្រិកហាំ បានពិពណ៌នាអំពីការមកដល់របស់លោកក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ៖
បើមានមនុស្សណាម្នាក់ដែលធ្លាប់ជួបជុំជាមួយពួកបរិសុទ្ធគឺជាអ្នកក្រជាងខ្ញុំ—នោះវាគឺដោយសារតែគាត់គ្មានអ្វីទាល់តែសោះ ។ … ខ្ញុំមានកូនពីរនាក់ដើម្បីមើលថែ ។ … ខ្ញុំជាបុរសពោះម៉ាយ ។ … [ ខ្ញុំ ] គ្មានស្បែកជើងពាក់ទេ មានតែស្បែកជើងកវែងដែលខ្ចីគេមួយគូនេះ ។ ខ្ញុំគ្មានអាវរងារទេ មានតែអាវដែលដេរដោយដៃដែលខ្ញុំមានតាំងពីពេលបី ឬបួនឆ្នាំមុនម្ល៉េះ ។ … ខ្ញុំបានធ្វើដំណើរ ហើយផ្សព្វផ្សាយ ហើយបានបរិច្ចាគប្រាក់កាសនៃទ្រព្យសម្បត្តិរបស់ខ្ញុំដែលមាន ។ ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៤៣ )
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន លូកា ១៨:១៨–២៣ ដោយរកមើលរបៀបដែលការឆ្លើយតបរបស់ ព្រិកហាំ យ៉ង់ ចំពោះការអញ្ជើញឲ្យបម្រើគឺខុសពីបុរសដែលបានប្រាស្រ័យទាក់ទងជាមួយនឹងព្រះអង្គសង្គ្រោះនៅក្នុងដំណើររឿងនេះ ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះអម្ចាស់ដែលអាចជួយយើងឲ្យមានឆន្ទៈធ្វើការលះបង់ដូចជា ព្រិកហាំ យ៉ង់ បានធ្វើ ?
-
ក្រៅពីការបម្រើបេសកកម្ម តើព្រះអម្ចាស់អាចនឹងចង់ឲ្យយើងលះបង់អ្វីខ្លះដើម្បីបម្រើទ្រង់ ?
សូមចែកចាយអារម្មណ៍របស់អ្នកអំពីការមានឆន្ទៈលះបង់ដើម្បីបម្រើព្រះអម្ចាស់ ។
ការពិភាក្សាទី ៣
បេសកកម្មរបស់ ព្រិកហាំ ទៅប្រទេសអង់គ្លេស
ចាប់ផ្តើមដោយការសួរសំណួរដូចខាងក្រោម ៖
-
តើមានមូលហេតុមួយចំនួនអ្វីខ្លះដែលអ្នកផ្សព្វផ្សាយសាសនាត្រូវការជំនួយពីព្រះអម្ចាស់ ?
សូមអាន ឬសង្ខេបដូចខាងក្រោមនេះ ៖
បន្ទាប់ពីបានរៀបការជាថ្មី និងបម្រើបេសកកម្មចំនួនប្រាំផ្សេងទៀត ព្រិកហាំ ត្រូវបានហៅជាមួយពួកសាវកដទៃទៀតដើម្បីបម្រើបេសកកម្មមួយទៅកាន់ប្រទេសអង់គ្លេស ។
ព្រិកហាំ បានរៀបរាប់អំពីបេសកកម្មរបស់លោកថា ៖
យើងបានទៅដល់…ជាមនុស្សចំណូលថ្មី នៅលើទឹកដីថ្មីមួយ ហើយគ្មានលុយមួយរៀលសោះ ប៉ុន្តែតាមរយៈសេចក្ដីមេត្តាករុណារបស់ព្រះយើងបានមានមិត្ដភក្ដិជាច្រើន បានបង្កើតសាសនាចក្រនៅស្ទើរគ្រប់ទីប្រជុំជន និងទីក្រុងនៅក្នុងចក្រភពអង់គ្លេស បានធ្វើបុណ្យជ្រមុជទឹកចន្លោះពីប្រាំពីរទៅ ប្រាំបីពាន់នាក់ បានបោះពុម្ពព្រះគម្ពីរមរមនចំនួន ៥,០០០ ក្បាល … ហើយបានសាបព្រួសនៅក្នុងដួងចិត្តរបស់មនុស្សរាប់ពាន់នាក់នូវគ្រាប់ពូជនៃសេចក្ដីពិតដ៏អស់កល្បជានិច្ច … ៖ នៅក្នុងដំណើររឿងទាំងអស់នេះខ្ញុំស្គាល់ពីស្នាព្រះហស្ថរបស់ព្រះ ។ ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ៦ )
សូមអញ្ជើញសិស្សម្នាក់ឲ្យអានពាក្យសម្តីរបស់អាំម៉ូននៅក្នុងអាលម៉ា អាលម៉ា ២៦:១២–១៣ ។ បន្ទាប់មកសូមសួរ ៖
-
តើសេចក្តីថ្លែងការណ៍របស់ ព្រិកហាំ យ៉ង់ ប្រៀបធៀបទៅនឹងសេចក្តីថ្លែងការណ៍របស់អាំម៉ូនដោយរបៀបណា ?
-
អ្នកគិតថា ហេតុអ្វីការពឹងផ្អែកលើព្រះអម្ចាស់គឺចាំបាច់នៅពេលខិតខំដើម្បីបម្រើទ្រង់ ?
-
តើអ្នកបានព្យាយាមពឹងផ្អែកលើព្រះអម្ចាស់យ៉ាងដូចម្ដេចពេលអ្នកបម្រើទ្រង់ ?
សូមចែកចាយគំនិត ឬអារម្មណ៍របស់អ្នកអំពីការពឹងផ្អែកលើព្រះអម្ចាស់ពេលអ្នកបម្រើទ្រង់ ។
អ្វីដែលអ្នកបានរៀន
បន្ទាប់ពីការពិភាក្សា អ្នកអាចលើកទឹកចិត្តសិស្សឲ្យស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ហើយសរសេរនូវអ្វីដែលពួកគេកំពុងរៀន និងទទួលអារម្មណ៍អំពីការបម្រើព្រះអម្ចាស់ ។ ពួកគេអាចឆ្លើយសំណួរទាំងនេះ ៖
-
តើអ្នកបានរៀនអ្វីខ្លះមកពីគំរូរបស់ ព្រិកហាំ យ៉ង់ និងរបៀបដែលព្រះអម្ចាស់បានជួយលោក ?
-
តើអ្វីបានបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការបម្រើព្រះអម្ចាស់ ?
សូមបញ្ចប់ដោយការអញ្ជើញសិស្សឲ្យចែកចាយគំនិត និងអារម្មណ៍មួយចំនួនដែលពួកគេបានសរសេរ ។ អ្នកក៏អាចចែកចាយគំនិត និងអារម្មណ៍ផងដែរ ។