« មេរៀនទី ៩៤—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:១–៣២ ៖ ‹ ពន្លឺនៃព្រះគ្រីស្ទ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:១–៣២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៩៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:១–៣២
« អំណាចនៃព្រះ »
នៅពេលត្រឡប់មកផ្ទះវិញពីបេសកកម្មរបស់ពួកគាត់ ពួកអែលឌើរមួយក្រុមបានជួបជាមួយព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅពេលកំពុងអធិស្ឋានជាមួយគ្នា ព្យាការីបានទទួលវិវរណៈមួយដែលផ្តល់នូវការយល់ដឹងអំពី « អំណាចនៃព្រះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២០ ) ដែលមានសម្រាប់ស្ត្រី និងបុរសតាមរយៈពិធីបរិសុទ្ធបព្វជិតភាព ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការទទួលបានអំណាចនៃភាពជាព្រះ ដែលព្រះយេស៊ូវគ្រីស្ទប្រទានតាមរយៈពិធីបរិសុទ្ធបព្វជិតភាពរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពិធីបរិសុទ្ធនៃបព្វជិតភាព
សូមពិចារណាបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ សូមអញ្ជើញសិស្សឲ្យចែកចាយពីអារម្មណ៍របស់ពួកគេចំពោះសំណួររបស់លោក និងរបៀបដែលពួកគេអាចនឹងឆ្លើយសំណួរទាំងនោះ ។
ក្នុងការធ្វើដំណើររបស់ខ្ញុំក្នុងនាមជាសមាជិកក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ ខ្ញុំបានជួបយុវជនទូទាំងពិភពលោក ។ ពួកគេជាច្រើនពុះពារនឹងកង្វល់ពិតប្រាកដ ៖ « តើព្រះនឹងជួយខ្ញុំដែរឬទេ ? តើទ្រង់នឹងដឹកនាំជីវិតរបស់ខ្ញុំដែរឬទេ ? តើខ្ញុំអាចទទួលបានជំនួយ ការណែនាំ និងសេចក្តីសុខសាន្តដែលខ្ញុំត្រូវការដោយរបៀបណា ? » ( នែល អិល អាន់ឌើរសិន « The Power of Godliness through Priesthood Ordinances and Blessings » ដើម្បីកម្លាំងនៃយុវជន ខែ សីហា ឆ្នាំ ២០២១ ទំព័រ ១០ )
-
សូមគិតត្រឡប់ទៅពេលវេលាក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកត្រូវការជំនួយ ការណែនាំ និងសេចក្តីសុខសាន្ត ។ តើអ្នកបានធ្វើអ្វី ឬអ្នកអាចធ្វើអ្វីដើម្បីស្វែងរកជំនួយ និងការណែនាំពីព្រះ ?
សូមអានសេចក្ដីថ្លែងការណ៍របស់អែលឌើរ នែល អិល អាន់ឌើរសិន ដែលនៅសេសសល់ ដោយរកមើលរឿងមួយដែលព្រះបានប្រទានមកដើម្បីជួយយើង ។
មិត្តភក្តិវ័យក្មេងរបស់ខ្ញុំអើយ ព្រះ នឹង ជួយក្មួយៗ ហើយទ្រង់ត្រៀមព្រះកាយដើម្បីជួយក្មួយៗជាស្រេច ។ ក្នុងនាមជាព្រះវរបិតាដែលពេញដោយក្តីស្រឡាញ់របស់យើង ទ្រង់បានប្រទានដល់យើងនូវពិធីបរិសុទ្ធ ដែលជួយយើងឲ្យទទួលអារម្មណ៍ពីព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់យើង—អំណាចនៃភាពជាព្រះ ។ ( នែល អិល អាន់ឌើរសិន « The Power of Godliness through Priesthood Ordinances and Blessings » ដើម្បីកម្លាំងនៃយុវជន ខែ សីហា ឆ្នាំ ២០២១ ទំព័រ ១០ )
សិស្សប្រហែលជាមិនបានពិចារណាអំពីរបៀបដែលពិធីបរិសុទ្ធអាចជួយពួកគេក្នុងជីវិតរបស់ពួកគេបានទេ ។ អ្នកអាចអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីគំនិត និងអារម្មណ៍របស់ពួកគេអំពីពិធីបរិសុទ្ធ ។ ដើម្បីធ្វីដូច្នេះ អ្នកអាចបង្ហាញការវាយតម្លៃខ្លួនឯងខាងក្រោម ៖
ដោយប្រើរង្វាស់ ១–៥ ( ១ = ទាប; ៥ = ខ្ពស់ ) តើអ្នកនឹងវាយតម្លៃទំនុកចិត្តរបស់អ្នកនៅក្នុងសេចក្តីថ្លែងការណ៍ខាងក្រោមដោយរបៀបណា ៖
-
ខ្ញុំដឹងថាអ្វីជាពិធីបរិសុទ្ធបព្វជិតភាព ។
-
ខ្ញុំដឹងពីរបៀបដែលព្រះបានប្រទានពរដល់ជីវិតរបស់ខ្ញុំតាមរយៈពិធីបរិសុទ្ធបព្វជិតភាពរួចទៅហើយ ។
-
ខ្ញុំកំពុងរៀបចំខ្លួនដោយមនសិការដើម្បីទទួលពិធីបរិសុទ្ធបន្ទាប់ទៀតក្នុងជីវិតរបស់ខ្ញុំ ។
សូមអញ្ជើញសិស្សឲ្យទទួលចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធនៅពេលពួកគេសិក្សា កណ្ឌទី ៨៤ ហើយរៀនបន្ថែមទៀតអំពីព្រះចេស្តារបស់ព្រះដែលអាចចូលមកក្នុងជីវិតរបស់ពួកគេតាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព ។
ព្រះវិហារបរិសុទ្ធ និងបព្វជិតភាព
សូមពិចារណាពីរបៀបដែលអ្នកអាចចែកចាយព័ត៌មានខាងក្រោមជាមួយសិស្ស ៖
ក្នុងខែ កញ្ញា ឆ្នាំ ១៨៣២ ពួកអ្នកផ្សព្វផ្សាយសាសនាបានត្រឡប់ទៅកាន់ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ វិញបន្ទាប់ពីបានប្រកាសដំណឹងល្អនៅភាគខាងកើតនៃសហរដ្ឋអាមេរិក ។ នៅក្នុងការជួបជុំរបស់ពួកលោក ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលឥឡូវនេះបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានពង្រីកការយល់ដឹងរបស់ពួកបរិសុទ្ធអំពីបព្វជិតភាព ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:១–៥ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានណែនាំដល់ពួកបរិសុទ្ធឲ្យដាក់អាទិភាព នៅពេលពួកគេបានស្ថាបនាយេរូសាឡិមថ្មី ។
-
ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដែលព្រះអម្ចាស់នឹងចាប់ផ្តើមវិវរណៈស្ដីពីបព្វជិតភាព ដោយការបង្រៀនអំពីសារៈសំខាន់នៃព្រះវិហារបរិសុទ្ធ ?
ប្រសិនបើសិស្សមិនបានលើកឡើងទេ នោះអ្នកអាចចង្អុលបង្ហាញថា នៅក្នុងព្រះវិហារបរិសុទ្ធ ពិធីបរិសុទ្ធនៃបព្វជិតភាពត្រូវបានធ្វើឡើង គឺចាំបាច់សម្រាប់សេចក្តីសង្គ្រោះ និងភាពតម្កើងឡើងរបស់យើង ។
អ្នកប្រហែលជាចង់ចែកចាយជាមួយសិស្សថា ខទី ៦–១៨ ព្រះអម្ចាស់បានប្រកាសថា បព្វជិតភាពរបស់ទ្រង់ត្រូវបានប្រគល់ដល់អ័ដាម ហើយបន្តរហូតដល់សម័យរបស់ម៉ូសេ ។ ព្រះយេស៊ូវគ្រីស្ទក៏បានប្រគល់បព្វជិតភាពដល់អើរ៉ុន និងកូនចៅរបស់លោកផងដែរ ។ អ្នកអាចនឹងចង់ចង្អុលបង្ហាញថា បព្វជិតភាពរបស់ទ្រង់បន្តនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនៅថ្ងៃនេះ ។ សិទ្ធិអំណាចបព្វជិតភាពទាំងអស់ រួមទាំងអ្វីដែលតម្រូវឲ្យដើម្បីធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ គឺមកពីព្រះយេស៊ូវគ្រីស្ទ ។
អំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញនៅក្នុងពិធីបរិសុទ្ធទាំងឡាយ
នេះប្រហែលជាពេលវេលាដ៏ល្អមួយដើម្បីសួរសិស្សរបស់អ្នកថាអ្វីជាពិធីបរិសុទ្ធ ។ ប្រសិនបើពួកគេពិបាកពន្យល់ពីអត្ថន័យ អ្នកអាចអញ្ជើញពួកគេឲ្យប្រើជំនួយការសិក្សាព្រះគម្ពីរដើម្បីរកឲ្យឃើញ ។ សូមជួយពួកគេយល់ថា ពិធីបរិសុទ្ធគឺជាពិធីដ៏ពិសិដ្ឋ ជាការប្រព្រឹត្តជាផ្លូវការមួយ ឬជាពិធីការដែលបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។ ពិធីបរិសុទ្ធខ្លះគឺចំាបាច់ចំពោះភាពលើកតម្កើងរបស់យើង ។
អ្នកអាចនឹងចង់រាយបញ្ជីពិធីបរិសុទ្ធនៃបព្វជិតភាពនៅលើក្ដារខៀន ដូចជាពិធីបុណ្យជ្រមុជទឹក សាក្រាម៉ង់ ពរជ័យនៃការលួងលោម និងការប្រឹក្សា ពររបស់លោកអយ្យកោ ពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និងការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:១៩–២២ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បង្រៀនអំពីពិធីបរិសុទ្ធទាំងឡាយ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:២០–២២ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីពិធីបរិសុទ្ធនៃបព្វជិតភាព ?
-
តើអ្នកមានសំណួរអ្វីខ្លះអំពីអ្វីដែលអ្នកបានអាន ?
អាស្រ័យលើការយល់ដឹងរបស់សិស្ស និងសំណួរដែលពួកគេសួរ អ្នកអាចចង់ចែកចាយសំណួរមួយចំនួន ឬទាំងអស់ដូចខាងក្រោម ៖
-
« បព្វជិតភាពដ៏ធំជាងនេះ ចាត់ចែងដំណឹងល្អ » សំដៅទៅលើសិទ្ធិអំណាចនៃបព្វជិតភាពម៉ិលគីស្សាដែកដើម្បីធ្វើពិធីបរិសុទ្ធទាំងឡាយដែលចាំបាច់សម្រាប់សេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់យើង ។
-
« សេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ » គឺជា « សេចក្ដីពិតខាងវិញ្ញាណ ដែលបានដឹងដោយសារវិវរណៈប៉ុណ្ណោះ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
« អំណាចនៃព្រះ » សំដៅទៅលើអំណាចដែលមកពីព្រះដើម្បីជួយយើងក្នុងជីវិតនេះ និងរៀបចំយើងដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមជួយសិស្សឲ្យយល់ថា តាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព យើងអាចទទួលបានអំណាចនៃភាពជាព្រះក្នុងជីវិតរបស់យើង ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីសេចក្ដីពិតនេះ សូមអញ្ជើញពួកគេឲ្យជ្រើសរើសពិធីបរិសុទ្ធមួយក្នុងចំណោមពិធីបរិសុទ្ធដែលមានរាយបញ្ជីនៅលើក្ដារខៀន ដែលពួកគេចង់ស្វែងយល់បន្ថែម ។ សូមទុកពេលឲ្យពួកគេសរសេរសំណួរពីរទៅបីដែលពួកគេមានអំពីពិធីបរិសុទ្ធនោះ ។ ឬអ្នកអាចបង្ហាញសំណួរបីដែលបានសរសេរនៅខាងក្រោមសម្រាប់ពួកគេគិតពិចារណា ។
-
តើនរណាម្នាក់អាចរៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធនេះដោយរបៀបណា ?
-
តើអ្នកគិតថាពិធីបរិសុទ្ធនៃបព្វជិតភាពនេះជួយយើងឲ្យទទួលបានអំណាចនៃភាពជាព្រះ ដើម្បីជួយយើងក្នុងជីវិតនេះយ៉ាងដូចម្ដេច ?
-
តើការទទួលពិធីបរិសុទ្ធនេះជួយយើងឲ្យកាន់តែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យស្វែងរកប្រភពដែលបានតែងតាំងដោយទេវភាព ដើម្បីស្វែងយល់បន្ថែមអំពីពិធីបរិសុទ្ធដែលពួកគេបានជ្រើសរើស និងសម្រាប់ចម្លើយចំពោះសំណួររបស់ពួកគេ ។ ពួកគេអាចធ្វើកិច្ចការនេះដោយខ្លួនពួកគេផ្ទាល់ ឬជាមួយអ្នកផ្សេងទៀតដែលបានជ្រើសរើសពិធីបរិសុទ្ធដូចគ្នា ។ ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ផ្ដល់នូវព័ត៌មានដ៏មានអត្ថប្រយោជន៍សម្រាប់អស់អ្នកដែលជ្រើសរើសដើម្បីសិក្សាពីអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ ( ២៧.២ ) និងការផ្សារភ្ជាប់ ( ២៧.៣ ) ។ ពួកគេក៏អាចជញ្ជឹងគិតពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ នៅពេលពិធីបរិសុទ្ធដែលពួកគេបានដកពិសោធន៍បានជួយពួកគេឲ្យទទួលអារម្មណ៍ពីអំណាចនៃភាពជាព្រះនៅក្នុងជីវិតរបស់ពួកគេ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយនោះ សូមអញ្ជើញបុគ្គលម្នាក់ៗ ឬក្រុមទាំងឡាយឲ្យចែកចាយការរកឃើញរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ទាំងមូល ។
សារៈសំខាន់នៃពិធីបរិសុទ្ធទាំងឡាយ
ដើម្បីជួយសិស្សឲ្យជញ្ជឹងគិតអំពីអ្វីដែលពួកគេបានរៀនអំពីសារៈសំខាន់នៃពិធីបរិសុទ្ធនៃបព្វជិតភាព អ្នកអាចឲ្យសិស្សឆ្លើយតបទៅនឹងសំណួរមួយចំនួន ឬទាំងអស់ដូចខាងក្រោម ។ សិស្សអាចជ្រើសរើសសំណួរមួយ ហើយចែកចាយចម្លើយរបស់ពួកគេជាមួយមិត្តរួមថ្នាក់ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីអំណាចនៃភាពជាព្រះ និងពិធីបរិសុទ្ធនៃបព្វជិតភាព ?
-
តើការធ្វើការឆ្ពោះទៅរក និងការទទួលពិធីបរិសុទ្ធទាំងនេះអាចជួយអ្នកចូលមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើនៅពេលណាដែលអ្នកបានទទួលអារម្មណ៍ពីព្រះចេស្តារបស់ព្រះ តាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាពដែលអ្នកបានទទួល ?
សូមពិចារណាពីការចែកចាយគំនិត និងអារម្មណ៍របស់អ្នកអំពីព្រះចេស្ដានៃព្រះ ដែលអ្នកបានទទួលក្នុងជីវិតរបស់អ្នក តាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព ។
ទន្ទេញ
អ្នកអាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះគឺ « នៅក្នុងពិធីបរិសុទ្ធទាំងឡាយនោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញមាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។