គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ២០–២៦ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ ៖ អំណោយ​ដ៏​មិន​អាច​ប្រៀបផ្ទឹម​បាន​ពី​ព្រះរាជបុត្រា​ដ៏​ទេវភាព​របស់​ព្រះ


« ថ្ងៃទី ២០–២៦ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ ៖ អំណោយ​ដ៏​មិន​អាច​ប្រៀបផ្ទឹម​បាន​ពី​ព្រះរាជបុត្រា​ដ៏​ទេវភាព​របស់​ព្រះ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២០–២៦ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
គំនូរ​នាង​ម៉ារ៉ា និង​ព្រះឱរស​យេស៊ូវ

ប្រសូត​កម្ម​ពី​ស្ពាន់ និង​ដី​ពណ៌​ត្នោត​ ដោយ ជេ ខឺក រីឆាដ

ថ្ងៃ​ទី ២០–២៦ ខែ ធ្នូ

បុណ្យ​គ្រីស្ទម៉ាស់

អំណោយ​ដ៏​មិន​អាច​ប្រៀបផ្ទឹម​បាន​ពី​ព្រះរាជបុត្រា​ដ៏​ទេវភាព​របស់​ព្រះ

សូម​ចង​ចាំ​ថា ការរៀនសូត្រ​ដំណឹងល្អ​ដ៏​សំខាន់​បំផុត និង​មាន​ប្រសិទ្ធិភាព​បំផុត​របស់​សិស្ស​ក្នុង​ថ្នាក់​កើតឡើង​នៅ​ឯ​ផ្ទះ​របស់​ពួកគេ ។ នៅពេល​អ្នក​រៀបចំ​បង្រៀន សូម​ពិចារណា​ពី​របៀប​ដែល​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​របស់​អ្នក​អាច​ពង្រឹង​ដល់​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​របស់​ពួកគេ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

តើ​ការសិក្សា​ក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) នៅ​សប្ដាហ៍​នេះ​បាន​ផ្ដល់​ពរជ័យ​ដល់​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក​ដោយ​របៀប​ណា ? អ្នក​អាច​ចែកចាយ​ពាក្យ​ពេចន៍​ទាំងនេះ​មកពី​ប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ រួច​ហើយ​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ជជែក​អំពី​បទពិសោធន៍​ស្រដៀង​គ្នា​ណាមួយ ដែល​ពួកគេ​មាន ៖ « ពេល​ខ្ញុំ​បាន​សិក្សា​អំពី​ជីវប្រវត្តិ និង​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​តាំង​ចិត្ត​ទន្ទេញ​ឲ្យ​ចាំ​នូវ ‹ ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ › នោះ​ការដឹងគុណ និង​ក្ដីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ទ្រង់​បាន​កើន​ឡើង ។ ប្រយោគ​នីមួយៗ​ក្នុង​ឯកសារ​ដ៏​បំផុស​គំនិត​នោះ​មាន​នូវ​ការ​បង្រៀន​មួយ ហើយ​បាន​បង្កើន​ការ​យល់​ដឹង​របស់​ខ្ញុំ​អំពី​តួនាទី​ជា​ព្រះ និង​បេសកកម្ម​លើ​ផែនដី​របស់​ទ្រង់ ។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​សូត្រ ហើយ​មាន​អារម្មណ៍​នៅ​គ្រា​នៃ​ការសិក្សា និង​ការសញ្ជឹង​គិត​នេះ​បញ្ជាក់​ថា ព្រះយេស៊ូវ​ពិត​ ‹ ជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក › » ( « ដើម្បី​ឲ្យ​អំណរ​បងប្អូន​បាន​ពេញ​លេញ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៥ )។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

« សូម្បី​តែ​មួយ​ក៏​គ្មាន​សោះ ដែល​មាន​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ » ។

  • សមាជិក​ក្នុង​ថ្នាក់​អាច​អាន​កថាខណ្ឌ​ទីមួយ​នៃ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ហើយ​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​មូលហេតុ ដែល​ឥទ្ធិពល​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​ជ្រាលជ្រៅ​ជាង​ឥទ្ធិពល​របស់​បុគ្គល​ណា​ផ្សេងទៀត ។ តើ​សេចក្ដី​ថ្លែងការណ៍​ណាខ្លះ​ទៀត​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ដែល​គាំទ្រ​ដល់​ការអះអាង​នេះ ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​ទ្រង់​បាន​មាន​ឥទ្ធិពល​មក​លើ​ពួកគេ​ផ្ទាល់ខ្លួន ។ វីដេអូ « Why We Need a Savior » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​បន្ថែម​បង្គ្រប់​ដល់​ការពិភាក្សា​របស់​អ្នក​បាន ។

  • តើ​សមាជិក​ក្នុង​ថ្នាក់​ធ្លាប់​ត្រូវ​ពន្យល់​ដល់​នរណាម្នាក់​ដែល​មាន​វប្បធម៌​ផ្សេងទៀត​ថា ហេតុអ្វី​ពួកគេ​ប្រារព្ធ​ធ្វើ​បុណ្យ​គ្រីស្ទម៉ាស់​ដែរ​ឬ​ទេ ? ប្រហែល​ជា​ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។ ឬ​អ្នក​អាច​អញ្ជើញ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ស្រមៃ​ថា ពួកគេ​ត្រូវបាន​នរណាម្នាក់​ដែល​មិន​ស្គាល់​គ្រិស្ដ​សាសនា​ច្បាស់​ចោទ​សួរ​សំណួរ​នេះ ។ តើ​យើង​អាច​ឆ្លើយតប​នឹង​សំណួរ​នេះ​យ៉ាងណា​ដែរ ? សូម​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រំឭក « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ដោយ​មាន​សំណួរ​នេះ​ក្នុង​ចិត្ត ហើយ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។ អ្នក​ក៏​អាច​អាន​រួមគ្នា​ក្នុង លូកា ២:១០–១៤ ឬ ច្រៀង​ទំនុក​តម្កើង​មួយ​ដែល​បង្ហាញ​ពី​អំណរ​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ( ដូចជា​បទ « អំណរ​ដល់​លោក » ទំនុក​តម្កើង ល.រ. ១២៤ ) ហើយ​ជជែក​អំពី​មូលហេតុ​ដែល​ការប្រសូត​របស់​ព្រះគ្រីស្ទ​នាំ​មក​នូវ​« អំណរ​ដ៏​អស្ចារ្យ » ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី « ទទួល​ស្ដេច [ របស់​យើង ] » ?

    រូបភាព
    ព្រះយេស៊ូវគ្រីស្ទ

    ពន្លឺ​នៃ​លោកិយ ដោយ ហូវ៉ឺដ លីយ៉ន

« សូម​អរព្រះគុណ​ដល់​ព្រះ ចំពោះ​អំណោយ​ទាន​ដ៏​ប្រៀប​ផ្ទឹម​ពុំ​បាន​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ » ។

  • នៅក្នុង « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់ » ពួកសាវក​យោង​ទៅ​ព្រះអង្គ​សង្គ្រោះ​ថា​ជា « អំណោយ » មួយ​មកពី​ព្រះវរបិតាសួគ៌​របស់​យើង ។ ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​អំណោយ​នេះ អ្នក​អាច​សរសេរ​នៅលើ​ក្ដារខៀន​ថា តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ព្រះ​ប្រទាន​ដល់​យើង​នូវ​អំណោយ​នៃ … ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ដល់​យោបល់​ពី​របៀប​បំពេញ​ប្រយោគ​នេះ ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​បាន​អាន​នៅក្នុង « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់ » និង​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន នៅក្នុង « ធន​ធាន​បន្ថែម​ទាំង​ឡាយ » ។ តើ​យើង​ទទួល​បាន​អំណោយ​ទាំងនេះ​ដោយ​របៀប​ណា ? អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​យក​អំណោយទាន​ទាំងនេះ​មួយ ហើយ​ធ្វើការ​ដើម្បី​ទទួល​បាន​អំណោយ​នោះ​កាន់តែ​ពេញលេញ​ជាង​នេះ ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

អំណោយ​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ ។

ដោយ​ថ្លែង​នៅក្នុង​ពេល​បុណ្យ​គ្រីស្ទម៉ាស់ ប្រធាន រ័សុល អិម ណិលសុន បាន​រៀបរាប់​ពី​អំណោយ​បួន​យ៉ាង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ​យើង​ទាំងអស់​គ្នា ដែល​មាន​ឆន្ទៈ​ទទួល​យក​វា ៖

« ទីមួយ ទ្រង់​បាន​ប្រទាន​ដល់​បងប្អូន និង​ខ្ញុំ​នូវ​សមត្ថភាព​គ្មាន​កំណត់​ដើម្បី​ស្រឡាញ់ ។ វា​រួម​បញ្ចូល​ទាំង​សមត្ថភាព​ដើម្បី​ស្រឡាញ់​មនុស្ស​ដែល​មិន​គួរ​ឲ្យ​ស្រឡាញ់ និង​អស់​អ្នក​ដែល​ពុំ​ស្រឡាញ់​បងប្អូន​ព្រមទាំង​បាន​បៀតបៀន ហើយ​ចង​គំនុំ​ចំពោះ​បងប្អូន​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ ។

ដោយ​មាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាច​រៀន​ស្រឡាញ់​ដូចជា​ទ្រង់ ។ …

អំណោយ​ទី​ពីរ​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​បងប្អូន​គឺ​លទ្ធភាព​ដើម្បី​អភ័យទោស ។ តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ បងប្អូន​អាច​អភ័យទោស​ដល់​មនុស្ស​ដែល​បានធ្វើ​ឲ្យ​បងប្អូន​ឈឺចាប់ និង​មនុស្ស​ដែល​ប្រហែល​ជា​នឹង​ពុំ​ព្រម​ទទួល​យក​ការ​ទទួល​ខុសត្រូវ​លើ​ភាពកោងកាច​ដែល​គេ​ធ្វើ​មក​លើ​បងប្អូន ។ …

អំណោយ​ទី​បី​មក​ពី​ព្រះអង្គ​សង្គ្រោះ​គឺ ការប្រែចិត្ត ។ អំណោយ​នេះ​ពុំត្រូវ​បាន​យល់​ច្បាស់​លាស់​ជានិច្ច​នោះ​ទេ ។ … ការប្រែចិត្ត​គឺជា​អំណោយ​មួយ​ដ៏​ត្រចះ​ត្រចង់ ។ វា​គឺជា​ដំណើរ​ការ​មួយ​ដែល​ពុំ​គួរ​មាន​ការ​ភ័យ​ខ្លាច​ឡើយ ។ វា​គឺជា​អំណោយ​មួយ​សម្រាប់​យើង ដើម្បី​ទទួល​ដោយ​អំណរ ហើយ​ប្រើ—ថែម​ទាំង​ឱប​ក្រសោប​យក—ជារៀង​រាល់ថ្ងៃ នៅពេល​យើង​ខិតខំ​ដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ។ …

អំណោយ​ទី​បួន​មក​ពី​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​គឺ​ជា​ការសន្យា​មួយ—ជា​ការសន្យា​នៃ​ជីវិត​ជា​និរន្ដរ ។ … ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺជា​ជីវិត​មួយ​ដែល​ព្រះវរបិតា​សួគ៌ និង​បុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់​រស់​នៅ ។ នៅពេល​ព្រះវរបិតា​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​យើង ទ្រង់​កំពុង​មាន​បន្ទូល​ថា ‹ ប្រសិន​បើ​អ្នក​ជ្រើស​ធ្វើ​តាម​ព្រះរាជបុត្រា​របស់​យើង—ប្រសិន​បើ​បំណង​ប្រាថ្នា​របស់​អ្នក ពិតជា​ដើម្បី​ក្លាយ​ឲ្យ​កាន់​តែ​ដូចជា​ទ្រង់​មែន—នោះអ្នក​ត្រូវ​រស់​នៅ​ដូចជា​យើង ហើយ​គ្រប់​គ្រង​ពិភព និង​នគរ​នានា​ដូចជា​យើង › ។

អំណោយ​ដ៏​វិសេស​វិសាល​ទាំង​បួន​នេះ​នឹង​នាំ​យក​អំណរ​ដ៏​ច្រើន​មក​ឲ្យ​យើង នៅពេល​យើង​ទទួល​យក​វា ។ វា​អាច​កើតឡើង​បាន ដោយសារ​ព្រះយេហូវ៉ា​បាន​យាង​ចុះ​មក​ផែនដី​ជា​ព្រះឱរស​យេស៊ូវ » ( « Four Gifts That Jesus Christ Offers to You » [ ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈ​ប្រធាន​ទី​មួយ ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៨ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ ។ « ការបង្រៀន​ដំណឹងល្អ​ប្រកប​ដោយ​អានុភាព​ពុំ​មាន​ន័យ​ថា គ្រាន់តែ​ជា​ការរៀបចំ​មេរៀន​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការរៀបចំខ្លួន​យើង​ទៅ​វិញ​ទេ ។ … គ្រូបង្រៀន​ដំណឹងល្អ​ដ៏​មាន​ប្រសិទ្ធិភាព—​ពីមុន​ពួកគេ​គិត​អំពី​ការបំពេញ​ម៉ោង​បង្រៀន—​ផ្ដោតលើ​ការបំពេញ​ដួងចិត្ត​របស់​ពួកគេ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១២ ) ។