« មេរៀនទី ៩៥—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៣៣–៤៤ ៖ សម្បថ និងសេចក្តីសញ្ញានៃបព្វជិតភាព » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៣៣–៤៤ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៩៥ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៣៣–៤៤
សម្បថ និងសេចក្តីសញ្ញានៃបព្វជិតភាព
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២០ ព្រះអង្គសង្រ្គោះបានបើកសម្តែងថា « នៅក្នុងពិធីបរិសុទ្ធទាំងឡាយ [ នៃបព្វជិតភាព ] … នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ។ អំណាចបព្វជិតភាពនេះមានសម្រាប់សមាជិកទាំងអស់នៃសាសនាចក្រដែលធ្វើ និងរក្សាសេចក្តីសញ្ញាបុណ្យជ្រមុជទឹក និងព្រះវិហារបរិសុទ្ធ ។ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៣៣–៤៤ ព្រះអង្គសង្គ្រោះបានបង្រៀនពាក្យសម្បថ និងសេចក្តីសញ្ញាដែលគ្រប់គ្រងការប្រើប្រាស់អំណាចបព្វជិតភាពរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីសម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះវរបិតាសួគ៌ប្រទានពរដល់ពួកអ្នកគោរពតាមសេចក្តីសញ្ញាជាមួយព្រះចេស្តារបស់ទ្រង់
អ្នកអាចចាប់ផ្តើមថ្នាក់ដោយគូសផ្លូវមួយនៅលើក្ដារខៀន ដែលតំណាងឲ្យផ្លូវនៃសេចក្ដីសញ្ញា ។ អ្នកអាចដាក់ស្លាកនៅដើមផ្លូវថា « កំណើត » និងចុងផ្លូវថា « ជីវិតដ៏នៅអស់កល្បជានិច្ចជាមួយព្រះវរបិតាសួគ៌ » ។ សូមអញ្ជើញសិស្សឡើងមកកាន់ក្ដារខៀន ហើយដាក់ស្លាកសេចក្ដីសញ្ញាដែលយើងបានធ្វើនៅតាមផ្លូវតាមរយៈពិធីបរិសុទ្ធនានា ដូចជាពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ពិធីតែងតាំងបព្វជិតភាពសម្រាប់បុរស អំណោយទានពិសិដ្ឋ និងការផ្សារភ្ជាប់ ។
ប្រសិនបើសិស្សត្រូវការជំនួយក្នុងការយល់ថាសេចក្ដីសញ្ញាគឺជាការសន្យាទៅវិញទៅមកជាមួយព្រះ សូមពិចារណាពិភាក្សាអំពីសំណួរដូចខាងក្រោម មុនពេលចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមពីប្រធាន រ័សុល អិម ណិលសុន ៖
-
តើការសន្យាអ្វីខ្លះដែលយើងធ្វើចំពោះព្រះវរបិតាសួគ៌ នៅពេលយើងទទួលយកពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ? ( សូមមើល ម៉ូសាយ ១៨:៨–១០ និង គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៧–៧៩ ) ។
-
តើព្រះវរបិតាសួគ៌សន្យាអ្វីខ្លះដល់យើង នៅពេលយើងព្យាយាមគោរពតាមសេចក្ដីសញ្ញានេះ ?
សូមសិក្សាសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពីប្រធាន រ័សុល អិម ណិលសុន ដោយរកមើលពរជ័យដែលព្រះវរបិតាសួគ៌ប្រទានដល់អ្នកដែលធ្វើ និងគោរពតាមសេចក្ដីសញ្ញាជាមួយទ្រង់ ។
បុគ្គលម្នាក់ៗដែលចុះសេចក្តីសញ្ញានៅក្នុងអាងជ្រមុជទឹក និងនៅក្នុងព្រះវិហារបរិសុទ្ធ—ហើយរក្សាសេចក្តីសញ្ញាទាំងនោះ—គឺបានទទួលព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើនឡើង ។ សូមពិចារណាអំពីសេចក្តីពិតដ៏អស្ចារ្យនោះ !
រង្វាន់នៃការរក្សាសេចក្តីសញ្ញាជាមួយនឹងព្រះគឺជា ព្រះចេស្តាមកពីស្ថានសួគ៌—ពោលគឺព្រះចេស្តាដែលពង្រឹងយើងកាន់តែខ្លាំង ឲ្យទប់ទល់នឹងការសាកល្បង ការល្បួង និងការឈឺចាប់ទាំងឡាយរបស់យើង ។ ព្រះចេស្តានេះជួយឆ្ការផ្លូវរបស់យើង ។ អស់អ្នកដែលរស់នៅតាមក្រឹត្យវិន័យជាន់ខ្ពស់របស់ព្រះយេស៊ូវគ្រីស្ទ មានសិទ្ធិទទួលបានព្រះចេស្តាកាន់តែខ្លាំងរបស់ទ្រង់ ។ ( រ័សុល អិម ណិលសុន « ឈ្នះលោកិយ ហើយបានសេចក្ដីសម្រាក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៦ )
-
ហេតុអ្វីបានជាយើងត្រូវការពរជ័យនៃសេចក្ដីសញ្ញាដែលប្រធាន ណិលសុន បានពិពណ៌នានៅតាមផ្លូវរបស់យើងត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌ ?
សម្បថ និងសេចក្តីសញ្ញានៃបព្វជិតភាព
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤ ព្រះយេស៊ូវគ្រីស្ទ ប្រទាន « វិវរណៈអំពីបព្វជិតភាព » ទៅកាន់ យ៉ូសែប ស្ម៊ីធ ( សូមមើលក្បាលកណ្ឌ ) ។ ជាផ្នែកនៃវិវរណៈនេះ ទ្រង់បានពិពណ៌នាអំពី « សម្បថ និងសេចក្តីសញ្ញា » ( ខទី ៣៩–៤០ ) នៃបព្វជិតភាព ។ ( សម្បថគឺជាការសន្យាដ៏ម៉ឺងម៉ាត់ ) ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរ « សម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព » នៅក្បាលទំព័រមួយសន្លឹក ។ សូមបង្កើតជួរឈរពីរនៅក្រោមក្បាលកណ្ឌនេះ ។ ដាក់ស្លាកជួរឈរមួយ « សេចក្តីសន្យារបស់ព្រះវរបិតាសួគ៌ » និងមួយទៀត « សេចក្តីសន្យារបស់យើង » ។
សិស្សអាចបំពេញសកម្មភាពសិក្សាខាងក្រោមជាលក្ខណៈបុគ្គល ។ បន្ទាប់មកពួកគេអាចចែកចាយជាក្រុមតូចៗនូវអ្វីដែលពួកគេបានរកឃើញ ។
ម្យ៉ាងវិញទៀត អ្នកអាចចាត់សិស្សជាគូៗ ដោយដៃគូមួយស្វែងរកការសន្យារបស់ព្រះវរបិតាសួគ៌ ហើយម្នាក់ទៀតស្វែងរកការសន្យារបស់យើង ។ បន្ទាប់មក ពួកគេអាចចែកចាយជាមួយគ្នា និងកត់ត្រានូវអ្វីដែលពួកគេពិភាក្សានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៣៣–៤៤ ។ សូមពិចារណាពីការគូសចំណាំតាមរបៀបមួយដែលការសន្យាដែលព្រះវរបិតាសួគ៌អញ្ជើញយើងឲ្យធ្វើ និងគូសចំណាំខុសៗគ្នានូវពរជ័យដែលទ្រង់ប្រទានដល់អ្នកដែលគោរពតាមសេចក្ដីសញ្ញារបស់ពួកគេ ។ សូមសរសេរអ្វីដែលអ្នករកឃើញនៅក្នុងជួរឈរដែលត្រូវគ្នានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
ការណ៍នេះអាចជាពេលវេលាដ៏ល្អមួយដើម្បីឲ្យសិស្សអនុវត្តការស្វែងរកគោលការណ៍ទាំងឡាយ ។ ពួកគេអាចស្វែងរកគោលការណ៍ផ្សេងៗ ។ អ្នកអាចឲ្យពួកគេស្វែងរកគោលការណ៍ដោយប្រើសេចក្តីថ្លែងការណ៍ដែលចាប់ផ្តើមពីអ្វីដែលយើងសន្យានឹងធ្វើ និងបញ្ចប់ដោយអ្វីដែលព្រះសន្យានឹងធ្វើ ។ ឧទាហរណ៍ សិស្សអាចរកឃើញគោលការណ៍ខាងក្រោម ៖
-
ប្រសិនបើយើងតម្កើងការហៅ និងការទទួលខុសត្រូវរបស់យើងនៅក្នុងសាសនាចក្រ នោះព្រះនឹងញែកយើងជាបរិសុទ្ធដោយព្រះវិញ្ញាណរបស់ទ្រង់ ហើយបង្កើតរូបកាយយើងឡើងវិញ ។
-
ប្រសិនបើយើងទទួលបព្វជិតភាពអើរ៉ុន និងម៉ិលគីស្សាដែកដោយស្មោះត្រង់ ហើយទទួលអ្នកបម្រើដែលព្រះបានជ្រើសរើស នោះព្រះវរបិតាសួគ៌នឹងប្រទានពរដល់យើងនូវអ្វីទាំងអស់ដែលទ្រង់មាន ។
សូមផ្តល់ពេលឲ្យសិស្សដើម្បីសិក្សាដោយការអធិស្ឋានអំពីការសន្យាដែលពួកគេចាប់អារម្មណ៍បំផុតក្នុងការយល់ដឹងកាន់តែប្រសើរឡើង ។ សិស្សអាចធ្វើការជាក្រុមតូចៗជាមួយសិស្សផ្សេងទៀតដែលបានជ្រើសរើសសិក្សាការសន្យាដូចគ្នា ឬពួកគេអាចសិក្សាជាលក្ខណៈបុគ្គល ។
សំណៅចែកនេះផ្តល់ធនធានសិក្សា ដែលអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីការសន្យាមួយចំនួននៅក្នុងសម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព ។ រួចហើយអ្នកអាចដាក់បញ្ចូលសំណៅចែកនេះបើចង់ដាក់ ។
ប្រសិនបើសិស្សមានចំណាប់អារម្មណ៍ក្នុងការសិក្សាឃ្លាដែលមិនមាននៅក្នុងសំណៅចែកនេះ សូមអញ្ជើញពួកគេឲ្យរៀនអស់ពីសមត្ថភាពដោយស្រាវជ្រាវប្រធានបទ ឬប្រធានបទដែលបានជ្រើសរើសរបស់ពួកគេជាមួយនឹងធនធានដូចជា ៖
-
Topical Guide
-
ChurchofJesusChrist.org ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ
-
ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
ធ្វើឲ្យការយល់ដឹងរបស់អ្នកអំពីសម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាពកាន់តែស៊ីជម្រៅ
បានញែកជាបរិសុទ្ធដោយសារព្រះវិញ្ញាណ ចំពោះការសាងរូបកាយរបស់ពួកគេជាថ្មី ( សូមមើល ខទី ៣៣ )
នៅក្នុងការនិយាយអំពីការសន្យារបស់ព្រះវរបិតាសួគ៌ ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានពន្យល់ថា ៖
ខ្ញុំបានឃើញការសន្យានោះត្រូវបានបំពេញ នៅក្នុងជីវិតរបស់ខ្ញុំផ្ទាល់ និងនៅក្នុងជីវិតរបស់អ្នកដទៃទៀត ។ មិត្តរបស់ខ្ញុំម្នាក់ បានបម្រើជាប្រធានបេសកកម្ម ។ គាត់បានប្រាប់ខ្ញុំថា នៅចុងបញ្ចប់នៃថ្ងៃនីមួយៗ ខណៈគាត់កំពុងបម្រើ គាត់ស្ទើរតែមិនអាចឡើងជណ្តើរទៅជាន់ខាងលើ ដើម្បីទៅគេងនៅពេលយប់បាន ដោយមិនបានគិតថា បើគាត់នឹងមានកម្លាំងដើម្បីប្រឈមនឹងថ្ងៃស្អែកដែរឬទេ ។ ហើយនៅព្រឹកឡើង គាត់នឹងបានឃើញថា កម្លាំងរបស់គាត់ ហើយនិងសេចក្ដីក្លាហានរបស់គាត់ត្រូវបានស្ដារឡើងវិញ ។ អ្នកបានឃើញវានៅក្នុងជីវិតរបស់ពួកព្យាការីដែលមានអាយុច្រើន ដែលហាក់ដូចជាត្រូវបានសាងឡើងជាថ្មី នៅរាល់ដងដែលពួកលោកបានឈរថ្លែងទីបន្ទាល់អំពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អដែលបានស្ដារឡើងវិញ ។ នោះគឺជាការសន្យាមួយសម្រាប់ពួកអ្នកទាំងឡាយណា ដែលឈានឆ្ពោះទៅមុខដោយសេចក្ដីជំនឿក្នុងការបម្រើបព្វជិតភាពរបស់ពួកគេ ។ ( ហិនរី ប៊ី អាវរិង « Faith and the Oath and Covenant of the Priesthood » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៦២ )
ចូរស្មោះត្រង់ក្នុងកាលបានបព្វជិតភាពអើរ៉ុន និងម៉ិលគីស្សាដែក ( សូមមើល ខទី ៣៣ )
ដើម្បីស្មោះត្រង់ « ស្មោះត្រង់ក្នុងកាលបានបព្វជិតភាពទាំងពីរនេះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៣៣ ) ទាក់ទងនឹងកាលបានអំណាច និងពរជ័យដែលកើតចេញពីការទទួលពិធីបរិសុទ្ធនៃបព្វជិតភាពអើរ៉ុន និងម៉ិលគីស្សាដែក និងការគោរពតាមសេចក្ដីសញ្ញាដែលទាក់ទងដោយស្មោះត្រង់ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា មនុស្សម្នាក់ទទួលបានភាពពេញលេញនៃបព្វជិតភាព « ដោយការកាន់តាមបទបញ្ញត្តិទាំងអស់ ហើយប្រតិបត្តិតាមគ្រប់ពិធីបរិសុទ្ធនៃដំណាក់របស់ព្រះអម្ចាស់ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤១៩ ) ។
សម្រាប់បុរស នេះក៏រួមបញ្ចូលទាំងការប្រគល់បព្វជិតភាពដល់ពួកគេ និងត្រូវបានតែងតាំងឲ្យកាន់តំណែងបព្វជិតភាពផងដែរ ។
តម្កើងការហៅរបស់អ្នក ( ខទី ៣៣ )
ឱកាសដើម្បីទទួលការហៅ និងចូលរួមក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
នៅពេលយើងធ្វើការដើម្បីតម្កើងការហៅរបស់យើង យើងគួរតែស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណ ដើម្បីដោះស្រាយបញ្ហាតាមរបៀបដែលនឹងជួយមនុស្សដែលយើងបម្រើបានល្អបំផុត ។ យើងមានសៀវភៅក្បួនខ្នាត ហើយគោលការណ៍ការណែនាំរបស់វាគួរតែត្រូវបានធ្វើតាម ។ ប៉ុន្តែនៅក្នុងគោលគំនិតនោះ គឺជាឱកាសដ៏សំខាន់ក្នុងការគិត បង្កើតគំនិតច្នៃប្រឌិត និងប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន ។ ការណែនាំដើម្បីតម្កើងការហៅរបស់យើង មិនមែនជាពាក្យបញ្ជាដើម្បីលំអ និងធ្វើឲ្យវាស្មុគស្មាញនោះទេ ។ ការបង្កើតថ្មីមិនមានន័យថាពង្រីកនោះទេ ជាញឹកញាប់វាមានន័យថា ធ្វើឲ្យសាមញ្ញ ។ ( អិម រ័សុល បាឡឺត « O Be Wise » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ១៩ )
អ្វីៗដែលព្រះវរបិតាសួគ៌មាន ( សូមមើល ខទី ៣៨ )
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៥៥–៦០; ៨១:៦
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយ ៖
ដើម្បីដឹងថាយើងមានព្រះវរបិតាសួគ៌ ហើយថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ មានន័យថា យើងកំពុងសម្លឹងមើលផ្លូវនៃសេចក្ដីសញ្ញាឲ្យកាន់តែឆ្ងាយជាងកន្លែងដែលយើងកំពុងឈរសព្វថ្ងៃនេះ ។ វាមានន័យថាយើងដឹងគុណថាយើងជាអ្នកទទួលមរតកចំពោះអ្វីទាំងអស់ដែលព្រះវរបិតាមាន នគរជាច្រើន គឺជាអាណាចក្ររបស់ទ្រង់ ហើយអាចជារបស់យើង ។ ព្រះអង្គសង្រ្គោះបានសន្យាថា « បើសិនជាអ្នកមានចិត្តស្មោះត្រង់ដល់ចុងបំផុត នោះអ្នកនឹងបានមកុដនៃអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងវិមានទាំងឡាយ ដែលយើងបានរៀបចំទុកនៅក្នុងដំណាក់នៃព្រះវរបិតារបស់យើង » ។ ( រ៉ូណល អេ រ៉ាសបាន « The Divine Destiny of His Daughters » [ BYU Women’s Conference ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
បន្ទាប់ពីមានពេលសិក្សាគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយជាមួយដៃគូ ឬក្រុមតូចៗនូវអ្វីដែលពួកគេបានរៀន ។ អ្នកអាចប្រើការបំផុសគំនិតដូចខាងក្រោមដើម្បីជួយដឹកនាំការពិភាក្សា ៖
-
ហេតុអ្វីបានជាពរជ័យនេះមានសារៈសំខាន់សម្រាប់អ្នកនៅថ្ងៃនេះ ?
-
តើពរជ័យនេះបានបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ?
សូមចែកចាយឧទាហរណ៍មួយ ( មកពីព្រះគម្ពីរ ឬជីវិតរបស់អ្នក ) របស់នរណាម្នាក់ដែលអ្នកបានឃើញ ដែលបង្ហាញពីការរក្សាការសន្យាដែលអ្នកបានជ្រើសរើស ។
ដើម្បីបញ្ចប់ថ្នាក់ អ្នកអាចចែកចាយពីរបៀបដែលអ្នកត្រូវបានប្រទានពរដោយអំណាចបព្វជិតភាព នៅពេលអ្នកបានព្យាយាមគោរពតាមសេចក្ដីសញ្ញាដែលអ្នកបានធ្វើដោយស្មោះត្រង់ជាមួយព្រះវរបិតាសួគ៌ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្វែងរកឱកាសដើម្បីទាញយកអំណាចបព្វជិតភាពដែលព្រះបានសន្យាដល់កូនចៅនៃសេចក្ដីសញ្ញារបស់ទ្រង់ ។