« មេរៀនទី ១៩—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨ ៖ វិញ្ញាណនៃវិវរណៈ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៨ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៩— ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦–៩
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨
« វិញ្ញាណនៃវិវរណៈ »
អូលីវើរ ខៅឌើរី បានស្ងើចសរសើរចំពោះសមត្ថភាពបកប្រែព្រះគម្ពីរមរមនរបស់ យ៉ូសែប ស្ម៊ីធ ។ លោកចង់ឲ្យព្រះប្រទានអំណោយទានដូចគ្នានេះដល់លោកដែរ ។ ព្រះអម្ចាស់បានសន្យាជាមួយ អូលីវើរ នូវអំណោយទានដើម្បីបកប្រែ ដោយយោងតាមសេចក្ដីជំនឿរបស់លោក ។ នៅពេលនោះ ព្រះយេស៊ូវគ្រីស្ទបានបង្រៀន អូលីវើរ នូវគោលការណ៍សំខាន់ៗជាច្រើនអំពីវិវរណៈ ។ មេរៀននេះអាចជួយឲ្យសិស្សបង្កើនសមត្ថភាពពួកគេដើម្បីស្គាល់ពីរបៀបដែលព្រះមានបន្ទូលទៅកាន់ពួកគេតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សំណួរអំពីវិវរណៈ
ដើម្បីជួយឲ្យសិស្សចាប់ផ្តើមសិក្សាអំពីវិវរណៈ សូមពិចារណាចែកចាយដូចខាងក្រោមនេះ ៖
ព្រះចង់មានបន្ទូលមកកាន់យើង ហើយទ្រង់មានបន្ទូលមកកាន់យើងតាមរបៀបផ្សេងៗ ។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ព្រះស្វះស្វែង « ជួយយើងជាមួយនឹងតម្រូវការផ្ទាល់ខ្លួន ទំនួលខុសត្រូវ និងសំណួរជាក់លាក់របស់យើង ហើយជួយឲ្យយើងពង្រឹងទីបន្ទាល់របស់យើង » ( Topics and Questions , « Revelation,» នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
-
តើមានសំណួរអ្វីខ្លះដែលអ្នក ឬអ្នកដទៃទៀតដែលអ្នកស្គាល់មានអំពីការស្គាល់វិវរណៈមកពីព្រះ ?
សូមពិចារណាស្នើឲ្យសិស្សសរសេរសំណួររបស់ពួកគេនៅលើក្ដារខៀន ឬនៅលើក្រដាស ។ អ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកចម្លើយបាន នៅពេលពួកគេសិក្សានៅថ្ងៃនេះ ។ សំណួរទាំងអស់មិនមានគោលបំណងឲ្យឆ្លើយទាំងអស់នៅក្នុងថ្នាក់រៀននោះទេ ក៏ប៉ុន្តែសិស្សអាចសរសេរការយល់ដឹងណាមួយដែលពួកគេបានរកឃើញ ។ អ្នកអាចប្រើសំណួរខាងក្រោមនេះ ដើម្បីជួយឲ្យសិស្សគិតដល់មូលហេតុដែលមនុស្សមានភាពមិនច្បាស់លាស់អំពីវិវរណៈ ។
-
ហេតុអ្វីបានជាវាពិបាកក្នុងការស្គាល់ថាពេលណា និងរបៀបណាដែលព្រះប្រាស្រ័យទាក់ទងជាមួយយើង ?
-
ហេតុអ្វីបានជាអ្នកគិតថា វាមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់យើងក្នុងការស្គាល់ និងធ្វើតាមវិវរណៈមកពីព្រះ ?
អ្នកអាចសុំសិស្សឲ្យចាប់ផ្តើមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬបង្កើតកំណត់ចំណាំនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ជាកន្លែងដែលពួកគេអាចកត់ត្រានូវអ្វីដែលពួកគេរៀនអំពីវិវរណៈមកពីព្រះអម្ចាស់ ។ អ្នកអាចផ្តល់ឧទាហរណ៍មួយដោយធ្វើដូចគ្នានៅលើក្តារខៀន ។ សូមពិចារណាចាប់ផ្តើមចំណងជើងដូចជា តើខ្ញុំអាចដឹងថា ខ្ញុំកំពុងទទួលវិវរណៈមកពីព្រះដោយរបៀបណា ?
ព្រះអម្ចាស់បង្រៀន អូលីវើរ ខៅឌើរី អំពីវិវរណៈ
ខណៈពេលកំពុងធ្វើជាអ្នកសរសេរ អូលីវើរ ខៅឌើរី អាចធ្វើជាសាក្សីថាព្រះអម្ចាស់បានប្រទានសិទ្ធិអំណាចឲ្យ យ៉ូសែប ស្ម៊ីធ បកប្រែព្រះគម្ពីរមរមន ។ អូលីវើរ ក៏ចង់បកប្រែដែរ ។ ព្រះអម្ចាស់បានយល់ព្រមផ្ដល់ឱកាសឲ្យគាត់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:២៥ ) ។ ដើម្បីជួយឲ្យ អូលីវើរ ទទួលបានជោគជ័យ ព្រះអម្ចាស់បានបង្រៀនគោលការណ៍សំខាន់ៗអំពីការទទួលបានវិវរណៈ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២–៣ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:១–៣ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់ចង់ឲ្យ អូលីវើរ ដឹងអំពីការទទួលបានវិវរណៈ ។
-
តើអ្នកបានរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះអំពីរបៀបដែលព្រះអម្ចាស់អាចមានព្រះបន្ទូលមកកាន់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ ក្នុងចំណោមសេចក្តីពិតដែលមានទាំងអស់ដែលសិស្សអាចរកឃើញ សូមជួយឲ្យពួកគេយល់ថា ព្រះអម្ចាស់ប្រាស្រ័យទាក់ទងមកកាន់គំនិត និងដួងចិត្តរបស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
ផ្ដោតលើសេចក្ដីពិតនានាដែលនាំទៅរកការប្រែចិត្តជឿ ៖សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីសំណួរដែលជួយឲ្យសិស្សស្វែងរក និងលើកឡើងអំពីគោលការណ៍នៃការប្រែចិត្តជឿ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « ផ្តោតលើសេចក្តីពិតដែលដឹកនាំទៅរកការផ្លាស់ប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ដែលមាននៅក្នុង ការបំពាក់បំប៉នជំនាញការអភិវឌ្ឍគ្រូបង្រៀន ។
សូមពិចារណាសរសេរសេចក្តីពិតនេះនៅក្រោមចំណងជើងនេះនៅលើក្តារខៀន ។ ការគូរដ្យាក្រាមដូចខាងក្រោមនេះក៏អាចជួយឲ្យសិស្សស្រមៃពីការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះផងដែរ ។
-
ដោយផ្អែកលើការសិក្សា និងបទពិសោធន៍ផ្ទាល់ខ្លួនអ្នក តើមានរបៀបណាខ្លះដែលព្រះប្រាស្រ័យទាក់ទងដល់គំនិតយើង ? តើទ្រង់ប្រាស្រ័យទាក់ទងដល់ដួងចិត្តយើងដោយរបៀបណា ?
អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–ឆ្នាំ ២០១៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយរបៀបមួយចំនួនដែលព្រះមានបន្ទូលមកកាន់គំនិត និងដួងចិត្តយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ៖
ខ្ញុំសូមថ្លែងជាសាក្សីថា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ព្រះអម្ចាស់អាចមានព្រះបន្ទូលទៅកាន់គំនិត និងដួងចិត្តរបស់អ្នក ។ ជួនកាលចំណាប់អារម្មណ៍នោះគ្រាន់តែជាអារម្មណ៍ទូទៅប៉ុណ្ណោះ ។ ជួនកាលការណែនាំទទួលបានយ៉ាងច្បាស់ និងឥតខ្ចោះដែលអាចសរសេរទុកដូចជាការណែនាំខាងវិញ្ញាណ ។ ( អែលឌើរ រីឆាត ជី ស្កត « To Acquire Spiritual Guidance » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៩ )
អ្នកអាចជួយឲ្យសិស្សមើលឃើញគំរូនៃការប្រាស្រ័យទាក់ទងដល់គំនិត និងដួងចិត្តនៅក្នុងឧទាហរណ៍ដូចខាងក្រោមដែលទាក់ទងនឹង អូលីវើរ ខៅឌើរី ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:២២–២៤; ៩:៨–៩ ។ សិស្សអាចរកមើលពាក្យ និងឃ្លាដែលព្រះអម្ចាស់បានប្រើដើម្បីពន្យល់អំពីរបៀបមួយចំនួនដែលទ្រង់មានបន្ទូលដល់គំនិត និងដួងចិត្តរបស់យើង ។
វាអាចផ្ដល់ជាអត្ថប្រយោជន៍ក្នុងការពន្យល់ថា ទ្រូងខ្មួលខ្មាញ់ដែលមានពិពណ៌នានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៩:៨ អាចមានន័យសំដៅទៅលើ « អារម្មណ៍នៃការលួងលោម និងស្ងប់ស្ងៀម » ( ដាល្លិន អេក អូក « Teaching and Learning by the Spirit » Ensign ខែ មីនា ឆ្នាំ ១៩៩៧ ទំព័រ ១៣ ) ។
ការប្រាស្រ័យទាក់ទងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ
សូមពន្យល់ថា មានការបង្រៀនជាច្រើនទៀតនៅក្នុងព្រះគម្ពីរ និងមកពីថ្នាក់ដឹកនាំសាសនាចក្រនៅសម័យទំនើប ដែលជួយយើងឲ្យយល់ពីរបៀបដែលព្រះប្រាស្រ័យទាក់ទងដល់គំនិត និងដួងចិត្តរបស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមផ្តល់ពេលឲ្យសិស្សរកមើល សិក្សា និងពិភាក្សាគ្នាអំពីការបង្រៀនមួយចំនួនក្នុងចំណោមការបង្រៀនទាំងនេះ ។
របៀបមួយដែលអ្នកអាចនឹងធ្វើរឿងនេះបាន គឺត្រូវអញ្ជើញពួកគេឲ្យប្រើឧបករណ៍ដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ Topical Guide មុខងារស្វែងរកនៅលើបណ្ណាល័យដំណឹងល្អ ដើម្បីស្វែងរកបទគម្ពីរ ឬសេចក្តីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ ដែលពិពណ៌នាអំពីរបៀបមួយចំនួនដែលយើងអាចស្គាល់វិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធបាន ។
ជម្រើសមួយទៀតគឺត្រូវអញ្ជើញសិស្សឲ្យសិក្សាបទគម្ពីរខាងក្រោម ដើម្បីមើលពីអ្វីដែលពួកគេអាចរៀនអំពីវិវរណៈផ្ទាល់ខ្លួន ៖
-
យ៉ូហាន ១៤:២៦
-
កាឡាទី ៥:២២–២៣
អ្នកក៏អាចបង្ហាញសិស្សនូវវីដេអូ « Patterns of Light: Discerning Light » ( ២:១២ ) នេះផងដែរ ។ នៅក្នុងវីដេអូនេះ អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយការយល់ដឹងអំពីរបៀបដែលយើងអាចស្គាល់នូវភាពខុសគ្នារវាងគំនិតយើងផ្ទាល់ និងការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីសិក្សាហើយ សូមពិចារណាអញ្ជើញពួកគេឲ្យបន្ថែមអ្វីដែលពួកគេបានរៀនចូលទៅក្នុងបញ្ជីនៅលើក្ដារខៀន ។
សំណួរដូចខាងក្រោមអាចជួយឲ្យសិស្សពិភាក្សាគ្នាពីអ្វីដែលពួកគេបានរៀនសូត្រ និងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ទៅកាន់សិស្សក្នុងថ្នាក់ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីរបៀបផ្សេងៗដែលព្រះប្រាស្រ័យទាក់ទងជាមួយយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
-
តើការបង្រៀនទាំងនេះជួយអ្នកឲ្យយល់អំពីបុគ្គលិកលក្ខណៈ និងបំណងប្រាថ្នាអ្វីខ្លះរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះទាក់ទងនឹងការយល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធប្រាស្រ័យទាក់ទង ?
សូមរំឭកសិស្សអំពីសំណួរនានាដែលពួកគេបានលើកឡើងនៅពេលចាប់ផ្ដើមថ្នាក់រៀន ។ សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន ដែលបានជួយឆ្លើយរាល់សំណួរទាំងនេះណាមួយ ។ សូមបញ្ចប់ថ្នាក់ជាមួយការអញ្ជើញមួយ ដើម្បីឲ្យសិស្សព្យាយាមស្គាល់ថាព្រះអម្ចាស់មានបន្ទូលមកកាន់ដួងចិត្ត និងគំនិតរបស់ពួកគេតាមរបៀបមួយ ឬច្រើនក្នុងចំណោមរបៀបដែលពួកគេបានរៀនទាំងនេះ ។ សូមជួយសិស្សឲ្យយល់ថា ការស្គាល់វិវរណៈមកពីព្រះអម្ចាស់ នឹងតម្រូវឲ្យមានការខិតខំជានិច្ចពេញមួយជីវិតរបស់ពួកគេ ។
ទន្ទេញ
អ្នកក៏អាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២–៣ ហើយរំឭកវាឡើងវិញនៅក្នុងមេរៀនក្រោយៗផងដែរ ។ ឃ្លាបទគម្ពីរគន្លឹះគឺ « យើងនឹងប្រាប់អ្នកនៅក្នុងគំនិតរបស់អ្នក និងនៅក្នុងចិត្តរបស់អ្នកដោយព្រះវិញ្ញាណបរិសុទ្ធ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។