« មេរៀនទី ១០៤—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩:១–១៧ ៖ ពាក្យសម្តីនៃប្រាជ្ញាវាងវៃមកពីព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩:១–១៧ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១០៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩–៩២
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩:១–១៧
ពាក្យសម្តីនៃប្រាជ្ញាវាងវៃមកពីព្រះអម្ចាស់
នៅឆ្នាំ ១៨៣៣ ជារឿងធម្មតាដែលសមាជិកសាសនាចក្រជាច្រើនបានជក់បារី និងគ្រឿងស្រវឹង តែ និងកាហ្វេ ។ ក្នុងការឆ្លើយតបចំពោះការអធិស្ឋានរបស់ យ៉ូសែប ស្ម៊ីធ អំពីបញ្ហានេះ ព្រះអម្ចាស់បានបើកសម្ដែងពាក្យសម្តីនៃប្រាជ្ញាវាងវៃដោយសេចក្តីមេត្តាករុណា ។ មេរៀននេះអាចជួយសិស្សមានអារម្មណ៍ដឹងគុណចំពោះសេចក្តីណែនាំដ៏ពេញដោយក្តីស្រឡាញ់របស់ព្រះអម្ចាស់ ដែលត្រូវបានស្គាល់ថាជា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។
សកម្មភាពរៀនសូត្រដែលអាចមាន
កំណត់ចំណាំ ៖ ពរជ័យខាងវិញ្ញាណដែលបានសន្យានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:១៨–២១ សម្រាប់ការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃនឹងផ្ដោតនៅលើមេរៀនបន្ទាប់ ។ វាអាចជាការល្អបំផុតក្នុងការបង្រៀនមេរៀនទាំងពីរនេះ ដើម្បីជួយសិស្សឲ្យយល់ថា ពរជ័យនៃពាក្យសម្ដីនៃប្រាជ្ញាវាងវៃ គឺសំដៅទៅខាងវិញ្ញាណជាជាងខាងរូបកាយ ។
យុទ្ធសាស្រ្តរបស់សាតាំង
សូមពិចារណាអញ្ជើញសិស្សឲ្យពិភាក្សាពីនុយដែលសាតាំងប្រើដើម្បីបញ្ឆោតបុត្រាបុត្រីរបស់ព្រះ ។ អ្នកអាចយក ឬបង្ហាញរូបភាពនុយស្ទូចត្រី ។ អ្នកក៏អាចស្នើសុំឲ្យសិស្សដែលមានបទពិសោធន៍ស្ទូចត្រីពិពណ៌នាអំពីនុយដ៏ល្អបំផុតសម្រាប់ប្រើនៅក្នុងតំបន់របស់អ្នក ។ ជម្រើសផ្សេងទៀតគឺបង្ហាញផ្នែកទីមួយនៃវីដេអូ « You Will Be Freed » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgចាប់ពីនាទីទី ០:០០ ដល់នាទីទី ១:២៩ ។
-
តើនុយស្ទូចត្រីអាចប្រៀបធៀបនឹងកលល្បិចរបស់សាតាំងយ៉ាងដូចម្ដេច ?
-
តើព្រះអង្គសង្គ្រោះបានប្រទានដំបូន្មានអ្វីខ្លះ ដើម្បីជួយយើងរកឃើញ និងចៀសវាងពីនុយរបស់សាតាំង ?
មានចម្លើយដែលត្រឹមត្រូវជាច្រើនចំពោះសំណួរទីពីរដោយរួមមានទាំងការអធិស្ឋាន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៥ ) ការសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ( សូមមើល ហេលេមិន ៣:២៩–៣០ ) ស្វែងរកវិវរណៈខាងវិញ្ញាណ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២–៤ ) និងការធ្វើតាមដំបូន្មានមកពីព្យាការី និងថ្នាក់ដឹកនាំសាសនាចក្រ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២១:៥ ) ។
ដើម្បីជួយសិស្សមើលឃើញពីមូលហេតុដែលយើងអាចទុកចិត្តលើដំបូន្មានរបស់ព្រះអង្គសង្រ្គោះ អ្នកអាចអញ្ជើញពួកគេឲ្យអាន នីហ្វៃទី២ ២៦:២៤ និង យ៉ាកុប ៤:១០ និងចែកចាយអ្វីដែលពួកគេរៀនអំពីទ្រង់ ។
អ្នកក៏អាចស្នើសុំសិស្សឲ្យជញ្ជឹងគិត ឬចែកចាយជាមួយសិស្សក្នុងថ្នាក់នូវចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះផងដែរ ៖
-
តើដំបូន្មាន ឬការព្រមានជាក់លាក់មកពីព្រះអង្គសង្គ្រោះ និងពួកអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ទ្រង់បានផ្ដល់ពរ និងការពារជីវិតអ្នកដោយរបៀបណា ?
ពាក្យសម្តីនៃប្រាជ្ញាវាងវៃ
សូមពិចារណាបង្ហាញរូបភាពខាងក្រោមនៃបន្ទប់តូចមួយនៅខាងលើហាងរបស់ នូវល ខេ វិតនី នៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ សូមអញ្ជើញសិស្សរបស់អ្នកឲ្យស្រមៃមើលបន្ទប់ដែលមានសុទ្ធតែបុរសជាច្រើនកំពុងជក់បារី និងចុកថ្នាំជក់ នៅពេលអ្នកពន្យល់ព័ត៌មាននៅក្នុងកថាខណ្ឌខាងក្រោម ។
នៅរដូវរងាឆ្នាំ ១៨៣៣ អ្នកកាន់បព្វជិតភាពប្រហែល ២០ នាក់បានជួបគ្នាជាញឹកញាប់នៅក្នុងបន្ទប់នេះ ដើម្បីចូលរៀនសាលារបស់ពួកព្យាការី ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១២៧ ) ។ ដោយសារតែជារឿងធម្មតាក្នុងជំនាន់នោះ មានបុរសជាច្រើនបានជក់បារី និងចុកថ្នាំជក់អំឡុងពេលការប្រជុំ ។ ព្រិកហាំ យ៉ង់ បាននឹកឃើញថា « ជាញឹកញាប់ នៅពេលព្យាការីចូលទៅក្នុងបន្ទប់ដើម្បីផ្ដល់ការណែនាំក្នុងសាលា នោះលោកត្រូវហ៊ុំព័ទ្ធដោយផ្សែងបារី » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៦៣ ) ។ ស្ថានភាពទាំងនេះ និងព្រមជាមួយអារម្មណ៍របស់ អិមម៉ា ស្ម៊ីធ ដែលជាអ្នកសម្អាតកាកថ្នាំជក់ដែលស្ដោះទៅលើកម្រាលឥដ្ឋនោះបានបំផុសឲ្យ យ៉ូសែប ស៊្មីធ ទូលសួរអំពីការប្រើប្រាស់នូវសារធាតុបែបនោះ ។ នៅក្នុងចម្លើយដែលព្រះអម្ចាស់បានបើកសម្តែង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩ ( សូមមើល ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ១៦៧–៦៨ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:១–៤ ដោយរកមើលមូលហេតុដែលព្រះអង្គសង្រ្គោះប្រទានវិវរណៈនេះ ។
-
តើអ្នករៀនអ្វីខ្លះអំពីព្រះទ័យរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ការបើកបង្ហាញកណ្ឌនេះ ?
នៅពេលសិស្សចែកចាយចម្លើយចំពោះសំណួរមុន សូមប្រាកដថា ពួកគេយល់ថា ព្រះអម្ចាស់បានប្រទានពាក្យសម្តីនៃប្រាជ្ញាវាងវៃដល់យើងដើម្បីការពារយើងពីអំពើអាក្រក់នៅសម័យយើង ។
-
តើការយល់ដឹងពីមូលហេតុដែលព្រះអង្គសង្គ្រោះបានបើកសម្ដែងពាក្យសម្តីនៃប្រាជ្ញាវាងវៃមានឥទ្ធិពលលើអារម្មណ៍របស់យើងចំពោះវាយ៉ាងដូចម្ដេច ?
-
តើគម្រោងដ៏អាក្រក់ណាខ្លះនៅសម័យយើងនេះ ដែលយើងត្រូវការការការពាររបស់ទ្រង់ ?
នៅពេលសិស្សឆ្លើយសំណួរមុនៗ អ្នកអាចជួយពួកគេឲ្យស្គាល់អំពីរបៀបដែលអំពើអាក្រក់មួយចំនួនដែលពួកគេចែកចាយត្រូវបានរៀបចំ ឬបានគ្រោងទុកដើម្បីបញ្ឆោតយើង ។
វាអាចមានអត្ថប្រយោជន៍សម្រាប់សិស្សក្នុងការគិត ឬចែកចាយសំណួរដែលពួកគេមានអំពីពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។ ផ្នែកខាងក្រោមអាចជួយពួកគេស្វែងរកចម្លើយ ។
សៀវភៅណែនាំសម្រាប់អ្នកប្រើប្រាស់មកពីអង្គបង្កបង្កើត
ដើម្បីណែនាំសកម្មភាពខាងក្រោម អ្នកប្រហែលជាចង់យក ឬនិយាយអំពីសៀវភៅណែនាំរបស់ម្ចាស់សម្រាប់ផលិតផលដែលសិស្សធ្លាប់ស្គាល់ ។ សូមចង្អុលបង្ហាញដោយសង្ខេបតម្លៃនៃការដឹងពីរបៀបថែរក្សាផលិតផល និងការព្រមានមួយចំនួនអំពីការប្រើប្រាស់មិនត្រឹមត្រូវ ។ សូមជួយសិស្សយល់ថាព្រះ ក្នុងនាមជាអង្គបង្កបង្កើត ( សូមមើល លោកុប្បត្តិ ១:២៧ ) យល់ច្បាស់អំពីរូបកាយរបស់យើង ហើយបានប្រទានការណែនាំ និងការព្រមានអំពីការប្រើប្រាស់ និងការថែទាំរបស់រូបកាយយើង ។
ប្រសិនបើសិស្សមានសំណួរអំពីព័ត៌មានលម្អិតពីពាក្យសម្តីនៃប្រាជ្ញាវាងវៃ ដែលសាសនាចក្រមិនបានបង្រៀនឲ្យបានច្បាស់លាស់ សូមលើកទឹកចិត្តពួកគេឲ្យប្រឹក្សាជាមួយឪពុកម្តាយ ប៊ីស្សព ឬប្រធានសាខា ។
សូមបង្កើតសៀវភៅណែនាំសម្រាប់ការប្រើប្រាស់រាងកាយរបស់យើងឲ្យបានត្រឹមត្រូវ ។ សូមមានភាពច្នៃប្រឌិត និងធ្វើឲ្យវាមានលក្ខណៈផ្ទាល់ខ្លួន ស្របតាមជម្រើសរបស់អ្នក ។ ជំហានខាងក្រោមគ្រាន់តែជាវិធីមួយក្នុងចំណោមវិធីជាច្រើនដែលអាចធ្វើបាន ៖
-
បត់ក្រដាសជាពីរ ដើម្បីឲ្យវាស្រដៀងនឹងកូនសៀវភៅខ្លីៗ ។ បង្កើតក្របទំព័រដែលមានចំណងជើងដូចជា « ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ៖ សៀវភៅណែនាំរបស់ម្ចាស់មកពីអង្គបង្កបង្កើត » ។ អ្នកអាចបន្ថែមគំនូរ ឬរូបភាពលើក្របទំព័រ ។
-
នៅក្នុងកូនសៀវភៅ សូមដាក់ចំណងជើងនៅទំព័រខាងឆ្វេងដូចជា « ព្រះដំបូន្មានរបស់អង្គបង្កបង្កើតស្តីអំពីអ្វីដែលយើងគួរតែធ្វើ » ។ សូមដាក់ចំណងជើងទំព័រខាងស្ដាំដូចជា « ព្រះដំបូន្មានរបស់អង្គបង្កបង្កើតស្តីអំពីអ្វីដែលយើងគួរតែចៀសវាង » ។ សូមកុំស្ទាក់ស្ទើរបន្ថែមរូបភាព ឬរចនានៅលើទំព័រខាងក្នុង ។
-
សូមសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:៥–១៧ ហើយបំពេញកូនសៀវភៅរបស់អ្នកដោយសរសេរ ឬបន្ថែមរូបភាពនៃអ្វីដែលអ្នករៀន ។
បន្ថែមពីលើការផ្តល់យោបល់ខាងក្រោម សូមពិចារណាផ្តល់សម្ភារមានអត្ថប្រយោជន៍មកពីផ្នែក « ធនធានបន្ថែមទាំងឡាយ » នៃមេរៀននេះដល់សិស្ស ។
-
សូមស្រាវជ្រាវបន្ថែមនូវធនធានដែលបានតែងតាំងដ៏ទេវភាពដូចជា ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ ២០២២ ) សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និងសេចក្ដីថ្លែងការណ៍ដោយថ្នាក់ដឹកនាំសាសនាចក្រ ។ សូមបន្ថែមអ្វីដែលអ្នករៀនទៅក្នុងកូនសៀវភៅរបស់អ្នក ។
ផ្ដល់ឱកាសឲ្យសិស្សចែកចាយ ឬបង្ហាញអ្វីដែលពួកគេបានបង្កើត ។
កំណត់ចំណាំ ៖ នៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៃមេរៀនបន្ទាប់ មានការណែនាំសម្រាប់សិស្សឲ្យបន្ថែមទំព័រខាងក្រោយទៅនឹងកូនសៀវភៅរបស់ពួកគេ ។ ទំព័រខាងក្រោយនឹងរៀបរាប់អំពីពរជ័យដែលព្រះប្រទានមក នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១៨-២១ សម្រាប់ការគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។ ប្រសិនបើវាជាបទពិសោធន៍ដ៏ល្អសម្រាប់សិស្សរបស់អ្នក នោះអ្នកអាចលើកទឹកចិត្តពួកគេឲ្យប្រគល់កូនសៀវភៅរបស់ពួកគេនៅថ្ងៃនេះ ឬត្រូវប្រាកដថា នឹងយកវាមកថ្នាក់ម្តងទៀតសម្រាប់មេរៀនលើកក្រោយ ។
ព្រះអង្គសង្គ្រោះដ៏មានព្រះទ័យមេត្តាករុណា និងអំណត់របស់យើង
ដើម្បីជួយសិស្សឲ្យមើលឃើញអំពីរបៀបដែលព្រះអង្គសង្គ្រោះបានអត់ធ្មត់ជាមួយពួកបរិសុទ្ធរបស់ទ្រង់ បន្ទាប់ពីបានបើកសម្តែងបទបញ្ញត្តិនេះ អ្នកប្រហែលជាចង់ចែកចាយខ្លឹមសារមួយចំនួនខាងក្រោមតាមពាក្យសម្ដីរបស់អ្នកផ្ទាល់ជាមួយសិស្ស ៖
ព្រះយេស៊ូវបានបើកសម្ដែងពាក្យសម្តីនៃប្រាជ្ញាវាងវៃ នៅឆ្នាំ ១៨៣៣ ប៉ុន្តែវាមិនត្រូវបានផ្ដល់ជាបទបញ្ញត្តិនៅពេលនោះទេ ( សូមមើល ខទី ២ ) ។ បន្ទាប់ពីបានទទួលពាក្យសម្តីនៃប្រាជ្ញាវាងវៃ នោះពួកបរិសុទ្ធជាច្រើនបានចាប់ផ្ដើមព្យាយាមខិតខំយកឈ្នះលើទម្លាប់ទាំងនោះដែលមានជាប្រពៃណី ហើយសម្រាប់អ្នកខ្លះដែលពួកគេបានញៀនជាយូរមកហើយ ។ ពេលខ្លះ ព្រះអម្ចាស់បានដឹកនាំថ្នាក់ដឹកនាំសាសនាចក្រ រួមទាំង ព្រិកហាំ យ៉ង់ និង យ៉ូហាន ថេលើរ ឲ្យរំពឹងបន្ថែមទៀតពីពួកបរិសុទ្ធ ចំពោះការគោរពតាមគោលការណ៍ដែលបានបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩ ។ រហូតមកដល់សតវត្សទី ២០ ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត « បានសូមអញ្ជើញពួកគេឲ្យគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ដោយមិនទទួលទានគ្រឿងស្រវឹង កាហ្វេ តែ ថ្នាំជក់ និងសារធាតុដែលបង្កគ្រោះថ្នាក់ផ្សេងទៀត ដែលពួកបរិសុទ្ធជំនាន់មុនបានប្រើពេលខ្លះ » ធ្វើឲ្យ « ពាក្យសម្ដីនៃប្រាជ្ញាវាងវៃចាំបាច់សម្រាប់ការចូលទៅព្រះវិហារបរិសុទ្ធ និងការបម្រើជាអ្នកផ្សព្វផ្សាយសាសនា » ( Saints ៣:២៩១–២៩២ ) ។ « នៅឆ្នាំ ១៩២១ ព្រះអម្ចាស់បានបំផុសគំនិតប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត តម្រូវឲ្យពួកបរិសុទ្ធទាំងអស់ឈប់ទទួលទានគ្រឿងស្រវឹង ថ្នាំជក់ កាហ្វេ និងតែ ដើម្បីទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ » ( Church History Topics « Word of Wisdom [D&C 89] » នៅលើបណ្ណាល័យដំណឹងល្អ ) ។
-
តើព្រះអង្គសង្គ្រោះបានប្រទានជំនួយអ្វីខ្លះក្នុងជំនាន់របស់យើងសម្រាប់អ្នកដែលពុះពារនឹងការញៀន ?
នៅចុងបញ្ចប់នៃវីដេអូនេះដែលបានផ្ដល់យោបល់នៅដើមមេរៀនអាចផ្តល់ក្តីសង្ឃឹមតាមរយៈព្រះគ្រីស្ទសម្រាប់អ្នកដែលពុះពារនឹងការញៀន ។ អ្នកអាចពិចារណាបង្ហាញ « You Will Be Freed » ចាប់ពីនាទីទី ១:២៩ ដល់នាទីទី ២:៥៥ ។
សិស្សដែលចង់បានធនធានបន្ថែមទៀតដើម្បីជួយដែលទាក់ទងនឹងការញៀន អាចណែនាំឲ្យទៅជួបថ្នាក់ដឹកនាំវួដរបស់ពួកគេ និងទៅកាន់ទំព័រ « ជួយដល់ជីវិត » នៅលើគេហទំព័រ ChurchofJesusChrist.org ។
មុននឹងសួរសំណួរខាងក្រោម សូមពិចារណាជួយសិស្សឲ្យស្គាល់ពីភាពល្អរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការប្រទានពាក្យសម្តីនៃប្រាជ្ញាវាងវៃដល់យើង ។ វាអាចមានអត្ថប្រយោជន៍ក្នុងការអញ្ជើញពួកគេឲ្យស្រមៃមើលថា តើពិភពលោកនឹងខុសគ្នាយ៉ាងណា ប្រសិនបើគ្មានការប្រើប្រាស់សារធាតុញៀន ។ អ្នកក៏អាចផ្តល់ពេលវេលាដល់ពួកគេដើម្បីសរសេរពីរបៀបដែលពាក្យសម្តីនៃប្រាជ្ញាវាងវៃបានផ្ដល់ពរ និងការពារពួកគេ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ។
-
តើការបើកសម្ដែងពាក្យសម្តីនៃប្រាជ្ញាវាងវៃបង្ហាញពីសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមពិចារណាបញ្ចប់មេរៀនដោយការចែកចាយពីរបៀបដែលពាក្យសម្តីនៃប្រាជ្ញាវាងវៃបានផ្ដល់ពរដល់ជីវិតរបស់អ្នក ហើយបង្ហាញការដឹងគុណចំពោះព្រះអង្គសង្គ្រោះដែលប្រទានវិវរណៈនេះដល់យើង ។