ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ៥–១១ ខែ ធ្នូ ។ ហាកាយ; សាការី ១–៣; ៧–១៤ ៖ « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា »


« ថ្ងៃទី ៥–១១ ខែ ធ្នូ ។ ហាកាយ; សាការី ១–៣; ៧–១៤ ៖ ‹ បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៥–១១ ខែ ធ្នូ ។ ហាកាយ; សាការី ១–៣; ៧–១៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ

ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ

ថ្ងៃទី ៥–១១ ខែ ធ្នូ

ហាកាយ; សាការី ១–៣; ៧–១៤

« បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា »

កាល​បងប្អូន​សិក្សា​គម្ពីរ​ហាកាយ និង​គម្ពីរ​សាការី សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់ ឲ្យ​រកឃើញ​អត្ថន័យ​នៅក្នុង​ការព្យាករ​ទាំងនេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ខគម្ពីរ​ចេញពី​គម្ពីរ​ហាកាយ និង​គម្ពីរ​សាការី ដែល​ពួកគេ​បាន​ពិចារណា ឬ​បាន​ពិភាក្សា​ជាមួយ​មនុស្ស​ដទៃ​នៅ​សប្ដាហ៍​នេះ ហើយ​ពិភាក្សា​ពី​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​បាន​ជួយ​ពួកគេ​ឲ្យ​កាន់តែ​ខិត​ចូលទៅ​កៀក​ព្រះអម្ចាស់ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ហាកាយ ១; ២:១–៩

« ចូរ​ឯង​រាល់គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ។

  • ការប្រឹក្សា​នៅក្នុង ហាកាយ ១ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​គិត​អំពី​អាទិភាព​របស់​ពួកគេ ។ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន ហាកាយ ១:១–៧ និង​ប្រាប់​ពី​របៀប​ដែល​ប្រជាជន​នៅ​ទីក្រុង​យេរូសាឡិម បាន​ខកខាន​មិន​បាន​ដាក់​អាទិភាព​លើ​អ្វី ដែល​ព្រះអម្ចាស់​បាន​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ។ តើ​មាន​កិច្ចការ​ណាខ្លះ​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​យើង ឲ្យ​ដាក់​អាទិភាព​ខ្ពស់​នៅក្នុង​ជីវិត​របស់​យើង ? តើ​មាន​អ្វីខ្លះ​ដែល​អាច​បង្អាក់​យើង​ពី​ការផ្ដោតលើ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្រ្គោះ និង​អាទិភាព​របស់​ទ្រង់​ទាំងទ្វេ ? ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍ ដែល​បាន​ជួយ​ពួកគេ​ឲ្យ « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់ [ ពួកគេ ] » និង​អាទិភាព​របស់​ពួកគេ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​គិត​ពី​របៀប ដែល​ពួកគេ​អាច​ផ្ដោត​កាន់តែ​ពេញលេញ​ជាងមុន​លើ​អាទិភាព​របស់​ព្រះអម្ចាស់ បងប្អូន​អាច​សូម​ពួកគេ​ឲ្យ​រំឭក ហាកាយ ២:១–៩ ។ តើ​ព្រះអម្ចាស់​បាន​ប្រទាន​ការប្រឹក្សា​អ្វីខ្លះ ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ? សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​របៀប ដែល​ពួកគេ​ដាក់​អាទិភាព​របស់​ព្រះអម្ចាស់​ជា​ទីមួយ​នៅក្នុង​ជីវិត​របស់​ពួកគេ កាល​ពួកគេ​ធ្វើការ​ទទួល​ខុសត្រូវ​លើ​កិច្ចការ​ដ៏​សំខាន់​ផ្សេងទៀត​ជាច្រើន​របស់​ខ្លួន ។ តើ ហាកាយ ២:១–៩ បង្រៀន​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង នៅពេល​យើង​ដាក់​ទ្រង់​ជា​ទីមួយ​នៅក្នុង​ជីវិត​របស់​យើង ? ( សូមមើល​ផងដែរ « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​មាន​ពេល​កត់ត្រា​ទុក នូវ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ ដោយសារ​តែ​ការពិភាក្សា​នេះ ។

សាការី ១–៣; ៧–៨;១៤

ព្រះអម្ចាស់​អាច​ធ្វើឲ្យ​យើង​បរិសុទ្ធ ។

  • ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​អំពី​បរិសុទ្ធភាព បងប្អូន​អាច​អាន​រួមគ្នា​នៅក្នុង សាការី ១៤:២០–២១ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​អត្ថន័យ​នៃ​ឃ្លា « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា » ចំពោះ​ពួកគេ​បាន ។ តើ​វា​អាច​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​មនុស្ស ប្រសិនបើ​ពួកគេ​បាន​ឃើញ​ឃ្លា « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា » ឆ្លាក់​នៅលើ​វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ ? តើ​ឃ្លា​នេះ​ជះ​ឥទ្ធិពល​លើ​យើង​យ៉ាងណា​ដែរ នៅពេល​យើង​ឃើញ​ឃ្លា​នេះ​នៅលើ​ព្រះវិហារ​បរិសុទ្ធ​នា​សព្វថ្ងៃ​នេះ ? បន្ទាប់មក សមាជិក​ក្នុង​ថ្នាក់​អាច​អាន​ក្នុង សាការី ១:១–៦; ៣:១–៧; ៧:៨–១០; ៨:១៦–១៧ ហើយ​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​អត្ថន័យ​នៃ​ការមាន​ភាពបរិសុទ្ធ ។ ហេតុអ្វី​ភាពបរិសុទ្ធ​ផ្ទាល់ខ្លួន​យើង​សំខាន់​ចំពោះ​ព្រះអម្ចាស់ ? តើ​ទ្រង់​ជួយ​យើង​ឲ្យ​ប្រែក្លាយជា​បរិសុទ្ធ​តាម​របៀប​ណា ?

  • សមាជិក​ក្នុង​ថ្នាក់​អាច​រំឭក សាការី ២:១០–១១; ៨:១–៨; ១៤:៩–១១, ២០–២១ ហើយ​ចែកចាយ​ចំណាប់​អារម្មណ៍​របស់​ពួកគេ អំពី​ស្ថានភាព​នៃ​ការរស់នៅ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​សភាព​នៃ​បរិសុទ្ធភាព ។ តើ​ព្រះអម្ចាស់​រៀបចំ​យើង​ឲ្យ​រស់នៅ​ក្នុង​ស្ថានភាព​ដែល​សាការី​បាន​រៀបរាប់​នេះ​ដោយ​របៀប​ណា ? តើ​យើង​អាច​ទទួលបាន​ព្រះចេស្ដា​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​បរិសុទ្ធ​តាម​របៀប​ណា ?

រូបភាព
ព្រះយេស៊ូវ​យាងចូល​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ

« មើល ស្តេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នកសុចរិត ហើយ​មាន​ជ័យជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់លើ​សត្វលា គឺជា​លា​ជំទង់ ជា​កូន​របស់​មេ​លា » ( សាការី ៩:៩ ) ។ ការយាង​ចូល​ដោយ​ជោគជ័យ ដោយ ហារី អាន់ឌើរសុន

សាការី ៩:៩–១១; ១១:១២–១៣; ១២:១០; ១៣:៦–៧

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះមែស៊ី​ដែល​បាន​សន្យា ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើលឃើញ​ទំនាក់ទំនង​រវាង​ពាក្យសម្ដី​របស់​សាការី និង​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ដូច​ដែល​ប្រជាជន​នៅ​ជំនាន់​របស់​ព្រះយេស៊ូវ​បាន​ឃើញ​ដែរ បងប្អូន​អាច​ចែក​សមាជិក​ក្នុង​ថ្នាក់​ទៅជា​ពីរ​ក្រុម ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​នៅក្នុង​ក្រុម​ទីមួយ​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ​មួយ ៖ សាការី ៩:៩–១១; ១១:១២–១៣; ១២:១០; ១៣:៦–៧ ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​នៅក្នុង​ក្រុម​មួយ​ទៀត​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ​មួយ ៖ ម៉ាថាយ ២១:១–១១; ២៦:១៤–១៦; ២៦:៣១; យ៉ូហាន ១៩:៣៧ ។ សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ​អាច​ព្យាយាម​ស្វែងរក​នរណាម្នាក់​មកពី​ក្រុម​ផ្សេងទៀត ដែល​មាន​វគ្គ​បទគម្ពីរ​ត្រូវគ្នា​នឹង​បទគម្ពីរ​របស់​ពួកគេ ។ តើ​យើង​រៀន​អ្វីខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​មក​ពី​ខគម្ពីរ​ទាំងនេះ ?

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សញ្ជឹងគិត​ពី សាការី ៩:៩–១១ បងប្អូន​អាច​បង្ហាញ​រូបភាព​ព្រះអង្គ​សង្គ្រោះ​យាងចូល​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ) ។ ឬ​សូម​បង្ហាញ​វីដេអូ « The Lord’s Triumphal Entry into Jerusalem » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​ពិភាក្សា​ថា តើ​វា​អាច​មាន​អារម្មណ៍​យ៉ាងណា​ទៅ ដែល​បាន​នៅក្នុង​ចំណោម​ប្រជាជន​ដែល​ស្វាគមន៍​ព្រះយេស៊ូវ​មកកាន់​ទីក្រុង​នោះ ។ តើ​យើង​ស្វាគមន៍​ទ្រង់​មកក្នុង​ជីវិត​របស់​យើង គេហដ្ឋាន​របស់​យើង និង​សហគមន៍​របស់​យើង​ដោយ​របៀប​ណា ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

« ចូរ​ឯង​រាល់គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ។

បន្ទាប់​ពី​ដកស្រង់​ពី ហាកាយ ១:៤–៧ អែលឌើរ ធើរេន អិម វីនសុន បាន​បង្រៀន ៖

« យើង​អាច​មាន​អារម្មណ៍​អំណរ​យូរអង្វែង នៅពេល​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​សំខាន់​នៅក្នុង​ការស្ថាបនា​ជីវិត​របស់​យើង​នោះ ។ ទោះជា​យ៉ាងណា វា​ងាយស្រួល​ណាស់ ដែល​សារៈសំខាន់​នោះ​ប្រែទៅជា​រឿង​ខាង​លោកិយ​ទៅវិញ ហើយ​ដំណឹងល្អ​ប្រែទៅជា​ជម្រើស ឬ​គ្រាន់តែ​ការទៅ​ព្រះវិហារ​តែ​ពីរម៉ោង​នៅ​ថ្ងៃ​អាទិត្យ​ទៅ​បាន​ហើយ ។ នៅពេល​ករណី​នេះ​កើតឡើង វា​គឺ​ដូចជា​ការដាក់​ប្រាក់ឈ្នួល​របស់​យើង​ទៅ​ក្នុង ‹ ថង់ធ្លុះគូទ › ដូច្នោះ​ដែរ ។

« ហាកាយ​បាន​ប្រាប់​យើង​ឲ្យ​ប្ដេជ្ញាចិត្ត ។ …

« គ្មាន​ទ្រព្យ ល្បែង​កម្សាន្ដ ឋានៈ ប្រព័ន្ធ​ផ្សព្វផ្សាយ វីដេអូ​ហ្គេម កីឡា ភាពល្បីល្បាញ ឬ​អ្វីៗ​នៅលើ​ផែនដី​នេះ​មាន​តម្លៃ​ជាង​ជីវិត​អស់កល្ប​នោះទេ ។ ដូច្នេះ​ដំបូន្មាន​របស់​ព្រះអម្ចាស់​ចំពោះ​មនុស្ស​គ្រប់រូប​គឺ ‹ ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ › » ( « True Disciples of the Savior » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩, ១១ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ស្តាប់ ។ ការស្ដាប់​គឺជា​ទង្វើ​នៃ​សេចក្ដី​ស្រឡាញ់ ។ របៀប​មួយ​ដើម្បី​ស្ដាប់​យ៉ាង​មាន​ប្រសិទ្ធភាព គឺ​មើល​ទៅ​បុគ្គល​ដែល​កំពុង​និយាយ​នោះ ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​បងប្អូន​កត់​សម្គាល់​នូវ​ការប្រាស្រ័យ​ទាក់ទង​ដែល​មិន​បញ្ចេញ​ជា​សម្ដី​ណាមួយ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៤ ) ។