« គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៣៦–៥០ ៖ ធ្វើជាភ្នាក់ងារចំពោះខ្លួន » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៣៦–៥០ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៤៦ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ២៩
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៣៦–៥០
ធ្វើជាភ្នាក់ងារចំពោះខ្លួន
ព្រះអម្ចាស់បានបង្រៀន យ៉ូសែប ស្ម៊ីធ អំពីការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា និងសិទ្ធិជ្រើសរើស នៅអំឡុងពេលរបស់លោកក្នុងការបកប្រែព្រះគម្ពីរប៊ីបដ៏បំផុសគំនិត ។ នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩ ព្រះអម្ចាស់បានបង្រៀនអំពីការប្រោសលោះពីការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ អំពីសិទ្ធិជ្រើសរើសដែលព្រះបានប្រទានឲ្យយើង និងការប្រោសលោះដែលព្រះយេស៊ូវគ្រីស្ទបានប្រទានមក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការធ្វើការជ្រើសរើស
សូមអញ្ជើញសិស្សឲ្យគិតអំពីជម្រើសដែលពួកគេបានធ្វើក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នៅពេលដែលពួកគេអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះមកពីប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) ។
វាកម្រណាស់ដែលសូម្បីតែពេលមួយម៉ោង បានកន្លងទៅដោយមិនតម្រូវឲ្យយើងធ្វើការជ្រើសរើសមួយបែបនេះ ឬផ្សេងទៀតនោះ ។ ការជ្រើសរើសខ្លះជារឿងតូចតាច ហើយខ្លះទៀតជារឿងវែងឆ្ងាយ ។ ការជ្រើសរើសខ្លះនឹងមិនធ្វើឲ្យមានភាពខុសគ្នាក្នុងគ្រោងការណ៍ដ៏នៅអស់កល្បជានិច្ចនោះទេ ហើយខ្លះទៀតនឹងធ្វើឲ្យមានភាពខុសគ្នា ទាំងស្រុង ។ ( ថូម៉ាស អេស ម៉នសុន « The Three Rs of Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៦៧ )
សូមពិចារណាសរសេរពាក្យ រឿងតូចតាច និង រឿងវែងឆ្ងាយ ដាក់នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យរាយបញ្ជីជម្រើសទូទៅ ដែលមនុស្សធ្វើនៅក្រោមចំណងជើងនីមួយៗ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យពិភាក្សាអំពីជម្រើសណាមួយដែលសំខាន់បំផុត ដែលត្រូវមើលពីទស្សនវិស័យដ៏អស់កល្បជានិច្ចមួយ មុនពេលយើងធ្វើការជ្រើសរើសយកវា ។
-
តើអ្នកបានធ្វើ ឬនឹងធ្វើការសម្រេចចិត្តដ៏វែងឆ្ងាយណាខ្លះ ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ ?
សិទ្ធិជ្រើសរើសរបស់យើង
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៣៦–៣៨ ដោយស្វែងរកការសម្រេចចិត្តដ៏វែងឆ្ងាយមួយ ដែលបុត្រាបុត្រីរបស់ព្រះទាំងអស់ត្រូវធ្វើមុនជីវិតនេះ ។
-
តើមានជម្រើសអ្វីខ្លះដែលបានបង្ហាញដល់យើងទាំងអស់គ្នានៅមុនជីវិតនេះ ?
អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) នៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីផលវិបាកដ៏វែងឆ្ងាយនៃជម្រើសដែលយើងបានជ្រើសរើសមុនឆាកជីវិតនេះ ។
ដោយសារតែការបះបោររបស់លូស៊ីហ្វើរ ជម្លោះខាងវិញ្ញាណដ៏ធំមួយបានកើតឡើង ។ បុត្រាបុត្រីម្នាក់ៗរបស់ព្រះវរបិតាសួគ៌មានឱកាសអនុវត្តសិទ្ធិជ្រើសរើស ដែលព្រះវរបិតាសួគ៌បានប្រទានឲ្យពួកគេ ។ យើងបានជ្រើសរើសមានសេចក្ដីជំនឿលើព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទ—មករកទ្រង់ ដើរតាមទ្រង់ ហើយទទួលយកផែនការដែលព្រះវរបិតាសួគ៌បានបង្ហាញដើម្បីប្រយោជន៍របស់យើង ។ ប៉ុន្តែមួយភាគបីនៃបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌មិនមានសេចក្ដីជំនឿដើម្បីធ្វើតាមព្រះអង្គសង្រ្គោះទេ ហើយបានជ្រើសរើសធ្វើតាមលូស៊ីហ្វើរ ឬសាតាំងទៅវិញ ។
ហើយព្រះបានមានបន្ទូលថា « ហេតុដូច្នោះហើយ មកពីសាតាំងបានបះបោរទាស់នឹងយើង ហើយបានខំរកបំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្ស ដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះបានប្រទានដល់មនុស្ស … នោះយើងបានបណ្ដាលឲ្យវាត្រូវបណ្ដេញចុះ » [ ម៉ូសេ ៤:៣ ] ។ ( រ៉ូបឺត ឌី ហែល « Agency: Essential to the Plan of Life » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ២៤ )
សូមចំណាំពាក្យ សិទ្ធិជ្រើសរើស នៅក្នុង ខទី ៣៦ ។
-
តើអ្នកនឹងពិពណ៌នាពីអត្ថន័យនៃពាក្យ សិទ្ធិជ្រើសរើស យ៉ាងដូចម្ដេច ?
ប្រសិនបើសិស្សត្រូវការជំនួយក្នុងការកំណត់និយមន័យនៃពាក្យសិទ្ធិជ្រើសរើស សូមពិចារណាអញ្ជើញពួកគេឲ្យមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដើម្បីទទួលបានជំនួយ ។
សេចក្ដីពិតមួយដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះបានគឺថា ដោយសារព្រះបានប្រទានឲ្យយើងនូវសិទ្ធិជ្រើសរើស នោះយើងអាចជ្រើសរើសដើម្បីធ្វើតាម ឬបដិសេធទ្រង់បាន ។
-
តើការដែលព្រះប្រទានឲ្យយើងមានសមត្ថភាពដើម្បីជ្រើសរើស បង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងយ៉ាងដូចម្ដេច ?
ការធ្លាក់ និងសិទ្ធិជ្រើសរើសរបស់យើង
សូមពិចារណាអញ្ជើញសិស្សឲ្យបែងចែកគ្នាជាក្រុមតូចៗ ដោយផ្ដល់ឲ្យក្រុមនីមួយៗនូវផ្នែកមួយនៃសំណៅចែកខាងក្រោមនេះ ។ សូមអញ្ជើញពួកគេឲ្យអានវគ្គបទគម្ពីរដែលបានផ្ដល់យោបល់នេះ ហើយពិភាក្សាសំណួរទាំងឡាយជាមួយគ្នា ។ សូមប្រាប់ពួកគេថា វគ្គបទគម្ពីរមួយចំនួននិយាយចំៗអំពីការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា ប៉ុន្តែព្រះវិញ្ញាណអាចជួយពួកគេឲ្យមើលឃើញពីរបៀបដែលបទពិសោធន៍របស់លោកអ័ដាម និងនាងអេវ៉ាអនុវត្តចំពោះជីវិតរបស់យើងនៅសព្វថ្ងៃនេះ ។
សិទ្ធិជ្រើសរើស និងការប្រោសលោះតាមរយៈព្រះយេស៊ូវគ្រីស្ទ
ការល្បួងរបស់អារក្ស
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៣៩ និង នីហ្វៃទី២ ២:១៦–១៨ ហើយពិភាក្សាសំណួរដូចខាងក្រោមនេះ ៖
-
ដោយដឹងថា យើងបានជ្រើសរើសធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌មុនជីវិតនេះ តើអ្វីទៅដែលធ្វើឲ្យវាពិបាកក្នុងការជ្រើសរើសដើម្បីធ្វើតាមទ្រង់នៅលើផែនដីនេះជានិច្ចនោះ ?
-
តើសាតាំងមានយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតអ្វីខ្លះ ដែលនាំឲ្យមនុស្សនៅលើផែនដីជ្រើសរើសមិនធ្វើតាមដំបូន្មានរបស់ព្រះ ?
-
តើព្រះបានប្រទានពរជ័យណាខ្លះដល់យើង ដើម្បីជួយយើងឲ្យយកឈ្នះលើការល្បួងរបស់សាតាំង ?
ផលវិបាកនៃការជ្រើសរើសរបស់យើង
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៤០–៤១ និង អាលម៉ា ៤១:១០–១១; ៤២:៩, ១៤ ហើយពិភាក្សាសំណួរដូចខាងក្រោមនេះ ៖
-
តើយើងចុះចាញ់តាមចិត្តរបស់អារក្សយ៉ាងដូចម្ដេច នៅពេលយើងជ្រើសរើសបះបោរប្រឆាំងនឹងព្រះនោះ ?
-
ហេតុអ្វីអ្នកគិតថា ពាក្យ « សេចក្ដីស្លាប់ខាងវិញ្ញាណ » គឺជាការពិពណ៌នាដ៏ល្អមួយអំពីការបែកចេញពីព្រះវរបិតាសួគ៌ ?
-
តើអ្នកនឹងរៀបរាប់ពីអារម្មណ៍ដែលយើងមាន បន្ទាប់ពីយើងប្រើសិទ្ធិជ្រើសរើសរបស់យើងដើម្បីប្រឆាំងនឹងព្រះទ័យរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
ការប្រោសលោះតាមរយៈព្រះរាជបុត្រាសំណព្វតែមួយគត់របស់ព្រះ
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៤២–៤៣ និង នីហ្វៃទី២ ២:៦–៩ ហើយពិភាក្សាអំពីសំណួរដូចខាងក្រោមនេះ ៖
-
តើព្រះយេស៊ូវបានធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យសេចក្ដីប្រោសលោះអាចកើតមានបាន សូម្បីតែក្រោយពីយើងបានធ្វើការជ្រើសរើសមិនល្អក៏ដោយ ?
-
តើអ្នកនឹងចែកចាយអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលអាចផ្ដល់សេចក្ដីសង្ឃឹមដល់នរណាម្នាក់ដែលមានអារម្មណ៍ថា ពួកគេបានទៅឆ្ងាយជ្រុលទៅហើយនោះ ?
-
តើអ្នកអាចចែកចាយគំរូអ្វីខ្លះ ដើម្បីបង្ហាញពីលក្ខណៈដ៏ប្រោសលោះ ពេញដោយការអភ័យទោសរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
© 2023 by Intellectual Reserve, Inc. All rights reserved.
បន្ទាប់ពីសិស្សមានពេលពិភាក្សាអំពីសំណួរនៅក្នុងក្រុមរបស់ពួកគេរួចហើយ សូមអញ្ជើញពួកគេឲ្យបង្កើតក្រុមថ្មីជាមួយសិស្ស ដែលបានសិក្សាផ្នែកផ្សេងទៀតនៃសំណៅចែកនេះ ហើយប្ដូរវេនគ្នាចែកចាយអ្វីដែលពួកគេបានរៀន ។
នៅពេលសិស្សបានចែកចាយចប់ហើយ សូមពិចារណាអាន នីហ្វៃទី២ ២:២៦–២៩ ជាថ្នាក់រួមគ្នា ។ សូមអញ្ជើញសិស្សឲ្យស្វែងរក និងចែកចាយឃ្លាដែលបញ្ជាក់ ឬបន្ថែមទៅលើអ្វីដែលពួកគេបានរៀននៅក្នុងសកម្មភាពមុន ។
ការជ្រើសរើសយកសេចក្ដីប្រោសលោះតាមរយៈព្រះយេស៊ូវគ្រីស្ទ
សិស្សមួយចំនួនប្រហែលជាមានអារម្មណ៍ថា ជម្រើសរបស់ពួកគេបានធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីព្រះជាអចិន្ត្រៃយ៍រួចទៅហើយ ។ ដើម្បីផ្ដល់ឱកាសឲ្យពួកគេផ្ដោតលើសេចក្ដីប្រោសលោះរបស់ព្រះគ្រីស្ទ សូមពិចារណាបង្ហាញសាច់រឿងមួយដូចជាសាច់រឿងខាងក្រោមនេះ ។ សូមអញ្ជើញសិស្សឲ្យបន្ថែមព័ត៌មានលម្អិតទៅកាន់សាច់រឿងនេះ ដែលពួកគេមានអារម្មណ៍ថាពិតសម្រាប់យុវវ័យនៅសព្វថ្ងៃនេះ ។
យុវនារីម្នាក់ឈ្មោះ ម៉ារី បានធ្វើការជ្រើសរើសមួយចំនួនដែលនាងដឹងថាខុស ។ នាងមានអារម្មណ៍សោកស្តាយ និងឃ្លាតឆ្ងាយពីព្រះ ហើយឆ្ងល់ថា តើមានសេចក្ដីសង្ឃឹមសល់សម្រាប់នាងដែរឬទេ ។
ដោយប្រើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីសិទ្ធិជ្រើសរើស និងសេចក្ដីប្រោសលោះតាមរយៈព្រះគ្រីស្ទ សូមសរសេរចម្លើយមួយដែលអ្នកអាចចែកចាយជាមួយម៉ារីបាន ដែលនឹងលើកទឹកចិត្តនាងឲ្យធ្វើសកម្មភាពដោយមានក្ដីសង្ឃឹម និងសេចក្ដីជំនឿ ទោះបីជានាងបានធ្វើការជ្រើសរើសមិនល្អក្នុងអតីតកាលក៏ដោយ ។
សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ នៅពេលសិស្សស្តាប់ចម្លើយរបស់មិត្តរួមថ្នាក់ពួកគេ សូមលើកទឹកចិត្តពួកគេឲ្យស្រមៃពីអារម្មណ៍របស់ម៉ារី នៅពេលដែលនាងស្ដាប់ឮពួកគេ ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះមកពីប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) ដោយរកមើលជម្រើសដែលអ្នកអាចលើកទឹកចិត្តឲ្យ ម៉ារី ជ្រើសយក ។
នៅពេលយើងគិតអំពីការសម្រេចចិត្តនានា ដែលយើងធ្វើនៅក្នុងជីវិតរបស់យើងជារៀងរាល់ថ្ងៃ—មិនថាធ្វើការសម្រេចចិត្ដនេះ ឬនោះទេ—ប្រសិនបើយើងជ្រើសរើសយកព្រះគ្រីស្ទ នោះយើងនឹងធ្វើការជ្រើសរើសត្រឹមត្រូវ ។ ( ថូម៉ាស អេស ម៉នសុន « Choices » Liahona ខែ មេសា ឆ្នាំ ២០១៦ ទំព័រ ៨៦ )
អ្នកអាចបញ្ចប់មេរៀនដោយការអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេ ចំពោះការបំផុសគំនិតខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់ពួកគេ ឬនៅកន្លែងណាដែលពួកគេនឹងមើលឃើញវាម្ដងហើយម្ដងទៀតពេញមួយសប្ដាហ៍នេះ ។
សូមអញ្ជើញសិស្សឲ្យចែកចាយ ៖ ខាងក្រោមនេះគឺជាឧទាហរណ៍មួយនៃការប្រើការបំផុសគំនិត ដើម្បីជួយសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ ។ សម្រាប់របៀបបន្ថែមទៀតអំពីរបៀបបង្កើតការបំផុសគំនិត ដែលនឹងជួយសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ សូមមើលការបំពាក់បំប៉ន « បង្កើតការបំផុសគំនិតដែលជួយសិស្សឲ្យនិយាយពីអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ » ។ ការបំពាក់បំប៉ននេះមាននៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ។
នៅសប្តាហ៍នេះ ខ្ញុំនឹងប្រើសិទ្ធិជ្រើសរើសរបស់ខ្ញុំដើម្បីជ្រើសរើសយកព្រះគ្រីស្ទតាមរយៈ …