« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៣ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២០–៤០ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៣ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៥៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧–៤០
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៣
ការពិចារណា និងការវាយតម្លៃពីការរៀនសូត្រខាងវិញ្ញាណរបស់យើង អាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយសិស្សឲ្យចងចាំ និងវាយតម្លៃពីរបៀបដែលបទពិសោធន៍របស់ពួកគេរហូតមកដល់ពេលនេះនៅក្នុងការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា បានជួយពួកគេឲ្យរីកចម្រើនខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរីកចម្រើនខាងរូបកាយ និងខាងវិញ្ញាណ
សូមពិចារណាបង្ហាញការប្រៀបធៀបរូបភាពដាក់ក្បែរគ្នា ដែលបង្ហាញពីការរីកចម្រើន ។
ដើម្បីវាស់វែងពីការលូតលាស់ ការផ្លាស់ប្តូរ និងការរីកចម្រើន ជាញឹកញាប់ មនុស្សប្រើប្រាស់រូបភាពដើម្បីធ្វើការប្រៀបធៀបដោយដាក់ក្បែរគ្នា ។
-
តើរូបភាពខ្លួនយើងអាចជួយយើងឲ្យស្គាល់របៀបដែលយើងអាចផ្លាស់ប្ដូរ ឬរីកចម្រើនបានយ៉ាងដូចម្ដេច ?
-
តើមានវិធីអ្វីខ្លះទៀតដើម្បីស្គាល់ការរីកចម្រើនរបស់យើង ?
ដើម្បីជួយសិស្សឲ្យពិចារណា និងពិភាក្សាអំពីការរីកចម្រើនខាងវិញ្ញាណ អ្នកអាចបង្ហាញរូបភាពរបស់ព្រះយេស៊ូវ និងកុមារម្នាក់ ដូចជារូបភាពមួយនៅខាងដើមមេរៀននេះជាដើម ។
សូមគិតពីអ្វីដែលអ្នកអាចប្រាប់ទៅកាន់កុមារម្នាក់ អំពីសក្តានុពលរបស់គាត់ក្នុងការរីកចម្រើន និងក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។
-
តើមនុស្សម្នាក់អាចស្គាល់របៀបដែលពួកគេកំពុងតែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះតាមរបៀបណាខ្លះ ? ( សូមមើល លូកា ២:៥២; សូមមើលផងដែរ អាលម៉ា ៥:១៤ ) ។
សូមអញ្ជើញសិស្សឲ្យស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេពិចារណាពីការរីកចម្រើនរបស់ពួកគេ ។ សូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ អំពីរបៀបមួយចំនួនដែលពួកគេមានអារម្មណ៍ថា ពួកគេកំពុងតែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគិតពីគុណលក្ខណៈរបស់ព្រះអង្គសង្រ្គោះ ដែលពួកគេបានរៀននៅក្នុងការសិក្សារបស់ពួកគេក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ សូមលើកទឹកចិត្តសិស្សឲ្យមើលក្នុងកំណត់ចំណាំនៅក្នុងសៀវភៅកំណត់ហេតុ ឬព្រះគម្ពីររបស់ពួកគេ ដែលពួកគេបានគូសសម្គាល់អំពីព្រះអង្គសង្គ្រោះក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ ។ សូមឲ្យពួកគេពិចារណាអំពីគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទណាមួយ ដែលពួកគេកំពុងឃើញកាន់តែច្រើនឡើងនៅក្នុងខ្លួនឯង ( ទោះបីជាវាតាមរបៀបតូចតាចក្ដី ) ។
សិស្សមួយចំនួនប្រហែលជាមិនស្គាល់ការរីកចម្រើនរបស់ពួកគេទេ ។ សូមរំឭកសិស្សថា ការរីកចម្រើនច្រើនតែពិបាកមើលឃើញ ជាពិសេសនៅក្នុងខ្លួនឯង ប៉ុន្តែវាមិនមែនមានន័យថា ពួកគេមិនរីកចម្រើននោះទេ ។ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសពន្យល់ពីគោលបំណងនៃពិធីសាក្រាម៉ង់ ជញ្ជឹងគិតពីបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើតាមព្យាការី និងរំឭកផែនការរបស់ពួកគេដើម្បីចែកចាយដំណឹងល្អសាឡើងវិញ ។ ការសិក្សារបស់សិស្សអ្នកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២០–៤០ អាចសង្កត់ធ្ងន់លើសេចក្តីពិត ជាជាងលើអ្វីដែលមាននៅក្នុងសកម្មភាពខាងក្រោមនេះ ។ ប្រសិនបើដូច្នេះមែន អ្នកអាចសម្របសកម្មភាពទាំងនេះដើម្បីរួមបញ្ចូលសេចក្ដីពិតទាំងនោះបាន ។
ពន្យល់ពីគោលបំណងនៃពិធីសាក្រាម៉ង់
សូមផ្តល់ឱកាសឲ្យសិស្សពន្យល់ពីគោលបំណងនៃពិធីសាក្រាម៉ង់ ។ ដើម្បីរៀបចំសិស្ស អ្នកអាចអញ្ជើញពួកគេឲ្យពិនិត្យមើលនូវអ្វីដែលពួកគេបានរៀនអំពីពិធីសាក្រាម៉ង់នៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៥–៧៩; ២៧:១–២ ) ។ ពួកគេក៏អាចពិនិត្យមើលកំណត់ចំណាំនានា ដែលពួកគេអាចបានកត់ត្រានៅក្នុងកំណត់ហេតុការសិក្សារបស់ពួកគេបានផងដែរ ។
អ្នកអាចនឹងណែនាំពីសាច់រឿងមួយដូចខាងក្រោមនេះ ហើយសុំឲ្យសិស្សពន្យល់ពីគោលបំណងនៃពិធីសាក្រាម៉ង់ ដោយប្រើវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដូចតទៅនេះដើម្បីឆ្លើយតប ៖ ការដើរតួសម្ដែង ការបង្កើតក្រាហ្វព័ត៌មាន ឬបទបង្ហាញ ឬការសរសេរនៅក្នុងសៀវភៅកំណត់ហេតុ ។
អ៊ីសាក បានអញ្ជើញមិត្តម្នាក់ឲ្យចូលរួមព្រះវិហារជាមួយគាត់កាលពីថ្ងៃអាទិត្យ ។ ដោយសារមិត្តរបស់គាត់មិនដែលចូលរួមការប្រជុំសាក្រាម៉ង់ពីមុនមក អ៊ីសាក ចង់ពន្យល់សេចក្ដីលម្អិតសំខាន់ៗមួយចំនួននៅមុនថ្ងៃនោះ ។
-
តើអ្នកគិតថា អ៊ីសាក គួរតែចែកចាយសេចក្ដីលម្អិតអ្វីខ្លះអំពីពិធីបរិសុទ្ធសាក្រាម៉ង់ ?
អ្នកអាចបង្ហាញការបំផុសគំនិតខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យរៀបចំគំនិតរបស់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេថ្លែងទីបន្ទាល់ ។
សូមជ្រើសរើសសេចក្ដីលម្អិតពីរ ឬបីអំពីពិធីបរិសុទ្ធសាក្រាម៉ង់ ដែលអ្នកអាចផ្តោតលើបាន ។ សូមប្រើបទគម្ពីរមួយ ឬច្រើនដើម្បីជួយអ្នកឲ្យពន្យល់ និងថ្លែងទីបន្ទាល់ ។
-
ការអធិស្ឋានដែលធ្វើឡើងដើម្បីប្រសិទ្ធពរដល់នំប៉័ង និងទឹក
-
អ្វីដែលយើងសន្យានឹងព្រះវរបិតាសួគ៌
-
អ្វីដែលព្រះវរបិតាសួគ៌សន្យានឹងយើង
-
អាកប្បកិរិយាដែលយើងបង្ហាញនៅពេលយើងទទួលទានសាក្រាម៉ង់
-
ការផ្តោតទាំងស្រុងទៅលើព្រះយេស៊ូវគ្រីស្ទ
-
បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក
បន្ទាប់ពីសិស្សឆ្លើយតបទៅនឹងសាច់រឿងនេះហើយ អ្នកអាចអញ្ជើញពួកគេឲ្យជញ្ជឹងគិត និងចែកចាយពីរបៀបដែលពិធីបរិសុទ្ធសាក្រាម៉ង់អាចជួយពួកគេឲ្យឃើញថា តើពួកគេកំពុងតែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ។
មានអារម្មណ៍ថាមានបំណងប្រាថ្នាកាន់តែខ្លាំងឡើងដើម្បីធ្វើតាមព្យាការីនៅរស់
នៅក្នុងមេរៀនថ្មីៗនេះ សិស្សអាចមានឱកាសសិក្សាអំពីសារៈសំខាន់នៃការធ្វើតាមព្យាការីនៅជំនាន់របស់យើង ។ សកម្មភាពរៀនសូត្រនេះនឹងផ្តល់ឱកាសឲ្យសិស្សជញ្ជឹងគិតពីរបៀប ដែលបំណងប្រាថ្នារបស់ពួកគេក្នុងការធ្វើតាមព្យាការីនៅរស់ បានទទួលរងឥទ្ធិពលក្នុងអំឡុងពេលសិក្សារបស់ពួកគេនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។
អ្នកប្រហែលជាចង់រំឭកសិស្សពីការវាយតម្លៃខ្លួននៅខាងក្រោមនៅក្នុងមេរៀនមុន ( សូមមើលមេរៀនអំពី គោលលទ្ធិ និងសេចក្តីសញ្ញា ២១ ) ។
នៅក្នុងមេរៀនមុន អ្នកត្រូវបានអញ្ជើញឲ្យគិតអំពីដំបូន្មានមកពីព្យាការី និងពួកសាវកដែលអ្នកអាចនឹងពិបាកធ្វើតាម ។ សូមព្យាយាមចងចាំថាវាជាអ្វី ។ អ្នកអាចបើកមើលសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកបាន ដើម្បីមើលអ្វីដែលអ្នកបានកត់ត្រា ។
សូមផ្ដល់ពេលវេលាឲ្យសិស្សពីរបីនាទី ដើម្បីបើកមើលសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ថាពួកគេបានកត់ចំណាំវាទុកដែរឬអត់ ។
-
តើយើងបានសិក្សាបទគម្ពីរណាខ្លះនាពេលថ្មីៗនេះ ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើតាមព្យាការី ?
បទគម្ពីរមួយចំនួនដែលសិស្សអាចលើកឡើង អាចរួមមាន យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:២១–៣៥; គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣៨–៣៩; ២១:៤–៦ ។ សូមផ្ដល់ឱកាសឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ ។ ការអនុញ្ញាតឲ្យសិស្សធ្វើបែបនេះនៅក្នុងក្រុមតូចៗ អាចធ្វើឲ្យសិស្សច្រើននាក់អាចចែកចាយនូវអ្វីដែលសំខាន់ចំពោះពួកគេបាន ។
សូមពិចារណាអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរមួយ ឬច្រើនដូចខាងក្រោមនេះ ។ សូមអនុញ្ញាតឲ្យសិស្សជ្រើសរើសរបៀប និងវិធីសាស្ត្ររបស់ពួកគេផ្ទាល់ ដើម្បីកត់ត្រាអារម្មណ៍ទាំងនេះ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សស្ម័គ្រចិត្តពីរបីនាក់ឲ្យឡើងចែកចាយគំនិតរបស់ពួកគេ ។ ទោះបីជាអារម្មណ៍បច្ចុប្បន្នដែលសិស្សមានអំពីការធ្វើតាមព្យាការីអាចមានភាពអវិជ្ជមានក្ដី ក៏អ្នកអាចលើកទឹកចិត្តពួកគេឲ្យធ្វើសកម្មភាពតាមបំណងប្រាថ្នានោះបានដែរ ទោះវាតូចតាចក្ដី ហើយស្វែងរកពរជ័យរបស់ព្រះអម្ចាស់តាមរយៈការធ្វើតាមព្យាការីរបស់ទ្រង់ ។
-
តើបច្ចុប្បន្ននេះ អ្នកមានអារម្មណ៍យ៉ាងណាអំពីការធ្វើតាមព្យាការីដ៏ជម្រើសរបស់ព្រះអម្ចាស់ ? តើអ្នកគិតថា អ្វីទៅដែលបានប៉ះពាល់ខ្លាំងបំផុតដល់អារម្មណ៍របស់អ្នកក្នុងការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់ ?
-
តើអ្នកគិតថា ការធ្វើតាមព្យាការីអាចជួយអ្នកឲ្យកាន់តែក្លាយជាដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សដទៃ
សូមជួយសិស្សឲ្យគិតអំពីអ្វីដែលពួកគេបានរៀន មកពីការសិក្សារបស់ពួកគេក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាអំពីការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចអញ្ជើញសិស្សឲ្យមើលក្នុងកណ្ឌ ឬខគម្ពីរជាក់លាក់ ដែលពួកគេបានផ្តោតលើ នៅពេលពួកគេសិក្សា ។ ទាំងនេះអាចរួមមាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៨ និង កណ្ឌទី ៣០–៣៦ ។
សិស្សបានមានឱកាសធ្វើផែនការចែកចាយដំណឹងល្អជាមួយនរណាម្នាក់ នៅពេលដែលពួកគេសិក្សា « គោលលទ្ធិ និងសេចក្តីសញ្ញា ៣០–៣៦ ផ្នែកទី ២ » ។ សូមពិចារណាតាមដានផែនការនេះ ដោយការសួរសំណួរដូចខាងក្រោមនេះ ( សិស្សក៏អាចពិភាក្សាអំពីសំណួរទាំងនេះនៅក្នុងក្រុមតូចៗផងដែរ ) ៖
-
តើអ្នកបានធ្វើអ្វីខ្លះនាពេលថ្មីៗនេះ ដើម្បីចែកចាយដំណឹងល្អជាមួយនរណាម្នាក់ ? តើអ្នកមានអារម្មណ៍ថាវាដំណើរការយ៉ាងណាដែរ ?
-
តើអ្នកបានប្រឈមមុខនឹងឧបសគ្គអ្វីខ្លះ នៅពេលអ្នកព្យាយាមចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបធម្មតា និងងាយៗនោះ ?
-
តើអ្នកបានរៀនអ្វីខ្លះ អំពីការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ?
សូមពិភាក្សាជាថ្នាក់រួមគ្នាអំពីកិច្ចខិតខំរបស់អ្នកក្នុងការចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។ សិស្សអាចពិភាក្សាអំពីចំណុចដែលដំណើរការបានល្អ ឬការលំបាកដែលពួកគេបានជួប ។ ការពិភាក្សានេះអាចផ្ដល់ឱកាសឲ្យសិស្សជួយគ្នាទៅវិញទៅមក ដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកក៏អាចជួយសិស្សឲ្យពិចារណាពីរបៀបដែលពួកគេបានរីកចម្រើនផងដែរ នៅពេលពួកគេព្យាយាមនិយាយជាមួយអ្នកដទៃអំពីព្រះអង្គសង្គ្រោះ និងអំពីដំណឹងល្អរបស់ទ្រង់ ។