« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ២ ៖ ការយល់ដឹង និងការទទួលបានចំណេះដឹងខាងវិញ្ញាណ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ២ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៣០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៨
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ២
ការយល់ដឹង និងការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យស្ថាបនាគ្រឹះជីវិតរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះនឹងផ្ដល់ឱកាសឲ្យសិស្សរៀនទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិឲ្យចាំស្ទាត់ និងគោលលទ្ធិដែលវាបង្រៀនយើង រួមទាំងការរៀនសូត្រ និងការអនុវត្តតាមគោលការណ៍ដ៏ទេវភាពសម្រាប់ការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ យល់ដឹង
សកម្មភាពខាងក្រោមនេះផ្តល់ឱកាសឲ្យសិស្សពង្រីកការយល់ដឹងរបស់ពួកគេអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើន ។ សកម្មភាពនេះគួរមានរយៈពេលតែ ១០–១៥ នាទីប៉ុណ្ណោះ ដើម្បីអនុញ្ញាតឲ្យមានពេលគ្រប់គ្រាន់សម្រាប់ការអនុវត្តចំណេះចំណានខាងគោលលទ្ធិនៅពេលក្រោយក្នុងមេរៀននេះ ។
សូមពិចារណាចាក់ចម្រៀង ឬទំនុកតម្កើងមួយបទ ហើយអញ្ជើញសិស្សឲ្យលើកដៃ ប្រសិនបើពួកគេ ស្គាល់ បទនេះ ។ បន្ទាប់មក សូមអញ្ជើញសិស្សដែល ចេះ ទំនុកច្រៀងមួយចំនួនឲ្យលើកដៃ ។ ជាចុងក្រោយ សូមអញ្ជើញសិស្សដែល យល់ អំពីអត្ថន័យនៃចម្រៀងនោះឲ្យលើកដៃ ហើយចែកចាយអត្ថន័យរបស់បទចម្រៀងនោះ ។
-
តើការស្គាល់ ការចេះដឹង និងការយល់មានភាពខុសគ្នាអ្វីខ្លះ ?
-
តើយើងអាចស្គាល់ ឬដឹងរឿងមួយដោយគ្មានការយល់ពីរឿងនោះដោយរបៀបណា ?
-
តើការណ៍នេះអនុវត្តចំពោះចំណេះចំណានខាងគោលលទ្ធិដោយរបៀបណា ?
សូមពិចារណាអញ្ជើញសិស្សឲ្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូមឲ្យពួកគេជ្រើសរើសយកវគ្គបទគម្ពីរមួយដែលពួកគេចង់យល់ដឹងឲ្យបានកាន់តែច្បាស់ថែមទៀត ។ សកម្មភាពខាងក្រោមនេះអាចជួយសិស្សឲ្យពង្រឹងការយល់ដឹងរបស់ពួកគេឲ្យកាន់តែស៊ីជម្រៅបាន ។
សូមនឹកស្រមៃថា មានមនុស្សម្នាក់ពិតជាត្រូវការសារលិខិតដែលមាននៅក្នុងវគ្គបទគម្ពីរដែលអ្នកបានជ្រើសរើសនោះ ។ ទោះជាយ៉ាងណា អ្នកមានពេលតែ ៣០ វិនាទីប៉ុណ្ណោះដើម្បីពន្យល់ពួកគេអំពីអត្ថន័យនៃវគ្គនោះ ។ សូមចំណាយពេលពីរបីនាទី ដើម្បីយល់ដឹងឲ្យកាន់តែច្បាស់លាស់អំពីមាតិកានៃវគ្គបទគម្ពីរនោះ ។
សូមពិចារណានូវយុទ្ធសាស្ត្រមួយចំនួនដូចខាងក្រោម ៖
-
សូមអានខគម្ពីរនោះយឺតៗ ។
-
សូមរកមើលពាក្យ ឬឃ្លាដែលអ្នកមិនយល់ ។
-
សូមអានក្បាលកណ្ឌនោះដើម្បីរៀនពីប្រវត្តិរបស់វគ្គបទគម្ពីរនោះ ។
-
សូមមើលលេខយោង ។
-
សូមប្រើធនធាននៅក្នុងបណ្ណាល័យដំណឹងល្អ ។
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមបំបែកសិស្សជាក្រុម ឬគូៗ ។ បន្ទាប់មក សិស្សអាចចែកចាយសេចក្ដីសង្ខេបរយៈពេល ៣០ វិនាទីរបស់ពួកគេអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលពួកគេបានជ្រើសរើសនោះបាន ។
រៀន និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ប្រសិនបើចាំបាច់ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលដោយសង្ខេបអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ( សូមមើល កថាខណ្ឌទី ៥–១២ នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ [ ឆ្នាំ ២០២៣ ] ) ។ សកម្មភាពរំឭកដែលបានណែនាំមានដាក់បញ្ចូលនៅក្នុងឧបសម្ព័ន្ធក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។
បន្ទាប់ពីសិស្សបានរំឭកឡើងវិញនូវគោលកាណ៍ទាំងនោះហើយ សូមពិចារណាបង្ហាញសាច់រឿងដូចខាងក្រោម ។ អ្នកអាចឲ្យសិស្សគិតអំពីព័ត៌មានលម្អិតដែលកាន់តែជាក់លាក់ ដើម្បីជួយធ្វើឲ្យសាច់រឿងនេះមានទំនាក់ទំនងកាន់តែច្រើនចំពោះជីវិតរបស់ពួកគេ ។ ឧទាហរណ៍ ពួកគេអាចកំណត់ពីការសម្រេចចិត្តអ្វីដែល ចូស៊ី កំពុងព្យាយាមធ្វើ ( ដូចជាថាតើនាងគួរតែបញ្ចប់ទំនាក់ទំនងមិត្តភាពមួយដែរឬអត់ របៀបដោះស្រាយកង្វល់ខាងគោលលទ្ធិ ឬថាតើនាងគួរបម្រើបេសកកម្មដែរឬទេ ) ។
ចូស៊ី មានការសម្រេចចិត្តដ៏សំខាន់មួយដែលត្រូវធ្វើ ។ នាងយល់ថា ការសម្រេចចិត្តនេះអាចជះឥទ្ធិពលដ៏ធំលើជីវិតរបស់នាង ហើយចង់ស្វែងរកការដឹកនាំរបស់ព្រះតាមរយៈវិវរណៈ ។ ចូស៊ី បានអធិស្ឋានទូលសូមការដឹកនាំ ប៉ុន្តែមានអារម្មណ៍ថា នាងមិនបានទទួលចម្លើយនោះទេ ។ នាងងឿងឆ្ងល់ថា តើនាងកំពុងស្វែងរកវិវរណៈតាមរបៀបត្រឹមត្រូវដែរឬទេ ។
-
តើ ចូស៊ី អាចប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីជួយនាងឲ្យយល់ពីរបៀបទទួលវិវរណៈដោយរបៀបណា ?
ប្រសិនបើសិស្សមានទំនុកចិត្តលើការយល់ដឹងរបស់ពួកគេអំពីគោលការណ៍ទាំងបីនេះ សូមអនុញ្ញាតឲ្យពួកគេកំណត់ថា តើគោលការណ៍ណាមួយដែលពួកគេនឹងអនុវត្តដំបូងគេ ប្រសិនបើពួកគេជា ចូស៊ី នោះ ។ ប្រសិនបើពួកគេមិនប្រាកដថា ត្រូវចាប់ផ្ដើមត្រង់ចំណុចណានោះទេ អ្នកអាចប្រើសេចក្ដីណែនាំដូចខាងក្រោមបាន ។ សូមធ្វើឲ្យអស់ពីលទ្ធភាពរបស់អ្នក ដើម្បីជួយសិស្សឲ្យរុករកគោលការណ៍នីមួយៗជាផ្នែកនៃការពិភាក្សានេះ ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
សូមអាន កថាខណ្ឌទី ៨ « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ដោយរកមើលគំនិតអំពីការអញ្ជើញឲ្យមានការណែនាំរបស់ព្រះវរបិតាសួគ៌ ពេលធ្វើការសម្រេចចិត្តដ៏ធំមួយ ។
-
តើ ចូស៊ី អាចពិចារណាពីជម្រើសរបស់នាងនៅក្នុងបរិបទនៃផែនការនៃសេចក្ដីសង្គ្រោះបានដោយរបៀបណា ?
-
តើការមើលទៅការជ្រើសរើសនេះដោយទស្សនវិស័យដ៏អស់កល្បមួយ អាចជួយអញ្ជើញឲ្យមានវិវរណៈដោយរបៀបណា ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមពិចារណាអញ្ជើញសិស្សឲ្យអាន និងពិភាក្សាសំណួរខាងក្រោមនេះជាគូ ឬជាក្រុមតូចៗ ។
សូមអាន កថាខណ្ឌទី ៥ និងទី ៧ ក្រោម « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ដោយរកមើលសេចក្ដីពិតដែលអាចជួយ ចូស៊ី ឲ្យស្វែងរក និងទទួលបានវិវរណៈមកពីព្រះវរបិតាសួគ៌ ។
-
ហេតុអ្វី ចូស៊ី អាចមានអាមរ្មណ៍ថា នាងមិនបានទទួលវិវរណៈ ? ( សូមកត់ចំណាំអ្វីដែលអាចមានអត្ថប្រយោជន៍នៅក្នុង កថាខណ្ឌទី ៧ សម្រាប់ ចូស៊ី ដើម្បីយល់ ) ។
-
តើវិធីមួយចំនួនដែល ចូស៊ី អាចធ្វើសកម្មភាពដោយសេចក្ដីជំនឿដើម្បីទទួលបានវិវរណៈមានអ្វីខ្លះ ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើប្រភពដែលបានតែងតាំងដ៏ទេវភាពមួយចំនួនណាខ្លះ ដែលចូស៊ី អាចសិក្សាដើម្បីយល់ដឹងកាន់តែច្បាស់លាស់ពីរបៀបស្វែងរក ទទួល ឬស្គាល់វិវរណៈ ?
បើចាំបាច់ សូមឲ្យសិស្សយោងទៅ « វិវរណៈ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Gospel Topics ។
សិស្សក៏អាចរកឃើញថា បទគម្ពីរដូចតទៅនេះមានអត្ថប្រយោជន៍ផងដែរ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១៤, ២៩; គោលលទ្ធិ និងសេចក្តីសញ្ញា ៦:១៤–១៦, ២២–២៤; ៨:១–៣; ៩:៨–៩; ១១:១២–១៣ ។ បន្ទាប់ពីសិក្សា សិស្សអាចអានពាក្យដកស្រង់ដែលពួកគេបានរកឃើញ ហើយចែកចាយហេតុផលដែលពួកគេគិតថាវានឹងមានអត្ថប្រយោជន៍ ។
ប្រសិនបើល្អ សូមបង្កើតជួរឈរបីនៅលើក្ដារខៀន ហើយសរសេរឃ្លានីមួយៗដូចតទៅនេះនៅលើផ្នែកខាងលើនៃជួរឈរនីមួយៗ ៖ ស្វែងរកវិវរណៈ ទទួលវិវរណៈ និង ស្គាល់វិវរណៈ ។ ពេលសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ សូមអញ្ជើញពួកគេឲ្យសរសេរគំនិតរបស់ពួកគេនៅក្រោមចំណងជើងទាំងនេះមួយ ឬច្រើន ។ ប្រសិនបើជួរឈរមួយមានគំនិតតិចតួច សូមសួរសិស្សថា តើពួកគេបានរៀនអ្វីខ្លះដែលអាចជួយផ្នែកនៃវិវរណៈនោះបាន ។
-
តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះទៀតអំពីការទទួលបានវិវរណៈដែលអ្នកអាចចែកចាយនឹង ចូស៊ី បាន ?
សូមផ្ដល់ឱកាសឲ្យសិស្សសួរសំណួរ ឬចែកចាយបទពិសោធន៍ដែលពួកគេធ្លាប់មាន ។ ពេលពួកគេចែកចាយ សូមបន្តគូសបញ្ជាក់ពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ អ្នកអាចធ្វើកិច្ចការនេះដោយចង្អុលបង្ហាញពីរបៀបដែលពួកគេបានអនុវត្តគោលការណ៍ទាំងឡាយចេញពីបទពិសោធន៍របស់ពួកគេ ឬដោយអញ្ជើញពួកគេឲ្យរៀនប្រើគោលការណ៍ទាំងនោះ ពេលពួកគេស្វែងរកចម្លើយចំពោះសំណួរនានា ។ សូមចងចាំថា អ្នកពុំចាំបាច់ត្រូវដឹងចម្លើយគ្រប់សំណួរដែលពួកគេសួរនោះទេ ។ ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ធ្លាប់បានប្រាប់ទៅគ្រូបង្រៀនទាំងឡាយថា « វាមិនអីទេដើម្បីនិយាយថា ខ្ញុំមិនដឹងទេ ។ ប៉ុន្តែនៅពេលលើកឡើងដូច្នេះ អ្នកមានការទទួលខុសត្រូវដើម្បីស្វែងរកចម្លើយដ៏ល្អបំផុតចំពោះសំណួរដែលសិស្សរបស់អ្នកសួរ » ( « The Opportunities and Responsibilities of CES Teachers in the 21st Century » [ សុន្ទរកថាទៅកាន់ពួកអ្នកអប់រំខាងសាសនាក្នុងប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។