« មេរៀនទី ១០៦—គោលលទ្ធិ និងសេចក្តីសញ្ញា ៩០ ៖ គណៈប្រធានទីមួយ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៩០ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១០៦ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩–៩២
គោលលទ្ធិ និងសេចក្តីសញ្ញា ៩០
គណៈប្រធានទីមួយ
នៅខែ មីនា ឆ្នាំ ១៨៣៣ ព្រះអម្ចាស់បានដឹកនាំ យ៉ូសែប ស៊្មីធ ឲ្យញែកចេញ ស៊ីឌនី រិកដុន និង ហ្វ្រេឌ្រិច ជី វិលលាម្ស ឲ្យធ្វើជាទីប្រឹក្សារបស់លោកក្នុងគណៈប្រធានទីមួយ ។ ក្នុងនាមជាគណៈប្រធាន បុរសទាំងបីរូបនេះបានកាន់កូនសោបព្វជិតភាព ដែលអនុញ្ញាតឲ្យពួកលោកធ្វើជាអធិបតីលើនគររបស់ព្រះអម្ចាស់នៅលើផែនដី ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការណែនាំដែលព្រះយេស៊ូវគ្រីស្ទ ប្រទានដល់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈគណៈប្រធានទីមួយរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
កូនសោអាចផ្ដល់សិទ្ធិចូលប្រើ
វិធីមួយដើម្បីចាប់ផ្តើមថ្នាក់គឺបង្ហាញថា កូនសោអនុញ្ញាតឲ្យយើងចូលប្រើរបស់ពិសេសនៅពេលចាំបាច់ ។ អ្នកអាចអញ្ជើញសិស្សឲ្យសរសេរនៅលើក្រដាសតូចៗពីអ្វីដែលពួកគេមានអារម្មណ៍ថាសំខាន់ដើម្បីរក្សាសុវត្ថិភាព ។ សូមអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរ និងមូលហេតុ ។ សូមប្រមូលក្រដាស ហើយចាក់សោវានៅកន្លែងដែលអាចចូលបានដោយប្រើកូនសោប៉ុណ្ណោះ ។ ប្រសិនបើអ្នកមិនអាចទុកឯកសារឲ្យមានសុវត្ថិភាពនៅក្នុងអ្វីដែលអាចចាក់សោដោយកូនសោបានទេ នោះអ្នកអាចដាក់វាក្នុងប្រអប់មួយ ហើយអញ្ជើញសិស្សឲ្យស្រមៃថា ក្រដាសរបស់ពួកគេត្រូវបានចាក់សោ ។ បង្ហាញកូនសោមួយ ហើយអញ្ជើញពួកគេឲ្យគិតអំពីតម្លៃនៃសោនោះ ។ អ្នកក៏អាចសួរថា ៖
-
តើមានកិច្ចការសំខាន់អ្វីខ្លះក្នុងជីវិតរបស់អ្នកដែលទាមទារឲ្យអ្នកអាចប្រើសោទាំងនោះបាន ?
-
តើអ្នកនឹងទុកចិត្តនរណាក្នុងការប្រើប្រាស់ និងការពារសោនោះ ? ហេតុអ្វី ?
សូមពិចារណាពីការពន្យល់ថា ព្រះអង្គសង្គ្រោះកាន់កូនសោបព្វជិតភាពដែលត្រូវបានប្រើក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សូមអញ្ជើញសិស្សនៅពេលពួកគេសិក្សានៅថ្ងៃនេះ ឲ្យគិតអំពីអ្នកដែលទ្រង់ប្រទានកូនសោទាំងនោះនៅលើផែនដី និងអ្វីដែលពួកលោកជួយយើងដោយប្រើកូនសោ ។
ព្រះយេស៊ូវគ្រីស្ទ បានរៀបចំគណៈប្រធានទីមួយ
ដើម្បីរៀបចំសិស្សឲ្យសិក្សាវគ្គបទគម្ពីរខាងក្រោម អ្នកអាចនឹងចង់បង្ហាញរូបភាពរបស់គណៈប្រធានទីមួយនៅក្នុងឆ្នាំ ១៨៣៣ ( សូមមើលរូបភាពសំខាន់ៗនៃមេរៀននេះ ) ហើយផ្តល់នូវបរិបទមួយចំនួនដូចខាងក្រោម ៖
អ្វីដែលហៅសព្វថ្ងៃនេះថាជាគណៈប្រធានទីមួយត្រូវបានហៅដំបូងថា ជាគណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់ ។ ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស ត្រូវបានហៅ ហើយញែកចេញជាទីប្រឹក្សារបស់ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុង ខែ មីនា ឆ្នាំ ១៨៣៣ ដើម្បីបង្កើតគណៈប្រធាននេះ ។ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៩០ ព្រះអម្ចាស់បានបើកសម្ដែងការណែនាំដល់ យ៉ូសែប ស្ម៊ីធ អំពីការទទួលខុសត្រូវរបស់គណៈប្រធានទីមួយ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩០:១–៣, ៦ ដោយរកមើលអ្វីដែលព្រះបានប្រគល់ឲ្យ យ៉ូសែប ស៊្មីធ ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស ។
-
តើការទទួលខុសត្រូវអ្វីខ្លះដែលព្រះអម្ចាស់ប្រទានដល់បុរសទាំងនេះឲ្យទទួល ?
សូមអនុញ្ញាតឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេយល់អំពីកូនសោបព្វជិតភាព ។ សូមផ្តល់ពេលឲ្យសិស្សដើម្បីសួរសំណួរដែលពួកគេអាចមានអំពីកូនសោបព្វជិតភាព និងការរៀបចំសាសនាចក្ររបស់ព្រះអម្ចាស់ផងដែរ ។ តាមតម្រូវការ អ្នកអាចអញ្ជើញសិស្សឲ្យរកមើល « កូនសោទាំងឡាយនៃបព្វជិតភាព » សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ដើម្បីរៀនបន្ថែមទៀត និងចែកចាយអ្វីដែលពួកគេស្វែងរក ។
-
តើយើងអាចរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ អំពីរបៀបដែលព្រះអម្ចាស់គ្រប់គ្រងសាសនាចក្ររបស់ទ្រង់ ?
សិស្សអាចនិយាយអំពីសេចក្តីពិតជាច្រើនដែលយើងអាចរៀនបាន ។ សេចក្តីពិតមួយដែលអ្នកអាចបញ្ជាក់គឺថា ព្រះយេស៊ូវគ្រីស្ទ ដឹកនាំសាសនាចក្ររបស់ទ្រង់នៅលើផែនដីតាមរយៈកូនសោបព្វជិតភាព ដែលទ្រង់បានប្រទានដល់គណៈប្រធានទីមួយរបស់ទ្រង់ ។
ដើម្បីជួយសិស្សយល់ និងទទួលអារម្មណ៍ពីសារៈសំខាន់នៃសេចក្តីពិតនេះ នោះអ្នកអាចបង្ហាញវីដេអូ « Where Are the Keys? » ( ២:៥១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
អ្នកក៏អាចបង្ហាញ និងពិភាក្សាអំពីសេចក្តីថ្លែងការណ៍ដូចខាងក្រោម ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀប ដែលព្រះអង្គសង្គ្រោះប្រើប្រាស់កូនសោ នៅក្នុងសាសនាចក្ររបស់ទ្រង់ដើម្បីប្រទានពរដល់ជីវិតរបស់យើង ៖
នៅក្នុងសិទ្ធិអំណាចនៃកូនសោទាំងនេះ អ្នកកាន់តំណែងបព្វជិតភាពរបស់សាសនាចក្រ រក្សាភាពបរិសុទ្ធនៃគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ និងសេចក្ដីសុចរិតនៃពិធីបរិសុទ្ធនៃការសង្គ្រោះរបស់ទ្រង់ ។ ពួកគាត់ជួយរៀបចំអ្នកទាំងឡាយដែលចង់ទទួលពិធីទាំងនោះ វិនិច្ឆ័យទៅលើគុណសម្បត្តិ និងភាពស័ក្ដិសមនៃអ្នកទាំងឡាយដែលដាក់ស្នើ រួចហើយត្រូវធ្វើពិធីទាំងនោះ ។
ដោយមានកូនសោនៃនគរ ពួកអ្នកបម្រើរបស់ព្រះអម្ចាស់អាចស្គាល់ទាំងសេចក្ដីពិត និងភាពក្លែងក្លាយ ហើយថ្លែងដោយសិទ្ធិអំណាចជាថ្មីម្ដងទៀតថា « ព្រះអម្ចាស់មានបន្ទូលដូច្នេះ » ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Why the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១០ )
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ពីរបៀបដែលទ្រង់ប្រើកូនសោបព្វជិតភាពនៅក្នុងសាសនាចក្ររបស់ទ្រង់ ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីភារកិច្ចរបស់គណៈប្រធានទីមួយ អ្នកអាចអញ្ជើញពួកគេឲ្យបង្កើត និងបំពេញតារាងដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ អនុញ្ញាតឲ្យសិស្សរៀនជាមួយដៃគូ ឬក្រុមតូចៗតាមរយៈការអាន ពិភាក្សា និងចែកចាយការយល់ដឹង ។
|
ព្រះគម្ពីរ |
របៀបដែលព្រះអម្ចាស់ប្រទានពរដល់យើងតាមរយៈគណៈប្រធានទីមួយ |
|---|---|
|
គោលលទ្ធិ និងសេចក្តីសញ្ញា ៩០:៩ ( នៅក្នុងខនេះ « របស់អ្នក » សំដៅទៅលើគណៈប្រធានទីមួយ និង « ពួកគេ » សំដៅទៅលើពួកអែលឌើរនៃសាសនាចក្រ ) ។ | |
|
គោលលទ្ធិ និងសេចក្តីសញ្ញា ១២០ ក្បាលកណ្ឌ និងខទី ១ | |
គណៈប្រធានទីមួយ និងព្រះបន្ទូលនៃព្រះ
ផ្នែកនេះអាចជួយសិស្សយល់ថា ព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈទៅកាន់គណៈប្រធានទីមួយ ។ សូមពន្យល់ថា នៅក្នុងវគ្គបទគម្ពីរនេះ ព្រះអម្ចាស់សំដៅទៅលើវិវរណៈទៅកាន់ថ្នាក់ដឹកនាំជម្រើសរបស់ទ្រង់ជា « ព្រះបន្ទូលនៃព្រះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៩០:៤–៥ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩០:៤–៥ ដោយរកមើលពីរបៀបដែលព្រះអម្ចាស់មានអារម្មណ៍អំពីព្រះបន្ទូល ( ឬវិវរណៈ ) ទ្រង់ប្រទានដល់យើងតាមរយៈគណៈប្រធានទីមួយរបស់ទ្រង់ ។
-
តើអ្នករៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ ?
-
តើពេលណាដែលអ្នកមានអារម្មណ៍ថាវិវរណៈនៃព្រះបានការពារអ្នកពីព្យុះជីវិត ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីការទទួលខុសត្រូវដ៏ធំបំផុតរបស់ព្យាការីរបស់ព្រះអម្ចាស់ ៖
ព្យាការីពុំឈរនៅចន្លោះរវាងអ្នក និងព្រះអង្គសង្គ្រោះទេ ។ ផ្ទុយទៅវិញ លោកឈរនៅក្បែរអ្នក ហើយចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកព្រះអង្គសង្គ្រោះ ។ ការទទួលខុសត្រូវដ៏ធំមហិមា និងអំណោយទានដ៏មានតម្លៃបំផុតរបស់ព្យាការីចំពោះយើងគឺ សាក្សីដ៏រឹងមាំរបស់លោក ចំណេះដឹងពិតប្រាកដរបស់លោក ដែលថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ ដូចជាពេត្រុសពីជំនាន់បុរាណ ដែលជាព្យាការីរបស់យើងប្រកាសថា « [ ទ្រង់ជា ] ព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ » [ ម៉ាថាយ ១៦:១៦ ] ។ ( នែល អិល អាន់ឌើរសិន « The Prophet of God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៧ )
-
តើមានវិធីណាខ្លះដែលព្យាការី និងទីប្រឹក្សារបស់លោកចង្អុលបង្ហាញយើងទៅរកព្រះយេស៊ូវគ្រីស្ទ ?
សូមប្រើប្រសាសន៍របស់ព្យាការីសម័យទំនើប ដើម្បីសង្កត់ធ្ងន់លើគោលលទ្ធិ និងគោលការណ៍នានា ។ សកម្មភាពខាងក្រោមផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីសិក្សាប្រសាសន៍របស់ព្យាការី ។ សម្រាប់ការអនុវត្តបន្ថែមទៀតអំពីរបៀបប្រើប្រសាសន៍របស់ព្យាការី សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « បង្រៀនចេញពីព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយ » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនគោលលទ្ធិ ។ សូមពិចារណាអនុវត្តជំនាញ « រៀបចំការអញ្ជើញដែលជួយសិស្សឲ្យភ្ជាប់សេចក្តីពិតដែលមានក្នុងបទគម្ពីរទៅនឹងអ្វីដែលពួកព្យាការីនៅរស់កំពុងមានប្រសាសន៍ » ។
សូមផ្តល់ឱកាសឲ្យសិស្សដើម្បីសិក្សាសារលិខិតថ្មីៗមកពីព្យាការី និងទីប្រឹក្សារបស់លោក ។ សិស្សអាចជ្រើសរើសសមាជិកម្នាក់នៃគណៈប្រធានទីមួយ ហើយរកមើលសុន្ទរកថាសន្និសីទទូទៅថ្មីៗបំផុតមួយរបស់លោកនៅលើគេហទំព័រ ChurchofJesusChrist.org ។ ប្រហែលជាអ្នកអាចបែងចែកសិស្សជាបីក្រុម ដែលក្រុមនីមួយៗសិក្សាពាក្យមកពីសមាជិកម្នាក់នៃគណៈប្រធានទីមួយ ដោយរកមើលការបង្រៀនដែលពួកគេមានអារម្មណ៍ថា មានសារៈសំខាន់សម្រាប់យុវវ័យឲ្យយល់ដឹង ។ បន្ទាប់មក សិស្សអាចរាយការណ៍នូវអ្វីដែលពួកគេរៀន ។ ជាមួយនឹងការបង្រៀននីមួយៗដែលបានចែកចាយ សូមលើកទឹកចិត្តសិស្សឲ្យជញ្ជឹងគិត ហើយបង្ហាញពីរបៀបដែលវាចង្អុលបង្ហាញយើងទៅកាន់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
អ្នកអាចបញ្ចប់មេរៀននេះដោយអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន និងអារម្មណ៍ដែលមាននៅថ្ងៃនេះ ដែលទាក់ទងនឹងពួកគេបំផុត ។ សូមពិចារណាសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះដែលអ្នកចង់ចងចាំ ?
-
ប្រសិនបើនរណាម្នាក់សួរថា ហេតុអ្វីបានជាអ្នកស្តាប់ការណែនាំមកពីគណៈប្រធានទីមួយ តើមានអ្វីមួយដែលអ្នកចង់ពន្យល់ដល់ពួកគេ ?