« មេរៀនទី ២២—គោលលទ្ធិ និងសេចក្តីសញ្ញា ១១:១–៧ ៖ ‹ សន្សំទុក … សេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចនៅក្នុងនគរព្រះ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:១–៧ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០–១១
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:១–៧
« សន្សំទុក … សេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចនៅក្នុងនគរព្រះ »
បុគ្គលដែលយើងជ្រើសរើសដើរតាម អ្វីៗដែលយើងស្វែងរក និងរបៀបដែលយើងចំណាយពេលវេលាយើង អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រភេទមនុស្សដែលយើងនឹងប្រែក្លាយនៅទីបំផុត ។ ជាផ្នែកមួយនៃការស្ដារឡើងវិញ ព្រះអង្គសង្គ្រោះជាទីស្រឡាញ់នៃយើងបានផ្តល់ដំបូន្មានដ៏សប្បុរសអំពីកន្លែងដែលយើងគួរតែផ្តោតជីវិតរបស់យើងលើ ។ មេរៀននេះអាចជួយសិស្សឲ្យមានបំណងប្រាថ្នាកាន់តែធំដើម្បីស្វះស្វែងរកអំណោយទាននៃជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះយេស៊ូវគ្រីស្ទប្រទានដល់អស់អ្នកដែលនឹងទទួលបានវា ។
សកម្មភាពរៀនសូត្រដែលអាចមាន
សារដែលមានតម្លៃសមនឹងអានហើយអានទៀត
ដើម្បីចាប់ផ្តើមមេរៀននេះ អ្នកអាចអញ្ជើញឲ្យសិស្សគិតអំពីសារដែលមានដដែលៗញឹកញាប់ ។ ពួកគេអាចនឹងលើកឡើងអំពីសារដែលពួកគេកត់សម្គាល់ឃើញមាននៅក្នុងការផ្សាយពាណិជ្ជកម្ម តន្ត្រី ឬ memes ។ សូមអញ្ជើញពួកគេឲ្យគិតអំពីមូលហេតុដែលសារទាំងនេះមួយចំនួនមានដដែលៗញឹកញាប់ ។ ការណ៍នេះអាចនឹងជួយពួកគេឲ្យរៀបចំខ្លួនគិតអំពីសារលិខិត ដែលព្រះអម្ចាស់បានមានបន្ទូលហើយមានបន្ទូលទៀតជាញឹកញាប់ និងមូលហេតុដែលទ្រង់ធ្វើដូច្នោះ ។
-
តើមានសារលិខិតជាក់លាក់អ្វីខ្លះដែលព្រះយេស៊ូវគ្រីស្ទបានបំផុសគំនិតព្យាការីដែលនៅរស់របស់ទ្រង់ឲ្យថ្លែងម្ដងហើយម្តងទៀតជាញឹកញាប់ ?
-
តើសារលិខិតដដែលៗអ្វីខ្លះដែលអ្នកបានកត់សម្គាល់ឃើញមានកន្លងមក នៅក្នុងការសិក្សារបស់អ្នកអំពីព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ?
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះតាមរយៈសារលិខិតដដែលៗទាំងនេះ ?
នៅឆ្នាំ ១៨២៩ មានមនុស្សជាច្រើន—ដូចជា អូលីវើរ ខៅឌើរី, ហៃរុម ស្ម៊ីធ, យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ និង ដាវីឌ វិតមើរ—ចង់ដឹងពីអ្វីដែលព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យចង់ឲ្យពួកគេដឹង និងធ្វើនៅពេលនោះ ។ ការឆ្លើយតបប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះដ៏ច្រើន រួមមាននូវសេចក្ដីពិតដដែលៗដែលទ្រង់ចង់ឲ្យយើងទាំងអស់គ្នាយល់ និងរស់នៅតាម ។
សូមពិចារណាអញ្ជើញសិស្សឲ្យបង្កើតក្រុមដែលមានគ្នាបួនៗនាក់ ហើយអញ្ជើញសិស្សម្នាក់ៗឲ្យអានកណ្ឌមួយក្នុងចំណោមកណ្ឌដូចខាងក្រោមនេះ ។ សិស្សម្នាក់អាចនឹងអានខគម្ពីរនានាចេញពីកណ្ឌរបស់គេឲ្យឮៗ ។ ពួកគេអាចនឹងផ្អាក បន្ទាប់ពីអានខគម្ពីរនីមួយៗដើម្បីឲ្យដៃគូពួកគេចែកចាយភាពស្រដៀងគ្នា និងភាពខុសគ្នា ដែលពួកគេកត់សម្គាល់ឃើញមានពីខគម្ពីរដែលត្រូវគ្នានៅក្នុងកណ្ឌរបស់ពួកគេ ។
សូមអានប្រាំមួយវគ្គដំបូងនៃវគ្គនីមួយៗនៃគោលលទ្ធិ និងសេចក្តីសញ្ញានីមួយៗដូចខាងក្រោម ៖ ៦;១១;១២; និង១៤ ។ សូមប្រៀបធៀបសារលិខិតរបស់ព្រះអង្គសង្គ្រោះក្នុងវគ្គនីមួយៗ ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់បានជ្រើសរើសដើម្បីរំឭកឡើងវិញនូវឃ្លា និងការបង្រៀនជាក់លាក់ដែលមាននៅក្នុងខគម្ពីរទាំងនេះម្ដងហើយម្ដងទៀត ?
« អ្នកណាដែលមានជីវិតអស់កល្បជានិច្ច ឈ្មោះថាជាអ្នកមានហើយ »
សូមអាន ខទី ៧នៅក្នុង កណ្ឌទី ៦និងទី ១១ដោយរកមើលដំបូន្មានរបស់ព្រះអង្គសង្គ្រោះចំពោះអ្នកទាំងអស់ណាដែលមានបំណងប្រាថ្នាបម្រើទ្រង់ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះចេញពីខគម្ពីរនេះធ្វើឲ្យអ្នកចាប់អារម្មណ៍ ? ហេតុអ្វី ?
-
តើខគម្ពីរនេះជួយឲ្យអ្នកយល់អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងបំណងប្រាថ្នារបស់ទ្រង់ចំពោះយើង ?
សិស្សអាចចែកចាយសេចក្ដីពិតមួយដែលស្រដៀងគ្នានឹងសេចក្ដីពិតនេះ ៖ ព្រះយេស៊ូវគ្រីស្ទមានបំណងប្រាថ្នាប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់យើង ដែលជាអំណោយដ៏មានតម្លៃជាងគេបំផុតក្នុងចំណោមអំណោយទានទាំងអស់ ។
សូមផ្តល់ឱកាសឲ្យសិស្សបានយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថន័យនៃជីវិតដ៏នៅអស់កល្បជានិច្ច និងមូលហេតុដែលវាជាប្រភេទអំណោយដ៏មានតម្លៃសម្រាប់ឲ្យយើងទទួលបាន ។ អ្នកអាចធ្វើដូចនេះបាន ដោយការអញ្ជើញសិស្សឲ្យសិក្សាធនធានមួយចំនួនខាងក្រោមរៀងៗខ្លួន ឬជាក្រុមៗ ។ ជាជម្រើស អ្នកអាចនឹងសរសេរសេចក្ដីយោងទាំងនេះដាក់នៅលើក្រដាសតូចៗបិទជុំវិញថ្នាក់រៀន ហើយអនុញ្ញាតឲ្យសិស្សដើរជុំវិញបន្ទប់ ហើយសិក្សាវាដោយស្ងៀមស្ងាត់ ហើយកត់ចំណាំដោយខ្លួនឯង ។
-
ប្រធានបទ និងសំណួរ « ជីវិតដ៏នៅអស់កល្បជានិច្ច » ដែលមាននៅលើគេហទំព័រ topics.ChurchofJesusChrist.org
-
យ៉ូហាន ១៧:៣
-
វិវរណៈ ២១:៣–៤
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន និងមានអារម្មណ៍ នៅពេលពួកគេសិក្សា ។
ការគិតអំពីអ្វីដែលអ្នកបានរៀន
សូមចំណាយពេលពីរបីនាទីពិភាក្សាជាមួយសិស្សអំពីការបង្វែងដានដែលអាចមាននានា ដែលមិនឲ្យអ្នកស្វះស្វែងរកជីវិតដ៏អស់កល្បជានិច្ចបាន ។ សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតដោយស្ងៀមស្ងាត់អំពីរបៀបដែលការសម្រេចចិត្តបច្ចុប្បន្នរបស់ពួកគេ កំពុងរៀបចំពួកគេឲ្យត្រៀមខ្លួនទទួលបានជីវិតដ៏អស់កល្បជានិច្ច ។ សូមពិចារណាធ្វើសកម្មភាពខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យមានបំណងប្រាថ្នាស្វែងរកជីវិតដ៏អស់កល្បជានិច្ចកាន់តែខ្លាំងឡើង ៖
សូមសរសេរហេតុផលឲ្យបានច្រើនតាមដែលអ្នកអាចធ្វើទៅបាន ចំពោះមូលហេតុដែលថា បុគ្គលម្នាក់ដែលមានជីវិតដ៏អស់កល្បជានិច្ច គឺជាអ្នកមាន ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:៧ ) ។
សូមពិចារណាអញ្ជើញសិស្សឲ្យឡើងសរសេរចម្លើយរបស់ពួកគេចំពោះការបំផុសគំនិតពីមុននៅលើក្តារខៀន ។ សូមអញ្ជើញសិស្សស្ម័គ្រចិត្តឲ្យឡើងពិពណ៌នាអំពីមូលហេតុនៃអ្វីដែលពួកគេបានសរសេរនោះ មានតម្លៃចំពោះពួកគេ ។ ការណ៍នេះអាចជាផ្នែកមួយដ៏មានអត្ថន័យនៅក្នុងមេរៀននេះ ។ ការអនុញ្ញាតឲ្យសិស្សមានពេលច្រើនដើម្បីសរសេរ ជញ្ជឹងគិត និងចែកចាយ អាចជាការវៃឆ្លាត ។
សូមបញ្ចប់មេរៀននេះដោយការអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលជីវិតរបស់ពួកគេអាចទទួលរងឥទ្ធិពល ដោយសារតែអ្វីដែលពួកគេបានរៀនសូត្រ និងទទួលអារម្មណ៍នៅថ្ងៃនេះ ។ សំណួរខាងក្រោមនេះអាចផ្តល់ឱកាសឲ្យសិស្សបានកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់ពួកគេទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេបាន ។
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលបង្កើនបំណងប្រាថ្នាអ្នកឲ្យមានអារម្មណ៍ស្និទ្ធស្នាលទៅនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើមានរបៀបអ្វីខ្លះដែលអ្នកអាចចៀសវាងមិនឲ្យការស្វែងរកខាងលោកិយមានអាទិភាពលើការរីកចម្រើនទៅរកជីវិតដ៏អស់កល្បជានិច្ច ?