« មេរៀនទី ៥៨—គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:១–៨ ៖ ‹ ជាអ្នកគាំទ្រជាមួយនឹងព្រះវរបិតា › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:១–៨ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៥៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:១–៨
« ជាអ្នកគាំទ្រជាមួយនឹងព្រះវរបិតា »
ពេលមានប្រសាសន៍ទៅកាន់សមាជិកនៃសាសនាចក្រអំឡុងពេលការរាតត្បាតសកល ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ព្រះវរបិតាយើងដឹងថា នៅពេលយើងត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជា និងភាពភ័យខ្លាច អ្វីដែលនឹងជួយយើងបំផុតនោះគឺការស្ដាប់ព្រះរាជបុត្រាទ្រង់ » ( « ចូរស្តាប់តាមទ្រង់ចុះ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ ) ។ ដើម្បីជួយរំងាប់ការភ័យខ្លាច និងភាពមិនច្បាស់លាស់ដែលពួកបរិសុទ្ធនៅដើមឆ្នាំ ១៨៣១ ព្រះអម្ចាស់បានអញ្ជើញពួកគេឲ្យស្តាប់ព្រះសូរសៀងរបស់ទ្រង់ ហើយជឿលើព្រះនាមរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីបេសកកម្ម និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេយល់អំពីព្រះនាម និងព្រះបរមងាររបស់ទ្រង់មួយចំនួន ។
សកម្មភាពរៀនសូត្រដែលអាចមាន
សារៈសំខាន់នៃព្រះនាម
សូមពិចារណាបែងចែកសិស្សជាក្រុមតូចៗ ហើយអញ្ជើញពួកគេឲ្យចែកចាយព័ត៌មានលម្អិតអំពីអត្ថន័យ ឬសារៈសំខាន់នៃឈ្មោះខ្លួនពួកគេ ឬនាមត្រកូលរបស់ពួកគេ ។ ប្រសិនបើសិស្សមិនប្រាកដអំពីព័ត៌មានលម្អិតឬអត្ថន័យទេ ពួកគេអាចពន្យល់ពីអ្វីដែលពួកគេចូលចិត្តអំពីឈ្មោះរបស់ពួកគេ ។ បន្ទាប់ពីសិស្សបានចែកចាយជាក្រុមហើយ សូមឲ្យមនុស្សពីរបីនាក់ចែកចាយជាមួយថ្នាក់នូវអ្វីដែលពួកគេបានរៀនអំពីឈ្មោះមិត្តរួមថ្នាក់ ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ចនណាថាន អេស ស្ម៊ីធ នៃពួកចិតសិបនាក់ ៖
វិធីដ៏សាមញ្ញមួយដែលយើងអាចស្គាល់នរណាម្នាក់ គឺត្រូវរៀនស្គាល់ឈ្មោះរបស់ពួកគេ ។
ព្រះយេស៊ូវស្គាល់ និងបានហៅមនុស្សតាមឈ្មោះរបស់ពួកគេ ។ ព្រះអម្ចាស់មានបន្ទូលទៅកាន់ពួកសាសន៍អ៊ីស្រាអែលពីបុរាណថា « កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះឯងហើយ យើងបានហៅចំឈ្មោះឯង ឯងជារបស់ផងយើង » [ អេសាយ ៤៣:១; បានបន្ថែមការបញ្ជាក់ ] ។ …
ដូចជាព្រះយេស៊ូវស្គាល់ឈ្មោះយើងម្នាក់ៗដែរ នោះវិធីមួយដែលយើងអាចស្គាល់ព្រះយេស៊ូវកាន់តែច្បាស់ គឺការសិក្សាអំពីព្រះនាមជាច្រើនរបស់ទ្រង់ ។… ព្រះនាមរបស់ព្រះយេស៊ូវជាច្រើនគឺជាព្រះបរមងារដែលជួយយើងឲ្យយល់អំពីបេសកកម្ម ព្រះរាជបំណង ឥរិយាបទ និងគុណលក្ខណៈរបស់ទ្រង់ ។ នៅពេលយើងស្គាល់ព្រះនាមជាច្រើនរបស់ព្រះយេស៊ូវ នោះយើងនឹងយល់កាន់តែច្បាស់អំពីបេសកកម្មដ៏ទេវភាព និងបុគ្គលិកលក្ខណៈមិនអាត្មានិយមរបស់ទ្រង់ ។ ការស្គាល់ព្រះនាមជាច្រើនរបស់ទ្រង់ក៏បំផុសគំនិតយើងឲ្យកាន់តែក្លាយដូចទ្រង់ផងដែរ ។ ( ចនណាថាន អេស ស្ម៊ីធ « ដើម្បីឲ្យគេបានស្គាល់ដល់ទ្រង់ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១០៤–១០៥ )
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញថាមានអត្ថន័យចេញមកពីសេចក្ដីថ្លែងការណ៍របស់អែលឌើរ ស្មីធ ។
សូមពិចារណាធ្វើបញ្ជីការឆ្លើយតបរបស់សិស្សចំពោះសំណួរខាងក្រោម ។
-
តើព្រះនាម ឬព្រះបរមងារអ្វីខ្លះរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបង្រៀនអ្នកបន្ថែមទៀតអំពីបុគ្គលិកលក្ខណៈ បេសកកម្ម និងគុណលក្ខណៈរបស់ទ្រង់ ?
-
តើការយល់ដឹងបន្ថែមអំពីព្រះនាម និងព្រះបរមងាររបស់ទ្រង់អាចបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីធ្វើតាមទ្រង់ដោយរបៀបណា ?
បន្ទាប់ពីសិស្សមានពេលពិភាក្សាសំណួរមុនហើយ សូមបង្ហាញសេចក្តីពិតដូចខាងក្រោម ៖ ការស្គាល់ព្រះនាម និងព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យយល់កាន់តែច្បាស់អំពីបេសកកម្មដ៏ទេវភាពរបស់ទ្រង់ និងបុគ្គលិកលក្ខណៈដែលមិនគិតពីខ្លួនឯងរបស់ទ្រង់ ។
សូមអញ្ជើញសិស្សឲ្យវាយតម្លៃពីបំណងប្រាថ្នារបស់ពួកគេផ្ទាល់ដើម្បីស្វែងយល់បន្ថែមអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាប្រើប្រាស់គំនិតដូចខាងក្រោម ឬគិតអំពីគំនិតរបស់អ្នកផ្ទាល់ ។ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាដោយស្ងៀមស្ងាត់ និងឆ្លើយតបនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
សូមប្រើការវាយតម្លៃខាងក្រោម ដើម្បីវាយតម្លៃបំណងប្រាថ្នា និងការខិតខំរបស់អ្នក ដើម្បីយល់បន្ថែមអំពីព្រះអង្គសង្គ្រោះ ។
១ = កម្រ, ២ = ពេលខ្លះ, ៣ = ជាញឹកញាប់
-
ខ្ញុំប្រាថ្នាចង់យល់កាន់តែច្បាស់អំពីបេសកកម្មដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
នៅពេលខ្ញុំសិក្សាព្រះគម្ពីរ ខ្ញុំស្វែងរកដោយមានគោលបំណងនូវព្រះនាម និងព្រះបរមងាររបស់ព្រះយេស៊ូវ ។
-
វាជារឿងសំខាន់សម្រាប់ខ្ញុំដើម្បីដឹងពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវ ដើម្បីខ្ញុំអាចធ្វើតាមទ្រង់បានកាន់តែប្រសើរជាងមុន ។
នៅពេលអ្នករៀនបន្ថែមទៀតអំពីព្រះអង្គសង្គ្រោះថាទ្រង់ជានរណា តាមរយៈការសិក្សាព្រះនាម និងព្រះបរមងាររបស់ទ្រង់ សូមអធិស្ឋានទូលសូមព្រះវរបិតាសួគ៌ឲ្យជួយបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីធ្វើតាមព្រះរាជបុត្រាទ្រង់ ។
ជាអ្នកគាំទ្រ និងមិត្តរបស់យើង ។
សិស្សអាចយល់កាន់តែច្បាស់អំពីបេសកកម្ម និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវដោយសិក្សានូវព្រះនាមមួយក្នុងចំណោមព្រះនាមជាច្រើនរបស់ទ្រង់ ។ បន្ទាប់ពីពិភាក្សាអំពីតួនាទីរបស់ទ្រង់ក្នុងនាមជាអ្នកគាំទ្ររបស់យើងជាមួយនឹងព្រះវរបិតា នោះសិស្សនឹងមានឱកាសដើម្បីសិក្សាអំពីព្រះនាម និងព្រះបរមងាររបស់ព្រះយេស៊ូវដោយខ្លួនឯង ។
សូមពិចារណាអំពីការបង្ហាញរូបភាពរបស់ព្រះយេស៊ូវនៅសួនច្បារគែតសេម៉ានី ពេលសិស្សចូលរួមក្នុងសកម្មភាពដូចខាងក្រោម ៖
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៣–៥ ដោយរកមើលព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមពិចារណាអំពីព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ ៖ សកម្មភាពខាងក្រោមអាចជួយសិស្សឲ្យស្គាល់ព្រះអង្គសង្គ្រោះកាន់តែច្បាស់ តាមរយៈការយល់ដឹងអំពីព្រះបរមងាររបស់ទ្រង់ជាអ្នកគាំទ្ររបស់យើងជាមួយព្រះវរបិតា ។ សម្រាប់ការបំពាក់បំប៉នបន្ថែមទៀតអំពីរបៀបជួយសិស្សផ្ដោតលើព្រះបរមងារនៃព្រះយេស៊ូវគ្រីស្ទ សូមមើលការបំពាក់បំប៉ន « បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » ដែលមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។ ការបំពាក់បំប៉ននេះអាចជួយអភិវឌ្ឍជំនាញនៃ « ការបង្កើតសំណួរស្រាវជ្រាវ ដើម្បីជួយសិស្សឲ្យស្វែងរកតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » ។
សូមពិចារណាសួរសំណួរដូចតទៅនេះ ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងនាមជាអ្នកគាំទ្រយើងជាមួយនឹងព្រះវរបិតា ។ អ្នកអាចចង្អុលបង្ហាញថា អត្ថន័យមួយនៃពាក្យ អ្នកគាំទ្រ គឺជានរណាម្នាក់ដែលផ្ដល់ការគាំទ្រ និងការពារបុព្វហេតុនៃអ្នកទាំងឡាយណាដែលខ្វះខាត ។
-
តើអ្នកយល់យ៉ាងណាពីពាក្យ អ្នកគាំទ្រ ?
-
យោងតាមខគម្ពីរទាំងនេះ តើព្រះយេស៊ូវគ្រីស្ទកំពុងបំពេញតួនាទីរបស់ទ្រង់ជាអ្នកគាំទ្រយើងជាមួយនឹងព្រះវរបិតាដោយរបៀបណា ?
-
តើយើងអាចរៀនអ្វីខ្លះអំពីបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្រ្គោះចេញមកពីខគម្ពីរទាំងនេះ ?
សូមពិចារណាអានជាមួយសិស្សនូវសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ។ សូមអញ្ជើញសិស្សឲ្យចែកចាយអំពីរបៀបដែលការបង្រៀនបន្ថែមទាំងនេះមកពីប្រធាន ណិលសុន បង្កើនសេចក្ដីស្រឡាញ់ និងការដឹងគុណរបស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ។
ព្រះយេស៊ូវគឺជាអ្នកគាំទ្រយើងជាមួយនឹងព្រះវរបិតា ( សូមមើល យ៉ូហាន ទី១ ២:១; គ&ស ២៩:៥; ៣២:៣; ៤៥:៣; ១១០:៤ ) ។ ពាក្យថា អ្នកគាំទ្រ បានមកពីឫសពាក្យឡាតាំងដែលមានន័យថា « សំឡេងសម្រាប់ » ឬ « អ្នកដែលអង្វរជំនួសអ្នកដទៃ » ។ ពាក្យដែលទាក់ទងមួយទៀតនៅក្នុងព្រះគម្ពីរ ដូចជា អ្នកអង្វរ ឬ អ្នកសង្រួបសង្រួមដ៏ធំនោះ ( សូមមើលផងដែរ ធីម៉ូថេ ទី១ ២:៥; នីហ្វៃទី២ ២:២៨; គ&ស ៧៦:៦៩ ) ។ …
… ការយល់ថា ទ្រង់ជាអ្នកគាំទ្រ-អ្នកអង្វរ-អ្នកបង្រួបបង្រួមរបស់យើងជាមួយនឹងព្រះវរបិតា ផ្តល់ឲ្យយើងនូវការធានាចំពោះការយល់ដឹង យុត្តិធម៌ និងសេចក្ដីមេត្ដាករុណារបស់ទ្រង់ដែលមិនស្មើគ្នា ( សូមមើល អាលម៉ា ៧:១២ ) ។ ( រ័សុល អិម ណិលសុន « Jesus the Christ—Our Master and More » [ Brigham Young University devotional ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ១៩៩២ ] ទំព័រ ៤ នៅលើគេហទំព័រ speeches.byu.edu )
ការណ៍នេះអាចជាចំណុចល្អមួយនៅក្នុងមេរៀន ដើម្បីផ្តល់ពេលវេលាដល់សិស្សដើម្បីពិចារណាពីអារម្មណ៍របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។ សូមពិចារណាសរសេរសំណួរខាងក្រោមនៅលើក្តារខៀន ហើយអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ តាមដែលអាច សូមសួរសិស្សពីរបីនាក់ឲ្យចែកចាយអារម្មណ៍របស់ពួកគេខ្លះជាមួយសិស្សក្នុងថ្នាក់ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណា ពេលអ្នកព្យាយាមស្រមៃថា
-
តើការដឹងថា ព្រះយេស៊ូវគ្រីស្ទជាអ្នកបង្រួបបង្រួមសម្រាប់អ្នក ពង្រឹងការតាំងចិត្តរបស់អ្នកដើម្បីបន្តនៅលើផ្លូវនៃសេចក្តីសញ្ញាដោយរបៀបណា ?
រៀនអំពីព្រះយេស៊ូវគ្រីស្ទ
នៅពេលសិស្សសិក្សាខគម្ពីរខាងក្រោម ប្រសិនបើពួកគេត្រូវការជំនួយក្នុងការស្វែងរកព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុង ខទី ១ អ្នកប្រហែលជាត្រូវការពន្យល់ថា ទ្រង់ហៅតួនាទីដ៏ទេវភាពរបស់ទ្រង់ជាអង្គបង្កបង្កើតនៃអ្វីៗទាំងអស់ ។
ព្រះយេស៊ូវគ្រីស្ទមានព្រះនាម និងព្រះបរមងារជាច្រើនទៀត ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:១, ៧, ៥៩ ដើម្បីរកមើលព្រះនាម និងព្រះបរមងារថែមទៀត ។
សូមសម្រេចចិត្តថាតើសិស្សនឹងទទួលបានអត្ថប្រយោជន៍មកពីការធ្វើការជាមួយអ្នកដទៃ ឬដោយខ្លួនឯងសម្រាប់សកម្មភាពខាងក្រោម ។
សូមលើកទឹកចិត្តសិស្សឲ្យគិតអំពីរបៀបច្នៃប្រឌិតមួយ ដើម្បីរៀបចំអ្វីដែលពួកគេកំពុងរៀន ។ ជាឧទាហរណ៍ សិស្សអាចបង្កើតការរចនានៅក្នុងសៀវភៅសិក្សារបស់ពួកគេដោយសរសេរព្រះនាម ឬព្រះបរមងាររបស់ព្រះគ្រីស្ទនៅចំកណ្តាលទំព័រ ។ នៅពេលពួកគេរកឃើញបទគម្ពីរនិងឃ្លាផ្សេងទៀត ដែលជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីព្រះបរមងារដែលពួកគេបានជ្រើសរើស នោះពួកគេអាចសរសេរទាំងនេះតាមទិសដៅ និងទំហំផ្សេងៗគ្នាជុំវិញទំព័រ ។ បន្ទាប់មក ពួកគេអាចគូសបន្ទាត់ដើម្បីភ្ជាប់ខគម្ពីរ និងឃ្លាទាំងនោះទៅនឹងព្រះនាមឬព្រះបរមងារ ។
សូមជ្រើសរើសព្រះនាម ឬព្រះបរមងារចេញមកពីការសិក្សារបស់អ្នក ដែលអ្នកចង់ស្វែងយល់បន្ថែម ។ សូមប្រើប្រាស់ធនធានសិក្សាដែលមានសម្រាប់អ្នក ដូចជាកម្មវិធីបណ្ណាល័យដំណឹងល្អ និងជំនួយការសិក្សាព្រះគម្ពីរ ដើម្បីរៀនអំពីអ្វីដែលព្រះនាម ឬព្រះបរមងារបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ អ្នកក៏អាចសិក្សាប្រសាសន៍របស់ព្យាការីថ្ងៃចុងក្រោយផងដែរ ដើម្បីស្វែងយល់បន្ថែមទៀត ។ នៅពេលអ្នកបញ្ចប់ការសិក្សា សូមឆ្លើយសំណួរខាងក្រោម ។
-
តើអ្វីទៅដែលអ្នកបានរៀន ឬមានអារម្មណ៍នៅថ្ងៃនេះ ដែលបានបង្កើនសេចក្ដីស្រឡាញ់របស់អ្នក និងបំណងប្រាថ្នាដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ ?
-
តើការបន្តសិក្សា និងស្វែងយល់បន្ថែមអំពីព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ផ្ដល់ពរដល់ជីវិតរបស់អ្នកដោយរបៀបណា ?
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយព័ត៌មានលម្អិត និងការយល់ដឹងដ៏មានអត្ថន័យចេញពីការសិក្សារបស់ពួកគេ ។ អាចនឹងមានឱកាសក្នុងមេរៀននាពេលអនាគត ដើម្បីពិភាក្សាបន្ថែមទៀតអំពីអ្វីដែលសិស្សបានរៀនថ្ងៃនេះអំពីព្រះនាម និងព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ ។