« មេរៀនទី ១២១—ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៨ ៖ អនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៨ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១២១ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០៦–១០៨
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៨
អនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យសង់គ្រឹះសម្រាប់ជីវិតពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះនឹងជួយសិស្សឲ្យអនុវត្តសេចក្តីពិតដែលមាននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពសម្រាប់ការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ អនុវត្ត
សូមពិចារណាផ្តល់ក្រដាសតូចមួយដល់សិស្សម្នាក់ៗ ។ សូមអញ្ជើញសិស្សឲ្យសរសេរនៅលើក្រដាសនូវស្ថានភាពលំបាកមួយអំពីនរណាម្នាក់ដែលពួកគេស្គាល់ដែលកំពុងប្រឈមមុខ ហើយដាក់ក្រដាសរបស់ពួកគេក្នុងប្រអប់មួយ ។ សុំឲ្យសិស្សកុំបញ្ចូលឈ្មោះ ឬព័ត៌មានលម្អិតដែលមានលក្ខណៈផ្ទាល់ខ្លួនពេក ។
សូមចាត់សិស្សជាគូ ហើយឲ្យគូនីមួយៗជ្រើសរើសក្រដាសពីរពីប្រអប់នោះ ។ សូមចាត់សិស្សជាគូៗឲ្យពិនិត្យមើលវគ្គចំណេះចំណានខាងគោលលទ្ធិ និងសេចក្ដីសញ្ញា ដោយប្រើបញ្ជីនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ និងដើម្បីពិភាក្សាអំពីរបៀបដែលវគ្គបទគម្ពីរផ្សេងៗអាចអនុវត្តចំពោះស្ថានភាពយ៉ាងហោចណាស់មួយនៅលើឯកសាររបស់ពួកគេ ។ សិស្សក៏អាចប្រើវគ្គបទគម្ពីរផ្សេងៗពីគម្ពីរនៃបទគម្ពីរផ្សេងទៀតផងដែរ ប្រសិនបើអ្នកចង់ធ្វើដូច្នោះ ។ បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញដៃគូនីមួយៗឲ្យចែកចាយជាមួយថ្នាក់អំពីរបៀបដែលវគ្គបទគម្ពីរដែលពួកគេបានពិភាក្សាអនុវត្តចំពោះស្ថានភាពមួយនៅលើក្រដាសមួយរបស់ពួកគេ ។
ប្រសិនបើសិស្សត្រូវការជំនួយចំពោះស្ថានភាពមួយដែលវគ្គចំណេះចំណានខាងគោលលទ្ធិមិនបានរៀបរាប់ឲ្យច្បាស់លាស់ នោះអ្នកអាចណែនាំពួកគេទៅកាន់វគ្គបទគម្ពីរដែលអាចអនុវត្តចំពោះស្ថានភាពណាមួយ ដូចជា គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២–៣ ឬ នីហ្វៃទី២ ៣២:៣ ។
សូមរៀបចំសកម្មភាពនេះតែ ១០–១៥ នាទីប៉ុណ្ណោះ ដើម្បីទុកឲ្យមានពេលគ្រប់គ្រាន់សម្រាប់ការអនុវត្តចំណេះចំណានខាងគោលលទ្ធិនៅពេលក្រោយក្នុងមេរៀននេះ ។
រៀន និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
មេរៀនដែលនៅសល់គឺចង់ជួយសិស្សឲ្យអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជាក់ស្តែងមួយ ។ ប្រសិនបើចាំបាច់ ជាដំបូងអ្នកអាចនឹងអញ្ជើញសិស្សឲ្យពិនិត្យមើលឡើងវិញនូវគោលការណ៍ទាំងឡាយនៅក្នុង កថាខណ្ឌទី ៥–១២ នៅផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សកម្មភាពពិនិត្យឡើងវិញដែលបានផ្ដល់យោបល់គឺមាននៅក្នុង « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » នៅក្នុងឧបសម្ព័ន្ធនៃសៀវភៅសិក្សាថ្នាក់សិក្ខាសាលានេះ ។
សូមពិចារណាបង្ហាញរូបភាពយុវនារីដូចខាងក្រោម ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យបង្កើតព័ត៌មានលម្អិតសម្រាប់ជីវិតរបស់នាងដោយសង្ខេបៗ ដោយផ្អែកទៅលើសមាជិកនៃសាសនាចក្រនៅក្នុងតំបន់របស់អ្នក ។ ឧទាហរណ៍ សិស្សអាចចែកចាយនូវអ្វីដែលពួកគេស្រមៃឃើញអំពីគ្រួសារ ចំណាប់អារម្មណ៍ និងអារម្មណ៍របស់នាងអំពីសាសនាចក្រជាដើម ។
សូមបង្ហាញសាច់រឿងខាងក្រោមនេះ ។ សូមឲ្យសិស្សចែកចាយគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលអាចជួយយុវនារីម្នាក់ក្នុងស្ថានភាពនេះ រួមទាំងមូលហេតុផងដែរ ។
( ម្យ៉ាងវិញទៀត អ្នកអាចទុកកង្វល់ដែលបានគូសបញ្ជាក់នៅក្នុងសាច់រឿងឲ្យនៅទទេ ហើយអញ្ជើញសិស្សឲ្យបំពេញសាច់រឿងដោយសរសេរសំណួរ ឬកង្វល់នៅលើក្ដារខៀន ដែលយុវនារីអាចមានអំពីស្ត្រី និងបព្វជិតភាព ។ ការអញ្ជើញសិស្សឲ្យបន្ថែមព័ត៌មានលម្អិតទៅក្នុងសាច់រឿងអាចអនុញ្ញាតឲ្យពួកគេបង្ហាញពីកង្វល់ផ្ទាល់ខ្លួនដែលទាក់ទងនៅក្នុងជីវិតរបស់ពួកគេដោយសុវត្ថិភាព ) ។
ខណៈពេលកំពុងរៀបចំបង្រៀនថ្នាក់យុវនារីរបស់នាងនៅថ្ងៃអាទិត្យរបស់នាង អេនឌ្រា បានចាប់ផ្ដើមសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧ ។ បន្ទាប់ពីអាន ខ ទី ៨ នាងបានឈប់ ហើយចាប់ផ្ដើមឆ្ងល់ពីរបៀបដែលបព្វជិតភាពអនុវត្តចំពោះក្រុមយុវនារី ។ នាងចាប់ផ្ដើមខ្វល់ខ្វាយ និងឆ្ងល់ថាប្រសិនបើ ព្រះទុកចិត្តលើបុត្រារបស់ទ្រង់ ជាងបុត្រីរបស់ទ្រង់ ។ នាងក៏ចងចាំដែរថា ពេលថ្មីៗនេះបានឃើញវីដេអូនៅលើអនឡាញ ដែលមានមតិអំពីការប្រព្រឹត្តចំពោះស្ត្រីក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ មនុស្សម្នាក់បានរិះគន់សាសនាចក្រដោយបន្ថែមថា ស្ត្រីត្រូវរារាំងដោយមិនឲ្យកាន់តំណែងបព្វជិតភាព ។
សូមអនុញ្ញាតឲ្យសិស្សមានពេលច្រើន ដើម្បីពិភាក្សាអំពីគោលការណ៍ដែលពួកគេមានអារម្មណ៍ថាអាចជួយដល់អេនឌ្រាបាន ។ ផ្អែកលើការពិភាក្សារបស់ពួកគេ អ្នកអាចជ្រើសរើសផ្នែកពីសម្ភារមេរៀនដែលនៅសេសសល់ ដែលអាចជួយពួកគេឲ្យយល់កាន់តែច្បាស់ពីគោលការណ៍ទាំងឡាយដែលពួកគេមិនបានពិភាក្សាឲ្យស៊ីជម្រៅ ។
ធ្វើសកម្មភាពដោយសេចក្តីជំនឿ
សូមពិចារណារៀបចំសិស្សជាក្រុមតូចៗ ដោយដាក់បង្ហាញសំណួរដូចខាងក្រោម ហើយអញ្ជើញសិស្សឲ្យពិភាក្សាអំពីចម្លើយរបស់ពួកគេជាមួយក្រុមរបស់ពួកគេ ។ សូមដើរចុះឡើងជុំវិញបន្ទប់ ហើយស្តាប់ការពិភាក្សារបស់ពួកគេ បន្ថែមការយល់ដឹង ឬការណែនាំតាមតម្រូវការ ។
-
តើសំណួរ និងកង្វល់របស់ អេនឌ្រា អាចជាឱកាសសម្រាប់នាងដើម្បីពង្រឹងសេចក្តីជំនឿរបស់នាងលើព្រះយេស៊ូវគ្រីស្ទ និងការតាំងចិត្តចំពោះសាសនាចក្ររបស់ទ្រង់ដោយរបៀបណា ?
-
តើសាតាំងអាចល្បួងនាងឲ្យធ្វើអ្វីចំពោះសំណួរ និងកង្វល់របស់នាង ដែលអាចនាំនាងចេញឆ្ងាយពីព្រះយេស៊ូវ ?
-
តើអ្នកនឹងណែនាំនាងឲ្យដោះស្រាយសំណួរ និងកង្វល់របស់នាងដោយសេចក្ដីជំនឿយ៉ាងដូចម្ដេច ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
សូមអញ្ជើញសិស្សឲ្យអាន កថាខណ្ឌទី ៨ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ដោយរកមើលសេចក្តីពិតដែលអាចមានអត្ថប្រយោជន៍ចំពោះអេនឌ្រា ។
សកម្មភាពខាងក្រោមគឺជាវិធីមួយដែលសិស្សអាចចែកចាយអំពីអ្វីដែលពួកគេបានរកឃើញ ។ សូមសុំឲ្យសិស្សបំពេញជំហានទីមួយខាងក្រោម ។ សូមរង់ចាំរហូតដល់ពួកគេបានបញ្ចប់ជំហាននីមួយៗ មុននឹងសុំពួកគេឲ្យបំពេញជំហានបន្ទាប់ ។
-
សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវសេចក្តីពិតមួយចេញពី កថាខណ្ឌទី ៨ ដែលអ្នកគិតថា អាចជួយដល់ អេនឌ្រា រួមទាំងមូលហេតុផងដែរ ។
-
សូមដើរចុះឡើងជុំវិញបន្ទប់ ហើយព្យាយាមស្វែងរកសិស្សម្នាក់ទៀតដែលជ្រើសរើសយកសេចក្តីពិតដូចគ្នាដែលអ្នកបានធ្វើ ។ សូមពិភាក្សាជាមួយគ្នាអំពីរបៀបដែលវាអាចជួយដល់អេនឌ្រា ។
-
សូមបន្ថែមការយល់ដឹងដ៏មានអត្ថន័យដែលសិស្សម្នាក់ទៀតបានចែកចាយជាមួយអ្នកទៅក្នុងទំព័រសៀវភៅកំណត់ហេតុរបស់អ្នក ។
-
សូមដើរចុះឡើងជុំវិញបន្ទប់ម្តងទៀត ហើយស្វែងរកសិស្សម្នាក់ទៀតដែលជ្រើសរើសយកសេចក្តីពិតខុសពីអ្នក ។ សូមចែកចាយជាមួយគ្នាទៅវិញទៅមកនូវការយល់ដឹងចេញពីសៀវភៅកំណត់ហេតុរបស់អ្នក ។
បន្ទាប់ពីសកម្មភាពចែកចាយមុនៗ សំណួរមួយចំនួនខាងក្រោមនេះអាចជួយបង្កើតជាការពិភាក្សាក្នុងថ្នាក់ ដែលអាចនាំឲ្យមានការយល់ដឹងបន្ថែមទៀត ។
-
ឧបមាថា អេនឌ្រា មិនអាចរកឃើញចម្លើយច្បាស់ថា ហេតុអ្វីបានជាស្ត្រីមិនកាន់តំណែងបព្វជិតភាព ។ តើអ្នកដឹងអ្វីខ្លះអំពីផែនការរបស់ព្រះវរបិតាសួគ៌ និងពីព្រះទ័យរបស់ទ្រង់ចំពោះបុត្រីរបស់ទ្រង់ ដែលអ្នកចង់ឲ្យនាងចងចាំ ?
-
តើវគ្គចំណេះចំណានខាងគោលលទ្ធិមួយណាពីគោលលទ្ធិ និងសេចក្តីសញ្ញា ( ឬគម្ពីរផ្សេងទៀត ) អាចជួយរំឭកអេនឌ្រាអំពីផែនការ និងព្រះទ័យរបស់ព្រះចំពោះនាង ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមពិចារណាអញ្ជើញសិស្សឲ្យពិភាក្សាការបំផុសគំនិតខាងក្រោមជាមួយនឹងដៃគូ ។ បន្ទាប់មក សូមអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយអ្វីដែលពួកគេបានពិភាក្សាជាមួយថ្នាក់ ។
-
ធនធានដែល អេនឌ្រា ប្រើដើម្បីស្វែងរកព័ត៌មានដែលមានសារៈសំខាន់ពីព្រោះ …
-
ខ្ញុំនឹងផ្ដល់ដំបូន្មានឲ្យ អេនឌ្រា រកមើលចម្លើយដោយចូលទៅកាន់ … ហើយមិនត្រូវរកមើលចម្លើយដោយការចូលទៅកាន់ …នោះទេ
ដៃគូអាចរកមើល និងចែកចាយគំរូពីព្រះគម្ពីរ ប្រវត្តិសាស្រ្តសាសនាចក្រ ឬជីវិតរបស់ស្ត្រីក្នុងជំនាន់របស់យើង ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងទំនុកចិត្តរបស់ព្រះវរបិតាសួគ៌ចំពោះបុត្រីដ៏ស្មោះត្រង់របស់ទ្រង់ ។
ដៃគូក៏អាចស្វែងរក និងចែកចាយសេចក្តីថ្លែងការណ៍ពីថ្នាក់ដឹកនាំសាសនាចក្រនៅសម័យទំនើប ដែលអាចជួយដល់អេនឌ្រាផងដែរ ។ បើចាំបាច់ អ្នកអាចណែនាំធនធានដូចជា ៖
-
សុន្ទរកថាពីសន្និសីទទូទៅ ដូចជា « Spiritual Treasures » ( រ័សុល អិម ណិលសុន Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩ )
-
ការបង្រៀនរបស់គណៈប្រធានសមាគមសង្រ្គោះទូទៅ ដូចជា « Relief Society General Presidency Addresses Four Key Questions about Women and the Priesthood » ( អាប្រេ អ៊ីរេ Church News ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៩ នៅលើគេហទំព័រ thechurchnews.com )
-
ជម្រើស ក្បួនខ្នាត របស់សាសនាចក្រ ដូចជា « គោលការណ៍ទាំងឡាយនៃបព្វជិតភាព » ( ជំពូកទី ៣ នៅក្នុង ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅលើគេហទំព័រ ChurchofJesusChrist.org )
សេចក្ដីបញ្ចប់
អ្នកអាចនឹងបញ្ចប់ថ្នាក់ដោយការអញ្ជើញសិស្សឲ្យឆ្លើយសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនេះដែលមាននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេប្រកបដោយការអធិស្ឋាន ៖
-
តើអ្នកមានអារម្មណ៍ថា ព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យអ្នកធ្វើអ្វីចំពោះសំណួរ ឬកង្វល់របស់អ្នក ?
-
តើការជ្រើសរើសធ្វើតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណជះឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលមានសំណួរ ឬកង្វល់កើតឡើងយ៉ាងដូចម្ដេច ?