« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១–២៤ ផ្នែកទី ១ ៖ ព្រះយេស៊ូវគ្រីស្ទចុះចូលតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១–២៤ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៣១ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១–២៤ ផ្នែកទី ១
ព្រះយេស៊ូវគ្រីស្ទចុះចូលតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌
នៅក្នុងការអង្វរសុំការលួងលោម និងការណែនាំ ម៉ាទិន ហារិស បានសុំឲ្យព្យាការី យ៉ូសែប ស្ម៊ីធ ទូលសុំវិវរណៈមួយពីព្រះអម្ចាស់ ។ នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩ ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលប្រាប់ជាថ្មីអំពីរបៀបដែលទ្រង់បានជ្រើសរើសការចុះចូលតាមព្រះឆន្ទៈរបស់ព្រះវរបិតា ហើយទទួលបានអំណាចដើម្បីយកឈ្នះលើរឿងគ្រប់យ៉ាង ។ ម៉ាទិន ត្រូវបានសន្យាថានឹងទទួលបានសេចក្តីសុខសាន្ត ប្រសិនបើគាត់ប្រែចិត្ត ហើយធ្វើតាមអ្វីដែលព្រះអម្ចាស់បានសុំគាត់ឲ្យធ្វើ ។ មេរៀននេះអាចជួយបង្កើនបំណងប្រាថ្នារបស់សិស្សដើម្បីធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងការការចុះចូលតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គំរូរបស់ព្រះអង្គសង្គ្រោះ
សូមសរសេរឃ្លាមិនពេញលេញ កុំតាម ____ ចិត្ត សូម _____ ព្រះហឫទ័យ នៅលើក្ដារខៀន ហើយសុំឲ្យសិស្សបំពេញអ្វីដែល ព្រះអង្គសង្រ្គោះបានមានព្រះបន្ទូលទៅកាន់ព្រះវរបិតរបស់ទ្រង់ ( សូមមើល លូកា ២២:៤២ ) ។ សូមអញ្ជើញសិស្សម្នាក់ឲ្យចែកចាយពីកាលៈទេសៈដែលព្រះយេស៊ូវបានមានព្រះបន្ទូលដូច្នេះ ។
-
តើអ្នកគិតថាការថ្វាយឆន្ទៈរបស់យើងតាមព្រះទ័យរបស់ព្រះមានន័យយ៉ាងណា ?
-
តើការពលិកម្មដ៏លំបាកអ្វីខ្លះ ដែលក្មេងជំទង់អាចនឹងត្រូវបានស្នើសុំឲ្យធ្វើ ដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ?
សូមពិចារណាសរសេរចម្លើយរបស់សិស្សដែលតបទៅនឹងសំណួរមុនដាក់នៅលើក្តារខៀន ។ ( ចំណាំ ៖ ការរក្សាបញ្ជីនេះមួយច្បាប់អាចមានអត្ថប្រយោជន៍នៅពេលបង្រៀនមេរៀន « គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៥–៤១ » ។ នៅក្នុងមេរៀននោះ សិស្សនឹងត្រូវបានអញ្ជើញឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការចុះចូលតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ) ។
ដើម្បីបង្កើនភាពទាក់ទងផ្ទាល់ខ្លួន សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីពេលមួយដែលពួកគេមានអារម្មណ៍ថា ស្ទាក់ស្ទើរក្នុងការធ្វើតាមដោយការប្តេជ្ញាចិត្តចំពោះព្រះអម្ចាស់ ឬធ្វើអ្វីដែលពួកគេដឹងថាត្រឹមត្រូវ ។ សូមលើកទឹកចិត្តពួកគេឲ្យចងចាំស្ថានភាពទាំងនេះ នៅពេលពួកគេសិក្សាគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ។
ការធ្វើតាមរបស់ព្រះអង្គសង្រ្គោះចំពោះព្រះវរបិតារបស់ទ្រង់
ដោយមានបំណងគាំទ្រព្យាការី យ៉ូសែប ស៊្មីធ និងការបោះពុម្ពព្រះគម្ពីរមរមន ម៉ាទិន ហាទិស បានសន្យាថានឹងជួយបង់ថ្លៃលើការបោះពុម្ពនេះ ។ ពេលក្រោយមកគាត់បានដឹងថាការណ៍នេះអាចតម្រូវឲ្យគាត់លក់កសិដ្ឋានរបស់គាត់ គាត់បានសុំយ៉ូសែប នូវវិវរណៈណែនាំពីព្រះអម្ចាស់ ។ នៅក្នុងវិរណៈ ដែលត្រូវបានស្គាល់ថាជា គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩ ព្រះអង្គសង្គ្រោះបានបង្រៀនសេចក្តីពិតសំខាន់ៗអំពីពលិកម្មដ៏ធួនរបស់ទ្រង់ ។ សេចក្តីពិតទាំងនេះបានជួយ ម៉ាទិន យល់អំពីសារៈសំខាន់នៃធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ទោះបីជាវាពិបាកក៏ដោយ ។
សិស្សអាចអានខគម្ពីរខាងក្រោមតែម្នាក់ឯង ឬជាមួយដៃគូ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១–៥, ១៥–១៩, ២៣–២៤ ។ សូមពិចារណាគូសចំណាំពាក្យ និងឃ្លាដែលមានអត្ថន័យដែលបង្រៀនអ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងគុណលក្ខណៈរបស់ទ្រង់ ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរកឃើញនៅក្នុងខគម្ពីរទាំងនេះ ?
សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីពិត ដែលពួកគេបានរកឃើញ ។ របៀបមួយដើម្បីធ្វើបែបនេះគឺឲ្យក្រដាសមួយសន្លឹកតូចទៅ សិស្សម្នាក់ៗ ។ បន្ទាប់មកសិស្សអាចសរសេរសេចក្តីពិតដែលពួកគេបានរកឃើញនៅលើសន្លឹកក្រដាសរបស់ ពួកគេ ហើយបង្ហាញវានៅលើក្ដារខៀន ។ ដើម្បីជំរុញឲ្យមានការពិភាក្សាក្នុងថ្នាក់ សូមជ្រើសរើសកំណត់ចំណាំមួយចំនួននៅលើក្ដារខៀន ហើយអញ្ជើញសិស្សដែលបានសរសេរវាឲ្យចែកចាយពីមូលហេតុដែលសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទសំខាន់ដើម្បីយល់ដឹង ។ ( កំណត់ចំណាំ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១៦–១៩ គឺផ្ដោតនៅលើមេរៀនបន្ទាប់ ។ អ្នកអាចនឹងចង់រក្សាការពិភាក្សាស៊ីជម្រៅអំពីការប្រែចិត្ត និងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះសម្រាប់មេរៀននោះ ) ។
ប្រសិនបើសិស្សមិនបានលើកឡើងទេ សូមចង្អុលបង្ហាញសេចក្តីដូចខាងក្រោម ៖ ព្រះយេស៊ូវ គ្រីស្ទធ្វើតាមព្រះវរបិតាសួគ៌របស់ទ្រង់ ( ខទី ២ ១៩ ២៤ ) ។ អ្នកអាចនឹងលើកទឹកចិត្តសិស្សឲ្យគូសចំណាំពាក្យនៅក្នុងខគម្ពីរទាំងនេះ ដែលឆ្លុះបញ្ចាំងពីសេចក្ដីពិតនេះ ។
-
តើការដែលព្រះយេស៊ូវគ្រីស្ទបានធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតារបស់ទ្រង់មានអត្ថន័យយ៉ាងណា ?
-
តើអ្នកគិតថាអ្វីដែល ព្រះយេស៊ូវ គ្រីស្ទបានបង្រៀន អំពីព្រះអង្គទ្រង់ អាចជួយម៉ាទិន នៅក្នុងស្ថានភាពរបស់គាត់ដោយរបៀបណា ? តើវាអាចជួយយើងយ៉ាងដូចម្ដេច ពេលយើងត្រូវបានបង្គាប់ឲ្យធ្វើការពលិកម្មដ៏លំបាក ?
ផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ៖ សកម្មភាពខាងក្រោមជួយសិស្សឲ្យផ្តោតលើការសិក្សារបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ សម្រាប់ការអនុវត្តបន្ថែមទៀតអំពីរបៀបធ្វើបែបនេះ សូមមើលការបំពាក់បំប៉ន « ជួយសិស្សឲ្យទទួលស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ » នៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ។ ការបំពាក់បំប៉ននេះនឹងជួយអ្នកអនុវត្តការចែកចាយជាមួយសិស្សពីរបៀបដែលពួកគេកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ហើយលើកទឹកចិត្តពួកគេក្នុងការបន្តការខិតខំប្រឹងប្រែងរបស់ពួកគេ ។
ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ពីជម្រៅ និងភាពខ្ជាប់ខ្ជួននៃបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះក្នុងការធ្វើតាមព្រះវរបិតាទ្រង់ សូមពិចារណាបែងចែកថ្នាក់ជាបីក្រុម ។ សូមចាត់ប្រធានបទមួយក្នុងចំណោមប្រធានបទខាងក្រោមនេះដល់ក្រុមនីមួយៗ ហើយឲ្យពួកគេអានខគម្ពីរដែលបានរាយបញ្ជីនេះ ។ បន្ទាប់ពីអានខគម្ពីរនេះហើយ ក្រុមអាចពិភាក្សាអំពីអ្វីដែលពួកគេបានរៀនអំពីទំនាក់ទំនងរបស់ព្រះអង្គសង្គ្រោះជាមួយនឹងព្រះវរបិតាទ្រង់ ។
ជីវិតមុនឆាកជីវិតនេះ ៖ ម៉ូសេ ៤:១–២; នីហ្វៃទី៣ ១:១៣–១៤
ការងារបម្រើនៅក្នុងជីវិតរមែងស្លាប់ ៖ យ៉ូហាន ៦:៣៨; ៨:២៨–២៩; ម៉ូសាយ ១៥:៧–៨
ជីវិតក្រោយពីជីវិតនេះ ៖ នីហ្វៃទី៣ ១១:១០–១១
សូមពិចារណាអញ្ជើញសិស្សឲ្យបង្កើតក្រុមថ្មីដោយមានមិត្តរួមថ្នាក់ដែលបានសិក្សាខគម្ពីរទាំងនេះសម្រាប់ប្រធានបទពីរផ្សេងទៀត ។ នៅក្នុងក្រុមថ្មីរបស់ពួកគេ សិស្សអាចប្តូរវេនគ្នាចែកចាយអ្វីដែលពួកគេបានពិភាក្សានៅក្នុងក្រុមមុនរបស់ពួកគេ ។
ការជ្រើសរើសដើម្បីធ្វើតាម
អ្នកអាចបង្ហាញសេចក្តីថ្លែងការណ៍ខាងក្រោម ហើយអញ្ជើញសិស្សឲ្យពិភាក្សាសំណួរទាំងពីរខាងក្រោមជាមួយដៃគូ ។
អែលឌើរ នែល អេ ម៉ាកស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
… ការចុះចូលឆន្ទៈរបស់មនុស្សម្នាក់គឺពិតជារឿងផ្ទាល់ខ្លួនជាពិសេស ដែលយើងត្រូវដាក់នៅលើអាសនៈរបស់ព្រះ ។ វត្ថុផ្សេងៗជាច្រើនដែលយើង « ផ្តល់ឲ្យ »…គឺជាអ្វីៗដែលទ្រង់បានប្រទានឲ្យ ឬបានឲ្យយើងខ្ចី ។ ទោះជាយ៉ាងណាក៏ដោយ ទៅទីបំផុត នៅពេលអ្នកនឹងខ្ញុំ ចុះចូលខ្លួនយើង ដោយការទុកឲ្យឆន្ទៈផ្ទាល់ខ្លួនរបស់យើង ត្រូវបានលេបដណ្ដប់នៅក្នុងព្រះហឫទ័យនៃព្រះ នោះយើងកំពុងថ្វាយអ្វីមួយទៅឲ្យទ្រង់ហើយ ! វាគឺជាទ្រព្យសម្បត្តិតែមួយគត់ ដែលយើងបានថ្វាយពិតប្រាកដ ! ( នែល អេ ម៉ាកស្វែល « Swallowed Up in the Will of the Father » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ២៤ )
-
តើអ្នកគិតថាការធ្វើតាមរបស់មនុស្សម្នាក់ ដូចដែលអែលឌើរ ម៉ាក់ស្វែល បានបង្រៀនខុសពីការគោរពប្រតិបត្តិសាមញ្ញយ៉ាងដូចម្ដេច ?
-
តើនៅពេលណាដែលអ្នកបានឃើញនរណាម្នាក់ធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការចុះចូលតាមបំណងព្រះហឫទ័យរបស់ព្រះ នៅពេលដែលការធ្វើតាមនោះវាពិបាកក្តី ?
ដើម្បីបញ្ចប់មេរៀន អ្នកអាចបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យមកក្ដារខៀន ហើយគូរបន្ទាត់ពីក្រោមនូវឃ្លាជាក់លាក់ដែលពួកគេបានឃើញថាបានបំពេញក្នុងជីវិតរបស់ពួកគេ នៅពេលពួកគេធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ។ អ្នកក៏ប្រហែលជាចង់ថ្លែងទីបន្ទាល់អំពីរបៀបដែលអ្នកត្រូវបានប្រទានពរតាមរយៈការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានថ្លែងទីបន្ទាល់ ៖
បុរស និងស្ត្រីដែលបង្វែរជីវិតខ្លួនមករកព្រះនឹងរកឃើញថា ទ្រង់អាចធ្វើឲ្យជីវិតរបស់ពួកគេបានប្រសើរជាងអ្វីដែលពួកគេអាចធ្វើដោយខ្លួនឯង ។ ទ្រង់នឹងធ្វើឲ្យពួកគេកាន់តែមានអំណរ បង្កើនទស្សនវិស័យ បំភ្លឺគំនិត … លើកស្ទួយវិញ្ញាណ ចម្រើនពរជ័យបង្កើនឱកាសលួងលោមព្រលឹង ប្រទានមិត្តភក្តិ និងចាក់ស្រោចភាពសុខសាន្តដល់ពួកគេ ។ អ្នកណាក៏ដោយដែលបាត់បង់ជីវិតក្នុងការបម្រើដល់ព្រះ អ្នកនោះនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៤២–៤៣ )