គោលលទ្ធិ និងសេចក្តីសញ្ញា ៣៩–៤០ ៖ ‹ ព្រះពរដ៏មហិមា ដូចជាអ្នកពុំដែលបានស្គាល់មកសោះ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៧–៤០ ៖ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
មេរៀនទី ៥៣ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧–៤០
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៩–៤០
« ព្រះពរដ៏មហិមា ដូចជាអ្នកពុំដែលបានស្គាល់មកសោះ »
យ៉េម្ស ខូវិល បានធ្វើជាអាចារ្យសាសនាចក្រផ្នែកបាទីស្ទនៅតំបន់រដ្ឋញូវ យ៉ក អស់ប្រមាណ ៤០ ឆ្នាំមកហើយ ។ នៅពេលដែលគាត់បានឮសារលិខិតនៃការស្តារឡើងវិញ គាត់បានសន្យាថានឹងគោរពតាមបទបញ្ញត្តិទាំងឡាយ ដែលព្យាការី យ៉ូសែប ស៊្មីធ បានប្រាប់ដល់គាត់ ។ ព្រះអង្គសង្គ្រោះបានបញ្ជាឲ្យ យ៉េម្ស ទទួលបុណ្យជ្រមុជទឹក ហើយប្រមូលផ្តុំជាមួយពួកបរិសុទ្ធនៅរដ្ឋអូហៃអូ ហើយបានសន្យានឹងគាត់នូវអំណាចដ៏អស្ចារ្យ ប្រសិនបើគាត់ធ្វើ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ។ មេរៀននេះអាចជួយសិស្សឲ្យមានបំណងប្រាថ្នាចង់ធ្វើ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះយេស៊ូវគ្រីស្ទ ដើម្បីទទួលបានព្រះចេស្ដារបស់ទ្រង់កាន់តែខ្លាំងឡើង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការធ្វើ និងការរក្សាសេចក្ដីសញ្ញាជាមួយព្រះ
សូមពិចារណាបង្ហាញសិស្សនូវវត្ថុមួយ ដូចជាចង្កៀងជាដើម ដែលអាចសម្រេចបាននូវសក្តានុពលពេញលេញរបស់វា តែនៅពេលបានដោតទៅប្រភពថាមពលប៉ុណ្ណោះ ។ សូមសួរសិស្សពីអ្វីដែលចង្កៀងអាចធ្វើបានដោយខ្លួនឯង បើប្រៀបធៀបទៅនឹងពេលដែលវាត្រូវបានគេដោតភ្លើង ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីរបៀបដែលការណ៍នេះអាចតំណាងឲ្យសេចក្ដីសញ្ញារបស់យើងជាមួយព្រះ ។
សូមអាន « សេចក្ដីសញ្ញា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និងសេចក្តីថ្លែងការណ៍ខាងក្រោមមកពីប្រធាន រ័សុល អិម ណិលសុន ហើយរកមើលនិយមន័យនៃពាក្យ សេចក្ដីសញ្ញា ។
សេចក្តីសញ្ញាគឺជា … ការសន្យាដ៏ពិសិដ្ឋមួយជាមួយព្រះ ។ ទ្រង់ដាក់លក្ខខណ្ឌ ។ មនុស្សម្នាក់ៗអាចជ្រើសរើសដើម្បីទទួលយកលក្ខខណ្ឌទាំងនោះបាន ។ ប្រសិនបើមនុស្សម្នាក់ទទួលយកលក្ខខណ្ឌនៃសេចក្ដីសញ្ញា ហើយគោរពតាមក្រឹត្យវិន័យរបស់ព្រះ នោះបុគ្គលនោះនឹងទទួលពរជ័យដែលទាក់ទងនឹងសេចក្ដីសញ្ញានោះ ។ ( រ័សុល អិម ណិលសុន « Covenants » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៦ )
-
តើអ្នកនឹងពិពណ៌នា ឬផ្ដល់និយមន័យឲ្យសេចក្ដីសញ្ញាយ៉ាងដូចម្ដេច ?
-
តើអ្នកបានធ្វើសេចក្ដីសញ្ញាអ្វីខ្លះជាមួយព្រះអម្ចាស់ ?
-
តើសេចក្ដីសញ្ញាទាំងនេះមានឥទ្ធិពលលើជីវិតរបស់អ្នកដោយរបៀបណា ?
ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យធ្វើសេចក្ដីសញ្ញាជាមួយទ្រង់
យ៉េម្ស ខូវិល គឺជាអាចារ្យសាសនាចក្រផ្នែកបាទីស្ទម្នាក់ ។ នៅពេលគាត់បានដឹងពីព្យាការី យ៉ូសែប ស្ម៊ីធ ខូវិល បានសន្យានឹងព្រះអម្ចាស់ « ថា លោកនឹងគោរពតាមបញ្ញត្តិណាមួយក៏ដោយ ដែលព្រះអម្ចាស់ ទ្រង់នឹងប្រទានដល់លោក តាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៩ ក្បាលកណ្ឌ ) ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៩:១–៩ ហើយស្វែងរកអ្វីដែលអ្នករៀនអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជំរុញឲ្យនរណាម្នាក់ចូលទៅក្នុងទំនាក់ទំនងសេចក្ដីសញ្ញាមួយជាមួយទ្រង់ ។
-
តើអ្នកបានរកឃើញអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ?
-
តើព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យធ្វើអ្វីខ្លះ ដើម្បីទទួលបានព្រះចេស្ដារបស់ទ្រង់ ?
ដើម្បីជួយសិស្សឲ្យស្គាល់គោលការណ៍មួយ ពួកគេអាចបំពេញនៅលើក្ដារខៀន ឬនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេនូវសេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ « ប្រសិនបើយើង ________ នោះយើងទទួលបាន _______ » ។
សិស្សអាចរកឃើញគោលការណ៍មួយ ដែលស្រដៀងនឹងគោលការណ៍នេះ ៖ ប្រសិនបើយើងធ្វើ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋជាមួយព្រះ នោះយើងទទួលបានព្រះចេស្ដារបស់ទ្រង់ ។
ប្រសិនបើបានបង្រៀនមេរៀនដោយប្រើវត្ថុ សូមដោតក្នុងចង្កៀងដើម្បីបង្ហាញថា ការធ្វើសេចក្ដីសញ្ញាជួយយើងឲ្យទទួលបានព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាសួរសិស្សពីរបៀបដែលការណ៍នេះអាចបង្ហាញពីគោលការណ៍ ដែលពួកគេបានរកឃើញ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៩:១០–១៥ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានអញ្ជើញ យ៉េម្ស ខូវិល ឲ្យធ្វើដើម្បីចូលទៅក្នុងសេចក្ដីសញ្ញាជាមួយទ្រង់ ។
-
តើព្រះយេស៊ូវគ្រីស្ទបានសន្យាអ្វីខ្លះចំពោះ យ៉េម្ស ខូវិល ប្រសិនបើលោកធ្វើសេចក្ដីសញ្ញានេះ ?
-
តើការទូន្មានរបស់ព្រះអម្ចាស់ទៅកាន់ យ៉េម្ស ខូវិល អនុវត្តចំពោះយើងនៅសព្វថ្ងៃនេះដោយរបៀបណា ?
-
តើអ្នកបានឃើញព្រះចេស្តារបស់ព្រះអង្គសង្រ្គោះនៅក្នុងជីវិតរបស់អ្នក ឬជីវិតនៃមនុស្សដែលអ្នកស្គាល់ដោយរបៀបណា ?
ការភ័យខ្លាច ការបៀតបៀន និងការខ្វល់ខ្វាយរបស់ពិភពលោកនេះ
យ៉េម្ស ខូវិល មានគ្រួសារដ៏ធំមួយ មិត្តភក្តិជាច្រើន និងសហគមន៍ដ៏ជិតស្និទ្ធមួយនៅទីក្រុង ញូវ យ៉ក ។ ព្រះអង្គសង្គ្រោះបានបង្គាប់ឲ្យលោកធ្វើបុណ្យជ្រមុជទឹក ហើយផ្លាស់ទីលំនៅជាមួយពួកបរិសុទ្ធទៅរដ្ឋអូហៃអូ ។ ការចូលរួមសាសនាចក្រគឺជាការលះបង់មួយសម្រាប់ យ៉េម្ស ខូវិល ។
សូមអានក្បាលកណ្ឌនៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤០ ព្រមទាំង ខទី ១–៣ ហើយរកមើលការសម្រេចចិត្តដែល យ៉េម្ស ខូវិល បានធ្វើ ។
នេះអាចជាឱកាសដ៏ល្អមួយដើម្បីអនុវត្តការប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ អ្នកអាចពិភាក្សាពីរបៀបដែល យ៉េម្ស ខូវិល អាចធ្វើសកម្មភាពដោយសេចក្តីជំនឿបាន ។ សូមពិចារណាផងដែរអំពីរបៀបដែលលោកអាចមើលទៅជម្រើសរបស់លោក និងដំបូន្មានរបស់ព្រះអម្ចាស់ ចេញពីទស្សនវិស័យដ៏អស់កល្បជានិច្ចមួយ ។
-
តើ « ការខ្លាចពីសេចក្ដីបៀតបៀន » ( ខទី ២ ) អាចបណ្ដាលឲ្យនរណាម្នាក់បដិសេធ ឬបំពានសេចក្ដីសញ្ញារបស់ពួកគេជាមួយព្រះតាមរបៀបណា ?
-
តើ « សេចក្ដីខ្វល់ខ្វាយនៃលោកិយ » ( ខទី ២ ) ណាខ្លះដែលនាំឲ្យមនុស្សបដិសេធសេចក្ដីសញ្ញាជាមួយព្រះនៅសព្វថ្ងៃនេះ ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមមកពីប្រធាន រ័សុល អិម ណិលសុន ឬមើលវីដេអូ « Overcome the World and Find Rest » ( ១៨:៣១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ៤:២១ ដល់នាទីទី ៥:៣៩ ។ នៅពេលអ្នកអាន ឬមើលវីដេអូនេះ សូមរកមើលអំណាចដែលបានសន្យាដល់អស់អ្នកដែលចុះ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះ ៖
តាមពិត ការចុះ និងការរក្សាសេចក្តីសញ្ញា ធ្វើឲ្យជីវិតកាន់តែមានភាពងាយស្រួល ! បុគ្គលម្នាក់ៗដែលចុះសេចក្តីសញ្ញានៅក្នុងអាងជ្រមុជទឹក និងនៅក្នុងព្រះវិហារបរិសុទ្ធ—ហើយរក្សាសេចក្តីសញ្ញាទាំងនោះ—គឺបានទទួលព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើនឡើង ។ សូមពិចារណាអំពីសេចក្តីពិតដ៏អស្ចារ្យនោះ !
រង្វាន់នៃការរក្សាសេចក្តីសញ្ញាជាមួយនឹងព្រះគឺជា ព្រះចេស្តាមកពីស្ថានសួគ៌—ពោលគឺព្រះចេស្តាដែលពង្រឹងយើងកាន់តែខ្លាំង ឲ្យទប់ទល់នឹងការសាកល្បង ការល្បួង និងការឈឺចាប់ទាំងឡាយរបស់យើង ។ ព្រះចេស្តានេះជួយឆ្ការផ្លូវរបស់យើង ។ អស់អ្នកដែលរស់នៅតាមក្រឹត្យវិន័យជាន់ខ្ពស់របស់ព្រះយេស៊ូវគ្រីស្ទ មានសិទ្ធិទទួលបានព្រះចេស្តាកាន់តែខ្លាំងរបស់ទ្រង់ ។ ដូច្នេះ អ្នកដែលរក្សាសេចក្តីសញ្ញាមានសិទ្ធិទទួល សេចក្តីសម្រាក ដ៏ពិសេសមួយ ដែលកើតមានតាមរយៈទំនាក់ទំនងនៃសេចក្តីសញ្ញារបស់ពួកគេជាមួយព្រះ ។ ( រ័សុល អិម ណិលសុន « ឈ្នះលោកិយ ហើយបានសេចក្ដីសម្រាក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៦ )
-
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន មួយណាដែលអ្នកចាប់អារម្មណ៍ ?
សូមផ្ដល់ឱកាសឲ្យសិស្សពិចារណាពីបំណងប្រាថ្នារបស់ពួកគេ ដើម្បីធ្វើ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះអង្គសង្គ្រោះដើម្បីទទួលបានព្រះចេស្ដារបស់ទ្រង់ ។ សិស្សអាចសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ឬនៅលើសន្លឹកក្រដាស ។ ពួកគេក៏អាចពិភាក្សាអំពីអ្វីដែលពួកគេបានរៀន ឬទទួលអារម្មណ៍ជាក្រុមតូចៗ ឬជាថ្នាក់រួមគ្នាផងដែរ ។
ដើម្បីបញ្ចប់មេរៀននេះ អ្នកអាចចែកចាយពីរបៀបដែលអ្នកបានឃើញព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរបស់អ្នក កាលអ្នកបានធ្វើសេចក្ដីសញ្ញាជាមួយព្រះ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តខិតខំធ្វើ និងរក្សាសេចក្ដីសញ្ញារបស់ពួកគេ ហើយទុកចិត្តលើការសន្យារបស់ព្រះអម្ចាស់ ដើម្បីផ្ដល់ពរជ័យដល់ពួកគេក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ។