« មេរៀនទី ២១—គោលលទ្ធិ និងសេចក្ដីសញ្ញា ១០ ៖ ព្រះប្រាជ្ញាញាណរបស់ព្រះ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១០ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២១ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០–១១
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០
ព្រះប្រាជ្ញាញាណរបស់ព្រះ
បន្ទាប់ពីការបាត់សន្លឹកសំណេរដៃចំនួន ១១៦ ទំព័រ នោះព្រះបានដកយកផ្ទាំងមាស យូរីម និងធូមីម និងអំណាចក្នុងការបកប្រែចេញពីយ៉ូសែប ស្ម៊ីធ ជាបណ្ដោះអាសន្ន ។ ព្រះអម្ចាស់បានទទួលយកការប្រែចិត្តដោយស្មោះសររបស់ យ៉ូសែប ហើយបានពន្យល់ពីរបៀបដែលទ្រង់បានរៀបចំផ្លូវសម្រាប់កិច្ចការរបស់ទ្រង់ដើម្បីបន្តតាមរយៈព្រះប្រាជ្ញាញាណ និងការដឹងជាមុនរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យបង្កើនទំនុកចិត្តរបស់ពួកគេថា ព្រះនឹងជួយពួកគេឲ្យយកឈ្នះផែនការដ៏មានល្បិចកលរបស់សាតាំង ។
សកម្មភាពរៀនសូត្រដែលអាចមាន
អ្នកដែលមានប្រាជ្ញាបំផុតដែលអ្នកស្គាល់
ផ្នែកនេះក្នុងមេរៀននេះមានគោលបំណងជួយសិស្សឲ្យគិតអំពីប្រាជ្ញាដ៏គ្មានដែនកំណត់របស់ព្រះ ។ សូមកុំស្ទាក់ស្ទើរក្នុងការកែតម្រូវប្រធានបទដែលបានណែនាំដូចខាងក្រោម ។
-
តើនរណាជាអ្នកដែលមានប្រាជ្ញាបំផុតដែលអ្នកស្គាល់ ឬអ្នកដែលបានរស់លើផែនដីនេះ ក្រោមប្រធានបទខាងក្រោមនេះ ?
វិទ្យាសាស្រ្ត ប្រវត្តិសាស្ត្រ សាសនា សុខភាព បច្ចេកវិទ្យា
-
ប្រសិនបើអ្នកបញ្ចូលប្រាជ្ញារបស់មនុស្សគ្រប់រូបដែលអ្នកបានគិតដល់នោះចូលគ្នា តើអ្នកគិតថា ប្រាជ្ញានោះប្រៀបធៀបបានព្រះប្រាជ្ញាញាណរបស់ព្រះយ៉ាងណាដែរ ?
សូមពិចារណាគូរបន្ទាត់បញ្ឈរវែងមួយនៅលើក្ដារខៀន ដោយមានកំពូលតំណាងឲ្យព្រះប្រាជ្ញាញាណរបស់ព្រះ ។ សូមអញ្ជើញសិស្សជាច្រើននាក់ឲ្យដាក់សញ្ញាសម្គាល់មួយនៅលើបន្ទាត់នោះ ដែលពួកគេគិតថាជាចំណុចមួយ ដែលតំណាងឲ្យប្រាជ្ញាដែលបានបញ្ចូលគ្នារបស់មនុស្សឆ្លាតបំផុតនៅក្នុងពិភពលោក ។ អ្នកអាចសួរសិស្សថា តើវគ្គបទគម្ពីរដូចជា ម៉ូសាយ ៤:៩ និង អេសាយ ៥៥:៨–៩ អាចជះឥទ្ធិពលដល់កន្លែងដែលពួកគេដាក់សញ្ញាសម្គាល់នៅលើបន្ទាត់នោះដោយរបៀបណា ។
ព្រះមិនត្រឹមតែមានព្រះប្រាជ្ញាញាណជាងយើងទាំងអស់គ្នានោះទេ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១០:៤៣ ដើម្បីមើលថា តើព្រះប្រាជ្ញាញាណរបស់ព្រះមានលើសអ្វីទៀត ។
-
តើការដឹងថា ព្រះមានព្រះប្រាជ្ញាញាណលើសពីភាពវៃឆ្លាតរបស់អារក្ស អាចផ្ដល់អត្ថប្រយោជន៍ដល់មនុស្សម្នាក់យ៉ាងដូចម្ដេច ?
-
តើមានឧទាហរណ៍អ្វីខ្លះនៅក្នុងព្រះគម្ពីរ ឬពីប្រវត្តិសាស្រ្តដែលព្រះប្រាជ្ញាញាណរបស់ព្រះបានយកឈ្នះលើផែនការដ៏មានល្បិចកលរបស់អារក្ស ?
ចម្លើយចំពោះសំណួរមុនអាចរួមបញ្ចូលពីរបៀបដែលដង្វាយធួនរបស់ព្រះគ្រីស្ទត្រូវបានរៀបចំ ដើម្បីយកឈ្នះលើឥទ្ធិពលនៃការធ្លាក់ របៀបដែលកិច្ចការព្រះវិហារបរិសុទ្ធត្រូវបានរៀបចំដើម្បីជួយអ្នកទាំងឡាយណាដែលរស់នៅក្នុងអំឡុងពេលនៃការក្បត់សាសនា ឬរបៀបដែលអំពើបាបរបស់យើងអាចយកឈ្នះបាន តាមរយៈការមានសេចក្តីជំនឿលើព្រះគ្រីស្ទ និងការប្រែចិត្ត ។
នៅពេលអ្នកសិក្សាមេរៀននេះ សូមគិតអំពីការខិតខំរបស់សាតាំងដើម្បីបញ្ឈប់អ្នកពីការរីកចម្រើនខាងវិញ្ញាណ និងការធ្វើកិច្ចការរបស់ព្រះ ។ សូមស្តាប់ព្រះវិញ្ញាណបរិសុទ្ធធ្វើជាសាក្សីថា ព្រះយល់ច្បាស់អំពីយុទ្ធសាស្ត្ររបស់សាតាំង ហើយបានរៀបចំផ្លូវសម្រាប់អ្នកដើម្បីឲ្យអ្នកយកឈ្នះវាបាន ។
« ល្បិចកលរបស់អារក្ស »
សូមពិចារណាអញ្ជើញអ្នកស្ម័គ្រចិត្តម្នាក់ឲ្យរំឭកដល់សិស្សក្នុងថ្នាក់ពីព្រឹត្តិការណ៍ដែលនាំឲ្យបាត់ឯកសារនៃព្រះគម្ពីរមរមនចំនួន ១១៦ ទំព័រដំបូង ។ ( សូមប្រើមេរៀន « គោលលទ្ធិ និងសេចក្ដីសញ្ញា ៣ » ឬកថាខណ្ឌខាងក្រោម ក្នុងករណីចាំបាច់ ) ។
សាតាំងមានគម្រោងបង្អាក់ការបកប្រែព្រះគម្ពីរមរមន ហើយធ្វើឲ្យមនុស្សសង្ស័យអំពីសេចក្តីពិតដ៏ពេញលេញនៃព្រះគម្ពីរនេះ ។ ម៉ាទិន ហារិស បានដាក់សម្ពាធលើ យ៉ូសែប ស្ម៊ីធ ឲ្យលោកបង្ហាញសន្លឹកសំណេរដៃនៃព្រះគម្ពីរមរមនចំនួន ១១៦ ទំព័រដំបូងដល់ភរិយា និងអ្នកដទៃទៀត ។ យ៉ូសែប បានបន្តទូលសូមការអនុញ្ញាតពីព្រះ សូម្បីតែបន្ទាប់ពីព្រះបានប្រាប់លោកពីរដងមិនអនុញ្ញាតក៏ដោយ ។ ជាចុងបញ្ចប់ ម៉ាទិន ធ្វើឲ្យបាត់សន្លឹកទាំងនោះ ។ បន្ទាប់មក ទេវតាមរ៉ូណៃ បានយកផ្ទាំងមាស និងយូរីម និងធូមីម ពីយ៉ូសែប ។
-
តើអ្នកគិតថា យ៉ូសែប នឹងមានកង្វល់អ្វីខ្លះបន្ទាប់ពីបាត់សំណេរដៃនេះ ?
បន្ទាប់ពីការប្រែចិត្តដ៏រាបទាបមួយរយៈ យ៉ូសែប បានទទួលផ្ទាំងមាស និងយូរីម និងធូមីមម្ដងទៀត ។ មរ៉ូណៃ បានប្រាប់លោកថា ព្រះអម្ចាស់បានទទួលយកការប្រែចិត្តរបស់លោកហើយ ។
-
ហេតុអ្វីបានជាសារលិខិតព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៤៣ បានក្លាយជាការលួងលោមជាពិសេសចំពោះ យ៉ូសែប នៅពេលនោះ ?
នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១០ ព្រះអម្ចាស់បានបង្រៀន យ៉ូសែប ថា អ្នកដែលបានលួចសន្លឹកសំណេរដៃនោះ មានគម្រោងផ្លាស់ប្ដូរពាក្យពេចន៍នៃសំណេរដៃនោះ ។ បើ យ៉ូសែប បានបកប្រែឡើងវិញនូវឯកសារដូចគ្នានោះ ពួកគេនឹងអះអាងថា លោកបានបកប្រែវាខុសគ្នា ហើយហេតុដូច្នោះគឺជាព្យាការីក្លែងក្លាយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០:១០–១៩ ) ។
សំណួរខាងក្រោមនេះអាចជួយសិស្សឲ្យភ្ជាប់ទំនាក់ទំនងបទពិសោធន៍របស់ យ៉ូសែប ទៅនឹងជីវិតរបស់ពួកគេបាន ។ អ្នកអាចចង់សរសេរចម្លើយមួយចំនួនរបស់ពួកគេនៅលើក្តារខៀន ។
-
តើមានឧទាហរណ៍អ្វីខ្លះនៃកិច្ចការដែលព្រះបង្គាប់ឲ្យយុវវ័យសម្រេចបាននៅសព្វថ្ងៃនេះ ?
-
តើផែនការដ៏មានល្បិចកលអ្វីដែលសាតាំងប្រើ ដើម្បីព្យាយាមរារាំងយើងពីការសម្រេចបានកិច្ចការរបស់ព្រះ ?
សិស្សអាចនិយាយថា ផែនការរបស់សាតាំងរួមមានអាកប្បកិរិយាញៀន ការរំខាន ឬការសង្ស័យលើខ្លួនឯង ។ ចម្លើយមួយទៀតគឺថា វាដាក់សម្ពាធយើងឲ្យផ្ដល់តម្លៃលើទស្សនៈ ឬរបៀបរស់នៅរបស់អ្នកឯទៀតលើសពីបទដ្ឋានរបស់ព្រះ ។
សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក នូវកិច្ចការដែលអ្នកមានអារម្មណ៍ថា ព្រះនឹងឲ្យអ្នកផ្តោតលើឥឡូវនេះ និងសម្រេចបាននាពេលអនាគតរបស់អ្នក ។ ការជញ្ជឹងគិតអំពីរឿងនេះអាចអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធបំផុសគំនិតអ្នកនូវគំនិតមួយចំនួន ។ តើវិធីសាស្រ្តណាខ្លះដែលសាតាំងអាចនឹងកំពុងប្រើក្នុងជីវិតអ្នកឥឡូវនេះ ដើម្បីព្យាយាមរារាំងអ្នកពីការសម្រេចបានកិច្ចការរបស់ព្រះ ?
ព្រះប្រាជ្ញាញាណរបស់ព្រះ
សូមជួយសិស្សឲ្យស្វែងយល់ពីព្រះប្រាជ្ញាញាណ និងការដឹងមុនរបស់ព្រះ ដោយការបោះពុម្ព និងកាត់សំណៅចែកច្បាប់ចម្លងឲ្យបានគ្រប់គ្រាន់ ដែលភ្ជាប់មកជាមួយសម្រាប់សិស្សម្នាក់ៗ ដើម្បីមានបំណែកផ្ដុំរូបមួយ ។ សូមអញ្ជើញពួកគេឲ្យអានវគ្គបទគម្ពីររបស់ពួកគេ ហើយកត់ត្រានៅខាងក្រោយបំណែកផ្ដុំរូបរបស់ពួកគេនោះ នូវអ្វីដែលព្រះបានបង្រៀន ឬបំផុសគំនិតនរណាម្នាក់ឲ្យធ្វើ ។
បន្ទាប់មក សូមអញ្ជើញសិស្សឲ្យបង្កើតជាក្រុមដែលមានគ្នាបួននាក់ជាមួយអ្នកផ្សេងទៀតដែលមានបំណែកខុសៗគ្នា ។ សូមអញ្ជើញក្រុមឲ្យធ្វើការជាមួយគ្នាដើម្បីស្វែងយល់ពីរបៀបដែលព្រះបានរៀបចំរបៀបមួយ ដើម្បីយកឈ្នះលើការបាត់ ១១៦ ទំព័រនោះ ។ បន្ទាប់មក សូមអញ្ជើញក្រុមឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់រៀនពីរបៀបដែលដំណើររឿងនេះអាចជួយបង្កើនសេចក្ដីជំនឿ និងការទុកចិត្តរបស់យើងលើព្រះ ។
ជំនួយទាំងបួនខាងក្រោមអាចបង្ហាញ ឬផ្តល់ជូនបាន បើសិស្សត្រូវការការណែនាំបន្ថែមបន្តិច ដើម្បីយល់ពីវគ្គបទគម្ពីររបស់ពួកគេ ។
ព្រះប្រាជ្ញាញាណរបស់ព្រះ
ជំនួយនានា ៖
-
នីហ្វៃទី១ ១៩:១–៣—ព្រះបានបញ្ជាឲ្យនីហ្វៃ ធ្វើផ្ទាំងពីរដែលបានក្ដោបលើរយៈពេលដូចគ្នា ។
-
ពាក្យសម្ដីនៃមរមន ១:៣–៧—ព្រះបានបំផុសគំនិតឲ្យមរមនបញ្ចូលផ្ទាំងតូចរបស់នីហ្វៃជាមួយនឹងការសង្ខេបនៃរយៈពេលដូចគ្នានេះ ដែលមរមនបានធ្វើរួចហើយពីផ្ទាំងផ្សេងទៀតរបស់នីហ្វៃ ។
-
គោលលទ្ធិ និងសេចក្តីសញ្ញា ១០:៣០, ៤០–៤២—ព្រះបានមានបន្ទូលទៅ យ៉ូសែប ស្ម៊ីធ ឲ្យបកប្រែផ្ទាំងតូចរបស់នីហ្វៃ ជាជាងបកប្រែឡើងវិញនូវអ្វីដែល ម៉ាទិន បានធ្វើឲ្យបាត់ពីការសង្ខេបនៃផ្ទាំងធំរបស់មរមន ។
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០:៤៣–៤៦—ព្រះបានប្រៀបធៀបខ្លឹមសារនៃទំព័រដែលត្រូវបានលួចនោះ ( សូមមើល ខទី ៤៤ ) ទៅនឹងអ្វីដែល យ៉ូសែប នឹងបកប្រែនៅមុខទៀត ( សូមមើល ខទី ៤៥–៤៦ ) ។
ព្រះប្រាជ្ញាញាណរបស់ព្រះនៅក្នុងជីវិតរបស់យើង
សូមជួយសិស្សឲ្យយល់ពីរបៀបដែលព្រះប្រាជ្ញាញាណរបស់ព្រះអាចប្រទានពរដល់ជីវិតរបស់ពួកគេ ។ ការណ៍នេះអាចសម្រេចបានដោយការបង្កើតការពិភាក្សាក្នុងថ្នាក់ដោយប្រើសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះចង់ឲ្យយុវវ័យសព្វថ្ងៃនេះដឹងពីអ្វីដែលទ្រង់បានបង្រៀន យ៉ូសែប ស្ម៊ីធ នៅក្នុងផ្នែកនេះ ?
-
តើព្រះបានរៀបចំអ្វីខ្លះ ដើម្បីជួយយើងឲ្យរួចផុតពីល្បិចកលរបស់សាតាំង ហើយបន្តធ្វើកិច្ចការរបស់ទ្រង់ ?
លើកទឹកចិត្តអ្នកសិក្សាឲ្យចែកចាយសេចក្តីពិតដែលពួកគេកំពុងរៀនសូត្រ ៖ ដើម្បីអនុវត្តបន្ថែមអំពីរបៀបដើម្បីធ្វើកិច្ចការនេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « លើកទឹកចិត្តសិស្សឲ្យចែកចាយសេចក្តីពិតដែលពួកគេកំពុងរៀន » នៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ អញ្ជើញឲ្យមានការរៀនសូត្រដោយឧស្សាហ៍ព្យាយាម ។ ការបំពាក់បំប៉ននេះនឹងជួយអ្នកឲ្យអនុវត្តការអញ្ជើញសិស្សឲ្យចែកចាយជាមួយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេកំពុងរៀន ។
សូមអញ្ជើញសិស្សឲ្យមើលសៀវភៅកំណត់ហេតុរបស់ពួកគេឡើងវិញ ។ សូមឲ្យពួកគេបន្ថែមវាដោយកត់ត្រាពីរបៀបដែលព្រះបានរៀបចំរបៀបមួយសម្រាប់ពួកគេ ដើម្បីយកឈ្នះលើផែនការដ៏មានល្បិចកលរបស់អារក្សនៅក្នុងជីវិតរបស់ពួកគេ ។ ពួកគេក៏អាចសរសេរបញ្ចូលនូវអ្វីដែលពួកគេមានចំណាប់អារម្មណ៍ចង់ធ្វើតាម ដើម្បីទុកចិត្តលើព្រះប្រាជ្ញាញាណរបស់ព្រះកាន់តែខ្លាំងជាងមុន ដើម្បីសម្រេចបានកិច្ចការរបស់ទ្រង់បានកាន់តែល្អប្រសើរឡើង ។
សូមធានាដល់សិស្សថា ព្រះប្រាជ្ញាញាណរបស់ព្រះគឺលើសពីប្រាជ្ញារបស់អារក្សឆ្ងាយណាស់ ។ សូមពិចារណាថ្លែងទីបន្ទាល់អំពីការលួងលោមដែលបានមកពីការដឹងថា ព្រះបានឃើញជាមុន និងរៀបចំផ្លូវសម្រាប់អ្នកដែលមានសេចក្ដីជំនឿលើទ្រង់ ដើម្បីយកឈ្នះលើផែនការដ៏មានល្បិចកលរបស់សាតាំង ។