« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥—មរ៉ូណៃលេចមកឲ្យ យ៉ូសែប ស៊្មីធ ឃើញ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់ថ្នាក់សិក្ខាសាលា
មេរៀនទី ១០ គោលលទ្ធិ និងសេចក្តីសញ្ញា ២ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៥០
មរ៉ូណៃលេចមកឲ្យ យ៉ូសែប ស៊្មីធ ឃើញ
នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ យ៉ូសែប ស្ម៊ីធ បានអធិស្ឋានទៅព្រះដើម្បីសូមអភ័យទោសចំពោះអំពើបាបរបស់លោក និងដើម្បីដឹងពីព្រះទ័យរបស់ព្រះចំពោះលោក ។ ជាការឆ្លើយតប ព្យាការីមរ៉ូណៃបានលេចមកឲ្យ យ៉ូសែប ស្ម៊ីធ បានឃើញដើម្បីបង្រៀនលោកអំពីព្រះគម្ពីរមរមន និងការព្យាករពីបុរាណអំពីការស្ដារដំណឹងល្អឡើងវិញ ។ មរ៉ូណៃក៏បានព្យាករអំពីអនាគតរបស់ យ៉ូសែប ផងដែរ ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ដឹងពីសារៈសំខាន់នៃការហៅរបស់ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការីនៃព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
យ៉ូសែប ស្ម៊ីធ បានបរិយាយអំពីយុវវ័យរបស់លោក
ដើម្បីជួយសិស្សឲ្យយល់ពីបទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធ កាលលោកនៅក្មេង សូមពិចារណាអញ្ជើញពួកគេឲ្យចែកចាយពាក្យដែលបរិយាយអំពីក្មេងជំទង់ ។ ជម្រើសមួយទៀតគឺ ការបង្ហាញពាក្យ និងឃ្លានៅលើក្ដារខៀនដែលពិពណ៌នាអំពី យ៉ូសែប ស្ម៊ីធ កាលលោកនៅក្មេង ។ ឧទាហរណ៍ « ជារឿយៗ ខ្ញុំមានអារម្មណ៍គិតថា មានគេថ្កោលទោសចំពោះភាពទន់ខ្សោយ និងភាពមិនល្អឥតខ្ចោះរបស់ខ្ញុំ » ។ សិស្សអាចគូសធីកលើចំណុចទាំងឡាយណា ដែលវាទាក់ទងនឹងពួកគេ ។
អ្នកអាចនឹងចង់លើកទឹកចិត្តសិស្សឲ្យរកមើលនិយមន័យនៃពាក្យនៅក្នុងវគ្គបទគម្ពីរខាងក្រោមដែលពួកគេមិនយល់ ។ មុខងារពិសេសនេះមាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ សូមគូសពណ៌ចំណាំលើពាក្យមួយ ហើយជ្រើសរើសជម្រើស « កំណត់ » ។
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–២៩ ដោយរកមើលពីរបៀបដែល យ៉ូសែប ស្ម៊ីធ បានបរិយាយអំពីអារម្មណ៍របស់លោក នៅអំឡុងពេលបីឆ្នាំបន្ទាប់ពីការនិមិត្តដំបូង ។
-
តើយុវវ័យនៅជំនាន់យើងសព្វថ្ងៃអាចយល់ពី យ៉ូសែប ស៊្មីធ យ៉ាងដូចម្ដេច ?
ព្រះមានកិច្ចការមួយឲ្យ យ៉ូសែប ស្ម៊ីធ ធ្វើ
បណ្ដុំខគម្ពីរបន្ទាប់នេះគឺជាប្លុកអត្ថបទធំជាងគេមួយដែលត្រូវអាន ។ សូមពិចារណាពីតម្រូវការ និងសមត្ថភាពសិស្សរបស់អ្នក នៅពេលត្រូវជ្រើសរើសវិធីអាន ។ អ្នកអាចនឹងអានក្នុងថ្នាក់ទាំងមូលតែម្ដង ( ជំនួសឲ្យសិស្សម្នាក់ៗអាន ) ឲ្យសិស្សអានពីរៗនាក់ ឬចាក់សំឡេង ហើយអញ្ជើញសិស្សឲ្យអានតាមនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
បន្ទាប់ពីសំណួរទីមួយ អ្នកអាចនឹងចង់ផ្អាក ហើយពិភាក្សាអំពីអ្វីដែលសិស្សបានរកឃើញថាអាចជួយដល់បទពិសោធន៍របស់ពួកគេជាមនុស្សវ័យជំទង់បាន ។
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣០–៣៥ ហើយរកមើលអ្វីដែល យ៉ូសែប ស្ម៊ីធ បានជួបប្រទះ នៅពេលដែលលោកបានអធិស្ឋាន ។
-
តើយ៉ូសែប បានទទួលបទពិសោធន៍អ្វីខ្លះ ដែលអាចនឹងផ្តល់ជាក្តីសង្ឃឹមដល់លោក ?
-
តើមានសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនមកពីខគម្ពីរទាំងនេះអំពី យ៉ូសែប ស៊្មីធ បាន ?
សិស្សអាចរកឃើញសេចក្ដីពិតផ្សេងៗគ្នា រួមទាំងព្រះបានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើកិច្ចការរបស់ទ្រង់ផង ។ អ្នកអាចនឹងប្រាប់សិស្សថា ខណៈដែល យ៉ូសែប ស្ម៊ីធ មានអារម្មណ៍ថាមានការថ្កោលទោស ដោយសារតែកំហុស និងអំពើបាបរបស់លោក លោកបានស្វែងរកការអភ័យទោសដោយស្មោះសរ ហើយព្រះក៏បានហៅលោកឲ្យធ្វើកិច្ចការរបស់ទ្រង់ ។
នៅអំឡុងពេលយប់ និងព្រឹកព្រលឹមនៃថ្ងៃទី ២១–២២ ខែ កញ្ញា ឆ្នាំ ១៨២៣ មរ៉ូណៃបានបង្ហាញខ្លួនឲ្យ យ៉ូសែប បានឃើញបីដង ។ លោកបានចែកចាយសារលិខិតដដែល ហើយក៏បានដកស្រង់ចេញបទគម្ពីរដដែលៗរាល់ពេល ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៦–៥០ ) ។
ដើម្បីជួយសិស្សឲ្យមើលឃើញគំរូនៃកិច្ចការដែលព្រះនឹងសម្រេចតាមរយៈ យ៉ូសែប ស្ម៊ីធ អ្នកអាចនឹងបែងចែកការព្យាករខាងក្រោមនេះ ដែលមរ៉ូណៃបានដកស្រង់ ឲ្យទៅសិស្សអានក្នុងថ្នាក់រៀនបាន ។ សូមអញ្ជើញសិស្សឲ្យអានវគ្គបទគម្ពីរ ដោយរកមើលរបៀបដែលពួកគេអាចយល់ពីកិច្ចការដែល យ៉ូសែប ត្រូវបានហៅឲ្យធ្វើនេះ ។
សូមអានខគម្ពីរទាំងនេះ ដោយរកមើលមូលហេតុដែលការព្យាករទាំងនេះនឹងផ្តល់ឲ្យ យ៉ូសែប នូវការយល់ដឹងអំពីកិច្ចការដែលលោកត្រូវធ្វើ ។
-
ម៉ាឡាគី ៤:១, ៥–៦
-
អេសាយ ១១:១១–១២
-
កិច្ចការ ៣:២២–២៣
-
យ៉ូអែល ២:២៨–២៩
-
តើខគម្ពីរទាំងនេះទាក់ទងនឹងកិច្ចការដែលព្រះអម្ចាស់បានហៅ យ៉ូសែប ឲ្យធ្វើយ៉ាងដូចម្ដេច ?
-
តើការព្យាករទាំងនេះអាចនឹងពង្រឹងសាក្សីរបស់អ្នកអំពីការត្រាស់ហៅដ៏ទេវភាពរបស់ យ៉ូសែប ដោយរបៀបណា ?
ខណៈពេលកំពុងអានខគម្ពីរទាំងនេះ សិស្សអាចនឹងកត់សម្គាល់ឃើញថា ព្រះអម្ចាស់បានត្រាស់ហៅ យ៉ូសែប ស្ម៊ីធ ឲ្យជួយរៀបចំរាស្ដ្ររបស់ទ្រង់សម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ តាមរយៈការស្ដារដំណឹងល្អឡើងវិញដែលរួមមានការស្ដារឡើងវិញនូវអំណាចនៃការផ្សារភ្ជាប់ និងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល និងការចាក់ស្រោចពរជ័យខាងវិញ្ញាណផ្សេងៗទៀត ។
-
តើកិច្ចការដែលព្រះបានសម្រេចតាមរយៈ យ៉ូសែប ស្ម៊ីធ មានឥទ្ធិពលលើអ្វីដែលអ្នកដឹង ឬអារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? ( សូមមើល នីហ្វៃទី២ ៣:៦–៨, ១១; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ) ។
ឈ្មោះរបស់ យ៉ូសែប ស្ម៊ីធ មានសម្រាប់សេចក្ដីល្អ និងសេចក្ដីអាក្រក់
សូមទាញចំណាប់អារម្មណ៍របស់សិស្សទៅលើការព្យាកររបស់មរ៉ូណៃអំពីឈ្មោះរបស់ យ៉ូសែប ស្ម៊ីធ នៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣ ។ សូមពិភាក្សាអំពីអារម្មណ៍របស់ យ៉ូសែប អំពីការព្យាករនេះ និងរបៀបដែលវាត្រូវបានបំពេញនៅសព្វថ្ងៃនេះ ។ សូមជួយសិស្សឲ្យមើលឃើញថា ការបំពេញតាមការព្យាករគឺជាភស្តុតាងបញ្ជាក់នៃការហៅរបស់ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការីនៃព្រះ ។
-
ហេតុអ្វីបានជាអ្នកគិតថាមានការប្រឆាំងច្រើនយ៉ាងខ្លាំងចំពោះព្យាការី យ៉ូសែប ស្ម៊ីធ ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ហេតុអ្វីព្រះអម្ចាស់អនុញ្ញាតឲ្យមានការនិយាយអាក្រក់កើតឡើងព្រមគ្នានឹងការនិយាយល្អដូច្នេះ ? ការប្រឆាំងជំទាស់នឹងរឿងទាំងឡាយរបស់ព្រះ ជំរុញអ្នកស្វែងរកសេចក្ដីពិតឲ្យលុតជង្គង់ពួកគេចុះសូមសួរចម្លើយ ។ …
មតិអវិជ្ជមានអំពីព្យាការី យ៉ូសែប ស៊្មីធ នឹងកើនឡើងពេលយើងដើរឆ្ពោះទៅរកការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ សេចក្ដីពិតពាក់កណ្ដាល និងការបោកបញ្ឆោតដ៏ប្រសប់នឹងមិនអន់ថយឡើយ ។ នឹងមានសមាជិកគ្រួសារ និងមិត្តភក្ដិជាច្រើន ដែលនឹងត្រូវការជំនួយពីអ្នក ។ ( នែល អិល អាន់ឌើរសិន « Joseph Smith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ )
-
តើការដឹងថា មរ៉ូណៃបានព្យាករថានឹងមានអ្នករិះគន់ដែលនឹងនិយាយ « អាក្រក់ » អំពី យ៉ូសែប ស្ម៊ីធ អាចនឹងមានប្រយោជន៍យ៉ាងដូចម្ដេច ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនជួយអ្នកទាំងឡាយណាដែលអាចជួបប្រទះការប្រឆាំងនឹងជំនឿរបស់ពួកគេលើ យ៉ូសែប ស្ម៊ីធ ?
ការបំពេញតាមការព្យាករដើម្បីនិយាយល្អអំពី យ៉ូសែប ស្ម៊ីធ
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃសាវកដប់ពីរនាក់បានផ្ដល់ការអញ្ជើញជាក់លាក់មួយដល់យុវវ័យនៃសាសនាចក្រ ៖
ចំពោះយុវវ័យដែលកំពុងស្ដាប់នៅថ្ងៃនេះ ឬកំពុងអានពាក្យទាំងឡាយនេះនៅថ្ងៃក្រោយ ខ្ញុំសូមឲ្យសំណូមពរជាក់លាក់មួយ ៖ សូមទទួលសាក្សីផ្ទាល់ខ្លួនអំពីព្យាការី យ៉ូសែប ស៊្មីធ ។ សូមឲ្យសំឡេងរបស់អ្នកជួយបំពេញពាក្យព្យាកររបស់មរ៉ូណៃ ដើម្បីនិយាយល្អអំពីព្យាការី ។ ( នែល អិល អាន់ឌើរសិន « Joseph Smith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ )
-
តើមានវិធីអ្វីខ្លះដែលអ្នកអាចជួយបំពេញតាមការព្យាកររបស់មរ៉ូណៃឲ្យនិយាយល្អអំពី យ៉ូសែប ស្ម៊ីធ ?
ដើម្បីជួយសិស្សឲ្យមើលឃើញឧទាហរណ៍អំពីរបៀបដែលព្រះអង្គសង្គ្រោះមានបន្ទូលល្អអំពី យ៉ូសែប ស្ម៊ីធ អ្នកអាចបែងចែកសេចក្ដីយោងបទគម្ពីរដូចតទៅនេះឲ្យទៅសិស្សអានបាន ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១៧; ៣៥:១៧; ១១២:១៥; ១៣៦:៣៧–៣៨ ។ សូមឲ្យសិស្សពីរបីនាក់ឡើងចែកចាយពីអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូលអំពី យ៉ូសែប ស្ម៊ីធ ។
សូមអញ្ជើញសិស្សឲ្យធ្វើអ្វីមួយក្នុងថ្នាក់ ដើម្បីជួយបំពេញតាមពាក្យព្យាករណ៍របស់មរ៉ូណៃឲ្យនិយាយល្អអំពី យ៉ូសែប ស្ម៊ីធ ។ ឧទាហរណ៍ ពួកគេអាចនឹងចែកចាយពីរបៀបដែល យ៉ូសែប បានជួយពួកគេឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ឬរបៀបផ្សេងទៀតដែល យ៉ូសែប ស្ម៊ីធ មានឥទ្ធិពលលើជីវិតរបស់ពួកគេសម្រាប់សេចក្តីល្អ ។ លើសពីនេះ អ្នកអាចនឹងអញ្ជើញសិស្សឲ្យផ្ញើសារជាអក្សរ ឬតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទៅកាន់នរណាម្នាក់ដែលនៅក្រៅថ្នាក់ផងដែរ ។