មេរៀនទី ១០២—គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៥១–៩៥ ៖ ‹ ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៥១–៩៥ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នៅក្នុងផ្នែកនេះនៃ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨ ព្រះយេស៊ូវគ្រីស្ទបានបើកសម្តែងពីរបៀបដែលទ្រង់គ្រប់គ្រងការបង្កបង្កើតរបស់ទ្រង់ និងអញ្ជើញយើងឲ្យខិតជិតទ្រង់ ។ មេរៀននេះអាចជួយសិស្សទទួលបានពរជ័យនៃការចូលទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមពិចារណាចាប់ផ្តើមថ្នាក់ដោយបង្កើតការពិភាក្សាអំពីការបង្កើតទំនាក់ទំនងជិតស្និទ្ធ ។ អ្នកអាចអញ្ជើញសិស្សម្នាក់ៗឲ្យសរសេរឈ្មោះនរណាម្នាក់ដែលពួកគេស្និទ្ធស្នាលជាមួយនៅលើក្ដារខៀន ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយពីមូលហេតុដែលពួកគេជ្រើសរើសបុគ្គលនោះ ។
អ្នកអាចសួរសំណួរតាមដានដូចខាងក្រោម ៖
-
តើអ្វីដែលធ្វើឲ្យទំនាក់ទំនងរវាងមនុស្សពីរនាក់ជិតស្និទ្ធ ? តើអ្វីបង្កើតឲ្យមានគម្លាត ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលអ្នកបានរក្សាគម្លាតពីពួកគេ ?
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨ ព្រះអង្គសង្រ្គោះបានពិពណ៌នាព្រះចេស្តារបស់ទ្រង់ដែលគ្រប់គ្រងលើការបង្កបង្កើតរបស់ទ្រង់ ( សូមមើល ខទី ៤១–៤៥ ) ។ ទ្រង់បានបង្រៀនថា នៅពេលយើងមើលឃើញដួងតារា និងភពទាំងឡាយនៅស្ថានសួគ៌ យើង « បានឃើញព្រះអង្គទ្រង់ចលនាដោយនូវឫទ្ធានុភាព និងព្រះចេស្ដារបស់ទ្រង់ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៤៧ ) ។ បន្ទាប់មក ព្រះយេស៊ូវគ្រីស្ទបានលើកឧទាហរណ៍មួយដើម្បីបង្រៀនអំពីទំនាក់ទំនងរបស់ព្រះជាមួយនឹងការបង្កបង្កើតរបស់ទ្រង់ ។ ការបង្កបង្កើតបង្រៀនថា ព្រះបានបង្កើតពិភពលោកជាច្រើនដែលមានបុត្រាបុត្រីរបស់ទ្រង់រស់នៅ ហើយថាទ្រង់ទៅជួបពួកគេម្នាក់ៗ ។ ព្រះអម្ចាស់បានបញ្ជាមិត្តភក្តិរបស់ទ្រង់ឲ្យអំពាវនាវរកទ្រង់ ពេលទ្រង់នៅជិតពួកគេ ( សូមមើល ខទី ៥១–៦២ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៣ ដោយស្វែងរកអ្វីដែលព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យធ្វើ ។
-
តើការអញ្ជើញអ្វីដែលអ្នកយល់ឃើញផ្ទាល់ខ្លួនថាវាមានអត្ថន័យ ?
-
តើគោលការណ៍អ្វីខ្លះដែលអាចស្វែងយល់ចេញពីការអញ្ជើញទាំងនេះ ?
សិស្សអាចរកឃើញគោលការណ៍ផ្សេងៗ—ឧទាហរណ៍ នៅពេលខ្ញុំចូលទៅជិតព្រះយេស៊ូវគ្រីស្ទ ទ្រង់នឹងចូលមកជិតខ្ញុំ ។ អ្នកអាចនឹងចង់ចង្អុលបង្ហាញថា នៅពេលយើងចូលទៅជិតព្រះយេស៊ូវគ្រីស្ទ យើងក៏ចូលទៅជិតព្រះវរបិតាសួគ៌ដែរ ។
ដើម្បីជួយសិស្សឲ្យយល់អំពីគោលការណ៍នេះ អ្នកអាចពិភាក្សាអំពីរបៀបដែលវាត្រូវបានបង្ហាញនៅក្នុងរឿងប្រៀបប្រដូចនេះ ។ សំណួរដូចខាងក្រោមក៏អាចជួយបានដែរ ៖
-
តើអ្នកនឹងពិពណ៌នាអំពីអត្ថន័យនៃការចូលទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថាទ្រង់ទាំងទ្វេចូលមកជិតយើងដោយរបៀបណា ?
-
តើមានហេតុផលអ្វីខ្លះ ដែលមនុស្សម្នាក់អាចនឹងចង់មានអារម្មណ៍ជិតស្និទ្ធជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សូមផ្តល់ឱកាសដល់សិស្សដើម្បីជញ្ជឹងគិតអំពីអារម្មណ៍ស្និទ្ធស្នាលជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចអញ្ជើញពួកគេឲ្យសរសេរថា « ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ » នៅលើទំព័រមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ទាប់មក សូមឲ្យសិស្សគូររូបភាពដែលតំណាងឲ្យខ្លួនពួកគេ ។ សិស្សអាចជញ្ជឹងគិតអំពីគ្រាដែលពួកគេមានអារម្មណ៍ជិតស្និទ្ធជាមួយព្រះ និងព្រះរាជបុត្រារបស់ទ្រង់ និងអ្វីដែលបានជួយពួកគេឲ្យមានអារម្មណ៍បែបនេះ ។ សិស្សក៏អាចជញ្ជឹងគិតផងដែរអំពីអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនាពេលថ្មីៗនេះ ។
សូមរំឭកសិស្សថា ប្រសិនបើយើងមានអារម្មណ៍ថានៅឆ្ងាយពីព្រះអម្ចាស់ នោះយើងអាចធ្វើសកម្មភាពដើម្បីផ្លាស់ប្តូរស្ថានភាពរបស់យើង ។ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីតម្រូវការដែលពួកគេមាន និងរបៀបដែលពួកគេបានទទួលពរ ប្រសិនបើពួកគេខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកវិវរណៈផ្ទាល់ខ្លួន ដើម្បីដឹងពីអ្វីដែលពួកគេអាចធ្វើដើម្បីខិតកាន់តែជិតទ្រង់ទាំងទ្វេ ។
សិស្សអាចបំពេញតារាងខាងក្រោមនៅលើក្ដារខៀន ឬក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ តាមតម្រូវការ សូមជួយសិស្សឲ្យយល់ឃ្លាផ្សេងៗនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៣–៦៩ ។ ឧទាហរណ៍ អ្នកអាចបញ្ជាក់ ខទី ៦៥ ដោយពន្យល់ថា យើងមិនគួរមានចេតនាមិនសមរម្យ ឬស្វែងរកការបំពេញបំណងប្រាថ្នាខាងលោកិយឡើយ នៅពេលយើងអធិស្ឋាន ។ អ្នកអាចជួយសិស្សយល់ពាក្យ ការចាំបាច់ នៅក្នុង ខទី ៦៤–៦៥ មានន័យថាសមរម្យ ឬត្រឹមត្រូវ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៣–៦៩ និងបំពេញតារាងខាងក្រោម ៖
|
របៀបដើម្បីចូលទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
|
ពរជ័យបានមកពីការខិតទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
|
|---|
| |
របៀបមួយដើម្បីជួយសិស្សឲ្យចូលរួមជាមួយនឹងខគម្ពីរទាំងនេះ គឺត្រូវអញ្ជើញសិស្សម្នាក់ឲ្យកាន់រូបព្រះអង្គសង្គ្រោះនៅខាងមុខថ្នាក់ ។ សុំឲ្យសិស្សម្នាក់ទៀតឈរនៅខាងក្រោយថ្នាក់ ។
នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ សិស្សនៅខាងក្រោយថ្នាក់អាចចូលទៅជិតសិស្សកាន់រូបព្រះអង្គសង្គ្រោះ ។ សិស្សដែលកាន់រូបព្រះអង្គសង្គ្រោះក៏អាចចូលទៅជិតដែរ ។
អ្នកអាចប្រើសេចក្តីថ្លែងការណ៍មួយចំនួននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ដើម្បីជួយសិស្សយល់ពីរបៀបដើម្បីចូលទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សំណួរខាងក្រោមអាចជួយអ្នកពិភាក្សាអំពីអ្វីដែលសិស្សបានរកឃើញនៅក្នុងខគម្ពីរដែលពួកគេអាន ៖
-
តើអ្នកគិតថា ការធ្វើសកម្មភាពទាំងនេះអាចជួយអ្នកចូលទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើពរជ័យទាំងនេះអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ទាំងទ្វេយ៉ាងដូចម្តេច ?
សូមពិចារណាបង្ហាញវីដេអូ « How I #HearHim: Elder Dale G. Renlund » ( ៣:០០ ) ។ សូមឲ្យសិស្សរកមើលអ្វីដែលអែលឌើរ រិនឡាន់ បង្រៀនអំពីការចូលទៅជិតព្រះយេស៊ូវគ្រីស្ទ ។ សូមពិភាក្សាអំពីអ្វីដែលសិស្សបានរៀនពីបទពិសោធន៍របស់លោក ។
ការអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ អាចរៀបចំពួកគេដើម្បីចែកចាយជាមួយថ្នាក់ ។ អ្នកក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនអំពីអ្វីដែលអ្នកបានធ្វើ ដើម្បីចូលទៅជិតព្រះយេស៊ូវគ្រីស្ទ និងអារម្មណ៍ដែលអ្នកមានពេលទ្រង់យាងមកជិតអ្នក ។
សូមអញ្ជើញសិស្សឲ្យស្វែងរកព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹកនាំពួកគេឲ្យដឹងពីអ្វីដែលពួកគេអាចធ្វើដើម្បីចូលទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមរំឭកសិស្សថា ពួកគេប្រហែលជាបានទទួលការបំផុសគំនិតរួចហើយ ក្នុងអំឡុងពេលមេរៀននេះ ។
សិស្សអាចសរសេរពីរបៀបដែលពួកគេនឹងព្យាយាមខិតចូលទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ របៀបដែលការណ៍នេះអាចជួយពួកគេជាមួយនឹងឧបសគ្គដែលពួកគេកំពុងប្រឈមមុខ និងឧបសគ្គទាំងឡាយដែលពួកគេអាចនឹងត្រូវយកឈ្នះ ។ សិស្សអាចសរសេរនៅលើគំនូររបស់ពួកគេ ឬធ្វើកំណត់ចំណាំដែលពួកគេនឹងយកទៅផ្ទះ ។
សូមលើកទឹកចិត្តសិស្សឲ្យចែកចាយជាមួយនឹងព្រះវរបិតាសួគ៌ក្នុងការអធិស្ឋានរបស់ពួកគេអំពីអ្វីដែលពួកគេគ្រោងនឹងធ្វើ និងទូលសូមជំនួយពីទ្រង់ ។